Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • រដ្ឋាភិបាលកម្ពុជា ដាក់ទិសដៅជំរុញសាធារណជនកាត់បន្ថយសំណល់ឱ្យបានច្រើនបំផុតដើម្បីការពារបរិស្ថាន

    រដ្ឋាភិបាល ដោយដាក់ទិសដៅជំរុញសាធារណជនកាត់បន្ថយសំណល់ឱ្យបានច្រើនបំផុតដើម្បីការពារបរិស្ថាន ។នេះបើតាមសាររបស់ក្រសួងបរិស្ថានដែលបានប្រារព្ធខួបលើកទី៣០ នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ទិវាបរិស្ថានឆ្នាំនេះត្រូវធ្វើឡើងក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste) »ដោយអាជ្ញាធរកម្ពុជាចង់លើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយសំណល់ និងការពារបរិស្ថាន។  ក្នុងសារអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញភាគីទាំងអស់ចូលរួម ដើម្បីរួមគ្នាគាំពារបរិស្ថានស្អាត ។ លោកលើកឡើងក្នុងបណ្តាញសង្គមថា៖ «សាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់»។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ប្រទេសកម្ពុជាបានប្រារព្ធទិវាបរិស្ថានជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ ហើយឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃការរៀបចំព្រឹត្តិការណ៍នេះ។ លោកបន្តថា កម្ពុជាបានជ្រើសរើសប្រធានបទ «សំណល់សូន្យ» ដោយសារបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងបានជំរុញឱ្យសាធារណជនអនុវត្តគោលការណ៍ «៤ក» (4Rs) រួមមាន ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។ លោកលើកឡើងថា៖«ការបំពុលដោយសំណល់ប្លាស្ទិក កើតមានឡើងនៅពេលដែលមានការបោះចោល ឬបញ្ចេញសំណល់គ្រប់ប្រភេទ (រឹង រាវ និងឧស្ម័ន) មិនបានត្រឹមត្រូវចូលទៅក្នុងបរិស្ថាន ឧទាហរណ៍ដូចជាការបញ្ចេញសំណល់រាវ (ទឹកកង្វក់) ដែលមិនទាន់បានធ្វើប្រព្រឹត្តកម្មចូលទៅក្នុងប្រភពទឹកសាធារណៈ ការបោះចោលសំណល់គ្រោះថ្នាក់ និងសំណល់រឹងគ្រប់ប្រភេទរួមបញ្ចូលទាំងសំរាម នៅតាមទីសាធារណៈជាដើម។ ការបំពុលដោយសំណល់ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ ចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងការបំពុលឬបំផ្លាញប្រព័ន្ធអេកូឡូស៊ីទាំងមូល»។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ របាយការណ៍របស់ U.S. News & World Report ចេញផ្សាយលើគេហទំព័រខ្លួន លើកឡើងថាប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់មួយល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៦។ ចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អផុតគេនេះ ទទួលបានពិន្ទុ ៧៨.៨ ដោយផ្អែកលើភាពទាក់ទាញ នៃបរិស្ថានធម្មជាតិចម្រុះ គួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ ក៏ដូចជានិរន្តរភាព នៃដីធ្លី និងការការពារធនធានធម្មជាតិ។  យុវជនមកពីតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ឈៀង ឡុង បានស្វាគមន៍ការរៀបចំទិវាបរិស្ថាននេះ ដោយចាត់ទុកថា ជាឱកាសល្អក្នុងការផ្សព្វផ្សាយពីសក្តានុពលធម្មជាតិ និងភាពស្រស់ស្អាតរបស់កម្ពុជា។ លោក ឈៀង ឡុង ប្រាប់ថា ប្រជាពលរដ្ឋគួរតែផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងងាកទៅប្រើសម្ភារៈដែលអាចប្រើឡើងវិញបាន ដើម្បីចូលរួមថែរក្សាបរិស្ថាន។ លោកបាននិយាយថា៖«ផ្ញើសារទៅកាន់ក្មេងជំនាន់ក្រោយបើអាច យើងគួរតែកាត់បន្ថយនូវថង់ប្លាស្ទិក កែវប្លាស្ទិកយើងអាចប្តូរមកប្រើកែវអីណុក ដែលអាចស្រួលដាក់តាមខ្លួនប្រសិនជាអាចទៅផ្សារមិនត្រូវប្រើថង់ប្លាស្ទិកទេ»។ ក្រៅពីនេះ លោកក៏បានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ ដោយអះអាងថា នៅតែមានការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់មួយចំនួន ខណៈសកម្មជន ឬយុវជនដែលចង់ចូលរួមការពារព្រៃឈើ ពេលខ្លះជួបការរឹតត្បិតក្នុងការចូលទៅតំបន់ទាំងនោះ។ លោកបាននិយាយថា៖ «គាត់ [មន្ទីរបរិស្ថាន]នៅតែមានចន្លោះខ្វះខាតត្រង់ថា នៅពេលដែលយុវជននៅពេលដែលចូលឬក៏ការពារ ដើម្បីចូលថែរក្សា គាត់ហាមឃាត់ទៅវិញ បើអ្នកកាប់បំផ្លាញនៅតែមាន»។ យោងតាមអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន៣លានហិកតា ចន្លោះឆ្នាំ២០០១ និង២០២៥ ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានលើកឡើងថា បញ្ហាសំរាម និងសំណល់នៅតែជាបញ្ហាប្រឈមនៅកម្ពុជា ជាពិសេសនៅតំបន់ទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននៅមិនទាន់មានទម្លាប់ល្អក្នុងការទុកដាក់សំរាម។  លោកយល់ថា ការដោះស្រាយបញ្ហានេះទាមទារឱ្យមានការចូលរួមពីរដ្ឋ និងសាធារណជន តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកនិយាយថា៖«ដូច្នេះហើយទាមទារឲ្យរដ្ឋក៏ដូចជាសាធារណជនទូទៅធ្វើការរួមគ្នា នៅក្នុងន័យអប់រំផ្សព្វផ្សាយផងហើយយើងធ្វើម៉េចជំរុញឲ្យការគ្រប់គ្រងសំរាមនិងកាកសំណល់ផ្សេងៗ ហ្នឹងមានរបៀបរៀបរយល្អប្រសើរត្បិតប្រទេសកម្ពុជាយើងក៏ពឹងផ្អែកទៅលើប្រភពចំណូល ទេសចរអន្តរជាតិទេសចរលោកខាងលិចផងដែរ»។ លោកបន្ថែមថា៖«ដូច្នេះទាមទារឲ្យអាជ្ញាធរនៅតាមតំបន់ទាំងអស់នោះគាត់ត្រូវធ្វើយ៉ាងណាស្វែងរកនូវដំណោះស្រាយឬក៏មធ្យោបាយសម្រាប់ទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅតាមតំបន់កោះ តំបន់សមុទ្រ ហើយនៅភ្នំពេញយើងជាក់ស្ដែងត្រូវតែធានាថាកុំឲ្យមានការ​បោះចោលសំរាម ឲ្យមានធុងសំរាមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងការទុកដាក់ផងដែរ។ យើងក៏ត្រូវមានការបែងចែកសម្រាមទៅតាមប្រភេទឱ្យបានត្រឹមត្រូវ»៕

    ៨ មិថុនា ២០២៦

  • អ្នកអភិរក្សត្រូវការថវិកាបន្ទាន់ ដើម្បីបន្តសកម្មភាពថែទាំសត្វដំរីស្រុកនៅខេត្តមណ្ឌលគិរី

