• យ៉ាងហោចមានកម្មករជាង ៤ពាន់នាក់អស់ការងារធ្វើ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ

    សង្គម

    យ៉ាងតិចណាស់កម្មករជាង ៤ពាន់នាក់បានបាត់បង់ការងារ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ ។ នេះបើតាមការកត់ត្រារបស់អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (CENTRAL)។ សង់ត្រាល់កត់សម្គាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានកម្មករប្រមាណជាង ៤,០០០ នាក់ បានរងផលប៉ះពាល់រួចហើយពីការបិទរោងចក្រយ៉ាងហោចណាស់ចំនួន ២ ដែលពាក់ព័ន្ធនឹងការរំខាននៅតំបន់ព្រំដែន។ ប្រភពដដែលបន្ថែមថា៖ «រោងចក្រមួយក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ គឺជាសហគ្រាសដែលមានម្ចាស់ជាជនជាតិថៃ និងស្ថិតនៅក្នុងតំបន់ព្រំដែន»។ សង់ត្រាល់កត់សម្គាល់ដែរថា៖ «រោងចក្រផ្សេងទៀតដែលមានម្ចាស់ជាជនជាតិថៃ និងជប៉ុន រួមទាំងក្រុមហ៊ុន Nidec នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងប៉ោយប៉ែត កំពុងប្រឈមមុខនឹងបញ្ហាប្រតិបត្តិការស្រដៀងគ្នា និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះផែនការវិនិយោគនាពេលអនាគតរបស់ពួកគេ»។ ប្រភពដដែលបញ្ជាក់ទៀតថា ផលប៉ះពាល់ដែលបណ្ដាលមកពីការបាត់បង់ការងារធ្វើ មិនត្រឹម​តែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋានទាំងមូលទៀតផង។ សង់ត្រាល់បន្ថែម៖ «ការងារមួយនៅក្នុងរោងចក្រ គាំទ្រដល់ជីវភាពគ្រួសារមួយទាំងមូល និងរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលកម្មករបាត់បង់ការងារ ឬបាត់បង់ឱកាសធ្វើការបន្ថែមម៉ោង (overtime) អាជីវកម្មក្នុងមូលដ្ឋាន ម្ចាស់ផ្ទះជួល អ្នកផ្តល់សេវាដឹកជញ្ជូន និងអ្នកផ្តល់សេវាកម្មផ្សេងៗ ក៏ទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដូចគ្នាដែរ»។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា គិតមកទល់ថ្ងៃទី១៦ ខែសីហា រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ជូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណា លោកមិនបារម្ភថាកម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេ ពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។ ទោះជាយ៉ាងណានេះក្ដីអង្គការសង់ត្រាល់កត់សម្គាល់ថា នៅក្នុងសហគមន៍តំបន់ព្រំដែន ផល​ប៉ះពាល់ទាំងនេះអាចបង្កើតជាឥទ្ធិពលជាបន្តបន្ទាប់ ដែលនាំឱ្យមានការថយចុះនៃប្រាក់ចំណូលគ្រួសារ ការកើនឡើងនៃបំណុល និងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសាររាប់ពាន់គ្រួសារ ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាយ។ អង្គការសង់ត្រាល់ព្រមានពីភាពចាំបាច់បន្ទាន់ក្នុងការអនុវត្តវិធានការដើម្បីស្តារស្ថិរភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្មករ និងកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញឱ្យទាន់ពេលវេលា។ សង់ត្រាល់យល់ថា ៖«ការសម្របសម្រួលល្អនឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ»។ ជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ដើមកើតឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ រយៈពេលជាងមួយឆ្នាំមកនេះ ចរន្តសេដ្ឋកិច្ចការដោះដូរទំនិញផ្លូវគោកតាមព្រំដែនខ្មែរ-ថៃត្រូវបិទទាំងស្រុង ក្នុងនោះកងទ័ពថៃបានទន្ទ្រានកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង។ គិតមកទល់ពេលនេះ ពន្លឺនៃដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃមិនទាន់មាននោះទេ ស្របគ្នានោះពលរដ្ឋខ្មែរជាង ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញនៅឡើយ ដោយសារដីធ្លីផ្ទះសម្បែងខ្លះត្រូវកងទ័ពថៃទន្ទ្រានយក និងខ្លះទៀតរស់នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕

    ១៧ សីហា ២០២៦

  • ក្រសួងយុត្តិធម៌ច្រានចោលការលើកឡើងរបស់ លោករ៉ុង ឈុន ជុំវិញសំណើសុំអន្តរាគមន៍នៅក្រសួងយុត្តិធម៌

    នយោបាយ

    តំណាងក្រសួងយុត្តិធម៌ ច្រានចោលការលើកឡើងរបស់លោករ៉ុង ឈុន ជុំវិញសំណើសុំអន្ត​រាគ​មន៍ពីក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៦ ខែសីហា ដោយចាត់ទុកការលើកឡើងរបស់លោករ៉ុង ឈុន ជាការកុហកភូត​ភរ​មតិសាធារណៈ។ កាលពីថ្ងៃទី០៥ ខែសីហា លោក រ៉ុង ឈុន បានដាក់លិខិតថ្មីមួយទៀតទៅក្រសួងយុត្តិធម៌ ដើម្បី​ស្នើក្រសួងយុត្តិធម៌ពិនិត្យលើលិខិតរបស់លោកដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១ កក្កដា ២០២៦។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌មិនទទួលលិខិតថ្មីរបស់លោក ឈុន ឡើយ។ លោករ៉ុង ឈុន តាមហ្វេសប៊ុកថា ៖ «នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងជាង ៩:០០ នាទី សហការីរបស់ខ្ញុំបានយកលិខិតដាក់ជូនក្រសួងយុត្តិធម៌ ត្រូវបានមន្ត្រីរដ្ឋបាលក្រសួងបដិសេធមិនទទួល។ សូមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មើលមន្ត្រីផង»។ លិខិតថ្មីដែលលោករ៉ុង ឈុន ផ្ញើទៅក្រសួងយុត្តិធម៌ គឺធ្វើឡើងដើម្បីតាមលិខិតចាស់ដែលក្រុម​ការងាររបស់គណបក្សកម្លាំងជាតិដាក់ជូនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើក្រសួងយុត្តិធម៌អន្តរាគមន៍ចំពោះសំណុំរឿងលោករ៉ុង ឈុន។ អ្នកនាំពាក្យក្រសួងយុត្តធម៌ លោក ឯម ច័ន្ទមករា លើកឡើងថា ៖ «លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវបានទទួលចាត់ការដោយស្មើភាព ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពី​មន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌»។ លោកកត់សម្គាល់ថា ៖ «ខ្ញុំសូមច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា "សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល"។ ការលើកឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារ​ណមតិ បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន»៕

