យ៉ាងហោចមានកម្មករជាង ៤ពាន់នាក់អស់ការងារធ្វើ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ
យ៉ាងតិចណាស់កម្មករជាង ៤ពាន់នាក់បានបាត់បង់ការងារ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ ។ នេះបើតាមការកត់ត្រារបស់អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (CENTRAL)។ សង់ត្រាល់កត់សម្គាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានកម្មករប្រមាណជាង ៤,០០០ នាក់ បានរងផលប៉ះពាល់រួចហើយពីការបិទរោងចក្រយ៉ាងហោចណាស់ចំនួន ២ ដែលពាក់ព័ន្ធនឹងការរំខាននៅតំបន់ព្រំដែន។ ប្រភពដដែលបន្ថែមថា៖ «រោងចក្រមួយក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ គឺជាសហគ្រាសដែលមានម្ចាស់ជាជនជាតិថៃ និងស្ថិតនៅក្នុងតំបន់ព្រំដែន»។ សង់ត្រាល់កត់សម្គាល់ដែរថា៖ «រោងចក្រផ្សេងទៀតដែលមានម្ចាស់ជាជនជាតិថៃ និងជប៉ុន រួមទាំងក្រុមហ៊ុន Nidec នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងប៉ោយប៉ែត កំពុងប្រឈមមុខនឹងបញ្ហាប្រតិបត្តិការស្រដៀងគ្នា និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះផែនការវិនិយោគនាពេលអនាគតរបស់ពួកគេ»។ ប្រភពដដែលបញ្ជាក់ទៀតថា ផលប៉ះពាល់ដែលបណ្ដាលមកពីការបាត់បង់ការងារធ្វើ មិនត្រឹមតែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋានទាំងមូលទៀតផង។ សង់ត្រាល់បន្ថែម៖ «ការងារមួយនៅក្នុងរោងចក្រ គាំទ្រដល់ជីវភាពគ្រួសារមួយទាំងមូល និងរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលកម្មករបាត់បង់ការងារ ឬបាត់បង់ឱកាសធ្វើការបន្ថែមម៉ោង (overtime) អាជីវកម្មក្នុងមូលដ្ឋាន ម្ចាស់ផ្ទះជួល អ្នកផ្តល់សេវាដឹកជញ្ជូន និងអ្នកផ្តល់សេវាកម្មផ្សេងៗ ក៏ទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដូចគ្នាដែរ»។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា គិតមកទល់ថ្ងៃទី១៦ ខែសីហា រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ជូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណា លោកមិនបារម្ភថាកម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេ ពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។ ទោះជាយ៉ាងណានេះក្ដីអង្គការសង់ត្រាល់កត់សម្គាល់ថា នៅក្នុងសហគមន៍តំបន់ព្រំដែន ផលប៉ះពាល់ទាំងនេះអាចបង្កើតជាឥទ្ធិពលជាបន្តបន្ទាប់ ដែលនាំឱ្យមានការថយចុះនៃប្រាក់ចំណូលគ្រួសារ ការកើនឡើងនៃបំណុល និងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសាររាប់ពាន់គ្រួសារ ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាយ។ អង្គការសង់ត្រាល់ព្រមានពីភាពចាំបាច់បន្ទាន់ក្នុងការអនុវត្តវិធានការដើម្បីស្តារស្ថិរភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្មករ និងកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញឱ្យទាន់ពេលវេលា។ សង់ត្រាល់យល់ថា ៖«ការសម្របសម្រួលល្អនឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ»។ ជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ដើមកើតឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ រយៈពេលជាងមួយឆ្នាំមកនេះ ចរន្តសេដ្ឋកិច្ចការដោះដូរទំនិញផ្លូវគោកតាមព្រំដែនខ្មែរ-ថៃត្រូវបិទទាំងស្រុង ក្នុងនោះកងទ័ពថៃបានទន្ទ្រានកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង។ គិតមកទល់ពេលនេះ ពន្លឺនៃដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃមិនទាន់មាននោះទេ ស្របគ្នានោះពលរដ្ឋខ្មែរជាង ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញនៅឡើយ ដោយសារដីធ្លីផ្ទះសម្បែងខ្លះត្រូវកងទ័ពថៃទន្ទ្រានយក និងខ្លះទៀតរស់នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕
១៧ សីហា ២០២៦

ក្រសួងយុត្តិធម៌ច្រានចោលការលើកឡើងរបស់ លោករ៉ុង ឈុន ជុំវិញសំណើសុំអន្តរាគមន៍នៅក្រសួងយុត្តិធម៌
តំណាងក្រសួងយុត្តិធម៌ ច្រានចោលការលើកឡើងរបស់លោករ៉ុង ឈុន ជុំវិញសំណើសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៦ ខែសីហា ដោយចាត់ទុកការលើកឡើងរបស់លោករ៉ុង ឈុន ជាការកុហកភូតភរមតិសាធារណៈ។ កាលពីថ្ងៃទី០៥ ខែសីហា លោក រ៉ុង ឈុន បានដាក់លិខិតថ្មីមួយទៀតទៅក្រសួងយុត្តិធម៌ ដើម្បីស្នើក្រសួងយុត្តិធម៌ពិនិត្យលើលិខិតរបស់លោកដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១ កក្កដា ២០២៦។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុត្តិធម៌មិនទទួលលិខិតថ្មីរបស់លោក ឈុន ឡើយ។ លោករ៉ុង ឈុន តាមហ្វេសប៊ុកថា ៖ «នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងជាង ៩:០០ នាទី សហការីរបស់ខ្ញុំបានយកលិខិតដាក់ជូនក្រសួងយុត្តិធម៌ ត្រូវបានមន្ត្រីរដ្ឋបាលក្រសួងបដិសេធមិនទទួល។ សូមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មើលមន្ត្រីផង»។ លិខិតថ្មីដែលលោករ៉ុង ឈុន ផ្ញើទៅក្រសួងយុត្តិធម៌ គឺធ្វើឡើងដើម្បីតាមលិខិតចាស់ដែលក្រុមការងាររបស់គណបក្សកម្លាំងជាតិដាក់ជូនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើក្រសួងយុត្តិធម៌អន្តរាគមន៍ចំពោះសំណុំរឿងលោករ៉ុង ឈុន។ អ្នកនាំពាក្យក្រសួងយុត្តធម៌ លោក ឯម ច័ន្ទមករា លើកឡើងថា ៖ «លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវបានទទួលចាត់ការដោយស្មើភាព ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌»។ លោកកត់សម្គាល់ថា ៖ «ខ្ញុំសូមច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា "សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល"។ ការលើកឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន»៕
៧ សីហា ២០២៦

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសមកកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ
ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western នឹងមកកាន់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមការបញ្ជាក់ខ្លីនៅក្នុងសេចក្ដីជូនដំណឹងផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦។ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាកត់សម្គាល់ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Matt Western បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគាំទ្រដល់កំណើនបៃតង និងបរិយាបន្ន ព្រមទាំងពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសជាដៃគូគាំទ្រដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង»។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Matt Western មកកម្ពុជា គឺដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដែលធ្លាប់មាន ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ប្រេសិតពាណិជ្ជកម្មអង់គ្លេស លោក Matt Western លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា លោករីករាយចំពោះដំណើរត្រឡប់មកកម្ពុជាជាលើកទី ២ នេះ។ លោក Matt Western មានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា លើវិស័យនានាដែលភាពខ្លាំង និងមហិច្ឆតារបស់យើងមានភាពស៊ីសង្វាក់គ្នា រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ ព្រមទាំងវិស័យអប់រំ។ វិស័យទាំងនេះមានសក្ដានុពលក្នុងការគាំទ្រដល់កំណើនប្រកបដោយចីរភាព បង្កើតឱកាសការងារ ទាក់ទាញការវិនិយោគ និងបើកផ្លូវទៅកាន់វិបុលភាពរយៈពេលវែង»។ លោកបន្ថែមទៀតថា អាជីវកម្មរបស់អង់គ្លេសបានរួមចំណែកសំខាន់មួយផ្នែករួចហើយនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ លោកថា គោលនយោបាយបើកចំហរបស់កម្ពុជាបានបង្កើតឱ្យមានឱកាសដ៏សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ លោក Matt Western បញ្ជាក់ដូច្នេះ៖ «ខ្ញុំទន្ទឹងរង់ចាំជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង អាជីវកម្ម និងអ្នកអប់រំរបស់កម្ពុជា ដើម្បីស្វែងរកវិធីសាស្ត្រដែលយើងអាចធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែស៊ីជម្រៅ បើកផ្លូវសម្រាប់ឱកាសថ្មីៗខាងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់ទំព័រថ្មីនៃរឿងរ៉ាវកំណើនរបស់កម្ពុជា»។ បើតាមគម្រោង មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសរូបនេះ នឹងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា គឺឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ដែលទទួលខុសត្រូវភាគច្រើនផ្នែកគោលនយោបាយ និងធុរកិច្ច។ ភាគីអង់គ្លេសក៏នឹងជួបដៃគូសហការមកពីក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើប្រធានបទវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម ការកែទម្រង់បទប្បញ្ញត្តិ ព្រមទាំងការបង្កើនការទាញយកផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) របស់ចក្រភពអង់គ្លេស។ តំណាងអង់គ្លេសក៏នឹងជួបពិភាក្សាជាមួយតំណាងមកពីអគ្គិសនីកម្ពុជា (EDC) ដើម្បីពិភាក្សាអំពី មហិច្ឆតាលើវិស័យថាមពលរបស់កម្ពុជា ភាពជាដៃគូខាងហិរញ្ញប្បទាន និងសក្តានុពលទៅថ្ងៃអនាគតរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ លោក Matt Western ដែលជាសមាជិកសភាផងនោះ គឺជាបេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ។ តួនាទីរបស់លោក គឺជំរុញផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេស ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ប្រទេសកម្ពុជា គឺជាប្រទេសទទួលផលដ៏សំខាន់មួយនៃប្រព័ន្ធអនុគ្រោះនេះ ដែលផ្តល់នូវការនាំចូលដោយមិនជាប់ពន្ធគយ (Duty-free) រហូតដល់ទៅជាង ៩៩% នៃទំនិញដែលនាំចេញទៅកាន់ចក្រភពអង់គ្លេស។ កម្មវិធីនេះបានជួយដល់អាជីវកម្មកម្ពុជាក្នុងការរីកលូតលាស់ បង្កើនភាពសម្បូរបែបនៃការនាំចេញ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារសកលលោក៕

លោក ហ៊ុន ម៉ាណែត ជួបនាយករដ្ឋមន្ត្រីថៃ អនុទីន ក្នុងជំនួបក្រៅផ្លូវការនៅហាណូយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្សាយជាសាធារណៈឱ្យដឹងថា លោកបានជួបពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul។ លោក ហ៊ុន ម៉ាណែត បានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹក និងសរសេរថា៖ «ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦»។ ទោះជាយ៉ាងណាក្ដី ខ្លឹមសារលម្អិតនៃជំនួបមិនទាន់ត្រូវបង្ហាញជាសាធារណៈឱ្យដឹងនៅឡើយទេ។ កម្ពុជា និងថៃ បានទម្លាក់កម្រិតទំនាក់ទំនងការទូតនៅត្រឹមកម្រិតលេខាទូតទី២ កាលពីឆ្នាំមុន ពោលគឺមិនចាប់ផ្ដើមប្រយុទ្ធគ្នាតាមព្រំដែន។ សព្វថ្ងៃ ទាហានថៃបានរំលោភកាន់កាប់ដីខ្មែរជាច្រើនទីតាំង រាប់តាំងពីតំបន់ប្រជុំជនមួយចំនួន តំបន់ប្រាសាទបុរាណ និងបន្ទាត់ព្រំដែនតំបន់ភ្នំ។ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការផ្សាយព័ត៌មានពីជំនួបរវាងមេដឹកនាំកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ត្រីកម្ពុជា គឺបង្ហាញថា ប្រទេសកម្ពុជាតែងបើកទូលាយផ្នែកសន្ទនាការទូតជាមួយថៃ បើទោះជាថៃកំពុងកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនក្ដី។ លោកបន្ថែមថា៖ «កម្ពុជាចង់បង្ហាញថា ខ្លួនជារដ្ឋស៊ីវិល័យ ប្រកាន់យកច្បាប់អន្តរជាតិ និងទំនាក់ទំនងការទូតជាប្រក្រតី។ បើទោះជាថៃប្រកាន់ឥរិយាបថក្រអឺតក្រទមយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើផ្នែកការទូត និងច្បាប់អន្តរជាតិ»។ លោក យង់ ពៅ បញ្ជាក់ថា ទំនាស់រវាងកម្ពុជា-ថៃ នឹងអាចដោះស្រាយបាន បើសិនជាមានការសន្ទនាគ្នា និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិដែលមានជាធរមាន។ ទោះជាយ៉ាងណា លោកព្យាករណ៍ថា អ្នកជាតិនិយមជ្រុលរបស់ថៃនឹងបន្ទោសលោក អនុទីន នៅពេលដែលពួកគេឃើញរូបភាពចាប់ដៃរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន។ កាលពីថ្ងៃទី០៨ខែមិថុនា កាសែតចិន ឆាយណា ដេលី (China Daily) បានផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ សុទ្ធតែបានប្រកាសជំរុញឱ្យព្រំដែនមានសន្តិភាព។ កាសែតចិន ឆាយណា ដេលី បានស្រង់ប្រសាសន៍លោក អនុទីន ដែលបាននិយាយថា ទំនាក់ទំនងនៃប្រទេសទាំងពីរ កំពុងស្ថិតនៅផ្លូវបំបែក និងត្រូវធ្វើការរួមគ្នាដើម្បីជំនះបញ្ហាប្រឈមនានាដែលកើតមានឡើង។ លោក អនុទីន ៖ «សូមអំពាវនាវឲ្យមានរបត់ថ្មីនៅក្នុងទំនាក់ទំនងជាមួយកម្ពុជា តាមរយៈការទុកចិត្តគ្នា ភាពជឿជាក់ និងកិច្ចសន្ទនាដោយភាពស្មោះត្រង់។ ឆន្ទៈនិងការប្តេជ្ញាចិត្តខាងនយោបាយ គឺជារឿងចាំបាច់បំផុតដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងយូរអង្វែង ព្រមទាំងបានសម្តែងនូវភាពជឿជាក់ថា គោលដៅនេះអាចសម្រេចទៅបាន ទោះបីជាមានការលំបាកនានាក៏ដោយ»។ កាសែតចិន ឆាយណា ដេលី ក៏បានស្រង់ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ក្នុងវេទិកាអន្តរជាតិនោះថា បទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នៅតែបន្តរក្សាបាន ប៉ុន្តែនៅមានភាពផុយស្រួយនៅឡើយ។ លោកបានអំពាវនាវឲ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឲ្យបានជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យ សេង វណ្ណលី មានប្រសាសន៍ថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន ឆានវីរៈកុល នៅលើទឹកដីវៀតណាម ក្នុងអំឡុងពេលនៃវេទិកាអនាគតអាស៊ាននេះ គឺជារូបភាពនយោបាយមួយដែលអាចមើលឃើញពីរជ្រុងផ្ទុយគ្នា ទាំងចំណុចវិជ្ជមាននៃការរក្សាទំនាក់ទំនង និងភាពទាល់ច្រកនៃដំណោះស្រាយពិតប្រាកដ។ លោកថា បើពិនិត្យលើទិដ្ឋភាពវិជ្ជមាន និងលទ្ធភាពនៃការសម្រាលភាពតានតឹង ជំនួបនេះពិតជាអាចប្រសើរក្នុងកម្រិតនៃការរក្សាបណ្តាញទំនាក់ទំនងទ្វេភាគីកុំឱ្យដាច់។ លោក សេង វណ្ណលី៖ «ការជួបគ្នារវាងមេដឹកនាំអាចជួយរក្សានូវលំនឹងបណ្តោះអាសន្ន មិនឱ្យជម្លោះព្រំដែនរុញច្រានប្រទេសទាំងពីរទៅរកការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើងវិញម្តងទៀតឡើយ។ ប៉ុន្តែខ្លឹមសារស្នូលនៃការរកច្រកចេញសម្រាប់ជម្លោះព្រំដែន និងតំបន់ទាមទារត្រួតគ្នា (OCA) ខ្ញុំយល់ថាជំនួបនេះមិនអាចនាំមកនូវដំណោះស្រាយជាដុំកំភួន ឬជោគជ័យធំដុំនោះឡើយ»។ លោកបន្ថែមថា លោក អនុទីន នឹងជួបព្យុះភ្លៀងលើបញ្ហាបី ដែលរួមមាន៖ទី១. សម្ពាធនយោបាយផ្ទៃក្នុងថៃ៖ រដ្ឋាភិបាលថៃកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីក្រុមអភិរក្សនិយម ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃ។ទី២. អនុទីន ខ្វះអំណាចសម្រេចដាច់ខាត៖ ជំនួបនេះគ្រាន់តែជាការស្ទាបស្ទង់ទឹកចិត្ត និងការបន្ធូរបន្ថយបរិយាកាសនយោបាយការបរទេសតែប៉ុណ្ណោះ។ទី៣. ភាពផ្ទុយគ្នានៃយុទ្ធសាស្ត្រស្នូល៖ នៅពេលដែលកម្ពុជាចង់ចរចាជាកញ្ចប់ក្រោមក្របខ័ណ្ឌ UNCLOS (ទាញយកថាមពលប្រេងកាតផង និងកំណត់ព្រំដែនសមុទ្រផងស្របពេលគ្នា) ភាគីថៃ ជាពិសេសក្រុមបច្ចេកទេស និងកងទ័ព តែងតែចង់ឱ្យដោះស្រាយរឿងព្រំដែនសមុទ្រឱ្យច្បាស់លាស់ជាមុនសិន ទើបជជែករឿងបែងចែកផលប្រយោជន៍ថាមពលតាមក្រោយ។ លោកបញ្ជាក់ថា ភាពខុសគ្នានៃគោលការណ៍គ្រឹះនេះ មិនអាចដោះស្រាយបានតាមរយៈជំនួបក្រៅផ្លូវការនៅក្រៅប្រទេសបែបនេះឡើយ។ លោក សេង វណ្ណលី៖ «សរុបមក ខ្ញុំយល់ថា ជំនួបនេះគ្រាន់តែជា «ថ្នាំបំបាត់ការឈឺចាប់បណ្តោះអាសន្ន» ដើម្បីកុំឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះដុនដាប ប៉ុន្តែវាមិនមែនជា «ថ្នាំព្យាបាលជំងឺដ៏រ៉ាំរ៉ៃ» នៃជម្លោះព្រំដែននោះទេ។ ច្រកចេញពិតប្រាកដនៅតែទាមទារការចរចាជាផ្លូវការ យូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ និងការបើកចំហតម្លាភាព ដោយមិនអាចពឹងផ្អែកលើការសម្របសម្រួលបែបការទូតរវាងបុគ្គល និងបុគ្គល នោះទេ»៕

ភាគីគាំទ្រលទ្ធិប្រជាធិបតេយ្យសម្ដែងការខកចិត្ត បន្ទាប់ពីសាលាឧទ្ធរណ៍ផ្តន្ទាទោស លោក កឹម សុខា
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ គឺជាការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តប្រើប្រាស់អំណាចតុលាការ ដើម្បីបំបាក់ស្មារតីអ្នកនយោបាយបក្សប្រឆាំង និងរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ នេះជាសំណេររបស់សាស្ត្រាចារ្យជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ គឺប្រហែលកន្លះម៉ោងក្រោយពេលលោកទទួលបានដំណឹងពីសាលាដីការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ លោក សេង វណ្ណលី បន្ថែមថា ការតម្កល់សាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ និងការហាមឃាត់មិនឱ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំទៀតនោះ គឺជាទង្វើអយុត្តិធម៌បំផុតសម្រាប់លោក កឹម សុខា ដែលបានលះបង់ដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក សេង វណ្ណលី៖ «តុលាការហាក់បីដូចជាមិនបានពិចារណាលើភស្តុតាងដោះបន្ទុក ឬគោលការណ៍ច្បាប់អន្តរជាតិឡើយ ប៉ុន្តែបែរជាជ្រើសរើសយកការសម្រេចតាមខ្សែញាក់នយោបាយ ដើម្បីកម្ចាត់ដៃគូប្រកួតប្រជែងឱ្យចេញពីសង្វៀននយោបាយទាំងស្រុង។ការ ចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស គ្រាន់តែជាលេសដ៏ទន់ជ្រាយមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។ នៅព្រឹកថ្ងៃទី៣០ខែមេសាដដែលតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជាក៏ថ្លែងការណ៍បារម្ភពីស្ថានភាពនយោបាយកម្ពុជានៅពេលដែលឃើញសាលដីការតុលាការ ចំពោះរូបលោកកឹម សុខាដែរ។ ទន្ទឹមនឹងនេះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ស្ថានទូតអូស្ត្រាលី៖«អូស្ត្រាលីតែងតែលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់យន្តការផ្លូវច្បាប់ដើម្បីកម្រិគណបក្សប្រឆាំង ។ លទ្ធផលនៅថ្ងៃនេះ រឹតតែធ្វើតែយើងកាន់តែព្រួយបារម្ភ»។អូស្ត្រាលីបន្ថែមថា ពួកគេជម្រុញឱ្យកម្ពុជាចាត់វិធានការពិតប្រាកដ ដើម្បីពង្រីកលំហរសង្គមស៊ីវិលនិងសេរីភាពនយោបាយ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដនៅកម្ពុជា។ ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមាជិកប្រចាំនៅកម្ពុជា ក៏សម្ដែងការខកចិត្តដែលចំពោះស្ថានភាពនៅកម្ពុជា។ស្ថានប្រតិភូសហភាពអឺរ៉ុប ដែលមានវត្តមាននៅក្នុងព្រះរាជា ណាចក្រកម្ពុជា កត់សម្គាល់ដោយក្ដីកង្វល់ចំពោះលទ្ធផលនៃសវនាការបណ្ដឹងឧទ្ធរណ៍របស់លោក កឹម សុខា។ ស្ថានប្រតិភូសហភាពអឺរ៉ុប ៖«នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់សម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្តេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន។ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមាជិកប្រចាំកម្ពុជា តែងតែគាំទ្រជាប្រចាំដល់នីតិរដ្ឋនៅកម្ពុជា ហើយសង្ឃឹមថានឹងមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្ថាបនា រួមទាំងវិធានការវិជ្ជមានផ្សេងៗ ចំពោះអ្នកដែលកំពុងជាប់ឃុំនាពេលបច្ចុប្បន្ន»។ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ខែមេសា បានប្រកាសសាលដីកា ដោយសាររក្សាសាលក្រមរបស់សាលាដំបូងផ្តន្ទាទោស លោក កឹម សុខាឱ្យជាប់ឃុំ២៧ឆ្នាំ និងមិនឱ្យលោក ចាកចេញពីប្រទេសរយៈពេល៥ឆ្នាំ។ លោកកឹម សុខា ជាមេបក្សប្រឆាំងនៅកម្ពុជាដែលមានឥទ្ធិពលធំទី២បន្ទាប់ពីលោកសមរង្ស៊ី។ លោកកឹម សុខាបានដឹកនាំគណបក្សសង្គ្រោះជាតិដណ្ដើមបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជាង៥ពាន់កៅអី ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧។ លោកត្រូវបានចាប់ខ្លួនក្រោមបទចោទក្បត់ជាតិ ហើយលោកជាមនុស្សតែម្នាក់គត់នៅកម្ពុជាដែលត្រូវជាប់ឃុំក្នុងផ្ទះ។ លោក សេង វណ្ណលី យល់ថា សាលដីការសាលាឧទ្ធរណ៍ មិនត្រឹមតែបិទផ្លូវសេរីភាពរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាគឺជាការបិទផ្លូវសេរីភាពនៃគំនិតចម្រុះ និងការផ្សះផ្សាជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបចង់បាន។ លោកវណ្ណលី៖« យុត្តិធម៌ដែលត្រូវបានបង្ខាំងក្នុងផ្ទះ និងការដកហូតសិទ្ធិនយោបាយជាស្ថាពរបែបនេះ គឺជាសញ្ញាព្រមានដ៏ខ្មៅងងឹតសម្រាប់លទ្ធិប្រជាធិបតេយ្យដែលកំពុងដង្ហក់ស្លាប់នៅកម្ពុជា»៕

តុលាការភ្នំពេញផ្តន្ទាទោសមនុស្សចំនួន ៣៣នាក់ ពីបទញុះញង់ ក្នុងករណី CLV-DTA
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមនុស្សចំនួន ៣៣ នាក់ ដែលក្នុងនោះមានមនុស្សចំនួន ១៤ នាក់ កំពុងជាប់ឃុំ ក្រោមបទចោទ ញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេទៅលើបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ។នេះបើតាមការបញ្ជាក់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលចេញផ្សាយនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦។ លីកាដូកត់សម្គាល់ដែរថា ការផ្តន្ទាទោសទាំងនេះ រាប់បញ្ចូលទាំងសមាជិក ៣ រូប ដែលមកពីក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ អ្នកទាំង ៣ រូប ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៤ នៅខណៈដែលកំពុងមានការបញ្ចេញមតិយ៉ាងផុសផុលតាមបណ្តាញសង្គម និងការបង្ក្រាបយ៉ាងច្រើនពីរាជរដ្ឋាភិបាលមកលើអ្នកដែលបានបញ្ចេញមតិទាំងនោះ ទៅលើយន្តការអភិវឌ្ឍតាមបណ្តោយព្រំដែនខាងលើនេះ។ លីកាដូ៖«សមាជិក ៣ នាក់ នៃក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រមាណ ១.០០០ ដុល្លារអាមេរិក) ។ អ្នកទាំងបីនឹងត្រូវបានដោះលែងនៅខែ កក្កដា ខាងមុខនេះ »។ បើតាមការបញ្ជាក់ពីលីកាដូ នៅត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៤ មានប្រជាពលរដ្ឋជាង ១០០ នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយជាង ៦០ នាក់ ត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ ។ ក្រោយមក រាជរដ្ឋាភិបាលបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍នេះ ។ លីកាដូបន្ថែមថា ៖«ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងលើសំណុំរឿងដើមតែមួយ ប៉ុន្តែតុលាការបែងចែកជា ៥ ករណីដាច់ដោយឡែកពីគ្នា ។ ជនជាប់ចោទទាំងអស់ក្នុងករណីទាំង ៥ សុទ្ធតែជាប់ចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ» ។ ក្រោយពេលចាប់ខ្លួនអ្នកទាំងនោះ សកម្មជននយោបាយ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចាប់ផ្តើមបញ្ចេញមតិរិះគន់កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណខាងលើនេះ នៅលើបណ្តាញសង្គម ។ អ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ២ រូប គឺលោក ធែល ធីលែន និងកញ្ញា ពៅ លីតា ត្រូវបានចាប់ខ្លួននៅសប្តាហ៍បន្ទាប់ ក្រោយពេលសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចាប់ខ្លួន ។ អ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ២២ ខែ ។ តុលាការក៏បានផ្តន្ទាទោសលោក សាន អឿន លោក គឹម វឿន លោក ឈឺន ចំរុង និងលោក ហេង គឹមលី ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ។ លោក វឿន និងលោក អឿន គឺជាអ្នកនយោបាយមកពីគណបក្សជំទាស់ និងត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៤ ។ អ្នកស្រីញិប សារ៉ុម ដែលជាសកម្មជននយោបាយម្នាក់ទៀត លោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអ្នកនយោបាយមកពីគណបក្សជំទាស់ និងលោក ហោ សុខុន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ។អ្នកស្រី សែម សុផល និងលោក តូច រតនៈ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២២ ខែ ។ប្អូនប្រុសអ្នកស្រី សែម សុផលគឺលោក មិន ពៅ បានផុសតាមហ្វេសប៊ុករំលឹកពីស្ថានភាពរបស់បងស្រីខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។បើតាមលោកពៅ រំលឹកបងស្រីរបស់លោកមិនត្រូវបានទទួលព័ត៌មានទាំងអស់នៅពេលដែលត្រូវអាជ្ញាធរចាប់ខ្លួន។លោកថា អ្នកស្រីសែមពៅ លេចនោមដាក់ខោព្រោះតែភាពភ័យខ្លាច។ លោក ពៅ៖«បងស្រីខ្ញុំជាប់ឃុំជិត២ឆ្នាំដោយមិនបានប្រាប់ពីហេតុនៃកំហុសទេ។ ខ្ញុំលែងមានចិត្តស្នើទៅមន្ត្រីរៀនបានខ្ពស់តែចិត្តអាក្រក់គ្មានច្បាប់គ្មានយុត្តិធម៌ក្នុងខ្លួនហើយ ខ្ញុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយអោយជួយបងស្រីមានសេរីភាពវិញ។ ចំណែកមន្ត្រីអាក្រក់បង្កទុក្ខវេទនាដល់ពលរដ្ឋទាំងនោះអោយទទួលទុក្ខតាមកម្មផលរបស់ពួកគាត់ចុះ»។ បើតាមលីកាដូ ជនជាប់ចោទផ្សេងទៀតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ តែទោសត្រូវព្យួរ រួមមាន លោក ឆាយ វិត លោក ចក់ បានមុន្នី លោក នុប ចំរើន លោក ហេង…

មន្ត្រីជាន់ខ្ពស់ចិន២រូបទស្សនកិច្ចកម្ពុជាចំពេលកម្ពុជារងវិបត្តិព្រំដែននិងឧក្រិដ្ឋកម្មអនឡាញ
