ក្រោយការតវ៉ា និងតស៊ូមតិអស់រយៈពេល ១,៦៥៧ ថ្ងៃ និយោជិតសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចេញតវ៉ាសាជាថ្មីនៅមុខក្រុមហ៊ុនណា ហ្គាវើលដ៍ ដែលនេះជាលើកទី៣ហើយនៅក្នុងឆ្នាំ២០២៦។ នៅក្នុងការតវ៉ា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ពួកគេបន្តទាមទារឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ និងយកបុគ្កលិកសហជីពចូលបម្រើការងារវិញ។
អំឡុងពេលតវ៉ា សមាជិកសហជីពប្រហែល ៤០នាក់ អ្នកខ្លះកាន់បដាបង្ហាញពីការទាមទាររបស់សហជីព និងជំរុញឱ្យភាគីក្រុមហ៊ុនគោរពច្បាប់ការងារទាំងច្បាប់ជាតិ និងអន្តរជាតិ ខណៈសមាជិកផ្សេងទៀតស្រែកទាមទារអន្តរាគមន៍ពីរដ្ឋាភិបាល។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលនឹងជួយស្វែងរក និងដោះស្រាយវិវាទការងារនេះ ដោយសន្តិវិធី។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃ២ ខែកក្កដា ឆ្នាំ២០២៦ សហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យក្រុមហ៊ុនដោះស្រាយសំណើចំនួន ៧ ចំណុច រួមមាន ការទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពឱ្យចូលធ្វើការវិញ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការគណនាប្រាក់បំណាច់បន្ថែមសម្រាប់កម្មករដែលត្រូវបានបញ្ឈប់នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ការបើកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវ ការដំឡើងប្រាក់ឈ្នួលគោល ៧% ការបញ្ឈប់ការប្រើប្រាស់បុគ្គលិកក្រោមស្លាកកម្មសិក្សាដោយមិនផ្តល់ស្ថានភាពជាបុគ្គលិកពេញសិទ្ធិ និងការផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកខ្មែរ និងបុគ្គលិកបរទេសដែលមានមុខតំណែង និងការងារដូចគ្នា។
អតីតបុគ្គលិក និងជាសមាជិកសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី បន ស៊ីណា និយាយថាការស្វែងរកដំណោះស្រាយតាមរយៈក្រសួងការងារ និងក្រុមហ៊ុនបានអូសបន្លាយជាបន្តបន្ទាប់ដែលជះឥទ្ធិពលអវិជ្ជមានដល់អ្នកធ្វើកូដកម្មទាមទារយុត្តិធម៍។ អ្នកស្រីថា អតីតបុគ្គលិកជាច្រើនប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច។ អ្នកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្ន ពួកគេខ្លះធ្វើការងារផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាព កំឡុងពេលបន្តការងារតស៊ូមតិ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយឱ្យ។
អ្នកស្រីឡើងថា៖ `«ដំណោះស្រាយគឺអត់មានដំណោះស្រាយអីទេ ហើយកិច្ចព្រមព្រៀងពួកយើងអត់មានបានព្រមព្រៀង។ ដំណោះស្រាយពួកយើងគឺឱ្យទម្លាក់បទចោទទាំងអស់ ហើយនឹងទទួលយកសមាជិកទាំងអស់ និងថ្នាក់ដឹកនាំឱ្យត្រឡប់ចូលធ្វើការវិញ»។
អ្នកស្រីបន្ថែមថា៖ «ប្រឈមដូចជាខ្ញុំផ្ទាល់ប្រឈមខ្លាំងសេដ្ឋកិច្ច។ តាំងពីកូវីដរហូតដល់ឥឡូវយើងជួបរឿងអយុត្តិធម៌ច្រើន ដូច្នេះបញ្ហាសេដ្ឋកិច្ចពិបាក ត្រូវការបង់ផ្ទះជួល បង់ធនាគារ ហើយពួកយើងតែងតែរកការងារក្រៅបណ្ដើរដើម្បីផ្គត់ផ្គង់ជីវភាព»។
អ្នកស្រីលើកឡើងថា អតីតនិយោជិតដែលជាសមាជិកសហជីពមិនទទួលបានប្រាក់សំណងសមរម្យនៅឡើយក្រោយការបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន និងនៅបន្តធ្វើការតស៊ូមតិជាមួយសហជីព។ អ្នកស្រីអំពាវនាវឱ្យក្រសួងការងារជម្រុញការរកដំណោះស្រាយ និងចង់បានការងារនៅក្នុងកាស៊ីណូត្រឡប់មកវិញ។
