Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • អុឺង ស៊ា

    អុឺង ស៊ា

    អ្នករាយការណ៍ព័ត៌មាន
  • រដ្ឋបាលស្រុកតាំងគោក ចេញមកបំភ្លឺករណីតំណាងពលរដ្ឋទាំង ៤៨គ្រួសារ ដែលឡើងមកតវ៉ានៅភ្នំពេញ

    រដ្ឋបាលស្រុកតាំងគោកបានបកស្រាយថា ដីដែលប្រជាពលរដ្ឋភូមិគោកត្របែក និងភូមិ​គោកអណ្ដែកស្នើសុំ ស្ថិតក្នុង «តំបន់៣» ជាតំបន់អភិរក្សដែលរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ និងមិនកាត់ឆ្វៀលជូនឡើយ។ ការបំភ្លឺនោះតបទៅនឹងសកម្មភាពរបស់ប្រជាពលរដ្ឋតំណាងគ្រួសារកសិករទាំង ៤៨គ្រួសារ ដែលបានធ្វើដំណើរមកកាន់ក្រសួងដែនដី ស្នើសុំអា​ស្រ័យ​ផលនៅលើដីទាំងអស់នោះ។ សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោក បកស្រាយថា ដីដែលប្រជាពលរដ្ឋបានស្នើសុំនេះ ស្ថិតលើទីតាំងតូចៗជាច្រើនដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលជូន ស្ថិតក្នុងតំបន់៣ តាមដងទន្លេសាប។ លិខិតដដែលបន្តថា ការបង្កបង្កើនផលលើផ្ទៃដីនៅតំបន់២ ដែលរដ្ឋាភិបាលកាត់ឆ្វៀលជូន មិនត្រូវបានហាមឃាត់ឡើយ។ រដ្ឋបាលស្រុកតាំងគោក បន្តផ្សព្វផ្សាយ និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់នៅតំបន់៣ និងណែនាំឱ្យប្រជាពលរដ្ឋគោរពតាមគោលការណ៍របស់រដ្ឋាភិបាល មិនឱ្យបង្កបង្កើនផលនៅតំបន់ហាមឃាត់នេះ ព្រោះជាតំបន់ធនធានធម្មជាតិដែលត្រូវរក្សាទុកដើម្បីផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្ដីព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោកខាងលើ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ មកពីភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោល​បំណងស្នើសុំកិច្ចអន្តរាគមន៍ឱ្យពួកគេអាចអាស្រ័យផលលើដីចំនួន ២៣០ហិកតាឡើងវិញ ក្រោយអាជ្ញាធរហាមឃាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋមកពីភូមិគោកត្របែក អ្នកស្រី សួង យ៉ាង អាយុ ៥២ឆ្នាំ បដិសេធថា ប្រជាពលរដ្ឋមិនបានទៅទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ នោះទេ ដោយអ្នកស្រីអះអាងថា ប្រជាពលរដ្ឋអាស្រ័យផលលើដីដែលពួកគេមានស្រាប់ប៉ុណ្ណោះ។ អ្នកស្រីថា អ្នកស្រីអាស្រ័យផលលើដីចំនួន ៣ហិកតា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយមិនដែលមានអាជ្ញាធរណាមកហាមឃាត់ទេ។ អ្នកស្រីត្អូញត្អែរថា អ្នកស្រីគ្មានដីស្រែឯណា ក្រៅពីដីស្រែ ៣ហិកតា ដែលអ្នកស្រីកាន់កាប់នោះឡើយ។ អ្នកស្រីនិយាយថា៖ «ដីហ្នឹងខ្ញុំធ្វើតាំងពី១៩៩៣ អ៊ុនតាក់មក។ ដីខ្ញុំធ្វើតាំងពីនោះមករហូតហើយ មិនតិចឆ្នាំទេ។ ឥឡូវគាត់ [អាជ្ញាធរ] ថាដីហ្នឹងនៅតំបន់៣ គាត់ឈប់ឱ្យធ្វើ។ សព្វថ្ងៃប្រជាពលរដ្ឋនៅម្ដុំហ្នឹងទីពឹងលើដីប៉ុណ្ឹង អាស្រ័យផលដើម្បីរស់នៅ។ បើគេធ្វើបែបហ្នឹង ខ្ញុំបានអ្វីហូប?»។ អ្នកស្រីបន្ថែមថា៖ «សុំតែដីអាស្រ័យផលមកវិញទេ។ ដីដែលមិនធ្លាប់ធ្វើក៏មិនចង់បានដែរ។ អ៊ីចឹងបានចង់ស្នើសុំទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយអន្តរាគមន៍ឱ្យផង។ [...] រំពឹងតែលើដីប៉ុណ្ឹង ហើយបើគេបោះបង្គោលថាជាតំបន់៣ ហើយ តើមានអីសង្ឃឹមទៀត?»។ ពេលសួរពីការចែកប្លង់ដីជូនប្រជាពលរដ្ឋចំនួន ៨៨៩គ្រួសារ កាលពីខែឧសភា ឆ្នាំ២០២២ អ្នកស្រី សួង យ៉ាង អះអាងថា ប្រជាពលរដ្ឋខ្លះមានតែឈ្មោះ តែមិនទាន់បានប្លង់នោះឡើយ ក្នុងនោះមានរូបអ្នកស្រីម្នាក់ផងដែរ។ ចំណែកឯប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក លោក ទិត ថុល អាយុ ៣៦ឆ្នាំ លើកឡើងថា ដីដែលលោកអាស្រ័យផលមានចំនួន ២ហិកតា នៅតំបន់៣ ដោយដាំដំណាំស្រូវបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅពេលរដូវទឹកស្រក។ លោកអះអាងថា ការបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោកថា ប្រជាពលរដ្ឋធ្វើលើដីហាមឃាត់នៅតំបន់៣ គឺមិនខុសទេ តែប្រជាពលរដ្ឋធ្វើតែលើដីដែលអាស្រ័យផលស្រាប់តាំងពីយូរមកហើយ ចំណែកឯតំបន់៣ ទើបត្រូវបានកំណត់រយៈពេលចុងក្រោយ ៣ឆ្នាំប៉ុណ្ណោះ។ លោកនិយាយថា៖ «និយាយទៅដីនេះទើបតែហាមឃាត់រយៈពេល ២០២៤ មកទេ។ កាលពីមុនមិនដែលមានអ្នកហាមឃាត់ទេ ហើយប្រជាពលរដ្ឋធ្វើតែរហូតហ្នឹង។ សម្ដេច [លោក ហ៊ុន សែន] ក៏អនុញ្ញាតកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែរ ពេលលោកមកស្រុកតាំងគោកកាលពីខែឧសភា ឆ្នាំ២០១១»។ លោកបន្ថែមថា៖ «អត់ដីស្រែហ្នឹងដឹងតែលំបាកហើយបង ដោយសារតែខ្ញុំនេះត្រូវការដីស្រែដើម្បីចិញ្ចឹមជីវិត ណាមួយជំពាក់ធនាគារ។ បានដីហ្នឹងទៅគ្រាន់ធ្វើ ហើយមួយឆ្នាំធ្វើបានតែម្ដងទេ បានតែបីខែទេ ព្រោះផុតពីហ្នឹងទឹកទន្លេលិចបាត់»។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ចំណុចដែលរដ្ឋបាលស្រុកតាំងគោកលើកឡើងថា ដីនៅតំបន់៣នោះជាដីស្ថិតនៅទីតាំងតូចៗ គឺមានន័យថា អាជ្ញាធរទទួលស្គាល់ពីការអាស្រ័យផលជាក់ស្ដែងរួចហើយ។ តែយ៉ាងណា លោកបន្តថា ប្រសិនបើដីនោះមានទីតាំងតូចៗ ដែលធ្វើឱ្យអាជ្ញាធរដែនដីពិបាកវាស់វែង អាជ្ញាធរគួរដោះដូរដីកន្លែងផ្សេង ជាទម្រង់ដីសម្បទានសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋសម្រាប់ការអាស្រ័យផល។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រសិនបើថាប្រជាពលរដ្ឋធ្វើមិនកើត ផ្ដល់ដីម្ដុំណាឱ្យគាត់ទៅ បើឆ្វៀលមិនកើត។ ដល់តែយើងមើលឃើញគាត់មានដីតូចៗច្រើន វាស់មិនបាន ទៅជាមិនឱ្យគាត់។ នេះជាហេតុផលមួយដែលធ្វើឱ្យគាត់ខាតបង់។ ដូច្នេះហើយបានជាគាត់នៅតែទាមទារ»។ លោកបន្ថែមថា៖ «បើសិនជាគាត់អត់ដី គាត់ខ្វះ រដ្ឋក៏មានកាតព្វកិច្ចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ដើម្បីបានជាផលប្រយោជន៍។ បើសិនជាគាត់មានហើយមិនផ្ដល់ឱ្យគាត់ បែរជាមិនវាស់ឱ្យ នេះជាការមិនយកចិត្តទុកដាក់ផ្ដល់ការវាស់វែងឱ្យពួកគាត់តាមលិខិត [លិខិត ស.ជ.ណ] ដែលគាត់បញ្ជាក់»។ នៅខែឧសភា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងដែនដីពិនិត្យកាត់ឆ្វៀលដីចេញពីតំបន់២ ឬតំបន់៣ ជូនប្រជាពលរដ្ឋផ្អែកលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានសម្រេចកែ​សម្រួលផ្ទៃដីទំហំ ៦៣៦៥ហិកតា ស្មើនឹង…

    ២៨ កក្កដា ២០២៦

  • ផុតអាណត្តិនៅកម្ពុជា! ឯកអគ្គរាជទូតជប៉ុន ត្រៀមឃ្លាត ក្រោយសាងស្នាដៃលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

    ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បានចូលជួបប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចូលកាន់តំណែងតាំងពីឆ្នាំ២០២៣ ហើយក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា និងបានចូលជួបជម្រាបលាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មុននឹងត្រូវផ្លាស់ប្តូរទៅកាន់ការងារទូតនៅប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហ៊ុន ម៉ាណែត លោក អ៊ូអិណុ បានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការបង្កលក្ខណៈងាយស្រួលដល់បេសកកម្មរបស់លោកឱ្យទទួលបានជោគជ័យ ព្រមទាំងសម្រេចបានលទ្ធផលធំៗទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងសន្តិសុខ ការពារជាតិ និងវិស័យជាច្រើនទៀត។ លោកអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត បានចាត់ទុកបេសកកម្មរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ថាជាជោគជ័យផ្នែកការទូត ក្នុងការចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា និងជប៉ុនបានដាក់ចេញនូវកំណែទម្រង់ជាច្រើន ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ ក៏បានចូលជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ លោក ធីរិទ្ធ បានថ្លែងថា៖ «សម្ដេចបានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានៅពេលកន្លងមក ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកការចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរក្សាសន្តិភាព ការចូលរួមចំណែកបោសសម្អាតមីន និងជាពិសេសគឺការគាំទ្ររបស់ជប៉ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា»។ ក្នុងអាណត្តិការទូតរយៈពេល ៣ឆ្នាំរបស់លោក លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមទាំងបានចុះហត្ថលេខាលើគម្រោងជំនួយនានា ដូចជាការផ្ដល់ឧបករណ៍យោធា ការគាំទ្រវិស័យបោសសម្អាតមីន និងការពង្រីកប្រព័ន្ធទឹកស្អាតតាមរយៈទីភ្នាក់ងារ JICA និងដៃគូដទៃទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពបច្ចេកទេស។ ជាពិសេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូអិណុ អាត់ស៊ូស៊ី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)។ គម្រោងនេះ នឹងផ្ដល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទោះបីជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការ និងការរក្សាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ប៉ុន្តែលោកក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជាពង្រឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនជប៉ុន។ លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថាជំនួយជប៉ុនមកកម្ពុជាមានសារៈសំខាន់ ដូចជាផ្លូវជាតិលេខ៥ ជាដើម។ តែសម្រាប់ខ្ញុំ គឺមិនចង់ឃើញកម្ពុជាត្រឹមតែទទួលជំនួយនោះទេ ប៉ុន្តែខ្ញុំចង់ឃើញកម្ពុជាកសាងទំនុកចិត្តជាមួយជប៉ុន ដើម្បីបង្កើនពាណិជ្ជកម្ម»។ លោកបន្ថែមថា៖ «រឿងដែលពិបាកបំផុតគឺការអនុវត្តផ្នែកច្បាប់នៅក្នុងស្រុកយើង ដែលធ្វើឱ្យគេពិបាករំពឹងទុក។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យគេស្ទាក់ស្ទើរក្នុងការវិនិយោគ។ យើងដឹងហើយថាគេយកលុយមកប្រើនៅស្រុកយើង ប៉ុន្តែប្រសិនបើច្បាប់នៅស្រុកយើងវាធីងធោងមិនច្បាស់លាស់ គេក៏មិនហ៊ានប្រថុយដែរ»។ ចំណែកឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា បានមានប្រសាសន៍ថា ជប៉ុនជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានជួយគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ លោកបន្តថា ជប៉ុនបានជួយកម្ពុជាច្រើនលើវិស័យធំៗ ដូចជាពាណិជ្ជកម្ម សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវិនិយោគិនមិនសូវហ៊ានមកបណ្ដាក់ទុនច្រើនដោយសារតែកត្តាស្មុគស្មាញផ្នែកច្បាប់។ លោកថ្លែងថា៖ «ប្រទេសហត្ថលេខីនេះហើយដែលជាអ្នកធានានូវការការពារ និងប្ដេជ្ញាសន្យាថាមិនឱ្យរដ្ឋបរទេសណារំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ ព្រមទាំងជំរុញការអភិវឌ្ឍតាមរយៈជំនួយឥតសំណង និងកម្ចីការប្រាក់ទាប។ ប៉ុន្តែ យើងក៏ត្រូវតែបង្ហាញនូវប្រព័ន្ធច្បាប់ឱ្យមានភាពរលូន កុំឱ្យស្មុគស្មាញ មានអំពើពុករលួយ និងត្រូវយកចិត្តទុកដាក់លើច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគទុន»៕

