អាជ្ញាធរខេត្តមួយចំនួនប្រកាសលុបបំបាត់ Online Scamsឱ្យអស់ បន្ទាប់ពីរដ្ឋាភិបាលចាប់ ជេន ហ្ស៊ី
រដ្ឋបាលខេត្តមួយចំនួនរួមមានខេត្តស្វាយរៀង និងខេត្តបាត់ដំបងជាដើមបានប្រកាសលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីភូមិសាស្ត្រខេត្តរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍គ្រុបលោក ជេនហ្ស៊ី និងប្រកាសបើកយុទ្ធនាការក្ដៅបង្ក្រាប Online Scams។ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀងស្នើម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ សហការផ្សព្វផ្សាយពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាយការណ៍ករណីសង្ស័យទៅកាន់សមត្ថកិច្ច និងហាមម្ចាស់ទីតាំងទាំងនោះកុំទទួលឱ្យជនបរទេសទាំងឡាយដែលគ្មានឯកសារច្បាស់លាស់ស្នាក់នៅឱ្យសោះ។ សេចក្តីជូនដំណឹងបន្តថា៖ «មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬ អាគារណាមួយដែលនៅជិតៗនោះ[…]ចំពោះជន ឬក្រុមដែលជាមុខសញ្ញា នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅ ក្នុងគ្រប់រូបភាពជាបន្ទាន់»។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏ព្រមានចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងល្មើសក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS)។ រីឯអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានប្ដេជ្ញាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ ដោយលោកបានជំរុញដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវរួមគ្នាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ ព្រោះថាបញ្ហានេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបង។ ចៅហ្វាយ ខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តកំពង់ស្ពឺរួមគ្នាកំចាត់ឧក្រឹដ្ឋកម្មឆបោកអនឡាញដែរ។ការជំរុញនេះធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅថ្មីៗនេះ។ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រវិធានការរបស់រដ្ឋបាលខេត្តទាំងនោះ ដោយចាត់ទុកថា វាជាចំណាត់ការក្ដៅមួយទៅលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ។ ក៏ប៉ុន្តែលោកបណ្ឌិតសង្កេតឃើញថា ប្រតិបត្តិការនៃ Online Scams ទាំងនោះ ហាក់មានដំណើរការជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែអាជ្ញាធរមិនចាត់វិធានការក្ដៅ។ លោកថា៖ «សំណួរវាឋិតនៅត្រង់ថា ដែលពីមុនមកយើងមិនអាចធ្វើបានដោយសារអី? ដោយសារតែគ្មានភ្លើងខៀវពីរដ្ឋាភិបាល ឬដោយសារយើងមិនបានធ្វើការ សម្រាប់អាជ្ញាធរមូលដ្ឋានគឺមិនបានគិតគូរ ពិនិត្យមើលរឿងហ្នឹងដោយខ្លួនឯងពីមុនមក។ យើងកុំចាំដល់ពេលរដ្ឋាភិបាលចេញវិធានការបានយើងក្រកូកប្រកាសប្ដេជ្ញាចិត្តតាមក្រោយអាហ្នឹងវាមិនទាន់បង្ហាញអំពីការទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរមូលដ្ឋានដែលត្រូវមើលសុខទុក្ខរាស្ត្រ»។ ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានសាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក៏ប៉ុន្តែលោក រ៉ុង ឈុន យល់ឃើញថា វិធានការរបស់រដ្ឋបាលខេត្តទាំងនោះហាក់មិនអាចសម្រេចជោគជ័យបានឡើយ ដោយលោកប្រៀបប្រដូចទៅនឹង «ការវែកចក»។ លោកថា៖ «បើមានចេតនា មានមនសិកា ឧត្តគតិបោសសម្អាតពិតប្រាកដ ចង់ឱ្យលុបបំបាត់បានពិតប្រាកដ ត្រូវតែបោសពីលើ ហើយត្រូវចាប់មេក្លោងដែលពាក់ព័ន្ធអាហ្នឹងបានបោសសម្អាតបានហើយជោគជ័យហើយ ប៉ុន្តែបើបោសដូចរាល់ថ្ងៃនេះ យើងមើលទៅវាមិនទាន់គ្រាប់គ្រានទេ វាដូចវែកចកអ៊ីចឹង ជាការដូចពពុះសាប៊ូអ៊ីចឹង បន្តិចទៅវាប្រមូលមកវិញទៀតហើយ»។ ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះក៏មិនភ្លេចនូវការចាត់វិធានការរបស់រដ្ឋាភិបាលកម្ពុជាដោយបានបញ្ជូនលោក Chen Zhi និងសហការីពីរនាក់ផ្សេងទៀតទៅប្រកាន់ប្រទេសចិន ដោយលោកសាទរចំពោះវិធានការនេះ។ ក៏ប៉ុន្តែលោកថា មេក្លោងដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអាចនឹងមានច្រើនជាងនេះ។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យស្តីពី«ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យបន្ត៖ «ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០(បួនលាន)រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ»។ រដ្ឋាភិបាលកម្ពុជា បានបង្កើនការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) រហូតឈានដល់ការចាប់បញ្ជូនប្រធានក្រុមហ៊ុន Prince Holding Group លោក Chen Zhi និងមនុស្សមួយចំនួនទៅឱ្យប្រទេសចិននាពេលកន្លងទៅ។មន្ត្រីជាន់ខ្ពស់ ចិន ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែបានទទូចជាបន្តបន្ទាប់ ឱ្យអាជ្ញាធរកម្ពុជាចាត់វិធានការចំពោះឧក្រឹដ្ឋកម្មឆបោកអនឡាញនេះ៕
២០ មករា ២០២៦


