Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ពូ សូរាជីនី

    ពូ សូរាជីនី

    អ្នករាយការណ៍ព័ត៌មាន
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្អាកការងារនាយនគរបាល ២រូបបន្ថែមទៀតករណីចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា

    ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចផ្អាកការងារនាយនគរបាលទេសចរណ៍ ២រូបបន្ថែម ដោយសារមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលទេស​ចរណ៍ធ្វើខុសតួនាទី ដោយបាននាំខ្លួនបុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ទៅសួរចម្លើយ និងនាំទៅដកប្រាក់នៅធនាគារ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើង ដើម្បីសម្រួលដល់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច និងធានាឱ្យការស្រាវជ្រាវប្រព្រឹត្តទៅតាមនីតិវិធីច្បាប់។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស សុខា នៅថ្ងៃទី២៧ ខែកក្កដា និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹង​ថា មន្ត្រីដែលត្រូវផ្អាកការងារបណ្ដោះអាសន្នរួមមាន វរសេនីយ៍ទោ ភូមិ ភិរម្យ ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងវរសេនីយ៍ទោ ដាម ឃុនប្រសិទ្ធ ជានាយរងការិយាល័យនីតិវិធី។ ករណីដដែលនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃក៏បានសម្រេចផ្អាកការងារបណ្ដោះអាសន្នដូចគ្នាទៅលើ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោក រុន រ័ត្នវាសនា រួចទៅហើយដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ការផ្អាកការងារនេះ ជាវិធានការបណ្ដោះ​អាសន្ន ដើម្បីបើកផ្លូវឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវ និងកំណត់ការពិតក្នុងករណីនេះ។ លោកលើកឡើងបន្តថា ក្នុងគោលដៅចាត់នីតិវិធីបន្តតាមច្បាប់ ហើយករណីនេះពុំមែនជាការដកហូតមុខតំណែងទេ ដោយរង់ចាំលទ្ធផលដែលកម្លាំងជំនាញបន្តចុះស៊ើបអង្កេតស្រាវជ្រាវសិន។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការផ្អាកការងារបណ្ដោះអាសន្នលើមន្ត្រីនគរបាលទាំងបីរូបនេះ គឺស្របតាមនីតិវិធី និងជាវិធានការចាំបាច់ ដើម្បីធានាថាការស៊ើបអង្កេតអាចប្រព្រឹត្តទៅដោយឯករាជ្យ និងគ្មានការរាំងស្ទះ។ លោកបន្តថា ប្រសិនបើរកឃើញអ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ត្រូវអនុវត្តតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ និងទំនុកចិត្តពីជនរងគ្រោះ និងពលរដ្ឋ ក៏ដូចជាធានាយុត្តិធម៌ក្នុងសង្គម។ លោកមានប្រសាសន៍ថា៖ «ក្រសួងមហាផ្ទៃគួរបន្តការតាមដាន និងពិនិត្យមើលទៅលើដំណើរការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចដែលមានភារកិច្ចក្នុងករណីនេះ ដើម្បីធានាបានការស្រាវជ្រាវ និងស៊ើបអង្កេត ប្រកបដោយតម្លាភាព និងយុត្តិធម៌។ ម្យ៉ាងវិញទៀត ក្រសួងមហាផ្ទៃគួរបន្តការបណ្ដុះបណ្ដាល និងការណែនាំតម្រង់ទិស ដើម្បីឱ្យមន្ត្រីនគរបាលអនុវត្តតួនាទី និងភារកិច្ចស្របតាមបទបញ្ជាកងកម្លាំងនគរបាលជាតិ គោលការណ៍ណែនាំ និងនីតិវិធីតាមផ្លូវច្បាប់ ដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុន ឌឹ ផ្លរ៉ា ចំនួន ២នាក់ បានបង្ហោះវីដេអូលើបណ្ដាញសង្គម ដោយអះអាងថា ពួកគេត្រូវបានកម្លាំងនគរបាលទេស​ចរណ៍នាំខ្លួនទៅសួរចម្លើយដោយខុសនីតិវិធី គំរាមកំហែង និងបង្ខំឱ្យប្រគល់ប្រាក់ជាង ៥០ម៉ឺនដុល្លារ។ ជុំវិញការចោទប្រកាន់នេះ នាយកដ្ឋាននគរបាលទេសចរណ៍បានបញ្ជាក់ថា ការនាំខ្លួនបុគ្គលិកទាំងពីរនាក់នៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០២៦ គឺធ្វើឡើងតាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា អាល់ ឌីវេឡុបម៉ិន ឯ.ក ដែលបានប្ដឹងពីការសង្ស័យថា មានការលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ ហើយការសាកសួរធ្វើឡើងក្នុងគោលបំណងសាកសួរពាក់ព័ន្ធជុំវិញបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន៕

    ២៨ កក្កដា ២០២៦

  • ស្ថាប័នចំនួន៣ពន្លឿនការបូមទឹកសង្គ្រោះស្រូវ ប៉ុន្តែស្រែនៅឆ្ងាយប្រឡាយនៅតែខ្វះទឹក

    អន្តរស្ថាប័នចំនួនបី ក្នុងនោះរួមមាន ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) កំពុងបន្តអន្តរាគមន៍សង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់ពីការខ្វះខាតទឹកនៅខេត្តបាត់ដំបង ដោយដាក់ម៉ាស៊ីនបូមទឹក និងចុះវាយតម្លៃតំបន់រងគ្រោះ។ទោះជាយ៉ាងណាក្ដីកសិករមួយចំនួននៅស្រុកថ្មគោលខេត្តបាត់ដំបង នៅតែមិនទាន់ទទួលបានទឹកដាក់ស្រែសង្គ្រោះស្រូវនៅឡើយ។ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹកខេត្តបាត់ដំបង បានដាក់ម៉ាស៊ីនបូមទឹកចំនួន ៤គ្រឿង នៅក្បាលប្រឡាយអូរដូនពៅ ដើម្បីបូមទឹកពីស្ទឹងមង្គលបុរី និងស្ទឹងបវេល បញ្ជូនចូលប្រឡាយមេ សម្រាប់សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករនៅឃុំឃ្លាំងមាស ស្រុកបវេល និងឃុំតាគ្រាម ស្រុកបាណន់។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្នម៉ាស៊ីនបូមទឹកចំនួន ២គ្រឿងបានដំណើរការរួចហើយ និង ២គ្រឿងទៀតកំពុងរៀបចំដំឡើង ដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវដែលកំពុងប្រឈមការខ្វះខាតទឹក។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តបូមទឹកអន្តរាគមន៍ជួយប្រជាកសិករតាមតំបន់រងផលប៉ះពាល់ ហើយក្រុមការងារអន្តរក្រសួងក៏កំពុងចុះពិនិត្យស្ថានភាពនៅស្រុកថ្មគោល និងស្រុកសង្កែ ដើម្បីរៀបចំការជួយសង្គ្រោះបន្ថែម។ លោកបន្តថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ខេត្តមួយចំនួន ក្នុងនោះខេត្តបាត់ដំបងប៉ះពាល់ខ្លាំងជាងគេ ដោយសារបាតុភូត អែលនីញ៉ូ (El Niño)។ លោកថ្លែងថា៖ «មកដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ធរនៅឡើយទេ ដោយសារក្រៅពីទឹកភ្លៀង ខាងក្រសួងធនធានទឹក និងឧតុនិយម បានខិតខំបូមទឹក និងបង្ហូរទឹកពីអាងដែលមានទឹកច្រើនតាមប្រឡាយដល់អាងជួយដល់ស្រូវកសិករយើង ជាពិសេសតំបន់ដែលមានប្រឡាយ និងប្រភពទឹកបើកហូរមក គឺអាចជួយសង្គ្រោះបានច្រើន»។ លោកបន្តថា ទោះជាយ៉ាងណា តំបន់មួយចំនួនដែលស្ថិតឆ្ងាយពីប្រភពទឹក នៅតែមិនទាន់អាចអន្តរាគមន៍បានគ្រប់គ្រាន់នៅឡើយ ប៉ុន្តែភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់អាចជួយកាត់បន្ថយហានិភ័យខូចខាតដំណាំស្រូវ។ សមាជិកក្រុមប្រឹក្សាឃុំអូរតាគី ស្រុកថ្មគោល លោក ទុំ ពន្លក មានប្រសាសន៍ថា អាជ្ញាធរបានបើកទឹកពីតំបន់សង្គ្រោះនៅអាងទឹកកំពីងពួយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ មកម៉្លេះ។ លោកបន្តថា រហូតមកដល់ពេលនេះ អាចជួយបានប្រមាណ៦០០ហិកតាក្នុងចំណោមផ្ទៃដីស្រូវជាង ២,០០០ហិកតា។ ប៉ុន្តែកសិករនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល លោក ឆាត ឆាន់ លើកឡើងថា ទឹកហូរទៅដល់តែស្រែដែលនៅជិតប្រឡាយប៉ុណ្ណោះ ខណៈស្រែដែលនៅឆ្ងាយនៅមិនទាន់ទទួលបានទឹកគ្រប់គ្រាន់នៅឡើយ។ លោកសង្ឃឹមថា នឹងមានទឹកជួយសង្គ្រោះតំបន់របស់លោក ព្រោះបញ្ហានេះមិនទាន់បានដោះស្រាយដល់ដីស្រែរបស់លោកនៅឡើយទេ។ លោកថ្លែងថា៖ «មកដល់ថ្ងៃនេះ អាជ្ញាធរខំប្រឹងខ្នះខ្នែងដែរ ក៏ប៉ុន្តែការបើកទឹកពីអាងទឹកកំពីងពួយបានបន្តិចបន្តួច អ្នកដែលនៅឆ្ងាយប្រឡាយក៏អត់ដល់ អ្នកជិតប្រឡាយបានហូរចូលខ្លះ»។ លោកនិយាយថា ដោយសារតំបន់របស់លោកនៅខាងក្រោមគេពេក មិនសូវបានទឹកស្រោចស្រពដំណាំឡើយ គឺទើបតែបានជិត ៤ហិកតាប៉ុណ្ណោះ ក្នុងចំណោម ១៩ហិកតា។ ចំណែកកសិករម្នាក់ទៀត លោក ទុំ ភ័ណ្ឌ អះអាងថា ការអន្តរាគមន៍នៅមិនទាន់គ្របដណ្ដប់ដល់តំបន់របស់លោកនៅឡើយ ហើយនៅមានភូមិមួយចំនួនបន្តប្រឈមការខ្វះទឹក ដោយស្រែចម្ការរបស់លោក ទទួលបានការជួយសង្គ្រោះបានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។ លោកបន្តថា៖ «ខ្ញុំសូមសំណូមពរក្រសួងធនធានទឹក ធ្វើម៉េចជួយប្រជាជនយើងផង ព្រោះជួបការលំបាកច្រើនណាស់»។ លោកបន្ថែមថា អាចប្រហែល ៣ ទៅ ៤ភូមិទៀត ដែលនៅតែខ្វះខាតទឹកដដែល ហើយសព្វថ្ងៃនេះ លោកសង្ឃឹមថានឹងអាចមានការជួយសង្គ្រោះបានគ្រប់ៗគ្នា។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពកង្វះទឹកស្រោចស្រពស្រែស្រូវនៅខេត្តបាត់ដំបង និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហោះលើបណ្ដាញសង្គមថា ក្រសួងនឹងបន្តសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពន្លឿនវិធានការស្ដារ និងជួយឱ្យប្រជាកសិករអាចបន្តការបង្កបង្កើនផលឡើងវិញ នៅស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕

    ២៧ កក្កដា ២០២៦

    • លោក ស សុខា ណែនាំឱ្យសមត្ថកិច្ចប្រកាន់ក្រមសីលធម៌ពេលបម្រើពលរដ្ឋ

      រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីនគរបាលទូទាំងប្រទេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបម្រើប្រជាពលរដ្ឋ និងត្រូវទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទោះបីជាផុតម៉ោងរដ្ឋបាលក៏ដោយ។  លោក ស សុខា បានថ្លែងដូចនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា មន្ត្រីនគរបាលដែលបំពេញការងារនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូបដោយស្មើភាព។ លោក ស សុខា បានលើកឡើងថា ៖ «ចំពោះការបម្រើការងារជូនដល់ប្រជាពលរដ្ឋ សុំតែធ្វើម៉េចរក្សាឱ្យបាននូវកាយវិការ ពាក្យសម្តី ចឹងទេបើយើងនិយាយគំហោកជាមួយគាត់ យើងជាអ្នកផ្តល់សេវា ជាអ្នកបម្រើពួកគាត់»។ លោកក៏បានសង្កត់ធ្ងន់ថា ការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់មន្ត្រីនគរបាល ទោះបីជាក្រៅម៉ោងរដ្ឋបាលក៏ដោយ ព្រោះអ្នកដែលមកដាក់ពាក្យបណ្តឹង គឺជាអ្នកដែលកំពុងជួបបញ្ហា និងត្រូវការឱ្យសមត្ថកិច្ចជួយដោះស្រាយ។ លោកថ្លែងថា ៖ «ការទទួលពាក្យបណ្តឹងនេះសំខាន់ ព្រោះការទទួលពាក្យបណ្តឹងមានន័យថា ពួកគាត់ត្រូវការយើងហើយ បានគាត់មកដាក់ពាក្យបណ្តឹង អត់ចាំថ្ងៃស្អែក ឬផុតម៉ោងធ្វើការទេ គឺយើងទទួលយកសិនមក។ ស្អែកចាត់វិធានការ ប៉ុន្តែសំខាន់ទទួលយក ព្រោះថាប៉ុស្តិ៍ខ្លះរត់ទៅតាម Protocol ដល់ផុតម៉ោងធ្វើការមិនយក ពិបាកដែរ»។ ជុំវិញការណែនាំ និងក្រើនរម្លឹកជាថ្មីរបស់លោក ស សុខា នេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការអំពាវនាវឱ្យមន្ត្រីបម្រើប្រជាពលរដ្ឋដោយសីលធម៌ មិនមែនជាលើកទី១នោះទេ ប៉ុន្តែបញ្ហាសំខាន់គឺការអនុវត្តជាក់ស្តែង។ លោកយល់ថា មន្ត្រីរាជការមួយចំនួននៅតែមានផ្នត់គំនិតថា ខ្លួនជាអ្នកមានអំណាចលើប្រជាពលរដ្ឋ ជាជាងអ្នកបម្រើប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ។ លោកបណ្ឌិត មាស នី បានបញ្ជាក់ថា ការអំពាវនាវរបស់រដ្ឋមន្ត្រីអាចជាសញ្ញាវិជ្ជមាន ប៉ុន្តែរដ្ឋក៏ត្រូវតែមានវិធានការពិន័យលើមន្ត្រីដែលប្រើអាកប្បកិរិយាមិនសមរម្យចំពោះប្រជាពលរដ្ឋ។ លោកបន្ថែមថា មិនមែនមន្ត្រីទាំងអស់សុទ្ធតែអាក្រក់នោះទេ ព្រោះនៅមានមន្ត្រីជាច្រើនដែលបំពេញការងារបានល្អ និងផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ។ លោកមានប្រសាសន៍ថា៖ «ប្រសិនជាបោសសម្អាតមនុស្សចឹងៗ សំខាន់រដ្ឋាភិបាល មិនត្រឹមតែអំពាវនាវនោះទេ ត្រូវមានវិធានការលើមន្ត្រីណាដែលមានអាកប្បកិរិយាមិនល្អដល់ពលរដ្ឋ ត្រូវដកចោលទៅ»។ លោកបន្តថា៖«ធ្វើម៉េចមន្ត្រីរាជការ ឲ្យចាប់ផ្តើមយល់ថាជីវិតដែលគាត់រស់ឥលូវគឺដោយសារតែរាស្ត្របង់ពន្ធ គឺគាត់ចាប់ផ្អើមប្តូរ ការគិតរបស់គាត់ គឺប្តូរពីចៅហ្វាយរបស់រាស្ត្រ ទៅជាអ្នកបម្រើរបស់រាស្ត្រ »។ ប្រជាពលរដ្ឋម្នាក់នៅខេត្តស្ទឹងត្រែងគឺលោក ឈៀង ឡុង បានលើកឡើងពីបទពិសោធន៍របស់លោកនៅពេលទៅដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរមូលដ្ឋានថា មន្ត្រីនៅមូលដ្ឋានលោក ហាក់បានយកចិត្តទុកដាក់ចំពោះពាក្យបណ្តឹងរបស់លោក។ លោកប្រាប់ថា កាលពីពេលលោកបាត់ម៉ូតូ អាជ្ញាធរបានជួយស្វែងរករហូតបានឃើញមកវិញក្នុងរយៈពេលតែមួយថ្ងៃ។ ចំណែកបណ្តឹងខ្លះទៀត ដូចជានៅពេលមានបញ្ហាសំឡេងរំខានពីអ្នកជិតខាង ពេលទៅប្តឹងអាជ្ញាធរ អាជ្ញាធរក៏បានចុះដោះស្រាយភ្លាមៗផងដែរ។ លោកប្រាប់ថា ៖ «សម្រាប់មន្ត្រីមូលដ្ឋាននៅភូមិខ្ញុំជាក់ស្តែង គាត់ចុះល្បាតពេលយប់ម៉ោង១០ ឬ១១យប់ ដែលគាត់ជិះម៉ូតូតាមភូមិ»។ ទោះជាយ៉ាងណា លោកបានស្នើឱ្យមន្ត្រីអនុវត្តច្បាប់ឱ្យបានស្មើភាព មិនប្រកាន់បក្ខពួកនិយម ឬផ្តល់ការអនុគ្រោះឱ្យសាច់ញាតិខ្លួនឯងដែលប្រព្រឹត្តខុស និងលុបបំបាត់ការរើសអើងនៅក្នុងការផ្តល់សេវាជាដើម។ លោកប្រាប់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យគាត់ [អាជ្ញាធរមូលដ្ឋាន] បក្ខពួកនិយម មិនចង់ឲ្យគាត់ធ្វើតាមខ្សែបណ្តាញបងប្អូន ប្រសិនជាធ្វើអ្វីខុស ត្រូវតែខុស ចង់ឲ្យគាត់កែទម្លាប់មិនឲ្យគាត់មិនមានការរើសអើង»។ លោកក៏បានកត់សម្គាល់ដែរថា នៅក្នុងការសេវាសាធារណៈមួយចំនួន ដូចជាការធ្វើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតជាដើម គឺពលរដ្ឋនៅតែមានបញ្ហាប្រឈម ដោយពេលខ្លះប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាបន្ថែម ប្រសិនបើចង់ឱ្យដំណើរការបានលឿន

      ២៤ កក្កដា ២០២៦សូរាជីនី ពូ

    • សង្គមស៊ីវិលជំរុញឱ្យរដ្ឋពង្រីកការផ្ដល់បណ្ណ ប.ស.ស.ជូនអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ 

      អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានជំរុញឱ្យរាជរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយអំពីរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្នាក់មូលដ្ឋាន ព្រមទាំងសម្រួលនីតិវិធីចុះបញ្ជី និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ឱ្យចូលរួមក្នុងប្រព័ន្ធកាន់តែច្រើន ខណៈអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ៨៨ភាគរយ មិនទាន់ទទួលបានការគាំពារសង្គម។ ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធ» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីក្រសួង ស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព តំណាងកសិករ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។ យោងតាមឯកសាររបស់អ្នករៀបចំ សិក្ខាសាលានេះមានគោលបំណងពិភាក្សារកដំណោះស្រាយ ដើម្បីពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងជំរុញអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដោយសារបច្ចុប្បន្ន អ្នកមានការងារធ្វើប្រមាណ ៨៨% នៅកម្ពុជា ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនមិនទាន់ទទួលបានការគាំពារសង្គមគ្រប់គ្រាន់។ ទោះបីការគ្របដណ្តប់ការគាំពារសង្គមបានឈានដល់ប្រជាជនប្រមាណ ៧លាននាក់ ឬស្មើ ៤១% នៃប្រជាជនសរុបក៏ដោយ ការគាំពារភាគច្រើននៅផ្តោតលើរបបថែទាំសុខភាព ខណៈអ្នកធ្វើការក្នុងសហគ្រាសខ្នាតមីក្រូធន់តូច និងមធ្យម អាជីវកម្មគ្រួសារ និងអ្នកផ្តល់សេវាតាមថ្នាលឌីជីថល (Gig Workers) នៅតែត្រូវការយន្តការច្បាប់ និងវិធានការបន្ថែម ដើម្បីឱ្យពួកគេអាចចូលរួមក្នុងប្រព័ន្ធ ប.ស.ស. បានកាន់តែទូលំទូលាយ។ ​អ្នកសម្របសម្រួលគម្រោងគាំពារសង្គមនៃអង្គការអុកស្វាម (Oxfam) លោក តាន់ វិសាលមានប្រសាសន៍ថា ការផ្សព្វផ្សាយអំពីរបបគាំពារសង្គមនៅថ្នាក់ក្រោមជាតិ នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ ដោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ច្បាស់អំពីសិទ្ធិ អត្ថប្រយោជន៍ និងសារៈសំខាន់នៃការចូលរួមក្នុងប្រព័ន្ធ ប.ស.ស.។  លោកបានស្នើឱ្យរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយ និងពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យពាក់ព័ន្ធ ដើម្បីឱ្យព័ត៌មានអំពីការគាំពារសង្គមឈានដល់អ្នកធ្វើការក្រៅប្រព័ន្ធកាន់តែទូលំទូលាយ។ លោកមានប្រសាសន៍ថា៖ «យើងគួរតែពង្រឹងទៅលើការផ្សព្វផ្សាយថ្នាក់ក្រោមជាតិ បើយើងមើលទៅលើអាជ្ញាធរមូលដ្ឋានគាត់មិនទាន់យល់ច្បាស់អំពីទុក្ខកង្វល់អំពីកិច្ចគាំពារសង្គម អ្វីអំពីសិទ្ធិការងារ អ្វីដែលការចូលរួមរបស់កម្មករនិយោជិតនោះទេ »។ ក្នុងវេទិកាដដែល មន្ត្រីផ្នែកបច្ចេកទេសគាំពារសង្គម និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) អ្នកស្រី Helen Kirsch បានលើកឡើងថា ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមដល់អ្នកធ្វើការក្រៅប្រព័ន្ធ មិនអាចពឹងផ្អែកលើការបង់វិភាគទានដោយស្ម័គ្រចិត្តតែមួយមុខបានទេ ព្រោះបទពិសោធន៍អន្តរជាតិបង្ហាញថា ការចូលរួមបែបស្ម័គ្រចិត្តជាទូទៅ គ្របដណ្តប់បានត្រឹមប្រមាណ ១០ភាគរយប៉ុណ្ណោះនៃក្រុមគោលដៅ។ អ្នកស្រីបានបន្ថែមថា ដើម្បីធានាចីរភាពហិរញ្ញវត្ថុនៃប្រព័ន្ធ រដ្ឋាភិបាលគួរមានយន្តការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកមានចំណូលទាប កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងអភិវឌ្ឍប្រព័ន្ធឌីជីថលឱ្យងាយស្រួលប្រើប្រាស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាន់តែច្រើន។ អ្នកស្រីនិយាយថា ៖ «យើងត្រូវតែជួយទំនុកបម្រុង បន្ថែមផ្នែកហិរញ្ញវត្ថុដើម្បីហិរញ្ញវត្ថុមាននិរន្តរភាព។ យើងគិតថាដោយសារតែកត្តាពីរសំខាន់ៗ ទីមួយគឺកាត់បន្ថយរដ្ឋបាលការចំណាយរដ្ឋបាលផ្សេងៗ»។ ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចឿង ធានី មានប្រសាសន៍ថា ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមឱ្យឈានទៅរកការគ្របដណ្តប់ជាសកល មិនអាចអនុវត្តបានភ្លាមៗលើគ្រប់ក្រុមគោលដៅនោះទេ ប៉ុន្តែត្រូវអនុវត្តជាជំហានៗ ដោយផ្អែកលើការសិក្សា និងការគិតគូរយ៉ាងច្បាស់លាស់ ដើម្បីធានាចីរភាពនៃប្រព័ន្ធ។ លោកបានឱ្យដឹងថា បច្ចុប្បន្ន ការគ្របដណ្តប់របស់ ប.ស.ស. និងការបង់វិភាគទានមានការកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងសិក្សាពីការប្រើប្រាស់ថវិកាជាតិ និងកំណត់អាទិភាពសម្រាប់ក្រុមជនងាយរងគ្រោះ និងអ្នកធ្វើការក្រៅប្រព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល។ លោក ចឿង ធានី មានប្រសាសន៍ថា៖ «យើងមិនអាចធ្វើទៅទាំងអស់បានទេ ត្រូវធ្វើជាជំហានៗ ដោយត្រូវការការសិក្សាឱ្យបានស៊ីជម្រៅ»។ លោកបន្ថែមថា ការវិនិយោគថវិការដ្ឋលើវិស័យគាំពារសង្គម គួរផ្តោតលើការធ្វើឱ្យលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋប្រសើរឡើង ព្រមទាំងរៀបចំយន្តការគាំទ្រដល់ក្រុមជនងាយរងគ្រោះឱ្យសមស្រប ដើម្បីធានាថាប្រព័ន្ធសន្តិសុខសង្គមអាចបន្តដំណើរការបានដោយចីរភាព។ ក្នុងវេទិកាពិភាក្សានេះដែរ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អ្នកស្រី សែន ច័ន្ទណា បានស្នើឱ្យ ប.ស.ស. ពិចារណាសម្រួលនីតិវិធីសម្រាប់អ្នកដែលមានបណ្ណសមាជិកផុតសុពលភាព និងអ្នកខ្វះឯកសារមួយចំនួន ជាពិសេសក្រុមអ្នករើសអេតចាយ និងអ្នកធ្វើការក្រៅប្រព័ន្ធ ដោយកាត់បន្ថយការសម្ភាស និងនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បីកុំឱ្យក្រុមងាយរងគ្រោះបាត់បង់ឱកាសទទួលបានការគាំពារសង្គម។​ជាការឆ្លើយតប អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម លោក ឃុន ចាន់ណារិទ្ធ បានឱ្យដឹងថា ប.ស.ស. កំពុងបន្តពង្រីកការគ្របដណ្តប់សមាជិក និងសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីសម្រួលការចុះបញ្ជី និងការបង់វិភាគទាន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធ នៅតែចាំបាច់ ដើម្បីការពារការក្លែងបន្លំ និងធានាភាពត្រឹមត្រូវក្នុងការផ្តល់អត្ថប្រយោជន៍។ ទិន្នន័យរបស់ ប.ស.ស. បង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានសមាជិកទទួលបានការគ្របដណ្តប់ផ្នែកថែទាំសុខភាពសរុបជាង ៣,៧ លាននាក់ ក្នុងនោះមានកម្មករនិយោជិតជាង ២,២លាននាក់ បុគ្គលស្វ័យនិយោជន៍ជិត ៦៩ម៉ឺននាក់ បុគ្គលក្នុងវិស័យសាធារណៈជាង ៥២ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិកជិត ៣០ម៉ឺននាក់៕

      ២៣ កក្កដា ២០២៦សូរាជីនី ពូ

    • មនុស្សបួនរូប ត្រូវបន្តជាប់ពន្ធនាគារម្នាក់ៗ១៨ ខែក្នុងបទ «ញុះញង់» តាមអំណាចសាលដីកាសាលាឧទ្ធរណ៍

