Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ក្រសួងពាណិជ្ជកម្មស៊ើបអង្កេតរកមន្ត្រីស៊ីសំណូកពីក្រុមហ៊ុនជប៉ុនសម្រាប់សេវាកែប្រែឯកសារចុះបញ្ជី 

    ក្រសួងពាណិជ្ជកម្មប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុងរកអ្នកពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា ដើម្បីកំណត់មុខសញ្ញាបុគ្គលនោះយកមកចាត់ការតាមនីតិវិធីច្បាប់ និងត្រៀមសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការលើករណីនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រសួងបានឃើញសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។  សារព័ត៌មានជប៉ុន បានបញ្ជាក់ថា ករណីនេះក៏កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុនផងដែរ។  សារព័ត៌មានជប៉ុន The Japanese Times បានរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុនមួយឈ្មោះ Fujipassc និងបុគ្គលិកចំនួន ៣នាក់ ពីបទសូកប៉ាន់មន្ត្រីកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារអាមេរិក ក្នុងគោលបំណងពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ ការសូកប៉ាន់នេះបានធ្វើឡើងតាំងពីឆ្នាំ ២០២១។ បើតាមក្រមព្រហ្មទណ្ឌរបស់ជប៉ុន បទល្មើសសូកប៉ាន់មន្រ្តីសាធារណៈនៃរដ្ឋបរទេសដើម្បីទទួលបានផលប្រយោជន៍ណាមួយ អ្នកប្រព្រឹត្តល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារពី៥រហូតដល់៧ឆ្នាំ។  ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្ម រៀបរាប់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗ​ទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationser​vices​.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។  ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស និងនីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈរបស់ក្រសួងជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។  កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញយ៉ាងសកម្មលើការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (ឌីជីថល) តាមរយៈ «អង្គភាពច្រកចេញចូលតែមួយ» ទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីផ្តល់ភាពងាយស្រួល សន្សំសំចៃពេលវេលា និងលុបបំបាត់ភាពយឺតយ៉ាវជូនប្រជាពលរដ្ឋផងដែរ៕

    ១៣ កក្កដា ២០២៦

  • រដ្ឋាភិបាលបញ្ជាឱ្យភាគីពាក់ព័ន្ធលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍

    រដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ឫសគល់នៃបញ្ហាគ្រឿងញៀន។ នេះបើតាមសារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនៅថ្ងៃទី២៦ ខែមិថុនា។ រដ្ឋាភិបាលជម្រុញឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពង្រឹងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅនឹងស្ថានភាពពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល។ សារលិខិតសរសេរថា៖ «ទីផ្សារគ្រឿងញៀននៅកម្ពុជាត្រូវបានកាត់បន្ថយ ដោយប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស ចាប់ផ្តើមមានការយល់ដឹងជ្រាលជ្រៅអំពីវិនាសកម្មនៃគ្រឿងញៀន ដោយខ្លួនមិនមានការភ្លើតភ្លើន ចង់សាក ចាញ់បោក ឬរងការចាប់បង្ខំណាមួយ ឱ្យខ្លួនធ្លាក់ក្នុងអន្លង់នៃ គ្រឿងញៀនឡើយ»។ សារលិខិតបង្ហាញថាក្នុងចំណោមតួលេខគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា គឺមានតែប្រមាណ ១៥ទៅ២០% ប៉ុណ្ណោះ ត្រូវបានប៉ុនប៉ង ជួញដូរនិងចរាចរក្នុងប្រទេស ចំណែកឯ ៨០ទៅ៨៥%ទៀត ត្រូវបានចរាចរក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ យកចិត្តទុកដាក់ពង្រឹងការបង្ក្រាប និងបោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។  សារលិខិតរំឭឹកថា៖ «រាល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់ខ្លួន ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀននិងសារធាតុញៀនខុសច្បាប់នានា»។ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៥ ខែមិថុនា ថា ការបង្ក្រាបបទល្មើសគ្រឿងញៀននៅឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលវិជ្ជមាន ដោយបរិមាណគ្រឿងញៀនប៉ុនប៉ងនាំចូលមកកម្ពុជាមានការថយចុះ ខណៈទីតាំងផលិត និងកែច្នៃគ្រឿងញៀនខុសច្បាប់ ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង។ លោកបានថ្លែងថា៖ «ដោយបានឃើញការបន្តចូលរួមយ៉ាងសកម្ម និងច្រើនកុះករពីសំណាក់គ្រប់មជ្ឃដ្ឋានគ្រប់វិស័យនៃសង្គមជាតិយើង ដែលនេះពិតជាបង្ហាញយ៉ាងច្បាស់ពីស្មារតីជាតិ ការរួបរួមដ៏រឹងមាំមួយក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់សង្គមកម្ពុជា ក្នុងការចាត់ទុកគ្រឿងញៀនជាកាតព្វកិច្ច និងទំនួលខុសត្រូវរួម»។ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ដើម្បីអាចលុបបំបាត់បញ្ហាគ្រឿងញៀនបាន រដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈស្វែងរកឫសគល់ដែលនាំឱ្យមានការនាំចូល និងពង្រឹងការបង្ក្រាបទាំងអ្នកប្រើប្រាសប្រាស់ និងអ្នកនាំចូលឱ្យបាន ដោយមិនមានស្តង់ដារពីរ។ លោកអំពាវនាវថា អាជ្ញាធរក៏ត្រូវស្វែងរកឫសគល់នៃមន្ត្រី ឬជនមានអំណាចដែលលួចនាំចូល និងបើកដៃ ឬចូលរួមចែកចាយគ្រឿងញៀននៅក្នុងសង្គម ទើបជាវិធានការមួយដ៏មានប្រសិទ្ធភាព។ លោកមានប្រសាសន៍ថា៖ «យើងត្រូវមើលអំពីដើមហេតុថាតើការជួញដូរគ្រឿងញៀន ការចែកចាយគ្រឿងញៀនហើយអ្នកនៅពីក្រោយដែលមានលទ្ធភាពហ្នឹងជាអ្នកមានអំណាច ជនទុច្ចរិតដែលយកបុណ្យស័ក្តរបស់ខ្លួនមកបិទបាំងការជួញដូរគ្រឿងញៀន ចែកចាយគ្រឿងញៀន»។ លោកបន្ថែមថា៖ «ទី១ការអនុវត្តច្បាប់ឱ្យបានប្រាកដប្រជា ទី២ច្បាប់ត្រូវតែយកទៅអនុវត្តចាត់វិធានការហ្នឹងដោយមិនប្រើនូវការយោគយល់ អត់ឱនឬក៏ការកាត់ក្ដីការចាប់ចងទារុណកម្មបែបណាៗគ្មានស្តង់ដារពីរទេ គ្មានកូនអ្នកធំអ្នកតូច អ្នកមានអ្នកក្រ»។ លោក សុវណ្ណរ៉ា មានប្រសាសន៍ថាអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតអ្នកនៅពីក្រោយខ្នងលើអ្នកនាំចូលចែកចាយ ដោយមានការចូលរួមពីមន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធ ជាពិសេសអំពើពុករលួយក្នុងវិស័យនេះត្រូវតែលុបបំបាត់។ ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា គ្រឿងញៀនជាបញ្ហាចាក់ស្រេះនៅក្នុងសង្គមខ្មែរជាពិសេសក្រោមស្រទាប់យុវជន ដែលបញ្ហាជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ ដើម្បីលុបបំបាត់បញ្ហានេះ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធលុបបំបាត់អំពើពុករលួយក្នុងការគប់គិតគ្នានាំចូល និងចែកចាយ ជាពិសេសមន្ត្រីអនុវត្តច្បាប់ខ្លួនឯងហ្នឹងត្រូវចៀសឱ្យឆ្ងាយពីបញ្ហានេះ ហើយធ្វើការយ៉ាងសកម្មផងដែរ។ លោកប្រសាសន៍ថា៖ «ត្រូវតែចាត់វិធានការដាច់ខាតទោះបីជាមន្រ្តីក៏ដោយ សមត្ថកិច្ចពាក់ព័ន្ធក៏ដោយ អ្នកពាក់ព័ន្ធមានឋានន្តរសក្ដិប៉ុណ្ណាក៏ដោយឱ្យតែពាក់ព័ន្ធនឹងបញ្ហាជួញដូរ និងបញ្ហាគ្រឿងញៀនត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឱ្យខានតែបាន»។លោកបន្ថែមថា៖ «បញ្ហាគ្រឿងញៀននេះវារីករាលដាលរហូតទៅដល់ជនបទទៅទៀត។ វានៅតែជាក្តីបារម្ភលើបញ្ហានេះ។ ហើយបញ្ហាគ្រឿងញៀននេះយើងឃើញហើយថាមានបណ្តាញ។ វាមិនត្រឹមតែកើតនៅតំបន់អាស៊ី ប៉ុន្តែពិភពលោក អីចឹងវាជាបណ្ដាញមួយចាក់ស្រេះ»។ គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់ កាលពីឆ្នាំ២០២៥កន្លងទៅ។ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដដែលនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបប្រមាណជាង ៤៨ ០០០គីឡូក្រាម និងបិទទីតាំងអាជីវកម្មចំនួន ១២កន្លែង។ នៅឆ្នាំ២០២៥ លទ្ធផលបង្រ្កាបបទល្មើសជារួមមានការកើនឡើង១,០៦% ប៉ុន្ដែបរិមាណគ្រឿងញៀនចាប់យក ថយចុះ ៦០,៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%)។ នេះបើតាមទិន្នន័យរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)៕

