ក្រសួងសាធារណការណែនាំអ្នកបើកសាឡង់ និងទូកគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរឆ្លងក្រោមស្ពានជ្រោយចង្វារ
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ដល់ម្ចាស់សាឡង់ នាវាគ្រប់ប្រភេទ និងនាវិកទាំងអស់ បើកបរនាវា ដោយយកចិត្តទុកដាក់ខ្ពស់ និងបើកបរឱ្យត្រូវគន្លង ដែលបានកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ផ្លូវទឹក នៅចំណុចសសរស្ពានជ្រោយចង្វារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សេចក្ដីជូនដំណឹងរបស់ក្រសួង ធ្វើឡើងដើម្បីធានាសុវត្ថិភាព និរន្តរភាព នៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតលើតំបន់នេះ បន្ទាប់ពីមានសាឡង់១គ្រឿងបានបើកបុកសសរស្ពានជ្រោយចង្វារ រួចលិច នៅចម្ងាយប្រហែល៥០០ម៉ែត្រខាងជើងស្ពាននេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះដែរ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ និងដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មី នៅទីតាំងគ្រោះថ្នាក់ ត្រង់ចំណុចទីតាំង ដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍ សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាពលើផែនទី។ ក្រសួងបញ្ជាក់៖ «សូមម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ»៕
១៧ មិថុនា ២០២៦

ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា បាតុភូត អែលនីញ៉ូ (El Niño) បានបន្តកើនដល់កម្រិត ១០០% ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រៅពីនេះ ក៏មានបាតុភូត អាយ អូ ឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral) ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីពាក់កណ្តាលរដូវវស្សា ដល់ចុងរដូវស្សាឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងអតិបរមា ៣៧°C ខ្ពស់ជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥។ ចំណែកឯ បរិមាណទឹកភ្លៀងប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥។ ក្រសួងរំលឹកថា ពាក់កណ្តាលរដូវវស្សាចាប់ផ្ដើមពីខែកក្កដា ដល់ខែសីហា ហើយកូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦ និងលឿនជាងឆ្នាំ២០២៥ ដែលអាចមានរយៈពេលពីរសប្តាហ៍។ យោងតាមក្រសួងដដែល បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ប៉ុន្តែនៅចុងរដូវវស្សាបរិមាណទឹកភ្លៀងថយចុះ ហើយរដូវវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា និងឆ្នាំ២០២៥។ ក្រសួងពន្យល់ថា ចុងរដូវវស្សាសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំហើយបរិមាណទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតទាបជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងពីច្រើនទៅមធ្យម។ កសិកររស់នៅស្រុកបវេល ខេត្តបាត់ដំបង លោក វង្ស ប៉ោយយ៉ង់ និយាយថា ទោះបីជាមានការណែនាំពីក្រសួងពាក់ព័ន្ធលើការថែរក្សាទឹក ក៏ពួកគាត់ដែលជាប្រជាកសិករមិនដឹងពីរបៀបធ្វើបែបណាដើម្បីថែរក្សាទឹកទុកដែរ។ លោកចង់ឱ្យបណ្ដាក្រសួងពាក់ព័ន្ធចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋាន ឱ្យបានដឹងពីរបៀបក្នុងការថែរក្សាទឹក និងធ្វើយ៉ាងណាកុំឱ្យមានបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលធ្វើស្រែចម្ការ។ កន្លងមក លោកថាពុំមានក្រសួង ឬស្ថាប័នណាមួយចុះទៅផ្សព្វផ្សាយ និងណែនាំដល់ពួកគាត់នោះទេ ដែលធ្វើឱ្យការធ្វើស្រែចម្ការផ្សេងៗជួបបញ្ហាជាច្រើន ហើយអាស្រ័យផលទៅតាមការនឹកឃើញដោយគ្មានការយល់ដឹងពីលក្ខណៈបច្ចេកទេស។ ប្រភពរូបនេះបន្តថា៖ «ពេលយើងធ្វើស្រែចម្ការយើងយកលុយគេមកធ្វើ ពេលអត់ទឹក អត់ភក់ចឹង មានតែងាប់អស់ មានលុយពីណា ហើយជំពាក់គេ លក់ដីលក់ចម្ការហ្នឹងឯង»។ ប្រជាកាសែតមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងធនធាន និងឧតុនិយមលោក អឿង ចន្ថាដើម្បីសុំការឆ្លើយតបជុំវិញការបារម្ភពីបញ្ហាខ្វះខាតទឹកនេះបានទេនៅថ្ងៃទី១៧ ខែមិថុនា។ ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុជាសកល នឹងធ្វើឱ្យមានការឡើងកម្ដៅប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់ប្រជាកសិករ ដែលតម្រូវឱ្យពួកគាត់ត្រូវតែថែរក្សាទឹកទុកសម្រាប់ការផ្គត់ផ្គង់ក្នុងការធ្វើកសិកម្ម។ លោកយល់ថា ប្រជាកសិករទាំងអស់ត្រូវតែយល់ដឹងលើបញ្ហាទាំងអស់នេះបើមិនដូច្នេះទេ ពួកគាត់អាចនឹងរងការខាតបង់ និងពិបាកក្នុងបង្កបង្កើនផលដំណាំ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងគួរតែចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋានឱ្យបានញឹកញាប់ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការធ្វើកសិកម្មតាមបណ្ដាញសង្គមផងដែរ។ លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់សា្ថប័នពាក់ព័ន្ធជាពិសេសក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងប្រព័ន្ធស្តុកទឹកចែកចាយ ដើម្បីត្រៀមលក្ខណៈក្នុងការផ្គត់ផ្គង់ទឹកដល់បងប្អូនកសិករ»។ គួររម្លឹកថា កាលពីឆ្នាំ២០២៥ កសិករនៅតាមបណ្តាខេត្តមួយចំនួនដូចជាពោធិ៍សាត់ បាត់ដំបង តាកែវ និងកំពង់ឆ្នាំងជាដើម បានជួបប្រទះនូវការខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំង។ អាជ្ញាធរនៅពេលនោះ បានឆ្លើយតបដោយណែនាំឱ្យកសិករផ្អាកធ្វើស្រែប្រាំងជាលើកទី២ ដោយសារអាចប្រឈមនឹងការខ្វះប្រភពទឹក។ ទោះជាយ៉ាងណា ការអំពាវនាវរបស់អាជ្ញាធរនៅពេលនោះ ហាក់មិនបានធ្វើឱ្យពលរដ្ឋសប្បាយចិត្តនោះឡើយ ដោយសារពួកគាត់ត្រូវបង្កបង្កើនផលដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ចំណែកអ្នកជំនាញទទូចឱ្យអាជ្ញាធរពាក់ព័ន្ធរកវិធីសាស្រ្តស្តុក ឬរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដីស្រែនៅក្នុងរដូវប្រាំង៕
១៧ មិថុនា ២០២៦

ម្ចាស់ក្រុមហ៊ុនមួយរូប រិះគន់ការអនុវត្តការងាររបស់អភិបាលខណ្ឌព្រែកព្នៅ