    ៧ សីហា ២០២៦

  • គ្រឿងសម្អាងគីមីបង្កប់ក្រោមស្លាកសម្រស់សស្គុស កំពុងបំផ្លាញសុខភាពស្ត្រីខ្មែរ

    សង្គម

    «ស្តង់ដារសម្រស់» បានក្លាយជាឃ្លាដ៏មានឥទ្ធិពល និងកំពុងវាយលុកផ្នត់គំនិតពលរដ្ឋមួយចំនួនធំនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ស្តង់ដារក្រៅផ្លូវការមួយនេះ បានចាក់ចូលជ្រៅទៅលើស្ត្រី និងយុវតីកម្ពុជា ដោយជំរុញពួកគេឱ្យខិតខំព្យាយាមរត់តាម ប្រឹងកែខៃស្បែកសម្បុរពីពណ៌ស្រអែមបែបអាស៊ីឱ្យទៅជាសក្បុស ក្ដោងច្រមុះទាបឱ្យទៅជាខ្ពស់ សក់រួញអង្គារដីទៅជាត្រង់ជាដើម។ ក្នុងចំណោមស្តង់ដារសម្រស់ទាំងនេះ ការផ្លាស់ប្ដូរពណ៌ស្បែកកាយ និងស្បែកមុខ ទទួលបានការពេញនិយមជាងគេ ដោយសារភាពងាយស្រួល និងតម្លៃដែលមនុស្សស្ទើរគ្រប់រូបមានលទ្ធភាពប្រើប្រាស់បាន។ ប៉ុន្តែនៅក្នុងកំប៉ុងឡេ និងក្លងម្សៅទាំងនោះ ភាគច្រើនបង្កប់ទៅដោយសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងវិស័យវេជ្ជសាស្ត្រ។ សារធាតុមួយចំនួនដែលដាច់ខាតត្រូវពាក់ស្រោមដៃដើម្បីប៉ះ តែវាត្រូវបានដាក់បញ្ចូលក្នុងគ្រឿងសម្អាងដែលយុវតី និងស្ត្រីខ្មែរ យកមកលាបបំពោកលើស្បែករាប់ខែរាប់ឆ្នាំ។ ឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងធ្វើឱ្យស្បែកស មុខរលោង ជាច្រើនម៉ាក ច្រើនប្រភេទ អស់រយៈពេលជិត ២០ ឆ្នាំ អ្នកស្រី រ៉ូម៉ា សេសសល់ត្រឹមស្បែកស្ដើង មានសង្វារ ងាយជាំ និងងាយរងប្រតិកម្ម។ ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកស្រីឱ្យដឹងថា យុវភាពរបស់អ្នកស្រីគឺលូតលាស់មកជាមួយពាក្យមួយឃ្លាគឺ «ស្បែកសទើបស្អាត» ជាពិសេសក្រោយពេលអ្នកស្រីមានជំងឺអុតស្វាយដែលបន្សល់ស្លាកស្នាមលើស្បែក។ កាលនោះក្នុងវ័យត្រឹមជាង ១០ ឆ្នាំ អ្នកស្រីបានចាប់ផ្ដើមប្រើប្រាស់គ្រីមលាប ទឹកជូត ថ្នាំជម្រុះរោម រហូតដល់ថ្នាំខាត់ស្បែក និងឈានដល់ការបកស្បែកទាំងផ្ទាំងៗ។ អ្នកស្រី រ៉ូម៉ា យល់ឃើញថា ការរត់តាមស្តង់ដារសម្រស់នៅពេលនោះ ប្រៀបបានស្តង់ដារដែលគ្មានគោលដៅ និងគ្មានទីបញ្ចប់។ អ្នកស្រី រ៉ូម៉ា លើកឡើងថា៖ «តម្រូវឱ្យស្អាត ដើម្បីយើងដេញរកភាពស្អាតរហូត។ ហើយប៉ុណ្ណឹងហើយយើងអត់គ្រប់គ្រាន់ទេ យើងគិតថា វាមិនទាន់ស មិនទាន់ត្រូវចិត្ត ដូចជាអត់រលោង អត់ម៉ដ្ឋ»។ ផ្នត់គំនិតស្តង់ដារសម្រស់ មិនត្រឹមតែបង្កភាពឈឺចាប់ដល់អ្នករត់តាមនោះឡើយ ដោយសូម្បីតែអ្នកប្រឹងរត់គេចក៏ត្រូវបានវាតាមលងបន្លាចផងដែរ។ និស្សិតសិក្សានៅរាជធានីភ្នំពេញ កញ្ញា ម៉េង ម៉ាណ្ណី ឱ្យដឹងថា នាងធ្លាប់ត្រូវបានអ្នកជិតខាង មិត្តរួមថ្នាក់ និងរហូតដល់គ្រូបង្រៀន ណែនាំឱ្យផ្លាស់ប្ដូរសម្បុរស្រអែមសណ្ដែកបាយចេញ ដោយការលាបឡេឱ្យស។ កញ្ញាបន្តថា ដំបូងឡើយនាងខកចិត្ត និងខ្មាសអៀន តែនាងប្រឹងជំនះលើផ្នត់គំនិតនេះ ដោយប្ដេជ្ញាថានឹងមិនប៉ះពាល់សារធាតុគីមីទាំងនោះឡើយ។ កញ្ញា ម៉េង ម៉ាណ្ណី៖ «វាឮជាប្រចាំ រហូតដល់ថ្ងៃមួយនោះ គាត់ (គ្រូបង្រៀន) ធ្លាប់យករូបរាងខ្ញុំ យកសម្រស់របស់ខ្ញុំហ្នឹង ទៅធៀបជាមួយនិងមិត្តភក្តិស្រីខ្ញុំម្នាក់ដែលគាត់មានសម្បុរស។ វាប៉ះពាល់ផ្លូវចិត្តខ្ញុំភ្លាមៗដែរ។ ខ្ញុំចាប់ផ្តើមស្ងាត់ ហើយខ្ញុំនិយាយថា "វាមិនគួរជារឿងដែលលេងសើចទេ"។ មកដល់ឥឡូវហ្នឹង (ស្បែក) រាងភ្លឺ ដោយសារតែវ័យរបស់យើង ឬក៏យើងចេះថែខ្លួនជាងមុនទៅ ប៉ុន្តែខ្ញុំអត់ដែលបានផ្លាស់ប្តូរសម្បុររបស់ខ្ញុំដោយសារការលាបឡេអីទេ»។ យ៉ាងណា ផ្នត់គំនិតស្តង់ដារសម្រស់ «ស្បែកសទើបស្អាត» បានវិវត្តកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈកំណើនផលិតផលគ្រឿងសម្អាងពោរពាសលើទីផ្សារ។ ដើម្បីទាក់ទាញអតិថិជន អាជីវករ ឬម្ចាស់ម៉ាកផលិតផលមួយចំនួន បានប្រើប្រាស់ទីផ្សារបោកប្រាស់ តាមរយៈការជួលបុគ្គលសាធារណៈដែលមានអ្នកតាមដានច្រើនមកផ្សព្វផ្សាយ អមជាមួយឃ្លាភ្ញោចអារម្មណ៍និយាយពីគុណភាពផលិតផល ដូចជា លាប ៣ ថ្ងៃស សភឿក សស្លេក សពីខាងក្នុង គ្មានជាតិម្សៅ លាបទៅប្រឡាក់អាវសងលុយ ឬការបង្កើតរូបភាពក្លែងក្លាយប្រៀបធៀបមុន និងក្រោយពេលប្រើ ដើម្បីទាក់ទាញអ្នកទស្សនាឱ្យទិញដោយខ្វះការពិចារណា។ នាយិកានៃអង្គការក្លាហាន អ្នកស្រី ម៉ៅ ម៉ាប់ លើកឡើងថា ការកើនឡើងនៃស្តង់ដារសម្រស់ ដូចជាការតម្រូវឱ្យមានស្បែកស ឬរាងស្លីម ទើបហៅថាស្អាតនោះ កំពុងបង្កសម្ពាធយ៉ាងខ្លាំងដល់ស្ត្រី និងយុវតី។ អ្នកស្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដោយអ្នកផលិត