    គម្រោងជ្រលងដំរី ឬ Elephant Valley Project មានទីតាំងនៅខេត្តមណ្ឌលគិរី ប្រកាសរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីផ្តត់ផ្គង់ដល់ប្រតិបត្តិការចំនួនពីរខែលើការអភិរក្សដំរី ចំពេលចំនួនទេសចរធ្លាក់ចុះក្នុងរដូវវស្សាធ្វើឱ្យប្រាក់ចំណូលក៏ធ្លាក់ចុះ។ អនុប្រធានអង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពដំរី និងបរិស្ថាន (ELIE) និងជាអនុប្រធានគម្រោងជ្រលងដំរីកម្ពុជា អ្នកនាង Jemma Bullock ឱ្យដឹងថា ការអង្គាសប្រាក់នេះ ដោយសារសព្វថ្ងៃ គម្រោងជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់មួយចំនួនដូចជា លើចំណីអាហារ និងការថែទាំសត្វដំរី ប្រាក់ឈ្នួលសម្រាប់បុគ្គលិក ការចំណាយលើប្រេងឥន្ធនៈ និងការដឹកជញ្ជូន ព្រមទាំងសកម្មភាពល្បាតការពារផ្ទៃដីព្រៃឈើ។ អ្នកនាងថា ការអំពាវនាវសុំឱ្យមហាជនបរិច្ចាគជាបន្ទាន់នេះ គឺដើម្បីឆ្លងកាត់ដំណាក់កាល ៦០ថ្ងៃខាងមុខនេះ រហូតដល់រដូវកាលទេសចរណ៍រដូវក្តៅនឹងចាប់ផ្តើមងើបឡើងវិញ។ យ៉ាងណា អ្នកនាង Jemma បញ្ជាក់ថាទេសចរក៏បានកក់ទុកខ្លះៗឡើងវិញនៅពាក់កណ្តាលខែមិថុនា។ អ្នកនាង Jemma Bullock: «ពេលនេះ ពួកយើងត្រូវការរៃអង្គាសប្រាក់ជាបន្ទាន់ចំនួន ១៥,០០០ដុល្លារ ដើម្បីគ្រាន់តែជួយទ្រទ្រង់ដល់ប្រតិបត្តិការប្រចាំខែឧសភា និងមិថុនានេះ។ ដោយសារតែការលុបចោលការកក់ទុក ការបង្វិលប្រាក់សងវិញ ចំនួនភ្ញៀវទេសចរនៅតែបន្តមានកម្រិតទាប ព្រមទាំងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើប្រតិបត្តិការផ្សេងៗ បានធ្វើឱ្យពួកយើងរកចំណូលបានតែពាក់កណ្តាលប៉ុណ្ណោះ នៃកញ្ចប់ថវិកាចាំបាច់សម្រាប់ខែមេសា»។ អ្នកនាងបញ្ជាក់ថា ករណីជំលោះសកលនៅតែបន្ត និងការថយចុះថវិកាប៉ុន្មានឆ្នាំចុងក្រោយនៅតែបន្តមាន ហើយមិនមានការបរិច្ចាគដែរនោះ គម្រោង និងការងាររបស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះអាចបិទជាបណ្តោះអាសន្ន ដែលអាចនាំឱ្យមានការកាត់បន្ថយការចំណាយខ្លាំងលើការថែទាំសត្វដំរី ការល្បាតព្រៃឈើ និងការងារគាំទ្រសហគមន៍ជនជាតិដើមពូនងផងដែរ។ អង្គការកិច្ចផ្តួចផ្តើមដើម្បីជីវភាពសត្វដំរី និងបរិស្ថាន (ELIE) គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែល បានចុះបញ្ចីមិនស្វែងរកប្រាក់ចំនេញ ដែលធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៦។ បេសកកម្ម របស់អង្គការ គឺធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វដំរី សុខុមាលភាពរបស់ប្រជាជន និងជីវភាពរស់នៅដល់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ។ អង្គការនេះ ដើរតួជាគំរូ នៃទេសចរណ៍វៃឆ្លាត បែបធម្មជាតិ និងត្រូវបានអភិវឌ្ឍ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយ សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងភូមិពូត្រុំ ខេត្តមណ្ឌលគិរី ស្ថិតនៅលើផ្ទៃដីព្រៃសហគមន៍ ១៥០០ហិកតា ដែលបានចិញ្ចឹមប្រជាជនមូលដ្ឋាន សត្វព្រៃ និងព្រៃឈើ អស់រយៈពេលជិតពីរទសវត្សមកហើយ។ អង្គការបានវិវឌ្ឍខ្លួនជាមួយគម្រោងជ្រលងដំរី (EVP) គម្រោងនេះ បានបង្កើតឡើងអំឡុងឆ្នាំ២០០៧ និងបានក្លាយជាជម្រកអចិន្រ្តៃយ៍សម្រាប់ជីវចម្រុះ ជាប់នឹងដែនជម្រកសត្វព្រៃកែវសីមា។ ទីនេះក៏ជាផ្ទះចុងក្រោយរបស់ដំរីចាស់ៗ និងរងរបួសចំនួន ៧ក្បាល ដែលមានអាយុចន្លោះពី ៤០ ដល់ ៧០ឆ្នាំ ឱ្យរួចផុតពីការធ្វើការធ្ងន់ធ្ងរក្នុងការកាប់ឈើ ឬការជិះកម្សាន្ត ហើយមកកសាងជីវិតថ្មី ដោយរស់នៅតាមធម្មជាតិរបស់ពួកវា។ គម្រោងជ្រលងដំរីនេះ ទទួលបានប្រាក់ចំណូលភាគច្រើន តាមរយៈភ្ញៀវទេចរ អ្នកស្ម័គ្រចិត្ត ការបរិច្ចាគ និងការផ្តល់មូលនិធិជាដើម។ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ គម្រោងនេះបានផ្តល់ប្រាក់ក្នុងការថែទាំសត្វដំរីក្នុងសហគមន៍ ការការពារព្រៃឈើ និងកម្មវិធីសហគមន៍សំខាន់ៗផ្សេងទៀត។ ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍ (Head Guide) នៅគម្រោងជ្រលងដំរី (Elephant Valley Project) លោក ខាល់ ទឿន ជាជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ អាយុ ៣៦ឆ្នាំ។ លោកចូលបម្រើការក្នុងអង្គការ ELIE តាំងពីឆ្នាំ២០១៣ ដើម្បីស្វែងរកបទពិសោធថ្មីៗ និងប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ក្នុងស្ថានភាពលំបាករបស់អង្គការ ដែលលោកកំពុងបំពេញការងារនេះ លោក ទឿន ឱ្យដឹងថាទេសចរណ៍ទ្រទ្រង់សហគមន៍ ការពារសត្វព្រៃ ជាពិសេសដំរី ដែលថវិកាបានមកពីវិស័យទេសចរណ៍ គឺយកទៅទិញចំណី ថ្នាំសង្កូវសម្រាប់ថែទាំដំរី និងជួយទំនុកបម្រុងដល់ជីវភាពសហគមន៍ជាដើម។ លោកអំពាវនាវយ៉ាងដូច្នេះ៖ «ខ្ញុំ គឺជាអ្នកនាំភ្ញៀវនៅកន្លែងគម្រោងអិលី (ELIE) ហ្នឹង ខ្ញុំចង់អំពាវនាវទៅដល់ភ្ញៀវទេសចរក្នុងស្រុក ឬក៏ក្រៅស្រុក ឱ្យពួកគាត់ទាំងអស់គ្នា មកលេងនៅមណ្ឌលគិរីផង។ ឥឡូវយើងអត់សូវមានភ្ញៀវមកលេងនៅមណ្ឌលគិរី ដោយសារ នៅទាំងអស់ នៅពិភពលោក ឬក៏នៅកម្ពុជាយើង នៅមានសង្គ្រាមអ៊ីចឹងណា។ អ៊ីចឹងខ្ញុំចង់អំពាវនាវទាំងអស់គ្នា ហើយមកលេង ហើយជួយឧបត្ថម្ភ នៅកន្លែងអង្គការគម្រោង អិលី ដើម្បីផ្តល់ក្តីសង្ឃឹម និងជួយដល់ការងារមើលថែដំរី»។ លោក ខាល់ ទឿន បន្ត៖ «បើមានភ្ញៀវ មានដំរីយើង ព្រោះដល់ពេលមានភ្ញៀវមកលេង យើងបានលុយ លុយហ្នឹង យើងជួយជាចំណីដំរី យើងជួយជាថ្នាំពេទ្យឱ្យដំរីដែរ។ ឥឡូវយើង ជួយការពារដំរីស្រុក ដើម្បីឱ្យគាត់មានអាយុយឺនយូរ។ ហើយទៅអនាគតទៀត យើងត្រូវការការពារ ដំរីព្រៃ និងអភិរក្សព្រៃទាំងអស់ នៅកម្ពុជាយើង ដើម្បីសល់គង់វង្ស ដើម្បីឱ្យមាន ការអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីឱ្យសត្វ គាត់សប្បាយចិត្ត ក្នុងការរស់នៅ»។ ស្រដៀងគ្នានេះដែរ កញ្ញា ម៉ិច ជូឡាយ អ្នកផលិតភាពយន្តឯកសារ ធ្លាប់ស្វែងយល់អំពីសត្វដំរី និងធ្លាប់ទៅលេងនៅគម្រោងជ្រលងដំរី បានរៀបរាប់អំពីបទពិសោធថា សត្វដំរីប្រៀបដូចជាមនុស្សដែរ…

    ៨ មិថុនា ២០២៦

    • សត្វព្រៃកម្រជិត៥០ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិវីរជ័យ-សៀមប៉ាង

      ក្រសួងបរិស្ថាន និងអង្គការមួយចំនួន ដែលធ្វើការលើការងារអភិរក្សសត្វព្រៃ បានបង្ហាញលទ្ធផលសិក្សា ដោយថតជាប់សត្វព្រៃកម្រឃើញជិត ៥០ប្រភេទ នៅតំបន់ឧទ្យានជាតិវីរជ័យ-សៀមប៉ាង នៃខេត្តរតនគិរី និងស្ទឹងត្រែង។ ក្នុងចំណោមនោះ មានថនិកសត្វ ៧ប្រភេទ ជាប្រភេទសត្វព្រៃ ដែលគំរាមកំហែងជិតផុតពូជ ឯប្រភេទខ្លះ គឺពុំដែលប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានេះ។ នេះបើតាមក្រសួងបរិស្ថានផ្សាយលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ ក្រសួងបញ្ជាក់ថា សត្វព្រៃកម្រទាំង ៧ប្រភេទ មានដូចជា សត្វទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន កែះ ខ្លាឃ្មុំតូច និងខ្លាពពក។ ក្រសួងបរិស្ថានឱ្យដឹងថា លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីសារសំខាន់ជាសកល នៃឧទ្យានជាតិវីរជ័យ-សៀមប៉ាង ដែលបានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។ ក្រសួងដកស្រង់សម្ដីអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវនេះថា៖ «ទោះបីជាតំបន់សិក្សានេះមានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។ យ៉ាងណា ក្រសួងថា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្រសួងបរិស្ថាន៖ «ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់»។ ក្រសួងបរិស្ថានថា កម្ពុជាមានតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ៕

      ៦ មិថុនា ២០២៦

    • កម្ពុជាដំណើរការប្រព័ន្ធប្រកាសឱ្យដឹងមុននៅខេត្តងាយរងគ្រោះចំនួន៤ ដើម្បីបង្ការគ្រោះមហន្តរាយ