    ២៧ មិថុនា ២០២៦

    • ក្រុមអ្នករកស៊ីបារម្ភពីការត្រួតពិនិត្យទីតាំងអាជីវកម្ម ធ្វើឡើងដោយមិនត្រឹមត្រូវតាមនីតិវិធី

      ភាគីពាក់ព័ន្ធ និងវិស័យឯកជន បង្ហាញការបារម្ភពីការអនុវត្តច្បាប់របស់អាជ្ញាធរនៅពេលចុះត្រួតពិនិត្យឃ្លាំងអាជីវកម្មរបស់ពលរដ្ឋ និងស្នើសុំឱ្យអាជ្ញាធរអនុវត្តការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមនីតិវិធី។ ការបារម្ភនេះ ត្រូវបានលើកឡើងកាលពីសប្ដាហ៍មុន ក្នុងពេលសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក បានពិភាក្សាគ្នាក្នុងកិច្ចប្រជុំបន្ទាន់មួយស្ដីពី «ការឈ្វេងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី»។  ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនក្នុងសកម្មភាពធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា ក្នុងនោះរួមមានផលប៉ះពាល់លើសង្វាក់ផលិតកម្មនៃវិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី។ សេចក្ដីប្រកាសព័ត៌មានសរសេរថា វិធានការរបស់អាជ្ញាធរនេះបានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។ សេចក្ដីប្រកាសព័ត៌មានសរសេបន្ថែមថា កិច្ចប្រជុំនេះតំណាងពាក់ព័ន្ធក៏បានបង្ហាញការកត់សម្គាល់ថាការត្រួតពិនិត្យរបស់អាជ្ញាធរធ្វើឡើងដោយមិនមាននីតិវិធីច្បាប់ត្រឹមត្រូវ និងខ្វះការចូលរួមពីមន្ត្រីគយ។  សេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលថា៖ «អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫ ទំនិញគេចពន្ធ និងទំនិញនាំចូលឬទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់»។ សេចក្ដីព័ត៌មានបន្ថែមថា៖ «ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច»។ កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យបទល្មើសបច្ចេកវិទ្យា (ស្កេម) នៅឃ្លាំង L192។ ម្ចាស់អាជីវកម្មបានចេញបកស្រាយ និងទាមទាររកយុត្តិធម៌នៅក្នុងវីដេអូមួយលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមមន្ត្រីមួយចំនួន បានប្រើកាយវិការមិនសមរម្យ ហើយឆ្លៀតសួររកទំនិញថៃ និងឯកសារជាច្រើន ដែលម្ចាស់អាជីវកម្មរូបនោះថារំខានការធ្វើអាជីវកម្មរបស់គាត់។ រីឯនៅស្រុកឈូក ខេត្តកំពតឯណោះវិញ មន្ត្រីគយ និងមន្ត្រីនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងខេត្តបានចុះត្រួតពិនិត្យទំនិញពីអាជីវករលក់រាយនៅក្នុងផ្សារឈូក ដោយទាមទាររកលិខិតបង់ពន្ធគយ។ តែយ៉ាងណាម្ចាស់អាជីវកម្មលើកឡើងនៅក្នុងវីដេអូដែលគេផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកថាទំនិញដែលអ្នកស្រីនាំចូលគឺបានពីអ្នកលក់ដុំនៅខេត្តកែប។  អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម មិនទាន់ឆ្លើយតបនៅឡើយទាក់ទិននឹងការអនុវត្តច្បាប់ និងការចុះត្រួតពិនិត្យរបស់មន្ត្រីគយ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា លើកឡើងថាមន្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ និងវិធានការត្រួតពិនិត្យដាក់ចេញដោយរដ្ឋាភិបាល។ តែយ៉ាងណា លោកថា មន្ត្រីអនុវត្តច្បាប់មិនត្រូវធ្វើអ្វីដែលលើសពីតួនាទីរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីអាជីវករ ឬធុរជន និងបង្អាក់ការធ្វើអាជីវកម្មរបស់ពួកគេ។ លោកថា វាជារឿងចាំបាច់ក្នុងការត្រួតពិនិត្យទំនិញដែលនាំចូលខុសច្បាប់ ជាពិសេសមកពីប្រទេសថៃ ហើយលោកក៏ស្នើឱ្យអាជីវករប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិផងដែរ។ លោកមានប្រសាសន៍ថា៖ «សំខាន់ណាស់ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងការចុះត្រួតពិនិត្យទំនិញឬផលិតផលថៃតាមបទបញ្ជារបស់រដ្ឋាភិបាល ពួកគេចាំបាច់ត្រូវតែគោរពតាមគោលការណ៍ណែនាំត្រឹមត្រូវកុំឱ្យលើស កុំឱ្យខ្វះ ហើយត្រូវតែយកចិត្តទុកដាក់ទៅលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន»។ លោកហៅការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងការចុះត្រួតពិនិត្យលើឃ្លាំងដឹកជញ្ជូនទំនិញមួយកន្លែងនៅខណ្ឌព្រែកព្នៅថាជាជំងឺ «ធ្វើលើស»។ លោកថាជំងឺនេះបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធច្បាប់ ចំពោះស្ថាប័នរដ្ឋ និងចំពោះថ្នាក់ដឹកនាំជាតិ។  លោកមានប្រសាសន៍ថា៖ «មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិត ត្រូវតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាទៅបំភ័យ និងយកអំណាចរដ្ឋទៅជំរិតប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវ និងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត»។ ស្រដៀងគ្នានេះដែរ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងថាលោកសាទរដែលអាជ្ញាធរចុះត្រួតពិនិត្យទំនិញតាមបណ្ដាឃ្លាំងស្តុកទំនិញ តែលោកស្នើថាការចុះត្រួតពិនិត្យនោះអាជ្ញាធរត្រូវបែងចែកឱ្យច្បាស់រវាងទំនិញនាំចូលពីប្រទេសថៃនៅមុនពេល អំឡុងពេល និងក្រោយពេលសង្គ្រាម។ លោកថា៖ «ខ្ញុំថាក្រសួងស្ថាប័នដែលពាក់ព័ន្ធទំនិញគេចពន្ធពីប្រទេសសៀមត្រូវបែងចែកឱ្យច្បាស់កុំឱ្យអាជីវកររងគ្រោះ។ យើងពហិការអីហ្នឹងវាជារឿងត្រឹមត្រូវហើយ ព្រោះយើងមិនអាចទៅទទួលយកបាន ទំនិញគេចពន្ធពីប្រទេសសៀម»។ លោកបន្ថែមថា៖ «កុំឱ្យឆក់ឱកាសហួសដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងស្ថាប័នពាក់ព័ន្ធទាក់​ទិននឹងការបង្ក្រាបទំនិញគេចពន្ធ ហើយនឹងប៉ះពាល់អតិថិជនយ៉ាងម៉េច ដូចជាផ្សារធំៗ ឬផ្សារផ្សេងៗទៀតគឺយើងពិនិត្យទៅ។ ហើយមកប៉ះពាល់ដល់អាជីវករតូចតាចអីដូចថារបស់ណាកំណត់ឆ្នាំណាដែរមុនសង្គ្រាមហើយគាត់លក់មិនទាន់អស់»៕

      ២៥ មិថុនា ២០២៦

    • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យបញ្ជូនសំណុំរឿង មន្ត្រីជាប់ចោទថាទារប្រាក់ពីរោងចក្រ ទៅACUនិងតុលាការ

      រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបញ្ជាទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា មន្ត្រីបរិស្ថានពីររូបបានទារប្រាក់ពីរោងចក្រមួយ ទៅកាន់តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្វែងរកការពិត បន្ទាប់ពីការស៊ើបអង្កេតរបស់មន្ត្រីជំនាញកាលពីខែមីនា មិនបានរកឃើញភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់។ យោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លើកឡើងថា ក្រុមការងារអធិការកិច្ចរបស់ក្រសួង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធ ដោយរកឃើញថា មិនទាន់មានភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូប ពិតជាបានទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DRIED MANGO PROCESSING FACTORY CO., LTD. ដូចការចោទប្រកាន់នោះឡើយ។ ក្នុងលិខិតដដែលនោះសរសេរថា៖ «ការពិនិត្យលើប្រភពព័ត៌មាន សក្ខីកម្ម ឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុ ឬមូលដ្ឋានច្បាស់លាស់ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ»។ ការផ្សព្វផ្សាយបន្តថា ដើម្បីស្វែងរកការពិត និងធានាភាពយុត្តិធម៌ដល់មន្ត្រីទាំងពីររូប គឺប្រធានការិយាល័យគាំពារបរិស្ថាន លោក ឈុន ឈៀងហេង និងមន្ត្រីជាប់កិច្ចសន្យា លោក ជួប ពន្លឺ ក្រសួងបានណែនាំឱ្យពិនិត្យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីបរិ​ហារកេរ្តិ៍ ឬបន្តស្រាវជ្រាវលើការចោទប្រកាន់នេះ ព្រមទាំងពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់របស់ក្រសួងគឺការស្វែងរកយុត្តិធម៌ជូនភាគីដែលមិនបានប្រព្រឹត្តកំហុស និងមិនឱ្យពួកគេរងនូវភាពអយុត្តិធម៌ពីការចោទប្រកាន់ជាសាធារណៈ។ លោកបានថ្លែងថា៖ «សំខាន់គឺយើងចង់រកយុត្តិធម៌ជូនទៅភាគីដែលមិនបានប្រព្រឹត្ត ឬក៏កុំឱ្យគាត់រងនូវភាពអយុត្តិធម៌ បន្ទាប់ពីមានការផ្សព្វផ្សាយកន្លងមក។ អ៊ីចឹង ទាំងមន្ត្រីបរិស្ថាន ទាំងខាងរោងចក្រ ប្រសិនបើពួកគាត់បំពេញការងារដោយស្មោះត្រង់ និងមានភាពស្អាតស្អំ គឺយើងចង់ផ្តល់យុត្តិធម៌ជូនពួកគាត់»។ ជុំវិញករណីនេះ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានលើកឡើងថា ជាទូទៅអ្នករកស៊ីមិនចង់មានទំនាស់ជាមួយអាជ្ញាធរទេ ដូច្នេះការចេញមុខចោទប្រកាន់ជាសាធារណៈ អាចបង្ហាញថាមានភាពមិនប្រក្រតីណាមួយដែលជំរុញឱ្យម្ចាស់អាជីវកម្មធ្វើបែបនេះ។ លោកយល់ស្របចំពោះការណែនាំឱ្យបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចាត់ទុកថាជាចំណុចវិជ្ជមានដែលអាចជួយបង្កើនទំនុកចិត្តសាធារណៈលើដំណើរការស្វែងរកការពិត។ លោកបានថ្លែងថា៖ «យើងក៏សង្ឃឹមផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយនឹងអាចស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងអាចដើរតួនាទីមួយយ៉ាងសំខាន់ ដើម្បីធានាថានឹងមិនមានមន្ត្រីខិលខូចនៅតាមមូលដ្ឋាន ធ្វើសកម្មភាពជំរិតទារប្រាក់ពីម្ចាស់សិប្បកម្ម ឬម្ចាស់ក្រុមហ៊ុនដែលពួកគាត់ជាអ្នករកស៊ីសុចរិតស្មោះត្រង់នោះឡើយ។ ពួកគាត់ទាំងអស់នោះបានបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ហើយជាពិសេសក៏បានចូលរួមចំណែកបង់ពន្ធដើម្បីកសាងសេដ្ឋកិច្ចយើងឱ្យកាន់តែល្អប្រសើរផងដែរ»។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានមានប្រសាសន៍ថា ការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន គឺជានីតិវិធីរដ្ឋបាលធម្មតាមួយរបស់ស្ថាប័នរដ្ឋ។ លោកលើកឡើងថា ប្រសិនបើមានការសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភអំណាច ឬបទល្មើសព្រហ្មទណ្ឌ ករណីនេះត្រូវតែបញ្ជូនទៅតុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបន្តនីតិវិធីតាមច្បាប់។ លោកមានប្រសាសន៍បន្ថែមថា៖ «យើងលើកទឹកចិត្តដល់អ្នកអនុវត្តច្បាប់ទាំងអស់។ ខាង​រោង​ចក្រក៏ត្រូវលើកទឹកចិត្តឱ្យមានប្រព័ន្ធរាយការណ៍មួយ ប្រសិនបើពួកគេយល់ថា ការអនុវត្ត​ច្បាប់របស់មន្ត្រីមិនត្រឹមត្រូវ ឬមិនសមរម្យ។ ដូច្នេះ យន្តការរាយការណ៍ដោយពលរដ្ឋ ឬដោយក្រុមហ៊ុនជាដើម គួរត្រូវបានលើកទឹកចិត្តឱ្យបានច្រើន»។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់មន្ត្រីក្រោមឱវាទ ចុះស៊ើបអង្កេតលើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប ភ្លាមៗ បន្ទាប់ពីមានការលើកឡើងថា ជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុនមួយ។ ការចុះស៊ើបអង្កេតនោះ ធ្វើឡើងដោយឱ្យមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចុះទៅដល់ទីតាំងរោងចក្រខ្នាតតូចកែច្នៃដំណាប់​​ស្វាយ ឈ្មោះ «ហុង ចេងហ្វាង» ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែ ដើម្បីសាក​សួរព័ត៌មាន និងប្រមូលភស្តុតាងស្វែងរកការពិត៕

      ៩ មិថុនា ២០២៦

    • រដ្ឋាភិបាលលែងយកកម្រៃសេវាអត្តសញ្ញាណកម្ម១២ប្រភេទ និងយកកម្រៃ៣៧ ប្រភេទ

      រាជរដ្ឋាភិបាល ចេញអនុក្រឹត្យលើកលែងការយកកម្រៃសេវាអត្តសញ្ញាណកម្មចំនួន១២ប្រភេទ ដូចជាការចុះបញ្ជី និងផ្ដល់សំបុត្រកំណើត សំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ដំបូង ប៉ុន្តែក៏កំណត់ឱ្យយកកម្រៃលើសេវាអត្តសញ្ញាណកម្មចំនួន៣៧ប្រភេទផ្សេងទៀតផងដែរ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបែងចែកសេវាអត្តសញ្ញាណកម្ម១២ប្រភេទមិនតម្រូវឱ្យបង់ប្រាក់ និង៣៧ប្រភេទទៀតតម្រូវឱ្យបង់ ដើម្បីធានាថា ការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ បើតាមអនុក្រឹត្យ ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់ប្រាក់ រួមមាន ការផ្ដល់សំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ដំបូង ការផ្ដល់សៀវភៅស្នាក់ដំបូង ការកែតម្រូវទិន្ន័យក្នុងសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅដែលជាកំហុសរបស់មន្រ្តី និងការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ជាដើម។ ចំណែកប្រភេទសេវាអត្តសញ្ញាណកម្មដែលតម្រូវឱ្យបង់កម្រៃទាំង៣៧ប្រភេទ រួមមាន ការផ្ដល់ច្បាប់ដើមឡើងវិញនៃសំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ ក្រោយ​ខូច​ខាត បាត់ ឬសេចក្ដីចម្លង ការផ្ដល់លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ និងពោះម៉ាយ រួមទាំងលិខិតបញ្ជាក់ការលែងលះ ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ដោយសេវាឆាប់រហ័ស និងការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (លើកទី២) ករណីខូចខាត ឬបាត់ និងការផ្ដល់លិខិតធ្វើដំណើរសម្រាប់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ជាដើម។ បើតាមខ្លឹមសារក្នុងអនុក្រឹត្យ ការបង់ថ្លៃសេវាក្នុងតម្លៃបច្ចុប្បន្ននៅបន្តធម្មតា រហូតដល់មានលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួស។ អនុក្រឹត្យ គូសបញ្ជាក់ថា ការកំណត់ការបង់កម្រៃសេវាថ្មី ត្រូវធ្វើឡើងដោយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។ ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។ អាជីវករលក់អីវ៉ាន់ចាប់ហួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល អ្នកស្រី ថន សារិន អាយុ៣៥ឆ្នាំ ស្នើសុំការកំណត់ប្រាក់កម្រៃលើសេវាអត្តសញ្ញាណកម្មថ្មី ត្រឹមចន្លោះ១០០០រៀល ដល់២០០០រៀល ក្រោមហេតុផលថា បច្ចប្បន្ននេះចំណូលរបស់ពលរដ្ឋមានការធ្លាក់ចុះ ដោយសារការលក់ដូរលែងសូវមានពលរដ្ឋទិញដូចមុន។ អ្នកស្រី និយាយថា៖ «សេវា ១០០០ ទៅ ២០០០រៀល ល្អសម្រាប់ពលរដ្ឋ ដោយសារសេដ្ឋកិច្ចឥឡូវវាធ្លាក់ចុះក្រោម។ ពលរដ្ឋម្នាក់ៗគាត់អត់មានចំណូល។ ចឹងថ្លៃសេវាកាន់តែទាប កាន់តែល្អសម្រាប់ពួកគាត់»។ ចំណែកជំទប់ទី២ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ឈន គុជ ស៊ាក់ មានប្រសាសន៍ថា ការផ្ដល់សេវានានាដល់ពលរដ្ឋ មិនគួរឱ្យមានការបង់ប្រាក់នោះទេ ដោយចាត់ទុកថា នេះជាការផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋជាម្ចាស់ទឹកដី និងចៀសវាងការប្រព្រឹត្តអំពើពុករលួយតាមរយៈការស្នើសុំប្រាក់បន្ថែមពីលើកម្រៃសេវាដែលច្បាប់បានកំណត់ពីពលរដ្ឋ។ លោកនិយាយថា៖ «ការផ្ដល់អត្តសញ្ញាណកម្មដល់ពលរដ្ឋគួរតែមិនតម្រូវឱ្យមានការបង់ប្រាក់ ការផ្ដល់អត្តសញ្ញាណដល់ជនជាតិខ្លួនឯង ជាគំនិតខ្ញុំ កុំបង់ទៅ។ […] ការផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួនឯង កើតលើទឹកដីខ្លួនឯង ដូចជាមិនចាំបាច់ត្រូវបង់ប្រាក់អី»។ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសអន្តរក្រសួង ដោយតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផ្សព្វផ្សាយបញ្ជីឈ្មោះលម្អិតអំពីប្រភេទសេវាសាធារណៈ ដោយបញ្ជាក់អំពីតម្លៃជាក់លាក់ រយៈពេលផ្តល់សេវា និងសុពលភាពឱ្យបានច្បាស់លាស់ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។  ប្រកាសអន្តរក្រសួងដដែល ក៏បានដាក់ចេញនូវប្រការចំនួន ៧បន្ថែមទៀត ដោយផ្តល់ការសម្រេចចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមភាពជាក់ស្តែងនៃតំបន់របស់ខ្លួន។ ក្នុងនោះ ក្រុមប្រឹក្សានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

