Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ផុតអាណត្តិនៅកម្ពុជា! ឯកអគ្គរាជទូតជប៉ុន ត្រៀមឃ្លាត ក្រោយសាងស្នាដៃលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

    ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បានចូលជួបប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចូលកាន់តំណែងតាំងពីឆ្នាំ២០២៣ ហើយក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា និងបានចូលជួបជម្រាបលាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មុននឹងត្រូវផ្លាស់ប្តូរទៅកាន់ការងារទូតនៅប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត លោក អ៊ូអិណុ បានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការបង្កលក្ខណៈងាយស្រួលដល់បេសកកម្មរបស់លោកឱ្យទទួលបានជោគជ័យ ព្រមទាំងសម្រេចបានលទ្ធផលធំៗទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងសន្តិសុខ ការពារជាតិ និងវិស័យជាច្រើនទៀត។ លោកអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត បានចាត់ទុកបេសកកម្មរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ថាជាជោគជ័យផ្នែកការទូត ក្នុងការចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា និងជប៉ុនបានដាក់ចេញនូវកំណែទម្រង់ជាច្រើន ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ ក៏បានចូលជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ លោក ធីរិទ្ធ បានថ្លែងថា៖ «សម្ដេចបានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានៅពេលកន្លងមក ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកការចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរក្សាសន្តិភាព ការចូលរួមចំណែកបោសសម្អាតមីន និងជាពិសេសគឺការគាំទ្ររបស់ជប៉ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា»។ ក្នុងអាណត្តិការទូតរយៈពេល ៣ឆ្នាំរបស់លោក លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមទាំងបានចុះហត្ថលេខាលើគម្រោងជំនួយនានា ដូចជាការផ្ដល់ឧបករណ៍យោធា ការគាំទ្រវិស័យបោសសម្អាតមីន និងការពង្រីកប្រព័ន្ធទឹកស្អាតតាមរយៈទីភ្នាក់ងារ JICA និងដៃគូដទៃទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពបច្ចេកទេស។ ជាពិសេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ អាត់ស៊ូស៊ី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)។ គម្រោងនេះ នឹងផ្ដល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទោះបីជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការ និងការរក្សាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ប៉ុន្តែលោកក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជាពង្រឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនជប៉ុន។ លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថាជំនួយជប៉ុនមកកម្ពុជាមានសារៈសំខាន់ ដូចជាផ្លូវជាតិលេខ៥ ជាដើម។ តែសម្រាប់ខ្ញុំ គឺមិនចង់ឃើញកម្ពុជាត្រឹមតែទទួលជំនួយនោះទេ ប៉ុន្តែខ្ញុំចង់ឃើញកម្ពុជាកសាងទំនុកចិត្តជាមួយជប៉ុន ដើម្បីបង្កើនពាណិជ្ជកម្ម»។ លោកបន្ថែមថា៖ «រឿងដែលពិបាកបំផុតគឺការអនុវត្តផ្នែកច្បាប់នៅក្នុងស្រុកយើង ដែលធ្វើឱ្យគេពិបាករំពឹងទុក។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យគេស្ទាក់ស្ទើរក្នុងការវិនិយោគ។ យើងដឹងហើយថាគេយកលុយមកប្រើនៅស្រុកយើង ប៉ុន្តែប្រសិនបើច្បាប់នៅស្រុកយើងវាធីងធោងមិនច្បាស់លាស់ គេក៏មិនហ៊ានប្រថុយដែរ»។ ចំណែកឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា បានមានប្រសាសន៍ថា ជប៉ុនជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជួយគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ លោកបន្តថា ជប៉ុនបានជួយកម្ពុជាច្រើនលើវិស័យធំៗ ដូចជាពាណិជ្ជកម្ម សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវិនិយោគិនមិនសូវហ៊ានមកបណ្ដាក់ទុនច្រើនដោយសារតែកត្តាស្មុគស្មាញផ្នែកច្បាប់។ លោកថ្លែងថា៖ «ប្រទេសហត្ថលេខីនេះហើយដែលជាអ្នកធានានូវការការពារ និងប្ដេជ្ញាសន្យាថាមិនឱ្យរដ្ឋបរទេសណារំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ ព្រមទាំងជំរុញការអភិវឌ្ឍតាមរយៈជំនួយឥតសំណង និងកម្ចីការប្រាក់ទាប។ ប៉ុន្តែ យើងក៏ត្រូវតែបង្ហាញនូវប្រព័ន្ធច្បាប់ឱ្យមានភាពរលូន កុំឱ្យស្មុគស្មាញ មានអំពើពុករលួយ និងត្រូវយកចិត្តទុកដាក់លើច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគទុន»៕

    ២៧ កក្កដា ២០២៦

  • លោក ហ៊ុន ម៉ាណែត ជួបស្ថាបនិកក្រុមហ៊ុនចិនដើម្បីទាក់ទាញការវិនិយោគ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបតំណាងក្រុមហ៊ុនឯកជនជាច្រើន អំឡុងពេលទស្សនកិច្ចការងារនៅប្រទេសចិន ដែលមន្រ្តីនិយាយថា ជាការទូតសេដ្ឋកិច្ច និងការទាញវិនិយោគិនបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសម្ដែងការគួរសម និង​ពិភាក្សាការងារជាមួយតំណាង និងស្ថាបនិកក្នុងវិស័យឯកជនជាច្រើន អំឡុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតនៅសាធារណ​រដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី គិតត្រឹមរសៀលថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានជួបតំណាង ឬស្ថាបនិកជិត២០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បិនិមិត្ម អភិវឌ្ឍន៍ផ្លូវ កសិកម្ម វិស្វកម្ម អាជីវកម្មរ៉ែ និងក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្នុងនោះ ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខណៈក្រុមហ៊ុន Yuanda Group បង្ហាញបំណងក្នុងការវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ រីឯ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI លោក Zhang Wei ប្រាប់ លោក ហ៊ុន ម៉ាណែត អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតលើការអភិវឌ្ឍវិស័យស្នូលចំនួន៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត, មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា ដោយបន្ថែមថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។​ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា រាល់ការធ្វើដំណើរទៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត នឹងជួបក្រុមធុរកិច្ច ដើម្បីលាតត្រដាងពីបរិយាកាស និងសក្ដានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិន ជាពិសេសកម្លាំងពលកម្មវ័យក្មេង។ លោក និយាយថា៖ «ហើយសម្ដេចបង្ហាញអំពីសក្ដានុពលរបស់កម្ពុជាក្នុងការវិនិយោគ ឱកាសគ្រប់បែបយ៉ាង ដែលយើងមានច្បាប់វិនិយោគមួយដែលល្អ ដែលយើងមានសក្ដានុពលជាច្រើន​ដែលត្រូវវិនិយោគ ដែលយើងមានកម្លាំងពលកម្មវ័យក្មេងច្រើន អំណោយផលច្រើនណាស់។ អាហ្នឹងហើយហៅថា ការទូតសេដ្ឋកិច្ច។ វិនិយោគនៅកម្ពុជា អាចលក់នៅតំបន់ផ្សេងទៀតពេញតំបន់អាស៊ាន»។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណែទម្រង់មួយចំនួន ដើម្បីទាក់ទាញវិនិយោគបរទេស ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន អគ្គិសនី និងការលុបបំបាត់អំពើពុករលួយ រួមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងបណ្ដុះធនធានមនុស្សឱ្យក្លាយជាកម្មករជំនាញជាដើម។ ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលក៏ត្រូវទាញយក ប្រេង និងឧស្ម័ន រួមទាំងវិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីថ្លៃដឹកជញ្ជូនថោក និងរហ័ស។ លោក និយាយថា៖ «ទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ និងរៀបចំខ្លួនឱ្យបានល្អជាងនេះ ជាពិសេសគឺអភិបាលកិច្ច កម្ចាត់ចោលនូវអំពើពុករលួយ ការិយាល័យធិបតេយ្យ កាត់បន្ថយនូវភាពស្មុគស្មាញនៃក្រសួងច្រើន នីតិវិធីច្រើន»។ យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុន​វិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦។ចំណែកក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុន​វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជី ដែលអាចបង្កើតការងារបាន១៦០.០០០ កន្លែង៕

    ១៧ កក្កដា ២០២៦

    • ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥ថ្ងៃនៅប្រទេសហ្វីលីពីន

      រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ដំណើរបេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន អ្នកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើង ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដែលផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨។  សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់អាស៊ាន និងដៃគូខាងក្រៅ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស។ ក្រៅពីកិច្ចប្រជុំខាងលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ក្រសួងការបរទេសលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាខួបគម្រប់ប្រាំទសវត្សរ៍ នៃសន្ធិសញ្ញា ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ ដោយគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែងរបស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់ និងពិភពលោកដែលកំពុងបន្តវិវត្ត។  លើសពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏ចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីនហើយមានជំនួបទ្វេភាគីជាមួយសមភាគីនានា ដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាអ្នកស្រី Flerida Ann Camille P. Mayo បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងមានជំនួបសម្ដែងការគួរសម ជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ អ្នកស្រីបានរំលេចថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា៕

      ១៧ កក្កដា ២០២៦

    • លោក ហ៊ុន ម៉ាណែត ទៅដល់ចិនហើយដើម្បីចូលរួមសន្និសីទ AI ពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការ

      លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅដល់ប្រទេសចិនហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» ក៏ដូចជាបំពេញទស្សនកិច្ចការងារ នៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ទស្សនកិច្ចការងារនេះ បញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្រសួងឱ្យដឹងបន្តថា ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នឹងជួបលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនផងដែរ។  តាមក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនថែមទៀត។ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) លោក Dai Hegen ដើម្បីពិភាក្សាការងារ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក ដែលធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុននេះ ក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។ ក្នុងថ្ងៃតែមួយនេះដែរ លោកនាយករដ្ឋមន្ត្រូ ក៏ជួបជាមួយនឹងប្រធានក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិនគឺលោក Wang Shilei ដើម្បីពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជាក្រុមហ៊ុនធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ គួររម្លឹកជូនថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសចិន អមដោយលោកកូនប្រុសរបស់លោកពីរនាក់ គឺលោក ហ៊ុន ម៉ានិត និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី៕

      ១៥ កក្កដា ២០២៦

    • លោក ហ៊ុន សែន ចាប់ផ្តើមទស្សនកិច្ចនៅចិនបីថ្ងៃដើម្បីរឹតចំណងមិត្តភាពទ្វេភាគី

      ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាហើយនៅថ្ងៃទី២៥ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចមិត្តភាពនៅប្រទេសចិន ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។  អមដំណើរលោក ហ៊ុន សែន រួមមាន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ បើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អំឡុងពេលនៅក្នុងប្រទេសចិន លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈាង និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡីជី ។  លោក ហ៊ុន សែន ក៏នឹងចូលគាល់ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងហ្លួងម៉ែ ដែលកំពុងគង់ប្រថាប់ក្នុងមន្ទីរពេទ្យប្រទេសចិន ដើម្បីព្យាបាល និងតាមដានព្រះរាជសុខភាពផងដែរ។ សេចក្ដីប្រកាសបញ្ជាក់ថា ទស្សនកិច្ចមិត្តភាពផ្លូវការរបស់លោក ហ៊ុន សែន នៅប្រទេសចិន គឺបង្ហាញអំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ដែលចូលរួមអមដំណើរទស្សនៈនេះដែរ ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសចិន នឹងផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន កាន់តែរឹងមាំ និងឈ្វេងយល់ពីគ្នាកាន់តែច្បាស់។ លោកបន្តថា៖ «ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលយើងរំពឹងថានឹងមានផ្លែផ្កាច្រើនសម្រាប់ប្រទេសកម្ពុជាទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យនានាទៀត»។ ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ដំណើរទស្សនកិច្ចខាងលើពិតជាមានអត្ថន័យខាងនយោបាយ និងការទូតដ៏សំខាន់ ពីព្រោះបានរំលេចយ៉ាងច្បាស់ពីមិត្តភាពរវាងកម្ពុជា-ចិន ដែលនៅតែរឹងមាំ ឋិតឋេរ និងរីកចម្រើនឥតឈប់ឈរ បើទោះបីជាបរិបទអន្តរជាតិ និងតំបន់កំពុងមានការប្រែប្រួលយ៉ាងណាក៏ដោយ។ លោកបន្ថែមថា៖ «ក្នុងបរិបទបច្ចុប្បន្ននេះ ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងបញ្ហាជាច្រើនទៀត ការរក្សាបាននូវទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុតសម្រាប់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ»។ រីឯស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន យល់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ប៉ុន្តែអ្វីដែលសំខាន់ថាតើប្រទេសចិននឹងយកចិត្តទុកដាក់ស្ដាប់បញ្ហារបស់កម្ពុជាប៉ុណ្ណា ព្រោះគេប្រាកដជាដឹងហើយថាប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ ហើយប្រទេសចិននឹងថ្លឹងថ្លែងដែរដោយសារតែខ្លួនមានផលប្រយោជន៍ជាមួយថៃ និងមានភាពស្និទ្ធស្នាលជាមួយភាគីថៃទៀតផង។ លោកយល់ថា៖ «ការលើកបញ្ហាព្រំដែនជាមួយថៃនៅចំពោះចិន គឺជារឿងចាំបាច់ដែលត្រូវតែលើក ប៉ុន្តែគេស្ដាប់យើង គេយកចិត្តទុកដាក់ប៉ុណ្ណា គេចង់ជួយយើងប៉ុណ្ណា យើងមិនអាចរំពឹងទុកបានទេដោយសារតែពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសគេ» ។ គួរបញ្ជាក់ថា ក្នុងពេលមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចិនក៏បានចូលរួមដើរតួនាទីផ្នែកការទូត ដោយជំរុញឱ្យភាគីកម្ពុជា និងថៃ ស្វែងរកដំណោះស្រាយដោយសន្តិភាព និង បទ ឈប់បាញ់។ ទោះជាយ៉ាងណា ចិនដែលជាមិត្តដែកថែបរបស់កម្ពុជា មិនបានថ្កោលទោសថៃចំពោះការធ្វើសង្រ្គាមវាយប្រហារឈ្លានពានប្រទេសកម្ពុជានោះឡើយ៕