សហស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន (App) L192 អ្នកស្រី អ៊ិន ម៉ាយ៉ាន ហៅ «Sovina» បង្ហាញការមិនពេញចិត្តចំពោះការអនុវត្តការងាររបស់មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលចុះត្រួតពិនិត្យបទល្មើសបច្ចេកវិទ្យា (ស្កេម) នៅឃ្លាំងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា។ អ្នកស្រីបញ្ជាក់ថា ក្រុមមន្ត្រីមួយចំនួន ប្រើកាយវិការមិនសមរម្យ ហើយឆ្លៀតសួររកទំនិញថៃ និងឯកសារជាច្រើន ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់។ អ្នកស្រី អ៊ិន ម៉ាយ៉ាន បានចេញវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «Sovina» មានរយៈពេលជាង៧នាទី នៅថ្ងៃពុធ ទី១៧ ខែមិថុនា។ អ្នកស្រីលើកឡើងថា អភិបាលខណ្ឌព្រែកព្នៅ និងព្រះរាជអាជ្ញារងមួយរូប ប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងហាមមិនឱ្យគ្រួសាររបស់អ្នកស្រីទៅណានោះទេ អំឡុងពេលចុះត្រួតពិនិត្យរកបទល្មើសស្កេម បើទោះបីជាដល់ម៉ោងទៅទទួលកូនពីសាលារៀនក៏ដោយ។ គិតត្រឹមម៉ោង៥ល្ងាចនេះ វីដេអូនេះមានការចែករំលែករហូតដល់ជាង១ម៉ឺនគណនេយ្យ និងមានអ្នកទស្សនាជិត១,៥លានដង។ទោះជាយ៉ាងណាក្ដីគិតត្រឹមម៉ោង៥និង៥៣នាទីល្ងាចថ្ងៃទី១៧ខែមិថុនា អ្នកផលិតមាតិកានៅប្រជាកាសែតរកមិនឃើញវីដេរបស់អ្នកស្រីនៅលើផេក«Sovina»ឡើយ។ តាមរយៈវីដេអូដដែល អ្នកស្រី អ៊ិន ម៉ាយ៉ាន ហៅ «Sovina» បានចាត់ទុកទង្វើរបស់អាជ្ញាធរថា ហាក់ដូចជាក្រុមគ្រួសាររបស់អ្នកស្រីបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ អ្នកស្រីថា បន្ទាប់ពីរកមិនឃើញតម្រុយពាក់ព័ន្ធនឹងបទល្មើសអនឡាញ មន្ត្រីខណ្ឌព្រែកព្នៅមិនបានចាកចេញ តែបែរជាសួររកទំនិញថៃ និងទារឯកសារជាច្រើន ថែមទាំងហៅកងកម្លាំងមកជាបន្តបន្ទាប់ ដែលដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបផងដែរ។ អ្នកស្រីបន្តថា ទាំងអភិបាលខណ្ឌព្រែកព្នៅ និងព្រះរាជអាជ្ញារងរូបនោះ បានចោទអ្នកស្រីថាមិនសហការ ទាំងដែលអ្នកស្រីស្ថិតនៅទីតាំងដើម្បីផ្ដល់ព័ត៌មាន។ បើតាមប្រភពដដែល អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងឃ្លាំងរបស់អ្នកស្រីក្នុងខណ្ឌព្រែកព្នៅ តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់ ក្នុងថ្ងៃដដែល។ ស្ត្រីក្នុងវីដេអូនោះ និយាយថា៖ «ព្រះរាជអាជ្ញារងគាត់មក គាត់រាងប្រើអំណាចរបស់គាត់ មកកៀបសង្កត់ខ្ញុំ។ បងខ្ញុំដល់ម៉ោងចេញទៅយកកូនក៏គាត់អត់ឱ្យទៅយកកូន ហើយខ្ញុំ គាត់ចង្អុលមុខពីរដង គាត់សម្លុតខ្ញុំ ដោយសារខ្ញុំជាមនុស្សស្រី។ អ្វីដែលខ្ញុំឆ្ងល់ គាត់ប្រើពាក្យថា ពួកខ្ញុំអត់សហការ គាត់ចូលមើលឃ្លាំងខ្ញុំរហូតតាំងពីព្រឹក ហើយថ្ងៃឡើង ក៏គាត់ចូលមើលឃ្លាំងខ្ញុំរហូត ហើយគាត់ប្រើពាក្យមួយម៉ាត់ថា អត់សហការ ខ្ញុំមិនដឹងថា កន្លែងណាមួយដែលខ្ញុំអត់សហការជាមួយគាត់»។ ចំណែកអ្នកឯកទេសខាងផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ មានប្រសាសន៍ថា ការលើកឡើងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកនោះ មានភាពលម្អិត ដែលអាជ្ញាធរពាក់ព័ន្ធត្រូវចេញមកបកស្រាយ កុំឱ្យមហាជនកាន់តែជជែកវែកញែកបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកថាការចុះឆែកឆេរបទល្មើសបច្ចេកវិទ្យាលើទីតាំងអាជីវកម្មរបស់ពលរដ្ឋខាងលើ ក៏មើលទៅដូចមិនសមទំនង ហើយប្រសិនបើមន្ត្រីចុះត្រួតពិនិត្យករណីស្កេមមែននោះ ពួកគេគួរតែចាកចេញទៅវិញ នៅពេលដែលគ្មានតម្រុយអ្វី មិនមែននាំគ្នាមកកាន់តែច្រើននោះទេ។ លោកនិយាយថា៖ «បើអាជីវករដូចក្មួយស្រី សូវីណា អីជាដើម ខ្ញុំមើលទៅ ដូចជាការដែលទៅធ្វើក្នុងន័យស្កេម វាអត់សមទាល់តែមែនទែន។ ហើយបើសិនជាយើងទៅក្នុងរឿងស្កេម ហើយបើសិនជាយើងអត់ឃើញស្កេមទេ យើងគួរតែដកចេញមកវិញមក។ អាហ្នឹងមិនដកចេញ មានតែហៅគ្នាទៅថែមទៀត។ ដូច្នេះវាមានភាពស្រពេចស្រពិលខ្លាំងមែនទែននៅក្នុងរឿងហ្នឹង ដែលធ្វើឱ្យប្រជាពលរដ្ឋរឹតតែអត់ទុកចិត្ត [សមត្ថកិច្ច] ថែមទៀត»។ អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ទូរសព្ទចូលតែមិនមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស ថា កំពុងប្រមូលព័ត៌មានទាក់ទិននឹងករណីនេះ៕

មេបក្សជំនាន់ថ្មី៖ នគរបាលប៉ុស្តិ៍ឬសង្កាត់ត្រូវយល់ពីតួនាទីរបស់ខ្លួន ចៀសវាងរំលោភច្បាប់សិទ្ធិគណបក្សនយោបាយ
មេគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា រិះគន់ទង្វើសមត្ថកិច្ចមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង ដែលបានថតរូបអំឡុងពេលកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សជំនាន់ថ្មីដោយគ្មានការព្រមព្រៀង។ លោកចាត់ទុកថា ការថតរូបឬឈរស្ដាប់បក្សក្រៅរដ្ឋាភិបាលប្រជុំ គឺជាទង្វើរំលោភលើសដែនសមត្ថកិច្ចដែលច្បាប់បានកំណត់។ លោកស្នើឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬសង្កាត់ យល់ដឹងពីតួនាទីរបស់ខ្លួន ដើម្បីកុំឱ្យរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ និងកុំបំពានតួនាទីនិងក្រមសីលធម៌។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកបានរិះគន់សមត្ថកិច្ចនៅកំពង់ឆ្នាំងដែលចូលមកថតរូបលោកពេលប្រជុំផ្ទៃក្នុងបក្ស។ លោកថែមទាំងបានសរសេរខ្លឹមសារ និងចេញវីដេអូរិះគន់ចំពោះករណីនេះ។ នៅក្នុងវីដេអូនោះ មានអ្នកចូលទស្សនាជាង ១៦ម៉ឺនដង និងអ្នកចុចចូលចិត្ត (Like) ជាង ៧ពាន់នាក់ ដែលខ្លឹមសារគឺលោកបានស្នើដល់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីធានាថាការបំពេញភារកិច្ចប្រព្រឹត្តទៅស្របតាមច្បាប់។ ទោះជាយ៉ាងណាក្ដី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបំភ្លឺចំពោះករណីនេះរួចហើយថា ជាកិច្ចការពារសុវត្ថិភាព។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមិថុនា ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ស្វាគមន៍ចំពោះការឆ្លើយតបរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានកោះហៅមន្ត្រីពាក់ព័ន្ធមកធ្វើការអប់រំ និងណែនាំ។ លោកលើកឡើងថា៖ «នៅក្រោមមូលដ្ឋានហ្នឹង គឺថាមិនថានគរបាលប៉ុស្តិ៍ឬក៏សង្កាត់អីហ្នឹង ត្រូវយល់ពីតួនាទីរបស់ខ្លួនក្នុងការកុំឱ្យរំលោភដែនសមត្ថកិច្ច ទាក់ទងទៅនឹងអ្វីជាវេទិកាសាធារណៈដែលមហាជនចូលរួម ហើយមានការសហការគ្នារវាងសមត្ថកិច្ចនិងបក្សនយោបាយនានា។ អ្វីជាកន្លែងផ្ទៃក្នុងនៃទីស្នាក់ការគណបក្ស ដូចជាផ្ទះរបស់យើង ចេះតែចេញចូលតាមអំពើចិត្ត ទៅថត ទៅស្ដាប់សំឡេង ទៅអង្គុយស្ដាប់គេប្រជុំ អាហ្នឹងវាខុសទៅនឹងច្បាប់គណបក្សនយោបាយ»។ លោកក៏បានសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចនៅបណ្តាខេត្តផ្សេងៗនឹងយកករណីនេះជាគំរូ ដើម្បីពង្រឹងកិច្ចសហការជាមួយគណបក្សនយោបាយ និងធានាបរិយាកាសនយោបាយដែលគោរពសិទ្ធិ សេរីភាព និងនីតិរដ្ឋ។ លោកបន្តថា៖ «យើងសង្ឃឹមថា បណ្ដាខេត្តផ្សេងៗទៀតនឹងអនុវត្តគោរពនូវដែនសមត្ថកិច្ច កុំឱ្យរំលោភច្បាប់។ ឱ្យដឹងថាកន្លែងណាដែលគាត់ត្រូវមកសហការ មកចូលស្ដាប់ឬថត ហើយកន្លែងណាដែលត្រូវបានលើកលែង ដូចជាក្នុងទីស្នាក់ការផ្ទះរបស់យើងប្រជុំឯកជនផ្ទៃក្នុង។ អ៊ីចឹងគាត់មិនអាចធ្វើអីរំលោភនឹងច្បាប់ជាតិ ច្បាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ឬច្បាប់បង្កើតគណបក្សនយោបាយអីជាដើមហ្នឹងទេ»។ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានពីការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា ស្នងការនគរបាលខេត្តបានបញ្ជាឱ្យសាកសួរមន្ត្រីពាក់ព័ន្ធ។ តាមការបំភ្លឺបានឱ្យដឹងថា