ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះ មានជីវភាពលំបាក និងអនាគតមិនច្បាស់លាស់
ពលរដ្ឋរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល កំពុងប្រឈមនឹងស្ថានភាពលំបាក បើទោះបីជាគម្រោងមហាសាលនេះ គឺជាក្ដីសង្ឃឹមនៃដែនអាកាសថ្មីរបស់ប្រទេសកម្ពុជាក្ដី។ សម្រាប់ពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានទៅរស់នៅលើទីតាំងថ្មី អះអាងថា ពួកគេពុំមានជីវិតសុខស្រួលដូចការរំពឹងទុកនោះទេ ខណៈពលរដ្ឋមិនព្រមរើ ហើយបន្តក្រាញននៀលរស់នៅលើទំនប់ក្បែរនោះ ក៏កំពុងបារម្ភពីអនាគតដែលមិនច្បាស់លាស់។ ពលរដ្ឋមួយភូមិដែលធ្លាប់រស់នៅអាស្រ័យនឹងការនេសាទ និងធ្វើស្រែប្រាំងដើម្បីចិញ្ចឹមជីវិត នៃភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនេះពួកគេជាង ១០០ គ្រួសារ នៅចងចាំត្រឹមតែឈ្មោះហៅប៉ុណ្ណោះ ត្បិតភូមិឋានដែលធ្លាប់អ៊ូអរនៅជាប់បឹងធម្មជាតិដ៏ធំល្វឹងល្វើយ ជាមួយសកម្មភាពចែវទូកដាក់មងយកត្រីមួយនេះ នៅពេលនេះ គឺលែងមានសម្រាប់ពួកគេដូចមុនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ខំចិត្តរុះរើផ្ទះចោលទាំងស្រុង ដោយសារភូមិត្រូវរំលាយ ហើយមករស់នៅក្នុងផ្ទះថ្មទាបផ្ទាល់ដី ប្រក់ដោយស័ង្កសី ទំហំ ៥ គុណនឹង ២០ ម៉ែត្រ លើដីទួលដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានឈ្មោះ អូស៊ីអាយស៊ី (OCIC) ទើបចាក់ថ្មីនៅក្បែរប្រឡាយទឹកដែលខណ្ឌចែកគម្រោងព្រលាន និងស្រែអ្នកភូមិ។ ចំណែកពលរដ្ឋប្រមាណ ៥០០ គ្រួសារទៀត បន្តក្រាញននៀលមិនបោះបង់ផ្ទះសម្បែងឡើយ បើទោះជាពួកគេរស់នៅលើខ្នងប្រឡាយក្បែរព្រលាន ដែលក្រុមហ៊ុនអភិវឌ្ឍន៍ អូស៊ីអាយស៊ី បានបាញ់ថ្នាំក្រហមលើជញ្ជាំងផ្ទះឱ្យចាកចេញយ៉ាងណាក្ដី។ នៅពេលធ្វើដំណើរចូលទៅកាន់តំបន់ព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល ទិដ្ឋភាពដែលអ្នកធ្វើដំណើរបានឃើញ គឺការអភិវឌ្ឍដ៏ធំសម្បើម និងទំនើប។ អគារធំៗកំពុងលេចត្រដែត ខណៈហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងបន្តសាងសង់ ហើយគម្រោងនេះត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃ ការរីកចម្រើន និងអនាគតថ្មីរបស់កម្ពុជា។ ប៉ុន្តែនៅមិនឆ្ងាយពីភាពទំនើប និងអស្ចារ្យនៃព្រលានយន្តហោះនេះ គេអាចឃើញទិដ្ឋភាពមួយទៀតដែលខុសគ្នាយ៉ាងដាច់ស្រឡះ នោះគឺផ្ទះពលរដ្ឋរងផលប៉ះពាល់ ដែលត្រូវបានផ្លាស់ទីទៅរស់នៅក្នុងលំនៅឋានដែលក្រុមហ៊ុនរៀបចំឱ្យ។ ខាងក្រៅផ្ទះទាំងនេះ អាចមើលទៅឃើញថ្មី និងមានរូបរាងស្អាត ប៉ុន្តែសម្រាប់អ្នករស់នៅខាងក្នុង វាប្រៀបដូចជាការចាប់ផ្តើមជីវិតថ្មីដែលមិនងាយស្រួលឡើយ។ ពួកគេត្រូវប្រឈមនឹងការលំបាកក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីត្រូវចាកចេញពីទីលំនៅចាស់។ យុវជនមួយរូបកំពុងអង្គុយចុចទូរស័ព្ទលើគោយន្តក្បែរផ្ទះដែលក្រុមហ៊ុនសង់ថ្មី ជាមួយក្មេងៗមួយចំនួន គឺលោក ជឿន សង្ហា ប្រាប់ប្រជាកាសែតថា ការមករស់នៅទីនេះជាង ៣ ឆ្នាំ គ្រួសាររបស់លោកមិនទទួលបានក្ដីសង្ឃឹមថ្មី លើសពីភូមិចាស់ គឺភូមិសាលាតាព្រហ្ម ទីដែលលោកកើត និងធំធាត់នោះឡើយ។ លោក រៀបរាប់ថា កាលនៅភូមិចាស់ ឪពុកម្ដាយលោកអាចនេសាទបានត្រីលក់ដូរជាប្រចាំ ហើយជីវភាពក៏ល្អប្រសើរជាងនេះ បើទោះបីពួកលោក រស់នៅគ្មានភ្លើងអគ្គិសនីប្រើដូចបច្ចុប្បន្នក្ដី។ យុវជនវ័យ ១៩ ឆ្នាំរូបនេះអះអាងថា ការរស់នៅក្នុងផ្ទះក្រុមហ៊ុនសង់ឱ្យនេះ វាខុសប្លែកទាំងស្រុងពីភូមិចាស់របស់លោក ដែលត្រូវចំណាយតិច ហើយរកប្រាក់បានច្រើនជាង។ បច្ចុប្បន្ន លោក ជឿន សង្ហា ធ្វើការជាអ្នកបើកគ្រឿងចក្រជីកដីឱ្យក្រុមហ៊ុនមួយក្នុងគម្រោងព្រលានថ្មីនេះ។ លោក ជឿន សង្ហា បន្ត៖ «រាល់ថ្ងៃឪពុកខ្ញុំចិញ្ចឹមចៀមតិចតួចបន្ថែមនៅវាលស្រែក្រោយផ្ទះនេះ ណាមួយការងារបន្ទាប់បន្សំគាត់ទៅរកត្រីនៅបឹងភូមិចាស់ ដែលក្រុមហ៊ុនកំពុងចាក់ដីបំពេញ តែរកមិនសូវបានទេ ហើយម៉ែនិងប្អូនស្រីធ្វើការរោងចក្រម្ដុំបាទី។ ឯប្អូនស្រីតូចមួយនៅរៀនបឋម»។ យុវជនដដែលបន្តថា ទោះមកនៅទីនេះយូរហើយ តែលោកហាក់មិនទាន់ស៊ាំនឹងស្ថានភាពក្ដៅហួតហែង ពិសេសដំបូលផ្ទះប្រក់ស័ង្កសីទាបពិបាកទ្រាំរស់នៅ។ លោកថា ស្ថានភាពភូមិថ្មីនេះក៏ស្ងាត់ ដោយសារគ្រួសារខ្លះបានលក់ផ្ទះដែលក្រុមហ៊ុនដោះដូរ ហើយទៅរស់នៅក្នុងភូមិកំពង់តាឡុងជាមួយសាច់ញាតិ។ អតីតអ្នកភូមិសាលាតាព្រហ្មម្នាក់ទៀត គឺលោក ផន សុខនៀង ដែលទើបលក់ផ្ទះពីទីនេះទៅរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង រៀបរាប់ទាំងទឹកមុខស្រពោនថា លោកពុំមានការងារធ្វើជាប់លាប់ឡើយ ដោយសារលោកគ្មានចំណេះជំនាញ និងពុំបានរៀនសូត្រជ្រៅជ្រះ។ បុរសមាឌស្គមរូបនេះបញ្ជាក់ថា លោកតែងដើររកការងារសំណង់ធ្វើ ដោយបានកម្រៃគិតជាថ្ងៃ ក្នុងការចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។ លោក ផន សុខនៀង៖ «ផ្ទះនៅទីនេះខ្ញុំលក់ហើយ បានលុយទៅទិញដីជាប់បងប្អូននៅភូមិកំពង់តាឡុង ហើយធ្វើផ្ទះឱ្យកូនប្រពន្ធនៅ។ កូនទៅរៀនស្រួលក្បែរសាលាបឋមសិក្សាកំពង់តាឡុង។ កាលព្រលានទើបកាប់ឆ្ការ ខ្ញុំបានធ្វើការនៅហ្នឹងដែរ ជាបែបស៊ីឈ្នួលប្រចាំថ្ងៃ»។ ទាំងយុវជន ជឿន សង្ហា និងលោក ផន សុខនៀង អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេពីមុនធ្លាប់តែរកត្រីលក់នៅផ្សារ។ ស្របពេលគ្នានោះ កុមារីវ័យ ១០ ឆ្នាំម្នាក់ បន្ទរថា ម៉ាក់កាលនៅភូមិចាស់ រកត្រីលក់បានលុយ ទិញខ្សែកមាសបានពាក់ ប៉ុន្តែបច្ចុប្បន្នលែងមានលុយហើយ។ ចំណែកម្ដាយកុមារីនោះក៏សើច ហើយលាន់មាត់ថា ឥឡូវនេះឱ្យតែបានរួចម្ហូប ទឹក ភ្លើង បានហើយ ទៅមុខចាំគិតទៀត! ចំណែកអតីតអ្នកភូមិដោល ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង លោកស្រី ចក់ រ៉េន ដែលទើបមករស់នៅទីតាំងថ្មីនេះជាមួយគ្រួសារ ថ្លែងប្រាប់ប្រជាកាសែតបណ្ដើរធ្វើត្រីបណ្ដើរថា រាល់ថ្ងៃលោកស្រីគ្មានរបរអ្វីក្រៅពីប្រមូលត្រីដែលប្ដីរកបានពីបឹង ៥០០ ដែលក្រុមហ៊ុនកំពុងចាក់បំពេញ ទៅលក់នៅផ្សារភូមិចាស់ដែលធ្លាប់រស់នៅក្នុងនោះទេ។ លោកស្រីអះអាងថា របររកត្រីនេះកាន់តែខ្សត់ទៅៗ ប៉ុន្តែលោកស្រីហាក់គ្មានជម្រើសអ្វីនោះទេ ព្រោះវ័យអ្នកស្រីច្រើន រោងចក្រកាត់ដេរគេមិនទទួលឱ្យចូលធ្វើការឡើយ។ ក្រឡេកទៅមើលត្រីក្នុងកន្ធុនជ័ររបស់អ្នកស្រីមានប្រមាណជាង ២ គីឡូក្រាម ចម្រុះប្រភេទជាកូនត្រីតូចៗដែលទើបលើកពីទឹក ដើម្បីសម្អាតមុនយកទៅលក់នៅផ្សារក្នុងភូមិចាស់របស់គាត់។ អ្នកស្រី ចក់ រ៉េន៖ «ឥឡូវនៅបឹងខ្លះគេមិនទាន់លុបអស់ តែអស់ពីបឹង ៥០០…
