សហគមន៍អំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់បទល្មើសដាក់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

បរិស្ថាន

សត្វទង្សោងរស់នៅក្នុងព្រៃសង្ឍរុក្ខាវ័ន។(រូបភាពពីហ្វេសប៊ុកសង្ឃរុក្ខាវ័ន)។

សហគមន៍សម្តែងការបារម្ភពីការកើនឡើងនៃបទល្មើសដាក់អន្ទាក់សត្វព្រៃខុសច្បាប់ និងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធរឹតបន្តឹងច្បាប់ និងដាក់ចេញវិធានការនានា ដើម្បីការពារធនធានសត្វព្រៃកម្រ។

ការអំពាវនាវនេះ គឺក្រោយពីសត្វទន្សោងមួយក្បាល ត្រូវបានគេប្រទះឃើញងាប់នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ តាមការពិនិត្យរបស់មន្ត្រីអនុរក្ស សត្វទន្សោងនេះ ដាច់ជើងខាងក្រោយត្រឹមកជើងខាងស្ដាំ អាចដោយសារជាប់អន្ទាក់យូរថ្ងៃនៅក្បែរស្រះទឹកស្នាក់ការសហគមន៍ភ្នំអណ្តូង ស្ថិតក្នុងភូមិសាស្រ្តភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រធានគណៈកម្មការសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ ថូ ធូរស់ មានថេរដីកាប្រាប់ប្រជាកាសែតថា មិនត្រឹមតែសត្វទន្សោងនោះទេដែលត្រូវបានគេដាក់អន្ទាក់ កាលពីក្នុងឆ្នាំ២០២៥ កន្លងទៅ សត្វព្រៃជាច្រើនប្រភេទទៀត រួមមាន ឈ្លូស និងប្រើសជាដើម ក៏ត្រូវបានរកឃើញថាជាប់អន្ទាក់ និងជួញដូរជាបន្តបន្ទាប់ដែរ។

ព្រះតេជព្រះគុណ មានថេរដីកា៖ «សត្វទង្សោងហ្នឹងវាមានរបួសជើងដោយបានជាប់អន្ទាក់ផង វានៅឈឺ ហើយប្រជាពលរដ្ឋទៅបេះអីនៅចម្ការឃើញដេកស្លាប់ យើងមិនដឹងថាមកពីអីឲ្យប្រាកដតែប្រហែលជាពុលថ្នាំចម្ការ។ ការស្លាប់នឹងអាចមកពីវាខ្សោយកម្លាំងអីដែរ»។

ព្រះតេជព្រះគុណ មានថេរដីកាបន្ថែមថា៖ «មានបញ្ហាដាក់អន្ទាក់នេះ ទាំងមន្ត្រីឧទ្យានុរក្ស សហគមន៍មូលដ្ឋាន ការិយាល័យដែនជម្រក គឺយើងបានខិតខំធ្វើការងារនេះ។

ក្នុងសហគមន៍សង្ឃរុក្ខាវ័នការដាក់អន្ទាក់ក្នុងដែនជម្រកវាហាក់ដូចជាសកម្មភាពវែកចក មានន័យថាពេលយើងចុះបង្រ្កាបវាអស់ ដល់មួយអាទិត្យ កន្លះខែក្រោយឃើញដាក់ទៀត»។

ព្រះតេជព្រះគុណ ថូ ធូរស់ មានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដាក់អន្ទាក់ និងការប្រើប្រាស់កាំភ្លើងកែច្នៃ បរបាញ់សត្វក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដែលបន្តកើតមាន។ ព្រះតេជព្រះគុណអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការត្រួតពិនិត្យ និងបង្រ្កាបការជួញដូរសត្វព្រៃខុសច្បាប់ និងអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋបញ្ឈប់បរិភោគសាច់សត្វព្រៃឱ្យបានទូលំទូលាយដើម្បីការពារសត្វព្រៃនៅកម្ពុជា។

កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិជាដៃគូបានផ្ដើមយុទ្ធនាការមួយឈ្មោះថា «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»។ យុទ្ធនាការនេះមានគោលបំណងសំខាន់ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាត់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទជាដើម។

ក្រោយដាក់ចេញយុទ្ធនាការនេះ អាជ្ញាធរបានដកយកអន្ទាក់ជាង ៣៤ ០០០ ចេញពីតំបន់ការពារក្នុងប្រទេសកម្ពុជា។ វាបង្ហាញពីការថយចុះ ៤៤% នៃអត្រារីករាលដាលនៃអន្ទាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ ទោះជាយ៉ាងណាប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា លើកឡើងថា ការដាក់អន្ទាក់ និងជួញដូរសត្វព្រៃនៅតែជាកង្វល់សម្រាប់សហគមន៍ក្នុងដែនជម្រក ដែលសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីបង្រ្កាប រួមគ្នាអភិរក្សសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងដាក់ទោសសម្រាប់បទល្មើសដាក់អន្ទាក់ខុសច្បាប់។