      ៨ មិថុនា ២០២៦

    • ជលផលប្រកាសបិទរដូវនេសាទនៅរដូវត្រីពងចាប់ពីថ្ងៃទី១ មិថុនា

      អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប រយៈពេលពី ៤ ទៅ ៥ខែ នៅរដូវត្រីពងក្នុងឆ្នាំ២០២៦។ នោះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានជលផល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ សេចក្ដីជូនដំណឹងនេះ ណែនាំឱ្យសាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការ អនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្ស។ ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ហាមធ្វើនេសាទទ្រង់ទ្រាយធំ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប តាមបណ្ដាខេត្តដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ហាមសកម្មភាពនេសាទទ្រង់ទ្រាយធំ នៅតាមបណ្ដាខេត្តដូចជា ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ អគ្គនាយកដ្ឋានជលផល បញ្ជាក់៖ «នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម បទប្បញ្ញត្តិច្បាប់ស្តីពីជលផល»។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ការប្រមូលផលត្រីទឹកឡសាបឆ្នាំ២០២៥ កើនឡើងប្រមាណ ១០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយឆ្នាំ២០២៥ ប្រមូលបានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត ៤ម៉ឺនតោនធៀបនឹងឆ្នាំ២០២៤។ ឯរបាយការណ៍អគ្គនាយកដ្ឋានជលផល ឱ្យដឹងដែរថា ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់ជាមធ្យមប្រមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ៕

      ២២ ឧសភា ២០២៦

    • ប្រធានកបបខេត្តបាត់ដំបងត្រូវបណ្ដេញចេញពីក្របខណ្ឌ បន្ទាប់ពីលោក ហ៊ុន សែនរិះគន់ចំណាត់ការករណីលក់ទុរេនថៃ

      ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៃខេត្តបាត់ដំបង គឺ លោក គឹម ប្រុសត្រូវ ក្រសួងពាណិជ្ជកម្មសម្រេចបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខណ្ឌ បន្ទាប់ពី លោក ហ៊ុន សែនរិះគន់ចំណាត់ការរបស់មន្ត្រីរូបនេះករណីលក់ទុរេនថៃ។  សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល​ បានសម្រេចបណ្ដេញលោក គឹម ប្រុស ចេញពីការងារ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦។ ចំណាត់ការរបស់អ្នកស្រី ចម និម្មល ធ្វើឡើងមួយថ្ងៃបន្ទាប់ពី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានរិះគន់មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង ថាផ្តល់ព័ត៌មានមិនពិតថាជាទុរេនក្នុងស្រុក និង បានស្នើឱ្យចាត់វិធានការដកមន្ត្រីពាក់ព័ន្ធដើម្បីព្រមានមន្ត្រីដទៃកុំឱ្យកុហកថ្នាក់លើ និងកុហកប្រជាពលរដ្ឋ។ លោកមានប្រសាសន៍បែបនេះក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមូលដ្ឋាននៅខេត្តស្វាយរៀងកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មិនអាចសុំការបញ្ជាក់បន្ថែមករណីនេះនៅឡើយទេ ដោយលោកបានប្រាប់ឱ្យផ្ញើសំណួរតាម Telegram ព្រោះកំពុងជាប់ប្រជុំ។ មុនការសម្រេចដកចេញពីក្របខណ្ឌ លោក គឹម ប្រុស ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ផ្ទេរភារកិច្ចឱ្យមកជួយការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ហើយ អនុប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងលោក ចេង ជីវ័ន្ត ត្រូវបានតែងតាំងជាប្រធានវិញ។ នេះបើយោងតាមលិខិតចុះ របស់អគ្គនាយក ក.ប.ប. លោក គឹម មាសសុខសីហា នៅថ្ងៃទី៦ ខែឧសភា និងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានគាំទ្រចំពោះការអនុវត្តវិន័យលើក្នុងការដាក់ដំណែងលើមន្ត្រីរាជការព្រោះប្រទេសមានច្បាប់ត្រូវតែគោរពច្បាប់ជាធរមាន។លោកលើកឡើងថា ៖«ខ្ញុំមើលឃើញថាត្រូវពង្រឹងច្បាប់មិនត្រូវអត់ឱនទោះអ្នកឯងជាស្អីក៏ដោយគឺថាត្រូវតែគោរពច្បាប់។ លោកបន្តថា៖ «ទំនិញគេចពន្ធគឺខាតថវិកាជាតិ ទំនិញគេចពន្ធនឹងប៉ះពាល់ដល់ផ្នែកសុខភាព សុខុមាលភាពប្រជាពលរដ្ឋ »។ ស្រដៀងគ្នានេះ នាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារីបានសម្តែងការគាំទ្រចំពោះការអនុវត្តច្បាប់ ដើម្បីធានាតម្លាភាព និងយុត្តិធម៌ក្នុងសង្គម។ អ្នកស្រីមានប្រសាសន៍ ក្រៅពីអនុវត្តច្បាប់ និងទោសទណ្ឌ ការពង្រឹងសមត្ថភាព មន្ត្រីក្នុងការអនុវត្តដោយត្រឹមត្រូវ រួមទាំងការផ្សព្វផ្សាយពីច្បាប់ និងបទបញ្ញាតិនានា ដើម្បីអោយពលរដ្ឋបានយល់ដឹងក៏មានសារៈសំខាន់ផងដែរ។ អ្នកស្រីបន្ថែមថា៖«ក្រោយការស៊ើបអង្កេតនានា ត្រូវផ្សព្វផ្សាយលទ្ធផលនៃការស៊ើបអង្កេត ជូនសាធារណជន បន្ថែមទៀតផង»។ កាលពីដើមខែឧសភា ឆ្នាំ២០២៦ មានការចែករំលែកសារសំឡេងរបស់ស្ត្រីម្នាក់នៅខេត្តបាត់ដំបង ដែលអះអាងពីការនាំចូលទុរេនពីថៃចូលមកកម្ពុជា។ បញ្ហានេះបានបង្កការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ និងការគេចពន្ធ។ឆ្លើយតបករណីនេះ សេចក្តីបំភ្លឺរបស់សាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានទៅដល់ទីតាំងលក់ទុរេននិងចេញសេចក្ដីបំភ្លឺដោយអះអាងថា ទុរេនដែលដាក់លក់នៅផ្សារភូពុយ មានប្រភពពីតំបន់ក្នុងស្រុក និងការបញ្ជាទិញតាមអនឡាញ ដោយមិនមានភស្តុតាងថានាំចូលពីថៃឡើយ។ លុះប៉ុន្មានថ្ងៃក្រោយមកនគរបាលនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសុទ្ធតែបានរកឃើញថាទុរេននេះមានប្រភពមកពីថៃដោយស្ត្រីម្នាក់អឿន សាក់ឡែន និងឈ្មោះ ព្រុំ សុខណយនាំចូលមកលក់នៅផ្សារភូពុយខេត្តបាត់ដំបង។ តំណាងអយ្យការបានចោទប្រកាន់អ្នកលក់ទុរេនពាក់ព័ន្ធបទល្មើសលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) តាមច្រកទ្វារតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីខែមេសា ឆ្នាំ២០២៦។តំណាងអយ្យការបានបញ្ជាក់​ថា ទំនិញដែលនាំចូលទាំងនោះ មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយត្រឹមត្រូវឡើយ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

      ១៥ ឧសភា ២០២៦

    • កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើរដ្ឋាភិបាលឱ្យពង្រឹងកិច្ចគាំពារសង្គម និងការពារសិទ្ធិការងារ

