យុវជនមួយចំនួន បារម្ភពីការបាត់បង់ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពរបស់អ្នកការពារព្រៃ។ ក្ដីបារម្ភទាំងអស់នេះត្រូវបានលើកយកពិភាក្សាក្នុងកម្មវិធីបោះជំរំយុវជនរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជីវិតនិងព្រៃឈើ»ដែលរៀបចំដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
យុវជនជាង ៤០ នាក់ មកពីសាកលវិទ្យាល័យ និងសហគមន៍នានា ចូលរួម ក្នុងគោលដៅលើកកំពស់ការពារព្រៃឈើផង និងអបអរសាទរទិវាព្រៃឈើអន្តរជាតិ នៅថ្ងៃទី២១ ខែមីនា។
ប្រធានបទដែលយុវជនបានលើកឡើងពិភាក្សានៅក្នុងកម្មវិធីនេះ រួមមាន បញ្ហាសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន យុត្តិធម៌បរិស្ថាន អភិបាលកិច្ចល្អ និងសកម្មភាពនៃការចូលរួមការពារធនធានធម្មជាតិជាដើម។
ទោះជាយ៉ាងណា ក្រោយការចូលរួម យុវជនបានបង្ហាញនូវការព្រួយបារម្ភអំពីការបាត់បង់ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពរបស់អ្នកការពារព្រៃ។ ពួកគេយល់ថា ការបំផ្លិចបំផ្លាញព្រៃឈើមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិរស់រាន និងជីវភាពរបស់សហគមន៍ ជាពិសេសជនជាតិដើមភាគតិចដែលរស់នៅពឹងផ្អែកលើធនធានព្រៃឈើ។
ជាជនជាតិដើមភាគតិច លោក រម៉ាស់ ក្រិន បច្ចុប្បន្នជានិស្សិតឆ្នាំទី២ បាននិយាយថា លោកបានទទួលចំណេះដឹងថ្មីៗពីការការពារព្រៃឈើ រួមទាំងវិធីវាស់កាបូន និងការអនុវត្តសកម្មភាពសហគមន៍ ដើម្បីសិក្សា និងចែករំលែកបទពិសោធន៍ជាមួយយុវជនផ្សេងៗទៀត។
យុវជនលើកឡើងថា៖ «សូមអំពាវនាវទៅដល់មហាជនទាំងអស់ សូមជួយថែរក្សាការពារធនធានធម្មជាតិនៅប្រទេសរបស់យើង ជាពិសេសនៅក្នុងសហគមន៍របស់យើងទោះបីតិចក្តីច្រើនក្តី គឺយើងត្រូវប្រឹងប្រែងតស៊ូទាក់ទងជាមួយនឹងការការពារធនធានធម្មជាតិហើយព្យាយាមចងក្រងបណ្ដាញយុវជន កៀរគរយុវជនដើម្បីជំរុញទំនាក់ទំនងការការពាធនធានធម្មជាតិនិងបរិស្ថាន»។
លោកបាននិយាយថា ប្រសិនបើយើងការពារព្រៃឈើ និងធនធានធម្មជាតិបាន សហគមន៍ អាចបន្តរស់នៅពឹងផ្អែកលើអនុផលនៅក្នុងព្រៃដើម្បីជីវភាពប្រចាំថ្ងៃផង ឬលក់អនុផលសម្រាប់ចំណូលគ្រួសារផង។
យុវជនលើកឡើងថា ៖ «មូលហេតុដែលខ្ញុំអំពាវនាវបែបហ្នឹងគឺពីព្រោះឥឡូវហ្នឹងមិនថាតែប្រទេសយើងឬពិភពលោកកំពុងតែ បាត់បង់ធនធានធម្មជាតិរបស់ព្រៃឈើម្ដងបន្តិចៗ ចឹងណា ដោយយើងដឹងហើយថានៅតំបន់ណាដែលអត់សូវមានព្រៃឈើវាទាល់តែមានបញ្ហាមួយគឺមានការបម្រែបម្រួលអាកាសធាតុខ្លាំង ។អ៊ីចឹងហើយបានជាខ្ញុំអំពាវនាវឲ្យមានការការពារ ធានធម្មជាតិក្លាយជាព្រៃឈើបានគ្រប់ បានល្អដើម្បីកុំឲ្យ មានបម្រែបម្រួលអាកាសធាតុច្រើន»។
ស្រដៀងគ្នានេះដែរ កញ្ញា លុយ លីហ្សា ជានិស្សិតឆ្នាំទី៤ បានអំពាវនាវទៅកាន់យុវជនដទៃទៀតឱ្យចូលរួមការពារព្រៃឈើ និងថែរក្សាបរិស្ថានទាំងអស់គ្នា ដូចជាកុំចោលសំរាមពាសវាលពាសកាល កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមរាល់សកម្មភាពដែលទាក់ទងនឹងព្រៃឈើ ដូចជាការដាំដើមឈើជាដើម ។
កញ្ញាលើកឡើថា៖ «មានបញ្ហាមួយចំនួនដែលខ្ញុំព្រួយបារម្ភដែរទីមួយគឺបញ្ហាព្រៃឈើដែលរងការគំរាមកំហែងពីជនល្មើសដែលលួចកាប់ព្រៃឈើអ៊ីចឹងហើយ ដើមឈើមួយមិនមែនយើងដាំដើមតែមួយឆ្នាំពីរឆ្នាំហើយវាធំអីបានមកវិញនេះគឺវាត្រូវចំណាយពេលពី៣០ឆ្នាំទៅ៤០ឆ្នាំអ៊ីចឹងហើយចំពោះបញ្ហាទីពីរគឺ សុខសុវត្ថិភាពរបស់ពូៗ បងៗ អ៊ំៗនៅក្នុងព្រៃដែលជាសមាជិករបស់សហគមន៍ដែលពួកគាត់ជាមនុស្សស្រឡាញ់ព្រៃឈើគាត់ចង់ថែរក្សាការពារទុកឲ្យក្មេងៗជំនាន់ក្រោយ ដូចជាការចុះល្បាតព្រៃជាដើមហើយអំឡុងពេលចុះល្បាតហ្នឹង គឺគាត់អាចនឹងប្រឈមមុខនឹងពួកជនល្មើសដែលជនល្មើសអស់ហ្នឹងមានកាំភ្លើងកែច្នៃអ៊ីចឹងហើយពួកគាត់អត់មានកាំភ្លើងអត់មានអីអ៊ីចឹងអាចនឹងមានគ្រោះថ្នាក់អ៊ីចឹង»។
ក្រៅពីយុវជន កម្មវិធីបោះជំរំរយៈពេល ៤ ថ្ងៃនៅខេត្តស្ទឹងត្រែង ក៏មានព្រះសង្ឃនិមន្តចូលរួមដែរ។ ព្រះតេជព្រះគុណ ញ៉ាញ់ សុខអ៊ីន ជាសមណនិស្សិត មានថេរដីកាថា តាមរយៈកម្មវីធីនេះ ព្រះអង្គទទួលបានបទពិសោធន៍ថ្មីៗ ដូចជាការគណនាពីទំហំដើមឈើ ការលក់កាបូន ការធ្វើសកម្មភាពជាក្រុម ការដើរល្បាតព្រៃ និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយសហគមន៍។ល។
ព្រះអង្គមានថេរដីកាថា៖ «អាត្មាលើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យមានការចូលរួមក្នុងការការពារបរិស្ថានតាមរយៈការសិក្សា ការបោះជំរំ ការដើរល្បាត ការរំលែកចំណេះដឹងពីធនធានធម្មជាតិ ក៏ដូចជាប្រើប្រាស់សិទ្ធិដែលខ្លួនមានដើម្បីចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស»។