២៩ កក្កដា ២០២៦

រដ្ឋបាលស្រុកតាំងគោក ចេញមកបំភ្លឺករណីតំណាងពលរដ្ឋទាំង ៤៨គ្រួសារ ដែលឡើងមកតវ៉ានៅភ្នំពេញ
រដ្ឋបាលស្រុកតាំងគោកបានបកស្រាយថា ដីដែលប្រជាពលរដ្ឋភូមិគោកត្របែក និងភូមិគោកអណ្ដែកស្នើសុំ ស្ថិតក្នុង «តំបន់៣» ជាតំបន់អភិរក្សដែលរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ និងមិនកាត់ឆ្វៀលជូនឡើយ។ ការបំភ្លឺនោះតបទៅនឹងសកម្មភាពរបស់ប្រជាពលរដ្ឋតំណាងគ្រួសារកសិករទាំង ៤៨គ្រួសារ ដែលបានធ្វើដំណើរមកកាន់ក្រសួងដែនដី ស្នើសុំអាស្រ័យផលនៅលើដីទាំងអស់នោះ។ សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោក បកស្រាយថា ដីដែលប្រជាពលរដ្ឋបានស្នើសុំនេះ ស្ថិតលើទីតាំងតូចៗជាច្រើនដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលជូន ស្ថិតក្នុងតំបន់៣ តាមដងទន្លេសាប។ លិខិតដដែលបន្តថា ការបង្កបង្កើនផលលើផ្ទៃដីនៅតំបន់២ ដែលរដ្ឋាភិបាលកាត់ឆ្វៀលជូន មិនត្រូវបានហាមឃាត់ឡើយ។ រដ្ឋបាលស្រុកតាំងគោក បន្តផ្សព្វផ្សាយ និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់នៅតំបន់៣ និងណែនាំឱ្យប្រជាពលរដ្ឋគោរពតាមគោលការណ៍របស់រដ្ឋាភិបាល មិនឱ្យបង្កបង្កើនផលនៅតំបន់ហាមឃាត់នេះ ព្រោះជាតំបន់ធនធានធម្មជាតិដែលត្រូវរក្សាទុកដើម្បីផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្ដីព័ត៌មានរបស់រដ្ឋបាលស្រុកតាំងគោកខាងលើ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ មកពីភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ឱ្យពួកគេអាចអាស្រ័យផលលើដីចំនួន ២៣០ហិកតាឡើងវិញ ក្រោយអាជ្ញាធរហាមឃាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋមកពីភូមិគោកត្របែក អ្នកស្រី សួង យ៉ាង អាយុ ៥២ឆ្នាំ បដិសេធថា ប្រជាពលរដ្ឋមិនបានទៅទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ នោះទេ ដោយអ្នកស្រីអះអាងថា ប្រជាពលរដ្ឋអាស្រ័យផលលើដីដែលពួកគេមានស្រាប់ប៉ុណ្ណោះ។ អ្នកស្រីថា អ្នកស្រីអាស្រ័យផលលើដីចំនួន ៣ហិកតា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយមិនដែលមានអាជ្ញាធរណាមកហាមឃាត់ទេ។ អ្នកស្រីត្អូញត្អែរថា អ្នកស្រីគ្មានដីស្រែឯណា ក្រៅពីដីស្រែ ៣ហិកតា ដែលអ្នកស្រីកាន់កាប់នោះឡើយ។ អ្នកស្រីនិយាយថា៖ «ដីហ្នឹងខ្ញុំធ្វើតាំងពី១៩៩៣ អ៊ុនតាក់មក។ ដីខ្ញុំធ្វើតាំងពីនោះមករហូតហើយ មិនតិចឆ្នាំទេ។ ឥឡូវគាត់ [អាជ្ញាធរ] ថាដីហ្នឹងនៅតំបន់៣ គាត់ឈប់ឱ្យធ្វើ។ សព្វថ្ងៃប្រជាពលរដ្ឋនៅម្ដុំហ្នឹងទីពឹងលើដីប៉ុណ្ឹង អាស្រ័យផលដើម្បីរស់នៅ។ បើគេធ្វើបែបហ្នឹង ខ្ញុំបានអ្វីហូប?»។ អ្នកស្រីបន្ថែមថា៖ «សុំតែដីអាស្រ័យផលមកវិញទេ។ ដីដែលមិនធ្លាប់ធ្វើក៏មិនចង់បានដែរ។ អ៊ីចឹងបានចង់ស្នើសុំទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយអន្តរាគមន៍ឱ្យផង។ [...] រំពឹងតែលើដីប៉ុណ្ឹង ហើយបើគេបោះបង្គោលថាជាតំបន់៣ ហើយ តើមានអីសង្ឃឹមទៀត?»។ ពេលសួរពីការចែកប្លង់ដីជូនប្រជាពលរដ្ឋចំនួន ៨៨៩គ្រួសារ កាលពីខែឧសភា ឆ្នាំ២០២២ អ្នកស្រី សួង យ៉ាង អះអាងថា ប្រជាពលរដ្ឋខ្លះមានតែឈ្មោះ តែមិនទាន់បានប្លង់នោះឡើយ ក្នុងនោះមានរូបអ្នកស្រីម្នាក់ផងដែរ។ ចំណែកឯប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក លោក ទិត ថុល អាយុ ៣៦ឆ្នាំ លើកឡើងថា ដីដែលលោកអាស្រ័យផលមានចំនួន ២ហិកតា នៅតំបន់៣ ដោយដាំដំណាំស្រូវបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅពេលរដូវទឹកស្រក។ លោកអះអាងថា ការបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោកថា ប្រជាពលរដ្ឋធ្វើលើដីហាមឃាត់នៅតំបន់៣ គឺមិនខុសទេ តែប្រជាពលរដ្ឋធ្វើតែលើដីដែលអាស្រ័យផលស្រាប់តាំងពីយូរមកហើយ ចំណែកឯតំបន់៣ ទើបត្រូវបានកំណត់រយៈពេលចុងក្រោយ ៣ឆ្នាំប៉ុណ្ណោះ។ លោកនិយាយថា៖ «និយាយទៅដីនេះទើបតែហាមឃាត់រយៈពេល ២០២៤ មកទេ។ កាលពីមុនមិនដែលមានអ្នកហាមឃាត់ទេ ហើយប្រជាពលរដ្ឋធ្វើតែរហូតហ្នឹង។ សម្ដេច [លោក ហ៊ុន សែន] ក៏អនុញ្ញាតកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែរ ពេលលោកមកស្រុកតាំងគោកកាលពីខែឧសភា ឆ្នាំ២០១១»។ លោកបន្ថែមថា៖ «អត់ដីស្រែហ្នឹងដឹងតែលំបាកហើយបង ដោយសារតែខ្ញុំនេះត្រូវការដីស្រែដើម្បីចិញ្ចឹមជីវិត ណាមួយជំពាក់ធនាគារ។ បានដីហ្នឹងទៅគ្រាន់ធ្វើ ហើយមួយឆ្នាំធ្វើបានតែម្ដងទេ បានតែបីខែទេ ព្រោះផុតពីហ្នឹងទឹកទន្លេលិចបាត់»។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា ចំណុចដែលរដ្ឋបាលស្រុកតាំងគោកលើកឡើងថា ដីនៅតំបន់៣នោះជាដីស្ថិតនៅទីតាំងតូចៗ គឺមានន័យថា អាជ្ញាធរទទួលស្គាល់ពីការអាស្រ័យផលជាក់ស្ដែងរួចហើយ។ តែយ៉ាងណា លោកបន្តថា ប្រសិនបើដីនោះមានទីតាំងតូចៗ ដែលធ្វើឱ្យអាជ្ញាធរដែនដីពិបាកវាស់វែង អាជ្ញាធរគួរដោះដូរដីកន្លែងផ្សេង ជាទម្រង់ដីសម្បទានសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋសម្រាប់ការអាស្រ័យផល។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលប្រសិនបើថាប្រជាពលរដ្ឋធ្វើមិនកើត ផ្ដល់ដីម្ដុំណាឱ្យគាត់ទៅ បើឆ្វៀលមិនកើត។ ដល់តែយើងមើលឃើញគាត់មានដីតូចៗច្រើន វាស់មិនបាន ទៅជាមិនឱ្យគាត់។ នេះជាហេតុផលមួយដែលធ្វើឱ្យគាត់ខាតបង់។ ដូច្នេះហើយបានជាគាត់នៅតែទាមទារ»។ លោកបន្ថែមថា៖ «បើសិនជាគាត់អត់ដី គាត់ខ្វះ រដ្ឋក៏មានកាតព្វកិច្ចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ដើម្បីបានជាផលប្រយោជន៍។ បើសិនជាគាត់មានហើយមិនផ្ដល់ឱ្យគាត់ បែរជាមិនវាស់ឱ្យ នេះជាការមិនយកចិត្តទុកដាក់ផ្ដល់ការវាស់វែងឱ្យពួកគាត់តាមលិខិត [លិខិត ស.ជ.ណ] ដែលគាត់បញ្ជាក់»។ នៅខែឧសភា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងដែនដីពិនិត្យកាត់ឆ្វៀលដីចេញពីតំបន់២ ឬតំបន់៣ ជូនប្រជាពលរដ្ឋផ្អែកលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៦៣៦៥ហិកតា ស្មើនឹង…