      មនុស្ស ៤ រូប ត្រូវបន្តជាប់ទោសម្នាក់ៗ ១៨ ខែ ក្នុងបទចោទ «ញុះញង់» តាមអំណាចសាលដីកាសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីកាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោស ៤ នាក់ ក្នុងចំណោមនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គម ២ នាក់ និងសកម្មជននយោបាយមកពីបក្សប្រឆាំង ២ នាក់។ ការតម្កល់នេះ គឺតម្រូវឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ១៨ ខែ និងពិន័យជាប្រាក់ ២ លានរៀល ក្រោមបទចោទ «ញុះញង់»។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានប្រាប់អ្នកសារព័ត៌មានតាមតេ​ឡេក្រាមថា៖ «សាលាឧទ្ធរណ៍ប្រកាសតម្កល់សាលក្រមលើឈ្មោះ ឆាន់ បញ្ញា, ផង់ ប្រុស, ឈ្មោះ សឿន ចាន់ដែន និងឈ្មោះ អយ ឌីណា»។ យោងតាមកំណត់ត្រារបស់អង្គការលីកាដូ អ្នកទាំង ៤ រូប រួមមាន៖ លោក ឆាន់ បញ្ញា អាយុ ៤៧ ឆ្នាំ និងលោក ផង់ ប្រុស អាយុ ៥៣ ឆ្នាំ ដែលជាសកម្មជនគណបក្សភ្លើងទៀន ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក សឿន ចាន់ដែន ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ត្រូវបានផ្តន្ទាទោសពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ កញ្ញា អយ ឌីណា ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភចំពោះការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកបញ្ចេញមតិ អ្នកចែករំលែកព័ត៌មានតាមបណ្ដាញសង្គម សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងសកម្មជននយោបាយ ដោយថាអាចប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ «អាជ្ញាធរ និងតុលាការ គួរពិចារណាឱ្យបានច្បាស់លាស់មុនធ្វើការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសដល់បុគ្គលណាមួយលើការបង្ហាញសារ បញ្ចេញមតិ ការចែករំលែកព័ត៌មានតាមបណ្តាញសង្គម និងសកម្មភាពរបស់ពួកគេ ថាមួយណាជាបទល្មើស និងមួយណាជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។ លោក អំ សំអាត បន្ថែមថា អ្នកទាំង ៤ រូប ស្ថិតក្នុងចំណោមមនុស្ស ១២៤ នាក់ ដែលអង្គការលីកាដូបានចងក្រងថា កំពុងជាប់ឃុំពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន។ ជុំវិញសេចក្តីសម្រេចនេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ យល់ថា ការតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ គឺជាការសម្រេចចិត្តទាំងអយុត្តិធម៌។ លោកទទូចឱ្យសាលាឧទ្ធរណ៍គួរតែច្រានចោលសាលក្រមសាលាដំបូង និងផ្តល់សេរីភាពដល់ពួកគាត់វិញ។ លោកក៏លើកឡើងថា ការផ្តន្ទាទោសលើការបញ្ចេញមតិ បង្កក្តីបារម្ភដល់គណបក្សនយោបាយ និងអាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិធានាដោយច្បាប់។ លោកមានប្រសាសន៍ថា៖ «វាគឺជាកង្វល់មួយរបស់គណបក្សនយោបាយ។ ហេតុអ្វីការបញ្ចេញមតិលើបញ្ហាសង្គមត្រូវមានទោស ឬមានពិរុទ្ធ ឬភ្ជាប់នឹងនយោបាយ? ការបញ្ចេញមតិគឺជាផ្នែកមួយនៃប្រជាធិបតេយ្យ។ ពលរដ្ឋ និងសកម្មជនសង្គម ឬសកម្មជននយោបាយ មានសិទ្ធិដែលធានាដោយច្បាប់ក្នុងការបញ្ចេញមតិស្រប ឬមិនស្របលើបញ្ហាសង្គម និងការអនុវត្តរបស់ស្ថាប័នជាតិ រួមទាំងរាជរដ្ឋាភិបាលផងដែរ។ ក្នុងសង្គមប្រជាធិបតេយ្យ ទស្សនៈនយោបាយ ឬសង្គមខុសគ្នាគឺគ្មានទោសទេ វាគឺជាទស្សនៈកែលម្អ»។ លោក លី សុធារ៉ាយុទ្ធ បានអំពាវនាវដល់ស្ថាប័នតុលាការថ្នាក់លើ សូមពិចារណាទម្លាក់ចោល​បទចោទលើការបញ្ចេញមតិមិនស្របរបស់ពលរដ្ឋ សកម្មជនសង្គម និងនយោបាយ ដើម្បីភាពសុខដុមក្នុងសង្គមជាតិ៕

      ២១ កក្កដា ២០២៦សូរាជីនី ពូ

    • ពលករខ្មែរ ២ នាក់ស្លាប់និង២នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកនេសាទនៅថៃ

      ពលករខ្មែរ ២ នាក់ស្លាប់ និង ២ នាក់ទៀតបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ ក្នុងហេតុការណ៍លិចទូកនេសាទនៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកម្ពុជា និងមន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិពលករនៅប្រទេសថៃ។ ពលករខ្មែរ ៤ នាក់ដែលធ្វើការលើទូកនេសាទថៃ «Chokkanya» បានជួបគ្រោះថ្នាក់ក្រោយទូកលិចនៅដែនសមុទ្រខេត្តត្រាត ប្រទេសថៃ។ អាជ្ញាធរថៃបានរកឃើញសាកសពជនរងគ្រោះ ៣ នាក់ ក្នុងនោះមានពលករកម្ពុជា ២ នាក់ និងជនជាតិថៃម្នាក់ រីឯពលករខ្មែរពីរនាក់ទៀតបាត់ខ្លួន។ យោងតាមការបង្ហោះរបស់មូលនិធិសង្គ្រោះស្វាងប៊ុនជួយខេត្តត្រាត លើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន បានឱ្យដឹងថា ទូកនេសាទថៃដែលបានបាត់ការទាក់ទង និងលិចនៅដែនសមុទ្រខេត្តត្រាត មានមនុស្សសរុប ៥ នាក់ ក្នុងនោះមានពលករកម្ពុជា ៤ នាក់ និងជនជាតិថៃម្នាក់។ ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន ៣ នាក់ហើយ។ ក្នុងនោះ នៅថ្ងៃទី១៨ ខែកក្កដា បានរកឃើញសាកសព លោក Tit Yim អាយុ ៤៧ ឆ្នាំ ជាពលករសញ្ជាតិកម្ពុជា និង លោក Tadet Putthakasem អាយុ ៣១ ឆ្នាំ ជាជនជាតិថៃ។ បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា ក្រុមសង្គ្រោះបានរកឃើញសាកសពទី៣ គឺលោក នួន វណ្ណថង (Wanthong Nuan) អាយុ ៤៤ ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា ជាជនរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទដូចគ្នា។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ថា គិតមកដល់ពេលនេះ ភាគីពាក់ព័ន្ធបានរកឃើញសាកសពពលករខ្មែរចំនួន ២ នាក់ហើយ។ ក្នុងនោះ សាកសពម្នាក់ត្រូវបានប្រគល់ជូនគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី រីឯសាកសពម្នាក់ទៀតដែលទើបរកឃើញ កំពុងស្វែងរកសាច់ញាតិដើម្បីប្រគល់ជូន។ លោកបានបញ្ជាក់ថា ក្រសួងការងារកំពុងបន្តសហការជាមួយអាជ្ញាធរថៃ ដើម្បីស្វែងរកអ្នកបាត់ខ្លួនដែលនៅសល់ និងជួយសម្របសម្រួលនីតិវិធីពាក់ព័ន្ធ។ លោកមានប្រសាសន៍ថា៖ «ទាក់ទងទៅជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ នឹងបន្តធ្វើការងារជាមួយភាគីថៃ ដើម្បីទាមទារដើម្បីឱ្យបងប្អូនយើងមានសំណងដោយស្របតាមច្បាប់ និងកិច្ចសន្យាដែលបងប្អូនយើងបានធ្វើការជាមួយនឹងនិយោជករបស់ប្រទេសថៃផងដែរ»។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Workpoint News 23 ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ទូកនេសាទ «Chokkanya» បានចេញពីកំពង់ផែ ម៉ែគីមប៉យ (Mae Kim Boi Pier) ខេត្តត្រាត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចេញនេសាទនៅសមុទ្រ។ កាសែតនៅក្នុងស្រុកថៃបន្តថា ទូកនេសាទបានទំនាក់ទំនងចុងក្រោយគេគឺនៅថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០២៦ ហើយលុះដល់ថ្ងៃទី១៣ ខែកក្កដា ក្រុមគ្រួសារ និងសមាគមអ្នកនេសាទបានជូនដំណឹងដល់អាជ្ញាធរថៃ ហើយនៅថ្ងៃទី១៤ ខែកក្កដា អាជ្ញាធរបានបើកប្រតិបត្តិការស្វែងរក ដោយសារសង្ស័យថាទូកបានជួបគ្រោះថ្នាក់នៅសមុទ្រ។ ដោយឡែក មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានលើកឡើងថា ស្ថាប័នពាក់ព័ន្ធគួរបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីតាមដានការស្វែងរក និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន ព្រមទាំងធានាថាគ្រួសារជនរងគ្រោះនឹងទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់។ លោកមានប្រសាសន៍ថា៖ «តាមពិតពាក់ព័ន្ធរឿងពលករ មន្ត្រីរដ្ឋាភិបាលជាពិសេសមន្ត្រីពាក់ព័ន្ធនោះហើយដែលជាអាណាព្យាបាលពួកគាត់ គួរតែបង្ហាញ គួរតែពិនិត្យមើល និងចុះតាមដានស្វែងរកដើម្បីបញ្ជាក់ភិនភាគឱ្យច្បាស់លាស់ថា ពលករនៅកន្លែងណា ទីណា ហើយគាត់ត្រូវបានជាផលប្រយោជន៍សម្រាប់ពួកគាត់មកវិញ»។ លោកបន្តថា៖ «ស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការណាមួយ ដើម្បីតាមដាន កុំឱ្យកើតឡើងហើយអត់មាននរណាគេអើពើជាមួយបែបនេះឡើយ។ កន្លងមកខ្ញុំបានឃើញថាមានតែអាជ្ញាធរថៃទេ ដែលគាត់តាមដានរឿងពិនិត្យនៅតាមសមុទ្រ តាមដាននិងស្វែងរកអ្នកបាត់ខ្លួននោះ»។ កាលពីថ្ងៃទី១៧ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា បុរសម្នាក់ឈ្មោះ ឃឹម ឡាញ អាយុ ៤៨ ឆ្នាំ រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត អាចជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍នេះ។ ក្រុមគ្រួសាររបស់លោកបានរៀបចំពិធីបុណ្យគម្រប់ ៧ ថ្ងៃ កាលពីថ្ងៃទី១៦ ខែកក្កដា ដោយប្រើរូបថតជំនួសសព ព្រោះមិនទាន់អាចយកសាកសពមកធ្វើបុណ្យបានឡើយ៕