      កម្ពុជាប្រកាសដាក់ដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន សម្រាប់អ្នកទាំងអស់គ្នា» ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយ ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។  គម្រោងនេះ នឹងត្រូវអនុវត្តនៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ចំនួន ៤ គឺរតនគិរី ក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ ដោយមានការអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូបច្ចេកទេស ដើម្បីពង្រឹងការត្រៀមខ្លួន និងកសាងភាពធន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូអិនឌីភីកម្ពុជា (UNDP Cambodia) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា គម្រោងប្រព័ន្ធប្រកាសឱ្យដឹងមុននេះ គាំទ្រថវិកាដោយមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។ គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ហានិភ័យដូចជា ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់ជាដើម ក្នុងគោលបំណងកាត់បន្ថយការបាត់បង់ជីវិត ការប្រកបរបរ និងការបាត់បង់ទ្រព្យសម្បត្តិ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះខ្លាំងបំផុត ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ ប្រធានតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង លោក Hemant Mandal បានថ្លែងនៅក្នុងសិក្ខាសាលាប្រកាសដាក់ឲ្យដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា» កាលពីថ្ងៃទី២-៣ ខែមិថុនា នៅខេត្តសៀមរាប ដោយឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា សហគមន៍កំពុងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យពីទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលនៃលំនាំទឹកភ្លៀង ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ដូច្នេះប្រព័ន្ធប្រកាសឱ្យដឹងមុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារជីវិត ការប្រកបរបររកស៊ី និងសមិទ្ធផលដែលកើតចេញពីការអភិវឌ្ឍរបស់ជាតិ និងជាផ្នែកមួយ នៃការជំរុញជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីធានាថាមនុស្សគ្រប់រូប ត្រូវបានការពារដោយប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលមានប្រសិទ្ធភាពត្រឹមឆ្នាំ២០២៧។ លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា មូលនិធិអាកាសធាតុបៃតង នឹងជួយពង្រឹងស្ថាប័ន និងប្រព័ន្ធព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋអាចព្យាករណ៍ ហានិភ័យអាកាសធាតុ និងឆ្លើយតបមុនពេលគ្រោះមហន្តរាយកើតមាន។ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការកសាងភាពធន់ដែលអាចអនុវត្តបាន និងដឹកនាំដោយប្រទេសនីមួយៗ ខណៈសម្ពាធអាកាសធាតុកំពុងកើនឡើង»។ រដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខណ្ឌគោលនយោបាយ រួមមានផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCC SP 2024 – 2033) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលបានដាក់ស្នើក្នុងឆ្នាំ២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ឆ្នាំ២០៥០។  តំណាងយូអិនឌីភីប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា បញ្ជាក់នៅក្នុងសិក្ខាសាលានៅខេត្តសៀមរាបនោះថា យូអិនឌីភី ដើរតួនាទីក្នុងការរួមបញ្ចូលដៃគូជាច្រើនក្នុងការសហការគ្នា បើទោះបីជាមានសញ្ញា បង្ហាញថា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កំពុងមានការកាត់បន្ថយក៏ដោយ។ លោកថាគំនិតផ្តួចផ្តើម ការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) គឺជាគំរូជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាព ដោយមានគោលដៅយ៉ាងច្បាស់លាស់ ក្នុងការរួមបញ្ចូលនូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល។  លោក អេនរីកូ ហ្គាវេលីយ៉ា៖ «ក្នុងពិភពលោកដែលកំពុងប្រឈមនឹងវិបត្តិស្មុគស្មាញជាច្រើន ការការពារជីវភាពរស់នៅ និងការកសាងភាពធន់សម្រាប់ក្រុមដែលងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះខ្ពស់ នៅតែជាគន្លឹះសំខាន់ នៃការប្តេជ្ញារួមរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ ប្រព័ន្ធដែលរួមបញ្ចូល គិតគូរពីបរិយាប័ន្ន ប្រព័ន្ធមួយដែលគិតគូរ និងយកមនុស្សជាស្នូល។ ព្រមទាំងពង្រីកដំណោះស្រាយរួមដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ដើម្បីជួយឱ្យ ប្រទេសកម្ពុជាអាចព្យាករ និងឆ្លើយតបបានកាន់តែល្អប្រសើរជាងមុនចំពោះហានិភ័យ អាកាសធាតុ និងគ្រោះមហន្តរាយ»។  តំណាងក្រសួងធនធានទឹក និងឧតុនិយម លោក អឿង ចន្ថា លើកឡើងថា ការពង្រឹងសេវាឧតុនិយម និងជលសាស្ត្រ (hydromet) គឺជាគន្លឹះស្នូលក្នុងការកសាងប្រព័ន្ធ ប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បានប្តេជ្ញាពង្រឹងការប្រមូល វិភាគ និងផ្សព្វផ្សាយព័ត៌មានអាកាសធាតុដើម្បីគាំទ្រការព្យាករ ឱ្យទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។  លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា នឹងជួយឱ្យមានការត្រៀមខ្លួន បានល្អប្រសើរជាងមុន កាត់បន្ថយហានិភ័យ និងគាំទ្រនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលមានភាពធន់នឹងអាកាសធាតុ»។ របាយការណ៍សន្ទស្សន៍ហានិភ័យ អាកាសធាតុសកល (Global Climate Risk Index) ឆ្នាំ២០២០ ឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមប្រទេសងាយរងហានិភ័យអាកាសធាតុនៅក្នុងពិភពលោក។ ការប្រែប្រួលអាកាសធាតុនេះ កំពុងបង្កើនហានិភ័យដល់ជីវិត និងការប្រកបរបររស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋកម្ពុជាប្រហែល ១៧លាននាក់។ របាយការណ៍ប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុ នឹងបង្កផលប៉ះពាល់ និងនាំឱ្យមានការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជារហូតដល់ ១០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខ ប្រសិនបើ គ្មានវិធានការពង្រឹងភាពធន់ និងការសម្របខ្លួនឱ្យបានប្រសើរនោះទេ។ ជាមួយគ្នានេះ ហានិភ័យអាកាសធាតុទាំងនេះ នឹងបន្ថែមភាពធ្ងន់ធ្ងរទៀត ដល់ផ្នែកសង្គម និងសេដ្ឋកិច្ច ប្រសិនបើកង្វះខាតប្រព័ន្ធប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួនទុកជាមុន។ សម្ពាធទាំងនេះ នឹងដាក់បន្ទុកធ្ងន់ទៅដល់សហគមន៍ជនបទ…