      អ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តព្រួយបារម្ភពីបញ្ហាប្រឈមរបស់កម្មករក្រៅប្រព័ន្ធ ដែលនៅតែជួបប្រទះអស្ថិរភាពការងារ ហានិភ័យសុខភាព សុវត្ថិភាពការងារ និងតម្រូវការកិច្ចគាំពារសង្គម។ ការបារម្ភទាំងនេះ ត្រូវបានលើកឡើងនៅក្នុងវេទិកា «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» រៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម ដើម្បីប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។ កម្មវិធីនេះ រៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត៣០០នាក់ មកពីកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកឡើងពីតួនាទីរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចកម្ពុជា និងជំរុញការពង្រឹងកិច្ចគាំពារសង្គម និងសិទ្ធិការងារ។ តំណាងអ្នកដឹកជញ្ជូនតាមប្រព័ន្ធឌីជីថលមកពី Grab លោក នឿង ជីវ៉ា បានថ្លែងក្នុងវេទិកាថា ទោះបីជាពួកគេមានមោទនភាពដែលបានចូលរួមសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែអ្នកដឹកជញ្ជូននៅតែប្រឈមហានិភ័យសុវត្ថិភាព និងអស្ថិរភាពការងារ។ លោកបានចោទសួរទៅកាន់តំណាងរដ្ឋាភិបាលពាក់ព័ន្ធនឹងការចូលរួមបង់ ប.ស.ស និងការការពារកម្មករ នៅពេលក្រុមហ៊ុនផ្តាច់គណនីការងារ។ លោកឡើងនៅក្នុងកម្មវិធីថា ៖«ចំណុចទី១ លើ បសស តើក្នុងពេលឆាប់ៗខាងមុខនេះ ពេលរដ្ឋាភិបាល ឬក្រុមហ៊ុនមានយុទ្ធនាការបែបណា ដើម្បីជួយសម្រួលឲ្យពួកខ្ញុំ បានទទួលការបង់ បសស ពេញលេញ ដើម្បីសុវត្ថិភាពការងារមានគ្រោះថ្នាក់ នៃការថែទាំសុខភាពឲ្យបានសមរម្យ? ចំណុចទីពីរ ស្ថេរភាពការងារ តើមានការរៀបចំ ការងារថ្មីណាដែលជួយការងារពួកខ្ញុំ នៅពេលដែលក្រុមហ៊ុនផ្តាច់ app ដោយបញ្ឈប់ការងារតាមចិត្តដោយគ្មានមូលហេតុច្បាស់លាស់ដែរឬទេ? ហើយតើធ្វើដូចម្តេចទើបពួកខ្ញុំទទួលបានប្រយោជន៍គាំពារសង្គមដូចជាបុគ្គលិកពេញសិទ្ធិផ្សេងទៀត? »។ ប្រធាននាយកដ្ឋានតាវលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក សុក បូរ៉ា បានឆ្លើយតបនៅក្នុងវេទិកាថា ថ្នាក់ដឹកនាំកំពុងសិក្សាគោលនយោបាយ ដើម្បីបញ្ចូលអ្នកដឹកជញ្ជូនតាមប្រព័ន្ធឌីជីថលចូលក្នុងប្រព័ន្ធសន្តិសុខសង្គម។ លោកបញ្ជាក់ថា ការសិក្សានេះត្រូវបានពិភាក្សាជាងពីរឆ្នាំមកហើយ ហើយរដ្ឋាភិបាលកំពុងរង់ចាំការសម្រេចចុងក្រោយ។ លោកបានឆ្លើយសំណួរនៅវេទិកាថា៖ «និយាយរួមទៅយើងមិនឲ្យប្រជាពលរដ្ឋណាចេញពីសន្តិសុខសង្គមនោះទេ នៅខាងមុខហ្នឹង យើងនឹងទាញចូលទាំងអស់តែម្តង គ្រាន់តែថាប្រព័ន្ធដែលមិនទាន់ពេញលេញ មិនទាន់ដាក់បញ្ជូលខាងប្អូនមែន ក្រុមប្អូនត្រូវតែការពារសុវត្ថិភាព ការបើកបរ ដូចបងបញ្ជាក់អីចឹងយើងត្រូវតែការពារខ្លួនឯងសិន គឺធ្វើដំណើរត្រូវតែប្រយ័ត្នទាំងអស់គ្នា»។ អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក សំសុវត្យា បានលើកឡើងឆ្លើយតបសំណួរអ្នកតំណាង Grab ដែរថា កម្មករដែលចង់ផ្លាស់ប្តូរពីការងារក្រៅប្រព័ន្ធ ទៅការងារផ្លូវការ អាចដាក់ពាក្យធ្វើការក្នុងវិស័យឧស្សាហកម្មបាន ព្រោះក្រសួងមានតម្រូវការកម្មករច្រើន។ លោកបានឆ្លើយសំណួរនៅក្នុងវេទិកាថា ៖«ឯកឧត្តមរដ្ឋមន្ត្រីគាត់មានប្រសាសន៍ហើយប្រាក់ខែត្រឹម២៥០[$] ចាប់អារម្មណ៍ចង់ឈប់រត់ grab រីករាយស្វាគមន៍ ក្រសួងការងារ ការងារមិនខ្វះទេ»។ លោក អ៊ុក សំសុវត្យា បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកពីការងារ ត្រូវធ្វើទៅតាមច្បាប់ និងកិច្ចសន្យាការងារ មិនមែនបញ្ឈប់ដោយគ្មានមូលហេតុនោះទេ។ លោកថា ប្រសិនបើកម្មករយល់ថា ខ្លួនត្រូវបានបញ្ឈប់ដោយអយុត្តិធម៌ អាចប្តឹងទៅក្រសួងការងារ ដើម្បីជួយដោះស្រាយបាន។ លោកបន្តថា ក្រសួងកំពុងយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដឹកជញ្ជូន និងរៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនសាធារណជន។ តំណាងអ្នកដឹកជញ្ជូន Grab ម្នាក់ទៀត លោក ថេង ធីតា បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នអ្នកបើកបរត្រូវចំណាយថ្លៃប្រេង និងចំណាយប្រចាំថ្ងៃកើនឡើង ខណៈប្រាក់ចំណូលមិនស្ថិរភាពដូចមុន។ លោកបញ្ជាក់ថា អ្នកដឹកជញ្ជូនភាគច្រើនត្រូវបង់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយខ្លួនឯង ព្រោះក្រុមហ៊ុនចាត់ទុកពួកគេជាដៃគូសហការ មិនមែនជាបុគ្គលិកផ្លូវការ។លោកថ្លែងប្រាប់ថា៖ «បសស ខ្ញុំមានហើយ ប៉ុន្តែរាល់ថ្ងៃខ្ញុំបង់ខ្លួនឯងក្រុមហ៊ុនអត់មានបង់ឲ្យយើងទេ ព្រោះអីយើងរាល់ថ្ងៃជាដៃគូសហការមិនមែនជាបុគ្គលិក អីចឹង បសស យើងធ្វើខ្លួនឯងហើយបង់ខ្លួនឯង វាមិនទាន់មានក្រុមហ៊ុនណាជួយយើងចឹង»។ លោកបានស្នើឱ្យក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនចូលរួមបង់ថវិកា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស )ជាមួយកម្មករ ដើម្បីសម្រាលបន្ទុក និងធានាសុវត្ថិភាពសង្គម។ ក្រៅពីនេះ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យមើលទៅលើក្រុមហ៊ុនកែលម្អកម្រៃជើងសារ និងកាត់បន្ថយភាគរយកាត់ពីអ្នកដឹកជញ្ជូន ដើម្បីធានាជីវភាពកាន់តែប្រសើរ។ អ្នករត់កង់បីដឹកជញ្ជូនតាមប្រព័ន្ធឌីជីថល លោក ផេង សារេន អាយុ៤០ឆ្នាំ បានលើកឡើងថា តម្លៃហ្គាសកើនឡើង និងការកាត់កម្រៃជើងសារ កំពុងប៉ះពាល់ដល់ជីវភាពអ្នកបើកបរ។ លោកបានរិះគន់ថា ក្រុមហ៊ុនផ្តោតសំខាន់លើអតិថិជន ប៉ុន្តែមិនសូវគិតពីផលប្រយោជន៍អ្នកបើកបរ។ លោកបានប្រាប់ថា ៖ «ជាសំណូមពរមិនថារូបខ្ញុំ និងអ្នកដទៃទេ ឲ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយយកចិត្តទុកដាក់ទៅលើវិស័យដឹកជញ្ជូនឲ្យពួកខ្ញុំនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹង កុំឲ្យក្រុមហ៊ុន ប្លុកបានតាមចិត្ត ត្រូវមានគោលការណ៍ច្បាស់លាស់ណាមួយ គឺក្រសួងដាក់នូវលក្ខខណ្ឌដល់ក្រុមហ៊ុនទាំងអស់នោះឲ្យគាត់គោរពច្បាប់គោលការណ៍របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យគាត់អនុវត្ត»។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បានរិះគន់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនថា តែងផ្តាច់ app អ្នកបើកបរ ដោយផ្អែកតែលើការតវ៉ារបស់អតិថិជន ទោះបីជាបញ្ហាខ្លះបណ្តាលមកពីបច្ចេកទេស ឬសេវាទូរសព្ទក៏ដោយ។ លោកថ្លែងប្រាប់វេទិកាថា៖ «ពិតប្រាកដណាស់ក្រុមហ៊ុន grab ក៏អីចឹង passapp ក៏អីចឹងដែរ ផ្តាច់អ្នករត់ គេ complain(ប្តឹង) តែ៣០០៛ ផ្តាច់ app គេ ៧២ ម៉ោង…