២៨ កក្កដា ២០២៦

តំណាងពលរដ្ឋ ៤៨គ្រួសារពីកំពង់ធំ ស្នើក្រសួងដែនដីដោះស្រាយវិវាទដីធ្លីតំបន់៣ ក្រោយអាជ្ញាធរស្រុកហាមធ្វើស្រែ
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅភូមិគោកត្របែក និងភូមិគោកអណ្ដែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រមូលផ្ដុំគ្នា និងជួបតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងស្នើសុំប្រើប្រាស់ដីស្រែឡើងវិញ បន្ទាប់ពីពួកគេបានដកញត្តិពីរដ្ឋសភាមកវិញ។ ពួកគេអះអាងថា អាជ្ញាធរបានហាមឃាត់មិនឱ្យអាស្រ័យផលលើដីចំនួន ២៣០ហិកតា អស់រយៈពេល ៣ឆ្នាំមកហើយ។ ប្រជាពលរដ្ឋមកពីភូមិគោកត្របែក លោក នូ តៃ អាយុ ៦៣ឆ្នាំ អះអាងថា លោកបានអាស្រ័យផលលើដីចំនួន ៣ហិកតា នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមិនដែលមានបញ្ហាអ្វីឡើយជាមួយអាជ្ញាធរមូលដ្ឋាន។ លុះដល់ឆ្នាំ២០២៣ លោកបញ្ជាក់ថា អាជ្ញាធរស្រុកបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើស្រែឡើយ ដោយអះអាងប្រាប់ប្រជាពលរដ្ឋថា ដីស្រែចំនួន ២៣០ហិកតានោះ ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងតំបន់អភិរក្ស (ហៅថាតំបន់៣)។ លោកថ្លែងថា៖ «មកនេះមានបំណងសុំដីនេះអាស្រ័យផលវិញទេ។ សុំតែប៉ុណ្ណឹងទេ គ្រាន់តែអាស្រ័យផលចិញ្ចឹមជីវិតទៅមុខទៀត ព្រោះយើងរស់នៅពឹងលើដីនេះហើយ។ យើងអាស្រ័យផលមិនបានទេ ខានធ្វើ ៣ឆ្នាំហើយ ដោយសារអភិបាលស្រុកគេទៅឃាត់។ គេថាដីហ្នឹងពាក់ព័ន្ធលើតំបន់៣»។ លោក តៃ ត្អូញត្អែរថា លោកមិនមានដីស្រែឯណាដើម្បីអាស្រ័យផលទៀតឡើយ ប្រសិនបើអាជ្ញាធរនៅតែហាមឃាត់បែបនេះ។ ហេតុនេះហើយ លោកស្នើសុំការអន្តរាគមន៍ពីក្រសួងដែនដី ដើម្បីអាចឱ្យប្រជាពលរដ្ឋអាស្រ័យផលឡើងវិញ ដោយលោកថាដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ២០១៤ ដោយរដ្ឋាភិបាលកាលពីលោក សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកនិយាយថា៖ «យើងស្នើសុំរកដំណោះស្រាយដែរ តែស្នើទៅដល់ឃុំ ឃុំដាក់ទៅស្រុកបាត់តែម្តង។ ដល់ពេលស្ងាត់ឈឹងចឹងទៅ ក៏យើងឡើងមកភ្នំពេញនេះ ដើម្បីស្នើសុំអន្តរាគមន៍ទៀត។ យើងទ្រាំលែងបាន ហើយយើងរកអីក៏លែងបានទៀតដែរ ព្រោះដីហ្នឹងអាស្រ័យផលយូរមកហើយ»។ ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមកពីភូមិគោកអណ្ដែក អ្នកស្រី ជាង ឡឺង អាយុ ៦០ឆ្នាំ និយាយថា អ្នកស្រីអាស្រ័យផលលើដីចំនួនប្រហែល ២ហិកតា នៅតំបន់ទន្លេសាប (ហៅថាតំបន់៣) ដែលកន្លងមកអ្នកស្រីថា ក្រុមនិស្សិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានចុះវាស់វែង និងកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផលបាន។ អ្នកស្រីបន្តថា ដីដែលអ្នកស្រីអាស្រ័យផលមិនទាន់មានប្លង់កម្មសិទ្ធិច្បាស់លាស់ឡើយ ហើយក្រោយពីអាជ្ញាធរហាមឃាត់ អ្នកស្រីគ្មានជម្រើសអ្វីក្រៅពីជួលដីគេផ្សេងក្នុងតម្លៃ ១០០ដុល្លារ ក្នុង ១ហិកតា ដើម្បីដាំដំណាំស្រូវបណ្តោះអាសន្នសិន។ ការណ៍នេះ អ្នកស្រី ឡឺង ទទូចស្នើសុំរដ្ឋាភិបាលឱ្យផ្ដល់សិទ្ធិឱ្យពលរដ្ឋដូចជាអ្នកស្រីប្រើប្រាស់ដីតំបន់៣នេះឡើងវិញ ព្រោះអ្នកស្រីត្រូវការដីស្រែដើម្បីអាស្រ័យផល និងចិញ្ចឹមជីវិតបន្តទៀត ស្របពេលអ្នកស្រីមានវ័យកាន់តែចំណាស់។អ្នកស្រីនិយាយថា៖ «មកក្រសួងដែនដីនេះ ក្នុងបំណងឱ្យសម្ដេចជួយឱ្យដីកូនចៅបានអាស្រ័យផលមកវិញ។ ដីនេះយើងខ្ញុំធ្វើយូរឆ្នាំហើយ តែគេដកមិនឱ្យយើងធ្វើ។ ខ្ញុំសុំសម្ដេច ហ៊ុន សែន ឱ្យគាត់ជួយកូនចៅ សុំដីមកវិញ អាចអាស្រ័យផលតកូនតចៅ ព្រោះខ្ញុំចាស់ៗហើយ មានតែពឹងលើស្រែហ្នឹង»។ អ្នកស្រីបន្ថែមថា មន្ត្រីស្រុកបានចុះដក និងបំផ្លាញដំណាំដែលប្រជាពលរដ្ឋអាស្រ័យផល ដោយមិនបានប្រាប់ដំណឹង និងមូលហេតុសមស្របឡើយ។ អ្នកស្រីអះអាងថា អាជ្ញាធរឃុំបានចេញលិខិតក្បាលដីឱ្យប្រជាពលរដ្ឋហើយ តែមិនទាន់បានប្លង់កម្មសិទ្ធិនៅឡើយទេ។ បើតាមប្រជាពលរដ្ឋបានលើកឡើង តំណាងរបស់ក្រសួងដែនដីបានទទួលញត្តិរបស់ពួកគេរួចហើយ និងសន្យាធ្វើការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីរៀបចំការចុះត្រួតពិនិត្យ និងវាស់វែងឡើងវិញ។ យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលបានឆ្វៀលដីជូនប្រជាពលរដ្ឋតាម ស.ជ.ណ លេខ១០៤៤ ឆ្នាំ២០១៤ និង ស.ជ.ណ លេខ១០០៣ ឆ្នាំ២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅតាមតំបន់ទន្លេសាប។ លិខិតដដែលបញ្ជាក់ថា ៣ឆ្នាំក្រោយមក អាជ្ញាធរស្រុកតាំងគោក បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យអាស្រ័យផល និងបានធ្វើឱ្យខូចខាតសម្ភារកសិកម្មទៀតផង។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក និងបាត់បង់ចំណូលផ្គត់ផ្គង់គ្រួសារ។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា អាជ្ញាធរត្រូវទទួលស្គាល់ដីរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលឡើងវិញ ព្រោះដីនៅតំបន់៣នោះ ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋតាមរយៈ ស.ជ.ណ របស់រដ្ឋាភិបាលរួចហើយ។ លោកលើកឡើងថា ករណីដីធ្លីនេះគួរតែត្រូវបានដោះស្រាយនៅមូលដ្ឋាន ជាជាងបង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ ដោយត្រូវចំណាយលើការហូបចុក ស្នាក់នៅ និងសោហ៊ុយធ្វើដំណើរចុះឡើង។ លោកថ្លែងថា៖ «អ្វីដែលយើងព្រួយបារម្ភគឺពួកគាត់បានទទួល ស.ជ.ណ ក្នុងលិខិតអន្តរាគមន៍របស់គាត់ ដែលទទួលបានតាំងពីឆ្នាំ២០១៤ និង២០១៥។ ក្នុងនោះ គេស្នើសុំឱ្យអភិបាលស្រុកមេត្តាឆ្វៀលឱ្យពួកគាត់ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ។ មកទល់ពេលនេះហើយ ពួកគាត់នៅតែទទួលរងអយុត្តិធម៌ ដែលអាជ្ញាធរមូលដ្ឋានមិនបានបំពេញទៅតាមអ្វីដែល ស.ជ.ណ បញ្ជាក់។ នេះជាហេតុផលមួយដែលយើងមើលឃើញថា អាជ្ញាធរមូលដ្ឋានមិនហ៊ានក្នុងការសម្រេចចិត្ត»។ លោកបន្ថែមថា៖ «ហេតុអ្វីអាជ្ញាធរមូលដ្ឋានគាត់មិនព្រមដោះស្រាយ គ្រាន់តែរឿងប៉ុណ្ណឹង? បើសិនជាឡើងមកតវ៉ានៅថ្នាក់ជាតិ ចុះអាជ្ញាធរនៅមូលដ្ឋានធ្វើអ្វីវិញ? នេះជាហេតុផលមួយที่มีមន្ទីរសុរិយោដី មន្ទីរកសិកម្ម មានអាជ្ញាធរ ដូច្នេះរដ្ឋាភិបាលត្រូវតែពង្រឹង ត្រូវតែហ៊ានអាកាត់ចំពោះសេចក្ដីសម្រេចណាមួយដែលត្រឹមមូលដ្ឋានអាចសម្រេចបាន»។…