      ៦ មិថុនា ២០២៦

    • ជនជាតិដើមចារ៉ាយស្រុកអូរយ៉ាដាវ នៅតែជំទាស់មិនឱ្យក្រុមហ៊ុនរ៉ែបន្តសិក្សាលើដីសហគមន៍

      សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ប្រកាន់ជំហរដោយទទូចដល់អាជ្ញាធរ ធ្វើយ៉ាងណាមិនឱ្យក្រុមហ៊ុនឯកជនបន្តធ្វើសកម្មភាពរុករករ៉ែនៅក្នុងដី​សហគមន៍ពួកគាត់បបន្តទៀតឡើយ ទោះបីជាមានការសន្យាផ្តល់សំណងជាប្រាក់កាសពីភាគីក្រុមហ៊ុន ដែលសម្របសម្រួលដោយអាជ្ញាធរនៅក្នុងតំបន់ក៏ដោយ។ ការបញ្ជាក់ជំហររបស់ពលរដ្ឋបែបនេះ ស្របពេលពួកគេឱ្យដឹងថា មេភូមិបានកោះហៅតំណាង​ប្រជាពលរដ្ឋឱ្យទៅចូលរួមប្រជុំពិភាក្សាផ្ទាល់ជាមួយភាគីក្រុមហ៊ុន នៅឯផ្ទះមេភូមិនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ។ លោក រម៉ាម ស្រិន ម្ចាស់ដីដែលរងផលប៉ះពាល់ពីសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនចិនកាលពីពេលថ្មីៗនេះ បានប្រាប់ប្រជាកាសែតនៅថ្ងៃនេះថា ពេលនេះក្រុមហ៊ុនបានបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញ បន្ទាប់ពីអ្នកភូមិមកហាមឃាត់ និងអាជ្ញាធរជួយអន្ករាគមន៍ យ៉ាងណាលោកនៅតែមានក្ដីបារម្ភពីអនាគតសហគមន៍ទាំងមូល ធនធានធម្មជាតិ ដែល​សហគមន៍អាស្រ័យផល និងដីចម្ការរបស់លោក។ លោក ស្រិន ឱ្យដឹងទៀតថា មេភូមិ បានមកប្រាប់ពលរដ្ឋឱ្យទៅប្រជុំជាមួយភាគីក្រុមហ៊ុន ដោយ​មានអាជ្ញាធរពាក់ព័ន្ធចូលរួមជាមួយ ប៉ុន្ដែលោកបញ្ជាក់ថា ពលរដ្ឋនៅប្រកាន់ជំហរមិនឱ្យក្រុមហ៊ុនមកទៀត ហើយក៏មិនទទួលសំណងពីក្រុមហ៊ុននោះទេ។ លោក រម៉ាម ស្រិន៖ «ក្រុមហ៊ុនគេមក ឱ្យយើងទៅជួបនៅផ្ទះមេភូមិ ល្ងាចម៉ោង៥ មេភូមិមកប្រាប់ពេលព្រឹកមិញហ្នឹង»។ លោកបន្ត៖ «ខ្ញុំនៅតែបដិសេធ នៅតែមិនឱ្យចូលមកកន្លែងហ្នឹងទៀតទេ អត់ឱ្យចូលដាច់ខាត។ ខ្ញុំប្រាប់មេឃុំដែរ ខ្ញុំនិយាយជាមួយគាត់ថ្ងៃមុន ខ្ញុំសំណូមពរជាមួយគាត់ថា ធ្វើម៉េចកុំឱ្យក្រុមហ៊ុនហ្នឹង មកកន្លែងហ្នឹងទៀត ខ្ញុំអត់ចង់បាន ក្រុមហ៊ុនរុករករ៉ែ មកកន្លែងនេះទៀតទេ ព្រោះអី ពួកខ្ញុំអត់មានអីទេ ក្រៅពីធ្វើចម្ការ បើរ៉ែគេមករកកន្លែងហ្នឹងទៀត វាលំបាកដល់អ្នកភូមិ អ្នកម្ចាស់ចម្ការទៀត។ ធ្វើម៉េចលោកមេភូមិមេឃុំ កុំឱ្យគាត់ [ក្រុមហ៊ុន] ចូលមកទៀត ហើយលុបអាជ្ញាប័ណ្ណហ្នឹង បើគាត់មកចូលកន្លែងនេះទៀត។ គាត់ថាអត់អីទេ ចាំខ្ញុំសម្រួលឱ្យ»។ ក្រុមហ៊ុនរុករករ៉ែឯកជនមួយឈ្មោះ ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. បានលួចបញ្ជូនគ្រឿងចក្រចូលទៅកាយដីចម្ការរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ ដោយគ្មានការជូនដំណឹងដល់ម្ចាស់ចម្ការ ឬអាជ្ញាធរភូមិឡើយ បណ្តាលឱ្យខូចខាតដំណាំដំឡូងមីរបស់ពលរដ្ឋ។ ម្ចាស់ចម្ការម្នាក់ទៀតនៅភូមិគងធំ លោក ក្លាន ឡិ អាយុ ៤២ឆ្នាំ ប្រាប់ប្រជាកាសែតថា គ្រឿងចក្រក្រុមហ៊ុនបានកាយដីជារណ្តៅធំៗ ចំនួន ៥កន្លែង ដោយក្នុងនោះ ៣កន្លែងបានបំផ្លាញដំណាំដំឡូងមី ដែលលោកខំប្រឹងដាំទាំងលំបាក។ ម្ចាស់ដីរូបនេះ មានដីចម្ការប្រហែល ៧ហិកតា ដាំដំឡូងមីប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ លោករកចំណូលបានចន្លោះពី ៣ពាន់ ទៅ៤ពាន់ដុល្លារសម្រាប់តម្លៃទីផ្សារធម្មតា ប៉ុន្តែបើដំឡូងមី មានទីផ្សារល្អ លោកអាចរកបានពីចន្លោះ ៧ពាន់ ទៅ៨ពាន់ដុល្លារ។ លោក ឡិ បញ្ជាក់ទៀតថា លោកជាកសិករ ដែលពឹងផ្អែកលើប្រាក់ចំណូលតែពីការធ្វើស្រែចម្ការ។ លោកថា លោកស្នើសុំឱ្យរក្សាទុកតំបន់ទាំងមូលឱ្យពលរដ្ឋអាស្រ័យផលតាមធម្មតា ដោយមិនបាច់មានក្រុមហ៊ុនមករុករករ៉ែអីនោះទេ។ លោក ក្លាន ឡិ អះអាងយ៉ាងដូច្នេះ៖ «ខ្ញុំអត់ចង់បានលុយសំណងអីទេ បើយើងយកលុយគេ ខ្លាចគេចូលមកទៀត បារម្ភដូចថាអត់ឱ្យ [ក្រុមហ៊ុន] ចូលហ្មង បារម្ភខ្លាចបាត់បង់ដី។ សុំទុកអីឱ្យដូចសព្វថ្ងៃទៅបានហើយ»។ រដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា អាជ្ញាធរ បានសហការជាមួយមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានចុះណែនាំក្រុមហ៊ុនឱ្យបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញពីដីចម្ការខាងលើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយដឹងថា ក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. ធ្វើសកម្មភាពស្វែងរុករក (រ៉ែលោហៈ) បានប៉ះពាល់ដីចម្ការដំឡូងមីទើបដាំរួចរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។  រដ្ឋបាលស្រុកអូរយ៉ាដាវ បន្ថែមថា អាជ្ញាធររកឃើញថា សកម្មភាពស្វែងរុករករ៉ែរបស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ដើមដំឡូងមីមួយចំនួនរបស់ប្រជាពលរដ្ឋម្ចាស់ចម្ការ ៤គ្រួសារ។ ភ្លាមៗ រដ្ឋបាលស្រុកអូរយ៉ាដាវ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី និងក្រុមហ៊ុន ដើម្បីដោះស្រាយលើបញ្ហានេះ។  ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលស្រុក បានស្នើមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី និងក្រុមហ៊ុន ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ ជូនដំណឹងដល់អ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយជាមុនសិន ទោះបីក្រុមហ៊ុនមានអាជ្ញាប័ណ្ណក៏ដោយ។ សម្រាប់ទីតាំង ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋទាំង៤គ្រួសារ ក្រុមហ៊ុនមិនត្រូវធ្វើសកម្មភាពបន្តទៀតឡើយ និងក្នុងករណីប៉ះចំដីចម្ការប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវធ្វើការជជែកគ្នា ជាមួយម្ចាស់ចម្ការឱ្យបានច្បាស់លាស់ និងត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព។ មេភូមិគងធំ លោក ហេង វី បានអះអាងប្រាប់ប្រជាកាសែតថា ថ្ងៃនេះមានជំនួបរវាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុន ដោយមានការចូលរួមពីសំណាក់អភិបាលស្រុក អភិបាលរងស្រុក តំណាងមន្ទីររ៉ែ អធិការស្រុក មេប៉ូលិស មេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងតំណាងភាគីក្រុមហ៊ុន ដើម្បីចុះដោះស្រាយ និងសម្របសម្រួលករណីផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកមេភូមិឱ្យដឹងថា ជំនួបនេះ ភាគីក្រុមហ៊ុនចង់ទទួលស្គាល់កំហុស និងចង់ផ្តល់សំណងខូចខាតជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ លោកមេភូមិបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញជំហរដាច់ខាត…

      ២៧ ឧសភា ២០២៦

    • ជនជាតិចារ៉ាយនៅស្រុកអូរយ៉ាដាវ ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែក្នុងតំបន់

