លោក កឹម សុខា៖ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរ រងការរំលោភបំពានធ្ងន់ធ្ងរពីថៃឈ្លានពាន
អតីតអនុប្រធានទី១រដ្ឋសភានិងជាមេបក្សប្រឆាំងដែលទើបតែរួចពីឃុំឃាំងនៅក្នុងផ្ទះ លោក កឹម សុខា លើកឡើងថា ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ កំពុងរងការរំលោភសិទ្ធិមនុស្សមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិរស់រាន លំនៅឋាន ប្រកបមុខរបរ និងសិទ្ធិទទួលបានការអប់រំជាដើម ដោយការឈ្លានពានរបស់ថៃ។លោកថ្លែងបែបនេះទៅកាន់បណ្ដាជននៅជំរំភៀសសឹកមួយក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។ លោក កឹម សុខា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកលើកដំបូងនៅខេត្តបន្ទាយមានជ័យក្រោយការជាប់ឃុំអស់រយៈពេលជិត ១០ឆ្នាំ។ បើតាមឃ្លីបវីដេអូដែលប្រជាកាសែតទទួលបាន លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋភៀសសឹកថា លោកនឹងព្យាយាមរកដំណោះស្រាយតាមរយៈយន្តការអន្តរជាតិ ដោយប្រាប់ឱ្យជួយពលរដ្ឋខ្មែរឱ្យឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ជាពិសេសដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ។ លោកបន្ថែមថា កន្លងមក លោកបានប្រាប់ប្រទេសជាមិត្តដែលស្រឡាញ់សិទ្ធិមនុស្សផងដែរថា ពលរដ្ឋខ្មែរភៀសសឹកកំពុងរងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិលំនៅឋាន សិទ្ធិចិញ្ចឹមជីវិត សិទ្ធិរស់រាន សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការអប់រំរបស់កុមារជាដើម ដោយសារការឈ្លានពានរបស់ថៃ។ លោកនិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានមកឃើញផ្ទាល់ទៀតនូវការលំបាករបស់បងប្អូន ទៅវិញប្រាប់ឱ្យគេ (សហគមន៍អន្តរជាតិ) មកជួយបងប្អូនទៀត ជួយមិនមែនតែបងប្អូនជួបប្រទះតែមួយមុខទេ ជួយដោះស្រាយបញ្ហាព្រំដែននេះ បញ្ហាអធិបតេយ្យភាព បញ្ហាទឹកដីយើងនេះ។ ទោះបីខ្ញុំមិនមែនតំណាងរដ្ឋាភិបាលដែលត្រូវដោះស្រាយ តែខ្ញុំជំរុញឱ្យមិត្តទាំងឡាយណាដែលគេចង់ជួយខ្មែរ សូមជួយបញ្ចប់ជម្លោះហ្នឹងទៅ។ រក្សាទឹកដីផ្ទះសម្បែងឱ្យមកបងប្អូនវិញមក ទៅវិញខ្ញុំសុំគេទៀត»។ ជុំវិញការលើកឡើងនេះ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ការថ្លែងរបស់លោក កឹម សុខា ជាសញ្ញាដ៏ល្អក្នុងការរួមចំណែកលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងរស់នៅយ៉ាងលំបាក។ លោកនិយាយថា៖ «យើងយល់ឃើញថា នយោបាយឥតកែប្រែរបស់លោកប្រធាន កឹម សុខា ពាក់ព័ន្ធជាមួយនឹងការគោរពសិទ្ធិមនុស្ស។ ដូច្នេះជារឿងមួយដ៏ល្អដែលលោកចូលរួមចំណែកលើកកម្ពស់ លើកទឹកចិត្តដល់បងប្អូនជនភៀសសឹកខ្មែរ ដែលកំពុងតែពិបាករស់នៅក្នុងជំរំសព្វថ្ងៃ»។ ចំណែកអ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថា ការចុះជួបពលរដ្ឋភៀសសឹករបស់លោក កឹម សុខា គ្រាន់តែជាការអនុវត្តសិទ្ធិរបស់ពលរដ្ឋធម្មតា ព្រោះច្បាប់បានរារាំងលោកក្នុងការធ្វើនយោបាយហើយ។ លោកនិយាយថា៖ «បើគាត់គ្រាន់តែទៅជួបពលរដ្ឋធម្មតា អាហ្នឹងជាសិទ្ធិសាមញ្ញរបស់គាត់ដែលជាមន្ត្រីអ្នកនយោបាយដែលគេស្គាល់ច្រើន សំខាន់កុំឱ្យតែគាត់ឆ្លៀតឱកាសនេះយកធ្វើសារនយោបាយ អាហ្នឹងបានវាខុស»។ នៅមុនពេលចុះជួបពលរដ្ឋភៀសសឹក លោក កឹម សុខា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងពីបំណងចង់ឃើញការផ្សះផ្សាជាតិ និងប្រាប់មន្ត្រី UN រូបនេះឱ្យជួយពលរដ្ឋខ្មែរភៀសសឹកដែលកំពុងរងការរំលោភសិទ្ធិមនុស្សដោយសារសង្គ្រាមព្រំដែនខ្មែរ-ថៃ។ កាលពីចុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសជាប់ពន្ធនាគារ ២៧ឆ្នាំ ប៉ុន្តែទោសបន្ថែមពាក់ព័ន្ធនឹងសិទ្ធិធ្វើនយោបាយ រួមទាំងបម្រាមចេញទៅក្រៅប្រទេសរយៈពេល ៥ឆ្នាំ នៅដដែល។ យ៉ាងណា នៅមួយថ្ងៃមុនការជួបជជែកគ្នារវាងអតីតមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស UN លោក អេនឌ្រូ ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសបន្ថែមលោក កឹម សុខា ត្រង់ចំណុចហាមចាកចេញទៅក្រៅប្រទេស ដែលបានន័យថា លោក សុខា អាចធ្វើដំណើរទៅក្រៅប្រទេស ចាប់ពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕
២៨ កក្កដា ២០២៦

ផុតអាណត្តិនៅកម្ពុជា! ឯកអគ្គរាជទូតជប៉ុន ត្រៀមឃ្លាត ក្រោយសាងស្នាដៃលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បានចូលជួបប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចូលកាន់តំណែងតាំងពីឆ្នាំ២០២៣ ហើយក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា និងបានចូលជួបជម្រាបលាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មុននឹងត្រូវផ្លាស់ប្តូរទៅកាន់ការងារទូតនៅប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត លោក អ៊ូអិណុ បានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការបង្កលក្ខណៈងាយស្រួលដល់បេសកកម្មរបស់លោកឱ្យទទួលបានជោគជ័យ ព្រមទាំងសម្រេចបានលទ្ធផលធំៗទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងសន្តិសុខ ការពារជាតិ និងវិស័យជាច្រើនទៀត។ លោកអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត បានចាត់ទុកបេសកកម្មរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ថាជាជោគជ័យផ្នែកការទូត ក្នុងការចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា និងជប៉ុនបានដាក់ចេញនូវកំណែទម្រង់ជាច្រើន ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ ក៏បានចូលជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ លោក ធីរិទ្ធ បានថ្លែងថា៖ «សម្ដេចបានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានៅពេលកន្លងមក ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកការចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរក្សាសន្តិភាព ការចូលរួមចំណែកបោសសម្អាតមីន និងជាពិសេសគឺការគាំទ្ររបស់ជប៉ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា»។ ក្នុងអាណត្តិការទូតរយៈពេល ៣ឆ្នាំរបស់លោក លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមទាំងបានចុះហត្ថលេខាលើគម្រោងជំនួយនានា ដូចជាការផ្ដល់ឧបករណ៍យោធា ការគាំទ្រវិស័យបោសសម្អាតមីន និងការពង្រីកប្រព័ន្ធទឹកស្អាតតាមរយៈទីភ្នាក់ងារ JICA និងដៃគូដទៃទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពបច្ចេកទេស។ ជាពិសេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ អាត់ស៊ូស៊ី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)។ គម្រោងនេះ នឹងផ្ដល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទោះបីជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការ និងការរក្សាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ប៉ុន្តែលោកក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជាពង្រឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនជប៉ុន។ លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថាជំនួយជប៉ុនមកកម្ពុជាមានសារៈសំខាន់ ដូចជាផ្លូវជាតិលេខ៥ ជាដើម។ តែសម្រាប់ខ្ញុំ គឺមិនចង់ឃើញកម្ពុជាត្រឹមតែទទួលជំនួយនោះទេ ប៉ុន្តែខ្ញុំចង់ឃើញកម្ពុជាកសាងទំនុកចិត្តជាមួយជប៉ុន ដើម្បីបង្កើនពាណិជ្ជកម្ម»។ លោកបន្ថែមថា៖ «រឿងដែលពិបាកបំផុតគឺការអនុវត្តផ្នែកច្បាប់នៅក្នុងស្រុកយើង ដែលធ្វើឱ្យគេពិបាករំពឹងទុក។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យគេស្ទាក់ស្ទើរក្នុងការវិនិយោគ។ យើងដឹងហើយថាគេយកលុយមកប្រើនៅស្រុកយើង ប៉ុន្តែប្រសិនបើច្បាប់នៅស្រុកយើងវាធីងធោងមិនច្បាស់លាស់ គេក៏មិនហ៊ានប្រថុយដែរ»។ ចំណែកឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា បានមានប្រសាសន៍ថា ជប៉ុនជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជួយគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ លោកបន្តថា ជប៉ុនបានជួយកម្ពុជាច្រើនលើវិស័យធំៗ ដូចជាពាណិជ្ជកម្ម សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវិនិយោគិនមិនសូវហ៊ានមកបណ្ដាក់ទុនច្រើនដោយសារតែកត្តាស្មុគស្មាញផ្នែកច្បាប់។ លោកថ្លែងថា៖ «ប្រទេសហត្ថលេខីនេះហើយដែលជាអ្នកធានានូវការការពារ និងប្ដេជ្ញាសន្យាថាមិនឱ្យរដ្ឋបរទេសណារំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ ព្រមទាំងជំរុញការអភិវឌ្ឍតាមរយៈជំនួយឥតសំណង និងកម្ចីការប្រាក់ទាប។ ប៉ុន្តែ យើងក៏ត្រូវតែបង្ហាញនូវប្រព័ន្ធច្បាប់ឱ្យមានភាពរលូន កុំឱ្យស្មុគស្មាញ មានអំពើពុករលួយ និងត្រូវយកចិត្តទុកដាក់លើច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគទុន»៕
២៧ កក្កដា ២០២៦

បក្សប្រឆាំង លើកយកបញ្ហាប្រជាធិបតេយ្យ និងការបោះឆ្នោតប្រាប់អ្នករាយការណ៍ពិសេសUN
គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន លើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងទំនុកចិត្តក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោក ថម អេនឌ្រូ (Thom Andrew) អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលកជិតពីរសប្ដាហ៍។ ការជួបជជែកគ្នាជាមួយបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ បានជួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រាប់ថា រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពពេញលេញជូនពលរដ្ឋ។ សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ថ្លែងថា បក្សរបស់លោក បានលើកយកការដើរថយក្រោយនៃនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោយការរំលាយបក្សសង្រ្គោះជាតិ ប្រាប់ទៅលោក អេនឌ្រូ។ បន្ថែមពីលើនេះ លោក មុនីកា ក៏បង្ហាញក្ដីបារម្ភចំពោះការបោះឆ្នោតនៅពេលខាងមុខ ថាតើមានយុត្តិធម៌ និងសេរីត្រឹមកម្រិតណា។ លោកនិយាយថា៖ «យើងមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បើទោះបីជាការអនុវត្តនៃសិទ្ធិសេរីភាពហ្នឹង ធ្វើឡើងនៅក្នុងក្របខណ្ឌច្បាប់ក៏ដោយ នៅតែមានបញ្ហានៃការបំភិតបំភ័យ គាបសង្កត់ឈានទៅរកការចាប់ខ្លួនសកម្មជន ក៏ដូចជាពលរដ្ឋទូទៅ ដែលបង្ហាញក្ដីបារម្ភរបស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន បញ្ហាស្កេមអនឡាញ»។ ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ស្ថានភាពនយោបាយ និងការប្រកួតប្រជែងក្នុងការបោះឆ្នោត បញ្ហាប្រឈមជាក់ស្ដែង និងផលប៉ះពាល់លើដំណើរការបោះឆ្នោតនាពេលខាងមុខ។ ជាងនេះទៅទៀត លោកក៏បានផ្ដល់យោបល់ដើម្បីកែលម្អសិទ្ធិមនុស្សនៅកម្ពុជាជូនលោក ថម អេនឌ្រូ ផងដែរ។ លោក សុវណ្ណារ៉ា បន្តថា៖ «ក៏បានរៀបចំជារបាយការណ៍សង្ខេបមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនយោបាយ បរិយាកាសមុនការបោះឆ្នោតនៅកម្ពុជា ដោយចង់ឃើញការបោះឆ្នោតនាពេលខាងមុខ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព អាចទទួលយកបាន ជាមួយនឹងអនុសាសន៍ផ្សេងៗ ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងដែរ»។ ចំណែកអនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា បក្សកម្លាំងជាតិបានជម្រាបលោក អេនឌ្រូ អំពីស្ថានភាពនៃសេរីភាព និងសិទ្ធិធ្វើនយោបាយនៅកម្ពុជា និងចង់ឃើញស្ថាប័នរៀបចំការបោះឆ្នោតមានភាពឯករាជ្យ។ ក្រៅពីនេះ លោក គឹមសេង ក៏ស្នើឱ្យអ្នករាយការណ៍ពិសេសជំរុញទៅកាន់រដ្ឋាភិបាលឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនដីធ្លីជាដើម ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាថា រាល់ការបញ្ចេញមតិ និងធ្វើនយោបាយ ត្រូវបានគោរពសិទ្ធិក្នុងប្រទេសកម្ពុជា។ លោកនិយាយថា៖ «ជួយជំរុញនិងដោះលែងអ្នកដែលជាប់ឃុំ សកម្មជននយោបាយ ថ្នាក់ដឹកនាំនយោបាយ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ក៏ដូចជាសកម្មជនបរិស្ថានមួយចំនួនដើម្បីធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ជាពិសេសគឺការគោរពសិទ្ធិនៅប្រទេសកម្ពុជា»។ កាលពីពេលថ្មីៗនេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ ថា រដ្ឋាភិបាលកម្ពុជាទាំងពេលនេះ និងពេលមុន បានបើកសិទ្ធិពេញលេញជូនពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្ថិតក្រោមក្របខណ្ឌច្បាប់។ ប្រធានបក្សកាន់អំណាចរូបនេះ ក៏បានអះអាងនៅចំពោះមុខអ្នករាយការណ៍ពិសេសផងដែរថា គ្មានប្រទេសណាអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេដោយសង្កត់ធ្ងន់ថា រាល់ចំណុចខ្វះខាត នឹងត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១២៥ នាក់ហើយ ត្រូវបានតុលាការចោទ ប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

គណបក្សកម្លាំងជាតិថ្វាយលិខិតស្នើព្រះមហាក្សត្រអន្តរាគមន៍ករណីលោក រ៉ុង ឈុន
គណបក្សកម្លាំងជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្វាយលិខិតទៅកាន់ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលត្រូវបានតុលាការកំពូលផ្តន្ទាទោស និងដាក់វិធានការរឹតត្បិតសិទ្ធិមួយចំនួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងលិខិតដែលចុះហត្ថលេខាដោយប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី លើកឡើងថា សាលដីការបស់តុលាការកំពូលបានដាក់កម្រិតលើសិទ្ធិបញ្ចេញមតិ សិទ្ធិចូលរួមនយោបាយ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន រយៈពេល៥ឆ្នាំ ដែលគណបក្សយល់ថា អាចមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ គណបក្សបានស្នើឱ្យព្រះមហាក្សត្រ ក្នុងនាមជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ មេត្តាព្រះរាជទានព្រះរាជតម្រិះឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត ដើម្បីធានាការគោរពសិទ្ធិ និងយុត្តិធម៌។ លិខិតលើកឡើងថា៖«ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍ឯករាជ្យភាពនៃអំណាចតុលាការ គណបក្សកម្លាំងជាតិ ពុំមានបំណងស្នើសុំឱ្យព្រះករុណាទ្រង់ធ្វើអន្តរាគមន៍ចំពោះការវិនិច្ឆ័យរបស់តុលាការដោយផ្ទាល់ឡើយ។ សូមក្រាបបង្គំទូលថ្វាយ ស្នើសុំព្រះមេត្តាក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ ទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់បានកំណត់ ក្នុងគោលបំណងធានាបាននូវយុត្តិធម៌ ការគោរពរដ្ឋធម្មនុញ្ញ និងការការពារសិទ្ធិមនុស្ស»។ ប្រធានយុវជនគណបក្សកម្លាំងជាតិ លោក ផុន សុភា លើកឡើងថាគោលបំណងនៃការដាក់លិខិតនេះគឺដើម្បីទូលព្រះមហាក្សត្រអំពីក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស និងការបែកបាក់ក្នុងសង្គម ព្រមទាំងស្នើឱ្យព្រះអង្គពិចារណាវិធានការសម្របសម្រួល ជាពិសេសលើករណីលោក រ៉ុង ឈុន។ លោកក៏បានរិះគន់នីតិវិធីទទួលលិខិតនៅព្រះបរមរាជវាំងថា គណបក្សចង់ដាក់លិខិតដោយផ្ទាល់ទៅកាន់រដ្ឋបាល និងឱ្យមានការចុះហត្ថលេខាទទួល ប៉ុន្តែជាលទ្ធផលអាជ្ញាធរបានឆ្លើយតបមកវិញថាឲ្យដាក់ក្នុងប្រអប់សំបុត្រ ឬផ្ញើតាមមន្ត្រីប៉ូលីស ដោយមិនមានការចុះហត្ថលេខាទទួលជាផ្លូវការនោះឡើយ។ ចំណែកប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ដែលមានវត្តមានឃ្លាំមើលការដាក់ញត្តិរបស់គណបក្សកម្លាំងជាតិនៅមុខព្រះបរមរាជវាំង ថ្លែងថា ខាងខុទ្ទកាល័យព្រះបរមរាជវាំង មិនបានចេញមកទទួលលិខិតដោយផ្ទាល់ទេ ព្រោះតាមនីតិវិធី អ្នកដាក់លិខិតត្រូវណាត់ជួបជាមុន។ លោកបានណែនាំថា គណបក្សកម្លាំងជាតិអាចដាក់លិខិតតាមប្រអប់សំបុត្រ ឬប្រគល់ជូនមន្ត្រីប៉ូលីស ដើម្បីបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធ។ លោកនិយាយប្រាប់តំណាងគណបក្សថា៖« ខុទ្ធកាល័យអត់បានចេញមកទទួលនោះទេ បើជាផ្លូវការត្រូវជម្រាបជូនមុនរយៈពេលណាមួយដើម្បីខុទ្ទកាល័យគាត់បានដឹង ទី២ប្អូនអាចដាក់ផ្ញើបានតាមប្រអប់សំបុត្រ ឬក៏ប្អូនអាចផ្ញើបានតាមរយៈ មន្ត្រីម្នាក់គាត់ [ប៉ូលីស] ព្រាំនាំ ហើយប្អូនត្រូវមានលេខទូរសព្ទលេខអីដើម្បីរង់ចាំគាត់ឆ្លើយតប»។ តាមលិខិតរបស់គណបក្សកម្លាំងជាតិ ការដាក់លិខិតលើកនេះ មានគោលបំណងស្នើឱ្យព្រះមហាក្សត្រជ្រាបអំពីក្តីបារម្ភរបស់គណបក្ស និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងផលប៉ះពាល់នៃសាលដីការបស់តុលាការកំពូល និងស្នើឱ្យមានការពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត។ ប្រជាកាសែតមិនទាន់អាចរកប្រភពទាក់ទងមន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៃក្រសួងព្រះបរមរាជវាំងដើម្បីសុំការឆ្លើយតបចំពោះការដាក់លិខិតរបស់បក្សកម្លាំងជាតិនៅពេលនេះបាននៅឡើយ។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានសម្រេចព្យួរទោសដាក់ពន្ធនាគារលោក រ៉ុង ឈុន រយៈពេលសាកល្បង៣ឆ្នាំ និងភ្ជាប់វិធានការហាមឃាត់មួយចំនួន រួមមានការហាមចេញពីរាជធានីភ្នំពេញ ហាមថ្លែងសុន្ទរកថានៅវេទិកាសាធារណៈរយៈពេល៣ឆ្នាំ និងដកសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិបោះឆ្នោតរយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយការសម្រេចនេះ លោក រ៉ុង ឈុន ក៏បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យពិនិត្យករណីរបស់លោកឡើងវិញ ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយ៕

លោក ហ៊ុន ម៉ាណែត ជួបស្ថាបនិកក្រុមហ៊ុនចិនដើម្បីទាក់ទាញការវិនិយោគ
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបតំណាងក្រុមហ៊ុនឯកជនជាច្រើន អំឡុងពេលទស្សនកិច្ចការងារនៅប្រទេសចិន ដែលមន្រ្តីនិយាយថា ជាការទូតសេដ្ឋកិច្ច និងការទាញវិនិយោគិនបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាង និងស្ថាបនិកក្នុងវិស័យឯកជនជាច្រើន អំឡុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី គិតត្រឹមរសៀលថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានជួបតំណាង ឬស្ថាបនិកជិត២០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បិនិមិត្ម អភិវឌ្ឍន៍ផ្លូវ កសិកម្ម វិស្វកម្ម អាជីវកម្មរ៉ែ និងក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្នុងនោះ ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខណៈក្រុមហ៊ុន Yuanda Group បង្ហាញបំណងក្នុងការវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ រីឯ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI លោក Zhang Wei ប្រាប់ លោក ហ៊ុន ម៉ាណែត អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតលើការអភិវឌ្ឍវិស័យស្នូលចំនួន៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត, មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា ដោយបន្ថែមថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា រាល់ការធ្វើដំណើរទៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត នឹងជួបក្រុមធុរកិច្ច ដើម្បីលាតត្រដាងពីបរិយាកាស និងសក្ដានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិន ជាពិសេសកម្លាំងពលកម្មវ័យក្មេង។ លោក និយាយថា៖ «ហើយសម្ដេចបង្ហាញអំពីសក្ដានុពលរបស់កម្ពុជាក្នុងការវិនិយោគ ឱកាសគ្រប់បែបយ៉ាង ដែលយើងមានច្បាប់វិនិយោគមួយដែលល្អ ដែលយើងមានសក្ដានុពលជាច្រើនដែលត្រូវវិនិយោគ ដែលយើងមានកម្លាំងពលកម្មវ័យក្មេងច្រើន អំណោយផលច្រើនណាស់។ អាហ្នឹងហើយហៅថា ការទូតសេដ្ឋកិច្ច។ វិនិយោគនៅកម្ពុជា អាចលក់នៅតំបន់ផ្សេងទៀតពេញតំបន់អាស៊ាន»។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណែទម្រង់មួយចំនួន ដើម្បីទាក់ទាញវិនិយោគបរទេស ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន អគ្គិសនី និងការលុបបំបាត់អំពើពុករលួយ រួមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងបណ្ដុះធនធានមនុស្សឱ្យក្លាយជាកម្មករជំនាញជាដើម។ ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលក៏ត្រូវទាញយក ប្រេង និងឧស្ម័ន រួមទាំងវិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីថ្លៃដឹកជញ្ជូនថោក និងរហ័ស។ លោក និយាយថា៖ «ទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ និងរៀបចំខ្លួនឱ្យបានល្អជាងនេះ ជាពិសេសគឺអភិបាលកិច្ច កម្ចាត់ចោលនូវអំពើពុករលួយ ការិយាល័យធិបតេយ្យ កាត់បន្ថយនូវភាពស្មុគស្មាញនៃក្រសួងច្រើន នីតិវិធីច្រើន»។ យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦។ចំណែកក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជី ដែលអាចបង្កើតការងារបាន១៦០.០០០ កន្លែង៕

ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥ថ្ងៃនៅប្រទេសហ្វីលីពីន
