អ្នកស្រឡាញ់ព្រៃឈើបារម្ភពីករណីកាប់បំផ្លាញព្រៃឈើនិងទន្ទ្រានដីព្រៃហាក់កើនឡើងស្របនឹងជម្លោះព្រំដែនខ្មែរថៃ

បរិស្ថាន

មន្ត្រីបរិស្ថានចុះបង្ក្រាបករណីរានព្រៃទន្ទ្រានយកដី នៅខេត្តមណ្ឌលគិរីកាលពីខែមករាកន្លងទៅនិងព្រៃសហគមន៍អូរបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ប្រមាណ ៣ហិកតា នៅពីរចំណុច ត្រូវបានរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិកាលពីដើមខែកុម្ភៈ។ (រូបថតមន្ត្រីបរិស្ថានផ្សាយតាមហ្វេសប៊ុក)

ប្រជាសហគមន៍បង្ហាញការព្រួយបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរបន្តចាត់វិធានការបង្រ្កាបឲ្យបានតឹងរឹងចំពោះ ករណីកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃរដ្ឋយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនហាក់កើនឡើង ចាប់តាំងពីមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

បណ្ដាញសមាគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ស្វាយ សង់ លើកឡើងថា បើទោះបីជាមានការបង្រ្កាបបទល្មើសធនធានធម្មជាតិពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីបរិស្ថាន និងកងរាជអាវុធហត្ថយ៉ាងណាក៏ដោយ ក៏បទល្មើសរុករាន កាប់ព្រៃឈើ និងទន្ទ្រានដីព្រៃនៅតែបន្តកើតមានជាហូរហែ។ ជាក់ស្ដែង លោកថា កំឡុងពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែន បទល្មើសទាំងអស់នេះហាក់កើតឡើងជាច្រើនករណីក្នុងដែនជម្រកសត្វព្រៃឡង់ដែលបណ្ដាញលោកធ្វើការដើរល្បាត។

លោកនិយាយថា៖ «អ្នកប្រព្រឹត្តបទល្មើសនៅតែបន្តធ្វើសកម្មភាពក្នុងតំបន់ព្រៃឡង់ជាបន្តបន្ទាប់ក្នុងខណៈពេលនោះដែរ។ យើងកំពុងតាមដានបន្ត។ បញ្ហាមួយទៀតគឺបទល្មើសព្រៃឈើ ដែលលួចសកម្មភាពធ្វើ ជាពិសេសពេលបណ្ដាញយើងមិននៅ។ និយាយរួមវាលួចលាក់ធ្វើ»។

លោកសង់ បន្ថែមថា៖ «និយាយរួមទៅថាអ្នកដែរមានខ្នងធ្វើសកម្មភាពមិនឈប់ឈរទេបាទ»។

យ៉ាងណា បណ្ដាញព្រៃឡង់រូបនេះកោតសរសើរចំពោះសកម្មភាពបង្រ្កាបបទល្មើសរបស់កងរាជអាវុធហត្ថផ្ទៃប្រទេសកន្លងមក ក៏ប៉ុន្តែលោកសំណូមពរឲ្យអាជ្ញាធររឹតបន្តឹងច្បាប់ និងចូលរួមល្បាតជាមួយបណ្ដាញរូបលោកឲ្យបានញឹកញាប់ជាងនេះ និងធានាចាប់ជនល្មើសធនធានធម្មជាតិដោយមិនប្រកាន់បក្សពួក។

លោកថា៖ «ខ្ញុំសប្បាយចិត្តនឹងសកម្មភាពចុះរបស់កងរាជអាវុធហត្ថកន្លងមក តែគ្រាន់តែបានម្ដងៗនឹងណា។ បើធ្វើដូចភ្លៀងរលឹមប្រហែលអាចការពារបានច្រើន។ ណាបទល្មើសខ្លះវាដូចមានខ្នង បើនិយាយទៅវាដូចដុះស្លែរ។ វាអត់ខ្លាច»។

ចន្លោះឆ្នាំ ២០០២ និង ២០២២ គម្របព្រៃឡង់ជិត ៩ម៉ឺនហិកតា បានរងការបំផ្លិចបំផ្លាញ នេះបើយោងតាមទិន្នន័យរបស់អង្គការឃ្លាំមើលព្រៃឈើ Global Forest Watch ដែលជាសញ្ញានៃនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិដែលហាក់ឥតឈប់ឈរ។ ចាប់តាំងពីឆ្នាំ ២០០០ មក ដែនជម្រកសត្វព្រៃព្រៃឡង់បានបាត់បង់គម្របព្រៃឈើចំនួន ៦៧ ៤០០ ហិកតា ដែលស្មើនឹង ១៦% នៃគម្របព្រៃឈើសរុប ដែលជារឿយកើតឡើងពីការទន្ទ្រានដីព្រៃខុសច្បាប់ និងការធ្វើអាជីវកម្មកាប់ព្រៃលក់ទៅប្រទេសជិតខាង។