      ២០ កក្កដា ២០២៦សូរាជីនី ពូ

    • គណបក្សកម្លាំងជាតិថ្វាយលិខិតស្នើព្រះមហាក្សត្រអន្តរាគមន៍ករណីលោក រ៉ុង ឈុន

      គណបក្សកម្លាំងជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្វាយលិខិតទៅកាន់ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលត្រូវបានតុលាការកំពូលផ្តន្ទាទោស និងដាក់វិធានការរឹតត្បិតសិទ្ធិមួយចំនួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងលិខិតដែលចុះហត្ថលេខាដោយប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី លើកឡើងថា សាលដីការបស់តុលាការកំពូលបានដាក់កម្រិតលើសិទ្ធិបញ្ចេញមតិ សិទ្ធិចូលរួមនយោបាយ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន រយៈពេល៥ឆ្នាំ ដែលគណបក្សយល់ថា អាចមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ គណបក្សបានស្នើឱ្យព្រះមហាក្សត្រ ក្នុងនាមជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ មេត្តាព្រះរាជទានព្រះរាជតម្រិះឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត ដើម្បីធានាការគោរពសិទ្ធិ និងយុត្តិធម៌។ លិខិតលើកឡើងថា៖«ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍ឯករាជ្យភាពនៃអំណាចតុលាការ គណបក្សកម្លាំងជាតិ ពុំមានបំណងស្នើសុំឱ្យព្រះករុណាទ្រង់ធ្វើអន្តរាគមន៍ចំពោះការវិនិច្ឆ័យរបស់តុលាការដោយផ្ទាល់ឡើយ។ សូមក្រាបបង្គំទូលថ្វាយ ស្នើសុំព្រះមេត្តាក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ ទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់បានកំណត់ ក្នុងគោលបំណងធានាបាននូវយុត្តិធម៌ ការគោរពរដ្ឋធម្មនុញ្ញ និងការការពារសិទ្ធិមនុស្ស»។ ប្រធានយុវជនគណបក្សកម្លាំងជាតិ លោក ផុន សុភា លើកឡើងថាគោលបំណងនៃការដាក់លិខិតនេះគឺដើម្បីទូលព្រះមហាក្សត្រអំពីក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស និងការបែកបាក់ក្នុងសង្គម ព្រមទាំងស្នើឱ្យព្រះអង្គពិចារណាវិធានការសម្របសម្រួល ជាពិសេសលើករណីលោក រ៉ុង ឈុន។ លោកក៏បានរិះគន់នីតិវិធីទទួលលិខិតនៅព្រះបរមរាជវាំងថា គណបក្សចង់ដាក់លិខិតដោយផ្ទាល់ទៅកាន់រដ្ឋបាល និងឱ្យមានការចុះហត្ថលេខាទទួល ប៉ុន្តែជាលទ្ធផលអាជ្ញាធរបានឆ្លើយតបមកវិញថាឲ្យដាក់ក្នុងប្រអប់សំបុត្រ ឬផ្ញើតាមមន្ត្រីប៉ូលីស ដោយមិនមានការចុះហត្ថលេខាទទួលជាផ្លូវការនោះឡើយ។ ចំណែកប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ដែលមានវត្តមានឃ្លាំមើលការដាក់ញត្តិរបស់គណបក្សកម្លាំងជាតិនៅមុខព្រះបរមរាជវាំង ថ្លែងថា ខាងខុទ្ទកាល័យព្រះបរមរាជវាំង មិនបានចេញមកទទួលលិខិតដោយផ្ទាល់ទេ ព្រោះតាមនីតិវិធី អ្នកដាក់លិខិតត្រូវណាត់ជួបជាមុន។ លោកបានណែនាំថា គណបក្សកម្លាំងជាតិអាចដាក់លិខិតតាមប្រអប់សំបុត្រ ឬប្រគល់ជូនមន្ត្រីប៉ូលីស ដើម្បីបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធ។ លោកនិយាយប្រាប់តំណាងគណបក្សថា៖« ខុទ្ធកាល័យអត់បានចេញមកទទួលនោះទេ បើជាផ្លូវការត្រូវជម្រាបជូនមុនរយៈពេលណាមួយដើម្បីខុទ្ទកាល័យគាត់បានដឹង ទី២ប្អូនអាចដាក់ផ្ញើបានតាមប្រអប់សំបុត្រ ឬក៏ប្អូនអាចផ្ញើបានតាមរយៈ មន្ត្រីម្នាក់គាត់ [ប៉ូលីស] ព្រាំនាំ ហើយប្អូនត្រូវមានលេខទូរសព្ទលេខអីដើម្បីរង់ចាំគាត់ឆ្លើយតប»។ តាមលិខិតរបស់គណបក្សកម្លាំងជាតិ ការដាក់លិខិតលើកនេះ មានគោលបំណងស្នើឱ្យព្រះមហាក្សត្រជ្រាបអំពីក្តីបារម្ភរបស់គណបក្ស និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងផលប៉ះពាល់នៃសាលដីការបស់តុលាការកំពូល និងស្នើឱ្យមានការពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត។ ប្រជាកាសែតមិនទាន់អាចរកប្រភពទាក់ទងមន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៃក្រសួងព្រះបរមរាជវាំងដើម្បីសុំការឆ្លើយតបចំពោះការដាក់លិខិតរបស់បក្សកម្លាំងជាតិនៅពេលនេះបាននៅឡើយ។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានសម្រេចព្យួរទោសដាក់ពន្ធនាគារលោក រ៉ុង ឈុន រយៈពេលសាកល្បង៣ឆ្នាំ និងភ្ជាប់វិធានការហាមឃាត់មួយចំនួន រួមមានការហាមចេញពីរាជធានីភ្នំពេញ ហាមថ្លែងសុន្ទរកថានៅវេទិកាសាធារណៈរយៈពេល៣ឆ្នាំ និងដកសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិបោះឆ្នោតរយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយការសម្រេចនេះ លោក រ៉ុង ឈុន ក៏បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យពិនិត្យករណីរបស់លោកឡើងវិញ ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយ៕