    ២៧ កក្កដា ២០២៦

    • តំណាងពលរដ្ឋ ៤៨គ្រួសារពីកំពង់ធំ ស្នើក្រសួងដែនដីដោះស្រាយវិវាទដីធ្លីតំបន់៣ ក្រោយអាជ្ញាធរស្រុកហាមធ្វើស្រែ

      ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រមូលផ្ដុំគ្នា និងជួបតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំប្រើប្រាស់ដីស្រែឡើងវិញ បន្ទាប់ពីពួកគេបានដកញត្តិពីរដ្ឋសភាមកវិញ។ ពួកគេអះអាងថា អាជ្ញាធរបានហាមឃាត់មិនឱ្យអាស្រ័យផលលើដីចំនួន ២៣០ហិកតា អស់រយៈពេល ៣ឆ្នាំមកហើយ។ ប្រជាពលរដ្ឋមកពីភូមិគោកត្របែក លោក នូ តៃ អាយុ ៦៣ឆ្នាំ អះអាងថា លោកបានអាស្រ័យ​ផលលើដីចំនួន ៣ហិកតា នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមិនដែលមានបញ្ហាអ្វីឡើយជាមួយអាជ្ញាធរមូលដ្ឋាន។ លុះដល់ឆ្នាំ២០២៣ លោកបញ្ជាក់ថា អាជ្ញាធរស្រុកបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើស្រែឡើយ ដោយអះអាងប្រាប់ប្រជាពលរដ្ឋថា ដីស្រែចំនួន ២៣០ហិកតានោះ ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងតំបន់អភិរក្ស (ហៅថាតំបន់៣)។ លោកថ្លែងថា៖ «មកនេះមានបំណងសុំដីនេះអាស្រ័យផលវិញទេ។ សុំតែប៉ុណ្ណឹងទេ គ្រាន់តែអាស្រ័យផលចិញ្ចឹមជីវិតទៅមុខទៀត ព្រោះយើងរស់នៅពឹងលើដីនេះហើយ។ យើងអាស្រ័យផលមិនបានទេ ខានធ្វើ ៣ឆ្នាំហើយ ដោយសារអភិបាលស្រុកគេទៅឃាត់។ គេថាដីហ្នឹងពាក់ព័ន្ធលើតំបន់៣»។ លោក តៃ ត្អូញត្អែរថា លោកមិនមានដីស្រែឯណាដើម្បីអាស្រ័យផលទៀតឡើយ ប្រសិនបើអាជ្ញាធរនៅតែហាមឃាត់បែបនេះ។ ហេតុនេះហើយ លោកស្នើសុំការអន្តរាគមន៍ពីក្រសួងដែនដី ដើម្បីអាចឱ្យប្រជាពលរដ្ឋអាស្រ័យផលឡើងវិញ ដោយលោកថាដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ២០១៤ ដោយរដ្ឋាភិបាលកាលពីលោក សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកនិយាយថា៖ «យើងស្នើសុំរកដំណោះស្រាយដែរ តែស្នើទៅដល់ឃុំ ឃុំដាក់ទៅស្រុកបាត់តែម្តង។ ដល់ពេលស្ងាត់ឈឹងចឹងទៅ ក៏យើងឡើងមកភ្នំពេញនេះ ដើម្បីស្នើសុំអន្តរាគមន៍ទៀត។ យើងទ្រាំលែងបាន ហើយយើងរកអីក៏លែងបានទៀតដែរ ព្រោះដីហ្នឹងអាស្រ័យផលយូរមកហើយ»។ ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក អ្នកស្រី ជាង ឡឺង អាយុ ៦០ឆ្នាំ និយាយថា អ្នកស្រីអាស្រ័យផលលើដីចំនួនប្រហែល ២ហិកតា នៅតំបន់ទន្លេសាប (ហៅថាតំបន់៣) ដែលកន្លងមកអ្នកស្រីថា ក្រុមនិស្សិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានចុះវាស់វែង និងកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលបាន។ អ្នកស្រីបន្តថា ដីដែលអ្នកស្រីអាស្រ័យផលមិនទាន់មានប្លង់កម្មសិទ្ធិច្បាស់លាស់ឡើយ ហើយក្រោយពីអាជ្ញាធរហាមឃាត់ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីជួលដីគេផ្សេងក្នុងតម្លៃ ១០០ដុល្លារ ក្នុង ១ហិកតា ដើម្បីដាំដំណាំស្រូវបណ្តោះអាសន្នសិន។ ការណ៍នេះ អ្នកស្រី ឡឺង ទទូចស្នើសុំរដ្ឋាភិបាលឱ្យផ្ដល់សិទ្ធិឱ្យពលរដ្ឋដូចជាអ្នកស្រីប្រើប្រាស់ដីតំបន់៣នេះឡើងវិញ ព្រោះអ្នកស្រីត្រូវការដីស្រែដើម្បីអាស្រ័យផល និងចិញ្ចឹមជីវិតបន្តទៀត ស្របពេលអ្នកស្រីមានវ័យកាន់តែចំណាស់។អ្នកស្រីនិយាយថា៖ «មកក្រសួងដែនដីនេះ ក្នុងបំណងឱ្យសម្ដេចជួយឱ្យដីកូនចៅបានអាស្រ័យផលមកវិញ។ ដីនេះយើងខ្ញុំធ្វើយូរឆ្នាំហើយ តែគេដកមិនឱ្យយើងធ្វើ។ ខ្ញុំសុំសម្ដេច ហ៊ុន សែន ឱ្យគាត់ជួយកូនចៅ សុំដីមកវិញ អាចអាស្រ័យផលតកូនតចៅ ព្រោះខ្ញុំចាស់ៗហើយ មានតែពឹងលើស្រែហ្នឹង»។ អ្នកស្រីបន្ថែមថា មន្ត្រីស្រុកបានចុះដក និងបំផ្លាញដំណាំដែលប្រជាពលរដ្ឋអាស្រ័យផល ដោយមិនបានប្រាប់ដំណឹង និងមូលហេតុសមស្របឡើយ។ អ្នកស្រីអះអាងថា អាជ្ញាធរឃុំបានចេញលិខិតក្បាលដីឱ្យប្រជាពលរដ្ឋហើយ តែមិនទាន់បានប្លង់កម្មសិទ្ធិនៅឡើយទេ។ បើតាមប្រជាពលរដ្ឋបានលើកឡើង តំណាងរបស់ក្រសួងដែនដីបានទទួលញត្តិរបស់ពួកគេរួចហើយ និងសន្យាធ្វើការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីរៀបចំការចុះត្រួតពិនិត្យ និងវាស់វែងឡើងវិញ។ យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលបានឆ្វៀលដីជូនប្រជាពលរដ្ឋតាម ស.ជ.ណ លេខ១០៤៤ ឆ្នាំ២០១៤ និង ស.ជ.ណ លេខ១០០៣ ឆ្នាំ២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅតាមតំបន់ទន្លេសាប។ លិខិតដដែលបញ្ជាក់ថា ៣ឆ្នាំក្រោយមក អាជ្ញាធរស្រុកតាំងគោក បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យអាស្រ័យផល និងបានធ្វើឱ្យខូចខាតសម្ភារកសិកម្មទៀតផង។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក និងបាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារ។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា អាជ្ញាធរត្រូវទទួលស្គាល់ដីរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលឡើងវិញ ព្រោះដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋតាមរយៈ ស.ជ.ណ របស់រដ្ឋាភិបាលរួចហើយ។ លោកលើកឡើងថា ករណីដីធ្លីនេះគួរតែត្រូវបានដោះស្រាយនៅមូលដ្ឋាន ជាជាងបង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ ដោយត្រូវចំណាយលើការហូបចុក ស្នាក់នៅ និងសោហ៊ុយធ្វើដំណើរចុះឡើង។ លោកថ្លែងថា៖ «អ្វីដែលយើងព្រួយបារម្ភគឺពួកគាត់បានទទួល ស.ជ.ណ ក្នុងលិខិតអន្ត​រាគមន៍របស់គាត់ ដែលទទួលបានតាំងពីឆ្នាំ២០១៤ និង២០១៥។ ក្នុងនោះ គេស្នើសុំឱ្យអភិបាលស្រុកមេត្តាឆ្វៀលឱ្យពួកគាត់ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ។ មកទល់ពេលនេះហើយ ពួកគាត់នៅតែទទួលរងអយុត្តិធម៌ ដែលអាជ្ញាធរមូលដ្ឋានមិនបានបំពេញទៅតាមអ្វីដែល ស.ជ.ណ បញ្ជាក់។ នេះជាហេតុផលមួយដែលយើងមើលឃើញថា អាជ្ញាធរមូលដ្ឋានមិនហ៊ានក្នុងការសម្រេចចិត្ត»។ លោកបន្ថែមថា៖ «ហេតុអ្វីអាជ្ញាធរមូលដ្ឋានគាត់មិនព្រមដោះស្រាយ គ្រាន់តែរឿងប៉ុណ្ណឹង? បើសិនជាឡើងមកតវ៉ានៅថ្នាក់ជាតិ ចុះអាជ្ញាធរនៅមូលដ្ឋានធ្វើអ្វីវិញ? នេះជាហេតុផលមួយที่มีមន្ទីរសុរិយោដី មន្ទីរកសិកម្ម មានអាជ្ញាធរ ដូច្នេះរដ្ឋាភិបាលត្រូវតែពង្រឹង ត្រូវតែហ៊ានអាកាត់ចំពោះសេចក្ដីសម្រេចណាមួយដែលត្រឹមមូលដ្ឋានអាចសម្រេចបាន»។…

      ២៧ កក្កដា ២០២៦ស៊ា អុឺង

    • ពលរដ្ឋភៀសសឹករំលឹកខួបមួយឆ្នាំនៃការឈ្លានពានរបស់ថៃ ដោយចង់ត្រឡប់ទៅផ្ទះវិញ

      ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ជាថ្ងៃដែលយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ដោយទម្លាក់គ្រាប់បែកពីយន្តហោះចំបាំងជាដើម ធ្វើឱ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។ មួយឆ្នាំកន្លងផុតទៅ និងបើទោះបីជាប្រទេសកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ក៏ដោយ យោធាថៃនៅបន្តរាយបន្លាលួស ដាក់ទូរកុងតឺន័រ កសាងហេដ្ឋារចនាសម្ព័ន្ធ ចូលក្នុងដែនអធិបតេយ្យកម្ពុជានៅតាមបណ្ដាខេត្តមួយចំ​នួនជាប់បន្ទាត់ព្រំដែន។ ការណ៍នេះ រដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាយ៉ាងដាច់អហង្ការចំពោះការឈ្លានពាននេះ និងអំពាវនាវឱ្យភាគីថៃចូលតុចរចា ដោះស្រាយតាមយន្តការគណៈកម្មាធិការព្រំដែនគោកចម្រុះ (JBC) ដោយសន្តិវិធី។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសូងការបរទេស កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត ដោយចាត់ទុកសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃដែលចូលឈូសឆាយធ្វើផ្លូវថ្មីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ ក្រសួងការបរទេសស្នើឱ្យភាគីថៃដោះស្រាយតាមយន្តការគណៈកម្មាធិការព្រំដែនគោកចម្រុះ (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី នង ពៅ និយាយថាមួយឆ្នាំកន្លងមកនេះ អ្នកស្រីនៅតែចាំមិនភ្លេចនូវការឈ្លានពានពីសំណាក់យោធាថៃ ដែលធ្វើឱ្យអ្នកស្រីបង្ខំចិត្តចាកចោលផ្ទះសម្បែងមកតាំងលំនៅបណ្ដោះអាសន្ននៅទីឆ្ងាយ ដោយមិនដឹងថាថ្ងៃណាទើបអាចត្រឡប់ទៅវិញឡើយ។ អ្នកស្រីត្អូញត្អែរថាជីវិតនៅនៅតំបន់ភៀសសឹកហាក់មានភាពរសាត់អណ្ដែត ព្រោះអ្វីៗត្រូវចាប់ផ្ដើមសាជាថ្មីម្ដងទៀត។ អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមលើរដ្ឋាភិបាលឱ្យគាត់ដោះស្រាយឆាប់ៗ ដើម្បីអាចឱ្យពួកខ្ញុំត្រឡប់ទៅផ្ទះវិញព្រោះទិដ្ឋភាពដែលយើងបានទៅមើលដីយើង ឃើញតែដំបូលផ្ទះលឹមៗ ព្រៃដុះណែនតាន់តាប់។ វារកនិយាយអ្វីមិនត្រូវ។ ក្នុងអារម្មណ៍យើងដិតដាមមិនថាយប់មិនថាថ្ងៃ យើងនៅតែដេកបើកភ្នែកមក យើងនឹកឃើញតែផ្ទះយើង ហើយហេតុអ្វីបានរឿងវាកើតឡើងមកអីចឹង»។ នៅចំថ្ងៃខួបមួយឆ្នាំនេះដែរ តារាសម្ដែងហូលីវូដដ៏ល្បី អ្នកស្រី អេនជេលីណា ជូលី (Angelina Jolie) ក៏បង្ហាញក្ដីអាណិតអាសូរដល់ប្រជាពលរដ្ឋកម្ពុជាលើបណ្ដាញសង្គម ដោយលើកឡើងថាជម្លោះព្រំដែនកម្ពុជា និងថៃបានធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ស្ថិរភាព និងសុវត្ថិភាព ក្នុងនោះពលរដ្ឋប្រមាណ៣ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានបាននៅឡើយ។ អ្នកស្រីសរសេរថា៖ «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ គួររម្លឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ទាហានកម្ពុជាម្នាក់គឺលោកព្រឹន្ទបាលឯក សួន រោន ត្រូវបានយោធាថៃបាញ់សម្លាប់​ក្នុងភូមិសាស្រ្តតំបន់មុំបី ខេត្តព្រះវិហារ ដែលភាគីថៃអះអាងថាទាហានកម្ពុជាបានលបឆ្លងចូលទឹកដីថៃខុសច្បាប់ ប៉ុន្តែកម្ពុជាបដិសេធ។ ភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែន ក្រោយពីមានការបង្កហេតុ និងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា​​ និងថៃនេះ។ មុនប្រើប្រាស់កម្លាំងយោធាមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៣ កក្កដា ភាគីថៃ បានទម្លាក់ទំនាក់ទំនងការទូតទ្វេភាគី និងបានកោះហៅអគ្គរាជទូត និងមន្ត្រីទូតថៃ ចេញពីកម្ពុជាទៅប្រទេសខ្លួនវិញ។ ព្រឹត្តិការណ៍នេះកើតឡើង បន្ទាប់ពីភាគីថៃអះអាងថាទាហានរបស់ខ្លួនដើរជាន់មីន ដែលត្រូវបានទាហានខ្មែរលួចបង្កប់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ។ យោងតាមក្រសួងការពារជាតិកម្ពុជា ភាគីថៃចាប់ផ្ដើមវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ នៅវេលាម៉ោង០៨:៤៦ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគិរីស្វារៈ ដែលកងទ័ពកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជម្លោះបានកើតឡើងជាលើកទី២ ដែលមានរយៈពេល២១ថ្ងៃ គិតចាប់ថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយភាគីថៃរំលោភបទឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជម្លោះនេះបានធ្វើឱ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិតទាំងសងខាង និងបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាជាង៦០ម៉ឺននាក់ចាកចេញពីភូមិកំណើតទៅរស់នៅជុំរំភៀសសឹកបណ្ដោះអាសន្ន។  នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងថា មួយឆ្នាំកន្លងផុតទៅការឈ្លានពានពីសំណាក់យោធាថៃបានបន្សល់នូវស្នាមរបួសនៃការឈឺចាប់និងកំហឹងនៅតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងកូនខ្មែរគ្រប់រូប។​ លោកចាត់ទុកការឈឺចាប់នេះជាការដាស់ស្មារតីប្រជាជាតិខ្មែរឱ្យដឹងពីចំណុចខ្សោយរបស់ខ្លួន និងទាញជាមេរៀនមកអភិវឌ្ឍខ្លួន និងប្រទេសជាតិ។ លោកយល់ថា៖ «ការរំឭកខួបគម្រប់មួយឆ្នាំនៃសង្គ្រាមឈ្លានពាននេះ មិនត្រឹមតែជាការដាស់ស្មារតីជាតិរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើតុល្យការ វាយតម្លៃភាពខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងទាញយកមេរៀនជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព»។  លោកបន្ថែមថាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែមានប្រសិទ្ធភាព កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ជាតិស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ជាបឋម កម្ពុជាត្រូវកសាងសមត្ថភាពការពារជាតិឱ្យមានកម្លាំងពិតប្រាកដ មានភាពទំនើប មានវិន័យ និងអាចទប់ស្កាត់ ព្រមទាំងឆ្លើយតបនឹងការឈ្លានពានគ្រប់រូបភាព។ លោកថា៖ «ទន្ទឹមនឹងនេះ កម្ពុជាត្រូវបន្តពង្រឹងការទូតប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់យន្តការច្បាប់អន្តរជាតិឱ្យមានប្រសិទ្ធភាព និងរៀបចំឯកសារ ផែនទី ភស្តុតាងប្រវត្តិសាស្ត្រ និងទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យបានរឹងមាំនិងជាប្រព័ន្ធ។ កម្ពុជាក៏ត្រូវបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ ធ្វើពិពិធកម្មទីផ្សារ បណ្ដាញដឹកជញ្ជូន ប្រភពថាមពល និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកជ្រុលលើប្រទេសណាមួយ។ យើងត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ឱ្យបានជាដាច់ខាត។ ចំណែកអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក សេង វណ្ណលី លើកឡើងថាការណ៍ដែលថៃបន្តធ្វើសកម្មភាពកសាងផ្លូវ និងរាយបន្លាលួសចូលទឹកដីខ្មែរបានរហូតមកដល់ពេលនេះ បង្ហាញពីគម្លាតរវាងការប្តេជ្ញាចិត្តតាមផ្លូវនយោបាយ និងសមត្ថភាពការពារដែនដីជាក់ស្តែងរបស់កម្ពុជា។ លើសពីនេះ លោកថា ការមិនទាន់អាចធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យត្រឡប់ទៅរស់នៅលំនៅដ្ឋានដើមវិញបាន បន្ទាប់ពីពេលវេលាអូសបន្លាយជាយូរ គឺជាការខកខានដ៏ធំមួយក្នុងការបំពេញភារកិច្ចមូលដ្ឋានរបស់រដ្ឋាភិបាលក្នុងការការពារសន្តិសុខ និងជីវភាពរបស់ពលរដ្ឋខ្លួន។ លោកមានប្រសាសន៍ថា៖ «ការពឹងផ្អែកខ្លាំងលើការចេញសេចក្តីថ្លែងការណ៍ ដោយខ្វះយន្តការអន្តរជាតូបនីយកម្ម ឬការដាក់សម្ពាធតាមផ្លូវច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ត្រូវបានគេមើលឃើញថាជាទម្រង់នៃការឆ្លើយតបដែលខ្វះកម្លាំង»។ លោកថាសកម្មភាពរបស់យោធាថៃនៅតាមបន្ទាត់ព្រំដែន ឆ្លុះបញ្ចាំងពីការប្រកាន់យកនយោបាយឯកតោភាគី ដែលរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព និងបទដ្ឋានអន្តរជាតិ។…

      ២៤ កក្កដា ២០២៦ស៊ា អុឺង

    • រោងចក្រនៅប៉ោយប៉ែតដែលមានកម្មករជាង២ ៥០០នាក់ សម្រេចផ្អាកដំណើរការដោយសារគ្មានអ្នកបញ្ជាទិញ

      រោងចក្រកាត់ដេរសម្លៀកបំពាក់ ហាយ-ថេក អឹភែរឹល (Hi-Tech Apparel) នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្មករជាង ២,៥០០ នាក់ សម្រេចផ្អាកដំណើរការអាជីវកម្មទាំងស្រុងត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយមិនអាចទប់ទល់នឹងការចំណាយថ្លៃផលិតកម្ម និងការគ្មានការបញ្ជាទិញដូចមុន។ យោងតាមសេចក្ដីជូនដំណឹងរបស់រោងចក្រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ភាគីរោងចក្របានយល់ព្រមទទួលយកដំណោះស្រាយរួមមួយជាមួយសហជីពមូលដ្ឋាន និងតំណាងកម្មករ។ ភាគីរោងចក្រហាយ-ថេក អឹភែរឹល សម្រេចទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាលើ ៤ចំណុច រួមមាន៖ ប្រាក់ឈ្នួលចុងក្រោយ, ប្រាក់បំណាច់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់បំណាច់ការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារឆមាសទី២ នៃឆ្នាំ២០២៦។ ប្រធានសហជីពការពារសិទ្ធិកម្មករនៃក្រុមហ៊ុន ហាយ-ថេក អឹភែរឹល លោក កេត ជីវ័ន្ត បានបញ្ជាក់ថា សហជីពខ្លួនតំណាងឱ្យសមាជិក ១,០៥៨ នាក់ (ដែលមានសមាជិកច្រើនជាងគេ) ឯកភាពលើការទូទាត់របស់ក្រុមហ៊ុន។ បន្ថែមពីលើនេះ លោកស្នើសុំឱ្យក្រុមហ៊ុនជួយសម្របសម្រួល បង់ភាគទានជូនស្ត្រីដែលមានផ្ទៃពោះឱ្យបានរលូន ដើម្បីអាចឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍នៅពេលសម្រាល។ លោកបញ្ជាក់ថា៖ «ការបិទគឺគាត់បិទស្របច្បាប់ ហើយគាត់ក៏បានដំណើរការតាមនីតិវិធីច្បាប់អស់ហើយ អត់មានអីទេ។ ការបិទរោងចក្រនេះគឺគាត់ជូនដំណឹងអស់ហើយ។ ការផ្ដល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ហើយការជូនដំណឹងពីការផ្ដល់អត្ថប្រយោជន៍គឺស្របច្បាប់»។ លោកបន្ថែមថា រោងចក្រសន្យាធ្វើការជាមួយក្រសួងការងារក្នុងការស្វែងរកការងារជូនកម្មករដែលនឹងត្រូវអស់ការងារធ្វើចាប់ពីថ្ងៃជូនដំណឹងនេះ នៅតាមរោងចក្រផ្សេងៗដូចជានៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្ដាលជាដើម។ អ្នកគ្រប់គ្រងរោងចក្រ និងជាតំណាងនិយោជក លោក Thitipong Wongsayang បញ្ជាក់នៅក្នុងកំណត់ត្រាកិច្ចប្រជុំថា រោងចក្រកំពុងជួបវិបត្តិសេដ្ឋកិច្ច បញ្ហាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើម និងការមិនមានការបញ្ជាទិញផលិតផលសម្រេចពីដៃគូបន្តទៀត ដែលជាហេតុនាំឱ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកដំណើរការផលិតកម្មទាំងស្រុង យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគីរោងចក្រប្ដេជ្ញាចូលរួមដោះស្រាយ និងទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។ បើតាមប្រភពដដែល ភាគីរោងចក្រតម្រូវឱ្យកម្មករនិយោជិតចុះហត្ថលេខាទទួលយកការទូទាត់សំណងចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃរោងចក្របិទដំណើរការអាជីវកម្មនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ការទូទាត់ ក្រុមហ៊ុននឹងផ្ទេរតាមគណនីធនាគារអេអិមខេ (AMK Bank)។ កម្មករនិយោជិតបម្រើការងារផ្នែកដេរអស់រយៈពេល ៩ឆ្នាំមកហើយ អ្នកស្រី សំ ឌីណាង បញ្ជាក់ថា ភាគីរោងចក្រសន្យាពីការទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារ ៤ចំណុចពិតមែន។ អ្នកស្រីបន្ថែមទៀតថា រោងចក្រកាត់ដេហាយ-ថេក អឹភែរឹល មានភាពរអាក់រអួលក្នុងប្រតិបត្តិការប្រចាំថ្ងៃតាំងពីដើមខែមេសា ឆ្នាំ២០២៦ ដោយផ្នែកខ្លះនៃប្រតិបត្តិការគឺមិនមានការងារធ្វើឡើយ។ អ្នកស្រីនិយាយថា៖ «ខាងក្រុមហ៊ុនគេឱ្យលក្ខខណ្ឌ៤ចំណុច។ ទាំងអស់៥ចំណុច សម្រាប់ស្ត្រីមានផ្ទៃពោះ។ ខាងក្រុមហ៊ុនគេបន្តបង់ភាគទាន ប.ស.ស. ជាមួយក្រសួងឱ្យ ៧៥ភាគរយ និងផ្ដល់ប្រាក់ឈ្នួល ៥០ភាគរយរយៈពេល ៩០ថ្ងៃ»។ អ្នកស្រីថា បន្ទាប់ពីទទួលបានការជូនដំណឹងពីការផ្អាកអាជីវកម្មទាំងស្រុងនេះ កម្មករនិយោជិតទាំងអស់រួមទាំងអ្នកស្រីព្រួយបារម្ភចំពោះការស្វែងរកការងារធ្វើភ្លាមៗ ព្រោះត្រូវដោះស្រាយជីវភាពគ្រួសារ និងបំណុលធនាគារ។ តែយ៉ាងណា អ្នកស្រីសង្កេតឃើញថាកម្មករនិយោជិតមួយចំនួនបានស្វែងរកការងារនៅតាមរោងចក្រនាបណ្ដាខេត្តផ្សេងៗ តាមរយៈការណែនាំពីមន្ទីរការងារ និងដៃគូរោងចក្រនានា។ អ្នកស្រីថា៖ «គេចុះប្រជុំជាមួយក្រសួង មានខាង ប.ស.ស. មានខាងមន្ត្រីរាជការ មានតំណាងរោងចក្រខាងពីកណ្ដាល កំពង់ស្ពឺ។ គេមកបីបួនរោងចក្រដែរ។ គេមកដឹកកម្មករទៅធ្វើការបណ្ដើរៗ។ មានគេមកយកអ្នកស្ម័គ្រចិត្តទៅធ្វើការកន្លែងផ្សេង»។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា លើកឡើងថា ក្រសួងការងារបានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២ នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។ លោកមានប្រសាសន៍ថា៖ «អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថាបងប្អូនកម្មករនិយោជិតគ្រប់រូប ត្រូវបានគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និងមានឱកាសបន្តការងារថ្មីភ្លាមៗ ដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរ»។ លោក មេសា អះអាងថា ក្រសួងការងារបានសហការជាមួយរោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករនិយោជិតទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៩.២ ម៉ឺនកន្លែង។ ជុំវិញករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដែលរោងចក្រហាយ-ថេក អឹភែរឹល ប្រកាសបិទទ្វារភ្លាមៗនេះ វានឹងផ្ដល់ផលមិនល្អដល់កម្មករនិយោជិត។ អ្នកស្រីយល់ថាក្រសួងការងារត្រូវធានារកការងារឱ្យកម្មករនិយោជិតឱ្យបានឆាប់រហ័ស ឬបណ្ដុះបណ្ដាលជំនាញ តែត្រូវធានាផ្ដល់ការគាំពារផ្សេងៗ។ អ្នកស្រីលើកឡើងថា៖ «នៅពេលកម្មករគាត់បាត់បង់ការងារ ប៉ះពាល់ដល់គាត់មួយតង់ហើយ ប៉ុន្តែប្រសិនបើរោងចក្រនោះទូទាត់ប្រាក់សំណងមិនសមស្រប វាប៉ះពាល់គាត់មួយតង់ទៀត។ មើលឃើញថាកម្មករនិយោជិតគាត់អត់អាចទៅរកការងារ... អាចថានៅពេលគាត់បាត់បង់ការងារ គាត់រកការងារថ្មីៗភ្លាមៗមិនបាន ចង់មិនចង់វាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ»។ អ្នកស្រីបន្ថែមថា៖ «បើសិនជាយើងមានប្រព័ន្ធនៅក្នុងការការពារហានិភ័យ យើងមានរបៀបនៅក្នុងការបង្ការ យើងមានរបៀបថាបើសិនណាប្រជាពលរដ្ឋរបស់យើងរងផលប៉ះពាល់ទាំងអស់ហ្នឹង តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យគាត់ទទួលបានការងារថ្មី ដើម្បីឱ្យគាត់ទទួលបានស្ថេរភាព ដើម្បីគាត់មានលុយនៅក្នុងការផ្គត់ផ្គង់គ្រួសាររបស់គាត់»។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត…

      ២២ កក្កដា ២០២៦ស៊ា អុឺង

    • កូដករណាណាហ្គាវើលដ៏ចេញតវ៉ាជាលើកទី៤ក្នុងឆ្នាំ២០២៦

      និយោជិតសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចេញតវ៉ាសាជាថ្មីនៅមុខអាគារណាហ្គាវើលដ៍២ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ និងយកបុគ្កលិកសហជីពចូលបម្រើការងារវិញ។ នេះជាលើកទី៤ ហើយដែលពួកគេចេញតវ៉ាស្វែងរកដំណោះស្រាយ ក្នុងឆ្នាំ២០២៦នេះ ទោះបីសមាជិករបស់ខ្លួនរងការចោទប្រកាន់ពីបទ «ធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស»​​​​​​​​​​​​​ ក៏ដោយ។ ស្ថិតក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ សមាជិកសហជីពប្រហែល ៤០នាក់ ប្រមូលផ្តុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៏២ ជាកន្លែងដែលពួកគេតែងតែប្រមូលផ្ដុំគ្នាធ្វើការតវ៉ា។ ពួកគេលើកបដាដែលមានភ្ជាប់ច្បាប់ការងារជាតិ​​និងអន្តរជាតិ ក្នុងការទាមទារឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលចូលរូមដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្រោយការស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធមិនទាន់អាចទទួលយកបាន។ សហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យក្រុមហ៊ុនដោះស្រាយសំណើចំនួន ៧ ចំណុច រួមមាន ការទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពឱ្យចូលធ្វើការវិញ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការគណនាប្រាក់បំណាច់បន្ថែមសម្រាប់កម្មករដែលត្រូវបានបញ្ឈប់នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ការបើកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវ ការដំឡើងប្រាក់ឈ្នួលគោល ៧% ការបញ្ឈប់ការប្រើប្រាស់បុគ្គលិកក្រោមស្លាកកម្មសិក្សាដោយមិនផ្តល់ស្ថានភាពជាបុគ្គលិកពេញសិទ្ធិ និងការផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកខ្មែរ និងបុគ្គលិកបរទេសដែលមានមុខតំណែង និងការងារដូចគ្នា។ សមាជិកសហជីពណាហ្គាវើលដ៏ អ្នកស្រី អ៊ុច សុភារី លើកឡើងថាគោលបំណងនៃកូដកម្ម គឺដើម្បីស្នើសុំឱ្យក្រុមហ៊ុនណាហ្គាវើលដ៍យកអតីតបុគ្គលិកដែលត្រូវក្រុមហ៊ុនបញ្ឈប់នៅឆ្នាំ២០២១ ត្រឡប់ចូលធ្វើការវិញ​ និងសងសំណង តាមច្បាប់ការងារ។ អ្នកស្រីបន្តថាការចូលរួមដោះស្រាយជាមួយក្រសួងការងារ និងភាគីក្រុមហ៊ុនកន្លងមក គឺមិនអាចទៅរួច ព្រោះក្រុមហ៊ុនមិនបានផ្ដល់ដំណោះស្រាយសមស្របឡើយ។ អ្នកស្រីនិយាយថា៖ «ដំណោះស្រាយឱ្យយើង មិនអាចទទួលយកបាន។ ម្យ៉ាងទៀតអ្វីដែលយើងចង់តវ៉ាគ្រាន់តែចង់គឺសង្ឃឹមថាក្រសួងដោះស្រាយជាមួយក្រុមហ៊ុនណាហ្គាវើលដ៏ទល់មុខគ្នាដើម្បីឱ្យសហជីពចូលធ្វើការវិញតែប៉ុណ្ណឹង។ ដំណោះស្រាយខ្លាំងបំផុត»។ អ្នកស្រីបន្ថែមថា៖​ «អ្វិដែលយើងចង់បានគឺដោះស្រាយលើកលែងទោសឱ្យកូដករដែលមិនដឹងអ្វីសោះ។ […] ការបារម្ភតែងតែមាន តែយើងមិនអាចឱ្យការបារម្ភរារាំងពួកយើងបានទេ។ ចង់និយាយអីចឹង ពួកយើងនៅតែទទួចដដែល អីចឹងទោះបីករណីនេះ [ចោទប្រកាន់បទព្រហ្មទណ្ឌ] យើងជាប្រជាជន កូដករណាហ្គាវើលដ៏ចង់បានយុត្តិធម៌តែប៉ុណ្ណោះ»។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងប្រាប់ប្រជាកាសែតថា ក្រសួងការងារបានចូលរួមដោះស្រាយបញ្ហានេះចំនួន ២៧ ដងមកហើយ។ លោកបន្តថាដំណោះស្រាយជាមួយភាគីកូដករមិនអាចទៅរួច ព្រោះកូដករណាហ្គាវើលដ៏ទាត់ចោលនូវដំណោះស្រាយត្រីភាគីជាមួយក្រសួង។ លោកបញ្ជាក់ទៀតថាជម្រើសនៃការដោះស្រាយ គឺមានតែការប្ដឹងទៅតុលាការប៉ុណ្ណោះ។ គិតមកដល់ពេលនេះ សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៩នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅសាកសួរពាក់ព័ន្ធនឹងបទចោទ «ធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស» នៅក្នុងការតវ៉ារបស់ពួកគេនៅមុខអាគារណាហ្គាវើលដ៏២ តាំងពីឆ្នាំ២០២១។ សមាជិកមួយចំនួនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ហើយ នៅខែមិថុនា ឆ្នាំ២០២៦។ កាលពីថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិលចំនួន២៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងគោលបំណងស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់សហជីព ដើម្បីឱ្យពួកគេរស់នៅដោយគ្មានភាពភ័យខ្លាច ឬរងការធ្វើទុក្ខបុកម្នេញ ហើយងាកមកស្វែងរកដំណោះស្រាយដោយយុត្តិធម៌។ ការអំពាវនាវនេះធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញកោះហៅសមាជិកសហជីពដើម្បីសួរនាំពីបទចោទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ក្រោយពីពួកគេធ្វើការតវ៉ា ដោយសន្តិវិធី នៅមុខអគារកាស៊ីណូណាហ្គាវើលដ៏២។ តែយ៉ាងណា កូដករណាហ្គាវើលដ៏ម្នាក់ទៀត គឺអ្នកស្រី សុខ ស្រីមាស លើកឡើងថាជម្រើសប្ដឹងទៅតុលាការមិនអាចទៅរួចទេ ព្រោះកម្ពុជាគ្មានស្ថាប័នតុលាការដែលដោះស្រាយវិវាទការងារឡើយ។ អ្នកស្រីជម្រុញឱ្យភាគីពាក់ព័ន្ធចូលតុចរចាឡើងវិញ ដើម្បីបញ្ចប់វិវាទការងារនេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិការងារនៅកម្ពុជា និងខូចមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ អ្នកស្រីនិយាយថា៖ «ជាជម្រើសចុងក្រោយនៅពេលដែលចប់នីតិវិធីនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺទី១ធ្វើកូដកម្ម និងទី២ ប្ដឹងទៅតុលាការ ប៉ុន្តែយើងឃើញថាកម្ពុជាគ្មានតុលាការការងារ ហើយយើងជាបុគ្គលិកកម្មករយើងមានអ្វីទៅតទល់ជាមួយថៅកែ។ ចុងក្រោយយើងសម្រេចចិត្តធ្វើកូដកម្ម ព្រោះកូដកម្មជាអំណាចតែមួយគត់ដែលកម្មករមាន»។ អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំគ្រាន់តែសំណូមពរថាកុំប្រឹងប្រឺងធ្វើទុក្ខបុកម្នេញជាមួយកូដករ ប៉ុន្តែខិតខំប្រឹងប្រែងដោះស្រាយវិវាទជាមួយពួកខ្ញុំវិញមក។ យើងមើលឃើញថាទាំងរដ្ឋាភិបាល ទាំងក្រសួងពាក់ព័ន្ធក៏ដូចជាក្រុមហ៊ុនណាហ្គាវើលដ៏គឺអាចដោះស្រាយបាន។ យកពួកយើងចូលធ្វើការវិញមក ហើយទម្លាក់បទចោទវិញមក»។ នាយកប្រតិបត្តិ នៃអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា លើកឡើងថាករណីវិវាទការងាររបស់កូដករណាហ្គាវើលដ៏ និងភាគីក្រុមហ៊ុនកើតឡើង ព្រោះមិនមានការចរចាបែបសមូហភាព ដែលភាគីក្រុមហ៊ុន កូដករ និងក្រសួងការងារដែលជាអ្នកសម្របសម្រួល ត្រូវចូលតុចរចាស្វែងរកដំណោះស្រាយទាក់ទងនឹងសំណង និងអនុញ្ញាតឱ្យកូដករចូលធ្វើការវិញជារឿងត្រូវធ្វើ។ លោកយល់ឃើញថាការប្ដឹងផ្ដល់របស់ក្រុមហ៊ុនរហូតមានបទចោទមិនមែនជាជម្រើសល្អទេ ហើយការណ៍ដែលជម្រុញឱ្យកូដករស្នើដោះស្រាយទៅប្រព័ន្ធតុលាការជារឿងស្មុគស្មាញទៅវិញ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំថាបើសិនជាយើងអនុវត្តច្បាប់ត្រឹមត្រូវ​មិនគួរជារឿងមួយមានបទចោទព្រហ្មទណ្ឌទៅលើកម្មករ ឬក៏តំណាងសហជីពនោះទេ ហើយក៏មិនគួរអូសបន្លាយដល់ពេលនេះដែរ សំខាន់រុញទៅឱ្យខាងណាហ្គាវើលដ៏ហ្នឹងចរចាជាមួយសហជីពវិញទៅវាប្រសើរហើយ»។ លោកបន្ថែមថា៖ «តុលាការគួរទម្លាក់បទចោទផ្សេងៗទៅលើតំណាងសហជីព ហើយក៏គួរមានការសម្រេចណាមួយពីខាងភាគីនិយោជកហ្នឹង ហើយយកតំណាងសហជីពធ្វើការវិញទៅ។ វាចប់ហើយរឿងហ្នឹង»៕

      ១៧ កក្កដា ២០២៦ស៊ា អុឺង

    • អគារ Royal Hill របស់អ្នកឧកញ៉ា លឹម ហេង នៅអូរស្មាច់ រងការចោទថាជួលទៅឱ្យឧក្រិដ្ឋជនឆបោកអនឡាញ ២០ម៉ឺនដុល្លារក្នុង ១ខែ

      អគារ Royal Hill នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន លឹម ហេង គ្រុប (Lim Heng Group) និងមានម្ចាស់ជាអ្នកឧកញ៉ាជនជាតិខ្មែរ ឈ្មោះ លឹម ហេង ជាប់ពាក់ព័ន្ធនឹងការជួលទៅឱ្យឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពដដែលបានផ្សាយថា សំណង់អគារទាំងនោះត្រូវបានគេកែប្រែជាបន្ទប់តុបតែងមើលទៅដូចជាប៉ុស្តិ៍នគរបាល និងការិយាល័យធនាគារជាដើម។ Reuters បន្ថែមថា កិច្ចសន្យាជួលបានចែងថា Royal Hill នឹងជួលអគារចំនួនបីនៅក្នុងបរិវេណរបស់ខ្លួនទៅឱ្យជនជាតិចិនម្នាក់ក្នុងរយៈពេលពីរឆ្នាំ ក្នុងតម្លៃ ២០ម៉ឺនដុល្លារក្នុងមួយខែ។ កងទ័ពថៃបានកាន់កាប់ទីតាំងអគារនេះក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ហើយភាគីថៃអះអាងថាអគារ Royal Hill គឺជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា ប្រាប់សារព័ត៌មាន Reuters ថា ការដែលយោធាថៃយកទីតាំងអគារ Royal Hill មកគ្រប់គ្រងក្រោមហេតុផលថាជាទីតាំងប្រព្រឹត្តបទល្មើសអនឡាញ គឺគ្រាន់តែជាលេសដើម្បីធ្វើការវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ។ ក្រសួងការបរទេសកម្ពុជាតែងតែបានចេញសេចក្ដីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងនៅក្នុងទឹកដីខ្មែរដោយគ្មានការអនុញ្ញាតពីភាគីកម្ពុជា ពីសំណាក់អនុព័ន្ធយោធាបរទេសមួយចំនួន និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធាន​ចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសចាត់ទុកសកម្មភាពអនុវត្តអធិប​តេយ្យរបស់ថៃដោយខុសច្បាប់នេះ ថាជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ទោះជាបែបនេះក្ដី ដើម្បីការពារមុខមាត់កម្ពុជាចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅពេលនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា អាជ្ញាធរកម្ពុជាត្រូវបើកការស៊ើបអង្កេត ថាតើអគារនោះពិតជាបានជួលឱ្យពួកឧក្រិដ្ឋជនមែនឬយ៉ាងណា។ លោកថាអាជ្ញាធរត្រូវបង្ហាញតម្លាភាព និងស្វែងរកឫសគល់នៃប្រតិបត្តិការឆបោកនោះ ក៏ដូចជាចាត់វិធានការលើមេខ្លោងនៅពីក្រោយខ្នងផងដែរ។ លោកមានប្រសាសន៍ថា៖ «វាជាតម្លាភាពផង។ វាត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថាតើបញ្ហាអគារទាំងអស់នេះវាមានជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញដែរឬទេ។ វាត្រូវតែមានការស៊ើបអង្កេតដោយហ្មត់ចត់ ដោយតម្លាភាព និងដោយសុក្រឹតភាព»។ ក្នុងជំនួបរវាងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Aleks Zittle និងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Aleks Zittle ក៏បានជំរុញឱ្យភាគីកម្ពុជាបង្កើនយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យបានឆាប់រហ័ស ដើម្បីធានាថា អ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះត្រូវទទួលទោសតាមច្បាប់។ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញនេះត្រូវតែបន្តធ្វើជាប្រចាំ មិនអាចសម្រេចបានភ្លាមៗនោះទេ ព្រោះបទល្មើសនេះជាបទល្មើសងងឹត ជាពិសេសត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញប្រកបដោយតម្លាភាព។ លោកបន្តថា ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាត្រូវធ្វើឡើងទន្ទឹមនឹងការកម្ចាត់អំពើពុករលួយ និងវែកមុខអ្នកដែលពាក់ព័ន្ធ មិនថាអ្នកមានអំណាច ឬអ្នកមានធនធានណាម្នាក់នោះឡើយ។ លោកថ្លែងថា៖ «ខ្ញុំថារដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរខេត្ត ស្ថាប័នជំនាញត្រូវតែបង្ហាញដោយតម្លាភាព បើកចំហ ដោយគ្មានការបិទបាំងអ្វី ក្រៅតែពីធ្វើកិច្ចសហការគ្នា ដើម្បីកុំឱ្យមានការចោទប្រកាន់ និងការចោទបោះបោកដាក់គ្នារវាងប្រទេសជិតខាង»។ លោកបន្ថែមថា៖ «ខ្ញុំថាជាការឆ្លើយតបដោយមានអង្គហេតុ និងអង្គច្បាប់របស់រដ្ឋាភិបាល ខណៈដែលកន្លងមករដ្ឋាភិបាលបានប្ដេជ្ញាថានឹងបង្ក្រាបឱ្យអស់ពួកឧក្រិដ្ឋជន scam online ត្រឹមខែមេសា ប៉ុន្តែយើងមិនអាចថាបង្ក្រាបបានឱ្យចប់ត្រឹមខែមេសានោះទេ»។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញតាំងពីដើមឆ្នាំ២០២៦។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបង្ក្រាបបានជាង ៤០០ករណី, ដកអាជ្ញាបណ្ណកាស៊ីណូ ២៥ទីតាំង, បញ្ជូនអ្នកពាក់ព័ន្ធត្រឡប់ទៅប្រទេសកំណើតវិញជាង ១៨,០០០នាក់, និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤៣ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យជាង ១,៤០០នាក់។ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំ ដោយផ្ដោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលបំណងផ្ដន្ទាទោសមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធ ព្រមទាំងបង្ការមិនឱ្យឧក្រិដ្ឋកម្មប្រភេទនេះកើតឡើងនៅកម្ពុជាឡើយ៕

      ១៧ កក្កដា ២០២៦ស៊ា អុឺង

    • ស្រូវជាច្រើនហិកតានៅបាត់ដំបងប្រឈមនឹងស្កកព្រោះអត់ទឹក ចំពេលទឹកស្ទឹងសង្កែឡើងកៀកកម្រិតអាសន្ន

      ស្រូវរបស់ប្រជាកសិករមួយចំនួននៅបាត់ដំបងកំពុងប្រឈមនឹងស្កកព្រោះខ្វះទឹក ចំពេលទឹកស្ទឹងសង្កែឡើងជិតដល់កម្រិតប្រកាស អាសន្ន។ កសិករមួយចំនួនប្រាប់ថា ពួកគាត់កំពុងខ្វះទឹកដាក់ស្រែ កំឡុងប្រទេសកម្ពុជាកំពុងរងឥទ្ធិពលខ្យល់ព្រុះពីតំបន់ប៉ាស៊ីភិចដែលធ្វើឱ្យអាកាសធាតុប្រែប្រួលនិងកម្រិតទឹកភ្លៀងមិនទៀងទាត់សម្រាប់តំបន់មួយចំនួននៅប្រទេសកម្ពុជា។ មន្ទីរឧតុនិយមខេត្តបាត់ដំបងឱ្យដឹងថាស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង១៣ម៉ែត្រ ក្នុងក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ មន្ទីរឧត្តុនិយមខេត្តបាត់ដំបងណែនាំឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែក្រោមមានការប្រុង ប្រយ័ត្នខ្ពស់។ កសិករនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ទុំ ភ័ណ្ឌ បង្ហាញក្ដីកង្វះថា ប្រសិនបើប្រឡាយនៅភូមិរបស់លោកនៅតែមិនមានទឹកសម្រាប់បូមដាក់បញ្ចូលស្រែទេ ផលដំណាំស្រូវរបស់លោកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកថាតាំងពីខែមេសា ឆ្នាំ២០២៦ មក ភ្លៀងធ្លាក់មានម្ដងម្កាល ហើយស្ថិតនៅក្នុងកម្រិតតិចនៅឡើយ ដែលធ្វើឱ្យដីស្រែខ្វះទឹកសម្រាប់ការលូតលាស់របស់ដំណាំ។ លោកព្រួយបារម្ភទៀតថា កាលណាផលដំណាំ​ខូចខាត កសិករដូចជារូបលោក នឹងត្រូវខាតបង់ចំណាយលើថ្លៃដើមថ្លៃ ដូចជាជី ថ្នាំបាញ់ស្មៅ ការភ្ជួររាស់ មិនខានឡើយ។ លោកមានប្រសាសន៍ថា៖ «វាមកមួយសើមទៅបាត់ទៅ ហើយស្មៅកាន់តែឡើង។ ខ្លះទៅឡើងជាងស្រូវ ខ្លះទៅឡើងប្រហែលស្រូវ។ ខ្ញុំធ្វើ៨ហិកតានេះ ចំណាយអស់ពីរលានជាងហើយ។ នេះយើងភ្ជួរខ្លួនយើងទេណា តែព្រោះយើងឱ្យគេព្រោះ។ […] ព្រួយបារម្ភថាមិនដឹងបានអីទៅសងថ្លៃម៉ាស៊ូត ថ្លៃអីផ្សេង»។ លោកបន្ថែមថា៖ «អុំប្រើទឹកពីប្រឡាយទាំងអស់ហ្នឹងហើយ ប៉ុន្តែវាអត់មានទឹកពីលើមក។ យកទឹកពីបឹងកំពីងពួយ»។ កសិករនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ម្នាក់ទៀត លោក ឆាត ឆាន់ លើកឡើងស្រដៀងគ្នានេះថាកសិករធ្វើស្រែនៅស្រុកថ្មគោល ដូចជារូបលោកពឹងផ្អែកលើប្រភពទឹកចេញពីអាងកំពីងពួយ ដែលអាចផ្គត់ផ្អង់ចូលខ្សែរទឹកខាងក្រោមបាន។ លោកថា បញ្ហាប្រឈមរបស់លោកគឺទាក់ទងដោយផ្ទាល់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រព័ន្ធធារាសាស្រ្ត ដោយទឹកមានប្រភពមកពីផ្នែកខាងលើ។ លោកឆាន់ រំពឹងលើដីស្រែចំនួន១៥ ហិកតា ដើម្បីបង្ករបង្កើនផល តែលោកបារម្ភថាប្រសើនបើនៅតែមិនមានភ្លៀងធ្លាក់ ហើយប្រឡាយមិនមានទឹក នោះដំណាំស្រូវនឹងការខូចខាត។ លោកនិយាយថា៖ «អត់ទឹកទៅ ស្រូវវាស្រពោន ហើយស្មៅច្រើន។ បើអ្នកទើបព្រោះក្រោយអាចកែបានខ្លះបើទឹកទាន់ពេលទាន់វេលា។ ដកស្មៅ ដាក់ជីទៅកែបានខ្លះ។ បាញ់ថ្នាំស្មៅក៏មិនកើត។ ដឹងបាញ់ធ្វើអីបើអត់ទឹក ខាតតែថ្នាំ។ […] អាហ្នឹងចាំគិតគូរទៀតទៅ លក់ដីលក់ស្រែសងគេទៅ»។ លោកបន្ថែមថា៖ «ទឹកគេអត់បើកចូលមកក្នុងអាង។ គេបិទអត់ឱ្យទឹកស្ទឹងនៅនេះចូលមក។ ខាងអុំនេះអាជ្ញាធរឃុំនេះជួូយខ្នះខ្នែងដែរប៉ុន្តែខាងខេត្ត ខាងស្រុកអីដូចមិនទាន់ឃើញមានចុះ។ បើថាអាជ្ញាធរឃុំគាត់ចុះទៅដល់កន្លែងហើយមើលទៅស្ថានភាពទឹកនៅកំពីងពួយហ្នឹងវាអត់មែន»។ ក្រុមប្រឹក្សាឃុំអូរតាគី លោក ទុំ ពន្លក និយាយថាទឹកអាងកំពីងពួយមិនមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មកប្រព័ន្ធប្រឡាយខាងក្រោយ ព្រោះទំបន់ទឹកអូរដូនពៅ កំពុងត្រូវបានសាងសង់ ចំណែកឯប្រព័ន្ធទឹកដែលហូរចូលអាងនេះនៅមានតិចតូចនៅឡើយ។ លោកអះអាងថាកសិករមិនអាចមានប្រភពទឹកផ្គត់ផ្គង់សម្រាប់ស្រោចស្រពដំណាំស្រូវបាន ព្រោះប្រព័ន្ធទឹកត្រូវបានកាត់ផ្ដាច់ ស្របពេលការស្វែងរកដំណោះស្រាយនៅរាំងស្ទះ។ លោកមានប្រសាសន៍ថា៖ «គេកំពុងសាងសង់ស្ទាក់ទឹក អូរដូនពៅ នៅស្ទឹងបវេល សម្រាប់បញ្ចូលទៅបំពេញទឹកទំនប់អាងទឹកកំពីងពួយ។ បើមានទឹកក្នុងអាង ប្រើប្រាស់គ្រប់គ្រាន់ជារាល់ឆ្នាំ។ ទើបតែពីរឆ្នាំទេ ដែលរាំងស្ទះទឹក»។ លោកបន្ថែមថា៖ «ខ្ញុំធ្វើពាក្យស៊ីញ៉េទៅដែរប៉ុន្តែអត់ទាន់មានដំណោះស្រាយ។ បានធ្វើពាក្យជូនខាងស្រុកអីទៅដែរ តែសំខាន់វាអត់ទឹក»។ គួរបញ្ជាក់ផងដែរថា អាងទឹកកំពីងពួយមានផ្ទៃអាង ៦៣៨០ហិកតា ដែលត្រូវបានជីកនៅសម័យប៉ុល ពត និង អាចស្ដុកទឹកបានប្រមាណ ១៤៦លានម៉ែត្រ គូប អាចស្រោចស្រព ស្រូវវស្សា ចំនួន ២៣ ៦០០ហិកតា និង ស្រូវ ប្រាំង ចំនួន ១៧ ០០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះ គ្របដណ្តប់លើស្រុកចំនួន ២ និងក្រុងចំនួន ១ មាន ស្រុកបាណន់ ស្រុកថ្មគោលមាន និងសង្កាត់អូរម៉ាល់ នៃក្រុងបាត់ដំបង។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) លោក សុទ្ធ គឹមកុលមុនី បានប្រាប់ប្រជាកាសែតថា អាជ្ញាធរពាក់ព័ន្ធបានដឹងពីបញ្ហាដែលប្រជាពលរដ្ឋនៅខេត្តបាត់ដំបងកំពុងជួបប្រទះ និងកំពុងចូលរួមដោះស្រាយបញ្ហានេះហើយ។ លោកអះអាងថាគ្រោះរាំងស្ងួតបានប៉ះពាល់ដល់ខេត្តមួយចំនួនដូចជាបាត់ដំបង កំពង់ធំ និងសៀមរាប ជាដើម ហើយអាជ្ញាធរកំពុងចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់ផ្ទាល់។ លោកមានប្រសាសន៍ថា៖ «ខាងជំនាញខាងទឹកកំពុងតែចុះធ្វើការងារនេះ។ ការខ្វះទឹកនៅបាត់ដំបងនេះគឺ មកដល់ពេលនេះគឺមានច្រើន ទោះបីមានជំនន់ទឹកភ្លៀងនៅខាងស្រុកសំឡូត វាហូរចូលព្រែកអស់ ហើយតំបន់ដាំដុះមួយចំនួនអត់ទាន់មានភ្លៀងគ្រប់គ្រាន់។ ដូច្នេះមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់អន្តរាគមន៍តាមតំបន់ដែលអត់ទឹក»។ យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១៨,៣៦២ហិកតា ក្នុងស្រុកចំនួន២ គឺ ស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះ ស្រុកឯកភ្នំ មានស្រូវប៉ះពាល់ចំនួន ៧, ៧៦៩ហិកតា និងស្រុកសង្កែ មានស្រូវប៉ះពាល់ចំនួន ១០,៥៩៣ហិកតា។ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោក គន់ គីម ធ្លាប់អះអាងថាអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការត្រៀមសង្គ្រោះស្រូវជាង ១៨,០០០ ហិកតា ដែលរងផលប៉ះពាល់ពីស្ថានភាពខ្វះទឹកនៅក្នុងខេត្តបាត់ដំបង គិតត្រឹមខែកក្កដា ខណៈក្រសួងពាក់ព័ន្ធបានជំរុញឱ្យពង្រឹងការរក្សាទឹកទុកឱ្យបានច្រើននៅពាក់កណ្តាល…

      ១៥ កក្កដា ២០២៦ស៊ា អុឺង

    • អ្នកសារព័ត៌មានលោក លួត សុផល ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ

      អ្នកសារព័ត៌មាន លោក លួត សុផល ត្រូវបានតុលាការខេត្តឧត្តរមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា ៤៩៥ និងបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» តាមមាត្រា ៤៧២ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមសមាគមអាដហុក។ លោក លួត សុផល ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកចុងកាល់ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក លួត សុផល ជាអ្នកកាសែតមួយរូបរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកបានធ្វើសកម្មភាពថតវីដេអូពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយយកទៅបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកឈ្មោះ Sophal Osmach។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា អ្នកសារព័ត៌មានអនឡាញ លោក លួត សុផល ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានរាយការណ៍អំពីទាហានជួរមុខ។ នៅថ្ងៃទី១៤ ខែកុម្ភៈ ដដែល លោក លួត សុផល បានបញ្ចេញវីដេអូខ្លីមួយរយៈពេលមួយនាទី ដោយទទួលស្គាល់កំហុស និងអះអាងថាកងទ័ពមិនបានខ្វះទឹកប្រើប្រាស់ដូចដែលលោកធ្លាប់រាយការណ៍ឡើយ។ ភរិយាលោក លួត សុផល គឺអ្នកស្រី វឿន ឡាឡង់ បានបញ្ជាក់ពីបទចោទ និងថាប្ដីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យតាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកស្រីនិយាយថាស្វាមីអ្នកស្រីមិនបានប្រព្រឹត្តខុសតាមការចោទប្រកាន់ឡើយ។ ជាចុងក្រោយអ្នកស្រីអំពាវនាវឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាព ព្រោះអ្នកស្រីជួបការលំបាកផ្នែកជីវភាព ដោយមានកូនបួននាក់ក្នុងបន្ទុក និងត្រូវរ៉ាប់រងបង់ធនាគារផង។ អ្នកស្រីនិយាយថា៖ «ខ្ញុំចង់សំណូមពរឱ្យសម្ដេចជួយដោះលែងគាត់។ ខ្ញុំគិតថាការណ៍ដែលគាត់ធ្វើនេះអត់មានប៉ះពាល់ប្រទេសជាតិទេ។ គាត់ធ្វើចង់ជួយសង្គម អត់មានប៉ះពាល់ខាងណាទេបង»។អ្នកស្រីបន្ថែមថា៖ « ខ្ញុំជំពាក់ធនាគារច្រើនណាស់បង។ ធនាគារទើបមកទារលុយទេ។ ខ្ញុំអត់មានលទ្ធភាពបង់ធនាគារទេបង។ ខ្ញុំអស់លទ្ធភាពហើយ។ សូមជួយលើកលែងទោសឱ្យប្ដីខ្ញុំផង»។ អ្នកស្រី ឡាឡង់ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នកស្រីនឹងពិភាក្សាជាមួយមេធាវីការពារក្ដីឱ្យស្វាមីអ្នកស្រី ដើម្បីប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត។ អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី និយាយថា ជាគោលការណ៍សមាគម​អាដហុកនឹងជួយសម្របសម្រួលផ្នែកច្បាប់ ក្នុងករណីជនត្រូវចោទមិនពេញចិត្តនឹងការសម្រេចរបស់តុលាការ។ លោកលើកឡើងថា៖ «ការប្ដឹងឧទ្ធរណ៍ឬមិនប្ដឹងឧទ្ធរណ៍វាជាសិទ្ធិរបស់ជនត្រូវចោទថាតើគាត់ពេញចិត្តនឹងសាលក្រមឬអត់។ បើគាត់មិនពេញចិត្ត គាត់អាចធ្វើការប្ដឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូង។ មេធាវីមិនអាចសម្រេចចិត្តនៅក្នុងរឿងនេះជំនួសកូនក្ដីបានទេ»។ នាយិកានាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា លើកឡើងថា ការកាត់ទោសព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មានមានកម្រិតធ្ងន់ធ្ងរពេក ខណៈលោកស្រីយល់ថាអ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន ក៏ដូចជារដ្ឋាភិបាលប៉ុណ្ណោះ។ លោកស្រីថាអាជ្ញាធរគួរបើកការស៊ើបអង្កេតលើករណីនេះ ថាតើគាត់ពិតជាប្រព្រឹត្តខុសដល់កម្រិតព្រហ្មទណ្ឌ ឬគ្រាន់តែប្រើប្រាស់ច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានបានហើយ។ លោកស្រីមានប្រសាសន៍ថា៖ «ខាងក្រសួងការពារជាតិគាត់ត្រូវធ្វើការស៊ើបអង្កេតថាតើការរស់នៅតំបន់នោះពិតជាមានការខ្វះខាតដូចដែលគាត់អ្នកសារព័ត៌មានបានរាយការណ៍ឬអត់។ ឧទាហរណ៍ថាគាត់មានកំហុសដោយអចេតនា ពាក់ព័ន្ធនឹងការថតរូប គួរតែធ្វើការដោះស្រាយរឿង ដាក់ទោសពិន័យតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន»។ លោកស្រីបន្ថែមថា៖ «បញ្ហានេះធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតគាត់មានការខ្លាចរអា អត់ហ៊ាននៅក្នុងការរាយការណ៍ព័ត៌មានរស៊ើបៗក្នុងប្រទេស។ ពេលប្រជាពលរដ្ឋបាត់ព័ត៌មាន គាត់មានបញ្ហា គាត់អត់ហ៊ានដើម្បីលើកឡើងពីបញ្ហាហ្នឹងឱ្យថ្នាក់ដឹកនាំដោះស្រាយ»។ ចំណែក នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី លើកឡើងថា នៅកម្ពុជាហាក់នៅមានការខ្វះចន្លោះពីគោលនយោបាយដែលធានាអំពីភាពជាក់លាក់ពីខ្លឹមសារច្បាប់ ដែលនាំឱ្យអ្នកសារព័ត៌មានងាយរងការចោទប្រកាន់ពេលរាយការណ៍ពីព័ត៌មានរស៊ើប។ លោកមានប្រសាសន៍ថា៖ «យើងនៅខ្វះគោលនយោបាយឬច្បាប់មួយដែលធានាអំពីភាពជាក់លាក់នៃការកម្រិតអំពីការបកស្រាយខ្លឹមសារច្បាប់ ព្រោះយើងដឹងហើយថាខ្លឹមសារច្បាប់របស់យើងនេះមានចំណុចទូលាយច្រើនណាស់ដែលធ្វើឱ្យមានការបកស្រាយផ្សេងៗ ហើយការបកស្រាយទាំងនោះជានិច្ចកាលតែងតែយកមកជាបន្ទុកដើម្បីចោទប្រកាន់លើអ្នកសារព័ត៌មាន»។ របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ឱ្យដឹងថាយ៉ាងហោចណាស់មាន​អ្នកកាសែតកម្ពុជាចំនួនប្រាំមួយនាក់ហើយត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់​ពីបទញុះញង់ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេរាយការណ៍អំពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការឆបោកតាមប្រព័ន្ធអនឡាញ៕

      ១៤ កក្កដា ២០២៦ស៊ា អុឺង

    • រដ្ឋាភិបាលកម្ពុជាដំឡើងឋានៈមន្ត្រីម្នាក់ទៀតជាទេសរដ្ឋមន្ត្រីនៅពាក់កណ្ដាលនីតិកាលទី៧

      រដ្ឋាភិបាលកម្ពុជាដំឡើងឋានៈមន្ត្រីម្នាក់ទៀតជាទេសរដ្ឋមន្ត្រីនៅពាក់កណ្ដាលនីតិកាលទី៧។ រដ្ឋសភាកម្ពុជាទើបតែបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ សមាជិករដ្ឋសភា ១១០ រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូលបានចូលរួមបោះឆ្នោតដំឡើងឋានៈលោក ប្រាក់ សំអឿន។ ក្នុងនោះសមាជិកសភាចំនួន ១០៨ រូបគាំទ្រ និងសមាជិកសភា ២ រូបបោះឆ្នោតអនុបវាទ។ កាលដើមអាណត្តិទី៧នេះ លោក ប្រាក់ សំអឿន ជាអតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គនាយកដ្ឋានរដ្ឋបាល ហើយក្រោយមកលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពីសំណាក់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។បើគិតត្រឹមលើកនេះលោកសំអឿនជាឥស្សរជនម្នាក់ដែលត្រូវបានដំឡើងឋានៈចំនួន២ដង។ គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាមានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២៣ រូប ដែលតែងតាំងដោយរដ្ឋសភា និងត្រូវបានបែងចែកតួនាទីផ្សេងៗគ្នា ដើម្បីការអនុវត្តច្បាប់ និងដឹកនាំកិច្ចការងារទូទៅរបស់រដ្ឋាភិបាល។ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការតែងតាំងមន្ត្រីរបស់រដ្ឋាភិបាលជារឿងធម្មតា ដែលប្រជាពលរដ្ឋទូទៅរួមទាំងរូបលោកលែងមានចំណាប់អារម្មណ៍ទៅហើយ។ លោកមានប្រសាសន៍ថា៖ «ការតែងតាំងមន្ត្រីជាន់ខ្ពស់ក្ដី ថ្នាក់ដឹកនាំក្ដីរបស់រាជរដ្ឋាភិបាល លែងជាចំណុចគួរឱ្យចាប់អារម្មណ៍របស់អ្នកវិភាគ របស់អ្នកតាមដាន ឬក៏របស់ប្រជាពលរដ្ឋរួមទាំងខ្ញុំផងដែរ ព្រោះជារឿងដដែលៗ»។ ចំណែកឯ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា លោកមិនជំទាស់នឹងការតែងតាំងមន្ត្រីរបស់រដ្ឋាភិបាលទេ ដើម្បីបម្រើសេវាសាធារណៈ និងប្រជាពលរដ្ឋ តែលោកស្នើឱ្យការតែងតាំងនោះមានតម្លាភាព និងប្រសិទ្ធភាព។ ចំណុចនេះ លោកថារដ្ឋាភិបាលគួរបណ្ដុះបណ្ដាលអ្នកដែលមានតួនាទីនៅក្នុងស្ថាប័នរដ្ឋមួយឱ្យមានសមត្ថភាព ជៀសវាងកើតមាននូវការច្រណែនតួនាទីគ្នា ក្រោយមានការតែងតាំងអ្នកថ្មី។ លោកមានប្រសាសន៍ថា៖ «បើសិនជាករណីមិនចាំបាច់ទេ យើងពង្រឹងពង្រីក បណ្ដុះបណ្ដាលអ្នកដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងសេនាធិការក្រសួងស្ថាប័ន ឬក៏នៅផ្ទាល់ជាមួយខុទ្ទកាល័យនាយករដ្ឋមន្ត្រី ខ្ញុំថាវាប្រសើរជាងយើងបន្ថែមមនុស្សបន្ថែមទៀត វាអាចមនុស្សច្រើនអន្សមខ្លោច វាអាចជាបក្សជាពួក វាធ្វើឱ្យសកម្មភាពហ្នឹងរាំងស្ទះដល់ដំណើរការប្រចាំថ្ងៃ»។ លោកបន្ថែមថា៖ «ការដាក់មកនេះ យើងឯកភាពថាមនុស្សមានការចេះដឹងហើយ ប៉ុន្តែខ្លាចយក​មកវាជាន់គ្នា ហើយគ្មានអ្វីក្រៅពីការមិនទុកចិត្តគ្នា អ៊ឺចឹងបង្កើនកម្លាំងម្ខាងទៅម្ខាង បក្សក្រុមក្នុងក្រសួងហ្នឹង វាអាចធ្វើឱ្យកាន់តែរាំងស្ទះនូវកិច្ចការងារ»។ អ្នកវិភាគសង្គម និងនយោបាយ លោក មាស នី លើកឡើងថា លោកសាទរដែលរដ្ឋាភិបាលធ្វើការកំណែទម្រង់តែងតាំងមន្ត្រីដែលមានសមត្ថភាព តែយ៉ាងណាការតែងតាំងមន្រ្តីទាំងនោះលោកថាមិនមែនជារឿងថ្មីទេ។ លោកបន្តថា កន្លងមកលោកតែងតែឮអ្នកតាមដានបញ្ហាសង្គមនិយាយពីរឿងស្ថាប័នដែលមានខ្លួនតូចតែក្បាលធំ សំដៅដល់ការមានមន្ត្រីច្រើន តែប្រសិទ្ធភាពការងារនៅមានកម្រិត។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនៅក្នុងការប្រឹងប្រែងនៅក្នុងកំណែទម្រង់ កាត់បន្ថយមន្ត្រីដើម្បីកុំឱ្យក្បាលធំខ្លួនតូច។ បើយើងមើលពីការតែងតាំងនេះ ខ្ញុំក៏មិនដឹងពីសមត្ថភាពរបស់លោកដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលរដ្ឋាភិបាលកំពុងប្រកាសកាត់បន្ថយ ដូច្នេះបើសិនជាការដំឡើងតំណែងផ្សេងៗ វាហាក់ដូចជាចរន្តនេះដើរផ្ទុយគ្នាពីអ្វីដែលរដ្ឋាភិបាលបានប្រកាស»។ លោកបន្ថែមថា៖ «នៅក្នុងអភិបាលកិច្ចល្អ វាមិនគ្រាន់តែកាត់របស់គេទុករបស់ឯងទេ ត្រូវតែកាត់អ្នកដែលមិនមានសមត្ថភាពបានត្រឹមត្រូវ ប៉ុន្តែបើយើងធ្វើការកំណែទម្រង់តាមបែបបង្រួមកាត់របស់គេទុករបស់អញហ្នឹង វានឹងជាប់គាំងក្នុងប្រព័ន្ធគ្រួសារនិយម បក្សពួកនិយមវែងឆ្ងាយទៀត»។ ចំពោះសម័យប្រជុំរដ្ឋសភានេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្រោមកិច្ចពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៥ រួមមាន៖ ការបោះឆ្នោតតែងតាំង លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, សេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត, ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក, ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់ និងប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

      ១៤ កក្កដា ២០២៦ស៊ា អុឺង

    • តុលាការកំពូលតម្កល់ដីកាសាលាឧទ្ធរណ៍ដែលផ្តន្ទាទោសមន្ត្រីបក្សកម្លាំងជាតិ លោក មឺ សេង​ហ៊ ហៅ គា វិសាល 

      តុលាការកំពូលសម្រេចតម្កល់សាលដីកាលើសំណុំរឿងរបស់អនុប្រធានគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។  តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក គា វិសាល ដាក់ពន្ធនាគារ ២ ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមសាលដីការបស់តុលាការជាន់ទាបដដែល។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ រូបនេះទុកជាបានការដដែល ហើយលោកបានអនុវត្តទោសចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ មេធាវីការពារក្ដីឱ្យលោក មឺ សេងហ៊ គឺលោកមេធាវី ជូង ជូងី លើកឡើងថា លោកមិនមានអ្វីត្រូវអត្ថាធិប្បាយទេ ព្រោះតុលាការកំពូលបានសម្រេចរួចទៅហើយ ហើយលោកក៏បានស្នើឱ្យទម្លាក់បទចោទរួចហើយមុនសេចក្ដីសម្រេចនេះទៀត។ លោកមានប្រសាសន៍ថា៖ «គេតម្កល់​សេចក្ដីសម្រេច មិនពិចារណាលើសម្អាងរបស់មេធាវីទេ និងសម្អាងរបស់ជនត្រូវចោទទេ»។ អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល អះអាងថា លោកមិនបានប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើងដូចការចោទប្រកាន់ឡើយ ហើយអង្គហេតុដែលតុលាការលើកមកចោទប្រកាន់លោកនោះគឺមិនត្រឹមត្រូវទេ។ លោកនិយាយថា៖ «អត់យុត្តិធម៌តាំងពីដំបូង តាំងពីចាប់ខ្លួន។ ខ្ញុំមានទោសមកពីណា។ ខ្ញុំអត់មានទោសទេ។ ច្បាប់នៅលើមាត់គេ។ វាមិនមែនឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បែបប្រជាធិបតេយ្យសេរីពហុបក្ស សម្រាប់អ្នកមាននិន្នាការប្រឆាំង មិនថាសង្គមស៊ីវិល មិនថាអ្នកនយោបាយទេ»។ លោក សេងហ៊ ថា លោកមិនប្រាកដថាតុលាការនឹងទម្លាក់ចោលនូវប្រាក់ដែលលោកត្រូវបង់ពិន័យចំនួន ៤ លានរៀលនោះឡើយ។ លោកថា៖ «បើគេរក្សាបទចោទដដែល បានន័យថាអ្វីៗគេអនុវត្តតាមប្រព័ន្ធតុលាការដែលគេសម្រេចក្ដីយើងហ្នឹង។ ខ្ញុំអត់យល់ថាម៉េចដែរ។ ខ្ញុំបានប្រាប់ទៅតុលាការហើយថាខ្ញុំអត់មានលុយទេ។ ខ្ញុំមានតែខ្លួនទេ»។ ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង លើកឡើងថា ការសម្រេចតម្កល់សាលដីកានេះមិនបានផ្ដល់យុត្តិធម៌ជូនលោក គា វិសាល ឡើយ ព្រោះបទចោទប្រកាន់បរិហារកេរ្តិ៍ជាសាធារណៈនេះធ្វើឡើងចំពោះបុគ្គលតែម្ខាង ចំណែកបុគ្គលម្ខាងទៀតដែលរួមចំណែកជេរប្រមាថមិនបានទទួលទោសអ្វីឡើយ។ លោកបន្តថា ការសម្រេចក្ដីលើរឿងនេះមានភាពយឺតយ៉ាវផងដែរ។ លោកមានប្រសាសន៍ថា៖ «ការចាត់ចែងក្ដីគឺមានការយឺតយ៉ាវ ហើយការកាត់ក្ដីមានភាពយឺតយ៉ាវ តែងតែផ្ដល់ភាពអយុត្តិធម៌សម្រាប់ជនសង្ស័យ ឬជនរងគ្រោះដែលចង់បានយុត្តិធម៌ឆាប់ៗ។ ឧទាហរណ៍ថា ឥឡូវគាត់កំពុងជាប់ពន្ធនាគារ តើគាត់ត្រូវជាប់ប៉ុណ្ណា ឬគាត់ត្រូវរួចខ្លួន។ អាហ្នឹងហើយដែលគាត់ចង់បានយុត្តិធម៌»។ លោកបន្ថែមទៀតដែរថា៖ « លទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋជាម្ចាស់អំណាច។ ប្រជាពលរដ្ឋត្រូវទទួលបានយុត្តិធម៌ស្មើគ្នា មិនរើសអើងនិន្នាការគណបក្សនយោបាយ មិនរើសអើងអ្នកមាន អ្នកក្រ មិនរើសអើងសាសនា ដូច្នេះត្រូវទទួលបានភាពយុត្តិធម៌ស្មើៗគ្នា»។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា លោក មឺ សេងហ៊ បានអនុវត្តទោសរួចរាល់ហើយ ចំណែកឯតុលាការកំពូលទើបតែសម្រេចសាលដីកាសាលាឧទ្ធរណ៍ ដែលការណ៍នេះ លោកថាតុលាការកំពូលមានភាពយឺតយ៉ាវក្នុងការបើកសវនាការជំនុំជម្រះ។ លោកមានប្រសាសន៍ថា៖ «បើសិនជាតុលាការកំពូលសម្រេចចាត់របៀបឱ្យសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ឬក៏តុលាការកំពូលសម្រេចឱ្យរួចផុតពីបទចោទទៅលើលោក គា វិសាល សួរថា ២ ឆ្នាំដែលលោកអនុវត្តទោសចប់ អ្នកណាទទួលខុសត្រូវ? នោះគឺរដ្ឋ ដូច្នេះបើយើងនិយាយពីយុត្តិធម៌វិញ វាអាចនឹងមានសម្ពាធ ឬក៏បញ្ហាខ្លះបាត់ទៅហើយ»។ គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងឈ្មោះ ម៉ៃ ហុងស្រៀង ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពរើសអើង និងជេរប្រមាថជាសាធារណៈ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេងហ៊ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមក្រមព្រហ្មទណ្ឌមាត្រា៤៩៤ មាត្រា៤៩៦ និងមាត្រា៣០៧ ពាក់ព័ន្ធនឹងការបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។ តុលាការក៏បង្គាប់ឱ្យលោក សេងហ៊ សងជំងឺចិត្តលោក ហុងស្រៀង ចំនួន ២០ លានរៀលផងដែរ។ នេះបើតាមអង្គការលីកាដូ៕

      ១៣ កក្កដា ២០២៦ស៊ា អុឺង

    • អ្នកឃ្លាំមើលគាំទ្រសាររំលែកទុក្ខដែលលោក ហ៊ុន សែន ដែលផ្ញើជូនលោក កឹម សុខា

      អ្នកនយោបាយ និងអ្នកឃ្លាំមើលសង្គមបង្ហាញក្ដីសាទរដែលអ្នកនយោបាយដែលមាននិន្នាការផ្ទុយចេះយោគយល់គ្នា និងចែករំលែកទុក្ខសោកពេលគ្រួសារម្ខាងទៀតមានទុក្ខ។ បន្ថែមពីលើនេះ ពួកគេក៏អំពាវនាវឱ្យអ្នកនយោបាយគ្រប់រូបងាកមកផ្សះផ្សាគ្នាឡើងវិញ​ដើម្បីផលប្រយោជន៍ជាតិ។ ការលើកឡើងនេះធ្វើឡើងក្រោយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចេញលិខិតចូលរូមរំលែកទុក្ខម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺឧបាសិកា សៅ ង៉ែត ដែលបានទទួលមរណភាព នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០១ ឆ្នាំ ដោយរោគាពាធ។ ក្នុងសារលិខិតសាររំលែកទុក្ខ លោក ហ៊ុន សែន ថ្លែងថារូបលោក​ និងភរិយា មានទុក្ខក្រៀមក្រំ និងសូមចូលរូមរំលែកទុក្ខ ចំពោះការបាត់បង់ម្ដាយបង្កើត ដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌។ សាររំលែកទុក្ខបន្ថែមថា ការបាត់បង់អ្នកស្រី សៅ ង៉ែត ជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសេចក្ដីថ្លៃថ្លា ដែលតែងតែចូលរួមលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ សារលិខិតថា៖ «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន​ ម៉ាណែត ក៏បានបង្ហោះសាររំលែកទុក្ខ និងបង្ហាញសេចក្ដីអាឡោះអាឡ័យ ជាមួយគ្រួសារលោក កឹម សុខា ផងដែរ។ ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពជាងមួយខែបន្ទាប់ពីលោក កឹម សុខា ទទួលបានការលើកលែងទោសពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ លោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា បន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ទោះជាយ៉ាងណា ការលើកលែងទោសនោះភ្ជាប់មកជាមួយលក្ខខណ្ឌមិនឱ្យលោកវិលត្រឡប់ចូលរួមសកម្មភាពនយោបាយវិញ។ លោក ផែង ហេង សហមេធាវីការពារក្តីរបស់លោក កឹម សុខា ដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ១១:០០ នាទីយប់ ថ្ងៃទី៨ ខែកក្កដា នៅគេហដ្ឋានរបស់កូន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពរបស់អ្នកស្រីនឹងត្រូវដង្ហែទៅដំកល់នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតអ្នកស្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ លើកឡើងថាជារឿងល្អក្នុងនាមជាពុទ្ធសាសនិក ដែលអ្នកនយោបាយចេះគោរព ចែករំលែកទុក្ខក្រៀមក្រំគ្នា បើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ លោកថាអ្នកនយោបាយគួរតែរួបរួមគ្នាជាធ្លុងមួយ និងបន្តយន្តការផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឍជាតិក្នុងប្រទេសប្រជាធិបតយ្យ។ លោកមានប្រសាសន៍ថា៖ «ខ្មែរយើងៗកាន់ព្រះពុទ្ធសាសនា អីចឹងធម៌ក្នុងការចែករំលែកសេចក្ដីអាណិតអាសូរវាតែងតែមាននៅក្នុងចិត្ត។ ទោះបីមាននិន្នាការ មានបញ្ហាកន្លងមកជាមួយគ្នាកន្លងមកយ៉ាងណាក៏ដោយ ពេលមានទុក្ខតែងតែចូលរួមរំលែកទុក្ខសោកទាំងនោះទៅវិញទៅមក»។ លោកបន្ថែមថា៖ «បើយើងចង់បានការរួបរួមជាតិ ការឯកភាពជាតិមួយដ៏ពិតប្រាកដ ការចូលរួមអភិវឌ្ឍន៍ជាមួយគ្នាគ្រប់វិស័យ យើងគួរបើកចំហសេរីភាពបញ្ចេញមតិ។ ចំពោះអ្នកទោសទាំងឡាយ ដែលមិនមែនជាទោសឧក្រិដ្ឋ ដែលប៉ះពាល់ដល់ប្រយោជន៍ជាតិទេ រដ្ឋាភិបាលគួរពិចារណាលើកលែងទោសគាត់ទៅ»។ ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី ថ្លែងថា​លោកសាទរដែលអ្នកនយោបាយបង្ហាញក្ដីអាណិតអាសូរ ចង់ដឹងពីសុខទុក្ខគ្នា ព្រោះជាជាតិសាសន៍តែមួយ។​ តែយ៉ាងណាលោក ចង់ឃើញអ្នកនយោបាយនៅកម្ពុជាផ្សះផ្សាគ្នាបន្តទៀត ដើម្បីពង្រឹងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍជាតិជារួម។ លោកថ្លែងថា៖ «ការសួរសុខទុក្ខគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ ទីមួយបើយើងនិយាយពីប្រពៃណីនៃការាប់អានគឺអត់មានអីខុសទេ។ ការរំលែកទុក្ខវាជារឿងធម្មតា»។ លោកបន្ថែមថា៖ «រឿងផ្សះផ្សានះវាអាស្រ័យលើអ្នកខាងលើៗទេ។ រឿងអ្នកនយោបាយ បើក្បាលម៉ាស៊ីនដឹកនាំខាងលើមានទំនុកចិត្តគ្នាហើយ ខ្ញុំគិតថាអ្នកអនុវត្តខាងក្រោមនឹងកើតឡើង២៤ម៉ោងស្ទើរតែយើងមិនជឿទៀតផង។​ សម្រាប់រឿងអ្នកទោសនយោបាយ អ្នកទោសមនសិការអីយើងមិនត្រូវមានការឃុំខ្លួនទេ»។ ចំណែកឯ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ការគោរពគ្នាជាវប្បធម៌ល្អដែលមានតាំងពីយូរលង់ណាស់មកហើយ។ លោកថាការរំលែកទុក្ខពេលអ្នកដទៃមានទុក្ខជាការអហោសកម្មឱ្យគ្នានៅជីវិតចុងក្រោយ។ លោកក៏ចង់ឱ្យអ្នកនយោបាយធ្វើការរួបរួម ផ្សះផ្សាគ្នាប្រកបដោយស្នាមញញឹម។ លោកមានប្រសាសន៍ថា៖ «នេះជាគម្រូជាទិដ្ឋភាពមួយបង្ហាញពីតថភាពសង្គម ទិដ្ឋភាពសង្គមឱ្យពលរដ្ឋម្ចាស់ឆ្នោតឱ្យគណបក្សនយោបាយខុសគ្នា ទស្សនៈផ្ទុយគ្នាតែអាចឱ្យអភ័យទានឱ្យគ្នា ជូនពរសុខទុក្ខគ្នានៅពេលក្រុមគ្រួសារមានទុក្ខធ្ងន់។ ខ្ញុំថាជាការចាប់ផ្ដើម និងបន្តទៀតទៅ ដើម្បីរកនូវវប្បធម៌សន្ទនារកនូវ ការឯកភាពជាតិ ពង្រឹងផ្ទៃក្នុងជាតិ កសាងជាតិឱ្យរឹងមាំ»។

      ៩ កក្កដា ២០២៦ស៊ា អុឺង

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News