      ពលរដ្ឋជាច្រើនគ្រួសារក្នុងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ក្នុងឃុំចំនួនពីរ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ផ្ទុះការតវ៉ាជាបន្តបន្ទាប់ បន្ទាប់ពីក្រុមហ៊ុនរុករករ៉ែរបស់ចិន ដាក់គ្រឿងចក្រធ្វើសកម្មភាពខួងដីសិក្សារករ៉ែលើដីរបស់ពួកគាត់។ ពួកគាត់ទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុនខាងលើ និងស្នើឱ្យរាជរដ្ឋាភិបាល ដកអាជ្ញាបណ្ណក្រុមហ៊ុននេះ មិនឱ្យរុករករ៉ែក្នុងតំបន់របស់ពួកគាត់បន្តទៀត។ ក្រុមហ៊ុនចិនទាំងពីរនោះ គឺក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ដែលធ្វើសកម្មភាពខួងដីនៅភូមិពាក់ ឃុំយ៉ាទុង កាលពីថ្ងៃទី២០ ខែឧសភា និងបន្ទាប់មកក្រុមហ៊ុន ហ្គោលដេន ជេ​នើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. ដែលធ្វើសកម្មភាពដូចគ្នានៅភូមិគងធំ ឃុំប៉ាតេ នៅថ្ងៃទី២៣ ខែឧសភា។ តំបន់ទាំងពីរនេះនៅជាប់ព្រំប្រទល់គ្នា។ តំណាងសហគមន៍ចារ៉ាយភូមិពាក់ លោក សេវ ព្រិច ប្រាប់ប្រជាកាសែតថា ក្រុមហ៊ុនចិនខាងលើដាក់គ្រឿងចក្រ បម្រុងនឹងខួងដីក្នុងចម្ការពលរដ្ឋ ដែលកៀកនឹងភូមិសហគមន៍ប្រមាណ ២០០ម៉ែត្រ និងប្រហែល ១០០ម៉ែត្រ ពីតំបន់ប្រភពទឹក។ លោកបញ្ជាក់ថា សហគមន៍ទាំងមូល ស្នើដល់ស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់សកម្មភាពខួងដីសិក្សារកភូមិសាស្ត្ររ៉ែរបស់ក្រុមហ៊ុនក្នុងសហគមន៍បែបនេះទៀតនៅពេលក្រោយ។ លោកថា សំណើទាំងនេះ គឺដើម្បីការពារដីធ្លី ប្រភពទឹក សន្តិសុខក្នុងតំបន់ និងជីវភាពរស់នៅតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលពឹងផ្អែកលើធនធានធម្មជាតិ ទោះបីសហគមន៍បានបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន និងដកគ្រឿងចក្រចេញពីដីចម្ការរបស់ពលរដ្ឋ ក្នុងសហគមន៍ហើយក្ដី។ លោក សេវ ព្រិច រៀបរាប់៖ «ជនជាតិភាគតិចពួកខ្ញុំហ្នឹង គឺពឹងផ្អែកទៅលើធម្មជាតិ ដូចជាដីចម្ការ និងប្រភពទឹកប្រើប្រាស់ជាប្រចាំ»។ លោកបន្ត៖ «សហគមន៍ទាំងមូលគឺសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េចឲ្យបញ្ឈប់សកម្មភាពខួងសិក្សាភូមិសាស្ត្របន្តទៀត កុំឲ្យមានចូលមកខួងសិក្សាម្តងទៀត។ រឿងខាងចរចាជាមួយក្រុមហ៊ុនអី មិនមែនតែមួយលើកទេ គឺបីបួនលើកហើយ តាំងពីក្រសួងរ៉ែ តាំងពីអភិបាលរងខេត្ត អភិបាលរងស្រុក មេឃុំ និយាយរួមទៅ សឹងតែទាំងអស់ហើយ ប៉ុន្តែនៅសហគមន៍មិនព្រមទេ»។ ប្រជាពលរដ្ឋម្នាក់ទៀត អាយុ ២៦ឆ្នាំ លោក រម៉ាម ស្រិត ដែលជាម្ចាស់ចម្ការម្នាក់ ក្នុងចំណោមបីនាក់ទៀត ត្រូវក្រុមហ៊ុនដាក់គ្រឿងចក្រខួងដីក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភានេះថា លោកបារម្ភយ៉ាងខ្លាំងពីការបាត់បង់ដីធ្លីអាស្រ័យផល បន្ទាប់ពីមានក្រុមហ៊ុនយកគ្រឿងចក្រ (អ៊ិចស្កាវ៉ាទ័រ) ចូលមកកាយរុករានលើដីចម្ការរបស់លោក ដែលលោកបញ្ជាក់ថា មិនបានទទួលដំណឹងជាមុនពីអាជ្ញាធរ ឬក្រុមហ៊ុនឡើយ។ លោកឱ្យដឹងថា គ្រឿងចក្ររបស់ក្រុមហ៊ុនបានចូលមក​កាយ​ដីចំការរបស់លោក បណ្តាលឱ្យមានរណ្តៅជម្រៅប្រហែល ១០ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំឡូងមី។ លោក រម៉ាម ស្រិត៖ «ខ្ញុំព្រួយបារម្ភបង ខ្លាចគេយកដីខ្ញុំ បើគ្មានដី ខ្ញុំអត់មានដីធ្វើចម្ការ ព្រួយបារម្ភខ្លាំង និយាយភ័យខ្លាំងខ្លាចបាត់ដី»។ លោក រម៉ាម ស្រិត រៀបរាប់បន្តថា ដីចម្ការទំហំជិត ២ហិកតា គឺជាដីសមូហភាព ដែលលោកបានកាន់កាប់ បន្ទាប់ពីឪពុកតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ ពលរដ្ឋជនជាតិដើមភាគតិចរូបនេះ បានបញ្ជាក់ទាំងក្តីកង្វល់ថា គ្រួសារលោកមានដីតែមួយកន្លែងនេះ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត ស្របពេលបច្ចុប្បន្នកំពុងជំពាក់ប្រាក់ធនាគារថែមទៀត។ លោកថា ប្រសិនបើបាត់បង់ដីនេះ នោះលោកនឹងគ្មានប្រភពចំណូលសម្រាប់សងបំណុលឡើយ។ លោកបន្ថែម៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរកយុត្តិធម៌ឱ្យខ្ញុំផង ឱ្យគាត់ជួយដោះស្រាយ កុំឱ្យគាត់ចូលទៀត ហើយស្នើឱ្យថ្នាក់លើជួយ មិនបាច់ឱ្យមានរុករករ៉ែទេ នៅតំបន់នេះទេ»។ លិខិតរដ្ឋបាលខេត្តរតនគិរី ដែលប្រជាកាសែតទទួលបាន ឱ្យដឹងថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍លើការស្នើសុំប្រើប្រាស់ឧបករណ៍ និងបរិក្ខារ របស់ក្រុមហ៊ុនចិនទាំងពីរខាងលើ គឺខេមបូឌាន ស៊ានចាម ឯ.ក. និងក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក. សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ រុករករ៉ែ នៅក្នុងឃុំមួយចំនួនដូចជា ឃុំបរខាំ ឃុំប៉ាតេ ឃុំយ៉ាទុង និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើផ្ទៃដីទំហំ ២០០ គីឡូម៉ែត្រការ៉េ។ ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏ស្នើឱ្យប្រធានក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ឯ.ក. ត្រូវគោរពកិច្ចសន្យាការពារបរិស្ថាន និងត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៥ ខែឧសភាថា ក្រុមហ៊ុនដែលចុះទៅនោះ គឺមានអាជ្ញាបណ្ណ និងបណ្ណវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះពិនិត្យទីតាំង និងវាយតម្លៃដើម្បីសិក្សាស្រាវជ្រាវរុករករ៉ែ។ យ៉ាងណា លោកអភិបាលខេត្ត ទទួលស្គាល់ថា ទីតាំងចុះសិក្សានោះ ប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នអាជ្ញាធរ និងមន្ត្រីជំនាញកំពុងបន្តធ្វើការសម្របសម្រួលបន្ថែម។ លោកថា ក្នុងករណីមានផលប៉ះពាល់ពីការខួងដី ខូចខាតដើមឈើ ឬផលដំណាំផ្សេងៗ…

      ២៦ ឧសភា ២០២៦

    • ក្រសួងបរិស្ថាននិងអង្គការដៃគូលែងក្រពើភ្នំ ១០ ក្បាល ទៅក្នុងទន្លេស្រែពកខេត្តមណ្ឌលគិរី

      ក្រសួងបរិស្ថាន និងអង្គការជំនាញ លែងក្រពើភ្នំចំនួន ១០ ក្បាល ចូលទៅក្នុងទន្លេស្រែពក ដែលជាដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី ដើម្បីស្ដារប្រភេទក្រពើជិតផុតពូជ និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កម្មវិធីព្រលែងក្រពើភ្នំនឹងធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ក្នុងខេត្តមណ្ឌលគីរី ដោយមានចូលរួមពីអង្គការ WWF-កម្ពុជា រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ Fauna & Flora International (FFI)។  ក្រសួងបញ្ជាក់ថា កម្មវិធីព្រលែងក្រពើភ្នំនេះ គឺបន្ទាប់ពីបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ សេចក្ដីប្រកាសព័ត៌មានបន្ថែមថា កម្មវិធីនេះ ក៏មានបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច ឱ្យបែកខ្ញែកនៅក្នុងប្រព័ន្ធទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើវិទ្យាសាស្ត្រផងដែរ។  ក្រសួងបញ្ជាក់ថា តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។ បើតាមការស្រាវជ្រាវរបស់ក្រសួង និងអង្គការជំនាញ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទសត្វជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN (International Union for Conservation of Nature) ហើយត្រូវបានសន្និដ្ឋានថា នៅសល់តិចជាង ១០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជាពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយដែលកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ»។ លោកបន្តថា៖ «សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាបមានសុខភាពល្អ»។ ក្រសួងបង្ហាញថា កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំទៀតផង។  ក្រុមស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ក្នុងឆ្នាំ២០២១ បានកត់ត្រាវត្តមានក្រពើភ្នំតាមរយៈរូបថតលើកដំបូង ដែលវាបានញាស់ដោយធម្មជាតិនៅក្នុងទន្លេស្រែពក។ ក្រុមស្រាវជ្រាវយល់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេដែលជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វក្រពើនេះ។ នាយកអង្គការ WWF-កម្ពុជា លោក Dipankar Chyau Patnaik លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា»។  លោកបន្ថែមថា៖ «តាមរយៈការបង្កើនចំនួនសត្វក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិតរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។ តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រពើភ្នំដែលត្រូវលែងចូលទៅក្នុងទន្លេស្រែពក ត្រូវបានគាំទ្រ និងផ្តល់ដោយរដ្ឋបាលជលផល ព្រមទាំងអង្គការ FFI តាមរយៈកម្មវិធីបង្កាត់ពូជអភិរក្ស និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹង មុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ ជាមួយគ្នានេះ ការលែងក្រពើភ្នំនេះ ក៏អនុវត្តតាមគោលការណ៍អន្តរជាតិស្តីពីការបញ្ជូនសត្វសម្រាប់ការអភិរក្សរួមទាំងការតាមដានក្រោយការលែង ដោយប្រើបច្ចេកវិទ្យា acoustic telemetry ដើម្បីសិក្សាពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្មជាតិ ជាពិសេសនោះគឺ ការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំបែបនេះនាពេលអនាគតផ្សេងទៀត។ នាយកប្រចាំប្រទេសនៃអង្គការ FFI លោក ហម ច័ន្ទដេត បានបន្ថែមថា៖ «យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វលូន ដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍»។ លោកបានបន្តថា៖ «កម្ពុជាបានក្លាយជាអ្នកដឹកនាំថ្នាក់តំបន់ក្នុងការអភិរក្សសត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំ ទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ»។ ដោយឡែក កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រកធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ។ ជនជាតិដើមភាគតិចមួយរូប រស់នៅស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានប្រាប់ប្រជាកាសែតដោយសុំមិនបញ្ចេញឈ្មោះថា គាត់បានដឹងព័ត៌មានពីការលែងក្រពើ១០ក្បាល ពេលគាត់ចុះទៅភូមិ ដោយគណៈកម្មការការពារធនធានធម្មជាតិក្នុងតំបន់ផ្ដល់ព័ត៌មានថាមានក្រពើ១០ក្បាលនឹងយកមកលែងនៅក្នុងតំបន់។ ប្រភពរូបនេះនិយាយថា ៖ «ខ្ញុំអត់ដឹងទេថាពីមុនទន្លេមានក្រពើភ្នំឬអត់ ប៉ុន្តែដឹងថាទន្លេមានក្រពើដោយសារខ្ញុំបានសួរចាស់ទុំ តែក្រពើភ្នំ ក្រពើទឹក ខ្ញុំមិនទាន់ដឹងច្បាស់ កាលពីឆ្នាំមុន ខ្ញុំចុះនិងសួរចាស់ទុំ និងគណៈកម្មការសហគមន៍ គាត់ថាមានក្រពើ៣ ហើយពេលខ្ញុំទៅក៏ឃើញដានដែរ ដានធំៗ ប៉ុន្តែមិនដឹងក្រពើអីទេ»។ ពលរដ្ឋរូបនេះក៏បារម្ភថា ការលែងក្រពើថ្មីចូលទៅទន្លេអាចនឹងបង្កហានិភ័យដល់ពលរដ្ឋក្នុងសហគមន៍ ពីព្រោះនៅខែទឹកឡើងក្រពើអាចឡើងមកដីគោកហើយចូលផ្ទះពលរដ្ឋរស់នៅក្បែរទន្លេ និងផ្ដល់ផលលំបាកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅធ្វើស្រែចម្ការ ដើម្បីអាស្រ័យផលដំណាំ ឬបង់សំណាញ់ផ្សេងៗ។ បែបនេះក្តី ក្រសួងបរិស្ថានពន្យល់ថា ក្រពើភ្នំជាប្រភេទសត្វល្មូនដ៏កម្របំផុតមួយនៅលើពិភពលោក។…

