ក្លិនស្អុយភាយចេញពីទឹកកខ្វក់ពណ៌ខ្មៅ អមដោយពពុះសក្បុសអណ្តែតត្រៀបត្រាលើផ្ទៃទឹកក្បែរស្ថានីយ៍បូមទឹកបឹងតាមោក ឬ បឹងកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងយាយីដល់សុខភាព និងរំខានដល់ការរកស៊ីរបស់ពលរដ្ឋនៅក្នុងតំបន់នោះអស់រយៈពេល ជាង១០ឆ្នាំមកហើយ។
ស្ថានភាពនេះបង្កឡើងដោយការបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់បឹងតាមោក តាមរយៈស្ថានីយបូមទឹក ដោយគ្មានប្រព័ន្ធចម្រោះត្រឹមត្រូវ។
ប្រជាពលរដ្ឋរៀបរាប់ថា បើនៅរដូវធ្លាក់ខ្យល់វិញ តំបន់នេះជួបប្រទះនូវពពុះទឹកកខ្វក់ធំៗ ត្រូវបានខ្យល់បក់ហោះហើរពាសពេញផ្លូវប្រៀបដូចជាព្រិលធ្លាក់ ដែលបញ្ហានេះមិនត្រឹមតែរំខានដល់អ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភ្នាក់ងារចម្លងមេរោគថែមទៀតផង។
កំពុងអង្គុយលក់ភេសជ្ជៈនៅក្បែរស្ថានីយ៍បូមទឹកកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ អ្នកស្រី ចាន់ សុផា បានរៀបរាប់ថា ក្លិនទឹកស្អុយនេះធ្វើឱ្យគាត់មានអាការៈឈឺក្បាលជាញឹកញាប់ រីឯការរកស៊ីរបស់គាត់ មិនសូវមានអ្នកចូលទិញទេ ព្រោះតែអតិថិជនបារម្ភពីផលប៉ះពាល់សុខភាព។
អ្នកស្រីត្អូញត្អែរថា៖«ពេលខ្លះក្លិនហ្នឹងស្អុយខ្លាំងរហូតធ្វើឱ្យខ្ញុំឈឺក្បាលស្ទើរទ្រាំមិនបាន ហើយឥឡូវកើតជំងឺអាលែកហ្ស៊ីច្រមុះថែមទៀត។ ដល់ពេលរដូវខ្យល់ធ្លាក់ ពពុះហោះពេញផ្លូវ ប៉ះសាច់ធ្វើឱ្យរមាស់ខ្លាំង ដល់ថ្នាក់ត្រូវផ្អាកលក់ដូរមួយរយៈក៏មានដែរ។ ចំណែកម៉ូយៗវិញ ឃើញបែបហ្នឹងលែងហ៊ានចូលទិញព្រោះខ្លាចប៉ះពាល់សុខភាព»។
និយាយបណ្តើរយកដៃខ្ទប់ច្រមុះបណ្តើរ ស្រ្តីវ័យ៤៧ឆ្នាំរូបនេះ បន្តរៀបរាប់រាប់ថា សព្វថ្ងៃនេះ គាត់ហាក់ស៊ាំទៅនឹងក្លិនស្អុយនេះទៅហើយ ប៉ុន្តែគាត់នៅតែមានក្តីបារម្ភថា បើស្រូបយកក្លិនស្អុយយូរៗទៅ អាចធ្វើឱ្យមានជំងឺធ្ងន់ធ្ងរទៅថ្ងៃមុខ។ បន្ថែមលើនេះ អ្នកស្រីបារម្ភពីសុខភាពកុមារតូចៗ ដែលរស់នៅក្បែរនេះ ព្រោះពួកគេងាយរងគ្រោះខ្លាំងជាងមនុស្សចាស់។
អ្នកស្រីបន្តថា៖«ខ្ញុំចង់ឱ្យមានការទប់ស្កាត់បន្ទាន់ [ក្លិនទឹកស្អុយ] ព្រោះអីមិនដឹងថា កើតជំងឺអីខ្លះទេ បើយ៉ាងៗហ្នឹង! ជាពិសេសក្មេង ឧស្សាហ៍ឈឺ ជួនកាលផ្តាសាយ រាគ តែរហូតហ្នឹង!»។
បើតាមអ្នកស្រី សុផា បញ្ហាភាយក្លិនស្អុយនេះ កើតមានជាង១០ឆ្នាំមកហើយ ចាប់តាំងពីមានការសាងសង់កន្លែងរំដោះទឹកនេះមក ប៉ុន្តែអាជ្ញាធរមិនទាន់មានវិធានការណាមួយដើម្បីទប់ស្កាត់ក្លិនស្អុយដែលកំពុងយាយីដល់សុខភាពពលរដ្ឋនោះទេ។
ស្ថានីយបូមទឹកទំនប់កប់ស្រូវ ឬ ហៅថា បឹងតាមោកនេះ ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០៩ ក្នុងបំណងរំដោះការលិចលង់ ជាពិសេសនៅរដូវវស្សា នៅភាគខាងជើងរាជធានីភ្នំពេញ។
នៅក្បែរកន្លែងបង្ហូរទឹកកខ្វក់នេះ មានផ្ទះប្រជាពលរដ្ឋកំពុងប្រកបរបររកស៊ី ដូចជា លក់គ្រឿងភេសជ្ជៈ ចំណីអាហារ ប៉ះកង់ឡានម៉ូតូ រួមទាំងមានអ្នកធ្វើចរាចរណ៍ឥតដាច់ ខណៈអ្នកដំណើរមួយចំនួនដែលឆ្លងកាត់តាមតំបន់នេះ ខ្លះយកដៃខ្ទប់ច្រមុះដើម្បីការពារក្លិនស្អុយនេះ។
កំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះ ទាំងមានពាក់ម៉ាសផង បុរសជាអ្នកដំណើរម្នាក់គឺ លោក វាសនា វ័យ៦០ឆ្នាំ បានរៀបរាប់ថា ពេលជិះម៉ូតូឆ្លងកាត់ស្ថានីយ៍បូមទឹកកប់ស្រូវនេះម្តងៗ លោកជួបការលំបាកក្នុងការដកដង្ហើម ដោយសារតែក្លិនទឹកស្អុយខ្លាំងពេក។
លោកបង្ហាញក្តីបារម្ភចំពោះសុខភាពផ្ទាល់ខ្លួន ព្រោះលោកត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះជាញឹកញាប់ ដោយត្រូវស្រូបយកក្លិនពុលពីទឹកកខ្វក់ជារៀងរាល់ថ្ងៃ។ លោកបានអំពាននាវឱ្យអាជ្ញាធរមានវិធានការជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ផងដែរ។
លោកបន្តថា៖«អ្វីដែលគួរឱ្យខ្លាចបំផុត គឺនៅពេលរដូវធ្លាក់ខ្យល់មកដល់ ពពុះទឹកស្អុយពណ៌សៗទាំងផ្ទាំងៗហោះហើរពេញផ្លូវ វាហើរមកប៉ះអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវហ្នឹងតែម្តង។
«ខ្ញុំអាយុច្រើនហើយ ខ្ញុំបារម្ភពីសុខភាពខ្លួនឯងខ្លាំងណាស់ ព្រោះទឹកកខ្វក់ជះក្លិនពុលបែបនេះ បើជិះកាត់ស្រូបវារាល់ថ្ងៃ មិនដឹងជាថ្ងៃណាបង្កជាជំងឺប៉ះពាល់ដល់សួត និងផ្លូវដង្ហើមទេ បើអាជ្ញាធរមិនមានវិធានការដោះស្រាយឱ្យទាន់ពេលទេនោះ»។
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយដែលមានផ្ទៃដីសរុប ៣ ២៣៩ ហិកតា ស្ថិតនៅភាគខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ។ បឹងនេះដើរតួនាទីយ៉ាងសំខាន់ជាអាងស្តុកទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកដ៏ចម្បងពីរាជធានីភ្នំពេញ។