អ្នកស្រីថា៖ «ខ្ញុំសំណូមពរឱ្យគាត់ [ថៅកែក្រុមហ៊ុន]ព្រោះថាអូសបន្លាយពេលអត់ចំណេញទេ។ សុំឱ្យក្រសួងការងារជួយជម្រុញថៅកែណាហ្គាវើលដ៍ ដើម្បីឱ្យចុលតុចរចារកដំណោះស្រាយជាជាងអូសបន្លាយ ជាជាងឱ្យពួកយើងទៅយកលុយ [មិនសមស្រប] ឱ្យដោះស្រាយតាមច្បាប់ការងារ»។
កាលពីអំឡុងពេលតវ៉ានៅខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកសហជីពជាច្រើននាក់ រួមទាំងប្រធានរបស់ពួកគេគឺកញ្ញា ឈឹម ស៊ីថា ដែលក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់។ ការចាប់ខ្លួន និងចោទប្រកាន់ទៅលើសហជីពកម្មករណាហ្គាវើលន៍រងការថ្កោលទោសពីអង្គការសិទ្ធិមនុស្សអន្តរជាតិ។
សមាជិកសហជីព លោក ណាំ ទីវ័ន្ត ជាអតីតបុគ្គលិកណាហ្គាវើលន៍ ធ្វើការអស់រយៈពេល៥ ឆ្នាំ ត្រូវបានក្រុមហ៊ុនបញ្ឈប់នៅឆ្នាំ២០២១។ លោកថា ការបញ្ឈប់សមាជិកសហជីពគឺជាការរើសអើសដែលផ្ទុយពីច្បាប់ការងារ។ លោកលើកឡើងថា សមាជិកសហជីពខ្លះត្រូវប្រកបការងារផ្សេងៗ ដើម្បីជីវភាព កំឡុងពេលទាមទាររកយុត្តិធម៌។
លោកនិយាយថា៖ «វិវាទការងារនេះ យើងទាមទារគោលបំណងធំឱ្យមានវត្តមានសហជីពឯករាជ្យ ត្រឡប់ចូលធ្វើការវិញដោយមិនមានការរើសអើង។ គឺអត់ទាន់មាន បើដំបូងមានការចុះសម្របសម្រួល តែហាក់ដូចជាមិនត្រូវគ្នាដូចជាជាង២០ដងដែរ»។
លោកទីវ័ន្តបន្ថែមថា៖ «យើងតវ៉ាស្របច្បាប់ដែលមានចែង ជាពិសេសសិទ្ធិសេរីភាពរបស់សហជីពដែលមានចែងក្នុងសៀវភៅការងារ ចែងក្នុងសិទ្ធិសេរីភាពរបស់សហជីពផងដែរ គឺយើងសង្ឃឹមថាពួកយើងជាកូដករនេះនឹងទទួលបានភាពយុត្តិធម៌»។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា អះអាងប្រាប់ប្រជាកាសែតថា ក្រសួងការងារបានចូលរួមដោះស្រាយបញ្ហានេះចំនួន ២៧ ដងមកហើយ។ លោកបន្តថាដោយសារកូដករណាហ្គាវើលន៍ទាត់ចោលនូវដំណោះស្រាយត្រីភាគីជាមួយក្រសួង ទើបលោកថា ជម្រើសនៃការឡើងតុលាការ គឺជាជម្រើសមួយស្របតាមនីតិវិធីច្បាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថាវិវាទររវាងសហជីព និងក្រុមហ៊ុនណាហ្គាវើលន៍ជាវិវាទរ៉ាំរ៉ៃដែលរដ្ឋាភិបាល និងក្រសួងគួរពិចារណាដោះស្រាយ ព្រោះថា ការអូសបន្លាយនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិកម្មករ។ លើសពីនេះ លោកថាប្រសិនបើវិវាទមិនត្រូវបានដោះស្រាយ វានឹងនាំឱ្យមានការយល់ឃើញអវិជ្ជមាន ពី សហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ការអូសបន្លាយនៃបញ្ហាវិវាទការងារនេះ វាមិនជាល្អទេ។ វាធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជាយើង។ យើងឃើញហើយមានការរិះគន់ពីសហគមន៍អន្តរជាតិទាក់ទងនឹងបញ្ហាសិទ្ធិការងារ ជាពិសេសការធ្វើកូដកម្មនេះបើអូសបន្លាយពេលកាន់តែយូរ វាជះឥទ្ធិ ពលមិនល្អទេ»។
គិតមកដល់ពេលនេះ សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៩នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅសាកសួរពាក់ព័ន្ធនឹងបទចោទ «ធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស» នៅក្នុងការតវ៉ាតាំងពីឆ្នាំ២០២១។ នៅខែមិថុនា ឆ្នាំ២០២៦ សមាជិកមួយចំនួនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២៕