និងអ្នកផ្សព្វផ្សាយគ្រឿងសម្អាងត្រូវមានភាពស្មោះត្រង់មិនភូតភរ រីឯអាជ្ញាធរត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុខភាពសាធារណៈ។ អ្នកស្រីបន្តថា៖ «ការថែរក្សារូបរាង គឺវាជារឿងល្អ ប៉ុន្តែសូមធ្វើវាដើម្បីសុខភាព ដើម្បីសេចក្តីរីករាយ ឬសុភមង្គលសម្រាប់ខ្លួនឯង មិនមែនយើងធ្វើដោយសារតែយើងមានសម្ពាធពីសង្គម ឬធ្វើដោយសារតែយើងប្រៀបធៀបជាមួយអ្នកដទៃនោះទេ។ ស្ត្រីម្នាក់ៗសុទ្ធតែមានរឿងរ៉ាវ បទពិសោធន៍ និងភាពស្រស់ស្អាតរៀងៗខ្លួន»។ ការប្រឹងរត់តាមស្តង់ដារសម្រស់ដោយខ្វះព័ត៌មាន បានបន្សល់ទុកនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ជនរងគ្រោះជាច្រើនមិនត្រឹមតែត្រូវប្រឈមនឹងការខូចខាតស្បែកមុខអចិន្ត្រៃយ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវជួបប្រទះនូវវិបត្តិផ្លូវចិត្ត ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ការបាត់បង់ឱកាសការងារ និងការមិនហ៊ានចូលរួមក្នុងសង្គមទៀតផង។ ជនរងគ្រោះពីការប្រើគ្រឿងសម្អាងគ្មានគុណភាព គឺអ្នកស្រី រ៉ូម៉ា ដដែលបានឱ្យដឹងថា ទោះបីបច្ចុប្បន្ន ស្បែកអ្នកស្រីធូរស្រាលបន្តិចក្រោយបញ្ឈប់ការប្រើប្រាស់ និងងាកទៅរកផលិតផលដែលមានស្តង់ដារ ប៉ុន្តែស្លាកស្នាម និងការឈឺផ្សារលើស្បែកមួយពេលៗ នៅតែចាក់ដោតធ្វើឱ្យអ្នកស្រីសោកស្ដាយស្បែកធម្មជាតិ។ អ្នកស្រីទម្លាយឱ្យដឹងបន្ថែមថា អ្នកស្រីធ្លាប់ខ្ចីបុលប្រាក់ដើម្បីយកទិញគ្រឿងសម្អិតសម្អាងទាំងនោះ ព្រោះបើមិនបន្តប្រើ វានឹងធ្វើឱ្យស្បែកអ្នកស្រីត្រឡប់ទៅសភាពដើម ហើយពេលខ្លះកាន់តែដុនដាបជាងមុន។ អ្នកស្រី រ៉ូម៉ា៖ «ដល់ថ្នាក់បងខ្ចីលុយមេជាងណា៎! ពេលហ្នឹងបងអត់ទាន់បានប្រាក់ខែ ហើយចៃដន្យអីវាអស់ ទៅវារមាស់ បងទៅខ្ចីលុយគេយកទៅទិញលាប បងខ្ចីលុយមេជាង ៥ ម៉ឺន ខ្ចីយកទៅទិញលាប»។ ក្នុងពេលផ្ដល់បទសម្ភាស អ្នកស្រីបានលើកឡើងចំៗពីផលិតផលក្នុងស្រុកមួយចំនួន ដែលធ្វើឱ្យស្បែកអ្នកស្រីប្រតិកម្ម។ ផលិតផលទាំងនោះសុទ្ធសឹងជាម៉ាកល្បីៗ និងមានអ្នកប្រើប្រាស់ច្រើន។ ដំបូងឡើយអ្នកស្រីបន្ទោសស្បែកខ្លួនឯងថាប្រើផលិតផលមិនត្រូវ និងមិនហ៊ាននិយាយជាសាធារណៈព្រោះខ្លាចគេប្ដឹង…

