តំណាងស្ត្រីធ្វើការតាមផ្ទះ ដាក់ញត្តិនៅក្រសួងការងារស្នើសុំលក្ខខណ្ឌការងារសមរម្យ
ក្រុមស្រ្តីតំណាងឱ្យអ្នកធ្វើការងារតាមផ្ទះជាង ១០ នាក់ បានដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើឱ្យក្រសួងជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីលក្ខខណ្ឌការងារសមរម្យស្របតាមច្បាប់អន្តរជាតិ។ ប្រធានសមាគមអ្នកធ្វើការតាមផ្ទះ អ្នកស្រី យ៉ុង ស្រីមុំ លើកឡើងថា អនុសញ្ញាលេខ ១៨៩ ស្តីពីកម្មករការងារតាមផ្ទះ មានសារៈសំខាន់ ព្រោះច្បាប់នេះទទួលស្គាល់សិទ្ធិកម្មករការងារតាមផ្ទះដូចជាកម្មករដទៃទៀតដែរ។ អ្នកស្រីបន្តថា សិទ្ធិការងាររួមមាន ការឈប់សម្រាក ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ការធានាការការពារសុខភាព និងការការពារពីការគំរាមកំហែងផ្សេងៗទៀត។ អ្នកស្រីបន្ថែមថា និយោជក ឬអ្នកជួលស្ត្រីធ្វើការតាមផ្ទះ គប្បីធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដើម្បីឱ្យពួកគេអាចទទួលបានសេវាសុខភាពពេលមានជំងឺដំកាត់។ អ្នកស្រីថា៖ «សូមក្រសួង និងរាជរដ្ឋាភិបាល ផ្ដល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ ដើម្បីឱ្យអ្នកធ្វើការតាមផ្ទះមានប្រាក់ខែសមរម្យ ហើយមាន ប.ស.ស. ប្រើប្រាស់ដូចគេដែរ ព្រោះពួកខ្ញុំធ្វើការតាមផ្ទះពិបាកណាស់ ដល់ពេលឈឺថ្កាត់អីគឺរឹតតែពិបាក»។ អ្នកស្រីបន្ថែមថា៖ «ការរំលោភបំពាន និងការបៀតបៀន ភាគច្រើនគឺការគំរាមកំហែង។ ពេលយើងទាមទារប្រាក់ខែសមរម្យ គាត់ [ថៅកែ] ថា បើយើងមិនធ្វើទេគឺអត់ទៅ។ នេះក៏ជាទម្រង់នៃការបៀតបៀន និងគំរាមកំហែងដែរ»។ ស្រដៀងគ្នានេះដែរ តំណាងស្ត្រីអ្នកធ្វើការតាមផ្ទះ អ្នកស្រី វុន គឹមស្រ៊ី លើកឡើងថា កម្មករការងារតាមផ្ទះនៅតែជាក្រុមដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត។ អ្នកស្រីបន្តថា ពួកគេប្រឈមនឹងការកម្រិតសេរីភាពក្នុងការធ្វើសកម្មភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ សម្រាកមិនគ្រប់គ្រាន់ ហើយងាយប្រឈមនឹងហានិភ័យនៃអំពើហិង្សា។ អ្នកស្រីថា៖ «សព្វថ្ងៃកម្មករធ្វើការតាមផ្ទះគឺពិបាកខ្លាំងណាស់ ប្រាក់ខែមិនសមរម្យ ការរស់នៅក៏មិនសូវសមរម្យ ហើយមួយទៀតគឺការបំបាត់សេរីភាព។ ដូចជាពេលមានពិធីបុណ្យទាន ឬចូលឆ្នាំអី គឺមិនឱ្យពួកគាត់បានទៅស្រុកទេ ហើយថែមទាំងគំរាមថា បើសិនជាទៅស្រុក គឺត្រូវតែឈប់ធ្វើការ»។ អ្នកស្រីបន្ថែមថា៖ «ពេលដែលយើងជាប់ជំពាក់លុយជាមួយថៅកែ ទោះបីមានសម្ពាធយ៉ាងណាក៏ដោយ ក៏ត្រូវតែទ្រាំធ្វើការដើម្បីសងបំណុលគេដែរ។ បើយើងឈប់មុន ថៅកែនឹងរករឿង និងគំរាមកំហែង។ ទី២ ពួកគាត់មិនយល់ដឹងពីច្បាប់ការងារ ទើបតែងតែមានសេចក្តីភ័យខ្លាច»។ អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោក និន វណ្ណៈ ថ្លែងថា លោកនឹងបញ្ជូនញត្តិនេះទៅថ្នាក់លើដើម្បីពិនិត្យ និងដោះស្រាយបន្ត។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វ៉ន ពៅ លើកឡើងថា កម្មករធ្វើការតាមផ្ទះជាង ២០ ម៉ឺននាក់ មិនទាន់មានស្តង់ដាទម្រង់កិច្ចសន្យាការងារត្រឹមត្រូវនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ និងរបបគាំពារសង្គមឡើយ។ លោកអំពាវនាវឱ្យក្រសួងការងារបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងសិទ្ធិកម្មករការងារតាមផ្ទះ។ លោកថា៖ «ការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាដើម នេះហើយជាបញ្ហាសំខាន់ជាងគេ។ បញ្ហាសំខាន់មួយទៀតនោះគឺ យើងចង់ឱ្យអ្នកធ្វើការតាមផ្ទះ ទាំងអ្នកទទួលបានប្រាក់ខែ និងអ្នកធ្វើការឱ្យគ្រួសារក្តី ទទួលបានតម្លៃស្មើនឹងកម្មករដទៃទៀតដែរ។ អាហ្នឹងសំខាន់ ព្រោះកម្មករតាមផ្ទះមិនមែនជាទាសករទេ»។ លោកបន្ថែមថា៖ «នៅបរទេសដូចជានៅហ្វីលីពីន និងម៉ាឡេស៊ីជាដើម រដ្ឋាភិបាលគេយកចិត្តទុកដាក់ណាស់។ គេមានលក្ខខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លះខែម្ដង ឬមួយខែម្ដង ដើម្បីឱ្យមានជំនាញច្បាស់លាស់ និងមានទុន ប៉ុន្តែនៅស្រុកយើង មិនទាន់មានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាលនៅឡើយទេ។ ធាតុពិត យើងមិនទាន់ទទួលបានលទ្ធផលទាំងនោះទេ»។ នៅទូទាំងពិភពលោក វិស័យការងារតាមផ្ទះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនសរុបប្រមាណ ៧៥.៦ លាននាក់ ក្នុងនោះស្ត្រីមានចំនួន ៧៦.២ ភាគរយ ដែលត្រូវបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងជួលតាមរយៈភ្នាក់ងារផ្ដល់សេវា។ សម្រាប់កម្ពុជា កម្មករធ្វើការតាមផ្ទះដែលធ្វើការតាមរយៈភ្នាក់ងារផ្ដើមសេវាកម្ម មានប្រមាណ ៤៣ ភាគរយ។ គួរបញ្ជាក់ថា នៅឆ្នាំ ២០១១ អង្គការអន្តរជាតិខាងការងារ (ILO) បានអនុម័តនូវអនុសញ្ញាលេខ ១៨៩ ស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ដោយទទួលស្គាល់សិទ្ធិរបស់ពួកគេដូចជាកម្មករដទៃទៀតដែរ ។ ក្នុងនោះរួមមាន ការឈប់សម្រាកប្រចាំសប្តាហ៍ ឬប្រចាំខែ ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ប្រាក់ឈ្នួលសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ និងកិច្ចការពារសមស្របនានាប្រឆាំងនឹងអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់៕
១៦ មិថុនា ២០២៦

កម្មករសំណង់ ជិត៤០នាក់ចេញតវ៉ាក្រោយមេការមិនបើកលុយឱ្យ
កម្មករសំណង់ ដែលភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសថៃកំឡុងជម្លោះព្រំដែន ប្រមាណជិត៤០នាក់ នៅថ្ងៃទី១១ ខែឧសភា បានចេញតវ៉ានៅមុខការដ្ឋានសាងសង់របស់ខ្លួន ស្ថិតនៅខាងក្រោយបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមេការមិនព្រមបើកប្រាក់ដែលជំពាក់តាំងពីដើមខែមីនា ឆ្នាំ២០២៦មក។ ពួកគេលើកឡើងថា មេការសំណង់បានរត់គេចខ្លួនមិនព្រមចូលមកដោះស្រាយជាមួយកម្មករនោះឡើយ។ ការណ៍នេះធ្វើឱ្យពួកគេជួបប្រទះការលំបាកផ្នែកជីវភាព ដោយកម្មករមួយចំនួនត្រូវខ្ចីលុយគេដើម្បីចំណាយប្រចាំថ្ងៃ និងជំពាក់ធនាគារទៀតផង។ កម្មករសំណង់មកពីខេត្តឧត្តរមានជ័យ អ្នកស្រី ស៊ីត ហឿត អាយុ ៥០ឆ្នាំ លើកឡើងថា អ្នកស្រីជាពលករធ្វើការនៅប្រទេសថៃអស់រយៈពេល ១ឆ្នាំ តែអ្នកស្រីត្រឡប់មកកម្ពុជាវិញកំឡុងជម្លោះព្រំដែនកម្ពុជា និងថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។ អ្នកស្រីថា អ្នកស្រីមកធ្វើការជាកម្មករសំណង់នៅរាជធានីភ្នំពេញតាមរយៈអ្នកស្គាល់គ្នា អស់រយៈពេលពីរខែមកហើយ គិតត្រឹមដើមខែមីនា រហូតការដ្ឋានរបស់អ្នកស្រីបិទនៅកំឡុងពេលចូលឆ្នាំខ្មែរ ក្រោមហេតុផលថាគ្មានការងារឱ្យអ្នកស្រីធ្វើ។ អ្នកស្រីហឿត ថ្លែងបន្ថែមថា អ្នកស្រី និងស្វាមីត្រូវបានមេការជំពាក់ប្រាក់ឈ្នួលជាង១លានរៀល ។ អ្នកស្រីថា៖ «ជីវភាពខ្វះខាតកំពុងតែស្វះស្វែងរកអីធ្វើ។ ដល់ការងារថ្មីនេះ ខ្ញុំទើបតែចុះធ្វើមិនទាន់បានបើកលុយម្ដងទេ។ មេការខ្ញុំខ្វះការងារក៏ចេះតែយកមកដាក់កន្លែងនេះ កន្លែនោះ។ ដល់យកមកដាក់កន្លែងនេះធ្វើការអត់ទាន់បានលុយទេ។ គេបើកឱ្យបានម្ដងគត់បានត្រឹម២០ ភាគរយអីហ្នឹង តាមលុយតិចលុយច្រើន។ ខ្ញុំបើកបាន៣០ម៉ឺន។ ប្ដីខ្ញុំបើកបាន៧០ម៉ឺនអីចឹងនៅជាង១លានកន្លះទៀត»។ អ្នកស្រីបន្ថែមថា៖ «ដល់ខ្ញុំសូមបើកឱ្យអស់ គេថាអ្នកម៉ៅការបើកអស់ហើយគាត់មិនដឹង។ ខ្ញុំថាចុះពូអែង (អ្នកមើលការខុសត្រូវការសាងសង់) ប្រើខ្ញុំនោះ គាត់ក្រលាស់ (សម្ដី)ដែរថាគាត់មិនដឹង។ ធ្វើការចាប់ម៉ោង៧ព្រឹក ដល់ម៉ោង១១ សម្រាក ហើយថ្ងៃចូលម៉ោង១ ហើយថែមម៉ោងដល់ម៉ោង៨ល្ងាច ៩ល្ងាចអីក៏មាន។ លុយថែមម៉ោងនុងក៏មិនបាន។ […] ខ្ញុំសូមឱ្យរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាដែលជនភៀសសឹកមករកលុយបង់អង្គការ (ធនាគារ) ក៏អត់បាន។ ឱ្យគាត់ជួយស្វះស្វែង មេភូមិ មេឃុំអីជួយផង»។ អ្នកស្រី ហឿត ថ្លែងត្រឡប់ទៅកាលអ្នកស្រីទើបវិលមកកម្ពុជាវិញថា អ្នកស្រីត្រូវរស់នៅជាមួយសាច់ញ្ញាតិនៅក្នុងវត្តមួយកន្លែង ព្រោះមិនអាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញពេលមានជម្លោះព្រំដែន។ អ្នកស្រី បានព្យាយាមស្វះស្វែងរកការងារធ្វើនៅតាមរោងចក្រជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ តែមិនទទួលបានការងារឡើយព្រោះអ្នកស្រីលើសអាយុចូលធ្វើការ។ ហេតុនេះហើយទើបអ្នកស្រី ហឿត ត្រូវធ្វើដំណើរមករាជធានីភ្នំពេញតាមអ្នកស្គាល់គ្នា ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និងសងធនាគារ ដែលគ្រួសារអ្នកស្រីជំពាក់ចំនួន១ម៉ឺនដុល្លារ។ កម្មករម្នាក់ទៀត លោក ឈឿន រ៉ាយ អាយុ៣៣ ឆ្នាំ លើកឡើងស្រដៀងគ្នាថា ការមិនទទួលបានប្រាក់ពីការងារនេះ ធ្វើឱ្យលោកប្រឈមនឹងការលំបាកផ្នែកជីវភាព ដោយត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងសងធនាគារផងនោះ។ លោករ៉ាយ ធ្វើជាកម្មកររៀបឥដ្ឋនៅការដ្ឋានសាងសង់ផ្ទះនេះ ដោយបានចំណូលប្រហែល៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ តែយ៉ាងណា ក្នុងរយៈពេលធ្វើការពេញមួយខែលោកមិនទាន់ទទួលប្រាក់គ្រប់គ្រាន់នៅឡើយ។ លោកថា៖ «ចង់ស្នើឱ្យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយដូចថាដោះស្រាយឱ្យជនភៀសសឹកមកពីឧត្តរមានជ័យដែលមេការបោកអត់ឱ្យលុយ និងសូមសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយជួយពួកខ្ញុំផង ព្រោះពួកខ្ញុំជាជនរងគ្រោះ»។ មេការសំណង់ដែលនាំកម្មករមកធ្វើការ លោក ភិន សុផល អាយុ៣៩ ឆ្នាំ មកពីខេត្តពោធិ៍សាត់ លើកឡើងថាការដ្ឋានសាងសង់បានបិទសម្រាកកំឡុងពេលចូលឆ្នាំ ហើយក្រោយសម្រាកចូលឆ្នាំកម្មករចូលធ្វើការវិញ និងសុំបើកប្រាក់នៅសល់សម្រាប់កម្មករសរុបចំនួន៣៨ នាក់។ តែយ៉ាងណា លោកថា មេការសំណង់ដែលគ្រប់គ្រងលើការបើកលុយឱ្យកម្មករគេចវេសមិនព្រមបើកឱ្យ និងចូលខ្លួនដោះស្រាយផ្ទាល់ជាមួយកម្មករឡើយ។ ទាក់ទងនឹងការរកដំណោះស្រាយ លោក សុផល បញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មី ប៉ុន្តែមិនទាន់បានដំណោះស្រាយនៅឡើយ ដោយខាងសង្កាត់តម្រូវឱ្យកោះហៅមេការមកចូលខ្លួនសិន។ លោកថា៖ «អត់ទាន់បានបើកទេបង លុយ៥ ពាន់ទៅ៦ ពាន់ដុល្លារ ទើបបើកបាន២ពាន់ដុល្លារ។ ធ្វើការប្រើ គ្នាចង់ងាប់ចង់រស់អត់បើកលុយឱ្យគ្នា។ ម្ដងថាថ្ងៃនេះ ម្ដងថាថ្ងៃនោះ។ […] សុំអាជ្ញាធរជួយអន្តរាគមន៍ផង។ យើងបានដាក់ពាក្យទៅចៅសង្កាត់ដែរតែគេថាទាល់តែយើងលួងលោមមេការហ្នឹង ឱ្យចូលខ្លួនដោះស្រាយ»។ លោកបន្ថែមថា៖ «ពួកគាត់មកធ្វើការនេះ តាមខ្សែរយៈ ក៏មកធ្វើដល់ធ្វើហើយលុយកាក់អត់មានលុយបើកឱ្យពួកគាត់។ យើងធ្វើការមួយយប់ទល់ភ្លឺ»។ ពាក្យបណ្ដឹងដែលដាក់ទៅសាលាសង្កាត់ភ្នំពេញថ្មី ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សរសេរថា មេជាងម៉ៅការសំណង់ ឈ្មោះមករា បានប្រព្រឹត្តបទរំលោភកិច្ចសន្យាការងារ ដោយបានគេចវេសមិនព្រមបើកលុយឱ្យកម្មករចំនួនជិត៤០ នាក់ ក្នុងទឹកប្រាក់ប្រមាណជា៤ ៣០០ ដុល្លារ។ នៅក្នុងពាក្យបណ្ដឹង កម្មករស្នើសុំអាជ្ញាធរជួយអន្តរាគមន៍ និងរកយុត្តធម៌។ មេការសំណង់ឈ្មោះ មករា ដែលកម្មករចោទថាគេចវេសមិនបើកប្រាក់ឈ្នួលឱ្យពួកគាត់នោះ ប្រជាកាសែត មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកចៅសង្កាត់ភ្នំពេញថ្មី លោក គុយ វុទ្ធី ក៏ប្រជាកាសែតមិនសុំការឆ្លើយតបបាននៅឡើយនៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា លើកឡើងថាក្រសួងតែងតែរកដំណោះស្រាយចំពោះវិវាទការងាររបស់កម្មករ។ លោកថា ក្រសួងការងារនឹងអនុវត្តច្បាប់ការងារលើបុគ្គលណាដែលកេងប្រវ័ញកម្លាំងពលកម្មឱ្យមកទទួលខុសត្រូវ។ លោកមានប្រសាសន៍ថា៖ «ចំពោះបញ្ហានេះក្រសួងការងារតែងតែយកចិត្តទុកដាក់ ហើយក្រសួងនឹងដោះស្រាយតាមនីតិវិធីរបស់យើង ដើម្បីធានាការទទួលបានប្រាក់ឈ្នួលរបស់កម្មករដោយស្របច្បាប់។ ហើយក្រសួងក៏ដូចជារាជរដ្ឋាភិបាលតែងតែមិនលើកលែងចំពោះការដែលកេងប្រវ័ញទៅលើបងប្អូនកម្មករកម្មការិនីនោះទេ»។ ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ…
១១ ឧសភា ២០២៦

រោងចក្រកាត់ដេរសម្លៀកបំពាក់ ML នៅក្រុងប៉ោយប៉ែតប្រកាសបិទទ្វារ
រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសបិទទ្វារជាផ្លូវការដោយសារវិបត្តិហិរញ្ញវត្ថុ ដោយភាគីរោងចក្រសុំពេល៣ខែ ដើម្បីទូទាត់សំណងជូនកម្មករ។ តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនអិមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) បានបញ្ជាក់ថា រោងចក្រ អិមអិល សម្រេចចិត្តបិទដំណើរការផលិតកម្មទាំងស្រុងចាប់ពីថ្ងៃទី២៧ ខែមេសា តទៅ ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងខាងសេដ្ឋកិច្ច។ សេចក្ដីជូនដំណឹងបន្តថា៖ «ចំពោះការប្រកាសបិទដំណើរការផលិតកម្មជាស្ថាពរនេះ លោកថៅកែនឹងធ្វើការទូទាត់សំណងអតីតភាពការងារជូនបងប្អូនកម្មករនិយោជិតទាំងអស់ ដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីអត្ថប្រយោជន៍ដែលទទួលបានក្រោយរំលាយកិច្ចសន្យាការងារ និងច្បាប់ការងារ»។ រោងចក្រថានឹងផ្ដល់សំណងដល់កម្មករនិយោជិតទាំងអស់ ទាំងអ្នកដែលជាប់កិច្ចសន្យាការងារមានថិរវេលាកំណត់ដូចជា ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ៥% តាមថិរវេលាជាក់ស្ដែងរយៈពេលនៃកិច្ចសន្យាការងារ។ ចំពោះកម្មករនិយោជិតដែលអនុវត្តកិច្ចសន្យាការងារមានថិរវេលា នឹងទទួលបានសំណងដូចជាប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់ជួសការជូនដំណឹងមុន ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសទី១ ចាប់ពីខែ មករា ដល់ ខែមិថុនា ឆ្នាំ២០២៦ (ចំនួន៧.៥ថ្ងៃ)។ បុគ្គលិករដ្ឋបាលរោងចក្រអិមអិល អិនធីមេត អឹភែរឹលលោក ងួន ស៊ីវត្ថា បានបញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៧ មេសា ថា ភាគីរោងចក្រសុំរយៈពេល៣ខែចាប់ពីចុងខែមេសា ឆ្នាំ២០២៦ ដើម្បីប្រមូលប្រាក់ពីការដាក់លក់ទ្រព្យសម្បត្តិនានារបស់រោងចក្រ។ លោកថា៖ «សុំរយៈពេល៣ខែដើម្បីប្រមែលប្រមូលពេលដើម្បីលក់ឥវ៉ាន់លក់អីពីខាង ហុង កុង និងចិន ព្រោះតាមច្បាប់លុះត្រាតែមានសាលក្រមពីតុលាការបានយើងមានសិទ្ធិដកលុយទាំងអស់ហ្នឹងដើម្បីលក់យកលុយដើម្បីសងបងប្អូនកម្មករនិយោជិតទាំងអស់»។ កម្មការិនីរោងចក្រ អិមអិល អ៊ិនធីមេត អឹភែរឹល អ្នកស្រី សូ សាវឿន បានប្រាប់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា កម្មករទាំងអស់នៃរោងចក្រនេះប្រមាណជិត៧០០នាក់បានទៅធ្វើការ ព្រោះដល់ថ្ងៃចូលធ្វើការវិញ បន្ទាប់ពីសម្រាកចូលឆ្នាំ ហើយនៅពេលទៅដល់រោងចក្រទើបដឹងថារោងចក្រប្រកាសបិទទ្វារ។ អ្នកស្រីថា៖ «បើសិនជារោងចក្រឈប់ហើយជូនដំណឹងដល់បងប្អូនកម្មករមុន ប្រហែលជាបងប្អូនកម្មករគាត់អាចស្វែងរកការងារផ្សេងៗបានធ្វើ។ តែដល់គាត់ភ្លាមៗអ៊ីចឹង គាត់ក៏អត់មានលុយក្នុងខ្លួន មិនថាខ្ញុំមិនថាពួកគាត់ទេគឺអត់ទាំងអស់ គឺអត់មានលុយក្នុងខ្លួនទេ។ អ៊ីចឹងឱ្យគាត់ស្វះស្វាងទៅរកការងារនៅឯណា បើប្រាក់ខែចុងក្រោយក៏មិនទាន់បានបើក ហើយអាសំណងហ្នឹងក៏មិនទាន់បានភ្លាមៗ»។ រីឯកម្មការិនីម្នាក់ទៀតដែលជាប្រធានផ្នែកដេរនៅរោងចក្រអិមអិលគឺ អ្នកស្រី ឡត សុភាព ឱ្យដឹងថា អ្វីដែលគាត់បារម្ភគឺប៉ះពាល់ជីវភាពគ្រួសារគាត់ពេលរោងចក្រអិមអិលនេះបិទទ្វារ។ អ្នកស្រីថា៖ «ព្រួយបារម្ភទី១ កម្មករខាងនេះគាត់ជំពាក់ធនាគារ ហើយរកការងារអត់ទាន់បានភ្លាមៗទេ ហើយលុយសងជំងឺចិត្តគេ សងគេសងតិចតួច ហើយរយៈពេលយូរទៀតបីខែបានគេទូទាត់ឱ្យយើង។ ខ្ញុំជំពាក់អង្គការមួយម៉ឺនដែរហ្នឹង។ បង់មួយខែ២រយ រយៈពេល១០ ឆ្នាំ យកសង់ផ្ទះ ហើយទើបតែបង់បានបីឆ្នាំហ្នឹង។ តំណាងរោងចក្រមានប្រធានរដ្ឋបាល គាត់អត់ទាន់ឈប់ទេនៅចាំបើកលុយឱ្យរួចរាល់សិន»។ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យលោក នួន ស៊ីណា បញ្ជាក់ថា ក្រសួងនិងមន្ទីរការងារនឹងដោះស្រាយករណីនេះជូនកម្មកររោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល។ លោកថា៖ «លទ្ធផលនោះអត់ទាន់ដឹងទេបងដោយសារ ស្អែកខាងក្រសួងគាត់មក ។ ខ្ញុំក៏អត់ទាន់ហ៊ាននិយាយអីច្រើនដែរ ខាងក្រសួងនឹងមកដោះស្រាយ រដ្ឋលេខាធិការនឹងអញ្ជើញមកណា តំណាងសមាគមកាត់ដេរប៉ុណ្ណឹង។ ជាលទ្ធផលអត់ទាន់បានទេ ព្រោះនៅស្អែកមួយថ្ងៃទៀត គាត់មិនស្រែកឡូឡាអីទេ គ្រាន់តែមកឱ្យក្រុមការងារជួយឱ្យបានប្រាក់ខែទៀងទាត់អីចឹងណា។ ហើយក្រុមការងារក៏សកម្មដែរ យើងដឹងថាកម្មករគាត់ក៏មិនធូរធារអីដែរណា»។ លោកបន្ថែមថា៖ «ទាក់ទងរឿងហ្នឹងក្នុងនាមជាមន្ទីរក្រសួងក៏គាត់ប្ដេជ្ញាចិត្តដែរដោយរដ្ឋលេខាធិការគាត់អញ្ជើញមកហើយ។ ក្រសួងក៏គាត់ប្ដេជ្ញាចិត្តដោះស្រាយដែរ ហើយស្អែកក្រសួងនឹងដោះជាមួយរោងចក្រ តំណាងសមាគមកាត់ដេរទៀត»។ ជុំវិញករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដែលរោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល ប្រកាសបិទទ្វារភ្លាមៗនេះ វានឹងផ្ដល់ផលមិនល្អដល់កម្មករនិយោជិត។ អ្នកស្រីថា៖ «ជុំវិញការបិទទ្វាយ៉ាងតក់ក្រហល់ភ្លាមៗនេះ ប្រាកដណាស់វានឹងជះឥទ្ធិពល ផលប៉ះពាល់ដល់កម្មករនិយោជិតខ្លាំង ព្រោះស្ថានភាពភាពឥឡូវនេះវាមិនអំណោយផលដល់កម្មករនិយោជិតទេ ព្រោះជាទូទៅក៏មានក្រុមហ៊ុនខ្លះរើសកម្មករដែរ តែនិយោជកត្រូវមើលដែរថាកម្មករដែលរើសយកមកធ្វើការ»។ អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែទី១ នៅពេលដែលក្រុមហ៊ុនបិទទ្វារក៏វាប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ ដែលគាត់ត្រូវទទួលបន្ទុកចិញ្ចឹមខ្លួនឯង ចិញ្ចឹមគ្រួសារ បងប្អូន គ្រួសារ សាច់ញាតិរបស់គាត់ ហើយបន្ទាប់មកគាត់ក៏ជាប់បំណុលជាច្រើនទៀត ព្រោះដូចដែលបានដឹងចឹងថា កម្មករនិយោជិត មានបំណុលស្ទើរតែ៩០ភាគរយជាង»។រោងចក្រអិមអិល អិនធីមេត អឹភែរឹល ខេមបូឌា ML INTIMATE APPAREL (CAMBODIA) LTD ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត «អូរនាង» ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រោងចក្រនេះមានកម្មករសរុបចំនួន ៦៩៦នាក់ ក្នុងនោះកម្មករជាប់កិច្ចសន្យាមានថេរវេលាកំណត់ចំនួន ៤២៧នាក់ និងកិច្ចសន្យាគ្មានថេរវេលាកំណត់ចំនួន ២៦៩នាក់៕

កម្មកររោងចក្រ ML នៅក្រុងប៉ោយប៉ែតតវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែ
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រតវ៉ាសាជាថ្មីដើម្បីទាមទារឱ្យថៅកែបើកប្រាក់ខែជូនពួកគេ ក្រោយថៅកែសន្យាបើកលុយឱ្យកម្មករនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែមិនបានបើកឱ្យ។ តំណាងកម្មកររោងចក្រអិមអិល លោក គឹម តូនិច ប្រាប់ប្រជាកាសែតថា ក្រុមកម្មករ ប្រមាណជាង១០០នាក់ប្រមូលផ្ដុំគ្នានៅមុខរោចក្រចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ខែ។លោកឱ្យដឹងថា ខាងរោងចក្របានឱ្យកម្មករឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដល់ថ្ងៃទី២៧ខែមេសា ដោយថៅកែសន្យាថា បើកប្រាក់ជូនកម្មករនៅថ្ងៃទី២២ ខែមេសា ក៏ប៉ុន្តែដល់ថ្ងៃទី២៤ខែមេសា កម្មករពុំទទួលបានប្រាក់ ទើបប្រមូលម្ដុំគ្នាតវ៉ា។ លោកថានៅល្ងាចថ្ងៃទី២៤ មេសា ខាងរោងចក្របានបិទប្រកាសជាព័ត៌មានដល់កម្មករថា រោងចក្រនឹងបើកប្រាក់ខែជូនកម្មករ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦វិញ។ លោកថា៖ «ខ្ញុំអត់សុខចិត្តបង យប់នេះខ្ញុំដេកអត់លក់ដែរ ព្រោះអីរោងចក្រហ្នឹងលឺថាគម្រោងថាប្រុងបិទផង ហើយដល់ពេលអ៊ីចឹងខ្ញុំត្រូវនៅយាម ខ្ញុំនៅត្រូវដេកយាមរបស់របរក្នុងរោងចក្រខ្លាចគេដឹកជញ្ជូនចេញអស់ទៅ ពួកខ្ញុំអត់បានលុយទាំងលុយប្រាក់ខែនិងអាលុយសំណងសងជំងឺចិត្តខ្ញុំទាំងអស់គ្នា ព្រោះអីម្នាក់ៗសុទ្ធតែនៅយុរឆ្នាំហើយ»។ ជាមួយគ្នានេះ លោកសំណូមពរទៅកាន់ថៅកែរោចក្រឱ្យផ្ដល់ដំណឹងដល់កម្មករបើពិតជាត្រូវបិទរោងចក្រមែននោះ។ លោកបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់ថៅកែរោងចក្របើសិនជាមានគម្រោងត្រូវបិទអីជូនដំណឹងដល់កម្មករឱ្យដឹងផង ព្រោះអីកុំបិទរបៀបស្ងាត់ៗអត់ចង់ឱ្យកម្មករដឹង ហើយប្រាក់ខែកម្មករកុំលើសថ្ងៃយូរពេក ព្រោះអីបងប្អូនកម្មករយើងអត់មានលុយតម្កល់សម្រាប់ហូបចុកប្រចាំថ្ងៃអ៊ីចឹងបង ព្រោះអីអត់មានលុយទេគាត់រំពឹងតែប្រាក់ខែរោងចក្រហ្នឹងហើយ»។ ចំណែកឯកម្មការិនីរោងចក្រអិមអិលផ្នែកពិនិត្យគុណភាពសម្លៀកបំពាក់កញ្ញា វ៉ន សុនី ប្រាប់ថា ភាគីរោងចក្រត្រូវបើកប្រាក់ជូនគាត់ចំនួន ១៤៥ដុល្លារអាមេរិក កាលពីថ្ងៃទី២២ ខែមេសា។ ក៏ប៉ុន្តែរោងចក្របន្តពន្យារពេលបើកប្រាក់ដល់ថ្ងៃទី២៨ ខែមេសា។ ការណ៍នេះ កញ្ញា សុនី មិនអាចទទួលយកបានទេ។ កញ្ញាថា៖ «អត់ព្រម អត់សុខចិត្តព្រោះអីវាលើសច្រើនថ្ងៃពេកហើយជាក់ស្ដែងយើងបន្ទាប់ពីចប់កម្មវិធីបុណ្យចូលឆ្នាំមកយើងម្នាក់ៗសុទ្ធតែអត់មានលុយទាំងអស់គ្នាបង។ ដល់ពេលដល់លើកច្រើនថ្ងៃអ៊ីចឹងមកយើងពិបាកទទួលយកដែរ»។ រីឯកម្មការិនីម្នាក់ទៀតដែលជាប្រធានផ្នែកដេរនៅរោងចក្រអិមអិលគឺ អ្នកស្រី ឡន សុភាព ប្រាប់ថាអ្វី ដែលអ្នកស្រីបារម្ភជាងគេគឺខ្លាចភាគីរោងចក្រប្រមូលសំភារៈបិទរោងចក្រចោល អំឡុងពេលកម្មកររង់ចាំបើកប្រាក់ខែ។ អ្នកស្រីថា៖ «បារម្ភខ្លាចតែ ដោយសារវាសល់ពេល៤ថ្ងៃ ខ្លាចគេដឹកឥវ៉ាន់ចេញពីរោងចក្រហ្នឹងអស់ កម្មករអត់សល់សំណង ភ័យរឿងហ្នឹងរឿងបិទរោងចក្រ អារឿងលុយលើកហ្នឹងធម្មតារបស់ អិមអិល ហើយ លើករហូត»។ ករណីនេះ អ្នកស្រី សុភាព អំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយសំណងជូនកម្មករបើសិនជារោងចក្រអិមអិលនេះត្រូវបិទទ្វារមែន។ សេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ របស់រោងចក្រអិមអិល អិនធីមេត អឹភែរឹល ខេមបូឌា ML INTIMATE APPAREL (CAMBODIA) LTD បញ្ជាក់ថារោងចក្រនឹងបើកប្រាក់ឈ្នួលវគ្គទី១ ខែមេសា ឆ្នាំ២០២៦ ជូនកម្មករនិយោជិតទាំងអស់យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ សេចក្ដីជូនដំណឹងបន្តថា៖ «បន្ទាប់ពីមានការប្រជុំពិភាក្សាគ្នាជាមួយលោកថៅកែ និងថ្នាក់គ្រប់គ្រងរោងចក្រ ស្តីពីប្រាក់ឈ្នួល វគ្គទី១ នៃមេសា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងធ្វើការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតទាំងអស់គា្ននៅអាទិត្យក្រោយ យ៉ាងយូរនៅថ្ងៃអង្គារទី២៨ ខែមេសា ឆ្នាំ២០២៦។ ដោយឡែក ព័ត៌មានផ្សេងៗអំពីស្ថានភាពរបស់រោងចក្រ និងសូមធ្វើការប្រកាសព័ត៌មានជាផ្លូវការដោយលាយលក្ខណ៍ អក្សរនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦តទៅ»។ តាមរយៈសារអេឡិចត្រូនិច (Email) ដែលកម្មកររោងចក្រអិមអិល ទទួលបានពីក្រុមតេឡេក្រាមរបស់រោងចក្រ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ ភាគីរោងចក្របានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យពួកគេ។ ដោយពួកគេបានព្យាយាមដោះស្រាយដែរ ក៏ប៉ុន្តែដោះស្រាយមិនបានក៏បានសម្រេចចិត្តទាំងបង្ខំក្នុងការបិទរោងចក្រអិមអិល អិនធីមេត អឹភែរឹលតែម្ដង។ ជុំវីញបញ្ហានេះ បុគ្គលិករដ្ឋបាលរោងចក្រអិមអិល អិនធីមេត អឹភែរឹលលោក ងួន ស៊ីវត្ថា បកស្រាយថា ជាទូទៅភាគីរោងចក្របើកប្រាក់ខែវគ្គទី១ជូនកម្មករទាំង៦៩៦នាក់នៅរៀងរាល់ថ្ងៃទី២២ នៃខែនីមួយៗ។ ក៏ប៉ុន្តែសម្រាប់ខែមេសា ឆ្នាំ២០២៦ មានការយឺតយ៉ាវទើបកម្មករចេញតវ៉ា គួបផ្សំនឹងព័ត៌មានថាបិទរងចក្រផងនោះ។ លោកថា៖ «ដោយសារថៅកែហ្នឹងគាត់មានបញ្ហាជាមួយខាងហិរញ្ញវត្ថុខាងនៅ ហុង កុង អ៊ីចឹងបានធ្វើឱ្យមានការយឺតយ៉ាវក្នុងការបើក[…]ចេញសេចក្ដីប្រកាសថ្មីៗម៉ោង៤ជាងហ្នឹងគឺចេញសេចក្ដីប្រកាសរួចរាល់អស់ហើយ យើងបើកនៅថ្ងៃទី២៨ ថ្ងៃអង្គារយ៉ាងយូរបំផុត»។ជាមួយគ្នានេះ ចំពោះពាក្យចចាមអារ៉ាមដែលកម្មករទទួលបានថានឹងបិទរោងចក្រអិមអិល អិនធីមេត អឹភែរឹលនោះ លោកបញ្ជាក់ថាវាជាការពិត។ តែយ៉ាងណាលោក ស៊ីវត្ថា ជឿជាក់ថាភាគីរោងចក្រនឹងផ្ដល់សំណងតាមច្បាប់។ លោកបន្ថែមថា៖ «យើងមានជាលិខិតជាផ្លូវការ យើងប្រកាសនៅថ្ងៃទី២៧តែម្ដង អ៊ីចឹងព័ត៌មានទាំងអស់ខាងក្រសួងមន្ទីរក៏បានដឹងបញ្ហានេះដែរ។ ប៉ុន្តែជាផ្លូវការហ្មងយើងមានលិខិតជាលាយលក្ខណ៍អក្សរប្រកាសហ្មងកុំឱ្យដើម្បីប្រជុំឱ្យដឹងទាំងអស់ជាផ្លូវការហ្មង»។ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យលោក នួន ស៊ីណា ប្រាប់ប្រជាកាសែត នៅថ្ងៃទី២៤ ខែមេសាថា ក្រុមការងាររបស់មន្ទីរការងារចុះទៅដោះស្រាយបញ្ហានៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល រួចហើយ ក្រោយកម្មករចេញតវ៉ា។ លោកថា៖ «លទ្ធផលខាងរោងចក្រគេប្រជុំដល់ម៉ោង៤ ដល់ហើយបងប្អូនកម្មករ ពេលមន្ត្រីមន្ទីរចុះទៅដោះស្រាយហើយជម្រាបពួកគាត់ក៏ត្រឡប់ទៅវិញ រង់ចាំមើលលទ្ធផលនៃការប្រជុំរវាងរោងចក្រជាមួយខាងថៅកែហើយខាងខ្ញុំនៅធ្វើការបន្តទៀតទាក់ទងការងារហ្នឹង»។ លោក ស៊ីណា បញ្ជាក់ថា មូលហេតុដែលនាំឱ្យកម្មករប្រមូលផ្ដុំគ្នាតវ៉ាគឺដោយសារភាគីរោងចក្របើកប្រាក់ខែជូនកម្មករយឺតយ៉ាវ ហើយលោកថាបញ្ហានេះបានកើតមានច្រើនលើកហើយនៅរោងចក្រ អិមអិល។…

ក្រសួងការងារធានារកការងារឱ្យពលករខ្មែរទាំងជាង១០០នាក់ ដែលត្រូវថៃបញ្ជូនមកកម្ពុជាវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាផ្ដល់ឱកាសនៅទូទាំងប្រទេសដល់ពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ ក្រោយឆ្លងដែនខុសច្បាប់ទៅប្រទេសថៃរកការងារធ្វើ ដែលភាគច្រើនការងារទាំងនោះនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករកម្ពុជាចំនួន១០៦ នាក់មកកម្ពុជាវិញតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ ក្រោយលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ដើម្បីរកការងារធ្វើ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។ សារព័ត៌មានដដែលនេះ បញ្ជាក់ថា ពលករកម្ពុជាទាំង១០៦នាក់ មានបុរស៦៤ នាក់ ស្រ្តី២៥ នាក់ និង១៧ នាក់ជាសាច់ញាតិរបស់ពួកគេដែលទៅរស់នៅជាមួយ។ នគរបាលប៉ុស្ដិអន្តរជាតិប៉ោយប៉ែតបញ្ជាក់តាមហ្វេសប៊ុកខ្លួនថា មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១០៦នាក់ ក្នុងនោះស្រី ២៦នាក់ កុមារ ១៦នាក់។ ប្រភពដដែលបន្តថា ប៉ុស្តិ៍នគរបាល បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ។ ឆ្លើយតបទៅនឹងការបញ្ជូនពលករខ្មែររបស់អាជ្ញាធរថៃនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថាក្រសួងការងារបានទទួលដំណឹងពីការបញ្ជូនពលករខ្មែរទាំង១០៦ នាក់មកកម្ពុជាវិញ និងបានបញ្ជូនមន្ត្រីក្រសួងការងារទៅទទួលពីព្រំដែនដោយសុវត្ថិភាព។ លោកមេសាថា ក្រសួងការងារបានណែនាំពលករខ្មែរមិនឱ្យឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបន្តទៀត។ លោកបន្ថែមថា ក្រសួងការងារធានារកការងារឱ្យពលករខ្មែរធ្វើ ដោយលោកអះអាងថាកម្ពុជាមានទីផ្សារការងារចំនួន៩ ម៉ឺនកន្លែង និងត្រៀមទទួលពួកគេចូលធ្វើការបើទោះបីជាពួកគេមាន ឬមិនមានជំនាញក៏ដោយ។ លោកថា៖ «យើងបានទទួលពួកគាត់នៅច្រកហើយៗ ហើយបានផ្សព្វផ្សាយឱកាសការងារនៅកម្ពុជា ដែលមានប្រមាណជា៩ម៉ឺននាក់ ដើម្បីកុំឱ្យពួកគាត់ចាកចេញពីប្រទេសធ្វើការនៅប្រទេសគេដោយគ្មានឯកសារ។ ជាការពិតយើងបានផ្ដល់លេខទំនាក់ទំនងជូនពួកគាត់ហើយ ជម្រុញឱ្យពួកគាត់ទាក់ទងមកលេខយើងហើយ»។ លោកបន្ថែមថា៖ «យើងរៀបចំក្រុមការងារចុះជួបពួកគាត់ហើយៗ អីចឹងពីចំណែកក្រសួងយើងបានត្រៀមរួចជាស្រេច កុំថាឡើយ១០០ នាក់ ទោះបីជា១០០០ នាក់ក៏យើងមានឱកាសការងារដែរ។ ឱកាសការងារដែលក្រសួងការងារប្រមូលបាននាពេលបច្ចុប្បន្ននៅក្នុងវិស័យរបស់យើងមានជាង៩ម៉ឺនកន្លែងទៀត អីចឹងវាអត់មានអីជាការព្រួយបារម្ភសម្រាប់បងប្អូនដែលមកពីប្រទេសថៃទេ»។ យោងតាមទិន្នន័យរបស់ក្រសួងការងារ ក្នុងចំណោមពលករខ្មែរចំនួន៩០ម៉ឺននាក់ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី លើកឡើងថា កម្ពុជាមិនមានការងារធ្វើគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នានោះទេ ដែលជាហេតុធ្វើឱ្យពលករខ្មែរបន្តធ្វើការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ លោកបន្តថាបំណុលជាកត្តាមួយ ដែលបង្កើតជាសម្ពាធមួយដល់ពួកគេឱ្យប្រញាប់ស្វែងរកការងារផ្សេងដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាព ។ លោកបន្ថែមថា ទីផ្សារការងារនៅកម្ពុជាមិនសមស្របសម្រាប់ជំនាញរបស់ពលករខ្មែរដែលធ្លាប់ធ្វើការនៅប្រទេសថៃ។ លោកថា ក្រសួងការងារគួរបង្កើតអាជីវកម្មខ្នាតតូច និងមធ្យម និងមានគោលនយោបាយការងារច្បាស់លាស់។ លោកថា៖ «វាមិនមែន១០០ ឬ២០០ នាក់ទេ អាចច្រើនជាងហ្នឹងបើតាមខ្ញុំដឹង ចេញតាមផ្លូវកាត់ឬយ៉ាងម៉េច អាហ្នឹងជារបៀបដែលគាត់ធ្លាប់ទៅណា។ យើងមានសម្ពាធពីរ សម្ពាធមួយគឺពិបាករកការងារធ្វើ បើមានក៏វាអត់បានថ្លៃ។ បំណុល ជារឿងមួយដែលធ្វើឱ្យពួកគាត់គ្មានជម្រើស ពេលខ្លះរកកន្លែងណាដែលបានចំណូលច្រើន តាមខ្ញុំដឹង ហើយបានសាកសួរពួកគាត់ខ្លះៗ ហើយអ្នកដែលវិលត្រឡប់ទៅវិញ ក៏មិនមានតែប៉ុណ្ណឹងដែរ»។ លោកបន្ថែមថា៖ «អាជីវកម្មខ្នាតតូច ខ្នាតមធ្យម អីហ្នឹងវាជាប្រភពបង្កើតជាប្រភពការងារឱមនុស្សធ្វើ។ គិតមើលវិស័យសំណង់ក៏មិនទាន់ងើបរួច [...] ឱកាសការងារក្នុងស្រុកយើងទៀតវាអត់ស៊ីគ្នាជាមួយទីផ្សារការងារដែលពលករខ្មែរ ធ្វើការនៅប្រទេសថៃ ភាគច្រើនការងារនៅទីនោះគឺសំណង់ហើយកសិកម្មតាមស្រែតាមចម្ការអីចឹងណា។ ហើយទីផ្សារការងារដែលបើកនៅខ្មែរភាគច្រើនគឺវិស័យរោងចក្រ។ ចម្លើយថាតើរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចគឺការពង្រឹងសមត្ថភាពអាជីវកម្មខ្នាតតូច និងមធ្យម ហើយមែនទែនទៅរៀងហ្នឹង យើងត្រូវគិតតាំងពីដើមឯណោះ»។ របាយការណ៍ស្ដីពីគំនិតគោលនយោបាយ និងអនុសាសន៍សម្រាប់ពលករចំណាកស្រុកមកពីប្រទេសថៃរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លើកឡើងថាបញ្ហាពលករចំណាករចំណាកស្រុកជាប្រឈមមួយយ៉ាងធំ ដែលតម្រូវឱ្យមានវិធានការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដើម្បីរក្សាឱ្យបាននូវជីវភាពរស់នៅមួយដ៏សមរម្យសម្រាប់ពលករចំណាកស្រុកដែលបានវិលត្រឡប់ចូលប្រទេសវិញ។ របាយការណ៍នេះលើកឡើងពីអនុសាសន៍មួយចំនួនរួមមានពង្រីកនូវយន្តការកិច្ចគាំពារសង្គមដល់គ្រួសារដែលមានពលករចំណាកស្រុក លើកទឹកចិត្តដល់វិស័យឯកជនដែលទទួលយកពលករចំណាកស្រុកចូលធ្វើការងារ ទទួលស្គាល់ឱ្យបានឆាប់រហ័សនូវជំនាញ ផ្តល់ជំនួយដល់ការអភិវឌ្ឍជំនាញរយៈពេលខ្លី ធ្វើការផ្អាកជាបណ្តោះអាសន្ននូវការសងបំណុលរបស់គ្រួសារពលករចំណាកស្រុក និងបង្រួមដំណើរការទទួលបានឯកសារផ្លូវច្បាប់ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាកស្រុកខុសច្បាប់ម្តងទៀត៕

ពលករខ្មែរបារម្ភមិនអាចបន្តធ្វើការនៅប្រទេសថៃក្រោយបណ្ណការងារអស់សុពលភាព
ពលករខ្មែរប្រមាណ៨ម៉ឺននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់នឹងការងារក្រោយបណ្ណអនុញ្ញាតការងារផុតសុពលភាព ដោយសារតែភាគីថៃមិនទាន់បន្តឱ្យ។ ចំណែក អាជ្ញាធរកម្ពុជា អះអាងថាបានត្រៀមវិធានការរួចជាស្រេច ដើម្បីគាំទ្រពលករខ្មែរនៅប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរនៅប្រទេសថៃជាង៣០ម៉ឺននាក់ ក្នុងនោះមានតែ ៨ម៉ឺននាក់ ផុតសុពលភាពបណ្ណការងារនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា គណៈរដ្ឋមន្ត្រីថៃនៅមិនទាន់សម្រេចអនុម័តបន្តសុពលភាពនៅឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារមានភាពច្បាស់លាស់របស់ខ្លួន។ លោកនិយាយបន្តថា ក្រសួងបានត្រៀមយុទ្ធនាការរួចជាស្រេច ទាំងក្នុងករណីបញ្ជូនពលករត្រឡប់មកវិញ និងក្នុងករណីបន្តសុពលភាពនៅថៃ។ លោកថា កន្លងមក កម្ពុជា បានសម្របសម្រួលដោះស្រាយបញ្ហាពលករជាង ៩០ម៉ឺននាក់ដោយជោគជ័យ។ លោកនិយាយថា៖ «១ក្នុងករណីក្នុងការបញ្ជូនចេញ យើងមានយន្តការរួចជាស្រេច ព្រោះយើងធ្លាប់ដោះស្រាយបញ្ហា បងប្អូនជាង ៩០ ម៉ឺងនាក់ យើងធ្វើបានយ៉ាងជោគជ័យ កាលពីពេលកន្លងទៅ។ យន្តការយើងបានរៀបជាមួយនឹងក្រសួងដែលពាក់ព័ន្ធ ជំនាញរួចជាស្រេចអស់ហើយ»។ លោកបន្តថា៖ «ចំណុចទី២ ប្រសិនបើថៃចង់បន្តសុពលភាព បងប្អូនយើងវិញ ក្រសួងតាមរយៈប្រព័ន្ធការងាររបស់ខ្លួន ក្រុមការងារជំនាញ បានត្រៀមសម្រាប់ជួយ សម្រួលឯកសាររួចរាល់ហើយផងដែរ។ អីចឹងមានន័យថាយើងយកចិត្តទុកដាក់ តាំងពីបងប្អូននៅទីនេះ និងខណៈដែលបងប្អូនត្រឡប់មកវិញ»។ បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃលោក ទ្រីណុច ធៀនថុង (Trinuch Thienthong) ពលករកម្ពុជាដែលមានលិខិតអនុញ្ញាតការងារ និងនៅមានសុពលភាពត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការរហូតដល់ពួកគេផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដែលរដ្ឋាភិបាលថៃនឹងពិនិត្យលើករណីនេះបន្តទៀត។ រដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះ ថ្លែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា គ្មានពលករកម្ពុជាថ្មី នឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការនៅប្រទេសថៃឡើយ។ លោកថា មានតែអ្នកដែលមានលិខិតអនុញ្ញាតការងារដែលមានសុពលភាពប៉ុណ្ណោះដែលនឹងត្រូវបានគ្រប់គ្រង ទាមទារឱ្យមានការចុះឈ្មោះត្រឹមត្រូវ និងការត្រួតពិនិត្យពីនិយោជក។ យ៉ាងណាមិញ ពលករខ្មែរនៅថៃមួយចំនួន បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកស្រី ណុច បួរិន ដែលធ្វើការនេសាទនៅខេត្តឈុនបុរី បាននិយាយថា បញ្ហាបណ្ណការងារផុតសុពលភាព បានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពការងាររបស់នាង ដោយសារតែបណ្ណការងាររបស់អ្នកស្រីបានផុតសុពលភាពតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មកម៉្លេះ។ អ្នកស្រីថា៖ «ដូចថាគេមិនទាន់បើកផ្លូវ យើងមិនទាន់បានទៅដែរ អីចឹងអត់ទាន់ទៅ ដូចខ្មែរនៅនេះមិនទាន់គិតថា អ្នកខ្លះ passport គេមិនទាន់ដាច់ គេនៅបានប៉ុន្តែយើងដាច់នៅអត់បាន តែថៅកែយើងក៏មានបញ្ហាដែរ […]ប្រសិនជាភាគីថៃ បន្តឲ្យរស់នៅប្រទេសថៃនឹងអាចបន្តបាន៦ខែទៀត ប៉ុន្តែមកដល់ពេលនេះ មិនទាន់លឺដំណឹងថានឹងអាចបន្តទៀត បាននោះទេ»។ អ្នកស្រីបន្តថា ៖ «ខ្ញុំមានសំណើចង់ថាសុំឲ្យគេបើកធ្វើ passport ទៅប្រជាជនយើងនៅពិបាកក្រីក្រនៅស្រុកគេច្រើនណាស់ គ្នាខ្វះខាតណាមួយទៅផ្ទះវិញនៅជំពាក់អង្គការច្រើនចឹងហា វាពិបាកផ្លូវអីផងណាមួយយើងទៅវ័យនេះហើយវាមិនអាចទេ ហើយណាមួយកូនរៀនមិនទាន់ចប់ អ្នកខ្លះគ្នាក្រ ដូចពួកខ្ញុំអីចឹង មានអីសង្ឃឹមអីទៀត អត់មានអីសង្ឃឹមទេ។ យើងមានតែរកស៊ីស្រុកគេមួយរយៈសិនបើថា អាជ្ញាធរគេមិនបានបើកធ្វើឲ្យយើង គឺផ្លូវតែមួយមានតែទៅផ្ទះ។ ចំាមើលបន្តទៀត គេបើកឲ្យ៦ខែហ្នឹង ប៉ុន្តែមិនដឹងថាជាយ៉ាងណានៅផ្តុំកន្លែង [ខ្ញុំ]រស់នៅនេះមិនទាន់មានបញ្ហានៅធម្មតា»។ អ្នកស្រីបន្ថែមថា៖ «បើចង់ទៅខ្មែរវិញ ចង់ឲ្យរដ្ឋាភិបាលជួយប្រជាជនបន្តិចមក ព្រោះប្រជាជនខ្លះគ្នាទៅរកការងារធ្វើមិនបានទេ ចឹងនិយាយចឹង ហើយណាមួយសម្រួលទៅកាន់ធនាគារបន្តិចមក។ បើគ្នាទៅបានទៅហើយ អ្នកខ្លះមិនអាចទៅបានដោយសារតែជីវភាពខ្វះខាត នៅជំពាក់»។ ដូចគ្នានេះដែរ ពលករម្នាក់ទៀត អ្នកស្រី លី កា អាយុ ២៧ឆ្នាំ ដែលធ្វើការសំណង់នៅខេត្តបទុមថានី បាននិយាយថា ទោះបីមានការព្រួយបារម្ភពីបណ្ណការងារអស់សុពលភាព ក៏នាងនៅតែបន្តធ្វើការងារនៅប្រទេសថៃដោយសារតែជំពាក់បំណុល និងមិនអាចត្រឡប់ទៅកម្ពុជាវិញបាន។ អ្នកស្រីថា៖ «ខ្ញុំព្រួយចេះតែព្រួយហើយ ប៉ុន្តែខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េច ព្រោះអីខ្ញុំទៅអត់បានដោយសារតែខ្ញុំជំពាក់គេ ដល់ពេលចឹងទៅចេះតែស៊ូនៅ។ យើងនៅស្ងាត់ៗណា ក៏វាអត់អីចឹងទៅ យើងអត់បានទៅណាឆ្វេកឆ្វាច គឺយើងនៅតែកន្លែងធ្វើការ ចេញពីធ្វើការងារយើងចូលទៅផ្ទះដេកចឹងទៅ អត់បានទៅណាទៅណីអីទៀតទេ»។ រីឯអ្នកស្រី ម៉ុន សុខម៉ៃ ធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលើកឡើងថា អ្នកស្រីនឹងបន្តធ្វើការនៅប្រទេសថៃរហូតដល់បណ្ណការងាររបស់អ្នកស្រីផុតសុពលភាពនៅឆ្នាំ២០២៧ ហើយប្រសិនបើដល់ពេលនោះ អ្នកស្រីមិនអាចបន្តបណ្ណការងារបានទៀត អ្នកស្រីនឹងវិលត្រឡប់ទៅស្រុកកំណើតវិញ។ អ្នកស្រីបាននិយាយថា កាលពី៣ ខែមុន ទោះអ្នកស្រីមានឯកសារស្របច្បាប់ធ្វើការនៅប្រទេសថៃក៏ដោយ ប៉ុន្តែដោយសារភ្លេចយកបណ្ណការងារ អ្នកស្រីត្រូវប៉ូលីសថៃឃាត់ខ្លួន មុនពេលថៅកែមកជួយដោះស្រាយ។ អ្នកស្រីយល់ថា ពលករដែលគ្មានបណ្ណការងារ អាចប្រឈមនឹងការបញ្ជូនត្រឡប់ទៅស្រុកវិញ។ អ្នកស្រីលើកឡើងថា៖ «បើគេមិនបន្តឲ្យមានតែយើងទៅផ្ទះមុនថ្ងៃ៣១ ។ បើមិនបន្តឲ្យទេមានតែទៅផ្ទះហើយ ដោយសារនៅតំបន់បង សុទ្ធតែប៉ូលីស។» កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា រដ្ឋាភិបាលថៃបានចេញបម្រាមជាផ្លូវការលើពលករចំណាកស្រុកខ្មែរថ្មីដែលចូលប្រទេសថៃដោយលើកឡើងពី «ហានិភ័យសន្តិសុខជាតិ» ដែលកំពុងបន្តដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីជាវិស័យឯកជនរបស់ប្រទេសថៃបានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងប្រទេសថៃក៏ដោយ។ ជុំវិញការប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បានជំរុញទៅរដ្ឋាភិបាលកម្ពុជាថា៖ «ក្រសួងការងារកម្ពុជាត្រូវតែត្រៀមលក្ខណៈរួចរាល់ ប្រសិនបើមានការចាប់បញ្ជូនដោយបង្ខំបែបណាមួយឲ្យវិលត្រឡប់មកវិញគឺត្រៀមលក្ខណៈរួចនៅខាងកម្ពុជា»។…