      ២៥ មិថុនា ២០២៦

    • កម្ពុជា-វៀតណាម ប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារក្នុងពេលខាងមុខ

      ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាម ប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ចំនួន ២០ពាន់លានដុល្លារ នាពេលខាងមុខ ស្របពេលដែលការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការធ្លាក់ចុះតិចតួចនៅឆ្នាំមុន។  យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីទំហំ២០ពាន់លានដុល្លារ នាពេលខាងមុខ។ ក្រសួងការបរទេស បន្ថែមថា កម្ពុជា និងវៀតណាម ក៏ឯកភាពគ្នាពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ ខេត្តព្រៃវែង និងតឺនណាម ខេត្តតៃនិញ ទៅក្នុងកិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។  ទន្ទឹមនេះដែរ ប្រទេសទាំងពីរ ក៏ឯកភាពប្រឹងប្រែងបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍ និងភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ និងជំរុញការវិនិយោគបន្ថែម និងការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន។ ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានទេ នៅថ្ងៃទី១១ ខែមិថុនា។ បើតាមអគ្គនាយកដ្ឋានគយកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦ មានទំហំជាង ៤ ១០៥ លានដុល្លារអាមេរិក ដែលបានកើនឡើង​ពីជាង ៣ ៨៤៤ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។  ប្រភពដដែល បន្តថា ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីក្នុងឆ្នាំ២០២៥ មានទំហំ៧ ៧៩២ លានដុល្លារ ដោយបានធ្លាក់ចុះ១ភាគរយ បើធៀបនៅឆ្នាំ២០២៤។ ជុំវិញការប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត មានប្រសាសន៍ថា ដំណើរការនាំចេញស្វាយចន្ទីទៅកាន់ប្រទេស​វៀតណាមមានភាពល្អប្រសើរច្រើន ប៉ុន្តែលោកចង់ឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅព្រំដែនដើម្បីកាត់បន្ថយពេលវេលា និងនីតិវិធី។ លោក និយាយថា៖ «ព្រោះរាល់ថ្ងៃយើងទៅសុំ [វិញ្ញាបនបត្រ] ភូតគាមអនាម័យពីក្រសួងកសិកម្មផង សុំវិញ្ញាបនបត្រដើមកំណើតទំនិញពីក្រសួងពាណិជ្ជកម្មផង វាផ្សេងគ្នា ហើយនីតិវិធីហ្នឹងវាធ្វើឱ្យយូរ ហើយបើមានច្រកចេញចូល វាមានមួយដុំ»។ លោក ស៊ីឡុត ឱ្យដឹងដែរថា គិតត្រឹមរយៈពេល៥ខែ នៅឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្វាយ​ចន្ទីទៅកាន់វៀតណាមចំនួន ៨៣ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ជាង១៤០០លានដុល្លារ។  លោកបន្ថែមថា ស្វាយចន្ទីឆៅនេះ ត្រូវបានវៀតណាមកែច្នៃទៅជាផលិតផលសម្រេចដើម្បីនាំចេញទៅកាន់ប្រទេសទីបី។ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ចលោក ឆេង គឹមឡុង យល់​ថា ផែនការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺអាចសម្រេចបាន ដោយសារកម្ពុជាកំពុងពង្រីកខ្សែចង្វាក់ផលិតកម្ម ខណៈវៀតណាមក៏មានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក ចិន ជប៉ុន ជាដើម ដែលទាមទារឱ្យមានការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសក្បែរខាងដូចកម្ពុជា។ ទន្ទឹមគ្នានេះ លោកថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជាត្រូវជំរុញទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរត្រូវមានការទាក់ទងគ្នាឱ្យបានច្រើនដើម្បីបើកច្រកទៅកាន់ការបំពេញបង្រ្គប់នៃខ្សែចង្វាក់ផលិតកម្មរៀងៗខ្លួន។ លោកនិយាយថា៖ «អាចទៅរួច ព្រោះកម្ពុជាកំពុងជំរុញខ្សែចង្វាក់ផលិកម្ម ហើយទី២ សេដ្ឋកិច្ចវៀតណាមកំពុងកើនឡើង»៕

      ១៣ មិថុនា ២០២៦

    • ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសមកកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

      ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western នឹងមកកាន់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមការបញ្ជាក់ខ្លីនៅក្នុងសេចក្ដីជូនដំណឹងផ្លូវការរបស់​ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦។ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាកត់សម្គាល់ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Matt Western បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគាំទ្រដល់កំណើនបៃតង និងបរិយាបន្ន ព្រមទាំងពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសជាដៃគូគាំទ្រដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង»។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Matt Western មកកម្ពុជា គឺដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដែលធ្លាប់មាន ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ប្រេសិតពាណិជ្ជកម្មអង់គ្លេស លោក Matt Western លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា លោករីករាយចំពោះដំណើរត្រឡប់មកកម្ពុជាជាលើកទី ២ នេះ។ លោក Matt Western មានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា លើវិស័យនានាដែលភាពខ្លាំង និងមហិច្ឆតារបស់យើងមានភាពស៊ីសង្វាក់គ្នា រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ ព្រមទាំង​វិស័យអប់រំ។ វិស័យទាំងនេះមានសក្ដានុពលក្នុងការគាំទ្រដល់កំណើនប្រកបដោយចីរភាព បង្កើតឱកាសការងារ ទាក់ទាញការវិនិយោគ និងបើកផ្លូវទៅកាន់វិបុលភាពរយៈពេលវែង»។ លោកបន្ថែមទៀតថា អាជីវកម្មរបស់អង់គ្លេសបានរួមចំណែកសំខាន់មួយផ្នែករួចហើយនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ លោកថា គោលនយោបាយបើកចំហរបស់កម្ពុជាបានបង្កើតឱ្យមានឱកាសដ៏សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ លោក Matt Western បញ្ជាក់ដូច្នេះ៖ «ខ្ញុំទន្ទឹងរង់ចាំជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង អាជីវកម្ម និងអ្នកអប់រំរបស់កម្ពុជា ដើម្បីស្វែងរកវិធីសាស្ត្រដែលយើងអាចធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែស៊ីជម្រៅ បើកផ្លូវសម្រាប់ឱកាសថ្មីៗខាងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់ទំព័រថ្មីនៃរឿងរ៉ាវកំណើនរបស់កម្ពុជា»។ បើតាមគម្រោង មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសរូបនេះ នឹងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា គឺឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ដែលទទួលខុសត្រូវភាគច្រើនផ្នែកគោលនយោបាយ និងធុរកិច្ច។ ភាគីអង់គ្លេសក៏នឹងជួបដៃគូសហការមកពីក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើប្រធានបទវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម ការកែទម្រង់បទប្បញ្ញត្តិ ព្រមទាំងការបង្កើនការទាញយកផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) របស់ចក្រភពអង់គ្លេស។ តំណាងអង់គ្លេសក៏នឹងជួបពិភាក្សាជាមួយតំណាងមកពីអគ្គិសនីកម្ពុជា (EDC) ដើម្បីពិភាក្សា​អំពី មហិច្ឆតាលើវិស័យថាមពលរបស់កម្ពុជា ភាពជាដៃគូខាងហិរញ្ញប្បទាន និងសក្តា​នុពលទៅថ្ងៃអនាគតរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ លោក Matt Western ដែលជាសមាជិកសភាផងនោះ គឺជាបេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ។ តួនាទីរបស់លោក គឺជំរុញផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេស ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ប្រទេសកម្ពុជា គឺជាប្រទេសទទួលផលដ៏សំខាន់មួយនៃប្រព័ន្ធអនុគ្រោះនេះ ដែលផ្តល់នូវការនាំចូលដោយមិនជាប់ពន្ធគយ (Duty-free) រហូតដល់ទៅជាង ៩៩% នៃទំនិញដែលនាំចេញទៅកាន់ចក្រភពអង់គ្លេស។ កម្មវិធីនេះបានជួយដល់អាជីវកម្មកម្ពុជាក្នុងការរីកលូតលាស់ បង្កើនភាពសម្បូរបែបនៃការនាំចេញ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារសកលលោក៕

      ១០ មិថុនា ២០២៦

    • លោក ហ៊ុន ម៉ាណែត ជួបនាយករដ្ឋមន្ត្រីថៃ អនុទីន ក្នុងជំនួបក្រៅផ្លូវការនៅហាណូយ

      ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្សាយជាសាធារណៈឱ្យដឹងថា លោកបានជួបពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul។ លោក ហ៊ុន ម៉ាណែត បានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹក និងសរសេរថា៖ «ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦»។ ទោះជាយ៉ាងណាក្ដី ខ្លឹមសារលម្អិតនៃជំនួបមិនទាន់ត្រូវបង្ហាញជាសាធារណៈឱ្យដឹងនៅឡើយទេ។ កម្ពុជា និងថៃ បានទម្លាក់កម្រិតទំនាក់ទំនងការទូតនៅត្រឹមកម្រិតលេខាទូតទី២ កាលពីឆ្នាំមុន ពោលគឺមិនចាប់ផ្ដើមប្រយុទ្ធគ្នាតាមព្រំដែន។ សព្វថ្ងៃ ទាហានថៃបានរំលោភកាន់កាប់ដីខ្មែរជាច្រើនទីតាំង រាប់តាំងពីតំបន់ប្រជុំជនមួយចំនួន តំបន់ប្រាសាទបុរាណ និងបន្ទាត់ព្រំដែនតំបន់ភ្នំ។ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការផ្សាយព័ត៌មានពីជំនួបរវាងមេដឹកនាំកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ត្រីកម្ពុជា គឺបង្ហាញថា ប្រទេសកម្ពុជាតែងបើកទូលាយផ្នែកសន្ទនាការទូតជាមួយថៃ បើទោះជាថៃកំពុងកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនក្ដី។ លោកបន្ថែមថា៖ «កម្ពុជាចង់បង្ហាញថា ខ្លួនជារដ្ឋស៊ីវិល័យ ប្រកាន់យកច្បាប់អន្តរជាតិ និងទំនាក់ទំនងការទូតជាប្រក្រតី។ បើទោះជាថៃប្រកាន់ឥរិយាបថក្រអឺតក្រទមយ៉ាងណាក៏​ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើផ្នែកការទូត និងច្បាប់អន្តរជាតិ»។ លោក យង់ ពៅ បញ្ជាក់ថា ទំនាស់រវាងកម្ពុជា-ថៃ នឹងអាចដោះស្រាយបាន បើសិនជាមានការសន្ទនាគ្នា និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិដែលមានជាធរមាន។ ទោះជាយ៉ាងណា លោកព្យាករណ៍ថា អ្នកជាតិនិយមជ្រុលរបស់ថៃនឹងបន្ទោសលោក អនុទីន នៅពេលដែលពួកគេឃើញរូបភាពចាប់ដៃរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន។ កាលពីថ្ងៃទី០៨ខែមិថុនា កាសែតចិន ឆាយណា ដេលី (China Daily) បានផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ សុទ្ធតែបានប្រកាសជំរុញឱ្យព្រំដែនមានសន្តិភាព។  កាសែតចិន ឆាយណា ដេលី បានស្រង់ប្រសាសន៍លោក អនុទីន ដែលបាននិយាយថា ទំនាក់ទំនងនៃប្រទេសទាំងពីរ កំពុងស្ថិតនៅផ្លូវបំបែក និងត្រូវធ្វើការរួមគ្នាដើម្បីជំនះបញ្ហាប្រឈមនានាដែលកើតមានឡើង។ លោក អនុទីន ៖ «សូមអំពាវនាវឲ្យមានរបត់ថ្មីនៅក្នុងទំនាក់ទំនងជាមួយកម្ពុជា តាមរយៈការទុកចិត្តគ្នា ភាពជឿជាក់ និងកិច្ចសន្ទនាដោយភាពស្មោះត្រង់។ ឆន្ទៈនិងការប្តេជ្ញាចិត្តខាងនយោបាយ គឺជារឿងចាំបាច់បំផុតដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងយូរអង្វែង ព្រមទាំងបានសម្តែងនូវភាពជឿជាក់ថា គោលដៅនេះអាចសម្រេចទៅបាន ទោះបីជាមានការលំបាកនានាក៏ដោយ»។ កាសែតចិន ឆាយណា ដេលី ក៏បានស្រង់ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ក្នុងវេទិកាអន្តរជាតិនោះថា បទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នៅតែបន្តរក្សាបាន ប៉ុន្តែនៅមានភាពផុយស្រួយនៅឡើយ។ លោកបានអំពាវនាវឲ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឲ្យបានជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យ សេង វណ្ណលី មានប្រសាសន៍ថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន ឆានវីរៈកុល នៅលើទឹកដី​វៀតណាម ក្នុងអំឡុងពេលនៃវេទិកាអនាគតអាស៊ាននេះ គឺជារូបភាពនយោបាយមួយដែលអាចមើលឃើញពីរជ្រុងផ្ទុយគ្នា ទាំងចំណុចវិជ្ជមាននៃការរក្សាទំនាក់ទំនង និងភាពទាល់ច្រកនៃដំណោះស្រាយពិតប្រាកដ។ លោកថា បើពិនិត្យលើទិដ្ឋភាពវិជ្ជមាន និងលទ្ធភាពនៃការសម្រាលភាពតានតឹង ជំនួបនេះពិតជាអាចប្រសើរក្នុងកម្រិតនៃការរក្សាបណ្តាញទំនាក់ទំនង​ទ្វេភាគីកុំឱ្យដាច់។ លោក សេង វណ្ណលី៖ «ការជួបគ្នារវាងមេដឹកនាំអាចជួយរក្សានូវលំនឹងបណ្តោះអាសន្ន មិនឱ្យជម្លោះព្រំដែនរុញច្រានប្រទេសទាំងពីរទៅរកការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើងវិញម្តងទៀតឡើយ។ ប៉ុន្តែខ្លឹមសារស្នូលនៃការរកច្រកចេញសម្រាប់ជម្លោះព្រំដែន និងតំបន់ទាមទារត្រួតគ្នា (OCA) ខ្ញុំយល់ថាជំនួបនេះមិនអាចនាំមកនូវដំណោះស្រាយជាដុំកំភួន ឬជោគជ័យធំដុំនោះឡើយ»។ លោកបន្ថែមថា លោក អនុទីន នឹងជួបព្យុះភ្លៀងលើបញ្ហាបី ដែលរួមមាន៖ទី១. សម្ពាធនយោ​បាយផ្ទៃក្នុងថៃ៖ រដ្ឋាភិបាលថៃកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីក្រុមអភិរក្សនិយម ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃ។ទី២. អនុទីន ខ្វះអំណាចសម្រេចដាច់ខាត៖ ជំនួបនេះគ្រាន់តែជាការស្ទាបស្ទង់ទឹកចិត្ត និងការបន្ធូរបន្ថយបរិយាកាសនយោបាយការបរទេសតែប៉ុណ្ណោះ។ទី៣. ភាពផ្ទុយគ្នានៃយុទ្ធសាស្ត្រស្នូល៖ នៅពេលដែលកម្ពុជាចង់ចរចាជាកញ្ចប់ក្រោមក្របខ័ណ្ឌ UNCLOS (ទាញយកថាមពលប្រេងកាតផង និងកំណត់ព្រំដែនសមុទ្រផងស្របពេលគ្នា) ភាគីថៃ ជាពិសេសក្រុមបច្ចេកទេស និងកងទ័ព តែងតែចង់ឱ្យដោះស្រាយរឿងព្រំដែនសមុទ្រ​ឱ្យច្បាស់លាស់ជាមុនសិន ទើបជជែករឿងបែងចែកផលប្រយោជន៍ថាមពលតាមក្រោយ។ លោកបញ្ជាក់ថា ភាពខុសគ្នានៃគោលការណ៍គ្រឹះនេះ មិនអាចដោះស្រាយបានតាមរយៈជំនួបក្រៅផ្លូវការនៅក្រៅប្រទេសបែបនេះឡើយ។ លោក សេង វណ្ណលី៖ «សរុបមក ខ្ញុំយល់ថា ជំនួបនេះគ្រាន់តែជា «ថ្នាំបំបាត់ការឈឺចាប់បណ្តោះអាសន្ន» ដើម្បីកុំឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះដុនដាប ប៉ុន្តែវាមិនមែនជា «ថ្នាំព្យាបាលជំងឺដ៏រ៉ាំរ៉ៃ» នៃជម្លោះព្រំដែននោះទេ។ ច្រកចេញពិតប្រាកដនៅតែទាមទារការចរចាជាផ្លូវការ យូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ និងការបើកចំហតម្លាភាព ដោយមិនអាចពឹងផ្អែកលើការសម្របសម្រួលបែបការទូតរវាងបុគ្គល និងបុគ្គល នោះទេ»៕

      ៩ មិថុនា ២០២៦

    • លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅវៀតណាមជាលើកទីពីរចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រី