ពលរដ្ឋនៅ៥គ្រួសារខេត្តព្រៃវែង ស្នើឱ្យអាជ្ញាធរពន្លឿនការអនុវត្តសាលដីកាតុលាការកំពូល ករណីទំនាស់ដីធ្លីសហគមន៍
ពលរដ្ឋនៅស្រុកពាមរក៍ ខេត្តព្រៃវែង៥គ្រួសារ ស្នើឱ្យអាជ្ញាធរពន្លឿនការអនុវត្តសាលដីកាតុលាការកំពូល ករណីទំនាស់ដីធ្លីសហគមន៍។ ប្រជាពលរដ្ឋឱ្យដឹងថា ពួកគាត់រងគ្រោះដោយសារការរំលោភបំពានដីសហគមន៍ពីបុគ្គលខាងក្រៅ និងស្នើសុំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ ក្រោយសាលដីកាតុលាការកំពូលសម្រេចទទួលស្គាល់ដីសហគមន៍នេះថាស្របច្បាប់ តែរហូតមកដល់ពេលនេះ សហគមន៍នៅមិនទាន់បានសិទ្ធិគ្រប់គ្រងនៅឡើយ។ ប្រភពពីពលរដ្ឋឱ្យដឹងថា នៅឆ្នាំ២០០០ ប្រជាពលរដ្ឋប្រមាណ ៦៣ គ្រួសារត្រូវបានរដ្ឋាភិបាលផ្ដល់ដីមួយកន្លែង ស្ថិតនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលប៉ះពាល់ដោយគម្រោងសាងសង់ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង។ តែប្រជាពលរដ្ឋដែលទទួលបានដីជាក់ស្ដែងមានតែ ៤៨ គ្រួសារ ចំណែក ១៥ គ្រួសារទៀត បានលក់ដីនេះទៅឱ្យអ្នកផ្សេង និងចាកចេញទៅ។ ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងនេះ អ្នកស្រី ស៊ិន យិន អាយុ ៧៥ ឆ្នាំ លើកឡើងថា ក្រោយសហគមន៍អ្នកស្រីទទួលបានដីសំណងពីរដ្ឋាភិបាល ក្រុមគ្រួសារខ្លះបានសម្រេចចិត្តលក់ដីដែលពួកគេទទួលបាន ហើយបុគ្គលដែលទិញដីនោះ បែរជាមកគ្រប់គ្រងលើសដីដែលខ្លួនបានទិញទៅវិញ។ អ្នកស្រីអះអាងថា ស្រាប់តែនៅឆ្នាំ២០១៧ បុគ្គលទាំងនោះបានរំលោភដីសហគមន៍អ្នកស្រី ដោយចាក់ដីបំពេញ និងបុកគ្រឹះធ្វើរបងហ៊ុមព័ទ្ធសម្រាប់ធ្វើសំណង់រឹង។ អ្នកស្រីលើកឡើងថា៖ «សុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក រៀបចំដីសាធារណៈដែលរដ្ឋាភិបាលសន្យា។ មួយទៀតគឺសំណូមពរលើរឿងក្ដីរបស់មីងទាំងអស់គ្នា សូមតុលាការបញ្ចប់ឆាប់ៗ ព្រោះពួកមីងចាស់ៗអស់ហើយ និងមានជំងឺប្រចាំកាយផង ហើយជួយដោះស្រាយជូនប្រជាពលរដ្ឋផ្សេងទៀតដែលគេរំលោភ»។ អ្នកស្រីបន្ថែមថា៖ «មានព្រំប្រទល់ មានប្លង់ច្បាស់លាស់ ហើយក៏មានមេធាវីការពារក្ដីឱ្យដែរ ប៉ុន្តែឥឡូវឈ្នះសព្វគ្រប់រហូតដល់តុលាការកំពូលកាត់ក្ដីឱ្យឈ្នះដែរ។ [...] គឺស្ងាត់រហូត។ ខាងអ៊ំនេះវេចខ្ចប់តែការឈ្នះពីរខែបីឆ្នាំហើយ អត់មានដំណោះស្រាយសោះ»។ អ្នកស្រីថា បើទោះបីជាសហគមន៍បានប្ដឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ក៏ដោយ ក៏បុគ្គលទាំងនោះនៅតែបន្តសកម្មភាពរំលោភបំពានជាបន្តបន្ទាប់ដដែល។ អ្នកស្រីក៏បានប្ដឹងទៅសាលាដំបូងខេត្តព្រៃវែង ហើយសាលាដំបូងខេត្តបានសម្រេចឱ្យសហគមន៍អ្នកស្រីឈ្នះក្ដីរដ្ឋប្បវេណី នៅខែឧសភា ឆ្នាំ២០១៩។ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ភិន វណ្ណា អាយុ ៧២ ឆ្នាំ លើកឡើងថា ទំនាស់ដីធ្លីនៅក្នុងសហគមន៍ស្ដារជីវភាពឡើងវិញនេះ កើតឡើងតាំងពីឆ្នាំ២០១៧ ក្រោយអ្នកខាងក្រៅយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ អ្នកស្រីថាសហគមន៍ក៏បានប្ដឹងទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីស្នើឱ្យតុលាការស្វែងរកដំណោះស្រាយ ដែលជាលទ្ធផលសហគមន៍ទទួលបានសាលក្រមទទួលស្គាល់កម្មសិទ្ធិសហគមន៍ផងដែរ។ ក្រោយមក អ្នកស្រីបញ្ជាក់ថា ភាគីចុងចោទដែលរំលោភយកដីសហគមន៍បានប្ដឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលជាបន្តបន្ទាប់ តែតុលាការកំពូលនៅតែផ្ដល់សេចក្ដីសម្រេចទទួលស្គាល់សាលក្រមរបស់តុលាការជាន់ទាប។ អ្នកស្រីលើកឡើងថា៖ «កាលណាគេយកដីនេះ ខ្ញុំបាត់បង់មុខរបរ។ ផ្ទះរបស់ខ្ញុំត្រូវកន្លែងរកស៊ី តែដល់ពេលគេយកបែបនេះ ខ្ញុំអត់បានរកស៊ីអ្វីទាំងអស់ បាត់បង់ជីវភាពរកស៊ី បាត់បង់អ្វីៗទាំងអស់ ហើយបាត់បង់ទាំងការងារសហគមន៍ទៀត។ [...] ខ្ញុំចង់បានដីសហគមន៍ខ្ញុំមកអភិវឌ្ឍជាដីសាធារណៈ និងដីអណ្ដូងទឹកជាកម្មសិទ្ធិរបស់សហគមន៍វិញ»។ អ្នកស្រីបញ្ជាក់ថា ដីដែលរដ្ឋាភិបាលផ្ដល់ឱ្យក្នុងមួយគ្រួសារមានក្បាលដី ៧ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ និងចំណីថ្នល់ប្រមាណពី ៣០ ទៅ ៤៦ ម៉ែត្រ។ សាលដីកាតុលាការកំពូល ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា តុលាការកំពូលសម្រេចសាលដីកាចុងក្រោយឱ្យសហគមន៍នៅភូមិស្ទឹងស្លូត ស្រុកពាមរក៍ ខេត្តព្រៃវែង ខាងលើ ជាម្ចាស់កម្មសិទ្ធិលើទីតាំងដីនេះដដែល។ ក្នុងនោះតុលាការកំពូលបង្គាប់ឱ្យភាគីចុងចោទមានឈ្មោះ ជា គា, ជា ហនចានដារ៉ា, ជិន ភាព និង ជា សោភ័ណ្ឌ រុះរើសំណង់ចេញពីទីតាំងដីខាងលើ និងសងសំណងខូចខាតពេលវេលាព្រមទាំងសេវាផ្លូវច្បាប់ចំនួន ៨ លានរៀល។ មេឃុំអ្នកលឿង នៃស្រុកពាមរក៍ ខេត្តព្រៃវែង លោក ភោគ ថានី ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សាលាដំបូងខេត្តព្រៃវែងបានជូនដំណឹងពីការប្រជុំអនុវត្តសាលដីកាតុលាការកំពូលលើសំណុំរឿងដីធ្លីសហគមន៍ស្ដារជីវភាពចំនួនពីរលើករួចមកហើយ ប៉ុន្តែត្រូវពន្យារពេលទាំងពីរលើក។ ចំពោះមូលហេតុយ៉ាងណា លោកមិនអាចបកស្រាយបានឡើយ ព្រោះលោកគ្រាន់តែចូលរួមសម្របសម្រួលប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ «តុលាការកំពូលចេញសាលក្រមប្រគល់ដីហើយ។ ដីនោះជាដីសហគមន៍។ ទំនាស់នោះពាក់ព័ន្ធនឹងចំណីដីសហគមន៍ហ្នឹង។ គម្រោងអនុវត្តសាលក្រមពីរដងបីដងហើយ តែគម្រោងខកៗ មិនដឹងយ៉ាងម៉េច»។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌បានចេញលិខិតអន្តរាគមន៍ជម្រុញឱ្យសាលាដំបូងខេត្តព្រៃវែង បន្តចំណាត់ការលើសំណុំរឿងដីធ្លីនេះឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន។ តែយ៉ាងណា ប្រជាសហគមន៍ថា ពួកគាត់មិនទាន់ទទួលបានដំណឹងថានឹងមានចំណាត់ការឱ្យជនជាប់ចោទទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។ បន្ថែមពីលើនេះ ភាគីចុងចោទបានបដិសេធសាលក្រមរបស់សាលាដំបូងខេត្តព្រៃវែង ដោយសំអាងហេតុផលថា