លោកថា៖ «ការដាក់អន្ទាក់សត្វព្រៃនៅតែមាន ហើយវាចូលរួមបំផ្លិចបំផ្លាញសត្វច្រើនមែនទែន។ យើងមើលឃើញថាបទល្មើសដាក់អន្ទាក់នេះនៅតែជាបញ្ហាប្រឈមសំខាន់ដែលយើងគួរពិចារណាដោះស្រាយឲ្យទាន់ពេលវេលា ព្រោះយើងមើលឃើញថាសត្វច្រើនដែលជាប់អន្ទាក់ហើយស្លាប់ ហើយការចរាចរជួញដូរសត្វព្រែក៏នៅតែមាន អីចឹងពីខ្ញុំទៅ ខ្ញុំមើលឃើញថាវាអាចបង្កើតជាវិនាសកម្មពីការជួញដូរសត្វព្រៃដែលកើតចេញពីការដាក់អន្ទាក់ក្នុងតំបន់ព្រៃឈើ»។

លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរតែបន្តតាមដានហើយយកចិត្តទុកដាក់ជាងមុន ដើម្បីចូលរួមលុបបំបាត់ការដាក់អន្ទាក់។ ខ្ញុំមើលឃើញថាបើស្ថានភាពនេះនៅតែបន្តច្រើនហើយអាជីវកម្មសត្វក៏វានៅមានច្រើនដែរហើយរដ្ឋាភិបាលជាពិសេសស្ថាប័នពាក់ព័ន្ធនឹងចូលរួមល្បាត ចូលរួមអប់រំនៅក្នុងតំបន់ការពារ»។

យោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF ) អន្ទាក់ជាង១២ លានត្រូវបានដំឡើងជារៀងរាល់ឆ្នាំនៅទូទាំងតំបន់ការពារនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសស្ថិតនៅចំកណ្តាលនៃវិបត្តិអន្ទាក់នៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ការសិក្សារួមគ្នាមួយដោយក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជាបានបង្ហាញពីការថយចុះយ៉ាងខ្លាំងរវាងឆ្នាំ ២០១០ និង ២០២២ នូវចំនួនសត្វទន្សោងដោយបានធ្លាក់ចុះ ៨៩% ចំនួនគោព្រៃធ្លាក់ចុះ ៦៥% និងចំនួនជ្រូកព្រៃបានថយចុះ ១៥%។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកឡើងថាការដាក់អន្ទាក់ជាអំពើខុសច្បាប់ដែលគំរាមកំហែងដល់សត្វព្រៃ និងជីវចម្រុះដែលត្រូវចូលរួមបង្រ្កាបជាមួយអាជ្ញាធរពាក់ព័ន្ធ និងចាប់ជនល្មើសមកផ្ដន្ទាទោស។ លោកបន្ថែមថាក្រសួងបរិស្ថានបានធ្វើការពង្រឹងច្បាប់ រឹតបន្តឹងការដើរល្បាត រួមទាំងប្រើផែនទីដើម្បីកំណត់ទីតាំងតំបន់ធនធានធម្មជាតិ។

លោកថា៖ «ការដាក់អន្ទាក់គឺជាសត្រូវលាក់មុខ ហើយជាសត្រូវប្រឆាំងនឹងធនធានធម្មជាតិរបស់យើង ចាំបាច់យើងរួមគ្នាការពារហើយនិងប្រយុទ្ធប្រឆាំងការដាក់អន្ទាក់ ហើយក្រសួងបរិស្ថានបានធ្វើការពង្រឹងការអនុវត្តច្បាប់ដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះជនល្មើសនៅពេលដែលយើងបង្រ្កាបបាន។ ទី២ យើងសហការជាមួយអាជ្ញាធរ រដ្ឋបាលខេត្ត ក្រុង ស្រុកដែលមានតំបន់ការពារចូលរួមអនុវត្តច្បាប់ធ្វើការល្បាត ធ្វើការទប់ស្កាត់បទល្មើសរួមគ្នា»។

លោកបន្ថែមថា៖ «លើកកំពស់ជីវភាពសហគមន៍ធ្វើម៉េចឲ្យសហគមន៍មានមុខរបរថ្មី ជម្រើសថ្មី កុំឲ្យគាត់ចុលព្រៃ។ យើងក៏បានអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិជួយឲ្យប្រជាពលរដ្ឋទទួលផលសម្រាប់គាត់អាចរកចំណូលបានក្រៅពីចូលព្រៃ ឬក៏ដាក់អន្ទាក់ជាដើម»៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1804}" data-page="1" data-max-pages="1" data-start="1" data-end="1">