ទោះបីជាត្រូវបានកំណត់យកជាសម្បត្តិសាធារណៈរបស់រដ្ឋតាំងពីឆ្នាំ២០១៦ក៏ដោយ នាពេលបច្ចុប្បន្ន ផ្ទៃបឹងនេះកំពុងត្រូវបានលុបបន្តិចម្តងៗ ជំនួសមកវិញនូវសំណង់បុរី លំនៅដ្ឋាន និងដីឡូតិ៍ ដែលធ្វើឱ្យផ្ទៃបឹងកាន់តែរួមតូច។
ដោយឡែក ការបង្ហូរទឹកកក្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់ផ្ទៃបឹងតាមោក បង្កឲ្យមានការកើនឡើងនូវពពុះសៗអណ្តែតពេញផ្ទៃទឹក និងរាលដាលតាមច្រាំងនៃបឹង។ បញ្ហាពពុះ និងទឹកកខ្វក់ទាំងនេះហើយ ដែលបង្កើតបានជាការបំពុលបរិស្ថាន និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់ថា ទឹកស្អុយដែលហូរមកប្រមូលផ្តុំគ្នា មានលាយឡំដោយសារធាតុគីមី ដែលវាបង្កើតជាពពុះដែលបង្កហានិភ័យខ្ពស់ដល់សុខភាពធ្ងន់ធ្ងរ។ លោកបន្ថែមថា ការស្រូបយកសារធាតុទាំងនេះក្នុងរយៈពេលវែង អាចបណ្តាលឱ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺរបេង និងជំងឺសើស្បែកជាដើម។
លោកបញ្ជាក់ថា៖«វាប៉ះពាល់សួត ទីពីរប៉ះពាល់ខួរក្បាល ទីបីប៉ះពាល់ទៅស្បែក។ បើសិនជាវា [ពពុះ] ជាប់លើស្បែកយើង វាអាចនឹងមានរលាកស្បែក វាអាចនឹងមាន កមរមាស់ វាអាចនឹងមានអាលែកហ្ស៊ីផ្សេងៗ។ ថ្ងៃក្រោយវាអាចនឹងមានផលប៉ះពាល់ទៅនឹងជំងឺផ្សេងៗទៅដល់បងប្អូនប្រជាពលរដ្ឋយើង ដូចជាជំងឺមហារីកស្បែក ជំងឺរបេង ជំងឺសួតរ៉ាំរ៉ៃ ហើយនិងជំងឺសួតមួយទៀតគេហៅថា ជំងឺសួតដោយគីមី»។
លោកបានផ្តល់ជាយោបល់ថា សម្រាប់ប្រជាពលរដ្ឋដែលផ្ទះនៅក្បែរនោះ បើអាចគួរធ្វើកញ្ចក់ ឬបិទបាំងផ្ទះឱ្យជិត ដើម្បីការពារក្លិន និងពពុះកុំឱ្យហោះចូលផ្ទះ ព្រោះសារធាតុពុលទាំងនេះអាចជះឥទ្ធិពលតាមខ្យល់ក្នុងរង្វង់រហូតដល់ទៅ ២ គីឡូម៉ែត្រជុំវិញទីនោះ។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង កត់សម្គាល់ថា នៅប្រទេសជឿនលឿន គេមានបច្ចេកទេសក្នុងការសាងសង់ប្រព័ន្ធចម្រោះទឹក និងរៀបចំបណ្តាញលូឡើងវិញ គ្រប់គ្រងមិនឱ្យមានធុំក្លិនស្អុយ ឬបង្កជាផលប៉ះពាល់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋឡើយ។
លោកថា ការយកគំរូ និងបទពិសោធន៍ពីប្រទេសទាំងនោះមកសិក្សា ស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គឺជារឿងដែលចាំបាច់បំផុត ដើម្បីធានាថាសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ។
