កម្ពុជាគ្រោងចំណាយ៩០០លានដុល្លារ លើវិស័យការពារជាតិឆ្នាំ២០២៧

សង្គម

(រដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហា ដើរត្រួតពលក្នុងពិធីមួយនាខែឧសភាឆ្នាំ២០២៦)។រូបភាពក្រសួងការពារជាតិ)។

កម្ពុជាគ្រោងចំណាយថវិកាលើវិស័យការពារជាតិចំនួន ៩០០ លានដុល្លារអាមេរិកក្នុងឆ្នាំ​២០២៧ ដែលចំនួននេះកើនឡើង ១៥០លានដុល្លារបើធៀបនឹងការចំណាយក្នុងឆ្នាំ២០២៦ ដែលមាន ប្រមាណ ៧៥០លានដុល្លាអាមេរិក។ ការបង្កើនចំណាយលើវិស័យការពារជាតិនេះ ធ្វើឡើងស្របពេលជម្លោះព្រំដែនរវាងកម្ពុជានិងថៃនៅមិនទាន់មានដំណោះស្រាយពេញលេញ ម្យ៉ាងទៀតកម្ពុជាទើបតែបានអនុម័តច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ។

តាមរយៈសារាចរចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៧ រដ្ឋាភិបាល កម្ពុជា គ្រោងចំណាយប្រមាណ ២,៧១ភាគរយ នៃ ផ.ស.ស.(ផលិតផលក្នុងស្រុកសរុប) សម្រាប់ឆ្នាំ ២០២៧ សម្រាប់វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ 

ពោលគឺកម្ពុជាគ្រោងចាយចំនួន ៣ ៥៩០ ១១៨ពាន់លានរៀល ឬស្មើនឹងប្រមាណជិត៩០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ក្រសួងការពារជាតិ នៅឆ្នាំ២០២៧។សារាចរបន្ត​ថា៖ «សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស»។

ដោយឡែកចំពោះឆ្នាំ២០២៨ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ ២,៦២ភាគ នៃ ផ.ស.ស. និងឆ្នាំ២០២៩ ចំនួន ២,៥២ភាគរយនៃ ផ.ស.ស. សម្រាប់វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ចំពោះក្រសួងការពារជាតិ រដ្ឋាភិបាលគ្រោងចាយប្រមាណជិត​៨០០លានដុល្លារ នៅឆ្នាំ២០២៨ និងប្រមាណជាង ៨០០លានដុល្លារសម្រាប់ឆ្នាំ២០២៩។

ជុំវិញករណីនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការដែលកម្ពុជាបង្កើនការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ២០២៧នេះ ជារឿងសមស្រប នៅពេលកម្ពុជាមានច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងចំពេលប្រទេសជិតខាងកម្ពុជានៅតែមានបំណងឈ្លានពានកម្ពុជា។

លោកថា៖ «ខ្ញុំយល់ថាការបង្កើនថវិកាសម្រាប់អាទិភាពក្នុងវិស័យយោធា គឺជាការគិតគូរមួយដែលមានភាពសមរម្យ ហើយការសម្រេចបែបនេះវាអាចធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់វិស័យយោធា។ ទន្ទឹមនឹងការពង្រឹងនូវតម្រូវការផ្នែកយោធានេះ កម្ពុជាក៏ទើបតែមានច្បាប់ស្ដីពីកាតព្វកិច្ចយោធាដែលថ្មី អ៊ីចឹងហើយលក្ខខណ្ឌឬមួយក៏តម្រូវការទាំងអស់ហ្នឹងគឺចាំបាច់ត្រូវមានថវិកាចំណាយផ្នែកយោធាឱ្យបានច្រើន ដើម្បីពង្រឹងវិស័យយោធានៅកម្ពុជាស្របពេលដែលការប៉ុនប៉ងឈ្លានពានពីភាគីប្រទេសជិតខាងមួយនោះគឺនៅតែមាន»។