មន្ត្រីជាន់ខ្ពស់ចិន២រូបទស្សនកិច្ចកម្ពុជាចំពេលកម្ពុជារងវិបត្តិព្រំដែនខ្មែរថៃ និងឧក្រិដ្ឋកម្មអនឡាញ។មន្ត្រីចិនទាំងពីររូបមាន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិ លោក តុងជុនមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ«២+២» រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនដែលថ្លែងប្រាប់អ្នកសារព័ត៌មានពីទីក្រុងប៉េកាំង។ អ្នកទាំងពីរបានជាន់ដីកម្ពុជាហើយនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា កិច្ចសន្ទនានេះសម្រេចឡើងតាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីងកាលពីខែមេសា២០២៥កន្លងទៅ។ប្រភពដដែលបន្តថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយនិងសន្តិសុខនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសកម្ពុជា៖«យន្ដការថ្មីនេះជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់និងពិភពលោក»។ កម្ពុជាជាប្រទេសទី២បន្ទាប់ពីឥណ្ឌូនេស៊ីដែលចិនសម្រេចរៀបចំកិច្ចសន្ទនានេះឡើង។ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូប នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយហ៊ុន សែន និង ហ៊ុន ម៉ាណែត។ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត យង់ ពៅ លើកឡើងថា ទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា ក្រោមឆ័ត្រមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិឆកោណត្បូងពេជ្រ។ លោកថា ដំណើរនេះក៏ស្របនឹងច្បាប់ធម្មនុញ្ញUN និងជាសិទ្ធអធិបតេយ្យក្នុងគោលបំណងរួមគ្នាការសាងទំនុកចិត្ត ធានាស្ថេរភាពតំបន់និងសកល។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងយោធា កម្ពុជា-ចិន បានបង្កើតទំនា់ទំនងជាមួយគ្នាជាប្រពៃណី រួមទាំងការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ជំនួយបច្ចេកទេសយោធា ការសាងសង់កំពង់ផែរាម។ លោក យង់ ពៅ៖«កិច្ចសន្ទនានេះបង្កើនជំនឿចិត្ត និងជាថាមពលថ្មីនៃយុទ្ធភូមិសាស្ត្រ(Geostrategic) ដើម្បីរក្សាលំនឹងភូមិសាស្ត្រនយោបាយកម្ពុជាក្នុងតំបន់។ យើងរំពឹងថា ជំនួបនេះនឹងនាំមកនូវផ្លែផ្កាគុណភាពខ្ពស់នៃទំនាក់ទំនងកម្ពុជា-ចិន លើវិស័យយោធា ខណៈដែលកម្ពុជាកំពង់ត្រូវការពង្រឹងសមត្ថភាពជាចាំបាច់និងបន្ទាន់»។ លោកយង់ ពៅបន្ថែម៖«គេតែងវាយតម្លៃកម្ពុជាលម្អៀងទៅនេះទៅនោះ ប៉ុន្តែកម្ពុជាតែងរក្សាលំនឹងភូមិសាស្ត្រនបាយរបស់ខ្លួន»។ ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី ក៏ជាអាជ្ញាកណ្ដាលមួយក្នុងជម្លោះព្រំដែនខ្មែរថៃដែរ។ ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមអនឡាញភាគីកម្ពុជាទើបផ្ដល់កាដូជូនចិនដោយចាប់បញ្ជូនឧក្រិដ្ឋជនអន្តរជាតិសំខាន់ៗពីររូបទៅឱ្យអាជ្ញាធរចិន។ ក្នុងនោះចៅហ្វាយធំព្រីនស៍គ្រុប លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scamចាប់បញ្ជូន ពីកម្ពុជាទៅចិនវិញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦និងម្ចាស់ភាគហ៊ុនធំ ហួយវន់ផេ លោកលី សុង (LI XIONG)ដែលជាមេខ្លោងឆបោកនិងលាងលុយត្រូវបញ្ជូនទៅប្រទេសចិននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ប្រទេសចិនទើបបានផ្ដល់នាវាពីរគ្រឿងជូនកម្ពុជាដើម្បីបម្រើសេវាយោធាជើងទឹក។ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក គង់ ម៉ូនីកា មានប្រសាសន៍ថា កម្ពុជាត្រូវធានាឱ្យមានតុល្យភាពក្នុងការធ្វើទំនាក់ទំនងដើម្បីបម្រើប្រយោជន៍ជាតិ។ លោកគង់ម៉ូនីកា៖«យើងខ្ញុំស្វាគមន៍ចំពោះទំនាក់ទំនងកម្ពុជាចិន ប៉ុន្តែទំនាក់ទំនងត្រូវតែធានាឯករាជ្យភាពរបស់កម្ពុជាក៏ដូចជាផលប្រយោជន៍របស់ជាតិជាចំណុចអាទិភាពរបស់កម្ពុជា។មិនត្រឹមតែមានទំនាក់ទំនងជាមួយចិនទេកម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសផ្សេងៗទៀតដើម្បីធានាថាកម្ពុជាមានគោលនយោបាយមួយដែលសមស្រប បម្រើឱ្យផលប្រយោជន៍របស់ប្រទេសជាតិ»។ អ្នកឃ្លាំមើលបញ្ហាភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី សរសេរក្នុងហ្វេសប៊ុករបស់លោក ថា ចិនពិតជាមានឧបករណ៍គ្រប់គ្រាន់ក្នុងការជួយរដ្ឋាភិបាលភ្នំពេញឱ្យចាកចេញពីអន្ទាក់ព្រំដែន ប៉ុន្តែជោគជ័យនៃសេណារីយ៉ូទាំងនេះ ក៏អាស្រ័យទៅលើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការគ្រប់គ្រងប្រតិកម្មតបតពីក្រុមអ្នកនយោបាយថៃ និងការរក្សាមុខមាត់ឱ្យភាគីថៃ ផងដែរ។ លោកបញ្ជាក់៖«ប្រសិនបើចិនអាចសម្របសម្រួលឱ្យមានដំណោះស្រាយ ឈ្នះ-ឈ្នះ ដែលថៃមិនបាត់បង់មុខមាត់ ហើយកម្ពុជាទទួលបានការធានាព្រំដែនពិតប្រាកដ នោះវានឹងក្លាយជាសមិទ្ធផលដ៏ធំបំផុតនៃសម្ព័ន្ធភាព ២+២ កម្ពុជា-ចិន ដែលនឹងកែប្រែប្រវត្តិសាស្ត្រនៃទំនាក់ទំនងត្រីភាគីនេះជារៀងរហូត»។ បើតាមគម្រោងបន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យីក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់។លោកវ៉ាងយីក៏នឹងបន្តដំណើរទៅថៃនិងមីយ៉ាន់ម៉ាដែរបន្ទាប់ពីទស្សនកិច្ចនៅកម្ពូជា៕

អង្គភាពប្រឆាំងអំពើពុករលួយចាប់ឧត្តមសេនីយ៍២នាក់បញ្ជូនទៅតុលាការក្នុងបទចោទស៊ីសំណូកពួក Online Scams
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញ៉ូវ (Fresh News)នៅថ្ងៃទី២២ខែមេសា២០២៦ដែលបានស្រង់ប្រសាសន៍ប្រធានអង្គភាពប្រឆាំងពើពុករលួយលោក ឱម យិនទៀង។ អង្គភាពព័ត៌មានព័ត៌មាន Fresh Newsថា៖ «លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់»។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រមិនបំភ្លឺពីករណីនេះប្រាប់ប្រាជាសែតនោះទេនៅល្ងាចថ្ងៃទី២១ខែមេសា២០២៦តាមរយៈតេឡេក្រាម។លោក សយ ចាន់វិចិត្រ៖«អធ្យាស្រ័យ ខ្ញុំមិនទាន់មានព័ត៌មានដែលអាចជម្រាបជូនបាន។ អរគុណ»។ នាយកគ្រប់គ្រងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រយៈពេលចុងក្រោយនេះលោកសង្កេតឃើញថា រាជរដ្ឋាភិបាលចាត់វិធានការទ្រង់ទ្រាយធំដើម្បីបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មអនឡាញ រហូតដល់មានព័ត៌មានថាអាជ្ញាធរជំនាញចាប់ខ្លួនមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើស។លោកថា វិធានការនេះទំនងជាបានជួយលើកមុខមាត់កម្ពុជាឡើងវិញបានខ្លះ បន្ទាប់ពីកេរ្តិ៍ឈ្មោះកម្ពុជាត្រូវប៉ះពាល់ធ្ងន់ធ្ងរដោយសាររបរទុច្ចរិតនេះ។ លោក អំ សំអាត៖«ចុងក្រោយនេះអាជ្ញាធរបានបង្ក្រាបស្កែមទ្រង់ទ្រាយធំ។យើងសាទរនៅស្នើអនុវត្តច្បាប់ ក្នុងនាមជាសង្គមស៊ីវិលយើងស្នើឱ្យមានការបង្ក្រាបស្កែមនេះឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារមុខមាត់កម្ពុជាឡើង។យើងគាំទ្រឱ្យរាជរដ្ឋាភិបាលត្រូវហ៊ាន វះកាត់សាច់ស្អុយចេញដើម្បីសេដ្ឋកិច្ចជាតិយើង »។ បើតាមសារព័ត៌មាននានាដែលស្និទ្ធនឹងរាជរដ្ឋាភិបាលបានឱ្យដឹងថា ដំណើរការចាប់ខ្លួននាយនគរបាលទាំងពីររូបនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២០ខែមេសា។ទោះជាយ៉ាងណាACUមិនបានបង្ហើបឱ្យដឹងពីអង្គហេតុពិតប្រាកដដែលឈានទៅចាប់ខ្លួនអ្នកទាំងអស់នោះនៅឡើយ។ កាលពីសប្ដាហ៍មុន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលម្នាក់ក៏ត្រូវចាប់ខ្លួនក្នុងសំណុំរឿងស្កែមអនឡាញនេះដែរ៕