ប្រធានសហគន៏ជនជាតិដើមភាគតិចពូនងនៅភូមិរយ៉លើ ខេត្តមណ្ឌលគិរី លោក ទូច គិញ លើកឡើងថាបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃសហគមន៏របស់លោកនៅបន្តកើតមាន ដែលធ្វើឲ្យសហគមន៏មានការព្រួយបារម្ភ។ លោកនៅតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមការពារ និងទប់ស្កាត់បទល្មើសទាំងនោះព្រោះការបាត់បង់ព្រៃឈើធ្វើឲ្យប៉ះពាល់ដល់ជីវភាព រកចំណូលបានតិចតួច និងបាត់បង់ព្រៃឈើដែលជាទីកន្លែងគោរពបូជា និងធនធានរបស់ជនជាតិដើមភាគតិច។

លោកថា៖ «ព្រួយបារម្ភរឿងមួយគឺអ្នកក្រៅគេមកកាប់ទន្ទ្រានដីព្រៃសហគមន៏។ វានៅតែកើតមាន។ សូមឲ្យអាជ្ញាធរចូលរួមជាមួយសហគមន៏ជាងនេះ។ ចៀងវាងប្រាប់ទៅ្រច្រានចោល ព្រោះពេលខ្លះប្រាប់ទៅគេនៅរឹងរុះ»។

នៅខេត្តកំពង់ឆ្នាំងឯណោះវិញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយ ទន្ទ្រានដីព្រៃតំបន់បី ដែលជាដីព្រៃរបស់រដ្ឋស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នជនល្មើសទាំងពីរត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងចាត់វិធានការតាមផ្លូវច្បាប់។

សារព័ត៌មានភ្នំពេញ ប៉ុស្តិ៏ កាលពីថ្ងៃទី៩ ខែកុម្ភៈចុះផ្សាយថា អាជ្ញាធរខេត្តពោធិ៍សាត់រួមមានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការដៃគូបានរឹបអូសវត្ថុតាងមួយចំនួនដូចជារណាអារឈើ កាំភ្លើងកែឆ្នៃ និងជំរំជនល្មើសដែលជនល្មើសប្រព្រឹត្តបទល្មើសធនធានធម្មជាតិភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមដីការរបស់តុលាការខេត្តពោធិ៍សាត់ ជនជាប់ឃុំទាំងនោះប្រឈមមុខនឹងការចោទប្រកាន់ពីបទឈូសឆាយ និងកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់តាមបញ្ញត្តិមាត្រា៨៥១ ចំណុច ច នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ អ្នកទាំងនោះប្រឈមមុខនឹងជាប់ពន្ធនាគារពីប្រាំទៅ១០ឆ្នាំ ហើយរាល់ភស្តុតាងដែល ប្រមូលបានពីប្រតិបត្តិការនេះ គឺអាចត្រូវដកហូតទុកជាសម្បត្តិរដ្ឋ។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ទទួលស្គាល់ថាបទល្មើសធនធានធម្មជាតិនៅខេត្តលោកហាក់មានការកើនឡើងកំឡុងជម្លោះកម្ពុជា និងថៃ។ តែយ៉ាងណាលោកថា មន្ត្រីថ្នាក់ជាតិនឹងបន្តឈរជើងនៅក្នុងតំបន់ការពារ និងត្រៀមខ្លួនក្នុងទប់ស្កាត់និងបង្ក្រាបការកាប់ឈើនិងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងចាប់ជនល្មើសមកទទួលទោសតាមផ្លូវច្បាប់។

លោកថា៖ «ក្នុងស្ថានភាពដែរប្រទេសថៃឈ្លានពាននេះបទល្មើសវារៀងកើនឡើងវិញ។ តែយើងក៏ត្រៀមកំលាំងដើម្បីចាត់ការបន្តបន្ទាប់មកទៀត។ យើងធ្វើមួយថ្ងៃឈប់ម៉ិចកើត គឺយើងត្រូវធ្វើរហូត។ បើយើងបណ្ដោយអស់ឥឡូវនឹង»។