កម្មករជាង៣០០នាក់ធ្វើកូដកម្មទាមទារឱ្យប្រធានសហជីពចូលធ្វើការវិញ
កម្មរកររោងចក្រកាត់ដេរសម្លៀកបំពាក់ មានឈ្មោះ អ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) ជាង៣០០នាក់ ជួបជុំគ្នាមុខរោងចក្រនៅខណ្ឌដង្កោភ្នំពេញ ដើម្បីធ្វើកូដកម្មទាមទារឱ្យថៅកែទទួលយកប្រធានសហជីពប្រចាំរោងចក្រចូលធ្វើការវិញ។ កូដកម្មនោះចាប់ផ្ដើមធ្វើពីព្រឹកថ្ងៃទី០៧ខែមេសា២០២៦ គឺមួយថ្ងៃក្រោយពីភាគីរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន (East Loyal Garment) បានបញ្ឈប់ប្រធានសហជីពប្រចាំរោងចក្រម្នាក់ពីការងារកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមិនបញ្ជាក់មូលហេតុ។ កម្មរការិនីផ្នែកដេរនៅរោងចក្រកាត់ដេរសម្លៀកបំពាក់អ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) អ្នកស្រី ម៉ុច វ័យ៣២ឆ្នាំ បានប្រាប់ប្រជាកាសែតថា អ្នកស្រីធ្វើកូដកម្មនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យរោងចក្រទទួលប្រធានសហជីពដែលជាតំណាងកម្មករចូលធ្វើការវិញ ព្រោះតំណាងកម្មកររូបនេះតែងតែជួយការពារសិទ្ធិកម្មករ។ អ្នកស្រីថា៖ «គាត់បានដកសហជីព សហជីពតំណាងកម្មករក្នុងរោងចក្រហ្នឹងចេញម្សិលមិញបង។ ពេលម៉ោង៣ជាងគាត់(រោងចក្រ)បាញ់លុយចូលកុងគេ ហើយដល់ពេលហើយទៅគាត់ដកអត់ប្រាប់ពីមូលហេតុអីពីអ្វីដែលគាត់ត្រូវដក គោលគារណ៍របស់គាត់ដករបស់គាត់ ហើយដកកុងត្រា ហេតុអីក៏គាត់ដកៗហ្មងគាត់អត់ប្រាប់ជូនដំណឹងគេមុន[…]ហើយខ្ញុំទាមទារចង់ឱ្យបង[តំណាងកម្មករ]ចូលធ្វើការវិញ»។ ចំណែកឯកម្មករម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មានបញ្ហាមួយចំនួនដែលកើតឡើងក្នុងរោងចក្ររួមមានការបញ្ឈប់ប្រធានសហជីពមូលដ្ឋាន ការមិនផ្ដល់ប្រាក់ធ្វើដំណើរបន្ថែមជាដើម ទើបកម្មករផ្ទុះកូដកម្ម។ លោកថា៖ «ខាងរោងចក្រដកតំណាងកម្មករចេញ ហើយអត់ជូនដំណឹងគេ ។ ហើយទី១រោងចក្រអត់គោរពច្បាប់ក្រសួងការងារ និយាយទៅរោងចក្រគឺខុសច្រើន ដោយសារគាត់អត់គោរពច្បាប់ក្រសួងការងារ ទាំងអាលុយខាងក្រសួងប្រកាសជួយថ្លៃធ្វើដំណើរកម្មករ អ៊ីចឹងក៏កម្មករទាំងអស់គ្នាអត់សុខចិត្តអ៊ីចឹង ហើយរឿងលុយរង្វាន់ លុតអីផ្សេងៗគឺរោងចក្រភាគច្រើនគឺគាត់កាត់បន្ថយ»។ ប្រធានសហជីពស្មាតីកម្មករកម្ពុជាប្រចាំរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) អ្នកស្រី លី សុផារី យល់ថាការដែលរោងចក្រ បញ្ឈប់ ការងាររបស់គាត់ គឺទំនងទាក់ទងនឹងសកម្មភាពដែលគាត់ចេញមុខការពារសិទ្ធិកម្មករកន្លងមក។ អ្នកស្រីថា៖ «ខ្ញុំអត់ដឹងមូលហេតុទេបង ប៉ុន្តែបើតាមខ្ញុំគិតគឺប្រហែលជាមួយរយៈមុនខ្ញុំចេញមុខតវ៉ាទាមទារសំណងឱ្យបងប្អូនកម្មករច្រើនពេក។ អ៊ីចឹងបានក្រុមហ៊ុនគេមានការមិនពេញចិត្ត នឹងតំណាងកម្មករ គឺគេអត់ចង់ឱ្យមានតំណាងនៅក្នុងរោងចក្រហ្នឹងទេ គេបញ្ឈប់ខ្ញុំភ្លាមៗតែម្ដង ខ្ញុំព្យាយាមសួរនាំមូលហេតុគេដែរ ប៉ុន្តែគេអត់ប្រាប់»។ អ្នកស្រី លី សុផារី ឱ្យដឹងថា កម្មករដែលធ្វើកូដកម្មនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គឺមានប្រមាណជា ៧០ភាគរយនៃកម្មករសរុបជាង៥០០នាក់។ អ្នកស្រីថា ក្រុមកម្មករទាមទារឱ្យរោងចក្រទទួលសហជីពមូលដ្ឋានចូលធ្វើការវិញ និង៦ចំណុចផ្សេងទៀតរួមាន ស្នើសុំក្រុមហ៊ុនអនុវត្តកិច្ចព្រមព្រៀងរវាងនិយោជិតនិងនិយោជកកន្លងមកឱ្យបានពេញលេញ និងស្នើឱ្យប្ដូរប្រធានរដ្ឋបាលចេញចេញ។ ក្រុមកម្មករក៏ទាមទារឱ្យនាយកក្រុមហ៊ុនកែឈប់ជេរប្រមាថ និងដាក់សម្ពាធកម្មករ ស្នើសុំក្រុមហ៊ុនផ្ដល់ប្រាក់ជំនាញតាមផ្នែកឡើងវិញដូចកាលពីមុន ផ្ដល់ប្រាក់រង្វាន់ទៅតាមចំនួនដែលបានឯកភាពគ្នា ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់សេវាមេធាវីដែលរើសអើង និងញុះញង់កម្មករ។ ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេត្រឹមរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត សង្កេតឃើញថា កន្លងមកនៅរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) មានបញ្ហាមួយចំនួនកើតឡើងដូចជាការបញ្ឈប់កម្មករពីការងារដោយមិនជូនដំណឹងមុន និងមិនប្រាប់មូលហេតុនៃការបញ្ឈប់ជាដើម។ លោកថា៖ «អ្វីដែលខ្ញុំមើលឃើញនៅរោងចក្រហ្នឹងគឺ ដោយសារតែគាត់មានទីប្រឹក្សាខាងក្រុមហ៊ុនហ្នឹង។ ខ្ញុំអត់ដឹងថាគាត់យល់អំពីច្បាប់ដល់កម្រិតណាទេ គាត់នឹកឃើញគាត់ធ្វើហ្មង ហើយទីមួយដូចជាការបញ្ឈប់កម្មករគឺកន្លងមកដល់ថ្ងៃបញ្ឈប់ ដល់ម៉ោងបញ្ឈប់យកហ្មង គាត់អត់មានប្រាប់ថា អូកម្មករធ្វើខុសចំណុច១ចំណុច២ចំណុច៣ទេ ដូចម្សិលមិញអ៊ីចឹង គាត់គឺជាប្រតិភូបុគ្គលិកផង ហើយដល់ម៉ោងគឺខាងរោងចក្រហៅគាត់ទៅបញ្ឈប់យកហ្មង»។ លោកបន្ថែមថា លោកក៏សង្កេតឃើញមានបញ្ហាមួយចំនួនទៀតកើតឡើងនៅរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) ដូចជាបញ្ហាកាត់ប្រាក់កម្មករពេលសម្រាកឈឺទោះមានលិខិតពីពេទ្យ និងការមិនបង់ប្រាក់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនកម្មករមួយចំនួនជាដើម។ លោកបន្ថែមថា៖ «សំណូមពរទៅខាងក្រសួងការងារ សូមស្នើតាមរយៈឯកឧត្តមរដ្ឋមន្ត្រីស្នើចាត់មន្ត្រីចុះអធិការកិច្ច និងជំរុញឱ្យរោងចក្រហ្នឹងអនុវត្តច្បាប់ទៅ។ ព្រោះការមិនអនុវត្តន៍ច្បាប់ ហើយចេះតែបំពានច្បាប់វាធ្វើឱ្យកម្មករអត់សប្បាយចិត្ត ហើយវាអាចផ្ទុះរឿងកូដកម្មកើតឡើងនៅពេលក្រោយបន្តទៀត»៕

សង្គមស៊ីវិលបារម្ភពីពលករខ្មែរធ្វើការនៅថៃទាំងជាង១០ម៉ឺននាក់ ដែលកាន់បណ្ណការងារជិតអស់សុពលភាព
អង្គការសង្គមស៊ីវិលបង្ហាញក្ដីបារម្ភពីពលករខ្មែរដែលបន្តធ្វើការនៅប្រទេសថៃប្រមាណជាង១០ ម៉ឺននាក់ ថាអាចប្រឈមនឹងភាពអត់ការងារធ្វើ និងការបណ្ដេញចេញ ក្រោយក្រសួងការងារថៃមិនព្រមបន្តបណ្ណការងារស្របច្បាប់ឱ្យពួកគេ។ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា កន្លងមកក្រសួងការងារថៃបានធ្វើបច្ចប្បន្នភាពឱ្យដឹងថាពលករខ្មែរជាង១០ ម៉ឺននាក់ទៀតនឹងអស់សុពលភាពបណ្ណការងារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ តែយ៉ាងណាលោកថាមកទល់ពេលនេះ ក្រសួងការងារថៃមិនទាន់អនុញ្ញាតឱ្យបន្តសុពលភាពនៅឡើយ ដែលធ្វើឱ្យពលករខ្មែរនៅប្រទេសថៃមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ប្រឈមការរស់នៅខុសច្បាប់ និងការបណ្ដេញចេញមកកម្ពុជាវិញ។ លោកថា៖ «យើងបានឃើញព័ត៌មានជាហូរហែដែរថាពួកគាត់ជាង១០ ម៉ឺននាក់ហ្នឹងមិនអាចបន្ត វីសា (visa) បានទេ។ អីចឹងបញ្ហាប្រឈមរបស់ពួកគាត់គឺប្រឈមច្រើន ហើយកន្លងមកប្រជាពលរដ្ឋក៏បានត្អូញត្អែរពីការខ្លាចរស់នៅដោយខុសច្បាប់ ហើយណាមួយបញ្ហាប្រឈមរបស់គាត់ហ្នឹង គឺអ្នកខ្លះទៅគាត់រង់ចាំមើលគោលនយោបាយក្រសួងការងារថៃ ថាតើគេតឱ្យ ឬមិនតឱ្យយ៉ាងម៉េច»។ លោកបន្ថែមថា៖ «ខ្ញុំគិតថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារខ្មែរក៏គាត់បានជ្រាបដែរ ដែលក្រសួងការងារថៃមិនបន្ត Visa ឱ្យពលករខ្មែរនៅថៃ។ កន្លងមកក្រសួងការងារខាងថៃក៏គេបានធ្វើបច្ចុប្បន្នភាព ទាក់ទងទៅរឿងហេតុផលដែលថារដ្ឋាភិបាលថៃនៅតែរឹតបន្តឹងទាក់ទងរឿងសន្តិសុខរបស់ថៃ។ នេះហើយដែលធ្វើឱ្យប៉ះពាល់ដល់ពលករ ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ»។ លោក សុផុន បន្តលើកឡើងថាពលករខ្មែរទាំងនោះបារម្ភពីឱកាសការងារតិចតូចប្រសិនបើពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ។ លោកថា៖ «ផលប៉ះពាល់ច្រើន ហើយខ្ញុំមើលឃើញថាពលរដ្ឋនៅតាមតំបន់ផ្សេងៗដែលព្រួយបារម្ភពីការរស់នៅ ព្រួយបារម្ភពីការបំលាស់ទី ព្រួយបារម្ភពីការវិលត្រឡប់ទៅប្រទេសកំណើត ជាពិសេសគាត់មានអាយុច្រើនៗ ខ្ទង់៣០ ៤០ជាងអី គាត់ព្រួយបារម្ភថាពេលត្រឡប់មកប្រទេសកំណើតវិញ ប្រទះនូវកង្វះការងារឱ្យេពួកគាត់»។ បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃលោក ទ្រីណុច ធៀនថុង (Trinuch Thienthong) ពលកររកម្ពុជាដែលមានលិខិតអនុញ្ញាតមានសុពលភាពត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការរហូតដល់ពួកគេផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដែលរដ្ឋាភិបាលថៃនឹងពិនិត្យលើករណីនេះបន្តទៀត។ រដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះ ថ្លែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា គ្មានពលករកម្ពុជាថ្មី នឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការនៅប្រទេសថៃឡើយ។ លោកថា មានតែអ្នកដែលមានលិខិតអនុញ្ញាតការងារដែលមានសុពលភាពប៉ុណ្ណោះដែលនឹងត្រូវបានគ្រប់គ្រង ទាមទារឱ្យមានការចុះឈ្មោះត្រឹមត្រូវ និងការត្រួតពិនិត្យពីនិយោជក។ កាសែតបាងកកប៉ុស្តិ៍ថៃ បានផ្សាយថា រដ្ឋាភិបាលថៃបានចេញបម្រាមជាផ្លូវការលើពលករចំណាកស្រុកខ្មែរថ្មីដែលចូលប្រទេសថៃដោយលើកឡើងពី «ហានិភ័យសន្តិសុខជាតិ» ដែលកំពុងបន្តដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីជាវិស័យឯកជនរបស់ប្រទេសថៃបានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងប្រទេសថៃក៏ដោយ។ ប្រជាកាសែតមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានទេនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។ តែយ៉ាងណា ទាក់ទងនឹងបញ្ហាបន្តសុពលភាពបណ្ណការងារសម្រាប់ពលករខ្មែរនៅប្រទេសថៃនេះ លោក មេសា បានប្រាប់សារព័ត៌មានគិរីប៉ុស្ត៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា ការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលទីក្រុងបាងកកគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ លោកថា ក្រសួងការងារបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពលករខ្មែរដែលវិលត្រឡប់មកកម្ពុជាវិញដើម្បីទទួលបានការងារ។ ពលករខ្មែរម្នាក់ដែលធ្វើការជាងមួយទសវត្សរ៍នៅក្នុងប្រទេសថៃ អ្នកស្រី ម៉ុន សុខម៉ៃ បាននិយាយថា អ្នកស្រីមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយអំពីគោលនយោបាយថ្មីនេះនៅឡើយទេ។ អ្នកស្រីថា បណ្ណការងាររបស់អ្នកស្រីអស់សុពលភាពនៅឆ្នាំ២០២៧។ លើសពីនេះ អ្នកស្រីសង្កេតឃើញថា បើទោះបីជាមានការរឹតបន្តឹងផ្នែកសន្តិសុខជាមួយពលករខ្មែរ ពលករដែលមានឯកសារត្រឹមត្រូវ និងមានការងារ និងការធានាច្បាស់លាស់ជាមួយថៅកែថៃនៅតែអាចបន្តសុពលភាពបណ្ណការងារបាន។ អ្នកស្រីថា៖ «សម្រាប់បងផុតកំណត់ឆ្នាំ២០២៧។ បងធ្វើការជាមួយថៅកែថៃនៅបាងកកយូរហើយ ដូចមិនមានការព្រួយបារម្ភទេ។ បងអត់ដឹងច្បាស់រឿងហ្នឹងទេ តែបងឃើញពលករខ្មែរយើងនៅបន្តបានធម្មតាតើ»។ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថាក្នុងស្ថានភាពដែលកម្ពុជា និងថៃ កំពុងមានភាពតានតឹងដោយសារជម្លោះព្រំដែន រដ្ឋាភិបាលកម្ពុជាគួរត្រៀមលក្ខណៈជានិច្ចក្នុងការដោះស្រាយវិបត្តិការងាររបស់ពលករខ្មែរ។ ប្រសើនបើពួកគេមិនអាចបន្តការងារក្នុងប្រទេសថៃបាន លោកថា កម្ពុជាគួរត្រៀមរកការងារឱ្យពួកគេធ្វើ និងជួយផ្នែកសមធម៌ ក៏ដូចជាទ្រទ្រង់ផ្នែកជីវភាពរបស់ពួកគេ។ លោកថា៖ «ទី១ ប្រសិនបើចង់ពលករខ្មែរធ្វើការបាន ទាល់តែមានទំនាក់ទំនងជាមួយថៃ។ បើសិនទំនាក់ទំនងមិនអាចទៅរួចទេ ដោយសារស្ថានភាពតានតឹង អាហ្នឹងមានតែត្រៀមលក្ខណៈទទួលពលករត្រឡប់មកវិញ។ បើទល់ពេលនេះហើយ ប្រសិនបើខាងថៃគេមិនទាន់សម្រេចថាយ៉ាងម៉េចផង។ ខ្ញុំគិតថាគេទុកឱ្យយើងអស់សុពលភាព ហើយគេចាប់ផ្ដើមប្រើវិធានការក្ដៅលើយើង អីចឹងវាអាចបង្កបញ្ហាកាន់តែខ្លាំង។ វាអាចជាសម្ពាធសម្រាប់រដ្ឋាភិបាលកម្ពុជាហ្នឹង»។ លោកបន្ថែមថា៖ «ខ្ញុំមើលឃើញលទ្ធភាពរាជរដ្ឋាភិបាលហាក់ដូចជាមិនមានលទ្ធភាពអីអាចនឹងទទួល អាចនឹងផ្ដល់ជំនួយ ការឧបត្ថម្ភអីធំដុំ ខ្ញុំមើលឃើញជាទូទៅ ព្រោះអ្នកដែលត្រឡប់មកមុនមិនដឹងថាបានការងារគ្រប់គ្នាហើយឬនៅ។ ខ្ញុំគិតថាលំបាក តែយ៉ាងណាយើងត្រូវតែត្រៀម»។ តាមរយៈរបាយការណ៍ស្ទង់មតិពីផលប៉ះពាល់នៃពលករខ្មែរចំណាកស្រុកដែលត្រឡប់ពីថៃចំនួន ៥២៧ នាក់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់(CENTRAL) រកឃើញថាមានពលករខ្មែរដែលត្រឡប់ពីថៃដោយសារជម្លោះព្រំដែនជាង៧០ភាគរយជំពាក់បំណុលគេ ដោយជាមធ្យមជំពាក់ជាង៥ពាន់ដុល្លារក្នុងមួយគ្រួសារ។ ចំណែកខាងក្រសួងការងារវិញ អះអាងថា ក្នុងចំណោមពលករខ្មែរត្រឡប់ពីថៃវិញប្រមាណជាង ៩០ម៉ឺននាក់ដោយសារសង្រ្គាមវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា មានពលករខ្មែរប្រមាណ៦០ម៉ឺននាក់ទទួលបានឱកាសការងារទាំងក្នុងនិងក្រៅប្រព័ន្ធ៕

សហជីពស្នើរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាពកម្មករ ដើម្បីបញ្ចៀសសម្ពាធពន្ធគយពីអាមេរិក
សហជីព និងសង្គមស៊ីវិលធ្វើកិច្ចការលើសិទ្ធិការងារ ស្នើឱ្យរដ្ឋាភិបាលសហការផ្តល់ព័ត៌មានពិតអំពីស្ថានភាពការងាររបស់កម្មកររោងចក្រនៅកម្ពុជា និងអនុវត្តចំណុចខ្វះខាតប្រសិនបើរកឃើញថានៅមានបញ្ហាកើតឡើង ដើម្បីចៀសវាងការដាក់សម្ពាធពន្ធគយបន្ថែមរបស់អាមេរិក។ ការលើកឡើងនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបើកការស៊ើបអង្កេតលើកម្ពុជាសម្រាប់ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ពាក់ព័ន្ធផលិតកម្មលើសសមត្ថភាព និងពលកម្មដោយបង្ខំ។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចេញសេចក្តីប្រកាស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបើកការស៊ើបអង្កេតថ្មី ចំពោះការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ លើប្រទេសដៃគូពាណិជ្ជកម្មចំនួន៦0 រួមទាំងកម្ពុជាផង ដើម្បីដាក់សម្ពាធពន្ធគយឡើងវិញលើប្រទេសទាំងនោះ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចលុបចោលពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យដឹងបន្ថែមថា ទោះបីមានការព្រមព្រៀងជាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំក្ដី ក៏រដ្ឋាភិបាលនានាបានបរាជ័យក្នុងការដាក់ចេញ និងអនុវត្តឱ្យមានប្រសិទ្ធភាព លើវិធានការហាមឃាត់ទំនិញ ដែលផលិតដោយពលកម្មដោយបង្ខំ មិនឱ្យចូលក្នុងទីផ្សាររបស់ប្រទេសទាំងនោះ។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់ថា៖ «ការស៊ើបអង្កេតទាំងនេះនឹងកំណត់ថា តើរដ្ឋាភិបាលបរទេសនានា បានចាត់វិធានការគ្រប់គ្រាន់ដើម្បីហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយពលកម្មដោយបង្ខំដែរឬទេ ហើយថាតើការបរាជ័យក្នុងការលុបបំបាត់ការអនុវត្តដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ បានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះដល់កម្មករ និងអាជីវកម្មក្នុងសហរដ្ឋអាមេរិក»។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់ថា នឹងរៀបចំសវនាការពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយផ្អែកលើមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ស្តីពីសកម្មភាពមិនយុត្តិធម៌ ដែលសហរដ្ឋអាមេរិក បានកំណត់ប្រទេសចំនួន ៦០ ក្នុងបញ្ជីស៊ើបអង្កេត រួមមាន ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក តៃវ៉ាន់ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ស្វីស និងន័រវែសជាដើម។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា យល់ថាបញ្ហានេះ គឺជារឿងរសើបសម្រាប់កម្ពុជា។ លោកថា បើទោះជាការប្រកាសនេះ នៅមិនទាន់មានបញ្ហាធ្ងន់ធ្ងរដល់វិស័យការងាររបស់កម្ពុជានៅឡើយរដ្ឋាភិបាលគួរតែឆ្លើយតបដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើបញ្ហានេះ និង គួរសម្របសម្រួលដល់ក្រុមការងារស៊ើបអង្កេត ព្រមទាំងចៀសវាងការលាក់កំបាំង នាំឱ្យមានការសង្ស័យដល់កម្ពុជាទាក់ទងនឹងការងារដោយបង្ខំ ដែលអាចនឹងមានបញ្ហាសម្រាប់កម្ពុជា។ លោក មឿន តុលា៖ «ជារឿងល្អបំផុត គឺគោរព បើកទូលាយសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព សេរីភាពក្នុងការចរចាជាសមូហភាព សេរីភាពក្នុងការបញ្ចេញមតិ សម្រាប់កម្មករនិយោជិតអ៊ីចឹងទៅ ដើម្បីកុំឱ្យយើង ចូលទៅក្នុង ដែលគេកំណត់ថាយើងមានទម្រង់ជាការងារដោយបង្ខំ តាមបែបរូបភាពសម័យថ្មី»។ចំណែក ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានឱ្យដឹងថា សហរដ្ឋអាមេរិក បើកការស៊ីបអង្កេតលើកកម្ពុជា សម្រាប់ការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នានេះ គឺជារឿងធំ ដែលតម្រូវឱ្យអ្នកបច្ចេកទេសរវាងរដ្ឋាភិបាលពាក់ព័ន្ធចូលរួមសហការគ្នា។ យ៉ាងណា អ្នកស្រី ស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្មល្អ តាមរយៈរដ្ឋាភិបាលចូលរួមលើការស៊ើបអង្កេត ក៏ដូចជាបញ្ជាក់ឱ្យច្បាស់នូវបញ្ហា ដែលជាមន្ទិលសង្ស័យ និងអនុវត្តចំណុចខ្វះចន្លោះឱ្យពេញបន្ថែម។ លោកស្រី យ៉ាង សុភ័ណ្ឌ៖ «បើរដ្ឋាភិបាលយើងច្បាស់ដែរហើយ បើគេចង់ស៊ើបអង្កេតឱ្យគេស៊ើបអង្កេតទៅ នេះជាអ្វីដែលយើងត្រូវបង្ហាញឱ្យច្បាស់ ហើយជាផ្នែកមួយជួយទៅដល់កម្មករនិងពលរដ្ឋដើម្បីពួកគាត់មានការងារធ្វើបន្តទៀត»។ លោកស្រីបន្ថែម៖ «ចំណុចមួយទៀតពាក់ព័ន្ធរឿង ប.ស.ស. ត្រូវឱ្យមានការគ្របដណ្ដប់លើកម្មករទូទៅ និងរឿង ILO BFC ដែលបានរកឃើញអ្វីផ្សេងៗ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការអនុវត្ត ហើយបើបញ្ហាបណ្ដឹងតវ៉ាអីផ្សេងៗ ព្យាយាមក្នុងការស្ដាប់ឱ្យបានដិតដល់ ព្យាយាមរកដំណោះស្រាយ។ ខ្ញុំយល់ថាចំណុចទាំងអស់ហ្នឹង ជាបញ្ហា និងជាសំណើរបស់កម្មករនិយោជិត»។ ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុនមេសា ឆ្លើយថា ៖ «យើងបានប្រគល់ធាតុចូលជូនទៅរាជរដ្ឋាភិបាល ដើម្បីពន្យល់ពីករណីហ្នឹង។ សួរអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រោះគាត់ក្ដោបរួម យើងគ្រាន់ផ្នែកតូចមួយទេ»។ទោះជាយ៉ាងណា ប្រជាកាសែត មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន ប៉ូណា បានទេនៅថ្ងៃទី១៧ មីនា។យ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទៅចរចាដោះស្រាយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៥កន្លងទៅ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងជាង ១ ៨០០ កំពុងដំណើរការ និងមានកម្មករកំពុងបម្រើការច្រើនជាង ១លាន១សែននាក់ ដែលភាគច្រើនជាស្រ្តី។ នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ក្នុងនោះទីផ្សារនាំចេញចម្បង រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុនជាដើម។ ចំណែកការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិកវិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ប្រទេសកម្ពុជា នាំចេញទំនិញទៅអាមេរិកមានតម្លៃ ១២,៧៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨,៤៨ ភាគរយ ចំណែកការនាំចូលប្រមាណ ៤១៧ លានដុល្លារអាមេរិក…