លោកអនុសេនីយ៍ឯក កែ ច័ន្ទមករា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានទទួលស្គាល់ថា ពិតជាបានចាត់ឱ្យមន្ត្រីនគរបាលម្នាក់ទៅកាន់ទីស្នាក់ការគណបក្សជំនាន់ថ្មីនៅថ្ងៃកើតហេតុមែន។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គោលបំណងនៃការចាត់កម្លាំងនោះ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនគណបក្សនយោបាយដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច និងធ្វើរបាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ ដោយពុំមានចេតនាបំភិតបំភ័យ គំរាមកំហែង ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយឡើយ ហើយមន្ត្រីទាំងពីររូបត្រូវបានកោះហៅមកអប់រំ និងណែនាំរួចរាល់ហើយ។ ជុំវិញរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះថា ពុំមានជាគោលការណ៍ណែនាំឬក៏ការតម្រូវណាមួយពីថ្នាក់ជាតិឱ្យចុះតាមដាននោះទេ។ លោកមានប្រសាសន៍ថា៖ «ពុំមានជាគោលការណ៍ណែនាំ ឬក៏ការតម្រូវណាមួយពីថ្នាក់ជាតិនោះទេ។ វាជាការបំពេញតួនាទីភារកិច្ចការងារប្រចាំថ្ងៃ និងតាមទម្លាប់របស់បងប្អូនមន្ត្រីនៅមូលដ្ឋាន ដោយការដែលគាត់អាចចូលទៅកន្លែងប្រជុំដោយរលូន ហើយថតរូបភាពជាចំហនោះ មិនមែនជាការរំលោភបំពានបទបញ្ជាដើម្បីគំរាមកំហែង ឬក៏បំផ្លាញដោយរូបភាពណាមួយទេ។ គាត់ថតជាចំហដើម្បីរាយការណ៍ទៅអង្គភាពរបស់ពួកគាត់វិញថា គាត់បានមកដល់គោលដៅដើម្បីបម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។ លោកបានថ្លែងប្រាប់ទៀតថា រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មិនបានបង្ហាញពីឥរិយាបថ ឬសកម្មភាពណាមួយដែលអាចចាត់ទុកថាជាការគំរាមកំហែង បំភិតបំភ័យ ឬរំលោភសិទ្ធិរបស់អ្នកចូលរួមកិច្ចប្រជុំនោះឡើយ។ លោកនិយាយថា៖ «បើមែនទែនទៅ សូម្បីតែខ្ញុំចុះតាមមូលដ្ឋានតាមអង្គភាពរដ្ឋក្ដី ឬក៏ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាលក្ខណៈឯកជនក្ដី ក៏មានសមត្ថកិច្ចលោកបម្រើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ហើយលោកក៏ថតរូបភាពដើម្បីរាយការណ៍ទៅប៉ុស្តិ៍ ឬនៅអង្គភាពរបស់លោក ដើម្បីឱ្យបានដឹងថាគាត់បានមកដល់គោលដៅ និងបំពេញភារកិច្ច»៕

សង្គមស៊ីវិល ៦០ ស្ថាប័ន ស្នើរដ្ឋាភិបាលកម្ពុជាចាត់វិធានការមានប្រសិទ្ធភាព ប្រឆាំងអំពើរំលោភបំពានលើកុមារនិងស្ត្រី
អង្គការសង្គមស៊ីវិលចំនួន ៦០ ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីទប់ស្កាត់អំពើបៀតបៀន និងអំពើហិង្សាផ្លូវភេទ ព្រមទាំងធានាថាជនរងគ្រោះ ឬអ្នករស់រានមានជីវិត ទទួលបានយុត្តិធម៌ទាន់ពេលវេលា ដោយគ្មានការរើសអើង។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) បានផ្សព្វផ្សាយនូវការរកឃើញថា កាលពីឆ្នាំ២០១០ ក្មេងស្រីកម្ពុជាម្នាក់ត្រូវបានមន្ត្រីនគរបាលម្នាក់ រំលោភសេពសន្ថវៈជាច្រើនដង ប៉ុន្តែប្រព័ន្ធច្បាប់មិនបានផ្តល់យុត្តិធម៌ ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដល់កុមារីរងគ្រោះឡើយ។ សង្គមស៊ីវិលរកឃើញថា ជនល្មើសនៅតែបន្តរស់នៅក្រៅសំណាញ់ច្បាប់ និងមិនដែលត្រូវបានឃាត់ខ្លួនឡើយ ដែលធ្វើឱ្យនារីរងគ្រោះប្រឈមនឹងការយាយី និងការគំរាមកំហែងជាបន្តបន្ទាប់ ព្រមទាំងប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា ដំណើរការផ្លូវច្បាប់បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ចំណែកឯការផ្ដន្ទាទោសវិញមិនសមល្មមនឹងបទល្មើស ដែលធ្វើឱ្យក្មេងស្រីរងគ្រោះត្រូវរង់ចាំភាពយុត្តិធម៌អស់រយៈពេល ១៦ ឆ្នាំមកហើយ។ សេចក្ដីថ្លែងការណ៍បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តសាលដីការបស់តុលាការកំពូល រួមទាំងការចាប់ខ្លួន ឃុំខ្លួនជនល្មើស និងការសងសំណងរដ្ឋប្បវេណី ព្រមទាំងការគាំពារផ្នែកផ្លូវចិត្តដល់ជនរងគ្រោះ។ សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែកែសម្រួលក្របខណ្ឌច្បាប់ឱ្យស្របតាមស្ដង់ដារអន្តរជាតិ និងហាមឃាត់ការប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ចំពោះករណីអំពើហិង្សាផ្លូវភេទទាំងអស់។ «ធានាឱ្យមានការទទួលបាននូវយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ផ្អែកលើយេនឌ័រ ការផ្តោតលើជនរងគ្រោះ ឬអ្នករស់រានមានជីវិត ការយល់ដឹងពីរបួសផ្លូវចិត្ត នីតិវិធីដែលសមស្របសម្រាប់កុមារ និងការមិនរើសអើង ក្នុងករណីអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់»។ សេចក្តីថ្លែងការណ៍បញ្ជាក់។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់ឆ្លើយតបនៅឡើយទេ ទាក់ទិននឹងការរកឃើញរបស់គណៈកម្មាធិការ UN និងការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិល។ អ្នកស្រី ជូ ចន្ធី ប្រធានសមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW) មានប្រសាសន៍ថា សមាគមរបស់អ្នកស្រីបានចូលរួមអំពាវនាវជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ព្រោះចង់ឃើញស្ត្រី ឬកុមារដែលងាយរងគ្រោះដោយអំពើបៀតបៀនផ្លូវភេទ ទទួលបានយុត្តិធម៌ស្របច្បាប់ និងអាចនាំខ្លួនជនល្មើសមកផ្ដន្ទាទោសបាន។ អ្នកស្រីបន្ថែមថា ស្ត្រីនិងកុមាររងគ្រោះងាយនឹងធ្លាក់ក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលត្រូវការការគាំពារពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។ អ្នកស្រីថ្លែងថា៖ «មូលហេតុដែលខាងយើងចូលរួមគាំទ្រទៅលើសេចក្ដីថ្លែងការណ៍នេះ ទី១ ក្នុងគោលបំណងធ្វើម៉េចឱ្យជនរងគ្រោះទទួលបានយុត្តិធម៌ទៅតាមផ្លូវច្បាប់ដែលមានចែង។ ទី២ ជាព័ត៌មានមួយ ឬជាការពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងករណីដែលត្រូវបានគេរំលោភ និងបំពាន»។ អ្នកស្រីបន្ថែមថា៖ «[ចង់ផ្ញើសារ] ឱ្យបានដល់រដ្ឋាភិបាលឱ្យគាត់គិតអំពីការដោះស្រាយ ឬធ្វើម៉េចឱ្យទទួលបានភាពយុត្តិធម៌ដ៏ត្រឹមត្រូវ។ [...] យើងត្រូវចូលរួមធ្វើ។ បើយើងមិនធ្វើ ថ្ងៃក្រោយអ្នកប្រព្រឹត្តគាត់សប្បាយចិត្ត ហើយនៅតែបន្តប្រព្រឹត្តទៅថ្ងៃមុខ។ មួយទៀត បើយើងមានស្ថាប័នមួយធ្វើ ហើយស្ថាប័នពាក់ព័ន្ធផ្សេងៗអត់រួមគ្នាសហការទេ យើងនឹងមិនទទួលបានជោគជ័យឡើយ»។ ចំណែកឯ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លើកឡើងថា ការខកខានមិនបានរកយុត្តិធម៌ជូនកុមារីរងគ្រោះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន។ លោកថា ករណីនេះបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់មានតម្លាភាពពេញលេញ ដែលមិនអាចចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើករណីនេះមិនបានអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ទេ វាជះឥទ្ធិពល និងប៉ះពាល់មិនល្អសម្រាប់វិស័យយុត្តិធម៌ផងដែរ។ ការទទួលបានយុត្តិធម៌សម្រាប់កុមារីរងគ្រោះ ទោះបីយើងឃើញថតុលាការកំពូលបានចេញសាលដីការផ្ដន្ទាទោសរួចទៅហើយ ប៉ុន្តែការខកខានរបស់អ្នកអនុវត្តច្បាប់ មិនបានស្វែងរកជនដៃដល់ ឬជនបង្កទៅអនុវត្តទៅតាមតុលាការកំពូល នឹងនាំឱ្យមានការរិះគន់លើប្រព័ន្ធយុត្តិធម៌»។ ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការរកយុត្តិធម៌ជូនជនរងគ្រោះតាមអំណាចតុលាការ មិនសូវទទួលបានតម្លាភាពឡើយ នៅពេលដែលករណីនោះពាក់ព័ន្ធជាមួយអាជ្ញាធរមានតួនាទីខ្ពស់ ឬអ្នកមានអំណាច។ លោកថា ការស្វែងរកយុត្តិធម៌ពិតប្រាកដ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលមានឆន្ទៈនយោបាយក្នុងការការពង្រឹងវិស័យយុត្តិធម៌តាមបែបប្រជាធិបតេយ្យ។ លោកថ្លែងថា៖ «ជាទូទៅ បើអ្នកការពារច្បាប់ ការពារយុត្តិធម៌ មានន័យថាអ្នកបកស្រាយច្បាប់ហ្នឹង ដូចជាវិស័យតុលាការ ត្រូវគ្នាជាមួយអ្នកអនុវត្តច្បាប់ (មានន័យថាឃុបឃិតគ្នា) អាហ្នឹងមិនអាចរកយុត្តិធម៌ជូនសង្គមបានទេ។ ដូច្នេះហើយបានជាប្រទេសផ្សេងៗពេលនិយាយរឿងយុត្តិធម៌ គេកាត់ផ្ដាច់ពាក្យបក្សពួកនិយម»។ លោកបន្ថែមថា៖ «យើងស្វាគមន៍ក្រុមសង្គមស៊ីវិលដែលប្រឹងប្រែងជំរុញតស៊ូមតិក្នុងការរកយុត្តិធម៌ក្នុងសង្គម វាជារឿងមួយល្អហើយ ប៉ុន្តែប្រសិទ្ធភាពអាស្រ័យនៅលើមេដឹកនាំនយោបាយធំៗ។ ការប្ដេជ្ញាចិត្តនយោបាយមានសារសំខាន់ណាស់»។ យោងតាមរបាយការណ៍ពិនិត្យតាមដានការអនុវត្តអនុសញ្ញា CEDAW ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០២២ បានបង្ហាញថា អំពើហិង្សាគ្រប់ទម្រង់នៅតែបន្តកើតមានឡើង រួមមាន អំពើហិង្សាផ្អែកលើទម្រង់យេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញមកលើស្ត្រីនិងកុមារ ព្រមទាំងការបៀតបៀនលើស្ត្រីជាកម្មករនិយោជិត និងស្ត្រីក្នុងវិស័យផ្សេងទៀត ដែលនៅតែជាក្តីព្រួយបារម្ភ។ បើយោងតាមកំណត់ត្រារបស់អង្គការសង្គមស៊ីវិល ក្នុងឆ្នាំ២០២២ មានអំពើហិង្សាចំនួន ៤៤២ ករណី ដែលក្នុងនោះ អង្គការបានផ្តល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីរងគ្រោះពីអំពើហិង្សានៅតាមបណ្តាខេត្តគោលដៅ។ របាយការណ៍ដដែលបញ្ជាក់ថា ស្ត្រីនិងកុមារភាគច្រើនដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពុំសូវស្វែងរកជំនួយផ្លូវច្បាប់ឡើយ ជាពិសេសនៅតំបន់ដាច់ស្រយាល។ កត្តាទាំងនោះរួមមាន៖ ការមិនយល់ដឹងផ្នែកច្បាប់ ការអៀនខ្មាស និងការភ័យខ្លាចចំពោះការគំរាមកំហែង ដែលជាឧបសគ្គរារាំងស្ត្រីមិនឱ្យស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ឬសាច់ញាតិឡើយ៕

អង្គការ HALO Trust ជោគជ័យក្នុងការបោសសម្អាតចម្ការមីនមួយកន្លែងនៅឧត្តរមានជ័យ
អង្គការហេឡូត្រាស្តកម្ពុជា (HALO Trust) ឱ្យដឹងថា ក្រុមការងារខ្លួន បានបញ្ចប់ប្រតិបត្តិការបោសសម្អាតមីនដោយជោគជ័យ ក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមព័ត៌មានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការ HALO Trust ដែលត្រូវបានអាជ្ញាធរមីនផ្សព្វផ្សាយបន្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ អង្គការ HALO Trust ឱ្យដឹងថា ពួកគេបានរកឃើញមីនប្រឆាំងយានយន្តចំនួន ១គ្រាប់ និងបានកម្ទេចវាចោលដោយសុវត្ថិភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវមួយខ្សែក្នុងតំបន់នេះ ដែលមានពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ ប្រើប្រាស់ផ្លូវនេះសម្រាប់សកម្មភាពកសិកម្មជាប្រចាំថ្ងៃ ។ អង្គការអះអាងថា ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ អង្គការបញ្ជាក់៖ «យើងនៅតែបន្តប្ដេជ្ញាចិត្ត ក្នុងការធ្វើឱ្យសហគមន៍នានា កាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន»។ អង្គការ HALO Trust បានបំពេញបេសកកម្មបោសសម្អាតមីន និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ (UXO) ដែលបន្សល់ទុកដោយសង្គ្រាម នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩១ ដើម្បីជួយដល់សហគមន៍នានាឱ្យស្តារឡើងវិញពីផលវិបាកដ៏គ្រោះថ្នាក់នៃសង្រ្គាម។ គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាបានប្រកាសថា មានរាជធានី ខេត្តចំនួន១៥ អស់មីន ដែលមានដូចជា រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ មណ្ឌលគិរី និងក្រចេះ។ របាយការណ៍ នៃអាជ្ញាធរមីន ឆ្នាំ២០២៦ ឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួនជាង ៦ម៉ឺន៥ពាន់នាក់។ ក្នុងនោះមានជនរងគ្រោះដោយសារមីនចំនួន ៥១ ២២៨នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣ ៩០៩នាក់ ហើយមានអ្នកស្លាប់ចំនួន ១៩ ៨៤៨នាក់ របួស៣៦ ១៨៦នាក់ និងពិការអវយវៈ ៩ ១០៣នាក់៕

អត្តឃាត ក្លាយជាសំណើចចំអកនិងការចម្លងវិបត្តិនៅកម្ពុជា ខណៈវិធានការទប់ស្កាត់កំពុងដេកលក់
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ព្រលឹមស្រាងៗម៉ោងប្រមាណ ៥ នៅពេលពន្លឺថ្ងៃទើបរះឡើងតិចៗលើទឹកដីនៃរាជធានីភ្នំពេញ មនុស្សម្នាព្រោងព្រាតបានមកឈរឈូឆរនៅលើបង្កាន់ដៃស្ពានមួយកន្លែង។ ពួកគេមក មិនមែនដើម្បីទស្សនាទេសភាពនៅពេលព្រឹកព្រលឹម ឬហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីសម្លឹងមើលសោកនាដកម្មមួយក្រោយមាននារីម្នាក់បានធ្វើអត្តឃាតនៅទីនោះ។ សោកនាដកម្មនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក សាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នារីរងគ្រោះបានធ្លាក់ខ្លួនចូលក្នុងវិបត្តិផ្លូវចិត្ត បន្ទាប់ពីត្រូវបានមិត្តភក្តិបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។ សាច់ញាតិរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា នារីរងគ្រោះធ្លាប់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងម្ដងរួចមកហើយនៅថ្ងៃមុនកើតហេតុ។ បើទោះបីជាក្រុមគ្រួសារបានស្វែងរកការព្យាបាលយ៉ាងណាក្ដី ក៏សម្ពាធនៃផ្លូវចិត្តបានរុញច្រានឱ្យគាត់សម្រេចចិត្តចាកចេញជារៀងរហូត។ សោកនាដកម្មរបស់នារីរូបនេះ មិនមែនជាករណីតែមួយនោះឡើយ។ មួយរយៈចុងក្រោយនេះ ករណីប៉ុនប៉ង និងការបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានមួយនេះ បានកើតឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មតិយោបល់ (Comments) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសក្នុងចំណោមយុវជន បានចូលទៅបញ្ចេញមតិដែលបង្ហាញពីសញ្ញាណមិនប្រក្រតីដែលជាករណីដែលត្រូវយកចិត្តទុកដាក់បំផុត។ យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញពីតួលេខគួរឱ្យបារម្ភថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២២ នៅកម្ពុជា ដោយសារការធ្វើអត្តឃាត ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្ត ឬវិបត្តិថប់បារម្ភ ដែលនេះជាមូលហេតុចម្បងរុញច្រានឱ្យពួកគេគិតខ្លី។ ជាងនេះទៅទៀតនោះ គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៨ ភាគរយ បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយ ក្រោយការបិទទ្វារសាលារៀនក្នុងរយៈពេលវែងដោយសារវិបត្តិជំងឺកូវីដ-១៩។ ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ឆ្នាំ២០២៥-២០៣៤ ដែលដាក់ចេញដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ ២៥ ភាគរយ។ ដោយក្នុងនោះជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាវិបត្តិដែលកើតមានញឹកញាប់ជាងគេ។ ក្នុងនោះ គេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ ៥៩០,០០០ នាក់កំពុងជួបប្រទះវិបត្តិថប់បារម្ភ (Anxiety disorders) និង ៥៥០,០០០ នាក់ទៀតកំពុងរងគ្រោះពីជំងឺបាក់ទឹកចិត្ត (Depressive disorders)។ ទោះជាយ៉ាងណា របាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃចំនួនអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការព្យាបាលទាំងសម្រាកពេទ្យ និងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយបានកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម ១០០,០០០ ករណី (ចន្លោះឆ្នាំ២០១៥ ដល់ ២០២៣) ហក់ឡើងទៅដល់ ២៩០,០០0 ករណី នៅក្នុងឆ្នាំ២០២៤។ ក្រសួងបានគូសបញ្ជាក់ថា កំណើនដ៏ច្រើននេះ គឺដោយសារតែការខិតខំពង្រីកវិសាលភាពនៃសេវាថែទាំសុខភាពផ្លូវចិត្ត និងការធ្វើឱ្យកាន់តែប្រសើរឡើងនៃការគ្រប់គ្រងទិន្នន័យ។ នៅក្នុងការផ្សាយវីដេអូព័ត៌មាន នាករណីនៅថ្ងៃទី២៩ នោះ ក្នុងចំណោមមតិយោបល់ជាង ៥០០ មានជាង ៤០ មតិ បានបញ្ចេញមតិស្រដៀងគ្នាទាក់ទងនឹងការប៉ងចង់ទៅធ្វើអត្តឃាតតាមដែរ៖ «...តិចទៀតខ្ញុំទៅដែរហើយ...» «...ពូចាំផ្សព្វផ្សាយឱ្យខ្ញុំផង ខ្ញុំទៅហ្នឹងដែរហើយ...» «...តិចទៀតញុមទៅដែរហើយ សម្ពាធពេក...» សញ្ញាណអាសន្នពីក្រោយការបញ្ចេញមតិលើព័ត៌មានអត្តឃាត នៅពេលដែលឃើញមានមតិយោបល់ ប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ផ្សេងទៀតតែងតែចោទសួរថា តើអ្នកទាំងនោះពិតជាចង់ស្លាប់មែន ឬគ្រាន់តែចង់លេងសើចតាមគ្នាដើម្បីទាញយកចំណាប់អារម្មណ៍? ដើម្បីឈ្វេងយល់រឿងរ៉ាវពីក្រោយការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ អ្នកសារព័ត៌មានបានសម្ភាសជាមួយអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត គឺលោក ផានុ ដែលជាម្ចាស់ខម្មិន (Comment) ម្នាក់ធ្លាប់បានសរសេររៀបរាប់ពីការចង់បញ្ចប់ជីវិតតាមគ្នានៅលើព័ត៌មានអត្តឃាតថ្ងៃទី២៩ ខែមេសានោះ។ តាមការឱ្យដឹងពីបុរសវ័យ៣៤ឆ្នាំរូបនេះ ការខម្មិនរបស់គាត់គឺមិនមែនក្នុងន័យលេងសើចនោះឡើយ គឺលោកពិតជាកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយម្ដងម្កាលគឺអាការៈធ្វើទុក្ខខ្លាំង ក្រោយពេលបាត់បង់ការងារជាបន្តបន្ទាប់ សូម្បីតែការងារចុងក្រោយជាសន្តិសុខ ស្របពេលត្រូវរ៉ាប់រងបំណុលធនាគារ និងការផ្គត់ផ្គង់គ្រួសារ។ ជាឪពុករបស់កូនៗចំនួន៣នាក់ លោក ផានុ ឱ្យដឹងដែរថា លោកមិនដែលហ៊ានចែករំលែករឿងនេះជាមួយគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះគិតថាគ្មានអ្នកណាចង់រាប់រកមនុស្សដែលកំពុងធ្លាក់ខ្លួន ខណៈការស្វែងរកអ្នកជំនាញផ្លូវចិត្តលោកគិតថាត្រូវចំណាយថវិកាច្រើន។ លោកបានចែករំលែកដែរថា លោកធ្លាប់ទាំងបានជួយឃាត់ និងលួងលោមអ្នកប៉ុនប៉ងលោតទឹកម្នាក់នៅលើស្ពាននោះកាលពីមុនមកទៀតផង ប៉ុន្តែលោកនិយាយថា៖«ដល់ពេលដែលជួបរឿងខ្លួនឯង! បានឃើញចែដែលគាត់មានបញ្ហាបំណុល[ហិរញ្ញវត្ថុ]ហើយគាត់សម្លាប់ខ្លួនហ្នឹង គឺដូចរឿងខ្ញុំអ៊ីចឹង។ គ្រាន់តែថា ខ្ញុំព្យាយាមដើម្បីកូនខ្ញុំ ខ្ញុំនៅរស់បន្ត ទោះបីជាខ្ញុំត្រូវជាប់គុកដោយសារបំណុលគេ ក៏ខ្ញុំត្រូវរស់បន្ត»។ លោកបន្ថែមថា បច្ចុប្បន្នបើគ្មានឪពុកម្តាយជួយមើលថែកូនប្រុសពីរនាក់ទេ សម្ពាធផ្លូវចិត្តរបស់លោកមុខជាធ្ងន់ធ្ងរជាងនេះ។ ទាក់ទិននឹងបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត អ្នកតស៊ូមតិផ្នែកគាំពារសុខភាពផ្លូវចិត្តនៃស្ថានីយ៍អារម្មណ៍ (Arom Station) បានសង្កត់ធ្ងន់ថា៖ «ទោះបីជាអ្នកហ្នឹងគាត់ទាញចំណាប់អារម្មណ៍ ឬក៏អត់ក្ដី! គាត់អាចចង់ស្លាប់មែនឬក៏គាត់ចង់ទាញចំណាប់អារម្មណ៍ យើងអត់ដឹងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថាពីរផ្លូវហ្នឹងមួយណាក៏អាចប៉ះពាល់ដល់ជីវិតដែរ»។ អ្នកជំនាញរូបនេះបន្ថែមថា ពួកគេគឺជាជនរងគ្រោះ ដូច្នេះយើងត្រូវតែផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាជនរងគ្រោះ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់បន្ថែមថា៖«សញ្ញាព្រមាន គឺវាដូចជានៅពេលដែលយើងចាប់ផ្ដើមនិយាយលេងបន្លំមែន ហើយដោយសារកត្តាចិត្តយើងឧស្សាហ៍និយាយនៅក្នុងចិត្ត ជួនកាលវាអាចបង្កជាមែន ហើយការលេងឬមែនគឺមានតែគាត់ខ្លួនឯងដែលដឹង។ បើសិនគាត់ខ្លួនឯងថាមានអាការៈបែបនេះ ជម្រើសដ៏ល្អគឺគួរតែទៅជជែកពិភាក្សាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញខ្លួនដែលទុកចិត្តបំផុត»។ ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់ទៀតថា មូលហេតុដែលវាអាចបង្កផលប៉ះពាល់ដល់ជីវិតដូចគ្នា ព្រោះវាអាចធ្វើឱ្យសង្គមជុំវិញខ្លួនចាប់ផ្តើមលែងខ្វល់ខ្វាយលើបញ្ហានេះ។ ប្រសិនបើសង្គមយល់ថា ការបង្ហាញគំនិតចង់ស្លាប់ជារឿងធម្មតាសម្រាប់ទាញយកចំណាប់អារម្មណ៍ នោះនៅពេលដែលមានអ្នកជួបវិបត្តិពិតប្រាកដស្រែករកជំនួយ…

និយ័តករទូរគមនាគមន៍កម្ពុជាពិន័យក្រុមហ៊ុន មិត្តហ្វូន ដោយសារលក់ស៊ីមគ្មានឯកសារត្រឹមត្រូវនាំឱ្យមានករណីឆបោក
និយ័តករទូរគមនាគមន៍កម្ពុជា បានពិន័យក្រុមហ៊ុន វៀតធេល (Viettel) ឬប្រព័ន្ធសេវាទូរសព្ទហ៊ុន មិត្តហ្វូន (Metfone) ចំពោះការធ្វេសប្រហែសក្នុងការលក់ស៊ីមទូរសព្ទចល័ត ដោយពុំបានប្រមូលឯកសារសម្គាល់អត្តសញ្ញាណរបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យជនទុច្ចរិតយកស៊ីមកាតនោះទៅប្រព្រឹត្តអំពើឆបោកប្រាក់។ អ្នកជំនាញផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថលយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើសកម្មភាពបង្ការទុកជាមុន ដោយប្រមូលលេខទូរសព្ទដែលពលរដ្ឋបានបង្ហោះលើបណ្ដាញសង្គម (ដែលលេខទាំងនោះបានតេទៅឆបោកពួកគេ) ដើម្បីផ្អាកដំណើរការនិងស្រាវជ្រាវរកជនឆបោក ជាជាងរង់ចាំតែការមកប្ដឹងពីពលរដ្ឋ យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ និយ័តករកម្ពុជាបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន វៀតធេល ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា មានជនអនាមិកបានប្រើប្រាស់អត្តសញ្ញាណបណ្ណរបស់ខ្លួន ទៅទិញស៊ីមទូរសព្ទចល័តចំនួន ៣ ខ្សែរបស់ក្រុមហ៊ុននេះ។ លទ្ធផលនៃការស៊ើបអង្កេត