លោក ថាច់ សេដ្ឋា ត្រូវតុលាការកោះហៅពីពន្ធនាគារឱ្យចូលបំភ្លឺក្នុងសំណុំរឿងថ្មីមួយទៀត

នយោបាយ

លោក ថាច់ សេដ្ឋា កាន់មេក្រូថ្លែងសារក្នុងពេលដឹកនាំយុទ្ធនាការណ៍ឃោសនាបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុករបស់លោក)

មេដឹកនាំគណបក្សប្រឆាំងដើមកំណើតខ្មែរក្រោម លោក ថាច់ សេដ្ឋា ដែលជាប់ពន្ធនាគារតាំងពីឆ្នាំ២០២៣ដោយអំណាចសាលក្រមពីរផ្សេងគ្នាមកនោះ ត្រូវបានតុលាការកោះហៅសាកសួរក្នុងសំណុំរឿងថ្មីមួយទៀត។

លោកត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ។សាលក្រមមួយទៀតបាន ផ្តន្ទាទោសលោកថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន៣ឆ្នាំ មួយខែពីបទ«ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់បង្កឱ្យមានការរើសអើងជាតិសាសន៍ »។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥បានហៅលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនពីពន្ធនាគារ ដើម្បីចូលបំភ្លឺសំណុំរឿងថ្មីមួយ ដោយទាន់មានអ្នកដឹងថា លោកត្រូវបានចោទថាពាក់ព័ន្ធសំណុំរឿងអ្វីឡើយគិតត្រឹមល្ងាចថ្ងៃទី០៧ខែសីហា។

លោកមេធាវី ឯម ចន្ថា បានប្រាប់ប្រជាកាសែតថា លោកទើបបានទទួលការពឹងពាក់ពីគ្រួសាររបស់លោក ថាច់ សេដ្ឋា ដើម្បីធ្វើជាមេធាវីការពារក្ដីឱ្យលោក សេដ្ឋា។ លោកមេធាវីថាលោកមិនទាន់ដឹងថាតុលាការកោះហៅលោក ថាច់ សេដ្ឋា ចូលបំភ្លឺពាក់ព័ន្ធសំណុំរឿងអ្វីដែរ ប៉ុន្តែគ្រាន់តែច្បាស់ក្នុងចិត្តថាជាបទចោទថ្មី។

លោកថា៖ «ខ្ញុំអត់ទាន់បានដាក់ពាក្យការពារនៅក្នុងសំណុំរឿងគាត់នេះទេ ហើយថ្ងៃហ្នឹងគឺមិនមែនរឿងសវនាការទេ គឺជាការអញ្ជើញគាត់មកបំភ្លឺ នៅដំណាក់កាលអយ្យការទេ ។ ហើយគ្រាន់តែខ្ញុំដឹងថា មានសំណុំរឿងថ្មី បទចោទថ្មីមួយទៀត មិនមែនរឿងចាស់ៗទេ[…]ហើយទាក់ទងការឆ្លើយបំភ្លឺរបស់គាត់ហ្នឹងគឺគាត់បានសុំលើកពេលដោយសារគាត់រង់ចាំមានមេធាវីអម»។

ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី ស្រក់ទឹកភ្នែករលីងរលោង បន្ទាប់ពីចេញពីតុលាការ ។ អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីមិនដឹងថា តុលាការ កោះហៅស្វាមីអ្នកស្រីចូលបំភ្លឺពីរឿងក្ដីអ្វីឡើយ ដោយសារតុលាការមិនឱ្យអ្នកស្រីនិងកូនប្រុសចូលស្ដាប់ការសាកសួរទេ។

អ្នកស្រីថា៖ «អត់យុត្តិធម៌ចំពោះប្ដីខ្ញុំ អត់យុត្តិធម៌ជាមួយគ្រួសារពួកខ្ញុំទេ រាល់ថ្ងៃឈឺចាប់ណាស់ រឿងដែលលើកមុនចប់ហើយបែរជាហៅគាត់គាត់រឿងអីផ្សេងទៀត ខ្ញុំអត់ដឹងថាគាត់មានរឿងអីផ្សេង ខ្ញុំអត់ដឹង ខ្ញុំជាគ្រួសារគាត់ដែរ តែខ្ញុំអត់ដឹងថារឿងអី គ្រាន់តែប្រាប់គាត់ភ្លាម ស្អែកឡើងមកភ្លាមខ្ញុំអត់ដឹង សូម្បីតែមេធាវីគាត់អត់ដឹងដែរ»។