      ២១ ឧសភា ២០២៦

    • ឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការអង្គសេចក្ដីលើបណ្តឹងឧទ្ធរណ៍ក្រុមមាតាធម្មជាតិនាដើមខែមិថុនា

      សាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ក្រុមសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។ យោងតាមលិខិតអញ្ជើញរបស់លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលផ្ញើទៅកាន់លោក អែម ចន្ថា មេធាវីការពារក្តីឲ្យក្រុមសកម្មជន បានឲ្យដឹងថា សវនាការនេះពាក់ព័ន្ធនឹងសកម្មជនចំនួន៥នាក់ រួមមាន លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួង កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា។ មេធាវីការពារក្តីក្រុមសកម្មជនមាតាធម្មជាតិ លោក អែម ចន្ថា បានប្រាប់ថា លោកបានទទួលដំណឹងអំពីលិខិតអញ្ជើញរបស់សាលាឧទ្ធរណ៍រួចហើយ។ លោកថា កាលពីថ្ងៃទី១៨ ខែឧសភា លោកបានជួបកញ្ញា ភួន កែវរស្មី ហើយកញ្ញានឹងចូលរួមសវនាការ រីឯសកម្មជនផ្សេងទៀត លោកមិនទាន់បានជួបនៅឡើយ ប៉ុន្តែលោកសង្ឃឹមថា ពួកគាត់ទាំងអស់នឹងចូលរួម។ លោកបន្តថា ក្រុមសកម្មជននៅតែមិនសុខចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយការប្តឹងឧទ្ធរណ៍នេះ គឺដើម្បីស្វែងរកយុត្តិធម៌ឡើងវិញ។ លោក អែម ចន្ថា ថ្លែងថា៖«សម្រប់មេធាវី យើងព្យាយាមឈរនៅខាងកូនក្តី គឺរកយុត្តិធម៌ឲ្យកូនក្តីតាមអ្វីដែលគាត់ សម្តែងថាមិនសុខចិត្ត ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនឹង អយុត្តិធម៌ចំពោះពួកគាត់អ្វីដែលគាត់ធ្វើមិនបាន ផ្តល់ជាអ្វីដែលជាគុណវិបត្តិដល់សង្គមទេ ផ្ទុយទៅវិញជាការជួយដល់សង្គម ការពារសង្គម ការពារធនធានធម្មជាតិ។ ដូច្នេះខ្ញុំសង្ឃឹម​ថា សាលាឧទ្ធរណ៍ភ្នំពេញនឹងពិចារណាផ្តល់យុត្តធម៌ឲ្យកូនក្តីពួកខ្ញុំតាមការស្នើរសុំ»។ ជាមួយគ្នានេះ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ការបើកសវនាការនៅសាលាឧទ្ធរណ៍ គឺជានីតិវិធីបន្ទាប់ពីក្រុមសកម្មជនបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង។ ទោះយ៉ាងណា លោកថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែងលើសកម្មជនបរិស្ថាន គឺជារឿងធ្ងន់ធ្ងរ និងអយុត្តិធម៌។ លោកមានប្រសាសន៍ថា៖ «វាគួរណាស់តែរដ្ឋាភិបាលគួរតែពិចារណា ហើយបើសិនជាតុលាការដែលកាត់ទោសឲ្យពួកគាត់ ជាប់គុកធ្ងន់ធ្ងរវាជារឿងអយុត្តិធម៌ ហើយវាជារឿងដែលបំផិតបំភ័យវាធ្វើឲ្យយុវជនជំនាន់ក្រោយនឹងលេងហ៊ាននិយាយ ហៃអើ នេះជាអ្វីដែលយើងមើលឃើញ។ លោកបន្តថា៖«អ្វីដែលប្រព្រឹត្តទៅថ្ងៃខាងមុខពាក់ព័ន្ធទៅនឹងសាលាឧទ្ទរណ៍ដែលបើក សាវនាការយើងសង្ឃឹមថាសាលាឧទ្ទរណ៍មិន កាត់ក្តីដូចសាលាដំបូងទេ»។ កន្លងមកនា ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិ បានស្នើសុំឲ្យតុលាការកំពូលដោះលែងសកម្មជនទាំង៥នាក់ឲ្យមានសេរីភាពឡើងវិញ។ ទោះយ៉ាងណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០​២៦ តុលាការកំពូលបានសម្រេចមិនដោះលែងពួកគាត់ទេ ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដដែល។ គួររំលឹកថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំដល់៨ឆ្នាំ ពាក់ព័ន្ធបទ​ចោទ «រួមគំនិតក្បត់» និង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ លោក ថុន រដ្ឋា និងកញ្ញា រ៉ី រក្សា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ។ ដោយឡែក លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យប្រាក់១០លានរៀល។ ក្រោយប្រកាសសាលក្រម សកម្មជន៤នាក់ រួមមាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅមុខសាលាដំបូងរាជធានីភ្នំពេញ ចំណែកឯលោក យឹម លាងហ៊ី ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរទៅតុលាការ នៅថ្ងៃដដែលនោះ៕

      ២០ ឧសភា ២០២៦

    • កម្ពុជាជាប់លេខ១ផ្នែកបរិស្ថានធម្មជាតិ ប៉ុន្តែការវាយតម្លៃលើបរិស្ថានជារួមជាប់​លេខ៩១​ក្នុង១០០ប្រទេស

      ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់មួយ ល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៦។ ចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អផុតគេនេះ ទទួលបានពិន្ទុ ៧៨.៨ ដោយផ្អែកលើភាពទាក់ទាញ នៃបរិស្ថានធម្មជាតិចម្រុះ គួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ ក៏ដូចជានិរន្តរភាព នៃដីធ្លី និងការការពារធនធានធម្មជាតិ។ នេះបើតាមរបាយការណ៍របស់ U.S. News & World Report ចេញផ្សាយលើគេហទំព័រខ្លួន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ របាយការណ៍ដដែល ឱ្យដឹងដែរថា ដ្បិតកម្ពុជាទទួលបានចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិលើគេក៏ពិតមែន ប៉ុន្តែសម្រាប់ការវាយតម្លៃរូបភាពជារួម កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៩១ ដោយមានពិន្ទុ ៣៩.៦។ របាយការណ៍ប្រចាំឆ្នាំ២០២៦ នេះ វាយតម្លៃលើប្រទេសចំនួន ១០០ ផ្អែកលើបណ្តុំសូចនាករយ៉ាងទូលំទូលាយ។ ក្នុងនោះរបាយណ៍និយាយលើផ្នែក(Category)សំខាន់ៗ ចំនួន៨ មានលំហនៃការចូលរួមរបស់ពលរដ្ឋ (Civic Health) ការអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច សុខភាព វប្បធម៌ និងទេសចរណ៍ ឱកាសការងារ បរិស្ថានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដោយនៅក្នុងផ្នែកទាំងនេះ មានផ្នែកតូចៗ ចំនួន ២៤ទៀត។ សម្រាប់ចំណាត់ថ្នាក់លើផ្នែកទាំង ៨ របស់កម្ពុជា ក្នុងចំណោមប្រទេសទាំង១០០នោះ មានដូចជា ផ្នែកបរិស្ថានធម្មជាតិជាប់លេខ១ មានពិន្ទុ ៧៨.៨ ដែលជាចំណាត់ល្អផុតគេ។ ខណៈផ្នែកទាំង៧ទៀត គេសង្កេតឃើញនៅមានពិន្ទុទាប និងជាប់លេខកៀកៗបាតតារាង ដូចជាផ្នែកវប្បធម៌ និងទេសចរណ៍ជាប់លេខ ៦៣ មានពិន្ទុ ៣៩.៦ ឯឱកាសការងារជាប់លេខ ៧៦ មានពិន្ទុ ៣៨.៦ អភិបាលកិច្ចជាប់លេខ ៨៥ មានពិន្ទុ ៤២.៩ ផ្នែកសុខភាពជាប់លេខ ៨៨ មានពិន្ទុ ៣៨.៩ ហេដ្ឋារចនាសម្ព័ន្ធជាប់លេខ ៩១ មានពិន្ទុ ៤៦.៤ លំហពលរដ្ឋជាប់លេខ ៩៥ មានពិន្ទុ៣៧ និងផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចជាប់លេខ ៩៧ មានពិន្ទុ ២៤.៦។ សរុបលទ្ធផលការវាយតម្លៃផ្នែកទាំងនេះ U.S. News & World Report ឱ្យចំណាត់ថ្នាក់ជារួមសម្រាប់កម្ពុជាកៀកបាតតារាងគឺ ៩១ ដោយមានពិន្ទុ ៣៩.៦ ក្នុងចំណោមប្រទេសចំនួន១០០។ ជុំវិញរបាយការណ៍ខាងលើនេះ ក្រសួងបរិស្ថាន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ក្រ​សួងថា របាយការណ៍បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន។ ក្នុងនោះមានការគ្រប់គ្រងបរិស្ថាន​បានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍លើទំព័រហ្វេសប៊ុកក្រសួងថា៖ «ជាកិត្តិយសណាស់ ចំពោះភាពជោគជ័យនេះ របស់ប្រជាជន និងប្រទេសកម្ពុជា លើវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ»។ លោកបន្តថា ការបានចំណាត់ថ្នាក់លេខ១នេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋា​ភិបាលដើម្បីពង្រឹងគោលនយោបាយបរិស្ថាន ខណៈក្រសួងបរិស្ថាន បានធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ត្រូវបានធានាប្រកបដោយចីរភាព។ បើតាមក្រសួងបរិស្ថាន កម្ពុជាមានការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។ យ៉ាងណាក៏ដោយ ទិន្នន័យ និងការគណនាពីអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) បង្ហាញថា ពីចន្លោះឆ្នាំ២០០១ ដល់២០២៥ កម្ពុជាបាត់បង់គម្របព្រៃឈើចំនួន ៣លានហិតតា ដែលអាចប៉ុននឹងទំហំផ្ទៃក្រឡាប្រាសាទអង្គរវត្ត គុណនឹង១ម៉ឺន៥ពាន់ដង ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ នាយកប្រតិបត្តិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា សាទរលើការទទួលបានចំណាត់ថ្នាក់មួយនេះរបស់កម្ពុជា យ៉ាងណាលោក ជំរុញឱ្យមានការឆ្លុះបញ្ចាំង និងពិនិត្យមើលរូបភាពជារួមលើផ្នែកផ្សេងទៀត ដើម្បីធ្វើឱ្យវិស័យបរិស្ថានកាន់តែល្អប្រសើរ ជាជាងការអបអរសាទរតែលើចំណុចវិជ្ជមានមួយជ្រុង។ លោក ម៉ាឡា រម្លឹកថា ការមានមោទនភាពចំពោះចំណុចល្អជារឿងមួយ យ៉ាងណាលោកស្នើថា មិនត្រូវសប្បាយចិត្តរហូតភ្លេចឆ្លុះបញ្ចាំង និងកែលម្អចំណុចខ្វះខាតរបស់ខ្លួនឯងនោះទេ។ លោក សាន់ ម៉ាឡា៖ «យើងត្រូវកែតម្រូវ យើងមិនគួរបណ្តោយឱ្យមានវប្បធម៌ ទទួលយក​តែមតិល្អៗ យើងផ្សព្វផ្សាយតែត្រង់ណាដែលគេសរសើរយើង ហើយយើងចាត់ទុកនូវរបាយការណ៍ និងទិន្នន័យដែលគេបង្ហាញពីចំណុចអវិជ្ជមានរបស់យើង ថាគេធ្វើឡើងដោយផ្អែកទៅលើទស្សនៈនយោបាយ…

      ២០ ឧសភា ២០២៦

    • ប្រជាសហគមន៍ព្រៃឡង់ខេត្ដព្រះវិហារបារម្ភចំពោះការបាត់បង់ព្រៃឈើនៅតំបន់ការពារ

      ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភជាថ្មីចំពោះការបាត់បង់ព្រៃឈើឆាប់រហ័ស និងសុវត្ថិភាពពេលចុះល្បាតព្រៃ ដោយពួកគេអះអាងថាការកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅតែមានជាប្រចាំ ហើយជនល្មើសមានប្រដាប់ដោយអាវុធកែច្នៃ។ ក្ដីកង្វល់នេះកើតឡើងក្រោយពីបណ្ដាញព្រៃឡង់បានចុះល្បាតព្រៃឡង់ ខេត្តព្រះវិហារពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈទំព័រហ្វេសបុករបស់បណ្ដាញព្រៃឡង់ Prey Lang - It's Our Forest Too ផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងរយៈពេលបីយប់បួនថ្ងៃពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដែលពួកគេចុះល្បាតព្រៃឡង់ ពួកគេបានបានរកឃើញមានឈើ៤១ដើមត្រូវបានកាប់បំផ្លាញ នៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ។ ក្រុមល្បាតព្រៃក៏រឹបអូសបានសំភារៈមួយចំនួនរបស់ ជន ល្មើសរួមមាន រណាយន្ដចំនួន ៣គ្រឿង និងអាវុធកែច្នៃចំនួន ៦ដើម។  យុវជនព្រៃឡង់ជនជាតិដើមភាគតិចកួយដែលបានចុះល្បាតព្រៃឡង់ លោក ចាន់ សារិន បានប្រាប់ប្រជាកាសែតថា សំភារៈដែលបណ្ដាញព្រៃឡង់រឹបអូសបានគឺ អាវុធកែច្នៃត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍នគរបាលឃុំរួសរាន់ ស្រុករវៀង ឯរណាយន្តត្រូវប្រគល់ជូនមន្ត្រីឧទ្យានរក្ស ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជាមួយគ្នានេះ លោក សារិន បង្ហាញក្ដីបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់នេះដោយសារបទល្មើសធនធានធម្មជាតិបន្តកើតមាន ព្រមទាំងបារម្ភពីសុវត្ថិភាពព្រោះជនល្មើសប្រដាប់ដោយអាវុធកែច្នៃ។ លោកថា៖ «សម្រាប់ពួកយើងជាបណ្ដាញព្រៃឡង់ យើងព្រួយបារម្ភទី១ការបាត់បង់ព្រៃឈើ ទី២ការបាត់បង់សត្វព្រៃ ហើយទី៣គឺប្រឈមនឹងអាវុធកែច្នៃ ដោយសារតែយើងព្រួយបារម្ភបំផុតបច្ចុប្បន្ននេះគឺអាវុធកែច្នៃប្រើប្រាស់ច្រើនមែនទែន[…]យើងគ្រាន់តែដកហូតអាវុធកែច្នៃនេះរហូតដល់៦ដើម។ បើយើងឃើញជាក់ស្ដែង មើលឃើញទាំងយប់នោះច្រើនដើមមែនទែន មិនក្រោមពី៣០ ឬក៏៤០ដើមទេ»។ ករណីនេះ លោកចង់ឱ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះការប្រើប្រាស់អាវុធកែច្នៃ ជាពិសេសនៅតំបន់ដែលសម្បូរអាវុធប្រភេទនេះ តួយ៉ាងនៅស្រុករវៀង ខេត្តព្រះវិហារ។ចំណែកឯសកម្មជនព្រៃឡង់ជាជនជាតិដើមភាគតិចកួយដែលបានចុះល្បាតដែរនោះគឺលោក ហ៊ីង យឺន បានប្រាប់ថា កាលគាត់ចុះល្បាតព្រៃឡង់ គាត់ឃើញដើមឈើដែលត្រូវគេកាប់បំផ្លាញមានមុខកាត់ពីចម្លោះ ៣០សង់ទីម៉ែត្ររហូតដល់ជិត ២ម៉ែត្រ ដែលជាប្រភេទឈើកកោះ ស្ទៀង ផ្ដៀក និងប្រភេទឈើស្រឡៅជាដើម។ លោកថា៖ «សម្រាប់ខ្ញុំៗមានការព្រួយបារម្ភច្រើនមែនទែន សម្រាប់តែខ្ញុំម្នាក់ឯងទេ ទី១បាត់បង់ព្រៃឈើ ហើយនិងផលអនុផលដែលយើងធ្លាប់ដកហូតតាំងពីដូនតាយូរយារមកហើយ។ មិនត្រឹមតែបាត់បង់ព្រៃឈើទេ សូម្បីតែសត្វព្រៃ នៅពេលដែលព្រៃឈើវាអស់ សត្វព្រៃក៏វាបាត់ទៅតាមហ្នឹងដែរ»។ ជាមួយគ្នានេះ លោក ហ៊ីង យឺន ចង់ឱ្យអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយឱ្យញឹកញាប់ពីសារៈសំខាន់នៃព្រៃឈើ ឱ្យប្រជាពលរដ្ឋទាំងអស់បានដឹង និងដាស់តឿនពលរដ្ឋឱ្យការពារព្រៃឈើ។រីឯសកម្មជនព្រៃឡង់មួយរូបទៀតជាជនជាតិដើមភាគតិចកួយគឺ លោក ខុត សឿម វ័យ៣៨ឆ្នាំ ក៏មានក្ដីបារម្ភស្រដៀងគ្នានេះថា អាចនឹងបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់យ៉ាងឆាប់រហ័ស ព្រោះបទល្មើសធនធានធម្មជាតិនៅបន្តកើតមានជាបន្តបន្ទាប់។ លោកថា៖ «ដោយសារតែចំណាត់ការរបស់ក្រសួងបរិស្ថាន ជាពិសេសប្រធានមន្ទីរតាមខេត្តនីមួយៗ ឬក៏ដូចជាអភិបាលខេត្តនីមួយៗ គាត់ប្រកាសនូវការពង្រឹងកិច្ចការពារធនធានធម្មជាតិឱ្យយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែយើងអត់ទាន់ឃើញមានលទ្ធផល[…]ហើយខ្ញុំគិតថាព្រៃឡង់យើងបើនៅតែអ៊ីចឹង គឺវាអាចបាត់បង់លឿន ហើយមិនមែនជាព្រៃអភិរក្សទេ ក្លាយទៅជាព្រៃដែលគេសម្រាប់បរបាញ់សត្វ នៅពេលដែលមានកាំភ្លើងមានអីបាញ់ពេញព្រៃអ៊ីចឹង»។ ជាការឆ្លើយតប អភិបាលស្រុករវៀង ខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ បានប្រាប់ប្រជាកាសែតថា លោកមិនបានដឹងទេថា អ្វីដែលបណ្ដាញព្រៃឡង់រកឃើញនេះ កើតមានពិត ឬយ៉ាងណា ព្រោះថា លោកមិនបានចុះល្បាតព្រៃឡង់។ តែយ៉ាងណា លោកមិនគាំទ្រឱ្យកើតមានបទល្មើសធនធានធម្មជាតិនានានៅក្នុងតំបន់នេះឡើយ។លោកថា៖ «ខ្ញុំអត់ច្បាស់ផង ព្រោះខ្ញុំអត់បានចុះទៅ ហើយពាក់ព័ន្ធនឹងការក្នុងនាមអាជ្ញាធរ ពាក់ព័ន្ធនឹងការរុករាន ទន្ទ្រានដីព្រៃក៏ដូចជាដីសហគមន៍ ដីព្រៃគ្រប់គ្រងដោយបរិស្ថាន ឬក៏គ្រប់គ្រងដោយក្រសួងកសិកម្ម ក្នុងនាមអាជ្ញាធរមិនគាំទ្រជាដាច់ខាត»។ ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានទេនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ជុំវិញករណីនេះ ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា សង្កេតឃើញថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នៅតែមានភាពសកម្ម។ លោកយល់ថា ការដែលបទល្មើសធនធានធម្មជាតិអាចបន្តកើតមាននេះ ទំនងជាមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកថា៖ «ប្រហែលជាមានការប្រព្រឹត្តអំពើពុករលួយនៅក្នុងបញ្ហានេះ។ បើគ្មានការប្រព្រឹត្តអំពើពុករលួយ ឬមួយក៏គ្មានការបើកដៃ ការត្រូវរ៉ូវគ្នាឱ្យមានការចូលកាប់ទន្ទ្រានព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ទេ ប្រហែលជាបទល្មើសហ្នឹងគឺមិនអាចធ្វើការដឹកឈើចេញបានទេ ព្រោះយើងមើលឃើញបទល្មើសដឹកឈើចេញភាគច្រើន គឺកាត់តាមទីស្នាក់ការបរិស្ថាន ឬក៏ទីយាមរបស់មន្ទីរបរិស្ថាន»។ បញ្ហានេះ លោក ម៉ើ ចាន់ដារ៉ា ផ្ដល់យោបល់ដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងបរិស្ថានគួរតែមានវិធានការក្ដៅបន្ថែមចំពោះមន្ត្រីដែលពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដោយប្រើវិធានការច្បាប់ ជំនួសឱ្យវិធានការរដ្ឋបាល។ អនុក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានទំហំ ៤៨៩ ៦៦៣ហិកតា ស្ថិតក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ៕