និយ័តករកម្ពុជាបានរកឃើញថា លេខទូរសព្ទមួយក្នុងចំណោមលេខទាំងបីនោះ ត្រូវបានជនទុច្ចរិតយកទៅប្រព្រឹត្តអំពើឆបោកប្រាក់ ហើយម្ចាស់អត្តសញ្ញាណបណ្ណពិតប្រាកដ ក៏បានក្លាយជាជនពាក់ព័ន្ធនឹងករណីនេះដោយពុំដឹងខ្លួន។ និយ័តករកម្ពុជាបានបន្តថា តាមរយៈភស្តុតាងដែលប្រមូលបាន ករណីនេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវនូវនីតិវិធីពាក់ព័ន្ធនឹងការលក់ស៊ីម។ ក្រុមហ៊ុនបានអះអាងថា ពលរដ្ឋបានមកទិញស៊ីមនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ប៉ុន្តែជាក់ស្ដែងនៅថ្ងៃនោះ ពលរដ្ឋដែលរងគ្រោះកំពុងរស់នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯណោះវិញ។ សេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា៖ «ជាទូទៅ និយ័តករកម្ពុជាតែងតែណែនាំក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងប្រតិបត្តិករទូរសព្ទចល័តទាំងអស់ អំពីការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីម ដោយតម្រូវឱ្យទទួលយកឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវជាមុន ទើបអាចធ្វើការបើកឱ្យដំណើរការសេវាបាន ពីព្រោះរាល់ការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីមដោយពុំមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ គឺជាអំពើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវ និងប្រឈមចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន»។ អ្នកនាំពាក្យនិយ័តករកម្ពុជា លោក សៀង សិទ្ធី ថ្លែងថា នេះជាករណីលើកដំបូងហើយដែលនិយ័តករសម្រេចពិន័យជាប្រាក់លើក្រុមហ៊ុន វៀតធេល។ បច្ចុប្បន្ន និយ័តករកំពុងរៀបចំយន្តការឱ្យពលរដ្ឋទាក់ទងទៅកាន់ក្រុមហ៊ុន ដើម្បីពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ខ្លួន ថាតើកំពុងជាប់ឈ្មោះប្រើប្រាស់ស៊ីមចំនួនប៉ុន្មានខ្សែ។ លោកបានបន្តទៀតថា ចំពោះពលរដ្ឋដែលកំពុងប្រើប្រាស់ស៊ីមដោយមិនមានអត្តសញ្ញាណត្រឹមត្រូវ និយ័តករក៏មានយន្តការក្នុងការសម្អាតទិន្នន័យជាមួយក្រុមហ៊ុនផងដែរ។ អ្នកសារព័ត៌មានមិនទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុន មិត្តហ្វូន តាមរយៈសារអេឡិចត្រូនិក (Email) នៅឡើយទេ គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ ជុំវិញរឿងនេះ អ្នកប្រឹក្សាផ្នែកសន្ដិសុខលើប្រព័ន្ធឌីជីថល លោក ង៉ែត ម៉ូសេ បានផ្តល់មតិថា និយ័តករកម្ពុជាគួរតែតម្រូវឱ្យក្រុមហ៊ុននេះ ប្រមូលមកវិញនូវស៊ីមទាំងឡាយណាដែលបានលក់ទៅឱ្យតំណាងចែកចាយបន្ត ដើម្បីត្រួតពិនិត្យឡើងវិញនូវចំនួនស៊ីមដែលបានលក់ចេញ ថាតើមានទិន្នន័យអតិថិជនត្រឹមត្រូវ និងមិនត្រឹមត្រូវកម្រិតណា។ លោកថា ក្រសួងពាក់ព័ន្ធ និងនិយ័តករកម្ពុជា គួរតែបង្កើតកម្មវិធីតាមប្រព័ន្ធអនឡាញ (Online App/Platform) ដើម្បីឱ្យពលរដ្ឋអាចផ្ទៀងផ្ទាត់បញ្ជីលេខទូរសព្ទដែលមិនមានអត្តសញ្ញាណ និងណែនាំដល់ពលរដ្ឋដែលកំពុងប្រើស៊ីមគ្មានអត្តសញ្ញាណបណ្ណ ឱ្យទៅផ្ដល់ដំណឹងនៅទីតាំងប្រតិបត្តិករទូរសព្ទចល័តដែលនៅជិតបំផុត ដើម្បីបញ្ចូលព័ត៌មានឱ្យបានត្រឹមត្រូវស្របច្បាប់ឡើងវិញ។ លោកបានបន្ថែមថា៖«ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករកម្ពុជា និងក្រសួងមហាផ្ទៃ គួរសហការគ្នាពិនិត្យមើលការលក់ និងចែកចាយគណនីបណ្តាញសង្គម ដូចជា ហ្វេសប៊ុក តេឡេក្រាម ឬ WhatsApp ដោយសារតែអ្នកលក់ និងចែកចាយគណនីទាំងនេះ បានប្រើប្រាស់លេខទូរសព្ទដើម្បីទៅបង្កើតគណនី។ ពួកគេអាចជាតម្រុយក្នុងការតាមដាន និងស្វែងរកបណ្តាញលក់ ឬចែកចាយលេខទូរសព្ទខុសច្បាប់»។ បើតាមទិន្នន័យពីក្រសួងព័ត៌មាន ក្រុមហ៊ុន មិត្តហ្វូន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន វៀតធេល មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ និងបានចាប់ផ្តើមធ្វើអាជីវកម្មជាផ្លូវការនៅឆ្នាំ ២០០៩។ គិតត្រឹមឆ្នាំ ២០២២ ក្រោយការអភិវឌ្ឍអស់រយៈពេល ១៦ ឆ្នាំ ក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលដ៏ធំបំផុតនៅកម្ពុជា ដោយមានអតិថិជនប្រើប្រាស់ជាង ៩ លាននាក់ ស្មើនឹង ៥០ ភាគរយ នៃចំណែកទីផ្សារទូរគមនាគមន៍សរុបនៅក្នុងប្រទេសកម្ពុជា៕

កម្ពុជាជំរុញជាថ្មីឱ្យថៃចូលប្រជុំ JBC និងបញ្ជូនក្រុមវាស់វែងពិភាក្សាការងារលើដីជាក់ស្ដែង
កម្ពុជាជំរុញជាថ្មីឱ្យថៃចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC និងបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត បន្ទាប់ពីថៃយកលេសលើកពេលជាបន្តបន្ទាប់។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឱ្យដឹងថា ថៃតែងពន្យារពេលក្រោមហេតុផលបំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃជាដើម។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង និងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែអូសបន្លាយ ពុំទាន់តែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ។ នៅក្នុងកំណត់ទូតផ្ញើទៅកាន់ភាគីថៃជាថ្មីនេះ កម្ពុជាចាត់ទុក ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាន និងសមាសភាព JBC ថ្មី រួមទាំងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមលទ្ធផលកិច្ចប្រជុំកន្លងមក ភាគីទាំងពីរត្រូវបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយគ្មានការរារាំង សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ផ្ទុយទៅវិញ ភាគីថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរំលឹកថា ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (IST)ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន។ កម្ពុជាតាមរយៈគណៈកម្មការ JBC មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត។ គួរបញ្ជាក់ថា យោធាថៃបានវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជាចំនួនពីរលើកគឺនៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បើទោះជាប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃនៅតែគគ្លើនបន្តឈ្លានពានចូលក្នុងទឹកដីប្រទេសកម្ពុជានៅតាមបណ្តោយខេត្តព្រំដែន តាមរយៈការរាយលួសបន្លា ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ និងតំឡើងទង់ជាតិថៃនៅលើទឹកដីកម្ពុជាដោយអះអាងថាទឹកដីទាំងនោះជាទឹកដីរបស់ពួកគេ បើទោះជាកម្ពុជាបានចេញមុខតវ៉ាប្រឆាំងជាហូរហែក៏ដោយ៕

កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការ៤ខែដល់ជនជាតិចិនចូលកម្ពុជា