ពួកគេកាន់កាប់តាំងពីឆ្នាំ២០០៦ និងស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ប្រសិនបើរដ្ឋត្រូវការ ដោយមិនទាមទារសំណងអ្វីទាំងអស់។ នេះបើតាមសាលដីកាតុលាការកំពូល។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង អ្នកស្រី អាត សុខន ប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងពិនិត្យមើលលើករណីនេះ។ ចំពោះការអនុវត្តសាលដីការបស់តុលាការកំពូលយ៉ាងណា គឺអ្នកស្រីមិនទាន់អាចឆ្លើយតបបាននៅឡើយទេ គិតត្រឹមថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០26។ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវធានាថាសហគមន៍ទទួលបានកម្មសិទ្ធិគ្រប់គ្រង ដើម្បីឱ្យសហគមន៍អាចប្រើប្រាស់ជាប្រយោជន៍រួម។ លោកថា កាលណាមានសាលដីកាពីតុលាការកំពូលហើយ សាលាដំបូងខេត្តសមីត្រូវអនុវត្តតាមសាលដីកានោះឱ្យមានប្រសិទ្ធភាព…

អត់ចម្លើយពីស្ថាប័នរដ្ឋ៖ ពលរដ្ឋសហគមន៍កោះមាស សុំអន្តរាគមន៍ពីលោក ហ៊ុន សែនជិតដល់របងផ្ទះនៅតាខ្មៅ
ប្រជាសហគមន៍កោះមាស ជិត ១០០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានដាក់ញត្តិទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅគេហដ្ឋានរបស់លោកផ្ទាល់ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយច្រើនឆ្នាំ ជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត បន្ទាប់ពីពួកគេអះអាងថាបានដាក់សំណើទៅស្ថាប័នជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយ។ ប្រជាពលរដ្ឋនៅសហគមន៍កោះមាស លោក ឈឹម រី អាយុ ៧៨ឆ្នាំ បាននិយាយថា លោកមិនអាចទទួលយកគោលនយោបាយសំណងក្នុងតម្លៃ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េបានទេ ហើយលោកចង់ជួបលោក ហ៊ុន សែន ដោយផ្ទាល់ ព្រោះលោកយល់ថា ការស្នើសុំអន្តរាគមន៍តាមអាជ្ញាធរនានាកន្លងមក នៅតែមិនអាចរកដំណោះស្រាយជូនសហគមន៍កោះមាសបាន។ លោកប្រាប់ថា៖ «ខ្ញុំនិយាយជាមួយបងប្អូនយើង ខ្ញុំមិនឯកភាពនឹងអា៨ [ដុល្លា] ហ្នឹងទេ។ ហើយខ្ញុំសុំជួបសម្ដេចផ្ទាល់ព្រោះអាជ្ញាធរតាំងពីក្រោមរហូតដល់លើអត់មានអ្នកណាដោះស្រាយជាមួយខ្ញុំទេ ទើបខ្ញុំមកដល់កន្លែងសម្ដេច។ បានជួបដែរប៉ុន្តែវាស្មុគស្មាញ តែគេមិនចង់ឱ្យយើង វាស្មុគស្មាញ។ គេដាក់បន្ទុកថាសម្ដេចរវល់ ទាល់តែហៅខាងស្រុកអីទៅ បានគេទទួលឯកសារ»។ លោកបន្តថា លោកបានព្យាយាមស្នើសុំជួបដោយផ្ទាល់ ប៉ុន្តែត្រូវបានជូនដំណឹងវិញថា លោក ហ៊ុន សែន កំពុងជាប់រវល់បំពេញកាតព្វកិច្ចផ្ទាល់ខ្លួន ហើយញិត្តនេះត្រូវបានអង្សរក្ស លោក ហ៊ុន សែន ទទួលជំនួសទៅវិញ។ លោកនិយាយថា៖ «យើងនឹងសួរគេទៀតធ្វើយ៉ាងម៉េចទៀតព្រោះដល់សម្ដេចហើយកំពូលហើយ។ អង្គរក្សអ្នកធ្វើការជាមួយសម្ដេច បើគេមិនឱ្យដំណឹង មិនដឹងធ្វើម៉េចមានតែទៅទៀតសួរទៀត»។ លោក ឈឹម រី និយាយថា កន្លងប្រជាពលរដ្ឋធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ទៅស្ថាប័នរដ្ឋាភិបាលមានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីន ព្រឹទ្ធសភា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែលោកថា មិនទាន់មានការដោះស្រាយណាមួយជាក់លាក់ដដែល។ ប្រជាពលរដ្ឋម្នាក់ទៀត លោក ជុំ សំអឿន មានវ័យ៧២ឆ្នាំ បាននិយាយថា គោលបំណងរបស់ពលរដ្ឋគឺចង់បានប្លង់កម្មសិទ្ធិដីធ្លី និងការវាស់វែង និងការវិនិច្ឆ័យដីត្រូវបានធ្វើរួចតាំងពីឆ្នាំ២០២០។ លោកបន្តថា៖ «យើងមានសង្ឃឹមថាមានតែសម្តេចទេជួយពួកយើងបាន បើក្រៅពីសម្តេចមិនមានទេចឹងយើងសង្ឃឹមថាធ្វើម៉េចឲ្យសម្តេចជួយកូនចៅឲ្យបានប្លង់កម្មសិទ្ធដីធ្លី ព្រោះកូនចៅអត់ចេះរកស៊ីអីទេ មានដីនឹងដើម្បីយកដីនឹងដាំដំណាំ។ ចុះប្រសិនជាអត់ដី ដីនឹងត្រូវរឹបអូសមានតែយើងអត់ជីវិតហើយខ្ញុំអត់ចេះរកអីក្រៅពីនឹងទេ»។ ជុំវិញករណីនេះ អ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធារិទ្ធ បានប្រាប់ប្រជាកាសែតថា រាល់សំណើសុំអន្តរាគមន៍ដែលដាក់ជូនប្រធានព្រឹទ្ធសភា ត្រូវឆ្លងកាត់ឧទ្ធកាល័យជាមុនសិន ដើម្បីពិនិត្យខ្លឹមសារ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ។ លោក មានប្រសាសន៍ថា៖ «ការដាក់ទាំងឡាយវាត្រូវឆ្លងកាត់តាមឧទ្ទកាល័យរបស់សម្ដេចប្រធានដែលបម្រើឱ្យលោក។ ដូច្នេះហើយនៅពេលទទួលលិខិតហើយ យើងត្រូវសិក្សាមើលសិនថាតើករណីនេះដោះស្រាយដោយរបៀបម៉េច មានស្ថានការណ៍យ៉ាងដូចម្ដេចក្នុងការដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ។» ជុំវិញករណីខាងលើ ប្រជាកាសែតបានទាក់ទងសុំការបញ្ជាក់ពីលោក ឃុន ទី ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា ឃុន សៀ។ លោកមានមានតួនាទីជាប្រធានក្រុមហ៊ុន KHUN SEA IMPORT EXPORT CO., LTD ម្នាក់ដែរ។ នេះបើយោងតាមទិន្នន័យចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម។ ទោះជាយ៉ាងណា លោកបានអះអាងថា លោកមិនបានដឹងអំពីករណីនេះឡើយ។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្អែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត យល់ឃើញថា រដ្ឋាភិបាលគួរតែទទួលស្គាល់សិទ្ធិដីធ្លីរបស់ពលរដ្ឋនៅកោះមាសនេះ និងប្ដេជ្ញាផ្ដល់សំណងឱ្យបានសមរម្យ ព្រោះពលរដ្ឋភាគច្រើន បានរស់នៅតំបន់នោះជាច្រើនឆ្នាំមកហើយ។ លោកថាប្រជាពលរដ្ឋមិនជំទាស់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ បើរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន ព្រោះប្រជាពលរដ្ឋក៏ចង់បានប្រាក់សំណងសមរម្យ ដើម្បីចាប់ផ្ដើមតាំងលំនៅ និងប្រកបរបរកន្លែងផ្សេង។ លោកមានប្រសាសន៍ថា៖ «ពេលរដ្ឋាភិបាលចង់យកដី ហើយការផ្ដល់សំណងដូចមានលិខិតជូនដំណឹងដូចឱ្យ៥ ដុល្លា ៨ដុល្លាអីហ្នឹងវាដូចអត់មាន។ ពួកគាត់ចង់បានតម្លៃសមរម្យពីការកាន់ការរបស់គាត់។ តាមការកត់សម្គាល់ ការផ្ដល់សំណងនេះហាក់ដូចមានការលាក់លៀមតាមមធ្យោបាយហឹង្សា និងការចោទប្រកាន់»។ លោកបន្ថែមថា៖ «សម្រាប់ខ្ញុំការដោះស្រាយ គឺស្ថាប័នពាក់ព័ន្ធហ្នឹងហើយ តែដោយសារប្រព័ន្ធច្បាប់មិនទាន់មានឯករាជ្យច្បាស់លាស់ទេ អីចឹងប្រជាពលរដ្ឋរងនូវអយុត្តិធម៌គាត់តែងតែព្យាយាមទៅរកអ្នកដែលមានអំណាចដែលអាចដោះស្រាយបាន»។ យោងតាមញត្តិរបស់ប្រជាពលរដ្ឋ វិវាទដីធ្លីនៅតំបន់កោះមាសបានអូសបន្លាយជាច្រើនឆ្នាំ រវាងប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ និងក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។ ពលរដ្ឋអះអាងថា ពួកគេបានរស់នៅ និងអាស្រ័យផលលើដីនេះជាយូរមកហើយ ខណៈពួកគេមិនអាចទទួលយកគោលនយោបាយសំណងក្នុងតម្លៃ ៥ ដល់ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងស្នើឱ្យមានការដោះស្រាយតាមតម្លៃទីផ្សារ។ បើតាមអនុក្រឹត្យលេខ ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើអនុបយោគដីកោះមាសទំហំជាង ៣៤០ហិកតា ជាដីឯកជនរបស់រដ្ឋ និងអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលវិនិយោគអភិវឌ្ឍន៍រយៈពេល ៥០ឆ្នាំ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា «សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង»។ របាយការណ៍នេះរៀបរាប់លម្អិតអំពីបញ្ហាសុវត្ថិភាពដីធ្លី ដែលកំពុងញាំញីសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ដោយសហគមន៍ទាំងនេះបានសម្តែងការព្រួយបារម្ភចំពោះការបណ្តេញចេញ និងសំណងមិនគ្រប់គ្រាន់។…

សហគមន៍កាចក់នៅរតនគិរី ពីដើមចោទក្លាយជាចុងចោទក្នុងសំណុំរឿងជម្លោះដីធ្លី
សហគមន៍ជនជាតិដើមភាគតិចកាចក់នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរិពីដើមចោទក្លាយជាចុងចោទក្នុងសំណុំរឿងជម្លោះដីធ្លី ។ ប្រជាសហគមន៍ រងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌក្រោយសហគមន៍បានតវ៉ារឿងបុគ្គលខាងក្រៅដែលចូលឈូសឆាយដីព្រៃអារក្សរបស់សហគមន៍។ នៅក្នុងដីកាស៊ើបសួររបស់សាលាដំបូងខេត្តរតនគិរី ជនជាតិដើមភាគតិចកាចក់ លោក សល់ ហ្លាន ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ផ្តើមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិកាណាត តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតរងការចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិកាណា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។ បើតាមដីកាស៊ើបសួរដដែល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មុនពេលកើតហេតុ ឈ្មោះ សល់ ហ្លាន ជាប្រធានសហគមន៍ភូមិកាណាត បានប្រជុំគ្នាជាមួយសមាជិកក្រុមសហគមន៍ជាង ៦០នាក់ ក្នុងគោលបំណងការពារព្រៃអារក្ស ដោយបានផ្តួចផ្តើមគំនិតទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអុកឡុកនៅក្រុមហ៊ុន ដោយជឿជាក់ថាក្រុមហ៊ុនបានរំលោភបំពានតំបន់សហគមន៍របស់ខ្លួន។ តាមដីកាដដែល ក្រោយកើតហេតុដើមបណ្តឹងដែលជាមេការតំណាងឱ្យក្រុមហ៊ុនឈ្មោះ សឿត សីហា បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ឱ្យចុះមកអន្តរាគមន៍ស្រាវជ្រាវ ហើយជាលទ្ធផលបង្ហាញថាឈ្មោះ សល់ ឃ្លាន ពិតជាបានបញ្ជាឱ្យបក្ខពួកធ្វើសកម្មភាពកាប់ នឹងវាយបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីស្រាវជ្រាវរួច សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចកាចក់ចំនួន ៣០ នាក់ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានសាលាដំបូងខេត្តរតនគិរីសាកសួរឱ្យបំភ្លឺពីរឿងសហគមន៍ប្តឹងបុគ្គលឈ្មោះ សៀត សីហា ដែលជាមេការតំណាងក្រុមហ៊ុន ពាក់ព័ន្ធនឹងបទកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់ទិញដីព្រៃអារក្សចំនួន ១៣៦,៧៩ ហិកតា។ តែយ៉ាងណា តុលាការមិនទាន់មានចំណាត់ការស៊ើបអង្កេតណាមួយលើបណ្ដឹងរបស់សហគមន៍នៅឡើយ ប៉ុន្តែតុលាការបានចេញដីកាចោទប្រកាន់ទៅលើសហគមន៍តាមបណ្តឹងរបស់បុគ្គល សៀត សីហា មកលើសហគមន៍។ ជនជាតិដើមភាគតិចកាចក់ លោក សល់ ហ្លាន អះអាងប្រាប់ប្រជាកាសែតថា បុគ្គលឈ្មោះ សៀត សីហា បានទិញដីពីប្រជាពលរដ្ឋដោយមិនមានឯកសារត្រឹមត្រូវ។ លោកថា ក្រោយទិញរួច លោក សៀត សីហា បានចូលកាប់គាស់ទន្ទ្រានដីព្រៃ ដុតព្រៃ និងឈូសឆាយដីព្រៃ និងឃុបឃិតគ្នាទិញលក់ដីព្រៃដែលជាដីសាធារណៈរបស់រដ្ឋលើសពីដីដែលខ្លួនបានទិញ ទើបប្រជាពលរដ្ឋមិនពេញចិត្ត។ ការណ៍នេះទើបប្រជាពលរដ្ឋតវ៉ានៅទីតាំងដីនេះ កាលពីខែមីនា ឆ្នាំ២០២៦។ លោកថា៖ «អ្នកឈូសឆាយដីហ្នឹងមកយកដីគេទុក។ ដីគេទុកហ្នឹងប្រជាពលរដ្ឋប្រតិកម្មមកឃាត់មកប្រាប់។ ដោយសារប្រជាពលរដ្ឋខឹងសម្បារវាយកាមេរ៉ាវាយអីហ្នឹង ដល់អីចឹងគេចោទថាខ្ញុំជាអ្នកបង្កឱ្យមានការធ្វើសកម្មភាពតវ៉ា។ គេប្ដឹងខ្ញុំថាអ្នកមេខ្លោង ថាខ្ញុំហ្នឹងមេសកម្មភាព»។ លោកបន្ថែមថា៖ «ដីនេះជាដីសម្បទាន តែប្រជាពលរដ្ឋធ្លាប់តវ៉ាឡើងដល់ភ្នំពេញ ក៏ក្រុមហ៊ុនព្រមកាត់ឱ្យ គ្រាន់តែមិនទាន់មានប្លង់ជាក់លាក់ទេ។ ឯកសារមានគ្រប់អស់ហើយ គ្រាន់តែគេមិនទាន់វាស់ធ្វើប្លង់ឱ្យទេ។ ដីហ្នឹងវាមិនទាន់ជាក់លាក់»។ រដ្ឋបាលឃុំតាឡាវ បញ្ជាក់ក្នុងសេចក្ដីបំភ្លឺមួយថា ដីជម្លោះនេះបានចុះបញ្ជីជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនហេង ប្រាដឺ នៅឆ្នាំ២០១៥ តែក្រុមហ៊ុនទុកដីឱ្យទំនេរអស់រយៈពេលប្រាំឆ្នាំមកហើយ។ បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៣ ផ្ទៃដីទំហំជាង១ពាន់៤រយហិកតា ត្រូវបានរដ្ឋកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន ហេង ប្រាឌ័រ ក្រុមហ៊ុនក្រុងបុកអភិវឌ្ឍន៍ និងក្រុមហ៊ុន វាសនាអិនវេសមេន សម្រាប់ធ្វើប្រទានកម្មសរុបទំហំ ១០០៣ ហិកតា ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងទំហំ ៤២២ ហិកតា ដើម្បីរក្សាទុកសម្រាប់កំណើនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ មេការក្រុមហ៊ុន ហេង ប្រាដឺ ដែលរងការចោទប្រកាន់របស់ពលរដ្ឋគឺលោក សៀត សីហា អះអាងថា លោកបានទិញដីនៅភូមិកាណាតពីប្រជាពលរដ្ឋ ដោយមានអាជ្ញាធរឃុំជាអ្នកទទួលស្គាល់ ដោយដំបូងឡើយលោកមិនដឹងថាដីនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឡើយ ព្រោះប្រជាពលរដ្ឋអះអាងពីកម្មសិទ្ធកាន់កាប់។ តែយ៉ាងណា លោកបកស្រាយថា លោកមិនបានឈូសឆាយដីព្រៃអារក្សរបស់សហគមន៍ឡើយ និងថាលោកឈូសឆាយតែដីលោកបានទិញប៉ុណ្ណោះ។ លោកថា៖ «តាមជាក់ស្ដែងដីនេះមិនមែនជាដីសហកមន៍ទេ។ ដីនេះជាដីក្រុមហ៊ុន ហេង ប្រាដឺ ដែលគេបង់ពន្ធចូលរដ្ឋរាល់ថ្ងៃហ្នឹង។ ខ្ញុំក៏បានស្នើសុំថ្នាក់លើដោះស្រាយឆ្វៀលកាត់ ខ្ញុំក៏សុខចិត្តបង់ពន្ធជូនរដ្ឋដែរ។ ខ្ញុំនៅរង់ចាំឆ្វៀលកាត់ តែអ្នកភូមិគេរង់ចាំមិនបាន»។ លោកបន្ថែមថា៖ «គាត់ [មេឃុំដែលជួយសម្របសម្រួលក្នុងការទិញដី] អត់មានដំណោះស្រាយឱ្យខ្ញុំ។ បើគាត់ថាមានដំណោះស្រាយបែបនេះឬអីចេះមក អាហ្នឹងមានអី តែនេះអត់មានដំណោះស្រាយ។ គាត់គេចតែមុខរហូត»។មេឃុំតាឡាវ លោក ថា ប៊ុនឡត ប្រជាកាសែតមិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ជួន សុបញ្ញា មិនទាន់ឆ្លើយតបនៅឡើយ។ តែយ៉ាងណា…