      ១៧ កក្កដា ២០២៦សូរាជីនី ពូ

    • ក្មេងស្រីវ័យជំទង់ជាជនរងគ្រោះចម្បងនៃការបំពានរូបភាពស្រើបស្រាលតាមអនឡាញនៅកម្ពុជា

      អង្គការលីកាដូបង្ហាញថាក្មេងស្រីវ័យជំទង់ជាជនរងគ្រោះចម្បងនៃការបំពានរូបភាពស្រើបស្រាលតាមអនឡាញនៅកម្ពុជា។ លីកាដូបានចងក្រងករណីពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានចំនួន ២៤ ករណី ក្នុងពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១មក ហើយក្នុងចំណោមពាក់កណ្ដាលនៃជនរងគ្រោះគឺជាក្មេងស្រីអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ។ អង្គការលីកាដូអំពាវនាវឱ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាការការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព។ យោងតាមលីកាដូផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះលើកឡើងថា ជាងមួយភាគបីនៃករណីទាំងនោះ ជាករណីដែលបានកើតមានឡើងនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ហើយការចងក្រងទាំងនេះ អាចគ្រាន់តែបង្ហាញឱ្យឃើញជាផ្នែកតូចមួយនៃចំនួនករណីបែបនេះ។ ការចងក្រងបញ្ជាក់ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន រួមមានការថត ការចែកចាយ ឬការគំរាមកំហែងថានឹងចែកចាយរូបភាព ឬវីដេអូស្រើបស្រាលរបស់បុគ្គលណាម្នាក់ ដោយគ្មានការយល់ព្រម។ រូបភាពទាំងនោះអាចជារូបភាពពិត ឬរូបភាពដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ អង្គការ លីកាដូ បានចងក្រង៖ «ជនល្មើសបានប្រើរូបភាពស្រើបស្រាលទាំងនេះ ដើម្បីបង្ខិតបង្ខំ បំបិទមាត់ និងគ្រប់គ្រងស្ត្រី និងក្មេងស្រី។ ក្នុងករណីយ៉ាងតិច ១០ ដែលត្រូវបានចងក្រង ជនល្មើសបានចែកចាយរូបភាព ឬវីដេអូស្រើបស្រាលតាមអ៊ីនធឺណិត ឬផ្ញើទៅកាន់ក្រុមគ្រួសារ ឬសហគមន៍ដែលស្ត្រី ឬក្មេងស្រីរងគ្រោះកំពុងរស់នៅ»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន គឺជាប្រភេទមួយនៃអំពើហិង្សាផ្អែកលើយេនឌ័រ។ លោកបន្តថាមូលហេតុដែលករណីនេះមានការកើនឡើង គឺដោយសារការអនុវត្តច្បាប់នៅមិនទាន់មានភាពច្បាស់លាស់ និងម៉ឺងម៉ាត់ ការខ្វះកិច្ចការពារជនរងគ្រោះ និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតរូបភាពក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ «ដោយសារការមិនទាន់ទទួលស្គាល់ជាសាធារណៈថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានជាបទល្មើស ទើបការអនុវត្តច្បាប់នៅមានភាពស្រពិចស្រពិល និងធូរលុងលើបទល្មើសនេះ។ ច្បាប់ស្តីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងក្រមព្រហ្មទណ្ឌ ក៏មានកំណត់បទល្មើស និងដាក់ទោសលើអំពើមួយចំនួនដែលទាក់ទងការប្រើប្រាស់រូបភាពស្រើបស្រាល និងអាសអាភាស ដូច្នេះសមត្ថកិច្ចគឺអនុវត្តឱ្យមានប្រសិទ្ធភាព»។ លោកបន្តថាដោយសារការដែលមិនទាន់ទទួលស្គាល់ជាសាធារណៈ ថាទង្វើទាំងអស់នេះជាបទល្មើស ទើបធ្វើឱ្យជនរងគ្រោះមិនទាន់មានទំនុកចិត្តក្នុងការស្វែងរកកិច្ចគាំពារ និងការពារចំពោះខ្លួន និងភាគច្រើនមិនបានប្តឹង ឬរាយការណ៍ទៅសមត្ថកិច្ច ម្យ៉ាងទៀតសមត្ថកិច្ចមួយចំនួនក៏នៅមិនទាន់ប្រាកដថាទង្វើទាំងនេះជារឿងខុសច្បាប់។ លោកនិយាយថា៖ «គ្មាននរណាម្នាក់គួរតែត្រូវបានគេធ្វើឱ្យមានអារម្មណ៍ខ្មាសអៀន ឬរងការស្តីបន្ទោស ដោយអ្នកដទៃបានរំលោភបំពានឯកជនភាព ឬទំនុកចិត្តរបស់សាមីខ្លួនឡើយ។ ទង្វើនៃការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាសដោយរំលោភបំពាន គឺជាអំពើខុសច្បាប់។ ជនរងគ្រោះដោយការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាស ប្រឈមនឹងផលប៉ះពាល់ដូចជា៖ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត ការផ្តាច់ខ្លួនចេញពីគ្រួសារ សហគមន៍ បោះបង់ការសិក្សា ពួកគេបាក់ទឹកចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត មិនហ៊ានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងការរំលោភបំពានបែបនេះ ឬឈានដល់ការធ្វើអត្តឃាត»។ ជុំវិញរឿងនេះ លីកាដូ អំពាវនាវឱ្យរាជរដ្ឋាភិបាលទទួលស្គាល់ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានថា ជាទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាផ្អែកលើយេនឌ័រ ពង្រឹងសមត្ថភាពអាជ្ញាធរអនុវត្តច្បាប់ និងតុលាការ ធានាការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះ ប្រើប្រាស់បទល្មើសព្រហ្មទណ្ឌដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃអំពើនេះ។ លីកាដូលើកឡើងថា៖ «ធានានូវការទទួលបានយុត្តិធម៌ និងសេវាកម្មគាំទ្រ ដែលផ្តោតសំខាន់លើជនរងគ្រោះ គ្មានការស្តីបន្ទោស និងការរើសអើងលើជនរងគ្រោះ។ ជនរងគ្រោះគួរតែអាចជ្រើសរើសអាជ្ញាធរ ដែលជាស្រី្ត ឬបុរស ដែលពួកគេអាចទុកចិត្តសហការជាមួយនឹងពួកគេ ហើយរូបភាពស្រើបស្រាល មិនគួរអនុញ្ញាតឱ្យអាជ្ញាធរច្រើននាក់ មានសិទ្ធិអំណាចមើលបាននោះទេ ហើយអ្នកដែលមានសិទ្ធិមើលរូបនោះ ត្រូវគោរពឱ្យបាននូវសិទ្ធិឯកជនភាព និងការសម្ងាត់យ៉ាងតឹងរ៉ឹងបំផុត»។ លីកាដូបន្ថែមថា អ្នកដែលមានបញ្ហាដូចខាងលើនេះអាចផ្តល់ព័ត៌មានទៅកាន់អង្គការដោយធានាថាជាការសម្ងាត់ និងគ្មានការរើសអើង។ លីកាដូនិយាយថា៖ «ប្រសិនបើអ្នករងគ្រោះពីអំពើនៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន អ្នកមិនឯកោទេ។ ស្ត្រី និងក្មេងស្រីជាច្រើននាក់ បានជួបប្រទះបញ្ហាស្រដៀងគ្នានេះ ហើយអ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់អ្នកទេ ។ អង្គការ លីកាដូ ផ្តល់ព័ត៌​មានពាក់ព័ន្ធនឹងជម្រើសមួយចំនួនដល់អ្នក ដោយធានាការសម្ងាត់ និងគ្មានការរើស​អើង»។ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថាកម្ពុជាមានច្បាប់សម្រាប់ការពារកុមារ និងផ្ដន្ទាទោសការរំលោភបំពានលើអនីតិជនរួចហើយ ប៉ុន្តែការអនុវត្តច្បាប់គួរតែមានប្រសិទ្ធភាព និងស្មើភាពគ្នាចំពោះមុខច្បាប់។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល ពង្រឹងកិច្ចសហការជាមួយអាជ្ញា​ធរ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការរំលោភបំពានកុមារ និងស្ត្រី។ លោកបន្តថា៖ «ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល បើយើងចង់ឃើញការចាត់វិធានការទៅតាមច្បាប់ជាតិនិងអន្តរជាតិ គឺត្រូវតែមានការសហការរវាងអាជ្ញាធរសមត្ថកិច្ចជាមួយមហាជន ឱ្យបានដឹងឮដល់ប្រជាពលរដ្ឋ មិនថានៅតាមសាលារៀន និងកន្លែងសាធារណៈឡើយ»។ លោកបន្តថា៖ «អ៊ីចឹងខ្ញុំថាការបង្ហាញរបស់អង្គការលីកាដូមួយផ្នែកតូចនេះ គឺថាជាការដាស់តឿនដល់រដ្ឋាភិបាល។ ក្នុងនាមជាអង្គការសង្គមស៊ីវិលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដែលមានអាយុកាលជាង ៣០ ឆ្នាំ ក៏រួមចំណែកជួយស៊ើបអង្កេតស្រាវជ្រាវ កុំឱ្យប្រទេសជាតិមួយក្លាយជាអនាធិបតេយ្យ» អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត មិនបានឆ្លើយតបនឹងអ្នកសារព័ត៌មានភ្លាមៗនោះទេ៕ 

      ១៥ កក្កដា ២០២៦សូរាជីនី ពូ

    • កម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ

      បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ។ បុរសម្នាក់នោះឈ្មោះ នុន ធីតា ជាសកម្មជនគាំទ្រគណបក្សកម្លាំងជាតិ ប្រចាំឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ លោក នុន ធីតា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រោះតែគាត់ពាក់អាវដែលមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ក្នុងពេលចូលរួមលើកស្លាកគណបក្ស។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិខេត្តស្វាយរៀង។ ប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ លោក សោម មនោសុវណ្ណ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃការឃាត់ខ្លួនលោក នុន ធីតា នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងការស៊ើបសួរ ហើយគណបក្សកំពុងតាមដានករណីនេះ។ លោកបានរៀបរាប់ថា លោក នុន ធីតា បានចូលរួមសកម្មភាពលើកស្លាកគណបក្សនៅថ្ងៃទី១១ ខែកក្កដា ហើយក្រោយបញ្ចប់សកម្មភាពនៅថ្ងៃដដែល សមត្ថកិច្ចបានទៅឃាត់ខ្លួនលោកនៅលំនៅឋាន។ លោកអះអាងថា ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឱ្យលោក ឬក្រុមគ្រួសារបានឃើញនោះទេ។ លោកលើកឡើងថា៖ «សូមសំណូមពរទៅកាន់សមត្ថកិច្ច សុំគ្រាន់តែថាត្រឹមធ្វើកិច្ចសន្យា ហើយឱ្យគាត់ឈប់ពាក់អាវខេមរភូមិន្ទ (អាវទាហានប៉ារ៉ា) ហើយឱ្យមកផ្ទះវិញមក ព្រោះធ្វើដោយសារតែការភាន់ច្រឡំដែរ ហើយក្នុងគោលការណ៍របស់គណបក្សក៏មិនបានឱ្យពាក់អាវអីចឹងដែរ»។ ទន្ទឹមនឹងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះអាចនាំឱ្យមានការរិះគន់បន្ថែម ប្រសិនបើការអនុវត្តច្បាប់មិនមានភាពច្បាស់លាស់។ លោកបន្ថែមថា ការពាក់ឯកសណ្ឋានដែលមានសញ្ញាសម្គាល់ជាផ្លូវការរបស់កងកម្លាំង អាចផ្ទុយនឹងច្បាប់ ប៉ុន្តែបើជាឯកសណ្ឋានស្រដៀងដែលមិនមានសញ្ញាសម្គាល់ អាជ្ញាធរគួរពិនិត្យឱ្យបានហ្មត់ចត់មុនសម្រេចចោទប្រកាន់ ឬឃុំខ្លួន។ លោកបន្តថា៖ «ករណីនេះគួរតែពិនិត្យមើលឱ្យបានច្បាស់លាស់ដែរ បើសិនជាខោអាវស្លៀកពាក់ឯកសណ្ឋាននោះមិនមានសញ្ញាសម្គាល់ជាអង្គភាព ឬក៏ជាកងកម្លាំងទេ ខ្ញុំគិតថាអាជ្ញាធរនិងតុលាការលោកគួរតែពិនិត្យពិចារណាទៅលើចំណុចទាំងអស់មុននឹងធ្វើការចោទប្រកាន់ ឬក៏ឃុំខ្លួនណាមួយ ដើម្បីបញ្ចៀសនូវការរិះគន់»។ អ្នកសារព័ត៌មានបានព្យាយាមទាក់ទង អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ឈុងហេង និងស្នងការដ្ឋាននគរ​បាលខេត្តស្វាយរៀង ប៉ុន្តែមិនទាន់ទទួលបានការបញ្ជាក់លម្អិតជុំវិញករណីនេះនៅឡើយទេ៕

      ១៤ កក្កដា ២០២៦សូរាជីនី ពូ

    • ទឹកជំនន់ភ្លៀងកំពុងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ តាមស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញ

      ទឹកជំនន់ភ្លៀងកំពុងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដាស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញដែលរួមមាន ខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុជាដើម ។ អាជ្ញាធរជាតិ និងមូលដ្ឋានកំពុងតាមដានស្ថានការណ៍ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ ខណៈប្រជាពលរដ្ឋ និងអ្នកទេសចរត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តព្រះសីហនុជាដើម ប៉ុន្តែមិនទាន់បង្កឱ្យមានការបាត់បង់អាយុជីវិតនោះទេ។ លោកបានឱ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានត្រៀមកម្លាំង មធ្យោបាយ និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើទឹកបន្តកើនឡើង ហើយការតាមដានស្ថានភាពអាកាសធាតុក៏កំពុងធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ លោកលើកឡើងថា៖ «យើងកំពុងតាមដានស្ថានភាពអាកាសធាតុដែលនៅតែមានលក្ខណៈអាប់អួ និងមានភ្លៀងរលឹមជាប្រចាំ។ ហើយបើសិនជាក្នុងករណីមានភ្លៀងខ្លាំង អាហ្នឹងក៏អាចបង្កឱ្យមានទឹកជំនន់បន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្ដី យើងបានត្រៀមលក្ខណៈ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ក្រោមការគ្រប់គ្រង ក្រុមមន្ត្រី និងស្ថាប័នពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និងជូនដំណឹងឱ្យទាន់ពេលវេលាដល់តំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់»។ ពីស្រុកសំឡូត ខេត្តបាត់ដំបង នាយប៉ុស្តិ៍ស្ដីទីនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត លោក ឯក រស្មី បានឱ្យដឹងថា ភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃបានធ្វើឱ្យទឹកឡើងខ្លាំង លិចផ្លូវ និងមានការបាក់ដីនៅតំបន់ជាប់ព្រំដែន។ ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត ឬមានផ្ទះប្រជាពលរដ្ឋរងការលិចលង់នៅឡើយទេ។ លោកមានប្រសាសន៍ថា៖ «អាជ្ញាធរភូមិ ឃុំ បានរាយការណ៍ស្ថានភាពជាបន្តបន្ទាប់ ហើយកម្លាំងនគរបាល អធិការដ្ឋាន វរការពារព្រំដែន និងកងទ័ព បានសហការគ្នាប្រចាំការ ២៤ម៉ោង ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ប្រសិនបើមានគ្រោះអាសន្នកើតឡើង»។ លោកបន្ថែមថា លោកតែងផ្សព្វផ្សាយព័ត៌មាន និងលេខទូរសព្ទទំនាក់ទំនងតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋអាចរាយការណ៍បានទាន់ពេលវេលា ប្រសិនបើមានស្ថានភាពគ្រោះថ្នាក់។ ចំណែកនៅស្រុកស្រែអំបិល ខេត្តកោះកុង អភិការរងទទួលសេនាធិការ លោក ឈន សុខម បានឱ្យដឹងថា ភ្លៀងបានធ្លាក់ជាប់គ្នារយៈពេលបីថ្ងៃ ធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវនៅឃុំដងពែង និងតំបន់មួយចំនួន។ ជុំវិញរឿងនេះ អាជ្ញាធរកំពុងបិទចំណុចផ្លូវដែលមានហានិភ័យ និងត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។ លោកបានអំពាវនាវថា៖ «អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ អាចធ្វើដំណើរបានធម្មតា ប៉ុន្តែត្រូវបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវរអិលដោយសារភ្លៀង។ រីឯការធ្វើដំណើរទៅតំបន់ទេសចរណ៍លេងទឹក គួរផ្អាកជាបណ្តោះអាសន្ន»។ យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលឃុំជីផាត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅឃុំជីផាត ខេត្តកោះកុង រដ្ឋបាលឃុំបានសម្រេចផ្អាកដំណើរការសាឡាងជាបណ្តោះអាសន្ន ដោយសារកម្រិតទឹកព្រែកកើនឡើង និងមានចរន្តទឹកហូរគំហុក ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ យោងតាមក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ភ្នំខ្នងផ្សារផងដែរ បន្ទាប់ពីមានទឹកហូរគំហុកពីតំបន់ភ្នំ។ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជម្លៀសអ្នកទេសចរចំនួន ៥៥១នាក់ ចេញពីតំបន់ជាប់គាំង មកកាន់ទីតាំងមានសុវត្ថិភាព ព្រមទាំងបានផ្តល់ស្បៀងអាហារ និងកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ដោយឡែក រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានជូនដំណឹងថា កម្រិតទឹកស្ទឹងសង្កែកំពុងកើនឡើង និងបានបើកទ្វារទឹកនៃទំនប់ពហុបំណងបាត់ដំបងចំនួន ៣ទ្វារ ដើម្បីរំដោះទឹក។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹង និងតំបន់ទំនាប បង្កើនការប្រុងប្រយ័ត្ន និងត្រៀមផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។ អាជ្ញាធរជាតិ និងមូលដ្ឋានបានអះអាងថា កម្លាំងសង្គ្រោះ និងមធ្យោបាយអន្តរាគមន៍ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ ខណៈស្ថានភាពអាកាសធាតុនៅបន្តមានភ្លៀងរលឹម និងអាចមានជំនន់ទឹកភ្លៀងបន្ថែមនៅតំបន់ងាយរងគ្រោះ។ គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានីយជលសាស្ត្របានបង្ហាញថា កម្រិតទឹកនៅទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មានការកើនឡើងខ្ពស់ខុសពីធម្មតា។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ទំនាប តាមដានព័ត៌មានជាប្រចាំ និងត្រៀមលក្ខណៈបង្ការគ្រោះទឹកជំនន់។ ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីឥទ្ធិពលព្យុះទី៩ ឈ្មោះ «បាវី» (T2609 Bavi) ដែលបានជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតំបន់មួយចំនួន ជាពិសេសនៅខេត្តកោះកុង បាត់ដំបង កំពង់ស្ពឺ និងតំបន់ភ្នំជាដើម។ នេះបើតាមការប្រកាសជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងជំនាញនេះបានផ្សព្វផ្សាយជាសាធារណៈថា ព្យុះទី៩ «បាវី» នេះ បានបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់នៅស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ឆ្នេរ តំបន់ភ្នំ និងខេត្តជាប់អាងទន្លេមេគង្គ៕

      ១៣ កក្កដា ២០២៦សូរាជីនី ពូ

    • មនុស្សជាង២០០នាក់ជួបជុំគ្នាទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី

      ប្រជាពលរដ្ឋ សកម្មជន យុវជន តំណាងសហជីព អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលប្រមាណជាង ២០០ នាក់ បានជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។ អ្នកចូលរួមនៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកយុត្តិធម៌ពេញលេញជូនលោកបណ្ឌិត កែម ឡី និងគ្រួសារ។ ពិធីសូត្រមន្តឧទ្ទិសកុសល និងរម្លឹកវិញ្ញណក្ខន្ធឆ្នាំនេះ មិនមានវត្តមានព្រះសង្ឃចូលរួមនោះទេ ដោយពិធីនេះ ត្រូវបានដឹកនាំដោយអាចារ្យសូត្រឧទ្ទិសកុសលជូនលោក។ អ្នករៀបចំពិធីបានលើកឡើងថា ការមិនមានព្រះសង្ឃចូលរួម គឺដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់ ឬសម្ពាធដែលអាចកើតមានចំពោះព្រះសង្ឃ ដូចដែលធ្លាប់កើតឡើងកន្លងមក។ កាលពីឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមនបានហាមឃាត់ការប្រារព្ធពិធីរំលឹកជាសាធារណៈ ខណៈសកម្មជនយុវជន និងព្រះសង្ឃមួយចំនួនត្រូវបានរារាំងមិនឱ្យចូលរួមរំលឹកខួប៤ឆ្នាំនៃការស្លាប់របស់បណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច។ ប៉ុន្តែសម្រាប់ការប្រារព្ធនៅឆ្នាំនេះ អាជ្ញាធរមិនបានដាក់កម្លាំង ឬរបាំងរារាំងអ្នកចូលរួមឡើយ ដោយគ្រាន់តែមានសមត្ថកិច្ចមួយចំនួនស្លៀកពាក់ស៊ីវិលចូលរួមឃ្លាំមើលការជួបជុំប៉ុណ្ណោះ។ ថ្លែងនៅចំពោះមុខអ្នកចូលរួម ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តរំលឹកដល់វីរភាពរបស់បណ្ឌិត កែម ឡី ជារៀងរាល់ថ្ងៃទី១០ ខែកក្កដា។ លោកមានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំសូមអំពាវនាវដល់កូនខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យតែដល់ថ្ងៃទី១០ ខែកក្កដា ត្រូវតែរួមគ្នាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី»។ លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិនិត្យ និងស៊ើបអង្កេតឡើងវិញលើករណីសម្លាប់បណ្ឌិត កែម ឡី និងសកម្មជនដទៃទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា ការរំលឹកខួបបណ្ឌិត កែម ឡី គឺជាការចងចាំនូវវីរភាព និងគុណតម្លៃដែលលោកបានបន្សល់ទុកសម្រាប់សង្គម ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។ លោកមានប្រសាសន៍ថា៖ «ទោះបីជាលោកបណ្ឌិត កែម ឡី បានបាត់បង់ជីវិតទៅហើយក៏ដោយ ប៉ុន្តែអ្វីដែលគាត់បានសាបព្រោះ និងបន្សល់ទុក នឹងត្រូវបានយុវជនជំនាន់ក្រោយបន្ត ដើម្បីជាតិ និងការហ៊ាននិយាយការពិតនៅក្នុងសង្គម»។ លោក អំ សំអាត ក៏បានបញ្ជាក់ផងដែរថា អង្គការសង្គមស៊ីវិលនៅតែបន្តទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានពេញលេញ ដើម្បីស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។ មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ បានសម្តែងការសោកស្តាយចំពោះការបាត់បង់បណ្ឌិត កែម ឡី ដោយចាត់ទុកលោកជាគំរូនៃការហ៊ានលើកឡើងពីបញ្ហាសង្គម និងនិយាយការពិត។ កញ្ញា បានដកស្រង់ពាក្យមួយដែលបណ្ឌិត កែម ឡី ធ្លាប់លើកឡើងថា៖ «បើទោះបីជាយើងមិនបានធ្វើអ្វីសោះ ក៏គង់តែទទួលរងគ្រោះ ដែលគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។ កញ្ញាបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រឆាំងអយុត្តិធម៌ និងកសាងសង្គមដែលមានយុត្តិធម៌។ ក្រោយចប់ពិធីជួបជុំនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមអ្នកចូលរួមបាននាំគ្នាធ្វើដំណើរទៅកាន់វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើពិធីសាសនាបន្ត។ វត្តពោធិយារាមនេះហើយ ដែលសពរបស់បណ្ឌិត កែម ឡី ត្រូវបានតម្កល់ធ្វើបុណ្យនៅទីនោះ កាលពីឆ្នាំ២០១៦ មុនត្រូវបានដង្ហែទៅបញ្ចុះនៅគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ជុំវិញការទាមទារឱ្យមានការស៊ើបអង្កេតបន្ថែមលើឃាតកម្មបណ្ឌិត កែម ឡី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ លើកឡើងថា ការទាមទារនេះ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋស្ថិតនៅក្នុងប្រទេសដែលអនុវត្តប្រជាធិបតេយ្យដូចកម្ពុជា។ លោកបន្តថា៖« អ៊ីចឹងគាត់មានសិទ្ធិចង់បាននេះចង់បាននោះជាសិទ្ធិរបស់គាត់ ហើយហ្នឹងបង្ហាញប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែពួកគាត់មានសិទ្ធិ ពួកគាត់ក៏ត្រូវគោរពចំពោះការសម្រេចចិត្តរបស់តុលាការដែរ ចឹងការទៅតុលាការគេសម្រេចយ៉ាងណាគេបើកការស៊ើបអង្កេតឆន្ទានុសិទ្ធិរបស់តុលាការក្នុងការកាត់សេចក្តីរកឃើញបែបណា នោះគឺជាសិទ្ធិរបស់តុលាការកុំគ្រាន់តែទាមទារឲ្យគេគោរពសិទ្ធិ ឬក៏អនុវត្តតាមការទាមទាររបស់ខ្លួន ប៉ុន្តែមិនគោរពសិទ្ធិរបស់គេវិញមិនដឹងថា គួរតែស្ថិតនៅក្នុងការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ»។ គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

