ក្រុមអ្នករកស៊ីបារម្ភពីការត្រួតពិនិត្យទីតាំងអាជីវកម្ម ធ្វើឡើងដោយមិនត្រឹមត្រូវតាមនីតិវិធី

អភិបាលកិច្ច

(ផលិតផលក្នុងក្រុមហ៊ុនដឹកជញ្ជូនដែលត្រូវអាជ្ញាធរសួរនាំ បន្ទាប់មកក៏មានប្រទូស្តរាយរវាងម្ចាស់អាជីវកម្មL192និងអាជ្ញាធរខណ្ឌឬស្សីកែវ)។

ភាគីពាក់ព័ន្ធ និងវិស័យឯកជន បង្ហាញការបារម្ភពីការអនុវត្តច្បាប់របស់អាជ្ញាធរនៅពេលចុះត្រួតពិនិត្យឃ្លាំងអាជីវកម្មរបស់ពលរដ្ឋ និងស្នើសុំឱ្យអាជ្ញាធរអនុវត្តការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមនីតិវិធី។

ការបារម្ភនេះ ត្រូវបានលើកឡើងកាលពីសប្ដាហ៍មុន ក្នុងពេលសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក បានពិភាក្សាគ្នាក្នុងកិច្ចប្រជុំបន្ទាន់មួយស្ដីពី «ការឈ្វេងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី»។ 

ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនក្នុងសកម្មភាពធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា ក្នុងនោះរួមមានផលប៉ះពាល់លើសង្វាក់ផលិតកម្មនៃវិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី។ សេចក្ដីប្រកាសព័ត៌មានសរសេរថា វិធានការរបស់អាជ្ញាធរនេះបានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។ សេចក្ដីប្រកាសព័ត៌មានសរសេបន្ថែមថា កិច្ចប្រជុំនេះតំណាងពាក់ព័ន្ធក៏បានបង្ហាញការកត់សម្គាល់ថាការត្រួតពិនិត្យរបស់អាជ្ញាធរធ្វើឡើងដោយមិនមាននីតិវិធីច្បាប់ត្រឹមត្រូវ និងខ្វះការចូលរួមពីមន្ត្រីគយ។ 

សេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលថា៖ «អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫ ទំនិញគេចពន្ធ និងទំនិញនាំចូលឬទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់»។

សេចក្ដីព័ត៌មានបន្ថែមថា៖ «ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច»។ 
កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យបទល្មើសបច្ចេកវិទ្យា (ស្កេម) នៅឃ្លាំង L192។ ម្ចាស់អាជីវកម្មបានចេញបកស្រាយ និងទាមទាររកយុត្តិធម៌នៅក្នុងវីដេអូមួយលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមមន្ត្រីមួយចំនួន បានប្រើកាយវិការមិនសមរម្យ ហើយឆ្លៀតសួររកទំនិញថៃ និងឯកសារជាច្រើន ដែលម្ចាស់អាជីវកម្មរូបនោះថារំខានការធ្វើអាជីវកម្មរបស់គាត់។

រីឯនៅស្រុកឈូក ខេត្តកំពតឯណោះវិញ មន្ត្រីគយ និងមន្ត្រីនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងខេត្តបានចុះត្រួតពិនិត្យទំនិញពីអាជីវករលក់រាយនៅក្នុងផ្សារឈូក ដោយទាមទាររកលិខិតបង់ពន្ធគយ។ តែយ៉ាងណាម្ចាស់អាជីវកម្មលើកឡើងនៅក្នុងវីដេអូដែលគេផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកថាទំនិញដែលអ្នកស្រីនាំចូលគឺបានពីអ្នកលក់ដុំនៅខេត្តកែប។ 

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម មិនទាន់ឆ្លើយតបនៅឡើយទាក់ទិននឹងការអនុវត្តច្បាប់ និងការចុះត្រួតពិនិត្យរបស់មន្ត្រីគយ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា លើកឡើងថាមន្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ និងវិធានការត្រួតពិនិត្យដាក់ចេញដោយរដ្ឋាភិបាល។ តែយ៉ាងណា លោកថា មន្ត្រីអនុវត្តច្បាប់មិនត្រូវធ្វើអ្វីដែលលើសពីតួនាទីរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីអាជីវករ ឬធុរជន និងបង្អាក់ការធ្វើអាជីវកម្មរបស់ពួកគេ។ លោកថា វាជារឿងចាំបាច់ក្នុងការត្រួតពិនិត្យទំនិញដែលនាំចូលខុសច្បាប់ ជាពិសេសមកពីប្រទេសថៃ ហើយលោកក៏ស្នើឱ្យអាជីវករប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិផងដែរ។

លោកមានប្រសាសន៍ថា៖ «សំខាន់ណាស់ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងការចុះត្រួតពិនិត្យទំនិញឬផលិតផលថៃតាមបទបញ្ជារបស់រដ្ឋាភិបាល ពួកគេចាំបាច់ត្រូវតែគោរពតាមគោលការណ៍ណែនាំត្រឹមត្រូវកុំឱ្យលើស កុំឱ្យខ្វះ ហើយត្រូវតែយកចិត្តទុកដាក់ទៅលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន»។

លោកហៅការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងការចុះត្រួតពិនិត្យលើឃ្លាំងដឹកជញ្ជូនទំនិញមួយកន្លែងនៅខណ្ឌព្រែកព្នៅថាជាជំងឺ «ធ្វើលើស»។ លោកថាជំងឺនេះបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធច្បាប់ ចំពោះស្ថាប័នរដ្ឋ និងចំពោះថ្នាក់ដឹកនាំជាតិ។ 

លោកមានប្រសាសន៍ថា៖ «មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិត ត្រូវតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាទៅបំភ័យ និងយកអំណាចរដ្ឋទៅជំរិតប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវ និងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត»។

ស្រដៀងគ្នានេះដែរ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងថាលោកសាទរដែលអាជ្ញាធរចុះត្រួតពិនិត្យទំនិញតាមបណ្ដាឃ្លាំងស្តុកទំនិញ តែលោកស្នើថាការចុះត្រួតពិនិត្យនោះអាជ្ញាធរត្រូវបែងចែកឱ្យច្បាស់រវាងទំនិញនាំចូលពីប្រទេសថៃនៅមុនពេល អំឡុងពេល និងក្រោយពេលសង្គ្រាម។ 
លោកថា៖ «ខ្ញុំថាក្រសួងស្ថាប័នដែលពាក់ព័ន្ធទំនិញគេចពន្ធពីប្រទេសសៀមត្រូវបែងចែកឱ្យច្បាស់កុំឱ្យអាជីវកររងគ្រោះ។ យើងពហិការអីហ្នឹងវាជារឿងត្រឹមត្រូវហើយ ព្រោះយើងមិនអាចទៅទទួលយកបាន ទំនិញគេចពន្ធពីប្រទេសសៀម»។

លោកបន្ថែមថា៖ «កុំឱ្យឆក់ឱកាសហួសដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងស្ថាប័នពាក់ព័ន្ធទាក់​ទិននឹងការបង្ក្រាបទំនិញគេចពន្ធ ហើយនឹងប៉ះពាល់អតិថិជនយ៉ាងម៉េច ដូចជាផ្សារធំៗ ឬផ្សារផ្សេងៗទៀតគឺយើងពិនិត្យទៅ។ ហើយមកប៉ះពាល់ដល់អាជីវករតូចតាចអីដូចថារបស់ណាកំណត់ឆ្នាំណាដែរមុនសង្គ្រាមហើយគាត់លក់មិនទាន់អស់»៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3039}" data-page="1" data-max-pages="1" data-start="1" data-end="1">