លោកបន្តថា៖« បញ្ហាហ្នឹងវាច្រើនឆ្នាំហើយ ខ្ញុំក៏ធ្លាប់ជិះទៅជួបឃើញ ពពុះទឹកអីវាស្អុយ វាហើរមកអ៊ីចឹងដែរ [..] បណ្តាប្រទេស ដែលនៅខាងអឺរ៉ុប អីវិញ សឹងតែទឹកទាំងអស់ហ្នឹង ស្អាតហ្មង។ ខ្ញុំថា នេះរឿងសំខាន់ យើងអាចពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង ហើយខ្ញុំថានឹងអាចដោះស្រាយបានជុំវិញបញ្ហាហ្នឹង។ ជាទូទៅ រដ្ឋមិនអាចទុកឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ពីបញ្ហាហ្នឹងទៅលើសុខភាពរបស់ពួកគាត់ទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស មានប្រសាសន៍ថា ដោយសារតែអ្នកស្រីមិនទាន់បានក្តាប់ព័ត៌មាន ឬករណីនេះបានច្បាស់លាស់ ខាងសាលារាជធានីភ្នំពេញ មិនទាន់អាចធ្វើការបកស្រាយលម្អិត ឬបញ្ជាក់ពីវិធានការដោះស្រាយជាក់លាក់ណាមួយនៅឡើយទេ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំឆ្លើយអត់ទាន់បានទេអូន ព័ត៌មានខ្ញុំអត់បានក្តាប់បានករណីហ្នឹងដែរ! ហើយប្រជាពលរដ្ឋត្អូញត្អែរ ខ្ញុំដូចអត់ទាន់បានទទួលព័ត៌មានហ្នឹងពីអាជ្ញាធរមូលដ្ឋានមកវិញផង ដល់ពេលអ៊ីចឹងទៅ ខ្ញុំដូចអត់ដឹងបកស្រាយថាម៉េច!»។
ដោយឡែក អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ឆ្លើយតបដោយខ្លីថា បើប្រជាពលរដ្ឋពិតជាបានរងផលប៉ះពាល់ផ្ទាល់ដោយសារក្លិនទឹកស្អុយ អាចមកដាក់ពាក្យបណ្តឹងនៅសាលាខណ្ឌព្រែកភ្នៅដោយផ្ទាល់ដើម្បីអាជ្ញាធររកដំណោះស្រាយ។
លោកបញ្ជាក់ថា៖«ឥឡូវចង់សួរថា ប្រជាជនណា [រងផលប៉ះពាល់] ដាក់ពាក្យប្តឹងមកខណ្ឌមក? ប្តឹងមកសាលាខណ្ឌទៅ»។
ទោះជាបែបណា ងាកទៅកាន់អាជីវករលក់ចេកចៀនម្នាក់ទៀត លោក ចាន់ ភារ៉ា ដែលលក់ចេកចៀននៅម្តុំស្ថាននីយ៍បូមទឹកកប់ស្រូវ បានប្រាប់ថា លោកបានប្រើប្រាស់ក្រណាត់ស្អាតមកគ្របពីលើចំណីអាហារជានិច្ច ដើម្បីការពារមេរោគ និងក្លិនស្អុយ។
លោកបារម្ភថា លោកអាចនឹងបាត់បង់មុខរបរប្រចាំថ្ងៃទាំងស្រុងដោយសារក្លិនស្អុយនេះប្រសិនបើអាជ្ញាធរមិនមានវិធានការដោះស្រាយទាន់ពេលទេនោះ ជាពិសេសនៅពេលរដូវខ្យល់ធ្លាក់ចូលមកដល់ នាំឱ្យមានពពុះទឹកស្អុយនោះហើរពាសពេញផ្លូវ ។
លោកនិយាយថា៖«ភ្ញៀវដែលធ្លាប់ទិញតែងតែរអ៊ូរទាំពីបញ្ហាក្លិន និងបារម្ភថាមានមេរោគតោងជាប់លើចំណីអាហារ ចង់ឱ្យគេធ្វើម៉េចជួយទប់ស្កាត់កុំឱ្យស្អុយ និងមានពពុះហើរទៀត ខ្ញុំខ្លាចលែងមានអ្នកទិញចេកចៀន»៕
(អត្ថបទដោយ៖ សែន សច្ចៈ)