      ១២ ឧសភា ២០២៦

    • ក្រសួងបរិស្ថានថាគុណភាពទឹកទន្លេមេគង្គនៅតែមានស្ថានភាពល្អ

      ក្រសួងបរិស្ថានកម្ពុជាថា បានត្រួតពិនិត្យគុណភាពទឹកជាប្រចាំតាមបណ្តោយទន្លេមេគង្គ និងបានបង្ហាញថាទឹកទន្លេនេះ មានគុណភាពកម្រិត «ល្អ» ក្នុងរយៈបីខែដំបូង នៃឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបង្ហោះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ការចុះផ្សាយដដែល ឱ្យដឹងថា ការវាយតម្លៃគុណភាពទឹកប្រចាំខែ នៅតាមទីតាំងតាមដានត្រួតពិនិត្យចំនួន ១១ទីតាំង នៅតាមបណ្តោយទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។  ការវាយតម្លៃរបស់ក្រសួងនេះ ផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសាធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូត (TN) ផូស្វ័រ (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។  ក្រសួងបរិស្ថានបញ្ជាក់៖ «ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេសត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ជាមួយគ្នានេះក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យនិងការអនុវត្តតាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផងដែរ»។ តាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានអះអាងថា គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត «ល្អ» នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ ដោយការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុលោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ក្រសួងបរិស្ថានថា ការត្រួតពិនិត្យជាប្រចាំនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការរកឃើញដំបូង នៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់ការគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។ បើតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍ ODC ឱ្យដឹងថាការបំពុលទឹក អាចត្រូវបានគេឱ្យនិយមន័យច្រើនយ៉ាងផ្សេងៗពីគ្នា។ ជាទូទៅ ការបំពុលទឹក គឺជាការធ្វើឱ្យកង្វក់ដល់ទឹក នៅពេលដែលសារធាតុបំពុលនានាបានហូរចូលទៅក្នុងប្រភពទឹកដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម (ដកយកសារធាតុបំពុលចេញ)។ ការបំពុលទឹកភាគច្រើន គឺបណ្តាលមកពីសំណល់ពីរោងចក្រឧស្សាហកម្ម កសិកម្ម និងតាមផ្ទះ ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស និងសត្វ ក៏ដូចជាគុណភាពបរិស្ថាន នៃប្រភពទឹកទាំងមូល។ យ៉ាងណាមិញ កន្លងមកមានការផ្សព្វផ្សាយជាច្រើន អំពីបញ្ហាបំពុលទឹកនៅតាមព្រែកអូរស្ទឹងទន្លេនៅកម្ពុជា ដែលកើតចេញពីការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក ពីសំណាក់រោងចក្រសហគ្រាសផ្សេងៗ។ ជាក់ស្ដែង កាលពីខែវិច្ឋិកា ឆ្នាំ២០២៥ កាសែតបរទេសម៉ុងកាបេ (Mongabay) បានចុះផ្សាយថា សហគមន៍មួយចំនួននៅតាមបណ្តោយដងអូរតាបូក ក្នុងខេត្តរតនគិរី បានជួបប្រទះនឹងបញ្ហាបំពុលទឹក និងសុខភាពសាធារណៈធ្ងន់ធ្ងរ ដែលការបំពុលទឹកនោះ កើតចេញពីការជីកយករ៉ែមាសក្នុងតំបន់នោះ។ កាសែត Mongabay បញ្ជាក់ថា អ្នកភូមិទីនោះបារម្ភពីការរីករាលដាលនៃការបំពុលទឹកអូរតាបូកនេះ ចូលទៅក្នុងទន្លេសេសាន និងទន្លេមេគង្គ ដែលនឹងប៉ះពាល់ខ្លាំងដល់ពលរដ្ឋតំបន់ផ្សេងទៀត ក៏ដូចជាសន្តិសុខស្បៀងអាហារក្នុងតំបន់៕

      ២៤ មេសា ២០២៦

    • ក្រសួងធនធានទឹក ព្យាករថានឹងមានភ្លៀងធ្លាក់រាយប៉ាយល្អនៅរដូវវស្សាឆ្នាំនេះ ប៉ុន្តែមានផ្គររន្ទះនិងខ្យល់កន្ត្រាក់ច្រើន

      ក្រសួងធនធានទឹក និងឧតុនិយម ព្យាករអាកាសធាតុសម្រាប់រដូវវស្សាឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ថានឹងមានរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥ដែរ ហើយនឹងមានកូនរដូវប្រាំងនៅខែសីហា ប៉ុន្តែក្រសួងក៏បានព្រមានថា នឹងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។  សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងដែរថា រដូវវស្សាឆ្នាំនេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ២០២៥ ដោយមានសីតុណ្ហភាពមធ្យមទាបបំផុត ២៥ អង្សារសេ និងមធ្យមខ្ពស់បំផុត ៣៦អង្សារសេ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន នៅក្នុងឆ្នាំ២០២៦»។ ក្រសួងរៀបរាប់ថា ដើមរដូវវស្សា និងពាក់កណ្តាលរដូវវស្សា ឆ្នាំ២០២៦ នេះ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដោយទឹកភ្លៀងមានពីមធ្យមទៅច្រើន លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ក្រសួងបន្តថានឹងមានកូនរដូវប្រាំង នៅក្នុងសប្តាហ៍ទី២ នៃខែសីហា និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ដដែល។ ជាមួយគ្នានេះ នាចុងរដូវវស្សា នៅខែកញ្ញា ដល់ខែតុលា បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាង ឫប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ដោយមានទឹកភ្លៀងមានពីច្រើនទៅមធ្យម៕

      ២៤ មេសា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News