      ១២ ឧសភា ២០២៦

    • គយកម្ពុជាហាមដាច់ខាតការលួចនាំចូលទុរេនខុសច្បាប់ពីប្រទេសថៃ

      អគ្គនាយកដ្ឋានគយចាត់វិធានការទប់ស្កាត់ការលួចនាំចូលទុរេនថៃខុសច្បាប់មកកម្ពុជាតាមគ្រប់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាម។ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ផ្លែទុរេនមកពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ រីឯការនាំចូលទុរេន ពីប្រទេសដទៃ ត្រូវអនុវត្តតាមខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា អ្នកស្រី ព្រុំ ទេវី គាំទ្រទៅនឹងចំណាត់ការខាងលើ ដោយសារការនាំចូលទុរេនថៃខុសច្បាប់មកកម្ពុជា គឺពុំបានឆ្លកកាត់ការបង់ពន្ធត្រឹមត្រូវ និងជាទំនិញដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា៖ «យើងគួរបន្តពហិការទំនិញមកពីថៃបន្តទៀត ដរាបណាគេមិនឱ្យតម្លៃយើង ហើយយើងក៏កុំជួយលើកទឹកចិត្តគេតាមរយៈការប្រើប្រាស់ទំនិញគេអី ពីព្រោះទំនិញដែលថៃមាន បើយើងមិនមានផ្ទាល់ទេ ក៏យើងមានទំនិញពីប្រទេសផ្សេងជាជម្រើសសម្រាប់ទិញបានដែរ»។ កាលពីពេលថ្មីៗនេះ មានការបែកធ្លាយព័ត៌មានពីការទិញ លក់ផ្លែទុរេននាំចូលពីប្រទេសថៃ ហើយដែលបន្ទាប់មក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលរូបគេបានលួចនាំចូលទុរេនគេចពន្ធពីថៃមកកម្ពុជាតាមច្រកព្រំដែន ថាជារឿងពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបុគ្គលរូបនេះ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យម្នាក់ទៀតឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា អាយុ ២៦ឆ្នាំ ពីបទផ្ដើមគំនិតក្នុងការលួចនាំចូលទំនិញគេចពន្ធនេះផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ អ្នកស្រី ព្រុំ ទេវី ពន្យល់ថា ផលប៉ះពាល់នៃការនាំចូលទំនិញពីក្រៅប្រទេសមានច្រើនប្រភេទ មិនមែនមានតែការនាំចូលទុរេននោះទេ នៅមានប្រភេទភេសជ្ជៈផ្អែម ដែលធ្វើឱ្យខូចសុខភាព។ មួយវិញទៀត នៅមានការនាំចូលទំនិញដែលជិតផុតកំណត់ចូលមកកែច្នៃ កែការវេចខ្ចប់ ហើយកែសម្រួលថ្ងៃខែផុតកំណត់ថ្មីយកមកលក់ក្នុងស្រុក និងលក់ក្នុងតម្លៃទាបធ្វើឱ្យប្រជាជនទិញច្រើន ដែលនេះជាបញ្ហាប្រឈមធ្ងន់ដល់សុខភាព។ ប្រភពដដែលនិយាយថា៖ «ការទប់ស្កាត់នាំចូលទុរេនខុសច្បាប់ គ្រាន់តែជាចំណុចតូចមួយ ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវទប់ស្កាត់ ព្រោះថាមនុស្សម្នាក់បើចាប់ផ្ដើមឈឺហើយមិនដឹងឈឺប៉ុន្មានមុខទេ ហើយមិនមែនមានន័យថា មនុស្សកើតមកមិនឈឺទេ មនុស្សតែងតែឈឺហើយតែកាលណាយើងហូបចុកមិនប្រក្រតីគឺឈឺច្រើនមុខពិបាកព្យាបាលណាស់»។ ជាមួយគ្នានេះដែរ ម្ចាស់ចម្ការទុរេនម្នាក់នៅស្រុកទឹកឈូ ខេត្តកំពត អ្នកស្រី សៀង ផល្លី បានរៀបរាប់ថា គាត់ដាំដុះទុរេនចំនួន ៤០០ ដើម ប៉ុន្តែនៅពេលប្រមូលផល គឺបានតែ១០០ដើមប៉ុណ្ណោះ ខណៈ ៣០០ ដើមផ្សេងទៀត ខ្លះងាប់ ខ្លះមិនបានផ្តល់ផលនោះឡើយ។ បច្ចុប្បន្ន គ្រួសារអ្នកស្រីបានប្រមូលផលទុរេននៅចម្ការរួចហើយ និងបានលក់ចេញទៅកាន់ផ្សារទំនើប ជីប ម៉ុង នៅរាជធានីភ្នំពេញ ព្រមទាំងបានលក់នៅតាមអនឡាញខ្លះ និងនៅចម្ការផ្ទាល់ខ្លះទៀត។ អ្នកស្រីថាសប្បាយចិត្ត នៅពេលឮថា រដ្ឋាភិបាលទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់មកកម្ពុជា ព្រោះបានជួយដល់កសិករខ្មែរ និងធ្វើឱ្យមានការកើនឡើងចំណូលក្នុងស្រុក ដែលជួយសេដ្ឋកិច្ចប្រទេសទៀតផង។ ក្នុងនាមជាអ្នកដាំដុះទុរេនធម្មជាតិរបស់ខ្មែរ អ្នកស្រីចង់ឱ្យមនុស្សគ្រប់គ្នាបានស្គាល់ច្បាស់ពីអត្តសញ្ញាណ និងរសជាតិទុរេនខេត្តកំពតពិតប្រាកដ ដោយកុំឱ្យជឿតាមការបោកបញ្ឆោតរបស់ជនឆ្លៀតឱកាសមួយចំនួន។ ម្ចាស់ចម្ការខាងលើអះអាងថា ទុរេនរបស់គាត់គឺធម្មជាតិសុទ្ធសាធព្រោះមិនបានបាញ់ថ្នាំអ្វីធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ដោយបានត្រឹមតែបាញ់ថ្នាំសម្លាប់សត្វល្អិតការពារស្លឹកខ្លះប៉ុណ្ណោះ។ ទុរេននៅចម្ការអ្នកស្រីត្រូវបានចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យជាមួយក្រសួងកសិកម្មត្រឹមត្រូវ មិនមែនគិតតែដាំលក់រកប្រាក់ចំណេញមួយមុខនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតពីសុខភាពភ្ញៀវ សុខភាពខ្ញុំ និងអ្នកដែលមកទិញ ធ្វើម៉េចឱ្យញ៉ាំទៅល្អទាំងអស់គ្នា បើសិនខ្ញុំដាំទៅលក់ឱ្យគេហូបប៉ះពាល់សុខភាព ខ្ញុំបានលុយមកក៏មិនសប្បាយចិត្តចឹងខ្ញុំមិនធ្វើទេ»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ ដោយជនទុច្ចរិតមួយចំនួនឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន គឺហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។ លោកសង្កត់ធ្ងន់ថា៖ «គ្រាន់តែរឿងទុរេនប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?»។ ម្ចាស់ចម្ការនៅខេត្តកំពតខាងលើ ក៏ចង់ឱ្យមានសមាគមដាំដុះទុរេននៅក្នុងខេត្ត ដើម្បីធ្វើការត្រួតពិនិត្យកុំឱ្យមានជនខិលខ្លះដែលយកទុរេននាំចូលពីក្រៅ ប៉ុន្តែបែរជាផ្សព្វផ្សាយថាជាទុរេនខេត្តកំពតទៅវិញ។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងចាប់អារម្មណ៍ពីការជជែករឿងទុរេន ដោយឱ្យដឹងថា លោកគឺជាអ្នកកំពង់ចាម ហើយទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅបាត់ដំបងនោះទេ។ ការបញ្ជាក់នេះ គឺធ្វើឡើងនៅពេលលោក ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តតាកែវ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៥ ក៏បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការតាមដានទប់ស្កាត់ការប៉ុនប៉ងនាំចូលខុសច្បាប់នូវផ្លែទុរេន តាមច្រករបៀងក្នុងភូមិសាស្ត្ររបស់ខ្លួនផងដែរ។ ការណែនាំនេះធ្វើឡើង ក្រោយពលរដ្ឋមួយចំនួន រួមទាំងអ្នកដាំផ្លែទុរេនក្នុងស្រុកបានរាយការណ៍ថា ផ្លែទុរេននាំចូលពីប្រទេសជិតខាង ពិសេសពីប្រទេសវៀតណាមបានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក។ របាយការណ៍របស់ក្រសួងកសិកម្ម ឱ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥.២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣.៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦.៦៥៦ តោនក្នុង១ឆ្នាំ ក្នុងនោះខេត្តចំនួន ៥ របស់កម្ពុជាដែលល្បីថាមានទុរេនឆ្ងាញ់ជាងគេគឺខេត្តកំពត បាត់ដំបង…