    ២៩ កក្កដា ២០២៦

  • អត្ថបទពេញនិយម
  • អ្នកសារព័ត៌មានលោក លួត សុផល ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ

    សិទ្ធិមនុស្ស
  • អ្នកនេសាទខ្មែរដែលថៃបានចាប់ខ្លួន ផ្ញើក្ដីនឹករលឹកជូនគ្រួសារនៅស្រុកខ្មែរតាមសំបុត្រសរសេរផ្ទាល់ដៃ

    សង្គម
  • មន្ទីរបរិស្ថានខេត្តព្រះវិហារថ្ដោលទោសការទន្រ្ទានដីព្រៃជិត៧០ហិកតា ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបឹងពែរ

    បរិស្ថាន
  • ក្រុមមាតាធម្មជាតិបារម្ភពីការពង្រីកទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប

    បរិស្ថាន
  • អាមេរិកដាក់ទណ្ឌកម្មប្រឆាំងបុគ្គល ៩នាក់និងស្ថាប័ន ២៦ ដែលពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប

    សង្គម
  • ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្នុងខេត្តស្ទឹងត្រែង

    សង្គម

    ក្រសួងទេសចរណ៍នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភូមិភាគឦសាន, ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦»។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបន្ថែមមានដូចជា ស្តង់ពិព័រណ៍ម្ហូបអាហារ ផលិតផល មុខម្ហូបប្រចាំតំបន់ភូមិភាគឦសាន ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋានផងដែរ។  ក្រៅពីនេះ ក្រសួងក៏មានវេទិកាជជែកស្តីពី «សក្តានុពលអេកូទេសចរណ៍នៅភូមិភាគឦសានក្នុងរដូវកាលបៃតងឆ្នាំ២០២៦» និងកម្មវិធីកីឡាទេសចរណ៍រត់កម្សាន្តមហាជនក្រោមប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» រួមទាំងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្ត្រី។ ពលរដ្ឋរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងជាជនជាតិកួយ អ្នកស្រី យឹម​ សុធី លើកឡើងថា អ្នកស្រីមិនសូវជាដឹងអំពីព័ត៌មានជូនដំណឹងរបស់ក្រសួងពីព្រឹត្តិការណ៍នេះប៉ុន្មានទេ ប៉ុន្តែទើបបានដឹងព័ត៌មានខ្លះពីអ្នកស្គាល់ដែលជាអ្នកធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំមុនៗ។  អ្នកស្រីបញ្ជាក់ថា នឹងយកកសិផល និងដំណាំវល្លិ៍ជាច្រើនមុខដែលមានប្រចាំតំបន់ ដើម្បីចូលរួមដាក់បង្ហាញក្នុងកម្មវិធីខាងលើដែរ។ ប្រភពដដែលនិយាយថា៖​ «ភូមិដែលរស់នៅគឺនៅឆ្ងាយពីតំបន់ទេសចរណ៍ ការលក់ដូរក្នុងភូមិក៏ស្រួលលក់ដែរទេបើសិនជាមាន ជួនកាលអ្នកភូមិគាត់ទិញហូប ហើយសព្វថ្ងៃក៏ដាំសណ្ដែក ត្រសក់​ ត្រប់ ត្រកួន ននោង ម្ទេស សម្រាប់ហូបរាល់ថ្ងៃ និងលក់តិចតួច»។ ក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងកន្លងមកថា​ តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងក្លាយជា «រដូវកាលមាស» ដែលនាំមកនូវស្នាមញញឹម ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕

    ២៩ កក្កដា ២០២៦

  • ការប្រយុទ្ធគ្នាត្រូវបញ្ចប់ តែសិស្សខ្មែរនៅទល់ដែនរៀនទាំងតានតឹងផ្លូវចិត្តនិងភិតភ័យ

    អប់រំ

    ព្រះវិហារ៖ ក្នុងបន្ទប់រៀនមួយនៃវិទ្យាល័យស្រអែម ស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ សំឡេងផ្ទុះដ៏កក្រើកមួយបានលាន់ឮឡើង នាវេលាប្រមាណម៉ោង ១ រសៀល។ រំពេចនោះ សិស្សថ្នាក់ទី១២ ដែលកំពុងសិក្សា បានស្រែកភ័យស្លន់ស្លោ ហើយអ្នកខ្លះស្រវេស្រវាប្រមូលសម្ភារ បម្រុងចាកចេញពីសាលាភ្លាមៗ ដោយគិតថាស្ថានការណ៍ប្រយុទ្ធនៅតាមព្រំដែនបានផ្ទុះឡើងជាថ្មី។ ប៉ុន្តែការពិត សំឡេងផ្ទុះនោះមិនមែនជាការបាញ់ប្រហារពីសមរភូមិទេ។ តែវាជាការបំផ្ទុះសំណល់​គ្រាប់ដែលនៅសេសសល់ពីការបាញ់ផ្លោងកន្លងមក ដោយក្រុមការងារស៊ីម៉ាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីការភ័យព្រួយដែលនៅតែដក់ជាប់ក្នុងចិត្តសិស្សានុសិស្សនៅតំបន់ព្រំដែន។ គ្រូបន្ទុកថ្នាក់ទី១២ នៅវិទ្យាល័យស្រអែម មួយរូប លោក ចារ្យ ស ដែលរំលឹកពីហេតុការណ៍នោះ ថ្លែងថា បន្ទាប់ពីភាពតានតឹងនៅតាមព្រំដែនកើតឡើង ការផ្ដោតអារម្មណ៍លើការសិក្សារបស់សិស្សមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ លោកសង្កេតឃើញថា សិស្សជាច្រើនមានការព្រួយបារម្ភ និងពិបាកផ្ដោតលើមេរៀន ជាពិសេសនៅពេលទទួលបានព័ត៌មានពីមាត់មួយទៅមាត់មួយ ឬព័ត៌មានមិនផ្លូវការដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ លោក លើកឡើងថា មុនពេលមានភាពតានតឹងតាមព្រំដែន សិស្សមានភាពសកម្ម និងផ្ដោតអារម្មណ៍ល្អជាងបច្ចុប្បន្ន។ ប៉ុន្តែក្រោយមក ព័ត៌មានអំពីស្ថានការណ៍នៅជួរមុខ និងការផ្សព្វផ្សាយព័ត៌មានក្រៅផ្លូវការលើបណ្ដាញសង្គម បានជំរុញឱ្យពួកគេជជែកគ្នាក្នុងថ្នាក់ និងបាត់បង់ការយកចិត្តទុកដាក់លើការសិក្សា។ លោក និយាយថា «ដោយសារខ្ញុំបង្រៀនផ្ទាល់ជាមួយពួកគាត់ ហើយមុនសង្គ្រាមនិងក្រោយសង្គ្រាមគឺខុសគ្នា។ ភាគច្រើនពួកគាត់មានការភ័យព្រួយចំពោះស្ថានការណ៍ ពិសេសស្ថានការណ៍ដែលគាត់បានមើលតាមបណ្ដាញសារព័ត៌មានផ្សេងៗ នៅពេលដែលគេបង្ហោះថា ថ្ងៃនេះ ខ្ញុំត្រូវត្រៀមកន្លែងនេះហើយ ត្រូវត្រៀមកន្លែងនោះហើយ។ អ៊ីចឹងហើយពួកគាត់ព្រួយបារម្ភ អារម្មណ៍អត់មូលក្នុងការរៀន»។ លោក បន្ថែមទៀតថា មិនត្រឹមតែសំឡេងផ្ទុះប៉ុណ្ណោះទេ សូម្បីតែសំឡេងផ្គររន្ទះក៏អាចធ្វើឱ្យសិស្សមួយចំនួនមានអារម្មណ៍តក់ស្លុតផងដែរ។ ដើម្បីជួយកាត់បន្ថយអារម្មណ៍សិស្ស គ្រូបង្រៀនរូបនេះ ព្យាយាមលើកទឹកចិត្ត និងពន្យល់អំពីវិធានការសុវត្ថិភាព។ លោក ចារ្យ ស បានពន្យល់សិស្សថា កុំគិតច្រើន ប្រសិនបើមានស្ថានការណ៍គ្រោះថ្នាក់កើតឡើង កងកម្លាំងនៅជួរមុខនឹងផ្ដល់ព័ត៌មានជាមុន ហើយសាលាក៏បានរៀបចំផែនការបញ្ជូនសិស្សទៅកាន់ទីតាំងសុវត្ថិភាពដែរ។ ក្នុងចំណោមសិស្សប្រមាណ ៧០ នាក់ ដែលលោកទទួលបន្ទុក មានសិស្សចំនួន ១៥ នាក់ដែលឪពុកជាទាហាននៅជួរមុខ។ សម្រាប់សិស្សក្រុមនេះ លោកថា ការព្រួយបារម្ភមានកម្រិតខ្ពស់ជាងគេ ព្រោះពួកគេទទួលបានព័ត៌មានដោយផ្ទាល់ពីឪពុក ឬសាច់ញាតិដែលកំពុងស្ថិតនៅតំបន់ប្រឈម។ យ៉ាងណា ពួកគេក៏បានត្រៀមខ្លួន និងការយល់ដឹងអំពីស្ថានការណ៍ច្រើនជាងសិស្សដទៃផងដែរ។ ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រូបង្រៀន​ដូច លោក ចារ្យ ស ដែរ ដោយលោកផ្ទាល់ក៏ត្រៀមសម្ភារ និងថវិកាមួយចំនួនសម្រាប់ករណីត្រូវជម្លៀសទៅកន្លែងមានសុវត្ថិភាព។ បើតាមក្រសួងព័ត៌មាន មានវិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានមិនពិត រួមមាន ពិនិត្យប្រភព; ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយស្ថាប័នព័ត៌មានដទៃទៀត; ត្រិះរិះពិចារណាពេលអាន; ពិនិត្យភស្ដុតាង (សម្ដីអ្នកជំនាញ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់); សង្កេតរូបភាព (ក្លែងក្លាយ ឬកាត់ត); និងតើស្ដាប់ទៅសមហេតុផល ឬអត់។ ក្រសួងព័ត៌មាន ឱ្យដឹងដែរថា ក្នុងអំឡុងពេលឈ្លានពានពីថៃលើកទី២ គិតត្រឹមថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយចំនួន ២១៨ ករណី ដែលថៃបានបង្កើតឡើង ដើម្បីបំភ្លៃ ប្រឌិតខុសពីការពិត ក្នុងគោលបំណងបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ រីឯនាយករងវិទ្យាល័យស្រអែម លោក ស៊ុន ប៊ុនធី លើកឡើងថា សិស្សានុសិស្សនៅមិនទាន់អាចបំបាត់ក្ដីបារម្ភអំពីស្ថានការណ៍ព្រំដែនបាននៅឡើយទេ។ លោក កត់សម្គាល់ថា សិស្សភាគច្រើនទទួលបានព័ត៌មានពីឪពុកម្ដាយ និងអាណាព្យាបាល ខណៈគ្រួសារខ្លះថែមទាំងមិនឱ្យកូនមករៀន នៅពេលដែលគេយល់ថា ស្ថានការណ៍មិនសូវល្អ។ ផលប៉ះពាល់នេះក៏ឆ្លុះបញ្ចាំងតាមរយៈចំនួនសិស្សដែលបានថយចុះពីចំនួនសិស្សសរុប ៥៤៥ នាក់ បច្ចុប្បន្ននៅសល់ប្រមាណ ៤៦៥ នាក់ប៉ុណ្ណោះ ដោយសារគ្រួសារមួយចំនួនបានផ្លាស់ទីទៅរស់នៅកន្លែងផ្សេងក្រោយការផ្ទុះជម្លោះ។ ទោះបីជាប្រឈមនឹងសម្ពាធផ្លូវចិត្ត និងភាពមិនប្រាកដប្រជាក៏ដោយ នាយករងរូបនេះ ថា សាលា បានសម្រេចអនុវត្តការលួងលោមផ្លូវចិត្ត និងលើកទឹកចិត្តសិស្សឱ្យផ្ដោតលើការសិក្សា ដោយធានាថា ពួកគេនឹងមិនត្រូវទុកឱ្យប្រឈមគ្រោះថ្នាក់ដោយគ្មានការការពារឡើយ។ លោកបន្ថែមថា៖ «យើងបានណែនាំថា យើងរៀន រៀនទៅ កុំខ្វល់អី ចាំដល់ពេលវេលាដែលស្រុក​មានបញ្ហា យើងមិនទុកឱ្យប្អូននៅហ្នឹងទេ យើងអាចនាំប្អូនទៅកន្លែងសុវត្ថិភាពហើយ។ នេះជាការលួងលោមផ្លូវចិត្តរបស់គាត់»។ នៅរង្វង់មូលស្រអែម អ្នកលក់ភេសជ្ជៈម្នាក់គឺអ្នកស្រី វង់ សុខហេង បានរៀបរាប់ពីការផ្លាស់ប្ដូររបស់កូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនថា ក្រោយពេលវិលត្រលប់មកផ្ទះសម្បែង និងទើបចូលរៀនវិញបានថ្មីៗ កូនរបស់គាត់នៅតែមានអាការភ័យខ្លាច។ ប៉ុន្តែពេលនេះ ស្ថានភាពផ្លូវចិត្តបានប្រសើរឡើង ហើយអាចត្រឡប់ទៅផ្ដោតលើការសិក្សាវិញបាន។ អ្នកស្រី និយាយថា៖ «បើសម្រាប់កូនខ្ញុំអត់អី រៀនគ្រាន់។ សង្កេតថា កាលដំបូងៗមុនកើតហេតុភ្លាមៗហ្នឹង គឺកូន រាងភ័យដែរ ឱ្យតែឮអីអត់បានទេ ដល់ឥឡូវគាត់រាងអត់អីទេ រាងធម្មតា ផ្ដោតអារម្មណ៍លើការរៀនវិញ ប្រឹងរៀន ខ្លាចប្រឡងធ្លាក់»។ រឿងរ៉ាវនៅវិទ្យាល័យស្រអែម បង្ហាញថា ទោះបីសង្គ្រាមមិនបានផ្ទុះម្ដងទៀត និងភាពតានតឹងមិនបានកើតឡើងនៅក្នុងបរិវេណសាលាដោយផ្ទាល់ក៏ដោយ ក៏ព័ត៌មានក្រៅផ្លូវការ…

    ២៩ កក្កដា ២០២៦

  • វីឌីអូ