លោក ហ៊ុន សែន ណែនាំអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព និងមិនលំអៀង
ប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមិនលំអៀង ជាពិសេសគឺត្រូវព្យាយាមរកដំណោះស្រាយតាមក្រៅប្រព័ន្ធតុលាការ។ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិន ប្រមាណជាង១ពាន់នាក់ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្លែងថា ការដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋត្រូវមានប្រសិទ្ធភាព រហ័ស ដោយមិនត្រូវលំអៀងខាងភាគីណានោះឡើយ។ ក្រោពីនេះ លោក ហ៊ុន សែន ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរំលឹកមន្ត្រីទាំងនោះ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា រួមទាំងគ្រប់គ្រង និងយកចិត្តទុកដាក់មើលថែកម្មករ ពលករ ទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជុំវិញវិវាទដីធ្លីនេះ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ប្រជាសហគមន៍នៅខេត្តកោះកុង ជាង៨០នាក់ បានឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ ដោយស្នើឱ្យដោះស្រាយបញ្ហាដីធ្លីពួកគាត់ដែលមានរយៈពេលជិត២០ឆ្នាំមកហើយជាមួយបុគ្គលមានទ្រព្យ។ ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុន នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី ខា វ៉េត អាយុ៣៥ ឆ្នាំ ទទូចឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីឱ្យបានលឿន ដើម្បីអ្នកស្រីអាចចាប់ផ្ដើមធ្វើស្រែចំការឡើងវិញ ខណៈសហគមន៍អ្នកស្រី បានដើរដាក់ញត្តិសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធអស់រយៈពេលជាង១ឆ្នាំហើយ នៅតែមិនទាន់មានដំណោះស្រាយ។ ផ្ទុយទៅវិញ អ្នកស្រីថា អាជ្ញាធរបែរជាបង្ខំឱ្យពលរដ្ឋចុះកិច្ចសន្យាក្នុងការបញ្ឈប់ការអាស្រ័យផលលើដីចំការរបស់ខ្លួនបន្តទៀត ដោយទុកដីនោះជូនក្រុមហ៊ុន។ អ្នកស្រីនិយាយថា «អាជ្ញាធរអត់មានរក [ដំណោះស្រាយ] ស្អីឱ្យយើងផង អត់ចេញមុខអត់អីទេ ឱ្យតែយើងត្រួសត្រាយអីដឹងតែសន្តិសុខប្ដឹងទៅមេគេ ទៅគេហៅថ្នាក់លើគេចុះមកគំរាមយើងចាប់ដាក់ខ្នោះទៅ»។ ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបពីអភិបាលរងខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានទេនៅថ្ងៃទី១២ ខែមិថុនា ដោយលោកប្រាប់ថា កំពុងជាប់រវល់។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត គាំទ្រចំពោះការណែនាំរបស់ប្រធានព្រឹទ្ធសភា ដោយលោកថា មកដល់ពេលនេះ មានបញ្ហាដីធ្លីមួយចំនួនបន្តរ៉ាំរ៉ៃជាច្រើនឆ្នាំ មិនទាន់ដោះស្រាយបាននៅឡើយ។ លោក សំអាត បន្ថែមថា បញ្ហាដីធ្លីដែលអូសបន្លាយពេលយូរឆ្នាំ បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ឬប្រជាសហគមន៍។ ជាងនេះទៅទៀត លោកថា ករណីខ្លះពលរដ្ឋ ឬតំណាងសហគមន៍ដីធ្លីត្រូវរងបណ្តឹងនៅតុលាការលើបទល្មើសព្រហ្មទណ្ឌ និងពលរដ្ឋមួយចំនួនត្រូវជាប់ពន្ធនាគារ ដោយសារការការពារ និងស្វែងរកដំណោះស្រាយលើដីធ្លីរបស់ខ្លួន។ លោកនិយាយថា «ការដោះស្រាយក្រៅប្រព័ន្ធតុលាការករណីដីធ្លីគឺឈរលើគោលការណ៍មិនលំអៀង និងតម្លាភាព ទើបអាចរកដំណោះស្រាយមួយបានល្អដោយការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងអាចទទួលយកបានគ្រប់ភាគី ប៉ុន្តែបើមានការលំអៀងលើភាគីណាមួយ គឺពិបាកនឹងស្វែងរកដំណោះស្រាយដោយការព្រមព្រៀងពីភាគីម្ខាងទៀត»។ កាលពីដើមខែឧសភា ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយ ដោយរកឃើញថា ក្នុងឆ្នាំ២០២៥ មានពលរដ្ឋជាង៥ពាន់គ្រួសារបន្ថែមទៀតរងការរំលោភបំពានដីធ្លី ខណៈមានករណីជាច្រើននៅឆ្នាំមុនៗនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសការកើនឡើងនូវភាពក្រីក្រ និងបំណុល៕

ជនជាតិដើមភាគតិចរតនគិរីចូលតុលាការខេត្ត បំភ្លឺចំពោះបណ្ដឹងដែលពលរដ្ឋប្ដឹងអ្នកឈូសឆាយដីព្រៃសហគមន៍
តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចកាចក់ចំនួន ៣០ នាក់ នៅភភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ស្នើសុំសាលាដំបូងខេត្តរតនគិរី អន្តរាគមន៍រឿងបុគ្គលខាងក្រៅចូលទន្ទ្រានដីព្រៃអារក្សសហគមន៍ ដោយមិនមានការចាត់វិធានការពីអាជ្ញាធរ។ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងក្រោយសាលាដំបូងខេត្តរតនគិរីកោះហៅឱ្យចូលបំភ្លឺតាមបណ្ដឹងរបស់ប្រជាសហគមន៍ ដែលប្ដឹងទៅបុគ្គលចំនួន ១០ នាក់ ពីបទកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់ទិញដីព្រៃអារក្សចំនួន ១៣៦,៧៩ ហិកតា។នៅក្នុងពាក្យបណ្ដឹងដែលសហគមន៍ភភូមិកាណាតប្ដឹងទៅសាលាដំបូងខេត្តរតនគិរី ប្រជាសហគមន៍ចោទប្រកាន់បុគ្គលឈ្មោះ ថា ប៊ុនឡត, រម៉ាម យ៉ែក, ហង្ស សាវីន, សៀត សីហា, សល់ ហយ, រម៉ាម គ្រឿង, សល់ ឆេង, ឈ្នាង ស្រេង, ងេង សោភ័ណ្ឌ, និងសួន ចាន់ ថាបានកាប់គាស់ រុករានព្រៃ ឆ្ការដុតព្រៃ និងឈូសឆាយព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ និងឃុបឃិតលក់-ទិញដី និងព្រៃសាធារណៈរបស់រដ្ឋ ដែលប្រព្រឹត្តនៅភភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ យោងតាមពាក្យបណ្ដឹង ព្រៃអារក្សនៅសហគមន៍កាណាតត្រូវបានប្រជាសហគមន៍កាន់កាប់ជាព្រៃសម្រាប់សហគមន៍ធ្វើការគោរពដល់បុព្វបុរស និងប្រពៃណីជនជាតិដើមភាគតិចកាចក់តាំងពីមុនឆ្នាំ ១៩៧៩ និងបន្តមកដល់សព្វថ្ងៃ។ តែចាប់តាំងពីខែមីនា