កម្ពុជាលើកលែងទិដ្ឋាការដល់ប្រជាជនចិនដែលធ្វើដំណើរចេញចូលប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យដឹងថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា។ លោកបញ្ជាក់ថា ប្រជាជនចិនដែលកាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិត្យចិន (People's Republic of China) អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។ អ្នកនាំពាក្យក្រសួងទេសចរណ៍អ្នកស្រី ហ៊ុន ដានី បានលើកឡើងថា ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន នឹងជួយពង្រឹងចំណងការទូតរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាពិសេសជួយដល់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ អ្នកស្រីបន្តថា៖ «ការអនុវត្តគោលនយោបាយសាកល្បងនេះនឹងទទួលបានលទ្ធផលជាផ្លែផ្កាពីព្រោះយោងទៅលើទិន្នន័យទេសចរណ៍ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ គឺភ្ញៀវទេសចរចិនកំពុងតែឋិតនៅលំដាប់ទី១រួចហើយ»។ ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) អ្នកស្រី ឆាយ ស៊ីវលីន និយាយថា ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនជារឿងល្អ ដែលនេះជាយុទ្ធសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការសម្របសម្រួល និងកាត់បន្ថយការធ្វើឯកសារ រួមទាំងការចំណាយរបស់ភ្ញៀវ។ អ្នកស្រីបន្តថា៖ «ទីផ្សារចិនគឺធំហើយប្រទេសណាក៏ចង់បានទីផ្សារចិនដែរ ទន្ទឹមនឹងនេះ យើងក៏ត្រូវគិតអំពីអ្នកដែលមានចេតនាមិនល្អដែលឆ្លៀតចូលតាមរយៈភ្ញៀវទេសចរនេះដែរ យើងត្រូវពង្រឹងសន្តិសុខឱ្យខ្លាំង យើងគ្រាន់បើកចំហមាត់ច្រក តែចូលមកក្នុងត្រូវតែពង្រឹងឱ្យត្រូវគោលដៅ»។ ក្នុងពេលរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការលើកលែងទិដ្ឋាការដល់ជនជាតិចិនចូលមកកម្ពុជា រដ្ឋាភិបាលក៏កំពុងមមាញឹកក្នុងការបោសសំអាតទីតាំងឆបោកតាមអនឡាញ និងចាប់ខ្លួនជនបរទេសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះដែលភាគច្រើនគឺជាជនជាតិចិន។ ការលើកលែងទិដ្ឋាការដល់ជនជាតិចិននេះ ក៏បង្កការបារម្ភថា ជាការបើកឱកាសឱ្យជនជាតិចិនចូលកម្ពុជាកាន់តែច្រើនជាថ្មីទៀត ដែលអាចបង្កបញ្ហាអសន្តិសុខដល់សង្គមកម្ពុជា។ អ្នកជំនាញភូមិសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថា ការលើកលែងទិដ្ឋាការតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ដោយកម្ពុជាត្រូវពង្រឹងបញ្ហាផ្សេងទៀត ជាពិសេសបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងសង្គម។ លោកក៏ព្រួយបារម្ភដែរថា ការអនុវត្តនេះអាចបើកឱកាសឱ្យជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញបន្លំចូលមកកម្ពុជាបន្តទៀត បើសិនជាសមត្ថកិច្ចអនុវត្តច្បាប់មិនមានភាពច្បាស់លាស់។ ប្រភពដដែលសង្កត់ធ្ងន់ថា៖ «បើសិនជាយើងច្បាស់លាស់ គឺមិនសំខាន់លើចំណាត់ការនោះទេ ពីព្រោះអ្នកទាំងអស់ហ្នឹងចូលមកសុទ្ធតែមានលិខិតឆ្លងដែន ហើយយើងគួរតែអនុវត្តវិធានការសន្តិសុខផ្ទៃក្នុងឱ្យច្បាស់លាស់ទៅ ជនជាតិកម្ពុជាខ្លួនឯងក៏ដោយ ជនជាតិបរទេសផ្សេងទៀតក៏ដោយ បើអនុវត្តខុសច្បាប់ត្រូវមានទោសទណ្ឌទៅតាមច្បាប់កុំឱ្យមានគប់គិតគ្នា ឬត្រីងៀតឆ្លៀតពង»។ យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ចំណែកឯ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

តំណាងស្ត្រីធ្វើការតាមផ្ទះ ដាក់ញត្តិនៅក្រសួងការងារស្នើសុំលក្ខខណ្ឌការងារសមរម្យ
ក្រុមស្រ្តីតំណាងឱ្យអ្នកធ្វើការងារតាមផ្ទះជាង ១០ នាក់ បានដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើឱ្យក្រសួងជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីលក្ខខណ្ឌការងារសមរម្យស្របតាមច្បាប់អន្តរជាតិ។ ប្រធានសមាគមអ្នកធ្វើការតាមផ្ទះ អ្នកស្រី យ៉ុង ស្រីមុំ លើកឡើងថា អនុសញ្ញាលេខ ១៨៩ ស្តីពីកម្មករការងារតាមផ្ទះ មានសារៈសំខាន់ ព្រោះច្បាប់នេះទទួលស្គាល់សិទ្ធិកម្មករការងារតាមផ្ទះដូចជាកម្មករដទៃទៀតដែរ។ អ្នកស្រីបន្តថា សិទ្ធិការងាររួមមាន ការឈប់សម្រាក ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ការធានាការការពារសុខភាព និងការការពារពីការគំរាមកំហែងផ្សេងៗទៀត។ អ្នកស្រីបន្ថែមថា និយោជក ឬអ្នកជួលស្ត្រីធ្វើការតាមផ្ទះ គប្បីធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដើម្បីឱ្យពួកគេអាចទទួលបានសេវាសុខភាពពេលមានជំងឺដំកាត់។ អ្នកស្រីថា៖ «សូមក្រសួង និងរាជរដ្ឋាភិបាល ផ្ដល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ ដើម្បីឱ្យអ្នកធ្វើការតាមផ្ទះមានប្រាក់ខែសមរម្យ ហើយមាន ប.ស.ស. ប្រើប្រាស់ដូចគេដែរ ព្រោះពួកខ្ញុំធ្វើការតាមផ្ទះពិបាកណាស់ ដល់ពេលឈឺថ្កាត់អីគឺរឹតតែពិបាក»។ អ្នកស្រីបន្ថែមថា៖ «ការរំលោភបំពាន និងការបៀតបៀន ភាគច្រើនគឺការគំរាមកំហែង។ ពេលយើងទាមទារប្រាក់ខែសមរម្យ គាត់ [ថៅកែ] ថា បើយើងមិនធ្វើទេគឺអត់ទៅ។ នេះក៏ជាទម្រង់នៃការបៀតបៀន និងគំរាមកំហែងដែរ»។ ស្រដៀងគ្នានេះដែរ តំណាងស្ត្រីអ្នកធ្វើការតាមផ្ទះ អ្នកស្រី វុន គឹមស្រ៊ី លើកឡើងថា កម្មករការងារតាមផ្ទះនៅតែជាក្រុមដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត។ អ្នកស្រីបន្តថា ពួកគេប្រឈមនឹងការកម្រិតសេរីភាពក្នុងការធ្វើសកម្មភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ សម្រាកមិនគ្រប់គ្រាន់ ហើយងាយប្រឈមនឹងហានិភ័យនៃអំពើហិង្សា។ អ្នកស្រីថា៖ «សព្វថ្ងៃកម្មករធ្វើការតាមផ្ទះគឺពិបាកខ្លាំងណាស់ ប្រាក់ខែមិនសមរម្យ ការរស់នៅក៏មិនសូវសមរម្យ ហើយមួយទៀតគឺការបំបាត់សេរីភាព។ ដូចជាពេលមានពិធីបុណ្យទាន ឬចូលឆ្នាំអី គឺមិនឱ្យពួកគាត់បានទៅស្រុកទេ ហើយថែមទាំងគំរាមថា បើសិនជាទៅស្រុក គឺត្រូវតែឈប់ធ្វើការ»។ អ្នកស្រីបន្ថែមថា៖ «ពេលដែលយើងជាប់ជំពាក់លុយជាមួយថៅកែ ទោះបីមានសម្ពាធយ៉ាងណាក៏ដោយ ក៏ត្រូវតែទ្រាំធ្វើការដើម្បីសងបំណុលគេដែរ។ បើយើងឈប់មុន ថៅកែនឹងរករឿង និងគំរាមកំហែង។ ទី២ ពួកគាត់មិនយល់ដឹងពីច្បាប់ការងារ ទើបតែងតែមានសេចក្តីភ័យខ្លាច»។ អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោក និន វណ្ណៈ ថ្លែងថា លោកនឹងបញ្ជូនញត្តិនេះទៅថ្នាក់លើដើម្បីពិនិត្យ និងដោះស្រាយបន្ត។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វ៉ន ពៅ លើកឡើងថា កម្មករធ្វើការតាមផ្ទះជាង ២០ ម៉ឺននាក់ មិនទាន់មានស្តង់ដាទម្រង់កិច្ចសន្យាការងារត្រឹមត្រូវនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ និងរបបគាំពារសង្គមឡើយ។ លោកអំពាវនាវឱ្យក្រសួងការងារបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងសិទ្ធិកម្មករការងារតាមផ្ទះ។ លោកថា៖ «ការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាដើម នេះហើយជាបញ្ហាសំខាន់ជាងគេ។ បញ្ហាសំខាន់មួយទៀតនោះគឺ យើងចង់ឱ្យអ្នកធ្វើការតាមផ្ទះ ទាំងអ្នកទទួលបានប្រាក់ខែ និងអ្នកធ្វើការឱ្យគ្រួសារក្តី ទទួលបានតម្លៃស្មើនឹងកម្មករដទៃទៀតដែរ។ អាហ្នឹងសំខាន់ ព្រោះកម្មករតាមផ្ទះមិនមែនជាទាសករទេ»។ លោកបន្ថែមថា៖ «នៅបរទេសដូចជានៅហ្វីលីពីន និងម៉ាឡេស៊ីជាដើម រដ្ឋាភិបាលគេយកចិត្តទុកដាក់ណាស់។ គេមានលក្ខខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លះខែម្ដង ឬមួយខែម្ដង ដើម្បីឱ្យមានជំនាញច្បាស់លាស់ និងមានទុន ប៉ុន្តែនៅស្រុកយើង មិនទាន់មានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាលនៅឡើយទេ។ ធាតុពិត យើងមិនទាន់ទទួលបានលទ្ធផលទាំងនោះទេ»។ នៅទូទាំងពិភពលោក វិស័យការងារតាមផ្ទះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនសរុបប្រមាណ ៧៥.