រីឯយុវជន កែវ ប៊ុនហៀង ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យវេស្ទឺននិយាយថា ការចូលរួមការសិក្សានេះមិនត្រឹមតែផ្តល់ការរៀនសូត្រនោះទេ លោកក៏ចង់ក្លាយជាចំណែកមួយនៃយុវជនដែលសកម្ម ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាព្រៃឈើនៅកម្ពុជា។
យុវជនបានលើកឡើងថា៖ « ខ្ញុំយល់ថាមនុស្សយើងមានសិទ្ធិរស់នៅក្នុងបរិស្ថានស្អាត វាគឺជាសិទ្ធិមូលដ្ឋានដែលមនុស្សគ្រប់រូបត្រូវទទួលបាន។ ប្រសិនបើបរិស្ថានឬព្រៃឈើរងការបំផ្លាញ សិទ្ធិរស់រានមានជីវិត និងសុខភាពរបស់យើងក៏រងការគំរាមកំហែងដែរ ដូច្នេះយើងត្រូវគិតឡើងវិញពីយុត្តិធម៌បរិស្ថាន»។
ដូចគ្នាទៅនឹងយុវជនដទៃទៀត លោកក៏បារម្ភពីការបាត់បង់ព្រៃឈើ និងបានអំពាវនាវឱ្យយុវជនចាប់ផ្តើមចូលរួមការពារព្រៃឈើ និងបរិស្ថានដោយផ្តើមពីសកម្មភាពតូចៗដែលខ្លួនអាចធ្វើបាន។ ក្រៅពីនោះ លោកក៏អំពាវនាវឱ្យរដ្ឋាភិបាលបើកចំហសេរីភាពឱ្យយុវជនចូលរួមការពារធនធានធម្មជាតិដោយគ្មានការរារាំង។
លោកនិយាយថា ៖«មានការព្រួយបារម្ម ទៅលើអនាគតរបស់ពួកយើង ដែលអភិវឌ្ឍដោយខ្វះនិរន្តរភាព ដែលវាធ្វើឲ្យអវិជ្ជមានជាច្រើន ដូចជាអយុត្តិធម៍សង្គម ឬក៏ការបាត់បង់ធនធានយុវជន ដែលពួកគាត់ចង់ចូលរួមសកម្ម មួយទៀតវាកាន់តែមានផលអាក្រក់ពេលការរឹតត្បិតសិទ្ធិសេរីភាពកាន់តែរឹតត្បិតទៅលើយុវជនចូលរួមសកម្មទាក់ទងនឹងការកាពារធនធាន កាពារព្រៃឈើ»។
ចំណែកយុវជន ណុល ភក្តី វិញបានលើកឡើងពីតម្លៃ និងអត្ថប្រយោជន៍របស់ព្រៃឈើថា ព្រៃឈើមិនត្រឹមតែផ្ដល់អនុផល ផ្ដល់បន្លែ ផ្លែឈើ សម្រាប់សហគមន៍ប៉ុណ្ណោះទេ ព្រៃឈើថែមទាំងផ្ដល់ជាកាបូន ដែលប្រទេសយើងអាចលក់ទៅឱ្យប្រទេសដទៃដែលបានបញ្ចេញជាតិពុលយ៉ាងច្រើនទៅក្នុងបរិយាកាស ហើយដែលប្រទេសនោះត្រូវបង់ជាវិភាគទានដល់ប្រទេសដែលមានព្រៃឈើ តាមរយៈកិច្ចព្រមព្រៀងជាមួយគ្នា។
យុវជនបន្តថា៖ «ក្នុងនាមជាយុវជនម្នាក់ ក្នុងចំណោម យុវជនជាច្រើន ផ្សេងទៀត ដែលបានទៅដល់ទីនោះផ្ទាល់ ពីខ្លួនខ្ញុំនឹងចូលរួមផ្សព្វផ្សាយទៅលើ បណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីឱ្យបានដឹងពីសារៈសំខាន់នៃតំបន់សហគមន៍ឈើទាលព្រឹស ក៏ដូចជាក្រើនរំលឹកឲ្យ មានការថែរក្សាការពារបន្ថែមទៀត។ លើសពីនេះទៀត ក៏នឹងទាក់ទាញយុវជនដទៃទៀត ចាប់អារម្មណ៍ ចង់ទស្សនា សិក្សាស្វែងយល់ផងដែរ»។
