ជប៉ុន​ផ្ដល់​ជំនួយ​១លាន​៨សែន​ដុល្លារ​ឆ្លើយតប​តម្រូវការ​មនុស្សធម៌​ជូន​ជន​ភៀស​សឹក​ខ្មែរ

ទំនាក់ទំនងអន្តរជាតិ

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី ពេលទៅទស្សនកិច្ចតំបន់ព្រំដែនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា)

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី ពេលទៅទស្សនកិច្ចតំបន់ព្រំដែនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា)

ព្រះរាជាណាចក្រជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។នេះបើតាមការប្រកាសរបស់ផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលផ្សាយនៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។

លោកបន្ថែមទៀតថា រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ីដែលបានទៅទស្សនកិច្ចតំបន់ព្រំដែនដោយផ្ទាល់ផងនោះ បានកត់សម្គាល់ថា ៖«ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»។

ការប្រកាសផ្ដល់ជំនួយសង្គ្រោះបន្ទាន់ពីសំណាក់ជប៉ុនដែលជួយដល់ជនភៀសសឹកកម្ពុជានេះ បានទទួលការសាទរនិងថ្លែងអំណរគុណយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក។ ដំណឹងនេះផុសមិនបានកន្លះម៉ោងផង មានអ្នកចូលចែករំលែកប្រមាណជាង១ពាន់នាក់ និងអ្នកផ្ដល់មតិខមិនរាប់រយទៀត។

គណនេយ្យហ្វេសប៊ុកមួយ ឈ្មោះ Vinhur Reach បានសរសេរទៅកាន់ផេកស្ថានទូតជប៉ុនថា«សូមអរគុណចំពោះសន្តានចិត្តសប្បុរសរបស់ប្រជាជនជប៉ុន ដែលតែងតែជួយកម្ពុជា»។

គណនេយ្យហ្វេសប៊ុក Sovatha UN សរសេរថា ៖«សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តែងតែជួយដល់ប្រជាជនកម្ពុជាកំពុងរងទុក្ខលំបាកដោយសារការរំលោភឈ្លានពានយោធាសៀម ។ សូមជួយបន្តរការគាំទ្រជាមួយកម្ពុជាជម្រុញឱ្យភាគីសៀមដោះស្រាយបញ្ហាព្រំដែនទៅកាន់តុលារICJ ដើម្បីទទួលបាននូវភាពយុត្តិធម៌ដោយស្ងប់ចិត្ត »។

ទាក់ទងសំណុំរឿងជម្លោះព្រំដែនខ្មែរថៃលើកនេះ ប្រជប៉ុនបានចេញសេចក្ដីថ្លែងការណ៍គាំទ្រឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍និងប្រកាសបដិសេធពីករណីដែលថាជប៉ុនបានផ្ដល់ជំនួយដ្រូនឱ្យយោធាថៃ។

ប្រទេសជប៉ុនជាប្រទេសដែលនាំមុខគេក្នុងការផ្ដល់ជំនួយមនុស្សធម៌មកឱ្យប្រជាពលរដ្ឋខ្មែរ។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 មក ប្រទេសជប៉ុនជាដៃគូដ៏សំខាន់របស់កម្ពុជាដែលជួយជ្រោមជ្រែងក្នុងកិច្ចការកសាងប្រទេសឡើងវិញពីភ្នក់ភ្លើងសង្គ្រាម។ ជំនួយជប៉ុនជួយ ដល់កំណើនសេដ្ឋកិច្ច ការថែទាំសុខភាព កសិកម្ម ការអប់រំ និងអភិបាលកិច្ច។

គេហទំព័រសារព័ត៌មាន cambodianess.comកាលពីថ្ងៃទី១២ខែសីហា២០២៥ ផ្សាយដោយដកស្រង់ផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា ប្រទេសជប៉ុនគឺជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា ដែលស្មើនឹង 20 ភាគរយនៃជំនួយអភិវឌ្ឍន៍ផ្លូវការសរុប (ODA) ដែលកម្ពុជាទទួលបាន។ប្រភពដដែលបន្តថា បើគិត ចាប់តាំងពី ឆ្នាំ 1992 និង 2018 ប្រទេសជប៉ុនបានផ្តល់ជំនួយជាង 2.8 ពាន់លានដុល្លារដល់ប្រទេសកម្ពុជា៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1046}" data-page="1" data-max-pages="1" data-start="1" data-end="1">