ទំនុកចិត្តលើប្រព័ន្ធធនាគារត្រូវយកមកពិភាក្សា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPD

សង្គម

ស្ថានភាពចរាចរណ៍នៅមុខទីស្នាក់ការកណ្ដាលធនាគារAPDនៅបរិវេណបឹងកក់រាជធានីភ្នំពេញ ។ថត១៦មីនា២០២៦។ (រូបថតដោយ វណ្ណ វិចារ)។

ប្រតិកម្មចម្រុះកើតឡើងដោយផ្ដោតសំខាន់លើទំនុកចិត្តលើធនាគារនៅកម្ពុជា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPDកាលពីថ្ងៃទី១៦ខែមីនា២០២៦។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ចេញសារអំពាវដ៏កម្រមួយ អំពាវនាវប្រាប់ទៅពលរដ្ឋកុំទៅដកប្រាក់ពីធនាគារព្រមៗគ្នា។ សមាគមធនាគារនិងសមាគមមី​ក្រូហិរញ្ញវត្ថុ អំពាវនាវឱ្យពលរដ្ឋកុំជឿលើព័ត៌មានញុះញុងហើយត្រូវជឿលើប្រព័ន្ធធនាគារនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចលើឡើងពីស្ថានភាពជាក់ស្ដែងក្នុងវិស័យធនាគារ ចំណែកឯពលរដ្ឋទទូចឱ្យមានដំណោះស្រាយល្អប្រសើរ។

អតិថិជនរាប់រយនាក់របស់ធនាគារអេភីឌី ឬធនាគារអេភីឌី ឬAPD (Asia Pacific Development Bank)បានទៅជួបជុំគ្នានៅមុខស្នាក់ការកណ្ដាលធនាគារនេះ ក្នុងតំបន់បឹងកក់ ដោយស្នើសុំដកប្រាក់របស់ខ្លួន។ ប៉ុន្តែភាគីធនាគារAPDបញ្ជាក់ក្នុងសេចក្ដីប្រកាសថា ប្រព័ន្ធធនាគារមានបញ្ហាដែលជាហេតុនាំឱ្យធនាគារអាចដកប្រាក់ឱ្យអតិជនម្នាក់ៗត្រឹម៣០០ប៉ុណ្ណោះ។ អតិថិជនមួយចំនួនឱ្យដឹងថា ពួកគាត់បារម្ភខ្លាចធនាគារអស់ប្រាក់គ្មានប្រាក់បើកឱ្យពួកគាត់។

នៅសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦ អគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី លើកឡើងក្នុង វីដេអូថតទុកនិងផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដោយរៀបរាប់ពីដំណើរការប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។ អ្នកស្រីថែមទាំងពន្យល់ ពីរបៀបដែលធនាគារប្រមូលប្រាក់បញ្ញើ ប្រមូលប្រាក់សន្សំនិងរបៀបផ្ដល់ឥណទានទៅកាន់អតិថិជន។ អ្នកស្រី កត់សម្គាល់ថា បើសិនជាអតិថិជនច្រើននាក់ស្រាប់តែទៅដកប្រាក់បញ្ញើភ្លាមៗព្រមៗគ្នានោះ នឹងធ្វើឱ្យធនាគារមានបញ្ហាចរន្តសាច់ប្រាក់។

អ្នកស្រី ជា សិរី៖ «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកដល់ប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្តល់ទៅឱ្យអតិថិជន អ្នកដាក់ប្រាក់បញ្ញើ។ ខ្ញុំក៏សុំជម្រាបដែរថា ប្រព័ន្ធធនាគារ របស់យើងបច្ចុប្បន្ននៅរឹងមាំ។ ដូច្នេះសូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន»។

ថ្លែងប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១៧ខែមីនា ប្រជាពលរដ្ឋម្នាក់ឈ្មោះស្រីមុំ បញ្ជាក់ថា គាត់មានប្រាក់ប្រមាណជាង៤ពាន់ដុល្លារក្នុងគណនេយ្យធនាគារADP។អ្នកស្រីស្នើឱ្យធនាគារនេះទទួលខុសត្រូវនិងធ្វើការប្រកបដោយវិជ្ជាជីវៈ។

ស្រីមុំ៖«បើយើងជំពាក់ធនាគារយើងត្រូវសងបើមិនសងគេអនុវត្តច្បាប់ ។ ខ្ញុំត្រូវការលុយដើម្បីមើលជំងឺ តែលុយខ្ញុំបួនពាន់ជាងដកបានមួយថ្ងៃ៣០០ តើខ្ញុំត្រូវរង់ចាំរហូតដល់ជាង១០ថ្ងៃទើបដកលុយមកឱ្យពេទ្យមែនទេ?ពេលមើលឃើញខាងធនាគារជាតិនិយាយខ្ញុំឆ្ងល់ថា ធនាគារខូចប្រព័ន្ធឬមិនមានលុយឱ្យប្រាកដ?ខ្ញុំសំណូមពរថា ពលរដ្ឋកំពុងលំបាកហើយសូមកុំជាន់កពលរដ្ឋថែមទៀតអី »។