      ក្រោយឡើងកាន់អំណាចបានរយៈពេលជិត៣ឆ្នាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមម្ដងទៀតដែលជាលើកទីពីរ ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងពិភាក្សាអំពីបញ្ហាតំបន់ដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរនៅដើមសប្ដាហ៍នេះ។ មសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ចាប់ពីថ្ងៃចន្ទ ទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ សេចក្ដីប្រកាសដដែល និយាយថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី វៀតណាម ដែលគ្រោងពិភាក្សាលើការផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី រួមទាំងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងក្ដីបារម្ភរួមរបស់ប្រជាជាតិទាំងពីរ។ ទន្ទឹងនឹងនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសម្ដែងការគួរសមជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋវៀតណាម រួមទាំងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។ បើតាមក្រសួងការបរទេសកម្ពុជា ប្រទេសជិតខាងទាំងពីរ ក៏នឹងប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយផងដែរ។ ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាធ្វើឡើង បន្ទាប់ពីប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទើបតែបានបញ្ចប់ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃនាពេលថ្មីៗនេះ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ខណៈវៀតណាម និងថៃ ក៏បានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី០៨ខែមិថុនានាយករដ្ឋមន្ត្រីកម្ពុជាបាននាំប្រតិភូទៅដល់ប្រទេសវៀតណាម ព្រមទាំងជួបសមភាគីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម។លោកហ៊ុនម៉ាណែត និងក្រុមការងារបានចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយលោកឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋ​មន្រ្តីវៀតណាម។ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា កម្ពុជាទំនងស្វែងរកទំនាក់ទំនង​ការទូតជាមួយវៀតណាមឱ្យល្អជាងមុន ក្រោយថៃដែលកំពុងឈ្លានពានទឹកដី។លោកថាអ្នកដឹកនាំកម្ពុជាទំនងជាទៅបង្កើនទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ លោក និយាយថា៖ «ការធ្វើទស្សនកិច្ចនេះអាចនឹងបង្ហាញពីជំហររបស់ខ្លួន ចង់ងាកទៅជជែក ឬក៏ពង្រឹងទំនាក់ទំនងជាមួយវៀតណាមឱ្យបានរឹងមាំជាងមុន ឬម៉េចខ្ញុំអត់ដឹងទេ។ តែជាទស្សន៍ទាយប្រហែលជាវៀតណាម ហាក់ដូចជាមានទំនាក់ទំនងជាមួយថៃកាន់តែខ្លាំង ម្ល៉ោះហើយកម្ពុជាក៏អាចទាមទារទំនាក់ទំនងបែបហ្នឹងដែរ។ លោកទទូចឱ្យនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លៀតឱកាសនេះ លើកឡើងពីបញ្ហាខ្មែរកម្ពុជាក្រោម ទៅកាន់មេដឹកនាំវៀតណាមឱ្យយកចិត្តទុកដាក់លើសិទ្ធិ និងជីវភាពរស់នៅរបស់ពួកគេ អំឡុងពេលខួបលើកទី៧៧ឆ្នាំនៃការកាត់ទឹកដីកម្ពុជាក្រោមទៅវៀតណាម។ លោក និយាយថា៖ «ខ្ញុំរំពឹងថា បើសិនជាអាច នាយករដ្ឋមន្រ្តី គួរតែលើកឡើងពីបញ្ហាអស់ហ្នឹងពីរឿងសិទ្ធិរស់នៅ ពីរឿងបញ្ហាជីវភាព សេដ្ឋកិច្ចជាដើមពីអ្នករស់នៅកម្ពុជាក្រោម ដែលជាជនជាតិដើមភាគតិចនៅលើដីកំណើតរបស់ខ្លួន»។ ជុំវិញដំណើរទស្សនកិច្ចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលោក គិន ភា មានប្រសាសន៍ថា វៀតណាមជាអ្នកជិតខាងដ៏សំខាន់របស់កម្ពុជា ទាំងក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ប្រជាជន និងប្រជាជន។ ហេតុដូចនេះហើយ លោកយល់ថា ការរក្សាទំនាក់ទំនងល្អជាមួយវៀតណាម គឺស្របទៅនឹងផលប្រយោជន៍ជាតិរយៈពេលវែងរបស់កម្ពុជា។ លោក គិន ភា បន្ថែមទៀតថា បច្ចុប្បន្ន បញ្ហាតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការប្រែប្រួលសេដ្ឋកិច្ចសកល សន្តិសុខមិនប្រពៃណី ក៏ដូចជាការប្រែប្រួលអាកាសធាតុ។ ក្នុងបរិបទនេះ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង ដូចជាកម្ពុជា និងវៀតណាម កាន់តែមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក និយាយថា៖ «ខណៈដែលប្រទេសទាំងពីរកំពុងឈានទៅរកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅឆ្នាំ២០២៧ នេះគឺជាឱកាសដ៏ល្អក្នុងការពិនិត្យមើលសមិទ្ធផលកន្លងមក និងរៀបចំចក្ខុវិស័យថ្មីសម្រាប់អនាគត។ ការពង្រឹងទំនាក់ទំនងនយោបាយ ការពង្រីកពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ នឹងក្លាយជាកម្លាំងចលករសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី»។ កាលពីចុងឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមផងដែរ ដែលកាលនោះលោកមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី វៀតណាម ផាម មិញជីញ ដោយពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ៕

      ៨ មិថុនា ២០២៦

    • ទូតខ្មែរនៅជប៉ុនផ្ញើលិខិតទៅ Nikkei Asia ដើម្បីជំទាស់ការហៅទីតាំងជម្លោះថា «ណងចាន់» នៃប្រទេសថៃ

      ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ញើលិខិតបំភ្លឺទៅកាន់និពន្ធនាយកសារព័ត៌មាន នីគីអាស៊ី (Nikkei Asia) ពាក់ព័ន្ធនឹងខឹ្លមសារក្នុងអត្ថបទអំពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយហៅថា «ណងចាន់» នៃប្រទេសថៃ។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានជប៉ុន នីគី អាស៊ី បានចុះផ្សាយព័ត៌មានមួយ ក្រោមចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន»។  យ៉ាងណាក្រោយការចុះផ្សាយអត្ថបទនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមិថុនា បានផ្ញើលិខិតទៅកាន់និពន្ធនាយកព័ត៌មានស្ថាប័នខាងលើ ដោយពិពណ៌នាខ្លឹមសារក្នុងអត្ថបទនោះថា បានហៅទីតាំងមានជម្លោះថា «ណងចាន់» ក្នុងខេត្តស្រះកែវ នៃប្រទេស​ថៃ និងរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្ដោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរ និងបុគ្គលិកយោធាថៃ។  ទូតកម្ពុជា ចាត់ទុកសេចក្ដីរាយការណ៍នេះថា ជាការរៀបរាប់មិនពេញលេញ និងអាចបង្ហាញដោយអចេតនាពីភាពស្របច្បាប់ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថា វាជាផ្នែកមួយនៃទឹកកម្ពុជាដែលស្ថិតនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ លិខិតខាងលើ បរិហារទៀតថា ក្នុងខ្លឹមសារអត្ថបទដដែល សារព័ត៌មាន នីគីអាស៊ី បានលើកឡើងពីការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា «កងកម្លាំងកម្ពុជាអាចដាក់មីន ទោះបីមានបទឈប់បាញ់ដែលព្រមព្រៀងគ្នាកាលពីខែធ្នូ» ដោយមិនរំលេចពីការឆ្លើយតបរបស់កម្ពុជា ឬការផ្ទៀងផ្ទាត់នោះទេ។ ក្នុងលិខិត និយាយថា៖ «ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរដែលមានផលប៉ះពាល់ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ»។ […] ខ្ញុំជឿជាក់ថា ការបំភ្លឺទាំងនេះនឹងរួមចំណែកដល់ការយល់ដឹងកាន់តែពេញលេញ និងត្រឹមត្រូវជាងមុនចំពោះបញ្ហាពាក់ព័ន្ធ»។ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ គាំទ្រចំណាត់ការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ អ្នកជំនាញសារព័ត៌មាន និងនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា ការសរសេរអត្ថបទអំពីតំបន់មានភាពប្រទាញប្រទង់ អ្នកសារព័ត៌​មានត្រូវប្រុងប្រយ័ត្ន និងចៀសវាងកំណត់តំបន់ជម្លោះនោះ ជាកម្មសិទ្ធិរបស់ភាគីណាមួយ។ លោក និយាយថា៖ «នៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលស្ថិតនៅក្នុងជម្លោះ គេមានការប្រយ័ត្នប្រយែងណាស់ ជាពិសេសការផ្ទៀងផ្ទាត់ជាមួយប្រភពគឺត្រូវតែធ្វើម៉េចឱ្យបានពីគ្រប់ភាគីដែលពាក់ព័ន្ធ ដូចកម្ពុជានិងថៃ គឺត្រូវតែមានប្រភពពីកម្ពុជា ត្រូវតែមានប្រភពពីថៃ ហើយផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ដើម្បីកុំឱ្យមានការខុសឆ្គង»។ លោក បន្តថា៖ «សម្រាប់ស្ថាប័នវិជ្ជាជីវៈនៅពេលដែលទទួលបានការបំភ្លឺដូច្នេះ ត្រូវធ្វើសេចក្ដី​កែតម្រូវហើយ គឺអាចផ្ទៀងផ្ទាត់មើលនៅត្រង់ចំណុចនេះឡើងវិញ»។ ចំណែកអ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា សារព័ត៌មានជប៉ុននេះគួរកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញនៅពេលដែលកំណត់ និងហៅទីតាំងទាំងនោះតាមភាសាថៃ ដោយមិនមានការផ្ទៀងផ្ទាត់ និងការលើកឡើងពីភាគីកម្ពុជា។ កាលពីចុងខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាសែតអាមេរិក The Wall Street Journal (WSJ) ដោយស្នើឱ្យលុបពាក្យក្នុងចំណងជើងអត្ថបទដែលលើកឡើងពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើពាក្យ «Scambodia» ដោយចាត់ទុកថា ជាការរើសអើង ប៉ះពាល់ដល់កិត្តិយសប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ៕

      ៣ មិថុនា ២០២៦

    • កម្ពុជាប្រកាសផ្ដើមស្វែងរកការដោះស្រាយវិវាទសមុទ្រជាមួយថៃតាមយន្តការផ្សះផ្សាដោយបង្ខំ

      រាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ឱ្យដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នា ក្រោម​ច្បាប់សមុទ្រអន្តរជាតិ (UNCLOS)។  តាមរយៈវីដេអូដែលរយៈពេលជាង៧នាទីដែលបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវនាថ្ងៃទី០២ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។  លោក និយាយថា៖ «យើងបានជ្រើសរើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដែលអនុលោមតាមច្បាប់អន្តរជាតិ»។ លោក បន្ថែមថាបើទោះបីកម្ពុជាស្វះស្វែងរកយន្តការដោះស្រាយដោយសន្តិវិធីក៏ដោយ ប៉ុន្តែអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត។លោក បន្តទៀតថាការរកយន្តការអន្តរជាតិ បន្ទាប់ពីភាគីថៃសម្រេចលុបចោល​អនុស្ស​រណៈយោគយល់គ្នា ដែលឆ្លុះបញ្ចាំងថា លទ្ធភាពនៃការចរចាទ្វេភាគីបានដើរដល់ទីបញ្ចប់ និងថា ដំណោះស្រាយនេះ កម្ពុជានិងថៃនឹងទទួលបានផលប្រយោជន៍នៃដែនសមុទ្រដោយយុត្តិធម៌ និងយូរអង្វែង។ កាលពីដើមខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃសម្រេចលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ ឬ MOU ៤៤ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ដោយឯកតោភាគី។ នៅចុងខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្លែងប្រាប់កាសែត Reuters ថា ធនធានថាមពលក្រោមសមុទ្រត្រួតស៊ីគ្នាជាមួយថៃនេះ មានតម្លៃប្រមាណ៣០០ពាន់លានដុល្លារ ដែលកម្ពុជាត្រូវដោះស្រាយជាមួយថៃជាបន្ទាន់ ក្រោយមានវិបត្តិប្រេងសកលដោយសារជម្លោះនៅអ៊ីរ៉ង់។ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ចំពោះយន្តការអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅរកការកំណត់ព្រំដែនសមុទ្រឱ្យច្បាស់លាស់ និងទទូច​ឱ្យរកយន្តការអន្តរជាតិ ពាក់ព័ន្ធនឹងព្រំដែនគោកដែលកំពុងមានវិវាទជាមួយថៃ។ លោក និយាយថា «ខ្ញុំមើលទៅយើងមិនមានមធ្យោបាយអ្វីផ្សេងទេ ហើយគួរតែ ទោះបីរឿងជម្លោះដែនគោកក៏ដោយ ក៏យើងត្រូវតែដាក់បណ្ដឹងដែរ។ យ៉ាងហោចណាស់ក៏យើងបានទទួលនូវឯកសារពីអង្គការសហប្រជាជាតិ ស្គាល់ថា វាជាព្រំដែនត្រឹមត្រូវ ត្រឹមណាជាដើមចឹង»។ចំណែកប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា ក៏បង្ហាញការសាទរចំពោះឆន្ទៈរបស់ថ្នាក់ដឹកនាំដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។ លោក បន្តថា៖ «[ខ្ញុំ] ជំរុញឱ្យប្ដឹងដល់តុលាការយុត្តិធម៌អន្តរជាតិផងដែរ ព្រោះរឿងបាត់ទឹកដីប្រវត្តិសាស្រ្តដល់កូនចៅ បើសិនយើងមិនបានតវ៉ានៅពេលនេះ អាចមានវិប្បដិសារី»។ ជុំវិញករណីនេះ អ្នកតាមដានភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជារូបភាពឆ្លុះបញ្ចាំងពី «ការទាល់ច្រកផ្នែកការទូតទ្វេភាគី» ជាជាងជម្រើស​ប្រកបដោយយុទ្ធសាស្ត្រមុតស្រួច បន្ទាប់ពីថៃបោះបង់អនុស្សរណៈយោគយល់គ្នា ដែលនាំឱ្យកម្ពុជាហាក់ដូចបាត់បង់ឧបករណ៍ចរចាដ៏សំខាន់ ដែលធ្លាប់តែទាញថៃឱ្យមកអង្គុយចរចាបាន។  លោក បន្ថែមថា៖ «បើនិយាយពីប្រៀបឈ្នះលើថៃតាមរយៈយន្តការអន្តរជាតិនេះ ខ្ញុំមើលឃើញថា កម្ពុជាអាចនឹងឈ្នះតែ «នៅលើក្រដាស និងផ្នែកសីលធម៌» ប៉ុណ្ណោះ ប៉ុន្តែពិបាកនឹងទទួលបានជ័យជម្នះជាក់ស្តែងលើដែនទឹកណាស់។ យើងត្រូវទទួលស្គាល់ការពិតថា គណៈកម្មការសម្រុះសម្រួលរបស់ UNCLOS នេះ មិនមែនជាតុលាការ ICJ នោះទេ ពោលគឺរបាយការណ៍ និងអនុសាសន៍ចុងក្រោយរបស់គណៈកម្មការនេះ គឺគ្មានកម្លាំងគតិយុត្តិបង្ខំឱ្យភាគីណាមួយត្រូវតែអនុវត្តតាមឡើយ»។ លោក បន្តថា បើទោះបីជាអ្នកជំនាញអន្តរជាតិរកឃើញថា បន្ទាត់ខណ្ឌសីមាដែនសមុទ្ររបស់កម្ពុជាត្រឹមត្រូវតាមគោលការណ៍ច្បាប់ក៏ដោយ ក៏រដ្ឋាភិបាលថៃដែលបច្ចុប្បន្នកំពុងស្ថិតក្រោម​សម្ពាធជាតិនិយម អាចនឹងច្រានចោលអនុសាសន៍នោះដោយងាយ។ លោក បន្ថែមថា៖ «លើសពីនេះ ថៃមានប្រៀបជាងកម្ពុជាទាំងផ្នែកកម្លាំងកងទ័ពជើងទឹក និងឥទ្ធិពលសេដ្ឋកិច្ច»។ លោកផ្ដល់យោបល់ដែរថា ដើម្បីដោះស្រាយវិវាទដែនសមុទ្រនេះឱ្យបានដាច់ស្រឡះ កម្ពុជា មិនអាចពឹងផ្អែកតែលើច្បាប់អន្តរជាតិតែមួយមុខនោះទេ ដោយត្រូវធ្វើដោយខានមិនបាន គឺការកសាងឯកភាពជាតិផ្ទៃក្នុង និងតម្លាភាពសង្គម និងពង្រឹងសមត្ថភាពការពារជាតិជើងទឹកខ្លួនឯងឱ្យមានទម្ងន់អាចថ្លឹងថ្លែងជាមួយអ្នកជិតខាងបាន ព្រោះច្បាប់អន្តរជាតិនឹងគ្មានន័យ បើគ្មានកម្លាំងពិតប្រាកដក្នុងការការពារ។ លោក និយាយថា «មានតែការរួមបញ្ចូលគ្នារវាងភាពរឹងមាំខាងច្បាប់អន្តរជាតិ កម្លាំងការ​ពារ​ជាតិពិតប្រាកដ និងភាពស្មោះត្រង់ចំពោះប្រជាជាតិខ្លួនឯងទេ ទើបអាចបិទបញ្ចប់រឿងរ៉ាវរ៉ាំរ៉ៃនេះបានជាស្ថាពរ»៕