៦ លាននាក់ ក្នុងនោះស្ត្រីមានចំនួន ៧៦.២ ភាគរយ ដែលត្រូវបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងជួលតាមរយៈភ្នាក់ងារផ្ដល់សេវា។ សម្រាប់កម្ពុជា កម្មករធ្វើការតាមផ្ទះដែលធ្វើការតាមរយៈភ្នាក់ងារផ្ដើមសេវាកម្ម មានប្រមាណ ៤៣ ភាគរយ។ គួរបញ្ជាក់ថា នៅឆ្នាំ ២០១១ អង្គការអន្តរជាតិខាងការងារ (ILO) បានអនុម័តនូវអនុសញ្ញាលេខ ១៨៩ ស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ដោយទទួលស្គាល់សិទ្ធិរបស់ពួកគេដូចជាកម្មករដទៃទៀតដែរ ។ ក្នុងនោះរួមមាន ការឈប់សម្រាកប្រចាំសប្តាហ៍ ឬប្រចាំខែ ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ប្រាក់ឈ្នួលសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ និងកិច្ចការពារសមស្របនានាប្រឆាំងនឹងអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់៕

អាជ្ញាធរអំពាវនាវឱ្យភាគីពាក់ព័ន្ធប្រយ័ត្នបន្ទាប់ពីរកឃើញទំនិញអាហារឆ្អិនស្រាប់ខូចគុណភាពជាង២តោន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានក.ប.ប.និងអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវឱ្យអាជីវករ និងអ្នកប្រើប្រាស់បង្កើនការប្រុងប្រយ័ត្នចំពោះផលិតផលអាហារបង្កក អាហារឆ្អិនស្រាប់(ហតដក ប្រហិត ប៉ាត់តេ)បន្ទាប់ពីអាជ្ញាធរឆ្មក់ត្រួតពិនិត្យនៅទីតាំងអាជីវកម្មមួយ ហើយបានរកឃើញអាហារបង្កកខូចគុណភាព និងរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារអនាម័យជាង ២,៦០០គីឡូក្រាម។ទីតាំងអាជីវកម្មដែលអាជ្ញាធររកឃើញគឺ ក្រុមហ៊ុន TSP នៅម្ដុំផ្សារបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលបានទិញផលិតផលរបស់ក្រុមហ៊ុន TSP ហើយមិនទាន់ប្រើប្រាស់ ឬលក់បន្ត សូមផ្អាកការប្រើប្រាស់ជាបន្ទាន់ដោយសារផលិតផលទាំងនោះអាចមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោក គួច ចំរើន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «សូមបញ្ឈប់ការប្រើប្រាស់ ឬបញ្ឈប់លក់បន្ត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាពទេ គាត់មានចេតនា បំភាន់ អ្នកប្រើប្រាស់ ដូចជា បកព័ត៌មាន ហួសកាលកំណត់ចោល រៀបចំ ដាក់កាលកំណត់ប្រើប្រាស់ថ្មីជំនួស ទូស្តុក មិនបើកចរន្តអគ្គិសនី ទុកដាក់ខុសបច្ចេកទេស ទំនិញគ្មានប្រភពច្បាស់លាស់»។ យោងតាមរបាយការណ៍របស់សាខា ក.ប.ប. ខេត្តកណ្ដាលដែលប្រជាកាសែតទទួលបាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងស្តុកផលិតផលអាហារបង្កកមួយកន្លែងនៅខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ ជាលទ្ធផល ក្រុមការងារមិនបានរកឃើញទំនិញមានប្រភពពីប្រទេសថៃនោះទេ ប៉ុន្តែបានរកឃើញការវេចខ្ចប់ និងការរក្សាទុកផលិតផលមិនស្របតាមស្តង់ដារអនាម័យ ព្រមទាំងទំនិញខូចគុណភាពសរុប ៧ មុខ ស្មើនឹង ២,៦០០ គីឡូក្រាម។ ទំនិញដែលត្រូវបានដកហូតរួមមាន៖ ប្រហិតសាច់ក្តាម ម៉ាកTHANH CHA HUONG VI CUA ៣៨កេស ស្មើនឹង ៣៨០គីឡូក្រាម ។ ប្រហិតសាច់ក្តាម ម៉ាកTHANH VI CUA ១៧កេស ស្មើនឹង ១៧០គីឡូក្រាម ប្រហិត ម៉ាកTSP ចំនួន៥បេ ស្មើនឹង ២៥០គីឡូក្រាម ។ ប្រហិតនំប៉ាវ ចំនួន១៣កេស ស្មើនឹង ១៣០គីឡូក្រាម ។ ហតដកចម្រុះ គ្មានម៉ាក ចំនួន៤បេ ស្មើនឹង ២០០គីឡូក្រាម ប្រហិតសាច់ក្តាម គ្មានម៉ាក ចំនួន៥បេ ស្មើនឹង ២២០គីឡូក្រាម ។ ហតដកឈីស ចំនួន២៥កេស ស្មើនឹង ១,២៥០គីឡូក្រាម។ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានដកហូត និងដុតកម្ទេចចោលទំនិញខូចគុណភាពទាំងអស់នៅទីលានដុតសំរាម ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ជាមួយគ្នានេះ សំណាកចំនួន ៨ ត្រូវបានបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់ពីគុណភាព និងសុវត្ថិភាពផលិតផល។ អគ្គនាយកនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានអំពាវនាវឱ្យអាជីវករ និងពាណិជ្ជករទាំងអស់ប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មដោយសុចរិត គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោក ជំរុញឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យស្លាកសញ្ញា ប្រភពដើម កាលបរិច្ឆេទប្រើប្រាស់ និងលក្ខខណ្ឌរក្សាទុកផលិតផលមុននឹងទិញ ឬប្រើប្រាស់។ លោកលើកឡើងថា៖«ខ្ញុំសូមអំពាវនាវទីមួយគឺទៅដល់ អាជីវក ពាណិជ្ជករអ្នករកស៊ីទាំងអស់សូមប្រកាន់ខ្ជាប់ឲ្យបាននូវការរកស៊ីការធ្វើធុរកិច្ចដោយសុចរិតគោរពឲ្យបានច្បាស់លាស់ត្រឹមត្រូវទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធសំខាន់ណាស់អាហ្នឹងគឺដើម្បីឲ្យយើងក្លាយខ្លួនទៅជា ធុរៈជនល្អដែលមានការទទួលខុសត្រូវក្នុងសង្គម។ លោកបន្ថែមថា៖«ទីពីរខ្ញុំក៏ស្នើសុំឲ្យអ្នកប្រើប្រាស់របស់យើងចូលរួមទាំងអស់គ្នាក្នុងការចេះស្វ័យត្រួតពិនិត្យទៅលើផលិតផលទំនិញមើលលក្ខខណ្ឌទុកដាក់តែសាច់និងឬក៏ផលិតផល តើមានភាពសមស្របតាមលក្ខខណ្ឌបច្ចេកទេសចេះមើលស្លាកសញ្ញាប្រភពប្រទេសផលិត ។ អំពាវនាវផងដែរបើយើងចូលរួមទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពសុខុមាលភាពរបស់យើង»។ កាលពីនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយសាច់បង្កកចំនួន ៣១ កន្លែង នៅក្នុងខណ្ឌចំនួន ៨។ យោងតាមទិន្នន័យរបស់ក.ប.ប.មន្ត្រីជំនាញបានរកឃើញផលិតផលមានប្រភពពីប្រទេសថៃចំនួន១១២ មុខ ជាង២០០តោន គីឡូក្រាម និងផ្លែឈើខូចគុណភាព ជាង៣,២ តោន គីឡូក្រាម។ ផលិតផលមួយចំនួនត្រូវបានឃាត់ទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមច្បាប់។ ការបង្ក្រាបករណីនាំចូលផលិតផលទាំងអស់នេះ កើតមានឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ដោយព្រមានឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គល ឬមន្ត្រីដែលពាក់ព័ន្ធនឹងការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ។លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសអាចប្រឈមនឹងការដកហូតទ្រព្យសម្បត្តិ និងវិធានការផ្លូវច្បាប់ផ្សេងៗ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ៕