      ១១ ឧសភា ២០២៦

    • កម្ពុជាបណ្ដេញជនបរទេស លើសំណុំរឿងឆបោកតាមអនឡាញ ជាង៣ពាន់នាក់នៅខែ​មេសា

      ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញជនបរទេសចំនួន ៣៥៥៨នាក់ ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្ដីសង្ខេបព័ត៌មាន ស្ដីពីលទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ ប្រចាំខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពេញ១ខែមេសា សមត្ថកិច្ចបានក្រសោបបុគ្គលពាក់ព័ន្ធ មានចំនួនសរុប ៥៥៣៥នាក់ មាន៣០សញ្ជាតិ រួមទាំងខ្មែរផង។លោកថា ក្រសួងបានបណ្ដេញចេញ នូវអ្នកពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៣៥៥៨នាក់ មានជនជាតិចិន ២១៥២នាក់ ថៃ ៧២៤នាក់ វៀតណាម ២១៦នាក់ បង់ក្លាដេស១០០ ប៉ាគីស្ថាន៦០ ឥណ្ឌា ៤៣ ឥណ្ឌូនេស៊ី ២៣នាក់ នេប៉ាល់១០៨នាក់ មីយ៉ាន់ម៉ា១០៧នាក់ ម៉ាឡេស៊ី ៤នាក់ កូរ៉េ ៩នាក់ រ៉វាន់ដា ៥នាក់។ លោក សុឃៈ ឱ្យដឹងទៀតថា ការចុះបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ប្រចាំខែមេសា សមត្ថកិច្ច បានចុះបង្ក្រាបចំនួន ៤៨កន្លែង ក្នុងរាជធានីខេត្តចំនួន ១៣ ក្នុងនោះមានភ្នំពេញ ២០កន្លែង បន្ទាយមានជ័យ ៨កន្លែង ស្វាយរៀង ៦កន្លែង ព្រះសីហនុ ៣កន្លែង កំពង់ស្ពឺ ២កន្លែង មណ្ឌលគិរី ២កន្លែង ព្រមទាំង១កន្លែងនៅក្នុងខេត្តកែប កំពត សៀមរាប កោះកុង កណ្ដាល ឧត្តរមានជ័យ និងត្បូងឃ្មុំ។  ក្នុងនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសរុបចំនួន ៦៤នាក់ មានជនជាតិវៀតណាម ៣៥នាក់ ចិន១៩នាក់ ឥណ្ឌូនេស៊ី ៤នាក់ ខ្មែរ ៣នាក់ កូរ៉េ១នាក់ ថៃ១នាក់ និងមីយ៉ាន់ម៉ា ១នាក់ ក្រោយរកឃើញភស្តុតាងរឹងមាំ ជាអ្នកចាត់ចែងដឹកនាំ សម្របសម្រួលបទល្មើស តាមបទបញ្ជាមេខ្លោងធំៗ គ្រាក់ៗពីក្រៅប្រទេសជាដើម។  ដោយឡែក លោកថា នៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្តសាម៉ី សមត្ថកិច្ចកំពុងបន្តនិតីវិធីលើអ្នកពាក់ព័ន្ធចំនួន ១៨៨៤នាក់ ក្នុងនោះមានជនជាតិចិន ១១៩៦នាក់ វៀតណាម ២០៩នាក់ បង់ក្លាដេស ១៤៨នាក់ ហ្វីលីលីន ៤២នាក់ ឥណ្ឌូនេស៊ី ៤១នាក់ ម៉ាឡេស៊ី ៣៧នាក់ ស្រីលង្កា ៣៧នាក់ ឥណ្ឌា ៣៦នាក់ និង ជប៉ុន ៣២នាក់។ ក្រៅពីនោះ ក៏មានដែរ ការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យត្រលប់ទៅប្រទេសកំណើតវិញចំនួន ២៩នាក់ មានជនជាតិចិន ២៤នាក់ ខ្មែរ ៤នាក់ វៀតណាម ១នាក់។ លោក ទូច សុឃៈ ក៏បានលើកឡើងពីការតភ្ជាប់ និងដំឡើងកាមេរ៉ាសុវត្ថិភាពនៅដំណាក់កាលទី១ ដោយគិតពីថ្ងៃទី១៩ មីនា ដល់ថ្ងៃទី១០ មេសា ឆ្នាំ២០២៦ ដោយដាក់បានចំនួន ១៩០ទីតាំង ស្ថិតក្នុងទីតាំងរាជធានីខេត្តចំនួន ១៣ កន្លែង ដែលបានវាយបង្ក្រាប និងបិទដំណើរការ ដើម្បីទប់ស្កាត់ជនឱកាសនិយមលួចបើកឡើងវិញ ឬដឹកចេញនូវឧបករណ៍ ឬសម្ភារជាវត្ដុតាង ភស្តុតាងនានា។ លោក សុឃៈ បន្ត៖ «ការគ្រប់គ្រងសន្តិសុខនៅទីតាំងមានការរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានត្រួតពិនិត្យតាមទីតាំងរដ្ឋបាលតាមបណ្ដាគោលដៅនានាបានចំនួន ៤៤៧២ ស្មើនឹង៣១៥៣៧នាក់ នៅតាមរាជធានីខេត្តចំនួន១៩។ ការពិនិត្យរដ្ឋបាល តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថិកិច្ច ក៏បានដាក់គោលដៅត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវ គឺចំណុចក្ដៅ ដែលសមត្ថកិច្ច សង្ស័យថាមានការលបលួចដឹកចល័តរជនបរទេស ដែលពាក់ព័ន្ធនៅក្នុងការប្រព្រឹត្ត បម្រើការងារបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការត្រួតពិនិត្យយានយន្ត ដែលសង្ស័យដឹកជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយ ដោយមានការត្រួតពិនិត្យក្នុងខេត្តចំនួន៥ រួមមានខេត្តបន្ទាយមានជ័យ ក្រចេះ មណ្ឌលគិរី កំពង់ស្ពឺ និងឧត្តមានជ័យ»។ លោក ទូច សុឃៈ បញ្ជាក់ថា ក្នុងពេលត្រួតពិនិត្យរដ្ឋបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ ប្រចាំខែមេសា សមត្ថកិច្ច បានផាកពិន័យបានប្រាក់សរុប ១ប៊ីលាន៨៩២លានរៀល។ ក្នុងនោះ ការផាកលើម្ចាស់ទីតាំង ៦០កន្លែង ក្នុងខេត្តចំនួន២ បានប្រាក់ចំនួន ២៤លានរៀល និងផាកពិន័យលើជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៤៦៧នាក់ ពី៦ខេត្ត បានប្រាក់ ១ប៊ីលាន៨៦៨លានរៀល៕

      ៩ ឧសភា ២០២៦

    • រដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងណែនាំអ្នកសារព័ត៌មានអនឡាញឱ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

      រដ្ឋមន្រ្តីក្រសួងព័ត៌មានគ្រោងនឹងជួបជាមួយអ្នកសារព័ត៌មានអនឡាញ ដែលចុះរាយការណ៍ព័ត៌មានទាក់ទងនឹងបញ្ហាសន្តិសុខសង្គម និងជម្លោះនានា ដើម្បីពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញឱ្យមានការផលិតព័ត៌មានដែលមានប្រយោជន៍ច្រើនដល់ពលរដ្ឋ និងសង្គម។  ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ លោក នេត្រ ភក្ត្រា ឱ្យដឹងថា កិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ គឺដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីអ្នកអាន និងអ្នកទស្សនាលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ឬការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។  ជាមួយគ្នានេះ លោកក៏ស្នើឱ្យប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិត និងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ លោក នេត្រ ភក្ត្រា យល់ថា ពេលខ្លះ ពលរដ្ឋអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស គឺពលរដ្ឋអាចមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីពលរដ្ឋអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ លោកអំពាវនាវឱ្យអ្នកសារព័ត៌មាន រួមគ្នាផលិត និងផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម។  អ្នកវិភាគបញ្ហាសង្គម និងជានាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន សង្កេតឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់អ្នកកាសែតអនឡាញមួយចំនួននៅមិនទាន់បានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រោះភាគច្រើនផ្សាយតែព័ត៌មានណាដែលទាក់ទាញការចាប់អារម្មណ៍លឿន និងមានចំនួនអ្នកចូលទស្សនាច្រើន ដែលនេះពុំមែនជាការផ្សាយព័ត៌មានតែមួយមុខទេ ប៉ុន្តែជាការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើការលក់ផលិតផលរបស់ម្ចាស់ក្រុមហ៊ុនណាមួយដែលពួកគេទទួលបានការឧបត្ថម្ភប៉ុណ្ណោះ។ លោកបន្តថា៖ «អ្នកសារព័ត៌មានអនឡាញខ្លះគ្រាន់តែជា Content Creator ឬជាអ្នកធ្វើវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យអ្នកលក់ដូរ និងអ្នករកស៊ី ពុំមែនជាអ្នកសារព័ត៌មានអាជីពទេ»។ លោក ប៉ា ច័ន្ទរឿន លើកឡើងថា អ្នកសារព័ត៌មានអនឡាញពុំបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានស៊ីជម្រៅនោះទេ។ លោកចង់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការបណ្ដុះបណ្ដាល និងលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មានអនឡាញមួយចំនួនដែលពុំទាន់បានយល់ច្បាស់ពីក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យនេះ និងលើកពីចំណុចខ្វះខាតរបស់ពួកគេមកជជែករកដំណោះស្រាយ។ ប្រភពដដែលបន្ថែមថា ៖ «រាល់ការដាក់ចេញនូវវិធានការទាំងឡាយ ក្រសួងគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព និងច្បាស់លាស់ដល់អ្នកសារព័ត៌មានអនឡាញទាំងអស់ ដោយគ្មានការដាក់គំនាប និងរើសអើងទៅក្រុមណាមួយ ដើម្បីផ្ដល់ទាំងយុត្តិធម៌ និងលើកទឹកចិត្តឱ្យមានការកែលម្អ»។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ឱ្យដឹងថា ជំនួបរវាងក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអនឡាញ ជារឿងល្អ ដោយសារមួយរយៈនេះអ្នកស្រីឃើញមានអ្នកសារព័ត៌មានមួយចំនួនអនុវត្តការងាររបស់ខ្លួនមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការរាយការណ៍ព័ត៌មានទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ឬចោរកម្ម។ អ្នកស្រីមានប្រសាសន៍ថា នៅពេលដែលអ្នកសារព័ត៌មានអនឡាញមួយចំនួនទៅសម្ភាសជនរងគ្រោះ ឬគ្រួសារផ្ទាល់ ដែលកំពុងតែមានទុក្ខ ពួកគេហាក់ធ្វើខ្លួនដូចជាអាជ្ញាធរ ឬប៉ូលីស ពេលខ្លះសំណួររបស់ពួកគេមានលក្ខណៈដាក់សម្ពាធទៅលើប្រភពទៀតផង។  ជាឧទាហរណ៍ អ្នកស្រីថា ថ្មីៗនេះ អ្នកស្រីឃើញអ្នកសារព័ត៌មានអនឡាញខ្លះដណ្តើមគ្នាសម្ភាសបុរសម្នាក់ត្រូវកងកម្លាំងឃាត់ខ្លួន ដោយសារគាត់បើកឡានបង្កឱ្យមានសម្លេងលឺខ្លាំង ប៉ុន្តែនៅពេលអ្នកសារព័ត៌មានមិនគោរពក្រមសីលសីលធម៌វិជ្ជាជីវៈ គឺពិតជាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់សង្គម។ អ្នកស្រីសង្កត់ធ្ងន់ថា៖ «អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់មហាជន ដូច្នេះគ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវតែគោរពក្រមសីលធម៌ជាដាច់ខាត ក្រមសីលធម៌ជាអាវុធ »។ អ្នកស្រី ឆន សុគន្ធា យល់ថា ក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកវគ្គបណ្តុះបណ្តាល តម្រង់ទិសដល់អ្នកសារព័ត៌មាន ក្នុងនោះមានទាំងអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានអនឡាញ និងពលរដ្ឋអ្នកសារព័ត៌មានផងដែរ។  អ្នកស្រីផ្តល់មតិថា អ្នកសារព័ត៌មានត្រូវនាំយកព័ត៌មានពិតដល់មហាជន រកប្រភពឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងលើកយកទុក្ខកង្វល់ និងសំណើរផ្សេងៗរបស់ពលរដ្ឋឱ្យថ្នាក់ដឹកនាំបានដោះស្រាយ មិនមែនគ្រាន់តែចង់បានចំនួនអ្នកទស្សនាច្រើន ដោយមិនគោរពតាមក្រមសីលធម៌ដែលនាំឱ្យមានការបាត់បង់ទំនុកចិត្តពីមហាជនទាំងនៅក្នុងប្រទេស និងអន្តរជាតិនោះទេ៕

      ៦ ឧសភា ២០២៦

    • អាជ្ញាធរភ្នំពេញហាមផ្សាយពាណិជ្ជកម្មបារី ថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកជក់គ្រប់ប្រភេទ

      ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាថ្មី ដាក់បម្រាមដាច់ខាតលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងចាប់ដៃគូជាមួយឧស្សាហកម្មផលិតសារធាតុគីមីសម្រាប់ជក់ និងបារីអេឡិចត្រូនិក ដើម្បីការពារសុខភាពសាធារណៈ និងធនធានមនុស្ស។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៦។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យអង្គភាពរដ្ឋ រដ្ឋបាលខណ្ឌ សង្កាត់ និងវិស័យឯកជនអនុវត្តបម្រាម និងផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព លើចំណុចសំខាន់ៗ ដូចជា ហាមឃាត់ការផ្សាយពាណិជ្ជកម្ម នូវរាល់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងឧបករណ៍ជក់គ្រប់ប្រភេទ។ ហាមការសហការ ដោយមិនឱ្យមានការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ក្នុងកម្មវិធីសប្បុរសធម៌ កីឡា ឬសិល្បៈជាដើម។ ហាមការឧបត្ថម្ភ ដោយមិនឱ្យទទួលយកការគាំទ្រ ឬចុះអនុស្សរណៈ (MOU) ជាមួយអ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន និងហាមផ្តល់ទីតាំង ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាសាធារណៈសម្រាប់ពិព័រណ៍ ឬកម្មវិធីផ្សព្វផ្សាយផលិតផលបារី និងថ្នាំជក់គ្រប់ប្រភេទ។ រដ្ឋបាលរាជធាភ្នំពេញបញ្ជាក់ថា៖ «បម្រាមទាំងនេះ ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិកសិក្សា»។ ទាក់ទងនឹងការប្រើប្រាស់បារីអេឡិចត្រូនិកនេះ អនុប្រធាននាយកដ្ឋានមួយចំណុះឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ គឺលោក ខៀវ សុងច័ន្ទសុធា បានបង្កការភ្ញាក់ផ្អើលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌច្បារអំពៅ ដោយលោកបានប្រើសម្តីមិនសមរម្យ និងបានជក់បារីអេឡិចត្រូនិក កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ករណីនេះ បង្កការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន ដែលថាទង្វើបង្ហុយផ្សែងបារីអេឡិចត្រូនិក ដែលឃើញតាមកាមេរ៉ាអ្នកសារព័ត៌មាន គឺផ្ទុយនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានទម្លាក់ឋានន្តរស័ក្តិ លោក ខៀវ សុង ច័ន្ទសុធា ពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះវិញ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ខណៈរកមិនឃើញមានសារធាតុញៀនលើរូបលោកនោះទេ។ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនឱ្យចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនដែលផលិតផលិតផលមានជាតិនីកូទីន ដូចជាបារីអេឡិចត្រូនិច HTP ជាដើមនោះ ជារឿងល្អ សម្រាប់ផលប្រយោជន៍សង្គម ការពារធនធានមនុស្ស ការពារយុវជន និងការពារកុមារ។ ដ្បិតរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ដាច់ខាតរួចហើយ លើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ក៏ពិតមែន ប៉ុន្តែលោក មុំ គង់ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់ និងចាត់វិធានការឱ្យបានតឹងរ៉ឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមីសម្រាប់ជក់ និងបារីអេឡិចត្រូនិកឱ្យបានច្រើន។  ក្នុងនោះដែរ លោកវេជ្ជបណ្ឌិតរូបនេះ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ ប្រសិនឃើញនៅតែមានកន្លែងផ្តល់ទីកន្លែងឱ្យក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនផលិតផលនីកូទីន ធ្វើការផ្សព្វផ្សាយ តាំងពិព័រណ៍ ឬធ្វើសន្និសីទផ្សេងៗ។ លោកវេជ្ជបណ្ឌិត មុំ គង់៖ «គោលបំណងនៃសេចក្តីណែនាំនេះ គឺដើម្បីការពារធនធានមនុស្សកម្ពុជា កុំឱ្យធ្លាក់ក្នុងការប្រើប្រាស់ផលិតផលទាំងអស់នោះ។ ដូច្នេះ ប្រសិនបើអ្នកប្រព្រឹត្តល្មើស គឺត្រូវទទួលទោស»។  លោកបន្ត៖ «ឧទាហរណ៍ថា បើគាត់ជាអ្នកប្រើប្រាស់ ជាមន្ត្រីរាជការ ឬកងទ័ពរាជអាវុធហត្ថ ជាកងកម្លាំងជាដើម ប្រសិនបើនៅតែជក់ ឬប្រើប្រាស់ ខាងស្ថាប័នត្រូវមានលិខិតលាយលក្ខណ៍អក្សរ ដកហូតឧបករណ៍សម្រាប់ជក់ ហើយនឹងដាក់ទណ្ឌកម្មតាមលក្ខខណ្ឌមន្ត្រីរាជការ ឬលក្ខខណ្ឌយោធិន។ ហើយសម្រាប់អ្នកដែលផ្សព្វផ្សាយ លក់ និងនាំចូល ក៏ត្រូវទទួលរងនូវការពិន័យដូចជាដកហូតអាជ្ញាប័ណ្ណអាជីវកម្មជាដើម»។ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ឱ្យដឹងថា នៅកម្ពុជាមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជា​ដើម។ ក្នុងនោះអង្គការថាមាន ៣៣% នៃចំនួនអ្នកស្លាប់ ជាប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ ជាងនេះទៅទៀត ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ប្រាក់ប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ឬស្មើនឹង ៣% នៃទំហំផលិតក្នុងស្រុកសរុបរបស់កម្ពុជា។ កាលពីខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា ហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក។ ក្នុងនោះ ចំណុចទី៩ នៃបទបញ្ជា បានសង្កត់ធ្ងន់ថា៖ «គ្រប់ស្ថាប័នត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការ មន្ត្រីនគរបាល និងយោធិនណា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក»៕

      ៦ ឧសភា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News