ទោះជាយ៉ាងណាក្ដីសាម៉ីធនាគារដែលនាំអាទិ៍ឱ្យពលរដ្ឋសម្រុកទៅដកប្រាក់ពីធនាគារខ្លួននោះគឺ ធនាគារ អេភីឌី បានផ្ញើសារអរគុណទៅកាន់អ្នកស្រី ជា សិរី។ ធនាគារ អេភីឌីបញ្ជាក់ថា ៖«ក្នុងនាមគណៈគ្រប់គ្រងរបស់ធនាគារ អេភីឌី យើងខ្ញុំធ្វើយ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជូនដំណោះស្រាយជូនអតិថិជន និងធានាថារាល់ប្រតិបត្តិការទាំងអស់របស់យើងនឹងត្រលប់មកភាពប្រក្រតីវិញអោយបានឆាប់រហ័សបំផុត។ ធនាគារ​អេភីឌី ប្តេជ្ញាការពារផលប្រយោជន៍របស់អតិថិជន និងរក្សានូវស្តង់នៃអភិបាលកិច្ច និងអនុលោមភាពខ្ពស់បំផុត»។

ទន្ទឹមនឹងគ្នានេះសមាគមធនាគារនៅកម្ពុជា(ABC) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា​(CMA) ចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ពីភាពរឹងមាំ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ស្ថាប័នទាំងពីរនេះបញ្ជាក់ថា ការអាក់រអួលឬបញ្ហារបស់ស្ថាប័នធនាគារណាមួយមិនអាចបញ្ជាក់ឆ្លុះបញ្ចាំងជារួមលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាបានឡើយ។ប្រភពដដែលបន្តថា៖«វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តទទួលការគាំទ្រដោយបញ្ញត្តិដ៏តឹងរឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានីភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ»។

ស្ថាប័នទាំងពីរនេះអំពាវនាវឱ្យពលរដ្ឋទុកចិត្តលើធានាគារជាតិនិងជឿជាក់លើប្រព័ន្ធធនាគារនៅកម្ពុជា។

សេដ្ឋវិទូនិងជាសមាជិកព្រឹទ្ធសភា បណ្ឌិត សុខ ហាច មានប្រសាសន៍ថា បន្ទាប់ពីកូវីដ១៩ ធនាគារពាណិជ្ជនៅកម្ពុជា ប្រឈមបញ្ហាធំមួយ គឺការជាប់គាំងនៃវិស័យអចលនទ្រព្យ។លោកសុខ ហាច៖«វិបត្តិកូវីដនាំឱ្យមានវិបត្តិអចលនទ្រព្យ យើងមានដីមានផ្ទះប៉ុន្តែលក់អត់បានទេធ្វើឱ្យការវិនិយោគមួយចំនួនជាប់គាំង បង្វិលលុយអត់បាន។ក្រោយៗមកមានស្កែមអនឡាញ ហើយមានធនាគារធំៗពីរមានបញ្ហាដូចជាព្រីសន៍និងផេនដាក៏មានបញ្ហាដូច្នេះ ហើយការណ៍នេះទំនងធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនមានការបារម្ភខ្លាំងចំពោះការដាក់លុយដាក់កាក់នៅធនាគារឯកជន»។

បណ្ឌិតសុខ ហាច បន្ថែមថា ៖«ខ្ញុំមិនថាធនាគារណាមួយទេប៉ុន្តែបើយើងមើលលើNPL (Non-Performing Loan)ឬ ឥណទានមិនដំណើរការ បើនិយាយឱ្យស្រួលស្ដាប់គេហៅថាអ្នកដែលជំពាក់លុយគេមិនបានសងទាន់ពេលវេលានោះបច្ចុប្បន្ន ធនាគារខ្លះ គឺមានNPLអត្រារយដល់ជិត១០%ដែលជាអត្រាមានហារនីភ័យខ្ពស់។ ពីដើមស្រុកខ្មែរយើងមានត្រឹម១ភាគរយ ឬ២ភាគរយហ្នឹងអស់ហើយ»។

ទាក់ទងនឹងបញ្ហានេះដែរ អ្នកតាមដានបញ្ហាសង្គមម្នាក់លើកឡើងថា ៖«ក្នុងស្ថានភាពបែបនេះធនាគារមួយចំនួនអាចមិនមានជម្រើសផ្សេងក្រៅពីការផ្អាកសេវាកម្មជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព។ ប៉ុន្តែការផ្អាកនេះអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការខកចិត្ត និងអាចបាត់បង់ជំនឿលើប្រព័ន្ធធនាគារ។ នៅពេលដែលជំនឿរបស់សាធារណជនត្រូវបានបំផ្លាញ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទាំងមូល»។

លោកបន្ថែម ៖« រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែចូលរួមដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការផ្តល់ព័ត៌មានច្បាស់លាស់ និងការធានាឱ្យប្រជាពលរដ្ឋដឹងថាប្រាក់ដែលបានដាក់នៅក្នុងធនាគារនៅតែមានសុវត្ថិភាព គឺជាចំណុចសំខាន់ណាស់ក្នុងការស្ដារជំនឿឡើងវិញ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1932}" data-page="1" data-max-pages="1" data-start="1" data-end="1">