អ្នកស្រី ថាច់ សុខបូរ៉ានី ដែលមានវ័យ៤៩ឆ្នាំ ស្នើសុំឱ្យដោះលែងស្វាមីគាត់លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ព្រោះអ្វីដែលស្វាមីគាត់បានធ្វើកន្លងមកគឺដើម្បីប្រយោជន៍ប្រទេសជាតិ ហើយបច្ចុប្បន្នគាត់មានជំងឺបេះដូងទៀត។

អ្នកស្រីថា៖ «សុខភាពរបស់គាត់ខ្ញុំបារម្ភខ្លាំងណាស់ និយាយរួមខ្ញុំបារម្ភគ្រប់ម៉ោង គ្រប់ពេល មិនដឹងថាក្នុងពន្ធនាគារ ដឹងស្រាប់ហើយថាក្នុងពន្ធានាគារ គាត់ដាក់រ៉ឺស័របេះដូង មិនដឹងថាគាត់ពិបាកយ៉ាងម៉េច[…]ខ្ញុំសំណូមពរហើយសំណូមពរទៀត ខ្ញុំសុំឱ្យដោះលែងគាត់ទៅ គាត់មានជំងឺបេះដូង ហើយគាត់រាល់ថ្ងៃហ្នឹងគាត់ធ្វើដើម្បីជាតិទេ»។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ថា លោកមិនបានថា ការកោះហៅលោក ថាច់ សេដ្ឋា ពីសំណាក់តុលុការនៅព្រឹកនេះពាក់ព័ន្ធនឹងរឿងអ្វីទេ តែបើតាមលោកលឺក្រៅផ្លូវការទំនងជាទាក់ទងនឹងការដែលលោក ថាច់ សេដ្ឋា មានប្រសាសន៍នៅប្រទេសកូរ៉េ។

លោកថា៖ «ទាំងខ្ញុំហើយទាំងមេធាវីក៏យើងអត់បានដឹងថារឿងក្ដីថ្មីហ្នឹង អ្នកណាអ្នកប្ដឹង ហើយរឿងស្អីដែរ ប៉ុន្តែគ្រាន់តែយើងដឹងថា ក្រៅផ្លូវការប្រហែលជាទាក់ទិនទៅរឿងការនិយាយរបស់គាត់នៅប្រទេសកូរ៉េ បណ្ដឹងថ្មីហ្នឹងណ៎ា»។

លោក លី សុធារ៉ាយុត្តិ ថាក្នុងដំណាក់កាលដែលកម្ពុជារងការឈ្លានពានទឹកដីរពីកងទ័ពថៃ កម្ពុជាត្រូវរួបរួមគ្នា តាមរយៈការដោះលែងអ្នកនយោបាយដែលកំពុងជាប់ទោស ដែលរួមទាំងលោក ថាច់ សេដ្ឋា។

លោកបន្ថែមថា៖ «អ៊ីចឹងទេ បានជាពួកយើងទាំងអស់ស្នើសុំឱ្យមានការឯកភាពជាតិ ការរួបរួមជាតិហ្នឹង។ ការរួបរួមជាតិហ្នឹងមានន័យថា ចង់ឱ្យអ្នកដែលគេស្រឡាញ់ជាតិ ជួយកសាងជាតិ ពីព្រោះមានតែការរួបរួមគ្នាទេ ការរួបរួមគ្នាគឺស្នើសុំឱ្យមានការដោះលែងអ្នកនយោបាយដែលបានជាប់ទោស មានន័យថាអ្នកទោសនយោបាយហ្នឹងណ៎ាដូចលោក ថាច់ សេដ្ឋា ឱ្យគាត់មានសេរីភាពដើម្បីគាត់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយរកវិធីទប់ស្កាត់ ជួយដោះស្រាយលើបញ្ហាជាតិ ប្រឆាំងនឹងការឈ្លានពានពីសំណាក់បរទេស»។

អង្គការសង្គមស៊ីវិលដែលការពារសិទ្ធិមនុស្សសុំមិនអធិប្បាយជុំវិញករណីនេះទេ ព្រោះមិនបានទាន់ទទួលបានព័ត៌មានជាក់លាក់ចំពោះការកោះហៅនេះ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1036}" data-page="1" data-max-pages="1" data-start="1" data-end="1">