ជាមួយគ្នានេះ លោក សន ជ័យ ចង់ឱ្យរដ្ឋាភិបាលបង្ហាញពីតួលេខចំណាយមួយចំនួនដែលមិនពាក់ព័ន្ធនឹងការសំងាត់យោធា។

លោកបន្ថែម៖ «សម្រាប់ការចំណាយផ្នែករដ្ឋបាលដែលវាមិនមានពាក់ព័ន្ធនឹងការសំងាត់ផ្នែកយោធាទេ យើងចង់ឱ្យមានការគិតគូពីការចាយវាយ ប្រើប្រាស់លុយកាក់ឱ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសឆ្លើយតបជាមួយនឹងតម្រូវការពេលបច្ចុប្បន្ន»។

ចំណែកឯអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ក៏សាទរចំពោះការដែលររដ្ឋាភិបាលបង្កើនថវិកាសម្រាប់វិស័យការពារជាតិ។

លោកថា៖ «ដើម្បីបង្កើនសមត្ថភាពកងទ័ព យើងត្រូវការថវិកាក៏កើនឡើងដែរ។ ខ្ញុំថាប៉ុណ្ណឹងរៀងតិចផង បើសិនជារដ្ឋាភិបាលអាចមានលើសពីហ្នឹងទៀតកាន់តែល្អសម្រាប់ជួយជំរុញធ្វើទំនើបកម្មកងទ័ព»។តែយ៉ាងណាលោកបណ្ឌិតបារម្ភពីបញ្ហាប្រសិទ្ធភាព និងកម្លាំងនៃកងទ័ពនៅមិនប្រសើរទោះបន្ថែមថវិកា ដោយសារមិនមានកំណែទម្រង់ ឬលុបបំបាត់អំពើពុករលួយក្នុងជួរកងទ័ពទេនោះ។

រីឯស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ក៏យល់ថានេះជារឿងត្រឹមត្រូវ និងបង្ហាញក្ដីបារម្ភដូចលោកបណ្ឌិត មាស នី ដែរ។ ជាមួយគ្នានេះ អ្វីដែល លោក ច័ន្ទរ័ត្ន មិនគាំទ្រនោះគឺ ការកាត់បន្ថយថវិកាសម្រាប់វិស័យអប់រំនិងសុខាភិបាល មកបង្កើនថវិកាវិស័យការពារជាតិ។

លោកថា៖ «ខ្ញុំឃើញថាការបង្កើនថវិការសម្រាប់វិស័យការពារជាតិ ហើយបែរជាទៅកាត់បន្ថយវិស័យដែលជាអាទិភាព ជាចាំបាច់សម្រាប់ប្រទេសដូចជាវិស័យអប់រំ និងវិស័យសុខាភិបាលក្ដីនេះ ខ្ញុំថាវាជារឿងមួយមិនមានភាពវិជ្ជាមានប៉ុន្មានទេ[…]គួរតែពិនិត្យមើលតើកាត់ចេញពីវិស័យផ្សេងៗដែលមិនសូវជាមានអាទិភាពដូចវិស័យអប់រំក្ដី ឬក៏សុខាភិបាលក្ដី»។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បញ្ជាក់ថា រដ្ឋាភិបាលគ្រោងចាយប្រមាណ ៧៥០លានដល្លារសម្រាប់ក្រសួងការពារជាតិ។ ក្នុងនោះ ប្រមាណ ៤លានដុល្លារសម្រាប់ការដឹកជញ្ជូន ហ្វឹកហ្វឺន ធ្វើប្រតិបត្តិការ ការពារសុខសន្តិភាព និងរក្សាសណ្ដាប់ធ្លាប់សង្គម។ ប្រហែល ៣,៤លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ និងអន្តរជាតិ។ ១0លានដុល្លារសម្រាប់ការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស និងជាង ៧៣០លានដុល្លារទៀតសម្រាប់ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2625}" data-page="1" data-max-pages="1" data-start="1" data-end="1">