រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្អាកការងារនាយនគរបាល ២រូបបន្ថែមទៀតករណីចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា

សង្គម

(រួបភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងកម្មវីធីរបស់នាយកដ្ឋានទេសចរណ៍)។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចផ្អាកការងារនាយនគរបាលទេសចរណ៍ ២រូបបន្ថែម ដោយសារមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលទេស​ចរណ៍ធ្វើខុសតួនាទី ដោយបាននាំខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ទៅសួរចម្លើយ និងនាំទៅដកប្រាក់នៅធនាគារ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើង ដើម្បីសម្រួលដល់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច និងធានាឱ្យការស្រាវជ្រាវប្រព្រឹត្តទៅតាមនីតិវិធីច្បាប់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស សុខា នៅថ្ងៃទី២៧ ខែកក្កដា និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹង​ថា មន្ត្រីដែលត្រូវផ្អាកការងារបណ្ដោះអាសន្នរួមមាន វរសេនីយ៍ទោ ភូមិ ភិរម្យ ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងវរសេនីយ៍ទោ ដាម ឃុនប្រសិទ្ធ ជានាយរងការិយាល័យនីតិវិធី។

ករណីដដែលនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃក៏បានសម្រេចផ្អាកការងារបណ្ដោះអាសន្នដូចគ្នាទៅលើ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោក រុន រ័ត្នវាសនា រួចទៅហើយដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ការផ្អាកការងារនេះ ជាវិធានការបណ្ដោះ​អាសន្ន ដើម្បីបើកផ្លូវឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវ និងកំណត់ការពិតក្នុងករណីនេះ។

លោកលើកឡើងបន្តថា ក្នុងគោលដៅចាត់នីតិវិធីបន្តតាមច្បាប់ ហើយករណីនេះពុំមែនជាការដកហូតមុខតំណែងទេ ដោយរង់ចាំលទ្ធផលដែលកម្លាំងជំនាញបន្តចុះស៊ើបអង្កេតស្រាវជ្រាវសិន។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការផ្អាកការងារបណ្ដោះអាសន្នលើមន្ត្រីនគរបាលទាំងបីរូបនេះ គឺស្របតាមនីតិវិធី និងជាវិធានការចាំបាច់ ដើម្បីធានាថាការស៊ើបអង្កេតអាចប្រព្រឹត្តទៅដោយឯករាជ្យ និងគ្មានការរាំងស្ទះ។ លោកបន្តថា ប្រសិនបើរកឃើញអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ត្រូវអនុវត្តតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ និងទំនុកចិត្តពីជនរងគ្រោះ និងពលរដ្ឋ ក៏ដូចជាធានាយុត្តិធម៌ក្នុងសង្គម។

លោកមានប្រសាសន៍ថា៖ «ក្រសួងមហាផ្ទៃគួរបន្តការតាមដាន និងពិនិត្យមើលទៅលើដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចដែលមានភារកិច្ចក្នុងករណីនេះ ដើម្បីធានាបានការស្រាវជ្រាវ និងស៊ើបអង្កេត ប្រកបដោយតម្លាភាព និងយុត្តិធម៌។ ម្យ៉ាងវិញទៀត ក្រសួងមហាផ្ទៃគួរបន្តការបណ្ដុះបណ្ដាល និងការណែនាំតម្រង់ទិស ដើម្បីឱ្យមន្ត្រីនគរបាលអនុវត្តតួនាទី និងភារកិច្ចស្របតាមបទបញ្ជាកងកម្លាំងនគរបាលជាតិ គោលការណ៍ណែនាំ និងនីតិវិធីតាមផ្លូវច្បាប់ ដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ចំនួន ២នាក់ បានបង្ហោះវីដេអូលើបណ្ដាញសង្គម ដោយអះអាងថា ពួកគេត្រូវបានកម្លាំងនគរបាលទេស​ចរណ៍នាំខ្លួនទៅសួរចម្លើយដោយខុសនីតិវិធី គំរាមកំហែង និងបង្ខំឱ្យប្រគល់ប្រាក់ជាង ៥០ម៉ឺនដុល្លារ។ ជុំវិញការចោទប្រកាន់នេះ នាយកដ្ឋាននគរបាលទេសចរណ៍បានបញ្ជាក់ថា ការនាំខ្លួនបុគ្គលិកទាំងពីរនាក់នៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០២៦ គឺធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា អាល់ ឌីវេឡុបម៉ិន ឯ.ក ដែលបានប្ដឹងពីការសង្ស័យថា មានការលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ ហើយការសាកសួរធ្វើឡើងក្នុងគោលបំណងសាកសួរពាក់ព័ន្ធជុំវិញបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3376}" data-page="1" data-max-pages="1" data-start="1" data-end="1">