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ដំណើរបេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន អ្នកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើង ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដែលផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់អាស៊ាន និងដៃគូខាងក្រៅ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស។ ក្រៅពីកិច្ចប្រជុំខាងលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ក្រសួងការបរទេសលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាខួបគម្រប់ប្រាំទសវត្សរ៍ នៃសន្ធិសញ្ញា ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ ដោយគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់ និងពិភពលោកដែលកំពុងបន្តវិវត្ត។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏ចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីនហើយមានជំនួបទ្វេភាគីជាមួយសមភាគីនានា ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាអ្នកស្រី Flerida Ann Camille P. Mayo បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងមានជំនួបសម្ដែងការគួរសម ជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ អ្នកស្រីបានរំលេចថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា៕

លោក ហ៊ុន ម៉ាណែត ទៅដល់ចិនហើយដើម្បីចូលរួមសន្និសីទ AI ពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅដល់ប្រទេសចិនហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ក៏ដូចជាបំពេញទស្សនកិច្ចការងារ នៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ បញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្រសួងឱ្យដឹងបន្តថា ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នឹងជួបលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនផងដែរ។ តាមក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនថែមទៀត។ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) លោក Dai Hegen ដើម្បីពិភាក្សាការងារ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក ដែលធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុននេះ ក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។ ក្នុងថ្ងៃតែមួយនេះដែរ លោកនាយករដ្ឋមន្ត្រូ ក៏ជួបជាមួយនឹងប្រធានក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិនគឺលោក Wang Shilei ដើម្បីពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ គួររម្លឹកជូនថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិន អមដោយលោកកូនប្រុសរបស់លោកពីរនាក់ គឺលោក ហ៊ុន ម៉ានិត និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី៕

តុលាការកំពូលរក្សាការផ្តន្ទាទោស មន្ត្រីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ ជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីការក្សាការផ្ដន្ទាទោសប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ បើគិតតាមអំណាចសាលដីកានេះ លោកវណ្ណៈ នឹងត្រូវអនុវត្តទោសចប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ប្រជាកាសែតថា តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់កូនក្ដីលោក ព្រមទាំងតម្កល់ការផ្ដន្ទាទោសលោក ចាន់វណ្ណៈ ដូចតុលាការជាន់ទាប។ លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំង ខកចិត្តចំពោះតុលាការកំពូលដែលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដែលជាអង្គហេតុមួយដែលមិនមានសាក្សីឆ្លើយបំភ្លឺឱ្យបានច្បាស់លាស់ មានន័យថាភស្តុតាងដាក់បន្ទុកពុំមានទម្ងន់ក្នុងការចោទប្រកាន់មកលើកូនក្ដីរបស់ខ្ញុំ»។ ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី យល់ថា ការដែលតុលាការកំពូលសម្រេចតម្កល់ការផ្ដន្ទាទោសស្វាមីគាត់ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ជារឿងអយុត្តិធម៌។ អ្នកស្រីថា៖ «មីងយល់ថាអយុត្តិធម៌សម្រាប់គាត់ដោយសារយើងប្ដឹងតាំងពីសាលាដំបូងមកឧទ្ធរណ៍ៗហើយមកកំពូលហើយតុលាការបដិសេធសម្រេចយកសាលាដំបូងតែរហូត»។ តែយ៉ាងណាអ្នកស្រីថាមានតែរង់ចាំជួបជុំជាមួយស្វាមីគាត់វិញ ព្រោះលោក ចាន់វណ្ណៈ នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មិនមានទស្សនៈអ្វីទេជុំវិញការសម្រេចរបស់តុលាការកំពូលដែលតម្កល់ការកាត់ទោសលោក ខឹម ចាន់វណ្ណៈ។ លោក សុធារ៉ាយុត្តិ មានតែទន្ទឹងរង់ចាំថ្ងៃលោក ចាន់វណ្ណៈ មានសេរីភាព និងអាចចូលរួមសកម្មភាពនយោបាយក្នុងគណបក្សឡើងវិញ។ លោកថា៖ «ពួកយើងនឹងទៅទទួលលោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៧ កក្កដា (តាមថ្ងៃកំណត់) នៅនឹងមុខពន្ធនាគារ ដើម្បីស្វាគមន៍ដែលគាត់បានទទួលសេរីភាពតាមរយៈការអនុវត្តទោសគ្រប់១០០% និងផ្តល់កម្លាំងចិត្តដល់គាត់»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ករណីតុលាការកំពូលរក្សាការកាត់ទោស លោក ខឹម ចាន់វណ្ណៈ នេះ ទំនងជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកថា៖ «វាអត់មានអីចម្លែកទេដែលយើងតាមដានកន្លងមក ឱ្យតែរឿងនយោបាយគឺមិនដែលរួចខ្លួនទេ ជាពិសេសលោក ខឹម ចាន់វណ្ណៈ ហ្នឹងដែលគាត់ជាក្រុមប្រឹក្សាខណ្ឌផងហើយដល់ពេលកាត់ទោសឱ្យគាត់ពាក់ព័ន្ធរឿងបញ្ជីឈ្មោះបញ្ជីអីនេះ ហេតុផលនេះគឺយើងថាគឺជារឿងនយោបាយច្រើនជាងរឿងដែលអនុវត្តតាមផ្លូវច្បាប់»។ លោក យី សុខសាន្ត អំពាវនាវជាថ្មីដល់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចឱ្យបើកលំហសេរីភាពពេញលេញដល់គណបក្សក្រៅរដ្ឋាភិបាល។ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕

តុលាការកំពូលតម្កល់ដីកាសាលាឧទ្ធរណ៍ដែលផ្តន្ទាទោសមន្ត្រីបក្សកម្លាំងជាតិ លោក មឺ សេងហ៊ ហៅ គា វិសាល
តុលាការកំពូលសម្រេចតម្កល់សាលដីកាលើសំណុំរឿងរបស់អនុប្រធានគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក គា វិសាល ដាក់ពន្ធនាគារ ២ ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមសាលដីការបស់តុលាការជាន់ទាបដដែល។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ រូបនេះទុកជាបានការដដែល ហើយលោកបានអនុវត្តទោសចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ មេធាវីការពារក្ដីឱ្យលោក មឺ សេងហ៊ គឺលោកមេធាវី ជូង ជូងី លើកឡើងថា លោកមិនមានអ្វីត្រូវអត្ថាធិប្បាយទេ ព្រោះតុលាការកំពូលបានសម្រេចរួចទៅហើយ ហើយលោកក៏បានស្នើឱ្យទម្លាក់បទចោទរួចហើយមុនសេចក្ដីសម្រេចនេះទៀត។ លោកមានប្រសាសន៍ថា៖ «គេតម្កល់សេចក្ដីសម្រេច មិនពិចារណាលើសម្អាងរបស់មេធាវីទេ និងសម្អាងរបស់ជនត្រូវចោទទេ»។ អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល អះអាងថា លោកមិនបានប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើងដូចការចោទប្រកាន់ឡើយ ហើយអង្គហេតុដែលតុលាការលើកមកចោទប្រកាន់លោកនោះគឺមិនត្រឹមត្រូវទេ។ លោកនិយាយថា៖ «អត់យុត្តិធម៌តាំងពីដំបូង តាំងពីចាប់ខ្លួន។ ខ្ញុំមានទោសមកពីណា។ ខ្ញុំអត់មានទោសទេ។ ច្បាប់នៅលើមាត់គេ។ វាមិនមែនឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បែបប្រជាធិបតេយ្យសេរីពហុបក្ស សម្រាប់អ្នកមាននិន្នាការប្រឆាំង មិនថាសង្គមស៊ីវិល មិនថាអ្នកនយោបាយទេ»។ លោក សេងហ៊ ថា លោកមិនប្រាកដថាតុលាការនឹងទម្លាក់ចោលនូវប្រាក់ដែលលោកត្រូវបង់ពិន័យចំនួន ៤ លានរៀលនោះឡើយ។ លោកថា៖ «បើគេរក្សាបទចោទដដែល បានន័យថាអ្វីៗគេអនុវត្តតាមប្រព័ន្ធតុលាការដែលគេសម្រេចក្ដីយើងហ្នឹង។ ខ្ញុំអត់យល់ថាម៉េចដែរ។ ខ្ញុំបានប្រាប់ទៅតុលាការហើយថាខ្ញុំអត់មានលុយទេ។ ខ្ញុំមានតែខ្លួនទេ»។ ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង លើកឡើងថា ការសម្រេចតម្កល់សាលដីកានេះមិនបានផ្ដល់យុត្តិធម៌ជូនលោក គា វិសាល ឡើយ ព្រោះបទចោទប្រកាន់បរិហារកេរ្តិ៍ជាសាធារណៈនេះធ្វើឡើងចំពោះបុគ្គលតែម្ខាង ចំណែកបុគ្គលម្ខាងទៀតដែលរួមចំណែកជេរប្រមាថមិនបានទទួលទោសអ្វីឡើយ។ លោកបន្តថា ការសម្រេចក្ដីលើរឿងនេះមានភាពយឺតយ៉ាវផងដែរ។ លោកមានប្រសាសន៍ថា៖ «ការចាត់ចែងក្ដីគឺមានការយឺតយ៉ាវ ហើយការកាត់ក្ដីមានភាពយឺតយ៉ាវ តែងតែផ្ដល់ភាពអយុត្តិធម៌សម្រាប់ជនសង្ស័យ ឬជនរងគ្រោះដែលចង់បានយុត្តិធម៌ឆាប់ៗ។ ឧទាហរណ៍ថា ឥឡូវគាត់កំពុងជាប់ពន្ធនាគារ តើគាត់ត្រូវជាប់ប៉ុណ្ណា ឬគាត់ត្រូវរួចខ្លួន។ អាហ្នឹងហើយដែលគាត់ចង់បានយុត្តិធម៌»។ លោកបន្ថែមទៀតដែរថា៖ « លទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋជាម្ចាស់អំណាច។ ប្រជាពលរដ្ឋត្រូវទទួលបានយុត្តិធម៌ស្មើគ្នា មិនរើសអើងនិន្នាការគណបក្សនយោបាយ មិនរើសអើងអ្នកមាន អ្នកក្រ មិនរើសអើងសាសនា ដូច្នេះត្រូវទទួលបានភាពយុត្តិធម៌ស្មើៗគ្នា»។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា លោក មឺ សេងហ៊ បានអនុវត្តទោសរួចរាល់ហើយ ចំណែកឯតុលាការកំពូលទើបតែសម្រេចសាលដីកាសាលាឧទ្ធរណ៍ ដែលការណ៍នេះ លោកថាតុលាការកំពូលមានភាពយឺតយ៉ាវក្នុងការបើកសវនាការជំនុំជម្រះ។ លោកមានប្រសាសន៍ថា៖ «បើសិនជាតុលាការកំពូលសម្រេចចាត់របៀបឱ្យសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ឬក៏តុលាការកំពូលសម្រេចឱ្យរួចផុតពីបទចោទទៅលើលោក គា វិសាល សួរថា ២ ឆ្នាំដែលលោកអនុវត្តទោសចប់ អ្នកណាទទួលខុសត្រូវ? នោះគឺរដ្ឋ ដូច្នេះបើយើងនិយាយពីយុត្តិធម៌វិញ វាអាចនឹងមានសម្ពាធ ឬក៏បញ្ហាខ្លះបាត់ទៅហើយ»។ គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងឈ្មោះ ម៉ៃ ហុងស្រៀង ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពរើសអើង និងជេរប្រមាថជាសាធារណៈ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេងហ៊ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមក្រមព្រហ្មទណ្ឌមាត្រា៤៩៤ មាត្រា៤៩៦ និងមាត្រា៣០៧ ពាក់ព័ន្ធនឹងការបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។ តុលាការក៏បង្គាប់ឱ្យលោក សេងហ៊ សងជំងឺចិត្តលោក ហុងស្រៀង ចំនួន ២០ លានរៀលផងដែរ។ នេះបើតាមអង្គការលីកាដូ៕

អ្នកនយោបាយក្រៅរដ្ឋាភិបាល ចូលរួមពិធីបុណ្យខួប១០ឆ្នាំបណ្ឌិត កែម ឡី នៅស្រុកកំណើត