      ២ មិថុនា ២០២៦

    • មន្ត្រីកម្ពុជានាំគណៈប្រតិភូជាន់ខ្ពស់ធនាគារកណ្តាលសមាជិកហ្រ្វង់កូហ្វូនីទស្សនកិច្ចតំបន់អង្គរ

      ធនាគារជាតិនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនីទៅទស្សនកិច្ចដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្ម តាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថាដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង ដែលបានបញ្ចប់សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូនី លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី និងអគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ ព្រមទាំងមានវត្តមានទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនី មកពីទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា ទស្សនកិច្ចនេះជាផ្នែកមួយនៃការទូតបែបវប្បធម៌ និងបេតិកភណ្ឌ ដែលជាចំណុចខ្លាំងរបស់កម្ពុជាក្នុងការដឹកនាំគណៈប្រតិភូបរទេសទៅទស្សនាប្រាសាទនានាតាមតំបន់ប្រវត្តិសាស្រ្ត។ លោកបានលើកឡើងបន្តថា៖« ការដឹកនាំទស្សនកិច្ចនេះ ក៏នឹងជួយឱ្យគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ស្វែងយល់បានកាន់តែច្បាស់ពីប្រវត្តិសាស្រ្តរបស់កម្ពុជា វប្បធម៌ អរិយធម៌ និងវាយតម្លៃខ្ពស់មកលើកម្ពុជាយើងដែរ»។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើទឹកដីសៀមរាប ដែលមានការចូលរួមពីបណ្ដាប្រទេសប្រមាណ៩០ប្រទេសផងដែរ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជានយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យជាដើម។ កិច្ចប្រជុំនេះ ក៏គ្រោងធ្វើឡើងក្នុងពេលប្រទេសកម្ពុជាកំពុងបន្តមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃលោក អានុទីន ឆាន់វីរៈគុល ថែមទាំងបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោកនឹងមិនប្រើប្រាស់ផែនទីខ្នាត ១/២០០.០០០ ដែលបន្សុលទុកដោយអាណានិគមបារាំងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានោះទេ ប៉ុន្តែនឹងប្រើផែនទីខ្នាត ១/៥០.០០០ ដែលថៃបានគូរជាឯកតោភាគីទៅវិញ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា បញ្ជាក់ថា៖ «កម្ពុជាអាចប្រើប្រាស់ឱកាស និងយន្តការ [កិច្ចប្រជុំប្រទេសហ្វ្រង់កូហ្វូនី] នេះ ដើម្បីធ្វើរបាយការណ៍អំពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។ លោកបន្ថែមថា៖ «កម្ពុជាអាចបង្ហាញពីស្មារតីសន្តិភាព គោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមយន្តការការទូត និងច្បាប់អន្តរជាតិ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំង និងមិនទទួលស្គាល់ដាច់ខាតរាល់សកម្មភាពកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុជាក់ស្តែងនៅលើដី»។ ក្នុងជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោះស្រាយបញ្ហាតាមរយៈច្បាប់អន្តរជាតិ និងការទូត ដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែននៃប្រទេសទាំងពីរ៕

      ១ មិថុនា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News