ព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុនី ទទួលបានការវះកាត់ព្យាបាលព្រះរោគនៅមន្ទីរពេទ្យប៉េកាំង
(ភ្នំពេញ)៖ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហមុនី ទទួលបានការវះកាត់ព្យាបាលព្រះរោគនៅមន្ទីរពេទ្យប៉េកាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងដែលចេញផ្សាយនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ក្រសួងព្រះបរមរាជវាំង លើកឡើងថា ស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ ប្រភពដដែលបន្តថា ៖«ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន»។ក្រសួងបន្តទៀតថា ៖« ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្ដនៅក្នុងមន្ទីរពេទ្យប៉េកាំង» ។ ក្រសួងព្រះបរមរាជវាំងបានស្រង់ព្រះរាជតម្រិះរបស់ព្រះមហាក្សត្រដែលបានថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ។ ប្រមុខដឹកនាំព្រឹទ្ធសភា និងជាមេបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរសារក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា រូបលោកនិងកូនប្រុសពីរនាក់បានទៅដល់ទីក្រុងប៉េកាំងដើម្បីបង្គំគាល់ព្រះមហាក្សត្រដែលកំពុងទទួលការព្យាបាលព្រះរោគ។ លោក ហ៊ុន សែន ៖«ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ»។ លោកបន្ថែមថា ៖«សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦»។ លោក ហ៊ុន សែន ឆ្លៀតថ្លែងអំណរគុណចំពោះប្រធានាធិបតីចិនចំពោះកិច្ចអន្តរាគមន៍ទាំងឡាយក្នុងការព្យាបាលព្រះរោគព្រះមហាក្សត្រខ្មែរ។ គណបក្សជំនាន់ថ្មីដែលមានលោក មាជ សុវណ្ណារ៉ា ជាប្រធានបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៩ខែមេសាដោយបង្ហាញក្ដីបារម្ភពីព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រនិងបួងសួងសូមឱ្យព្រះអង្គជាសះស្បើយពីព្រះរោគ។ គណបក្សជំនាន់ថ្មី៖«ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានក្តីកង្វល់ដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ។ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថាលោកបារម្ភជាខ្លាំងចំពោះព្រះរាជសុខភាពព្រះមហាក្សត្រ។ លោកបន្ថែមថាព្រះអង្គជានិមិត្តរូបនៃការផ្សះផ្សារជាតិ ជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលជាទីសង្ឃឹមរបស់ប្រជារាស្ត្រ។ ក្នុងនាមរូបលោកនិងក្នុងនាមតំណាងបក្សជំនាន់ថ្មីលោកសុវណ្ណារ៉ា ថ្លែងថា: ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងសូមឱ្យដំណើរការវះកាត់ព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ឆាប់ជាសះស្បើយពីព្រះរោគាពាធ និងមានព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរជារៀងដរាបតទៅ»។ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងព្រះរាជសារបញ្ជាក់ថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានរកឃើញថាព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ដែលព្រះចាំបាច់ត្រូវបន្តគង់ព្យាបាលព្រះរោគ។ នេះបើតាមការបញ្ជាក់ក្នុងព្រះរាជសារចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៕

វិបត្តិថាមពលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា រារាំងកំណើនសេដ្ឋកិច្ចប្រទេសនានាក្នុងតំបន់រួមទាំងកម្ពុជាផង
ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧។ ជម្លោះនោះនឹងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត វៀតណាមនិងកម្ពុជាផង។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលចេញផ្សាយនៅបំណាច់ខែមីនាឆ្នាំ២០២៦។ របាយការណ៍ស្រាវជ្រាវរបស់ADBនេះ រំលេចពីសេណារីយ៉ូហានិភ័យ ដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចដែលមានកម្ពុជាដែរនោះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ របាយការណ៍ADB៖ «បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើននិងអតិផរណា។ ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍….»។ សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីADB លោក Albert Park បានមានប្រសាសន៍ថា៖«ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង»។ ទាក់ទងនឹងវិបត្តិថាមពលនេះ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ មានប្រសាសន៍ថា ស្ថានការណ៍នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានជះឥទ្ធិពលយ៉ាងខ្លាំងលើការនាំចូលនិងបញ្ជាទិញប្រេងនិងឧស្ម័នឥន្ធនៈមកកម្ពុជា។ លោកកែវ រតនៈ ៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការដាក់ចេញនូវគោលការណ៍នានា ដើម្បីគាំទ្រដល់ដៃគូសំខាន់ៗដែលជាក្រុមហ៊ុនវិនិយោគទាំងក្នុងនិងក្រៅប្រទេស សំដៅធានាការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់»។ តាមផេកផ្លូវការរបស់ក្រសួងរ៉ែនិងថាមពលបន្ទាប់ពីលោកជួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាលោក កែវ រតនៈ បញ្ជាក់ថារាជរដ្ឋាភិបាលប្ដេជ្ញាធ្វើយ៉ាងណាដោះស្រាយបញ្ហាថាមពល នៅពេលនេះ។ លោកបញ្ជាក់ទៀតថា កម្ពុជាមានគម្រោងប្រើថាមពលពលស្អាតជំនួសឱ្យធ្យូងថ្មនៅត្រឹមឆ្នាំ២០៤០ និងប្ដេជ្ញាកែលម្អគោលនយោបាយថាមពលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងជំរុញឱ្យមានការប្រើប្រាស់យានយន្ដអគ្គីសនីដូចយ៉ាង កង់បីអគ្គីសនីជាដើម។ ទោះជាយ៉ាងណាក្ដីកាលពីថ្ងៃទី១១ខែមេសា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅស្ងៀមទេ ដោយបានចាត់វិធានការចាំបាច់នានា។លោកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃ និងមានជំនឿចិត្តលើរូបលោក។ លោកហ៊ុន ម៉ាណែត៖«យើងចាត់វិធានការយើងមិនបាននៅស្ងៀមទេ»។ អតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតឱ្យដោះស្រាយបន្ទាន់ចំពោះមុខវិបត្តិថាមពលនេះដោយត្រូវកាត់បន្ថយពន្ធនាំចូល និងអាករពិសេស កាត់បន្ថយភាគរយនៃពន្ធលើតម្លៃបន្ថែម (VAT) ឬពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យតម្លៃលក់រាយនៅតាមស្ថានីយធ្លាក់ចុះភ្លាមៗ។លោកចង់ឱ្យរាជការលុបបំបាត់កម្រៃសេវារដ្ឋបាលមិនចាំបាច់ កាត់បន្ថយការចំណាយលើការរៀបចំលិខិតស្នាម ឬកម្រៃផ្សេងៗដែលបូកបញ្ចូលក្នុងតម្លៃប្រេង។ លោក សុន ឆ័យស្នើឱ្យរាជការផ្ដល់ការឧបត្ថម្ភធនដល់កសិករ ជូនកសិករពិតប្រាកដឱ្យទទួលបានប្រេងមានតម្លៃសមរម្យ និងពិសេសជំរុញឱ្យកសិករមានលទ្ធភាពប្រើម៉ាស៊ីនដែលប្រើថាមពលព្រះអាទិត្យជំនួសម៉ាស៊ីនម៉ាសូត។ លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងទីផ្សារ និងតម្លាភាពដែលរួមមានទាំងការត្រួតពិនិត្យតម្លៃប្រេង ការកំណត់តម្លៃប្រេងក្នុងតម្លៃសមស្របមួយ ដោយមានការត្រួតពិនិត្យតឹងរ៉ឹងជាងមុន ដើម្បីការពារកុំឱ្យក្រុមហ៊ុនឯកជន យកចំណេញហួសហេតុពេក ក្នុងពេលមានវិបត្តិ។ ម្យ៉ាងទៀតកម្ពុជាត្រូវបង្កើនទុនបម្រុងប្រេងជាតិ ជំរុញឱ្យរដ្ឋមានឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីបញ្ចេញលក់ក្នុងតម្លៃធូរថ្លៃ នៅពេលដែលទីផ្សារពិភពលោកហក់ឡើងខ្លាំង។ លោកសុន ឆ័យ លើកឡើងថា៖« កម្ពុជាត្រូវកាត់បន្ថយចំណូលរដ្ឋ ដើម្បីរក្សាចំណាយពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជួយដល់កសិករ និងពលរដ្ឋដែលមានជីវភាពទន់ខ្យោយ»។លោកសុន ឆ័យ បន្ថែមទៀតថា រាជរដ្ឋាភិបាលចាំបាច់ត្រូវវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើន ជាពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការតម្រូវការប្រើប្រាស់ប្រេង។ របាយការណ៍ស្រាវជ្រាវរបស់ធានាគារអភិវឌ្ឍន៍អាស៊ីADB បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានា ពីការឆ្លើយតបគោលនយោបាយសំខាន់ៗមួយចំនួន។ អនុសាសន៍ដំបូងADB ផ្ដល់យោបល់ឱ្យ អាជ្ញាធររដ្ឋគួររក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង ក្រោមហេតុផលថា ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ អនុសាសន៍ទី២ គឺ ADB ថា រដ្ឋគួរគាំទ្រសារពើពន្ធដែលចាំបាច់ តែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ អនុសាសន៍ទី៣គឺសំដៅទៅ ធនាគារកណ្តាល។ ស្ថាប័ននេះ ជំរុញឱ្យធានាគារជាតិ គួរតែផ្តោតការតាមដានមើលនិន្នាការអតិផរណា(ទំនិញឡើងថ្លៃ)ហើយចាត់វិធានការអោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ អនុសាសន៍ចុងក្រោយ គឺរដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា៕

ស្ថានទូតអាមេរិក ផលិតវីដេអូរំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផលិតវីដេអូមួយ រំលឹកពីក្បាច់គុនល្បុក្កតោដើម្បីសាទរបុណ្យចូលឆ្នាំខ្មែរ ។ វីដេអូនោះមានរយៈពេលជាង៥នាទីហើយត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមបួនដែលជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកកាំងដែលរួមមាន Facebook, YouTube, Instagram និង X។ ស្ថានទូតអាមេរិកបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ៖«សូមចូលរួមជូនពរដោយអស់ពីចិត្ត ដល់ប្រជាជនកម្ពុជាក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមគ្នារក្សាមរតកខ្មែរ»។ សេចក្ដីប្រកាសព័ត៌មានបន្ថែមទៀតថា វីដេអូនោះជាការរំលឹកដល់ក្បាច់គុនល្បុក្កតោដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។ ក្នុងវីដេអូរយៈពេល៥នាទីនិង៣២វិនាទី ក្រុមការងារផលិតបានរៀបចំឱ្យមន្ត្រីអាមេរិកមួយក្រុម ទៅស្វែងយលពី ប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ជនជាតិអាមេរិកម្នាក់បានដឹកនាំក្រុមការងារទៅហ្វឹកហាត់ក្បាច់គុននិងសាកសួរប្រវត្តិនៃក្បាច់គុននេះពី គ្រូគុនល្បុកក្កតោម្នាក់ដែលជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន។ គ្រូគុនល្បុកក្កតោនិងជាកូនប្រុសព្រឹទ្ធាចារ្យក្រម៉ាមាស លោកសាន អង្គរាជវ័ន្ត លើកឡើងក្នុងវីដេអូនោះថា ឪពុករបស់ជាអ្នកផ្ដួចផ្ដើមប្រមូលផ្ដុំចងក្រងក្បាច់គុននេះនៅក្រោយសម័យខ្មែរក្រហមដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី។លោកបន្ថែមថា ៖«មរតកវប្បធម៌យើងមិនត្រឹមតែរក្សាទុកនោះទេ ប៉ុន្តែយើងត្រូវតែបន្តហ្វឹកហាត់និងបន្តចែកចាយ ដ៏រាបណាមនុស្សនៅតែបន្តហ្វឹកហាត់នោះមរតវប្បធម៌យើងនៅតែរស់រានមានជីវិត។គុនល្បុក្កតោយើងដកស្រង់ពីធម្មជាតិហើយក្បាច់គុនល្បុក្កតោ គឺយើងយកអំណាចនៃសត្វតោមកប្រើ»។ មន្ត្រីស្ថានទូតអាមេរិក និយាយថា ៖«ខ្ញុំយល់ថា ក្បាច់គុនល្បុក្កតោយឺតៗ ប៉ុន្តែធ្ងន់និងមានអំណាច»។ ស្ថានទូតអាមេរិកឱ្យដឹងទៀតថា ការផលិតវីដេអូនេះឡើងក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។ ក្នុងវីដេអូនេះ ក៏មានការចូលរួមសម្ដែងពីអ្នកស្រី Bridgette L. Walkerភារធារីស្ថានទូតអាមេរិក និងអ្នក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ប្រពៃណីអាចគង់វង្សទៅបានលុះត្រាណាតែមានការចែករំលែក។អ្នកស្រីភឿន សកុណា៖«យើងកំពុងធានាថាកូនចៅជំនាន់ក្រោយទោះបីជាពួកគេទៅដល់ទីណាក៏ដោយ ពួកគេនឹងនៅតែបន្តថែរក្សាអំណាចនិងអត្តសញ្ញាណរបស់យើងជានិរន្តន៍។ជាពិសេសនៅពេលចូលឆ្នាំថ្មីប្រៃណីជាតិនេះគឺគ្មានវិធីណាប្រសើរជាងការរំលឹកគុណរបស់បុព្វបុរសនោះទេ»។ ភារធារីស្ថានទូតអាមេរិកអ្នកស្រី Bridgette L. Walker បានជូនពរឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរនិងចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយនិងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។ វីដេអូរបស់ស្ថានទូតអាមេរិកនេះបានទទួលការចាប់អារម្មណ៍ច្រើនគួរសមពីសំណាក់ពលរដ្ឋខ្មែរ។ក្នុងរយៈពេល២ថ្ងៃនៃការផ្សព្វផ្សាយវីដេអូនេះតាមបណ្ដាញសង្គមមានមនុស្សរាប់ម៉ឺននាក់បានចូលទស្សនា និងរាប់រយនាក់ទៀតបានបញ្ចេញមតិព្រមទាំងចែករំលែក។ ស្ថានទូតអាមេរិកបញ្ជាក់ថា វីដេអូនេះជាផ្នែកមួយគម្រោងរំលឹកពីប្រវត្តិសាស្ត្រអាមេរិកនិងកិច្ចសហការផ្នែកវប្បធម៌ជាមួយកម្ពុជា រួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ផលិតករវីដេអូជាជនជាតិខ្មែរ ចូលរួមផលិត។ ស្ថានទូតអាមេរិក៖« សូមផ្ញើពាក្យជូនពរជាអំណរដល់ប្រជាជនកម្ពុជាសម្រាប់បុណ្យឆ្នាំខ្មែរសូមឱ្យមានសុភមង្គល សុខភាពល្អ និងសន្តិភាព»៕

ទំនុកចិត្តលើប្រព័ន្ធធនាគារត្រូវយកមកពិភាក្សា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPD
ប្រតិកម្មចម្រុះកើតឡើងដោយផ្ដោតសំខាន់លើទំនុកចិត្តលើធនាគារនៅកម្ពុជា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPDកាលពីថ្ងៃទី១៦ខែមីនា២០២៦។អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ចេញសារអំពាវដ៏កម្រមួយ អំពាវនាវប្រាប់ទៅពលរដ្ឋកុំទៅដកប្រាក់ពីធនាគារព្រមៗគ្នា។ សមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុ អំពាវនាវឱ្យពលរដ្ឋកុំជឿលើព័ត៌មានញុះញុងហើយត្រូវជឿលើប្រព័ន្ធធនាគារនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចលើឡើងពីស្ថានភាពជាក់ស្ដែងក្នុងវិស័យធនាគារ ចំណែកឯពលរដ្ឋទទូចឱ្យមានដំណោះស្រាយល្អប្រសើរ។ អតិថិជនរាប់រយនាក់របស់ធនាគារអេភីឌី ឬធនាគារអេភីឌី ឬAPD (Asia Pacific Development Bank)បានទៅជួបជុំគ្នានៅមុខស្នាក់ការកណ្ដាលធនាគារនេះ ក្នុងតំបន់បឹងកក់ ដោយស្នើសុំដកប្រាក់របស់ខ្លួន។ ប៉ុន្តែភាគីធនាគារAPDបញ្ជាក់ក្នុងសេចក្ដីប្រកាសថា ប្រព័ន្ធធនាគារមានបញ្ហាដែលជាហេតុនាំឱ្យធនាគារអាចដកប្រាក់ឱ្យអតិជនម្នាក់ៗត្រឹម៣០០ប៉ុណ្ណោះ។ អតិថិជនមួយចំនួនឱ្យដឹងថា ពួកគាត់បារម្ភខ្លាចធនាគារអស់ប្រាក់គ្មានប្រាក់បើកឱ្យពួកគាត់។ នៅសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦ អគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី លើកឡើងក្នុង វីដេអូថតទុកនិងផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដោយរៀបរាប់ពីដំណើរការប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។ អ្នកស្រីថែមទាំងពន្យល់ ពីរបៀបដែលធនាគារប្រមូលប្រាក់បញ្ញើ ប្រមូលប្រាក់សន្សំនិងរបៀបផ្ដល់ឥណទានទៅកាន់អតិថិជន។ អ្នកស្រី កត់សម្គាល់ថា បើសិនជាអតិថិជនច្រើននាក់ស្រាប់តែទៅដកប្រាក់បញ្ញើភ្លាមៗព្រមៗគ្នានោះ នឹងធ្វើឱ្យធនាគារមានបញ្ហាចរន្តសាច់ប្រាក់។ អ្នកស្រី ជា សិរី៖ «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកដល់ប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្តល់ទៅឱ្យអតិថិជន អ្នកដាក់ប្រាក់បញ្ញើ។ ខ្ញុំក៏សុំជម្រាបដែរថា ប្រព័ន្ធធនាគារ របស់យើងបច្ចុប្បន្ននៅរឹងមាំ។ ដូច្នេះសូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន»។ ថ្លែងប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១៧ខែមីនា ប្រជាពលរដ្ឋម្នាក់ឈ្មោះស្រីមុំ បញ្ជាក់ថា គាត់មានប្រាក់ប្រមាណជាង៤ពាន់ដុល្លារក្នុងគណនេយ្យធនាគារADP។អ្នកស្រីស្នើឱ្យធនាគារនេះទទួលខុសត្រូវនិងធ្វើការប្រកបដោយវិជ្ជាជីវៈ។ ស្រីមុំ៖«បើយើងជំពាក់ធនាគារយើងត្រូវសងបើមិនសងគេអនុវត្តច្បាប់ ។ ខ្ញុំត្រូវការលុយដើម្បីមើលជំងឺ តែលុយខ្ញុំបួនពាន់ជាងដកបានមួយថ្ងៃ៣០០ តើខ្ញុំត្រូវរង់ចាំរហូតដល់ជាង១០ថ្ងៃទើបដកលុយមកឱ្យពេទ្យមែនទេ?ពេលមើលឃើញខាងធនាគារជាតិនិយាយខ្ញុំឆ្ងល់ថា ធនាគារខូចប្រព័ន្ធឬមិនមានលុយឱ្យប្រាកដ?ខ្ញុំសំណូមពរថា ពលរដ្ឋកំពុងលំបាកហើយសូមកុំជាន់កពលរដ្ឋថែមទៀតអី »។ ទោះជាយ៉ាងណាក្ដីសាម៉ីធនាគារដែលនាំអាទិ៍ឱ្យពលរដ្ឋសម្រុកទៅដកប្រាក់ពីធនាគារខ្លួននោះគឺ ធនាគារ អេភីឌី បានផ្ញើសារអរគុណទៅកាន់អ្នកស្រី ជា សិរី។ ធនាគារ អេភីឌីបញ្ជាក់ថា ៖«ក្នុងនាមគណៈគ្រប់គ្រងរបស់ធនាគារ អេភីឌី យើងខ្ញុំធ្វើយ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជូនដំណោះស្រាយជូនអតិថិជន និងធានាថារាល់ប្រតិបត្តិការទាំងអស់របស់យើងនឹងត្រលប់មកភាពប្រក្រតីវិញអោយបានឆាប់រហ័សបំផុត។ ធនាគារអេភីឌី ប្តេជ្ញាការពារផលប្រយោជន៍របស់អតិថិជន និងរក្សានូវស្តង់នៃអភិបាលកិច្ច និងអនុលោមភាពខ្ពស់បំផុត»។ ទន្ទឹមនឹងគ្នានេះសមាគមធនាគារនៅកម្ពុជា(ABC) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ពីភាពរឹងមាំ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ស្ថាប័នទាំងពីរនេះបញ្ជាក់ថា ការអាក់រអួលឬបញ្ហារបស់ស្ថាប័នធនាគារណាមួយមិនអាចបញ្ជាក់ឆ្លុះបញ្ចាំងជារួមលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាបានឡើយ។ប្រភពដដែលបន្តថា៖«វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តទទួលការគាំទ្រដោយបញ្ញត្តិដ៏តឹងរឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានីភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ»។ ស្ថាប័នទាំងពីរនេះអំពាវនាវឱ្យពលរដ្ឋទុកចិត្តលើធានាគារជាតិនិងជឿជាក់លើប្រព័ន្ធធនាគារនៅកម្ពុជា។ សេដ្ឋវិទូនិងជាសមាជិកព្រឹទ្ធសភា បណ្ឌិត សុខ ហាច មានប្រសាសន៍ថា បន្ទាប់ពីកូវីដ១៩ ធនាគារពាណិជ្ជនៅកម្ពុជា ប្រឈមបញ្ហាធំមួយ គឺការជាប់គាំងនៃវិស័យអចលនទ្រព្យ។លោកសុខ ហាច៖«វិបត្តិកូវីដនាំឱ្យមានវិបត្តិអចលនទ្រព្យ យើងមានដីមានផ្ទះប៉ុន្តែលក់អត់បានទេធ្វើឱ្យការវិនិយោគមួយចំនួនជាប់គាំង បង្វិលលុយអត់បាន។ក្រោយៗមកមានស្កែមអនឡាញ ហើយមានធនាគារធំៗពីរមានបញ្ហាដូចជាព្រីសន៍និងផេនដាក៏មានបញ្ហាដូច្នេះ ហើយការណ៍នេះទំនងធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនមានការបារម្ភខ្លាំងចំពោះការដាក់លុយដាក់កាក់នៅធនាគារឯកជន»។ បណ្ឌិតសុខ ហាច បន្ថែមថា ៖«ខ្ញុំមិនថាធនាគារណាមួយទេប៉ុន្តែបើយើងមើលលើNPL (Non-Performing Loan)ឬ ឥណទានមិនដំណើរការ បើនិយាយឱ្យស្រួលស្ដាប់គេហៅថាអ្នកដែលជំពាក់លុយគេមិនបានសងទាន់ពេលវេលានោះបច្ចុប្បន្ន ធនាគារខ្លះ គឺមានNPLអត្រារយដល់ជិត១០%ដែលជាអត្រាមានហារនីភ័យខ្ពស់។ ពីដើមស្រុកខ្មែរយើងមានត្រឹម១ភាគរយ ឬ២ភាគរយហ្នឹងអស់ហើយ»។ ទាក់ទងនឹងបញ្ហានេះដែរ អ្នកតាមដានបញ្ហាសង្គមម្នាក់លើកឡើងថា ៖«ក្នុងស្ថានភាពបែបនេះធនាគារមួយចំនួនអាចមិនមានជម្រើសផ្សេងក្រៅពីការផ្អាកសេវាកម្មជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព។ ប៉ុន្តែការផ្អាកនេះអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការខកចិត្ត និងអាចបាត់បង់ជំនឿលើប្រព័ន្ធធនាគារ។ នៅពេលដែលជំនឿរបស់សាធារណជនត្រូវបានបំផ្លាញ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទាំងមូល»។ លោកបន្ថែម ៖« រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែចូលរួមដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការផ្តល់ព័ត៌មានច្បាស់លាស់ និងការធានាឱ្យប្រជាពលរដ្ឋដឹងថាប្រាក់ដែលបានដាក់នៅក្នុងធនាគារនៅតែមានសុវត្ថិភាព គឺជាចំណុចសំខាន់ណាស់ក្នុងការស្ដារជំនឿឡើងវិញ»៕