លោកបន្តថា៖ «យើងមិនត្រឹមតែប្ដេជ្ញាចិត្តទេ យើងត្រូវទទួលខុសត្រូវ។ អាជ្ញាធរដែនដីត្រូវធ្វើឲ្យបាន។ វាមិន១០០ ភាគរយៗតែយើងធ្វើជាប្រចាំ។ កម្លាំងយើងនៅដាក់ជាអចិន្ត្រៃយ៏»។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានបរិស្ថាន Mongabay ធ្លាប់បានរាយការណ៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមតាំងពីឆ្នាំ២០២០ នៅជួរភ្នំក្រវាញនាភូមិសាស្ត្រខេត្តពោធិ៏សាត់ បានបើកផ្លូវឱ្យក្រុមកាប់ឈើ និងប្រមាញ់សត្វព្រៃខុសច្បាប់ ឈានចូលទៅធ្វើសកម្មភាពនៅតំបន់ព្រៃឈើ។ ខណៈអង្គការអន្តរជាតិមួយចំនួនដូចជា Amnesty International រិះគន់កិច្ចខិតខំអភិរក្សរបស់កម្ពុជា ព្រោះមានការញាំញីដោយអំពើពុករលួយ និងថាបង្ក្រាបតែបទល្មើសតូចតាច។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតមិនទាន់ឆ្លើយតបទាក់ទងនឹងចំណាត់ការរបស់ក្រសួងបរិស្ថានចំពោះការបង្រ្កាបបទល្មើស និងការរឹតបន្តឹង នៅឡើយ។

យោងតាមរបាយការណ៍ត្រួតពិនិត្យលើកទី៤ របស់គម្រោង ពលរដ្ឋក្នុងការចូលរួមការពារយុត្តិធម៌បរិស្ថាន (CEEJA) ប្រទេសកម្ពុជាបាត់គម្របព្រៃឈើសរុបប្រមាណ ៤០% នៃការបាត់បង់គម្របដើមឈើសរុប ដែលស្មើនឹង ៤៨ ៧៤៧ ហិកតា បានកើតឡើងនៅក្នុងតំបន់ការពារទូទាំងប្រទេស ដែលបទល្មើសទាំងនោះច្រើនកើតឡើងនៅក្នុងតំបន់ការពារ និងដែនជម្រកសត្វព្រៃផ្សេងៗគ្នានៅទូទាំងប្រទេស ។

កាលពីខែមីនា ឆ្នាំ២០២៤ ក្រោមការដឹកនាំពីលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឱ្យបើកបេសកកម្មបង្ក្រាបបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីទប់ស្កាត់និងបង្ក្រាបការកាប់ឈើនិងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ នៅក្នងបេសកម្មនោះដែរមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេសធ្វើការជាមួយអាជ្ញាធរខេត្តបានដាក់ពង្រាយកម្លាំង និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានត្រឹមត្រូវ។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា លើកឡើងថា ដើម្បីអាចទប់ស្កាត់ និងការពារគម្របព្រៃឈើកុំឱ្យកាប់បំផ្លាញបន្តទៀតបាន លុះត្រាតែក្រសួងបរិស្ថានផ្តល់សិទ្ធិអំណាចមួយចំនួនទៅឱ្យប្រជាសហគមន៍ និងបណ្តាញសហគមន៍ព្រៃឡង់ចូលរួមជួយការពារ ជាមួយគ្នានេះត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងសិក្សាស្រាវជ្រាវថានរណានៅពីក្រោយបទល្មើសទាំងអស់នេះ។

លោកថា៖ «មិនថាតែក្នុងពេលសង្គ្រាមទេ បទល្មើសកាប់ទន្រ្ទានដីព្រៃអីផ្សេង នៅក្នុងដែនជម្រកអីផ្សេងៗនៅតែបន្តកើតមាន។ ជាពិសេសដាក់ឈើចេញពីជម្រកសត្វព្រៃមកក្រៅតែម្ដង ហើយយើងមើលឃើញថាចំណាត់ការរបស់ភាគីពាក់ព័ន្ធនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ»។

ម្យ៉ាងទៀតលោកបន្ថែមថា៖ «ទៀតសោតយើងមើលឃើញថាសហគមន៏មួយចំនួនដូចជាសហគមន៏ព្រៃរការអីជាដើមមិនត្រូវបានអនុញ្ញាតឲ្យចូលល្បាតព្រៃបានពេញលេញ ដោយតម្រូវឲ្យចុះបញ្ជីអីផ្សេងៗ ដែលបង្ករបានជានីតិវិធីរដ្ឋបាលស្មុគស្មាញ។ ខ្ញុំនៅតែទទូចឲ្យ ជាពិសេសស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងម៉ិចឲ្យមានការបើកសិទ្ធសេរីភាពឡើងវិញ ជាពិសេសការសហការគ្នា។

លោកចាន់ដារ៉ានិយាយថា ជារឿយៗអាជ្ញាធរមូលដ្ឋានតែងតែបដិសេធនូវរបាយការណ៏កាប់បំផ្លាញព្រៃឈើដែលរាយការណ៏ដោយសហគមន៏។ លោកស្នើរថា៖ «យើងចង់ឃើញអាជ្ញាធរពាក់ព័ន្ធទទួលយករបាយការណន៏របស់សហគមន៏មូលដ្ឋាន ជាពិសេសចុះជាមួយមូលដ្ឋានទៅមើលបទល្មើសតែម្ដង»៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1453}" data-page="1" data-max-pages="1" data-start="1" data-end="1">