ពលរដ្ឋចំណាយច្រើនពេលកូនចៅប្រឡងបាក់ឌុប

អាណាព្យាបាលសិស្សមួយចំនួនដែលប្រឡងបាក់ឌុបអះអាងថា ពួកគាត់ចំណាយថវិកាយ៉ាងហោចណាស់១០០ដុល្លារឬឈានដល់២០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅ ក្នុងអំឡុងពេលកូនចៅរបស់ពួកគាត់ពិនិត្យឈ្មោះ និងប្រឡងរយៈពេលសរុប៣ថ្ងៃ។ ការចំណាយនេះ ភាគច្រើនដោយសារពួកគាត់ធ្វើដំណើរពីខេត្តផ្សេងៗ ដើម្បីមកលើកទឹកចិត្តកូនចៅដែលរៀននិងប្រឡងនៅរាជធានីភ្នំពេញ ដោយក្នុងនោះមួយចំនួនជាព្រះសង្ឃផង។ ក្រៅពីការចំណាយថវិកាមួយចំនួននេះ ពួកគាត់ក៏ត្រូវផ្អាកមុខរបររកស៊ីលក់ដូរនៅឯស្រុកកំណើតដែរ។ តែទោះជាយ៉ាងណា ពួកគាត់អះអាងថាដើម្បីលើកទឹកចិត្តកូន ទោះត្រូវចំណាយថវិកាច្រើនប៉ុណ្ណាក៏ពួកគាត់មិនស្តាយដែរ ដោយសារភាគច្រើនពួកគាត់ឱ្យដឹងថា កម្រមានកូនៗរៀនដល់ចប់បាក់ឌុបព្រោះតែបញ្ហាជីវភាពខ្វះខាត។