      ១០ កក្កដា ២០២៦ស៊ា អុឺង

    • សង្គមស៊ីវិលនិងសកម្មជនសិទ្ធិមនុស្សធ្វើបុណ្យរំលឹកខួប១០ឆ្នាំទាមទារយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី​

      មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្តបង្សកូល ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនៃមរណភាពរបស់លោក ដោយមានអ្នកចូលរួមជាង ៤០នាក់។ កម្មវិធីនេះក៏មានកិច្ចពិភាក្សារយៈពេលជិតមួយម៉ោងក្រោមប្រធានបទ «ការចងចាំលោកបណ្ឌិត កែម ឡី» ដែលវាគ្មិនជាច្រើនបានចែករំលែកអនុស្សាវរីយ៍ ទស្សនៈ និងការប្តេជ្ញាបន្តគុណតម្លៃដែលលោកបានបន្សល់ទុក។ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) លោក នី សុខា បានរំលឹកពីបទពិសោធន៍របស់លោកជាមួយលោកបណ្ឌិត កែម ឡី ក្នុងអំឡុងពេលដែលលោកជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦។ លោកបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី បានខិតខំផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ព្រមទាំងពិភាក្សាអំពីស្ថានការណ៍នយោបាយ និងសង្គមនៅពេលនោះ។ លោក នី សុខា បានកោតសរសើរភាពក្លាហានរបស់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយការពិត និងលះបង់ពេលវេលាជាមួយគ្រួសារ ដើម្បីបម្រើផលប្រយោជន៍សង្គម និងប្រទេសជាតិ។ លោកថ្លែងថា៖ «មានឃ្លាមួយដែលខ្ញុំចងចាំគាត់និយាយ គឺទឹកចិត្តប្រជាពលរដ្ឋ។ ទោះបីជាពេលនេះគាត់បានស្លាប់មែន ប៉ុន្តែឆន្ទៈ និងស្មារតីរបស់គាត់នៅរស់ក្នុងទឹកចិត្តមហាជន។ ប៉ុន្តែស្មាតីគាត់ មនសិការគាត់អត់ស្លាប់ទេគឺនៅក្នុងស្រទាប់មហាជន»។ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី លោក នី សុខា បានលើកឡើងថា សាធារណជនជាច្រើននៅតែបន្តទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ដោយលោកយល់ថា ការស្វែងរកយុត្តិធម៌នៅមិនទាន់បានបញ្ចប់នៅឡើយ។ លោកមានប្រសាសន៍ថា៖ «រឿងយុត្តិធម៌សម្រាប់គាត់មិនអាចស្ងប់បានទេព្រោះគាត់ជាអ្នកស្រឡាញ់យុត្តិធម៌ដែលកាលគាត់នៅរស់ ។ មិនមែន[ត្រឹមតែ]លោកបណ្ឌិតមិនស្ងប់ទេ សូម្បីតែប្រជាពលរដ្ឋយើងភាគច្រើននៅតែមិនស្ងប់ដែរ»។ សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា បានថ្លែងថា ខួប ១០ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី គឺជាពេលដែលប្រជាពលរដ្ឋគួររំលឹកដល់គុណតម្លៃ និងស្មារតីជាតិនិយមរបស់លោក ជាជាងគ្រាន់តែរំលឹកអំពីការស្លាប់។ លោកថ្លែងប្រាប់ថា៖«ខ្ញុំមានសារពីរ ទី១ ស្លាប់ឲ្យដូចលោកបណ្ឌិត [កែម ឡី] (មិនមែនស្លាប់ដោយសារការលួចសម្លាប់នរណាម្នាក់ទេ) ស្លាប់ដូចលោកបណ្ឌិតចង់សម្តៅថាស្លាប់ដោយ បន្សល់ទុកនូវកិត្តិយស ស្លាប់ដោយបន្សល់ទុកនូវស្មារតីជាតិនិយម បន្សល់ទុកនូវគំនិតយោបល់សម្រាប់ដោះស្រាយសង្គម។ [ទី២]រស់ឲ្យដូចដើមឈើចង់សម្តៅថា ដើមឈើវាយ៉ាងហោចណាស់ជាម្លប់សម្រាប់អ្នកកាប់ដើមឈើដែរ ចង់ផ្តាំអ្នកកាប់ឈើត្រូវគិតថា យ៉ាងហោចណាស់ជាម្លប់សម្រាប់ខ្លួនឯងដែរ។ លោកបន្តថា៖«គួរតែបន្តលើកទឹកចិត្ត គួរតែបន្តដាំដើមឈើឲ្យបានច្រើន គួរតែស្រោចទឹកឲ្យបានល្អ កុំតែដើមឈើលូតបន្តិចបន្តួចកាប់សម្លាប់ វាមិនមែនជាជម្រើសល្អសម្រាប់ដឹកនាំសង្គមនោះទេ»។ ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានលើកឡើងថា ពាក្យសម្តីរបស់លោកបណ្ឌិត កែម ឡី នៅតែជាកម្លាំងចិត្តសម្រាប់អ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ។ អ្នកស្រីបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី ធ្លាប់រំលឹកថា អ្នកតស៊ូមតិគួរត្រៀមខ្លួនសម្រាប់ «វីសា» បីប្រភេទ គឺវត្ត ពេទ្យ និងពន្ធនាគារ ដែលអ្នកស្រីចាត់ទុកថាជាការដាស់តឿនឱ្យអ្នកការពារសិទ្ធិមនុស្សត្រៀមខ្លួនប្រឈមនឹងការលំបាកក្នុងបេសកកម្មរបស់ខ្លួន។ អ្នកស្រីលើកឡើងថា៖«អ្វីដែលខ្ញុំអាចចូលរួមចំណែកខ្ញុំអាចធ្វើបន្តទៅមុខទៀតបានយកអ្វីដែលចែករំលែករបស់គាត់ ការលើកឡើងរបស់គាត់ហ្នឹង បន្តដំណើរទៅមុខទៀតដោយយើងអត់បោះបង់ទេ។ បើសិនជាយើងក្រុមវិស័យការងារឬក៏អ្នកស្រឡាញ់គ្រប់វិស័យការងារទាំងអស់ ចូលរួមសាមគ្គីភាពគ្នាថ្ងៃណាមួយគាត់នឹងបានយុត្តិធម៌»។ អ្នកស្រីបន្ថែមថា ការបង្កើតសាមគ្គីភាពក្នុងចំណោមអ្នកការពារសិទ្ធិ និងកម្មករ គឺជាវិធីមួយដើម្បីបន្តស្មារតី និងបេសកកម្មដែលលោកបណ្ឌិត កែម ឡី បានបន្សល់ទុក។ ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនេះ អង្គការសង្គមស៊ីវិលជាច្រើន រួមមាន អង្គការសង់ត្រាល់ (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) សមាគមអាដហុក (ADHOC) និងអង្គការដទៃទៀត បានរៀបចំសកម្មភាពផ្សេងៗ ដូចជាការបង្ហោះសារលើបណ្តាញសង្គម ផ្សព្វផ្សាយវីដេអូអំពីទស្សនៈ និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ព្រមទាំងអញ្ជើញសាធារណជនចូលរួមបញ្ចេញមតិស្វែងរកយុត្តិធម៌ជាដើម។ នៅថ្ងៃទី៩ ខែកក្កដា អង្គការមួយចំនួនបានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ រីឯនៅថ្ងៃទី១០ ខែកក្កដា ក្រុមសង្គមស៊ីវិលគ្រោងជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ដែលជាកន្លែងលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។ គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

      ៩ កក្កដា ២០២៦សូរាជីនី ពូ

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News