លោក ហ៊ុន ម៉ាណែត ជួបស្ថាបនិកក្រុមហ៊ុនចិនដើម្បីទាក់ទាញការវិនិយោគ

ទំនាក់ទំនងអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបតំណាងក្រុមហ៊ុនឯកជនជាច្រើន អំឡុងពេលទស្សនកិច្ចការងារនៅប្រទេសចិន ដែលមន្រ្តីនិយាយថា ជាការទូតសេដ្ឋកិច្ច និងការទាញវិនិយោគិនបរទេស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសម្ដែងការគួរសម និង​ពិភាក្សាការងារជាមួយតំណាង និងស្ថាបនិកក្នុងវិស័យឯកជនជាច្រើន អំឡុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតនៅសាធារណ​រដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី គិតត្រឹមរសៀលថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានជួបតំណាង ឬស្ថាបនិកជិត២០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បិនិមិត្ម អភិវឌ្ឍន៍ផ្លូវ កសិកម្ម វិស្វកម្ម អាជីវកម្មរ៉ែ និងក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ក្នុងនោះ ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខណៈក្រុមហ៊ុន Yuanda Group បង្ហាញបំណងក្នុងការវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

រីឯ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI លោក Zhang Wei ប្រាប់ លោក ហ៊ុន ម៉ាណែត អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតលើការអភិវឌ្ឍវិស័យស្នូលចំនួន៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត, មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា ដោយបន្ថែមថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។​

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា រាល់ការធ្វើដំណើរទៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត នឹងជួបក្រុមធុរកិច្ច ដើម្បីលាតត្រដាងពីបរិយាកាស និងសក្ដានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិន ជាពិសេសកម្លាំងពលកម្មវ័យក្មេង។

លោក និយាយថា៖ «ហើយសម្ដេចបង្ហាញអំពីសក្ដានុពលរបស់កម្ពុជាក្នុងការវិនិយោគ ឱកាសគ្រប់បែបយ៉ាង ដែលយើងមានច្បាប់វិនិយោគមួយដែលល្អ ដែលយើងមានសក្ដានុពលជាច្រើន​ដែលត្រូវវិនិយោគ ដែលយើងមានកម្លាំងពលកម្មវ័យក្មេងច្រើន អំណោយផលច្រើនណាស់។ អាហ្នឹងហើយហៅថា ការទូតសេដ្ឋកិច្ច។ វិនិយោគនៅកម្ពុជា អាចលក់នៅតំបន់ផ្សេងទៀតពេញតំបន់អាស៊ាន»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណែទម្រង់មួយចំនួន ដើម្បីទាក់ទាញវិនិយោគបរទេស ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន អគ្គិសនី និងការលុបបំបាត់អំពើពុករលួយ រួមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងបណ្ដុះធនធានមនុស្សឱ្យក្លាយជាកម្មករជំនាញជាដើម។

ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលក៏ត្រូវទាញយក ប្រេង និងឧស្ម័ន រួមទាំងវិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីថ្លៃដឹកជញ្ជូនថោក និងរហ័ស។

លោក និយាយថា៖ «ទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ និងរៀបចំខ្លួនឱ្យបានល្អជាងនេះ ជាពិសេសគឺអភិបាលកិច្ច កម្ចាត់ចោលនូវអំពើពុករលួយ ការិយាល័យធិបតេយ្យ កាត់បន្ថយនូវភាពស្មុគស្មាញនៃក្រសួងច្រើន នីតិវិធីច្រើន»។

យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុន​វិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦។ចំណែកក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុន​វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជី ដែលអាចបង្កើតការងារបាន១៦០.០០០ កន្លែង៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3252}" data-page="1" data-max-pages="1" data-start="1" data-end="1">