រោងចក្រមួយនៅភ្នំពេញព្រមទទួលកម្មករចូលធ្វើការវិញ បន្ទាប់ពីកម្មករតវ៉ាបិទផ្លូវ
ក្រោយកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នារតវ៉ាបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា រោងចក្រកាត់ដេរមួយកន្លែងឈ្មោះ ហេន ៧ ហ្គាម៉ិន ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសទទួលកម្មករជាង១២០នាក់ឱ្យចូលធ្វើការវិញ។ ប៉ុន្តែក្រុមកម្មករអះអាងថាពួកគេមិនព្រមចូលធ្វើការទេ បើភាគីរោងចក្រមិនចេញកិច្ចសន្យាព្រមទទួលកម្មករឱ្យចូលធ្វើការវិញ ជាលាយលក្ខណ៍អក្សរ។ តំណាងកម្មករតវ៉ានៅរោងចក្រ ហេន សេវិន ហ្គាម៉ិន លោក គង់ ភាវី ប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១២ ខែមីនាថា ថៅកែក្រុមហ៊ុនបានប្រកាសទទួលយកកម្មករប្រមាណ ១២៣នាក់ ដែលក្រុមហ៊ុនគ្រោងបញ្ចប់កិច្ចសន្យាការងារ ឱ្យចូលធ្វើការវិញ។ ទោះជាយ៉ាងណា លោកថាកម្មករប្រមាណ៣០០ ទៅ៤០០នាក់ នៅមិនទាន់ចូលធ្វើការវិញនៅឡើយគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ដោយពួកគេរង់ចាំឱ្យភាគីរោងចក្រចេញលិខិតបញ្ជាក់ជំហរត្រឹមត្រូវ ដើម្បីធានាថាថៅកែក្រុមហ៊ុននឹងមិនបញ្ឈប់កម្មករណាម្នាក់ ក្រោយពួកគេព្រមចូលធ្វើការវិញ។ លោកថា៖«ខាងថៅកែរោងចក្រគេបញ្ជាក់ថាលែងបញ្ឈប់ហើយ គេនិយាយជាមួយក្រសួង។ ប៉ុន្តែយើងចង់បានក្រដាស ហើយមានផ្តិតមេដៃត្រឹមត្រូវពីក្រសួង និងថៅកែរោងចក្រ ដើម្បីបញ្ជាក់ថាពិតជាមិនមានការបញ្ឈប់មែន»។ ការយល់ព្រមទទួលកម្មករឱ្យចូលធ្វើការវិញពីសំណាក់ភាគីរោងចក្រនេះ ធ្វើឡើង ក្រោយកម្មករក្នុងរោងចក្ររាប់រយនាក់បានផ្ទុះការតវ៉ា រហូតមានការបិទផ្លូវជាតិលេខ៣នៅថ្ងៃទី១១ ខែមីនា ជុំវិញករណីថៅកែក្រុមហ៊ុនជូនដំណឹងពីការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករប្រមាណ ១២៣នាក់ ដោយអះអាងថារោងចក្របង្រួមអគារ និងគ្មានការបញ្ជាទិញ។ ក្រុមកម្មករបានប្រាប់ថា ភាគីក្រុមហ៊ុនមិនមានបំណងផ្តល់ប្រាក់អតីតភាពស្របតាមច្បាប់ដល់ពួកគេ។ តំណាងកម្មករម្នាក់ទៀត លោក ហាន រ៉ាវី ឱ្យដឹងថា កម្មករមិនទាន់យល់ព្រមចូលធ្វើការវិញនៅឡើយ ដោយបារម្ភខ្លាចក្រុមហ៊ុនបញ្ឈប់ពួកគាត់នៅថ្ងៃក្រោយបន្តទៀត។ លោកបន្តថា ពួកគាត់ត្រូវការលិខិតធានាច្បាស់លាស់ពីថៅកែរោងចក្រ។ លោកថា៖«ឥឡូវគេឱ្យពួកគាត់ធ្វើការបន្តទាំងអស់គ្នា អត់មានការបញ្ឈប់ទេ! តែឥឡូវពួកគាត់អត់ទាន់ព្រមទេ។ ពួកគាត់ខ្លាចឱ្យចូលធ្វើការថ្ងៃហ្នឹង តែថ្ងៃក្រោយបញ្ឈប់ទៀត»។ តំណាងកម្មករដដែលឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រសួងការងារ តំណាងកម្មករ និងភាគីរោងចក្រកំពុងជួបប្រជុំគ្នា។ លោកស្មើឱ្យក្រសួងការងារជួយសម្របសម្រួលជាមួយថៅកែរោងចក្រ ដើម្បីទទួលកម្មករចូលធ្វើការវិញដោយត្រឹមត្រូវ។ ប្រជាកាសែតមិនទាន់អាចទាក់ទងសុំការធិប្បាយលម្អិតពីភាគីរោងចក្រ ហេន ៧ ហ្គាម៉ិនបាននៅឡើយ។ ចំណែកឯលោក ស៊ុន មេសា បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅលើទំព័រហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី១២ ខែមីនា កម្មករនិយោជិតបានចូលធ្វើការវិញហើយ ក្រោយពីក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់។ លោកថា៖«បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»។ ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា លោក មឿន តុលា មានប្រសាសន៍ថា ការស្នើសុំឱ្យចៅកែរោងចក្រចេញលិខិតបញ្ជាក់ស្តីពីការមិនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺជារឿងចាំបាច់ ព្រោះក្រុមកម្មករបារម្ភពីអនាគតការងាររបស់ពួកគេ ប្រសិនបើថៅកែក្រុមហ៊ុនសន្យាតែមាត់។ លោកថ្លែងថា៖«បើសិនជាថៅកែព្រមទទួលយកកម្មករចូលធ្វើការវិញធម្មតា ហើយគិតប្រាក់ឈ្មួលធម្មតាមកវិញ គឺត្រូវតែចេញជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ហើយចំណុចមួយទៀត គឺត្រូវតែធានាថាកុំឱ្យមានការគុំគួន សម្រាប់កម្មករដែលតវ៉ា»។ ច្បាប់ស្តីពីការងារមាត្រា៧៣ ត្រង់កថាខណ្ឌទី៥ ចែងថា កិច្ចសន្យាការងារដែលមានកំណត់ថិរវេលាលើសពីប្រាំមួយខែ កម្មករនិយោជិតត្រូវបានគេជូនដំណឹងជាមុន ចំនួន១០ថ្ងៃអំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។ ចំណែកកិច្ចសន្យាដែលមានថិរវេលាលើសពីមួយឆ្នាំ ត្រូវកំណត់ឱ្យជូនដំណឹងមុន១៥ថ្ងៃ។ បើគ្មានការជូនដំណឹងមុនទេ កិច្ចសន្យា ត្រូវបន្តក្នុងថិរវេលាស្មើនឹងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង។ រីឯកថាខណ្ឌទី៦ចែងថា នៅពេលបញ្ចប់កិច្ចសន្យា និយោកជកត្រូវផ្តល់អោយកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យា នោះដែលសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់ នេះមានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ៥ភាគរយ នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា៕

ថៅកែនិងសហជីពឱ្យរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលកម្មកររោងចក្រ
តំណាងភាគីសហជីពភាគច្រើននិងថៅកែរោងចក្រ បានឯកភាពគ្នាមិនលើកសំណើតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយនោះទេ ដោយទុកឱ្យភាគីរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៦។ ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី២១ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ ខាងតំណាងកម្មករ និងថៅកែរោងចក្របានឯកភាពគ្នាថា មិនលើកតួលេខប្រាក់ខែគោលណាមួយឡើយ ដោយទុកឱ្យភាគីរដ្ឋាភិបាលកំណត់ជូនពួកគេ។ សេចក្ដីជូនដំណឹងបន្តថា៖ «យោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្ន ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា»។ បើតាមប្រភពដដែល នៅក្នុងកិច្ចប្រជុំនេះក៏មានការព្រមព្រៀងគ្នាកំណត់យកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រជុំត្រីភាគីជាលើចុងក្រោយ ក្នុងគោលបំណងបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា(CATU) លោក ម៉ៅ សុភ័ត្រ្តា បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រុមសហជីពដែលជាតំណាងភាគីកម្មករបានកំណត់យកតួលេខ ២១៨ដុល្លារ ក្នុងការស្នើសុំជាប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំ២០២៦។ ក៏ប៉ុន្តែតំណាងភាគីថៅកែរោចក្រមិនបានដាក់តួលេខថ្មីទេ ពោលគឺពួកគេរក្សាចំនួន ២០៨ដុល្លារដដែលសម្រាប់ប្រាក់ខែគោលឆ្នាំ២០២៦។ លោកថា៖ «យើងនៅចាំថ្ងៃទី១៧ មួយតង់ទៀត ហើយបើដល់១៧ហ្នឹងបើសិនជាគេសម្រេចថា រដ្ឋាភិបាលជាអ្នកដំឡើងៗ តែបើអត់ដំឡើងទេ យើងមានតែយកកូតារបស់យើងយកមកបោះឆ្នោតជាសំឡេង កូតាយើង២១៨ហ្នឹង»។ លោក ម៉ៅ សុភ័ត្រ្តា សង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើកត្តានានាដែលកម្មករកាត់ដេរបានជួបប្រទះនៅក្នុងជីវភាពរស់នៅ ហើយដំឡើងប្រាក់ខែឱ្យពួកគេបានរស់នៅសមរម្យ។ លោកបន្ថែមថា៖ «យើងរំពឹងថា រដ្ឋាភិបាលនឹងធ្វើការដោយសុភវិនិច្ឆ័យទៅលើកត្តាផ្សេងៗដែលតំណាងសហជីព ឬក៏តំណាងឱ្យបងប្អូនកម្មករនិយោជិតនៅក្នុងក្រុមប្រឹក្សាប្រាក់ឈ្នួលហ្នឹងបានពិភាក្សា វាមានកត្តាវិនិច្ឆ័យផ្សេងៗទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងកំណើនទីផ្សារ ទាំងអតិផរណាទាំងអីហ្នឹង […]ដើម្បីឱ្យមានការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់នៃព្រះរាជាណាចក្រកម្ពុជាឱ្យសមស្របទៅតាមអតិផរណាទីផ្សារដើម្បីស្រោចស្រង់ជីវភាពបងប្អូនកម្មករយើង»។ កម្មកររោងចក្រផលិតស្បែកជើងខេនស្ព័តស៊ូ (Can Sports Shoes Cambodia) នៅខេត្តកំពង់ឆ្នាំង លោក នៃ ចាន់ណាក់ ថាលោកចង់ឱ្យគេដំឡើងប្រាក់ខែនាឆ្នាំ២០២៦ឱ្យបានខ្ពស់ជាងបច្ចុប្បន្ន ពីព្រោះលោកត្រូវចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របពេលដែលទំនិញលើទីផ្សារបានឡើងថ្លៃ។ តែយ៉ាងណាលោកថា លោកនៅតែទទួលយកការសម្រេចរបស់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលលើការកំណត់ប្រាក់ខែគោលឆ្នាំ២០២៦ នាពេលខាងមុខ។ លោកថា៖ «ធ្វើម៉េចបើយើងចង់បានច្រើន បើគេអត់ចំណេញក៏គេអត់ជួលយើង បើយើងអត់ធ្វើសោះវារឹតតែវេទនា អ៊ីចឹងមានតែតស៊ូធ្វើ គេកំណត់ឱ្យប៉ុន្មានយើងទទួលប៉ុណ្ណឹងទៅ»។ ប្រជាការសែតមិនអាចសុំការអធិប្បាយបន្ថែមពីអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានទេដោយលោកថាជាប់រវល់។ ករណីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងថា បច្ចុប្បន្នកម្ពុជាមិនទាន់កំណត់តួលេខប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំក្រោយនៅឡើយទេ ដោយសារពេលនេះកម្ពុជាត្រូវផ្ដោតលើការពង្រីកទីផ្សារការងារឱ្យបានច្រើន ព្រោះជាឱកាសល្អ។ លោកថា៖ «យើងយល់អំពីស្ថានភាពនេះទាំងអស់គ្នាអ៊ីចឹងយើងមិននិយាយអំពីតួលេខណាមួយនោះទេ។ អ្វីដែលយើងរួមគ្នាគិតនៅពេលនេះគឺថាធ្វើម៉េចពង្រីកទីផ្សារការងារយើងឱ្យបានច្រើន ហើយជាឱកាសមាសសម្រាប់កម្ពុជាយើងនៅឆ្នាំក្រោយក្នុងការទាញនូវគម្រោងវិនិយោគថ្មី»។ លោក ហេង សួរ សង្ឃឹមថា ភាគីពាក់ព័ន្ធមានគោលជំហររួមមួយដើម្បីកំណត់បាននូវប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យកាត់ដេរ ដែលមិនខ្ពស់ជាងប្រទេសដែលជាគូប្រជែងរបស់កម្ពុជាឡើយ។ រដ្ឋមន្ត្រីក្រសួងការងាររូបនេះបន្តថា មកដល់ពេលនេះ ប្រទេសមួយចំនួនមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមារដល់កម្មករនៅឡើយទេដោយសារតែភាពមិនប្រាកដប្រជានៃផលប៉ះពាល់ដែលកើតឡើងដោយសារការកំណត់ពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក។ លោកបន្ថែមថា៖ «បងប្អូនយើងបានរួមគ្នាលះបង់បន្តិចដើម្បីធ្វើម៉េចឱ្យកម្ពុជាយើងមានភាពទាក់ទាញសម្រាប់ឆ្នាំនេះហើយនិងឆ្នាំក្រោយ ហើយនិយោជកក៏បានសន្យាដែរថា ឆ្នាំក្រោយស្ថានភាពបានវិលទៅរកល្អ ហើយមានការកែទម្រង់គឺភាគីនិយោជកអាចនឹងប៉ះប៉ូវបន្ថែមជូនទៅដល់បងប្អូនយើងបន្ថែមទៀតនៅក្នុងឆ្នាំក្រោយ»។ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន ២៨ស្ថាប័នរួមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសហព័ន្ធសហជីពកម្ពុជា (CATU) ជាដើមបានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ តួលេខដែលបានលើកឡើងនេះ គឺផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួន។ តួយ៉ាងក្នុងឆ្នាំ ២០២៤ វិទ្យាស្ថានស្រាវជ្រាវ Anker បានប៉ាន់ប្រមាណថា កម្មករនិយោជិតម្នាក់នៅតំបន់នានាក្នុងកម្ពុជា ត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារអាមេរិក ខណៈកម្មកររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិកក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅក្នុងជីវភាពសមរម្យ ព្រមទាំងចំណាយលើតម្រូវការសំខាន់ផ្សេងៗទៀត ក្នុងនោះរួមទាំងរបបសន្តិសុខសង្គម។ បច្ចុប្បន្ននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានកម្មករនិយោជិតសរុបប្រមាណជាជាង ៩០ម៉ឺននាក់ និងមានក្រុមហ៊ុនដែលជារោងចក្រសហគ្រាសកាត់ដេរចំនួនជាង ១៦០០ក្រុមហ៊ុន។ នេះបើតាមសហព័ន្ធសហជីពកម្ពុជា(CATU)៕

រដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលកម្មកររោងចក្រ
តំណាងភាគីសហជីពភាគច្រើននិងថៅកែរោងចក្រ បានឯកភាពគ្នាមិនលើកសំណើតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយនោះទេ ដោយទុកឱ្យភាគីរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៦។ ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី២១ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ ខាងតំណាងកម្មករ និងថៅកែរោងចក្របានឯកភាពគ្នាថា មិនលើកតួលេខប្រាក់ខែគោលណាមួយឡើយ ដោយទុកឱ្យភាគីរដ្ឋាភិបាលកំណត់ជូនពួកគេ។ សេចក្ដីជូនដំណឹងបន្តថា៖ «យោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្ន ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា»។ បើតាមប្រភពដដែល នៅក្នុងកិច្ចប្រជុំនេះក៏មានការព្រមព្រៀងគ្នាកំណត់យកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រជុំត្រីភាគីជាលើចុងក្រោយ ក្នុងគោលបំណងបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា(CATU) លោក ម៉ៅ សុភ័ត្រ្តា បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រុមសហជីពដែលជាតំណាងភាគីកម្មករបានកំណត់យកតួលេខ ២១៨ដុល្លារ ក្នុងការស្នើសុំជាប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំ២០២៦។ ក៏ប៉ុន្តែតំណាងភាគីថៅកែរោចក្រមិនបានដាក់តួលេខថ្មីទេ ពោលគឺពួកគេរក្សាចំនួន ២០៨ដុល្លារដដែលសម្រាប់ប្រាក់ខែគោលឆ្នាំ២០២៦។ លោកថា៖ «យើងនៅចាំថ្ងៃទី១៧ មួយតង់ទៀត ហើយបើដល់១៧ហ្នឹងបើសិនជាគេសម្រេចថា រដ្ឋាភិបាលជាអ្នកដំឡើងៗ តែបើអត់ដំឡើងទេ យើងមានតែយកកូតារបស់យើងយកមកបោះឆ្នោតជាសំឡេង កូតាយើង២១៨ហ្នឹង»។ លោក ម៉ៅ សុភ័ត្រ្តា សង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើកត្តានានាដែលកម្មករកាត់ដេរបានជួបប្រទះនៅក្នុងជីវភាពរស់នៅ ហើយដំឡើងប្រាក់ខែឱ្យពួកគេបានរស់នៅសមរម្យ។ លោកបន្ថែមថា៖ «យើងរំពឹងថា រដ្ឋាភិបាលនឹងធ្វើការដោយសុភវិនិច្ឆ័យទៅលើកត្តាផ្សេងៗដែលតំណាងសហជីព ឬក៏តំណាងឱ្យបងប្អូនកម្មករនិយោជិតនៅក្នុងក្រុមប្រឹក្សាប្រាក់ឈ្នួលហ្នឹងបានពិភាក្សា វាមានកត្តាវិនិច្ឆ័យផ្សេងៗទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងកំណើនទីផ្សារ ទាំងអតិផរណាទាំងអីហ្នឹង […]ដើម្បីឱ្យមានការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់នៃព្រះរាជាណាចក្រកម្ពុជាឱ្យសមស្របទៅតាមអតិផរណាទីផ្សារដើម្បីស្រោចស្រង់ជីវភាពបងប្អូនកម្មករយើង»។ កម្មកររោងចក្រផលិតស្បែកជើងខេនស្ព័តស៊ូ (Can Sports Shoes Cambodia) នៅខេត្តកំពង់ឆ្នាំង លោក នៃ ចាន់ណាក់ ថាលោកចង់ឱ្យគេដំឡើងប្រាក់ខែនាឆ្នាំ២០២៦ឱ្យបានខ្ពស់ជាងបច្ចុប្បន្ន ពីព្រោះលោកត្រូវចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របពេលដែលទំនិញលើទីផ្សារបានឡើងថ្លៃ។ តែយ៉ាងណាលោកថា លោកនៅតែទទួលយកការសម្រេចរបស់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលលើការកំណត់ប្រាក់ខែគោលឆ្នាំ២០២៦ នាពេលខាងមុខ។ លោកថា៖ «ធ្វើម៉េចបើយើងចង់បានច្រើន បើគេអត់ចំណេញក៏គេអត់ជួលយើង បើយើងអត់ធ្វើសោះវារឹតតែវេទនា អ៊ីចឹងមានតែតស៊ូធ្វើ គេកំណត់ឱ្យប៉ុន្មានយើងទទួលប៉ុណ្ណឹងទៅ»។ ប្រជាការសែតមិនអាចសុំការអធិប្បាយបន្ថែមពីអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានទេដោយលោកថាជាប់រវល់។ ករណីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងថា បច្ចុប្បន្នកម្ពុជាមិនទាន់កំណត់តួលេខប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរនាឆ្នាំក្រោយនៅឡើយទេ ដោយសារពេលនេះកម្ពុជាត្រូវផ្ដោតលើការពង្រីកទីផ្សារការងារឱ្យបានច្រើន ព្រោះជាឱកាសល្អ។ លោកថា៖ «យើងយល់អំពីស្ថានភាពនេះទាំងអស់គ្នាអ៊ីចឹងយើងមិននិយាយអំពីតួលេខណាមួយនោះទេ។ អ្វីដែលយើងរួមគ្នាគិតនៅពេលនេះគឺថាធ្វើម៉េចពង្រីកទីផ្សារការងារយើងឱ្យបានច្រើន ហើយជាឱកាសមាសសម្រាប់កម្ពុជាយើងនៅឆ្នាំក្រោយក្នុងការទាញនូវគម្រោងវិនិយោគថ្មី»។ លោក ហេង សួរ សង្ឃឹមថា ភាគីពាក់ព័ន្ធមានគោលជំហររួមមួយដើម្បីកំណត់បាននូវប្រាក់ឈ្នួលអប្បបរមារបស់កម្មករវិស័យកាត់ដេរ ដែលមិនខ្ពស់ជាងប្រទេសដែលជាគូប្រជែងរបស់កម្ពុជាឡើយ។ រដ្ឋមន្ត្រីក្រសួងការងាររូបនេះបន្តថា មកដល់ពេលនេះ ប្រទេសមួយចំនួនមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមារដល់កម្មករនៅឡើយទេដោយសារតែភាពមិនប្រាកដប្រជានៃផលប៉ះពាល់ដែលកើតឡើងដោយសារការកំណត់ពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក។ លោកបន្ថែមថា៖ «បងប្អូនយើងបានរួមគ្នាលះបង់បន្តិចដើម្បីធ្វើម៉េចឱ្យកម្ពុជាយើងមានភាពទាក់ទាញសម្រាប់ឆ្នាំនេះហើយនិងឆ្នាំក្រោយ ហើយនិយោជកក៏បានសន្យាដែរថា ឆ្នាំក្រោយស្ថានភាពបានវិលទៅរកល្អ ហើយមានការកែទម្រង់គឺភាគីនិយោជកអាចនឹងប៉ះប៉ូវបន្ថែមជូនទៅដល់បងប្អូនយើងបន្ថែមទៀតនៅក្នុងឆ្នាំក្រោយ»។ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន ២៨ស្ថាប័នរួមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសហព័ន្ធសហជីពកម្ពុជា (CATU) ជាដើមបានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ តួលេខដែលបានលើកឡើងនេះ គឺផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួន។ តួយ៉ាងក្នុងឆ្នាំ ២០២៤ វិទ្យាស្ថានស្រាវជ្រាវ Anker បានប៉ាន់ប្រមាណថា កម្មករនិយោជិតម្នាក់នៅតំបន់នានាក្នុងកម្ពុជា ត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារអាមេរិក ខណៈកម្មកររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិកក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅក្នុងជីវភាពសមរម្យ ព្រមទាំងចំណាយលើតម្រូវការសំខាន់ផ្សេងៗទៀត ក្នុងនោះរួមទាំងរបបសន្តិសុខសង្គម។ បច្ចុប្បន្ននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានកម្មករនិយោជិតសរុបប្រមាណជាជាង ៩០ម៉ឺននាក់ និងមានក្រុមហ៊ុនដែលជារោងចក្រសហគ្រាសកាត់ដេរចំនួនជាង ១៦០០ក្រុមហ៊ុន។ នេះបើតាមសហព័ន្ធសហជីពកម្ពុជា(CATU)៕