ថ្នាក់ដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន បានទៅចូលរួមពិធីបុណ្យខួបរយៈពេល១០ឆ្នាំរបស់លោកបណ្ឌិត កែម ឡី នៅឯស្រុកកំណើតរបស់លោក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកសម្រេចដឹកនាំក្រុមការងារបក្សទៅចូលរួមពិធីបុណ្យដោយផ្ទាល់នៅស្រុកកំណើតបណ្ឌិត កែម ឡី ដោយសារទីនោះ ជាកន្លែងបញ្ចុះសពរបស់គាត់ និងគួបផ្សំបណ្ឌិត កែម ឡី និងលោក ក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាផងដែរ។ បើតាមលោក សុវណ្ណារ៉ា អ្នកចូលរួមពិធីបុណ្យនៅស្រុកកំណើតផ្ទាល់ព្រឹកនេះ មានប្រមាណ១០០នាក់ រួមមានពលរដ្ឋអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី មន្រ្តីសង្គមស៊ីវិល និងអ្នកនយោបាយជាដើម។ លោក អះអាងថា ម្ដាយរបស់បណ្ឌិត កែម ឡី មានសុខភាពល្អ ថែមទាំងអាចជិះកង់ទៅផ្សារបានដោយខ្លួនឯង បើទោះបីមានវ័យ៨៦ឆ្នាំក៏ដោយ។ ទន្ទឹមនឹងនេះ លោកក៏ទទូចឱ្យរដ្ឋាភិបាលស្វែងរកឃាតកពិត ដើម្បីប្រគល់យុត្តិធម៌ដល់គ្រួសាររបស់បណ្ឌិត កែម ឡី។ លោក និយាយថា៖ «ហើយក៏សូមឱ្យរដ្ឋាភិបាលទទូចផងដែរ សូមឱ្យរដ្ឋាភិបាលហ្នឹងមេត្តាស្វែងរក ស្វែងរកឃាតកពិតដើម្បីយកមកឱ្យមានយុត្តិធម៌សម្រាប់ក្រុមគ្រួសារ។ ជាពិសេសសម្រាប់បណ្ឌិត កែម ឡី ហើយនិងចង់ដឹងពីអាថ៌កំបាំងនៅពីក្រោយនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី គឺថាមិនទាន់ហួសពេលទេ»។ ចំណែកប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មាន អ៊ាង ថ្លែងថា លោកនិងថ្នាក់ដឹកនាំបក្សចំនួន៤រូប សម្រេចទៅចូលរួមពិធីបុណ្យនៅផ្ទះរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ បន្ទាប់ពីពួកលោកបានទៅដាក់កម្រងផ្កានៅស្តុបបូកគោ រាជធានីភ្នំពេញ ដោយសារលោកបណ្ឌិត កែម ឡី ជាស្ថាបនិកមួយរូបរបស់បក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក បន្តថា៖ «ហើយមួយទៀត ដោយសារគាត់ជាអ្នកដូចជា អ្នកបង្ហាញគំនិតតស៊ូមតិដើម្បីយុត្តិធម៌សង្គម ដើម្បីសេរីភាពនៅក្នុងសង្គម។ អ៊ីចឹងយើងឱ្យតម្លៃទស្សនៈរបស់គាត់ ការដោះស្រាយរបស់គាត់»។ គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

អ្នកឃ្លាំមើលគាំទ្រសាររំលែកទុក្ខដែលលោក ហ៊ុន សែន ដែលផ្ញើជូនលោក កឹម សុខា
អ្នកនយោបាយ និងអ្នកឃ្លាំមើលសង្គមបង្ហាញក្ដីសាទរដែលអ្នកនយោបាយដែលមាននិន្នាការផ្ទុយចេះយោគយល់គ្នា និងចែករំលែកទុក្ខសោកពេលគ្រួសារម្ខាងទៀតមានទុក្ខ។ បន្ថែមពីលើនេះ ពួកគេក៏អំពាវនាវឱ្យអ្នកនយោបាយគ្រប់រូបងាកមកផ្សះផ្សាគ្នាឡើងវិញដើម្បីផលប្រយោជន៍ជាតិ។ ការលើកឡើងនេះធ្វើឡើងក្រោយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចេញលិខិតចូលរូមរំលែកទុក្ខម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺឧបាសិកា សៅ ង៉ែត ដែលបានទទួលមរណភាព នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០១ ឆ្នាំ ដោយរោគាពាធ។ ក្នុងសារលិខិតសាររំលែកទុក្ខ លោក ហ៊ុន សែន ថ្លែងថារូបលោក និងភរិយា មានទុក្ខក្រៀមក្រំ និងសូមចូលរូមរំលែកទុក្ខ ចំពោះការបាត់បង់ម្ដាយបង្កើត ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌។ សាររំលែកទុក្ខបន្ថែមថា ការបាត់បង់អ្នកស្រី សៅ ង៉ែត ជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសេចក្ដីថ្លៃថ្លា ដែលតែងតែចូលរួមលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ សារលិខិតថា៖ «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះសាររំលែកទុក្ខ និងបង្ហាញសេចក្ដីអាឡោះអាឡ័យ ជាមួយគ្រួសារលោក កឹម សុខា ផងដែរ។ ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពជាងមួយខែបន្ទាប់ពីលោក កឹម សុខា ទទួលបានការលើកលែងទោសពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ លោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា បន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ទោះជាយ៉ាងណា ការលើកលែងទោសនោះភ្ជាប់មកជាមួយលក្ខខណ្ឌមិនឱ្យលោកវិលត្រឡប់ចូលរួមសកម្មភាពនយោបាយវិញ។ លោក ផែង ហេង សហមេធាវីការពារក្តីរបស់លោក កឹម សុខា ដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ១១:០០ នាទីយប់ ថ្ងៃទី៨ ខែកក្កដា នៅគេហដ្ឋានរបស់កូន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពរបស់អ្នកស្រីនឹងត្រូវដង្ហែទៅដំកល់នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតអ្នកស្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ លើកឡើងថាជារឿងល្អក្នុងនាមជាពុទ្ធសាសនិក ដែលអ្នកនយោបាយចេះគោរព ចែករំលែកទុក្ខក្រៀមក្រំគ្នា បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ លោកថាអ្នកនយោបាយគួរតែរួបរួមគ្នាជាធ្លុងមួយ និងបន្តយន្តការផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឍជាតិក្នុងប្រទេសប្រជាធិបតយ្យ។ លោកមានប្រសាសន៍ថា៖ «ខ្មែរយើងៗកាន់ព្រះពុទ្ធសាសនា អីចឹងធម៌ក្នុងការចែករំលែកសេចក្ដីអាណិតអាសូរវាតែងតែមាននៅក្នុងចិត្ត។ ទោះបីមាននិន្នាការ មានបញ្ហាកន្លងមកជាមួយគ្នាកន្លងមកយ៉ាងណាក៏ដោយ ពេលមានទុក្ខតែងតែចូលរួមរំលែកទុក្ខសោកទាំងនោះទៅវិញទៅមក»។ លោកបន្ថែមថា៖ «បើយើងចង់បានការរួបរួមជាតិ ការឯកភាពជាតិមួយដ៏ពិតប្រាកដ ការចូលរួមអភិវឌ្ឍន៍ជាមួយគ្នាគ្រប់វិស័យ យើងគួរបើកចំហសេរីភាពបញ្ចេញមតិ។ ចំពោះអ្នកទោសទាំងឡាយ ដែលមិនមែនជាទោសឧក្រិដ្ឋ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិទេ រដ្ឋាភិបាលគួរពិចារណាលើកលែងទោសគាត់ទៅ»។ ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី ថ្លែងថាលោកសាទរដែលអ្នកនយោបាយបង្ហាញក្ដីអាណិតអាសូរ ចង់ដឹងពីសុខទុក្ខគ្នា ព្រោះជាជាតិសាសន៍តែមួយ។ តែយ៉ាងណាលោក ចង់ឃើញអ្នកនយោបាយនៅកម្ពុជាផ្សះផ្សាគ្នាបន្តទៀត ដើម្បីពង្រឹងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍជាតិជារួម។ លោកថ្លែងថា៖ «ការសួរសុខទុក្ខគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ ទីមួយបើយើងនិយាយពីប្រពៃណីនៃការាប់អានគឺអត់មានអីខុសទេ។ ការរំលែកទុក្ខវាជារឿងធម្មតា»។ លោកបន្ថែមថា៖ «រឿងផ្សះផ្សានះវាអាស្រ័យលើអ្នកខាងលើៗទេ។ រឿងអ្នកនយោបាយ បើក្បាលម៉ាស៊ីនដឹកនាំខាងលើមានទំនុកចិត្តគ្នាហើយ ខ្ញុំគិតថាអ្នកអនុវត្តខាងក្រោមនឹងកើតឡើង២៤ម៉ោងស្ទើរតែយើងមិនជឿទៀតផង។ សម្រាប់រឿងអ្នកទោសនយោបាយ អ្នកទោសមនសិការអីយើងមិនត្រូវមានការឃុំខ្លួនទេ»។ ចំណែកឯ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ការគោរពគ្នាជាវប្បធម៌ល្អដែលមានតាំងពីយូរលង់ណាស់មកហើយ។ លោកថាការរំលែកទុក្ខពេលអ្នកដទៃមានទុក្ខជាការអហោសកម្មឱ្យគ្នានៅជីវិតចុងក្រោយ។ លោកក៏ចង់ឱ្យអ្នកនយោបាយធ្វើការរួបរួម ផ្សះផ្សាគ្នាប្រកបដោយស្នាមញញឹម។ លោកមានប្រសាសន៍ថា៖ «នេះជាគម្រូជាទិដ្ឋភាពមួយបង្ហាញពីតថភាពសង្គម ទិដ្ឋភាពសង្គមឱ្យពលរដ្ឋម្ចាស់ឆ្នោតឱ្យគណបក្សនយោបាយខុសគ្នា ទស្សនៈផ្ទុយគ្នាតែអាចឱ្យអភ័យទានឱ្យគ្នា ជូនពរសុខទុក្ខគ្នានៅពេលក្រុមគ្រួសារមានទុក្ខធ្ងន់។ ខ្ញុំថាជាការចាប់ផ្ដើម និងបន្តទៀតទៅ ដើម្បីរកនូវវប្បធម៌សន្ទនារកនូវ ការឯកភាពជាតិ ពង្រឹងផ្ទៃក្នុងជាតិ កសាងជាតិឱ្យរឹងមាំ»។

តុលាការកំពូលនឹងប្រកាសសាលដីការឿងមន្ត្រីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ នៅសប្ដាហ៍ក្រោយ
តុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសំណុំរឿងរបស់ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសរូបលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកនិងសហមេធាវីបានលើកឡើងក្នុងសវនាការនៅព្រឹកថ្ងៃទី៦ ខែកក្កដា នូវមាត្រា ៤១៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបំភ័ន្តអង្គហេតុ និងការរំលោភច្បាប់។ លោកមេធាវីប្រាប់ថា តុលាការកំពូលបានជូនដំណឹងទៅមន្ត្រីពន្ធនាគារឱ្យដឹកកូនក្ដីលោកចូលសវនាការ ប៉ុន្តែពុំឃើញដឹកទៅតុលាការទេ ពោលគឺកូនក្ដីលោកបានអវត្តមាន។ ជាមួយគ្នានេះ លោកមេធាវី អែម ចន្ថា ឱ្យដឹងទៀតថា តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោកថា៖ «សង្ឃឹមថាតុលាការកំពូល ក្រុមប្រឹក្សាលោកនឹងពិចារណាឱ្យកូនក្ដីរួចផុតពីបទចោទ និងដោះលែង»។ ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី បានចូលស្ដាប់សវនាការជំនុំជម្រះក្ដីស្វាមីគាត់នៅតុលាការកំពូលនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក៏ប៉ុន្តែអ្នកស្រីមិនបានជួបលោក វណ្ណៈ ឡើយព្រោះលោកអវត្តមាន។ អ្នកស្រី សូដានី ឱ្យដឹងថា លើកចុងក្រោយដែលអ្នកស្រីជួបលោក ចាន់វណ្ណៈ គឺកាលពីដើមខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រីឃើញថា សុខភាពស្វាមីគាត់ពុំសូវល្អទេ ដោយសារស្បែកលោកឡើងរមាស់ និងលោកមានជំងឺប្រចាំកាយផងគឺជំងឺក្រពះ។ បន្ថែមពីនេះ អ្នកស្រី សូដានី សង្កេតឃើញថា ប្ដីគាត់រលាកពោះវៀន បន្ទាប់ពីមន្ត្រីពន្ធនាគារប្ដូរគាត់ពីមណ្ឌលអប់រំកែប្រែទី ១ (ម១) ទៅឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំវិញ ព្រោះនៅទីនោះទឹកបរិភោគគ្មានអនាម័យ។ ជាមួយគ្នានេះ អ្នកស្រីស្នើសុំឱ្យតុលាការកំពូលទម្លាក់បទចោទចំពោះប្ដីគាត់។ អ្នកស្រីថា៖ «...ខ្ញុំនៅតែទទូចសុំអ៊ីចឹង សុំតែឱ្យទម្លាក់បទចោទទៅព្រោះថា រឿងបញ្ហានេះគឺអយុត្តិធម៌ចំពោះប្ដីខ្ញុំ ព្រោះប្ដីខ្ញុំគាត់អត់បានប្រព្រឹត្ត ឬដូចតុលាការចោទពីគាត់បានក្លែងបន្លំឯកសារ»។ រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់ថា វាគ្រាន់តែបង្គ្រប់នីតិវិធីតែប៉ុណ្ណោះ ព្រោះថា លោក វណ្ណៈ នឹងអនុវត្តទោសចប់ ហើយមានសេរីភាពនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។ លោកថា៖ «ភាពអយុត្តិធម៌សម្រាប់គាត់គឺនៅតែអយុត្តិធម៌។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២ ឆ្នាំមកហើយដោយសារតែបណ្តឹងចោទប្រកាន់ ព្រោះថាគាត់គ្មានកំហុស។ ទោះជាបានស្នើឱ្យទម្លាក់បទចោទ និងដោះលែងគាត់តាំងពីដើមមកក្តី»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការចោទប្រកាន់នានាដូចជាករណីពាក់ព័ន្ធនឹងឯកសារ ឬស្នាមមេដៃផ្សេងៗ ហាក់បីគ្រាន់តែជាលេស សម្រាប់ចោទប្រកាន់អ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាល។ លោកថា៖ «គួរតែបញ្ចប់ទៅវប្បធម៌លាបពណ៌ចោទប្រកាន់អីហ្នឹង គួរឈប់ទៅ។ បើយើងចាត់ទុកថាប្រទេសយើងកាន់របបប្រជាធិបតេយ្យ យើងគួរតែផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ឬមួយក៏សមាជិកនយោបាយគ្រប់ទាំងអស់»។ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០ batch សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕












