តុលាការកំពូលតម្កល់ដីកាសាលាឧទ្ធរណ៍ដែលផ្តន្ទាទោសមន្ត្រីបក្សកម្លាំងជាតិ លោក មឺ សេង​ហ៊ ហៅ គា វិសាល 

នយោបាយ

អនុប្រធានគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល ក្នុងវេទិកាបក្សកម្លាំងជាតិកាលពីកន្លងទៅ។

តុលាការកំពូលសម្រេចតម្កល់សាលដីកាលើសំណុំរឿងរបស់អនុប្រធានគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ 

តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក គា វិសាល ដាក់ពន្ធនាគារ ២ ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមសាលដីការបស់តុលាការជាន់ទាបដដែល។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ រូបនេះទុកជាបានការដដែល ហើយលោកបានអនុវត្តទោសចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

មេធាវីការពារក្ដីឱ្យលោក មឺ សេងហ៊ គឺលោកមេធាវី ជូង ជូងី លើកឡើងថា លោកមិនមានអ្វីត្រូវអត្ថាធិប្បាយទេ ព្រោះតុលាការកំពូលបានសម្រេចរួចទៅហើយ ហើយលោកក៏បានស្នើឱ្យទម្លាក់បទចោទរួចហើយមុនសេចក្ដីសម្រេចនេះទៀត។ លោកមានប្រសាសន៍ថា៖ «គេតម្កល់​សេចក្ដីសម្រេច មិនពិចារណាលើសម្អាងរបស់មេធាវីទេ និងសម្អាងរបស់ជនត្រូវចោទទេ»។

អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល អះអាងថា លោកមិនបានប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើងដូចការចោទប្រកាន់ឡើយ ហើយអង្គហេតុដែលតុលាការលើកមកចោទប្រកាន់លោកនោះគឺមិនត្រឹមត្រូវទេ។ លោកនិយាយថា៖ «អត់យុត្តិធម៌តាំងពីដំបូង តាំងពីចាប់ខ្លួន។ ខ្ញុំមានទោសមកពីណា។ ខ្ញុំអត់មានទោសទេ។ ច្បាប់នៅលើមាត់គេ។ វាមិនមែនឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បែបប្រជាធិបតេយ្យសេរីពហុបក្ស សម្រាប់អ្នកមាននិន្នាការប្រឆាំង មិនថាសង្គមស៊ីវិល មិនថាអ្នកនយោបាយទេ»។

លោក សេងហ៊ ថា លោកមិនប្រាកដថាតុលាការនឹងទម្លាក់ចោលនូវប្រាក់ដែលលោកត្រូវបង់ពិន័យចំនួន ៤ លានរៀលនោះឡើយ។ លោកថា៖ «បើគេរក្សាបទចោទដដែល បានន័យថាអ្វីៗគេអនុវត្តតាមប្រព័ន្ធតុលាការដែលគេសម្រេចក្ដីយើងហ្នឹង។ ខ្ញុំអត់យល់ថាម៉េចដែរ។ ខ្ញុំបានប្រាប់ទៅតុលាការហើយថាខ្ញុំអត់មានលុយទេ។ ខ្ញុំមានតែខ្លួនទេ»។

ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង លើកឡើងថា ការសម្រេចតម្កល់សាលដីកានេះមិនបានផ្ដល់យុត្តិធម៌ជូនលោក គា វិសាល ឡើយ ព្រោះបទចោទប្រកាន់បរិហារកេរ្តិ៍ជាសាធារណៈនេះធ្វើឡើងចំពោះបុគ្គលតែម្ខាង ចំណែកបុគ្គលម្ខាងទៀតដែលរួមចំណែកជេរប្រមាថមិនបានទទួលទោសអ្វីឡើយ។ លោកបន្តថា ការសម្រេចក្ដីលើរឿងនេះមានភាពយឺតយ៉ាវផងដែរ។ លោកមានប្រសាសន៍ថា៖ «ការចាត់ចែងក្ដីគឺមានការយឺតយ៉ាវ ហើយការកាត់ក្ដីមានភាពយឺតយ៉ាវ តែងតែផ្ដល់ភាពអយុត្តិធម៌សម្រាប់ជនសង្ស័យ ឬជនរងគ្រោះដែលចង់បានយុត្តិធម៌ឆាប់ៗ។ ឧទាហរណ៍ថា ឥឡូវគាត់កំពុងជាប់ពន្ធនាគារ តើគាត់ត្រូវជាប់ប៉ុណ្ណា ឬគាត់ត្រូវរួចខ្លួន។ អាហ្នឹងហើយដែលគាត់ចង់បានយុត្តិធម៌»។

លោកបន្ថែមទៀតដែរថា៖ « លទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋជាម្ចាស់អំណាច។ ប្រជាពលរដ្ឋត្រូវទទួលបានយុត្តិធម៌ស្មើគ្នា មិនរើសអើងនិន្នាការគណបក្សនយោបាយ មិនរើសអើងអ្នកមាន អ្នកក្រ មិនរើសអើងសាសនា ដូច្នេះត្រូវទទួលបានភាពយុត្តិធម៌ស្មើៗគ្នា»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា លោក មឺ សេងហ៊ បានអនុវត្តទោសរួចរាល់ហើយ ចំណែកឯតុលាការកំពូលទើបតែសម្រេចសាលដីកាសាលាឧទ្ធរណ៍ ដែលការណ៍នេះ លោកថាតុលាការកំពូលមានភាពយឺតយ៉ាវក្នុងការបើកសវនាការជំនុំជម្រះ។ លោកមានប្រសាសន៍ថា៖ «បើសិនជាតុលាការកំពូលសម្រេចចាត់របៀបឱ្យសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ឬក៏តុលាការកំពូលសម្រេចឱ្យរួចផុតពីបទចោទទៅលើលោក គា វិសាល សួរថា ២ ឆ្នាំដែលលោកអនុវត្តទោសចប់ អ្នកណាទទួលខុសត្រូវ? នោះគឺរដ្ឋ ដូច្នេះបើយើងនិយាយពីយុត្តិធម៌វិញ វាអាចនឹងមានសម្ពាធ ឬក៏បញ្ហាខ្លះបាត់ទៅហើយ»។

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងឈ្មោះ ម៉ៃ ហុងស្រៀង ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពរើសអើង និងជេរប្រមាថជាសាធារណៈ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេងហ៊ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» តាមក្រមព្រហ្មទណ្ឌមាត្រា៤៩៤ មាត្រា៤៩៦ និងមាត្រា៣០៧ ពាក់ព័ន្ធនឹងការបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។ តុលាការក៏បង្គាប់ឱ្យលោក សេងហ៊ សងជំងឺចិត្តលោក ហុងស្រៀង ចំនួន ២០ លានរៀលផងដែរ។ នេះបើតាមអង្គការលីកាដូ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3197}" data-page="1" data-max-pages="1" data-start="1" data-end="1">