ចំណែកឯ កញ្ញា អ៊ុល កញ្ចនា បានលើកឡើងថា នាងបានរៀនសូត្រច្រើនពីកម្មវិធីនេះ ជាពិសេសអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ វិធីកាត់បន្ថយបញ្ហា ឥណទានកាបូន ការលក់កាបូនឌីអុកស៊ីត (CO2) និងអុកស៊ីហ្សែន (O2) ព្រមទាំងច្បាប់ជាតិមួយចំនួនពាក់ព័ន្ធបរិស្ថាន។
កញ្ញាលើកឡើងថា៖ «ខ្ញុំយល់ថា ពលរដ្ឋខ្មែរទាំងពីរភេទ គួរតែឈ្វេងយល់អំពីសិទ្ធិរបស់ខ្លួន ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនឱ្យបានពេញលេញ និងទាមទារនូវអ្វីដែលមិនទាន់ទទួលបានការលើកកម្ពស់ជាវិជ្ជមានក្នុងការចូលរួមដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។ សូមក្រឡេកមើល និងយកចិត្តទុកដាក់ចំពោះបរិស្ថាននាពេលបច្ចុប្បន្ន ថាតើមានការប្រែប្រួលកម្រិតណា និងចូលរួមតាមតែអាចធ្វើបានក្នុងការការពារឱ្យបានទាន់ពេលវេលា និងទប់ស្កាត់នូវផលជះអវិជ្ជមានឱ្យបានកាន់តែច្រើនជាងនេះ»។
ជាវាគ្មិនក្នុងកម្មវិធីបោះជំរំ លោក ពុធ កុលការ និយាយថា កម្មវិធីបោះជំរំនេះ បានផ្តល់ឱកាសឲ្យយុវជនគ្រប់វិស័យ ចូលរួមរៀន និងចែករំលែកចំណេះដឹងអំពីបរិស្ថាន ព្រៃឈើ និងសិទ្ធិមនុស្ស។
លោកបន្តថា ប្រជាពលរដ្ឋគួរដឹងពីសារៈសំខាន់នៃបរិស្ថាន និងធនធានធម្មជាតិ ហើយចូលរួមការពារ និងផ្សព្វផ្សាយចំណេះដឹង តាមរយៈការធ្វើសកម្មភាពផ្ទាល់ ឬការប្រើប្រាស់បណ្តាញសង្គម ។ លោកក៏អំពាវនាវឱ្យរដ្ឋាភិបាលគាំទ្រសិទ្ធិសេរីភាពរបស់សកម្មជនបរិស្ថាន និងសង្គម ដើម្បីធានាថា ពួកគាត់អាចចូលរួមការពារបរិស្ថាន និងព្រៃឈើដោយគ្មានការបារម្ភ។
លោកលើកឡើងថា៖«មួយរយៈចុងក្រោយនេះឃើញថារដ្ឋាភិបាលបានរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនបរិស្ថាន សកម្មជនសង្គមដែលខ្វាយខ្វល់ពីបញ្ហាបរិស្ថានព្រៃឈើ ឬធម្មជាតិ។
ក្នុងនាមជាពលរដ្ឋគួរតែចូលរួមចំណែកណាមួយជាមួយនឹងពួកគាត់ [សកម្មជនបរិស្ថានជាប់ឃុំ] រហូត តាមរយៈការចុច like share ក្នុង social media ឬក៏អំពាវនាវឲ្យរដ្ឋាភិបាល ឬក៏តុលាការដោះលែងពួកគាត់ឲ្យមានសិទ្ធិសេរីភាព ហើយក្រៅពីរឿងទាំងអស់ហ្នឹង គឺថារឿងធនធានធម្មជាតិ បរិស្ថាន និងព្រៃឈើហ្នឹង បើយើងពិបាក ឬក៏អត់មានលទ្ធភាពធំនៅក្នុងការធ្វើ នៅក្នុងការចូលរួមទេ គ្រាន់តែចាប់ផ្តើមធ្វើការងារតូចៗ»។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ព្រៃឈើនៅតែជាបញ្ហាអាទិភាពក្នុងឆ្នាំ២០២៦ ខណៈបទល្មើសកាប់បំផ្លាញព្រៃនៅតំបន់ការពារ ដូចជា ព្រៃឡង់ និងតំបន់ផ្សេងៗទៀត នៅតែបន្តកើតមាន។ លោកបន្តថា ការបាត់បង់ព្រៃឈើប៉ះពាល់ដល់អាកាសធាតុ និងជីវភាពប្រជាពលរដ្ឋដែលពឹងផ្អែកលើធនធានធម្មជាតិ។
លោកបង្ហាញការព្រួយបារម្ភពីការបណ្ដែតបណ្ដោយឲ្យបទល្មើសកើតមាន ទោះមានការយាមកាមក៏ដោយ ហើយអំពាវនាវឲ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ បង្ក្រាបបទល្មើសឲ្យបានតឹងរឹង និងសហការដោយស្មោះត្រង់ជាមួយសហគមន៍មូលដ្ឋាន។ ជាពិសេស គួរបើកលំហសេរីភាពឲ្យសហគមន៍អាចចូលរួមល្បាតព្រៃដោយសេរី ដើម្បីរួមចំណែកទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ។
លោកមានប្រសាសន៍ថា៖ «សំណូមពររបស់ខ្ញុំធំមួយទៀតប្រសិនបើ ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងហ្នឹងបើគាត់រកឃើញថាមន្ត្រីរបស់ខ្លួនឯងហ្នឹងគឺចូលរួមប្រព្រឹត្តបទល្មើស ឬក៏បើកដៃឲ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិការប្រព្រឹត្តអំពើពុករលួយផ្សេងៗនៅក្នុងបទល្មើសធនធានធម្មជាតិហ្នឹង ក្រសួងខ្លួនឯងមិនគួរត្រឹមតែដាក់ពិន័យរដ្ឋបាលនោះទេ គាត់គួរតែចាត់ វិធានការតាមផ្លូវតុលាការ ដើម្បីធ្វើបែបម៉េច រុញមន្ត្រីរបស់គាត់ហ្នឹង បន្តតាមនីតិវិធីតុលាការដើម្បីឲ្យពួកគាត់រាងចាល ជាពិសេស គឺប្រើក្រមបរិស្ថានធនធានធម្មជាតិដែលបានអនុម័តនិងជាច្បាប់ស្នូលដើម្បីឲ្យពួកគាត់រាងចាល ហើយវាក៏ជាមេរៀនសម្រាប់មន្ត្រីខិលខូចផ្សេងផ្សេងទៀតដែរ ឲ្យគាត់មើលឃើញគំរូភាពពីការចាត់វិធានការបានតឹងរ៉ឹង»។
ប្រធានសមាគមយុវជនរូបនេះ សង្ឃឹមថា រាជរដ្ឋាភិបាលនឹងបើកលំហសេរីភាពឲ្យយុវជន និងសហគមន៍អាចចូលរួមសកម្មភាពល្បាតព្រៃដោយសេរី និងគ្មានការរំខាន ដើម្បីពួកគាត់មានលទ្ធភាពចូលរួមចំណែកសកម្មភាពការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា។ លើសពីនោះ លោកក៏សង្ឃឹមដែរថា រដ្ឋាភិបាលនឹងអាចសម្រេចគោលដៅរក្សាគម្របព្រៃឈើឲ្យបាន ៦០% ត្រឹមឆ្នាំ ២០៥០ និងលុបបំបាត់បទល្មើសព្រៃឈើឲ្យអស់នៅឆ្នាំ ២០៤៩៕