ឆ្នាំ ២០២៤ ព្រៃអារក្សនេះត្រូវបានឈ្មោះ តាអំពៅ ដែលជាមេការឱ្យលោក ហង្ស សាវីន ដឹកនាំកម្លាំង និងគ្រឿងចក្រចូលឈូសឆាយអស់ជាច្រើនហិកតា។ តាមពាក្យបណ្ដឹងនេះដែរ ក្រោយមកមានមេការម្នាក់ទៀតឈ្មោះ សៀត សីហា បន្តនាំកម្លាំងចូលទន្ទ្រានយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ឡើយ។ ប្រជាពលរដ្ឋនៅភភូមិកាណាត លោក សល់ ផែន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីទន្ទ្រានដីព្រៃសហគមន៍នេះ ប្រជាសហគមន៍ធ្លាប់រាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ ស្រុក ប៉ុន្តែគ្មានចំណាត់ការណាមួយឡើយ ដោយជនប្រព្រឹត្តនៅតែកាប់ទន្ទ្រានកាន់តែច្រើនឡើង។ លោកថា សាលាដំបូងខេត្តរតនគិរីមិនបានផ្ដល់ចំណាត់ការណាមួយសម្រាប់សហគមន៍ទេ តែផ្ទុយទៅវិញ សាលាដំបូងស្នើឱ្យពលរដ្ឋដកពាក្យបណ្ដឹង និងស្នើសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តវិញ ដើម្បីស្វែងរកការដោះស្រាយរឿងដីធ្លីសហគមន៍នេះ។ លោកថា៖ «តុលាការអត់ធ្វើឱ្យទេ។ គេឱ្យដកពាក្យបណ្ដឹងវិញ ដល់អ៊ីចឹងខ្ញុំអត់យល់ដែរដឹងម៉េច។ [...] គេថាឱ្យធ្វើលិខិតស្នើសុំអន្តរាគមន៍ពីឃុំ ពីស្រុក មកអាជ្ញាធរដែនដីខេត្ត និងរដ្ឋបាលឱ្យគេដោះស្រាយដីធ្លីហ្នឹងសិន។ រឿងព្រហ្មទណ្ឌគេនឹងដោះស្រាយតាមហ្នឹង»។ លោកបន្ថែមថា៖ «មានអ្នកទិញមកពីណាមកទន្ទ្រានដីព្រៃអារក្សរបស់សហគមន៍។ ប្រជាពលរដ្ឋអត់ទុកចិត្តទេ។ អ្នកទិញថាទិញ តែប្រជាពលរដ្ឋអត់ដឹងឮទេ។ ហើយយ៉ាងម៉េចបានកាប់ទន្ទ្រានដីសហគមន៍អ៊ីចឹង។ អាហ្នឹងបានប្រជាពលរដ្ឋគេខឹង»។ លោក សល់ ផែន លើកឡើងបន្ថែមថា ខាងសាលាដំបូងតម្រូវឱ្យសហគមន៍ធ្វើលិខិតស្នើសុំមកកាន់រដ្ឋបាលខេត្ត រួមទាំងទៅមន្ទីរដែនដីខេត្តជាមុនសិន។ លោកថា ក្នុងករណីនេះ បើមិនទទួលបានដំណោះស្រាយណាមួយសមស្របពីអាជ្ញាធរខេត្តទេ ប្រជាសហគមន៍កាណាតនឹងឡើងទៅដាក់ពាក្យនៅក្រសួងមហាផ្ទៃ នៅរាជធានីភភ្នំពេញបន្តទៀត។ លោកនិយាយថា៖ «ខាងសហគមន៍យើងមកវិញធ្វើលិខិតសុំអន្តរាគមន៍ពីឃុំ ស្រុក ដាក់មកខេត្តទៀត។ ខ្ញុំធ្វើសាកមើលម្ដងនេះទៀត។ បើអត់សម្រេចបានអីទេ មានតែប្រជាពលរដ្ឋឡើងមកដាក់ពាក្យនៅភ្នំពេញវិញ»។ ចំណែកប្រជាសហគមន៍ម្នាក់ទៀត លោក រម៉ាម ម៉ាត និយាយថា ដីព្រៃអារក្សមានសារៈសំខាន់សម្រាប់សហគមន៍ភភូមិកាណាត សម្រាប់ការអាស្រ័យផលព្រៃឈើ ការគោរពប្រពៃណី និងជំនឿរបស់ជនជាតិដើមភាគតិចកាចក់នៅសហគមន៍នេះ។ លោកបន្តថា ដីព្រៃអារក្សនេះរងការទន្ទ្រានពីបុគ្គលខាងក្រៅ និងការឃុបឃិតគ្នាលក់ដីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តែយ៉ាងណា លោកថា ការស្វែងរកដំណោះស្រាយពីអាជ្ញាធរមិនទាន់អាចទទួលបានលទ្ធផល ឬមានចំណាត់ការជាក់លាក់ឡើយ។ លោកថា៖ «ដីនេះមានទំនាស់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ ដីនេះជាដីចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចកាណាតតើ។ បើនិយាយឱ្យចំ ស្ថាប័នរដ្ឋ អង្គការរដ្ឋអី គេមិនឱ្យមានការលក់ ទន្ទ្រានអីទេ គឺទុកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ សម្រាប់ជនជាតិដើមភាគតិចគាត់អាស្រ័យផល ដូចជាជំនឿ ការសែនព្រែន ឬផលប្រយោជន៍ច្រើនទៀត»។ លោកបន្ថែមថា៖ «ធ្លាប់ស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក តែឃើញទៅមើលតែម្ដងទេ រួចដូចអត់មានវិធានការអីទៀតទេ។ ឮតែថាឱ្យអ្នកទន្ទ្រានផ្អាកសកម្មភាពសិន តែក្រោយមកមានអ្នកមេការឈ្មោះ សៀត សីហា (ក្នុងអត្ថបទដើមសរសេរ ទៀត សីហា) ចេះតែមកទន្ទ្រានៗទៀត»។ មេឃុំតាឡាវ នៃស្រុកអណ្តូងមាស ខេត្តរតនគិរី លោក ថា ប៊ុនឡត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកលើក។ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ជួន សុបញ្ញា បញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អយ្យការអមសាលាដំបូងកោះហៅប្រជាពលរដ្ឋជាដើមបណ្ដឹង ដើម្បីបំភ្លឺពីការដាក់ពាក្យបណ្ដឹងពិត។ តែយ៉ាងណា ចំពោះការស្នើសុំអន្តរាគមន៍រកដំណោះស្រាយបែបណា លោកថា សាលាដំបូងនឹងធ្វើតាមនីតិវិធីច្បាប់។ លោកថា៖ «មានការកោះហៅឱ្យចូលមកបំភ្លឺ ដោយសារមានពាក្យបណ្ដឹងពួកគាត់ប្ដឹង។ ហៅមកបំភ្លឺតាមនីតិវិធីច្បាប់។ រឿងដំណោះស្រាយបន្ទាប់នឹងធ្វើតាមនីតិវិធី»។ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា…

ពលរដ្ឋខ្លះសង្ឃឹមនិងខ្លះអស់សង្ឃឹមថាមានដំណោះស្រាយក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជននៅព្រះវិហារ
ពលរដ្ឋមួយចំនួននៅស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារបដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន សង្ឃឹមថានឹងទទួលបានដំណោះស្រាយ ក្រោយពួកគាត់បានជួបប្រជុំជាមួយអាជ្ញាធរខេត្ត ខណៈពលរដ្ឋមួយចំនួនទៀតនៅស្រុករវៀង ដែលមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន អះអាងថាពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនោះឡើយ។ ការលើកឡើងនេះគឺក្រោយពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្តព្រះវិហារ តំណាងក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ព្រមទាំងពលរដ្ឋដែលមានបញ្ហាដីធ្លី និងភាគីក្រុមហ៊ុនទាំង២ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ពលរដ្ឋនៅភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ លោក មុត ឈាត ប្រាប់ប្រជាកាសែថា លោកបានកាន់កាប់ដីទំហំ ៩ហិកតា២៧អា ពីឆ្នាំ២០០៨ មក ដោយដាំដំឡូង ចេក និងស្វាយចន្ទី ជាដើម។ លោកឱ្យដឹងថា លោកនិងពលរដ្ឋ៣៩៦គ្រួសារផ្សេងទៀតផ្ដើមមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន តាំងពីខែធ្នូ ឆ្នាំ២០២៥ ដោយសារភាគីក្រុមហ៊ុនមិនឱ្យពលរដ្ឋចូលដាំដំណាំលើដីខ្លួន។ តែយ៉ាងណាបុរសវ័យ៣៨ឆ្នាំរូបនេះថា ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ខាងតំណាងក្រសួងកសិកម្មដែលចូលរួមកិច្ចប្រជុំដែរនោះ បានឱ្យពលរដ្ឋអាស្រ័យផលលើដីខ្លួន និងសន្យាស្រង់ស្ថិតិពលរដ្ឋតាមក្រោយ ដើម្បីយកព័ត៌មានទាំងនោះជូនថ្នាក់ដឹកនាំដើម្បីរកដោះស្រាយបញ្ហាដីធ្លី។ លោកថា៖ «ខាងក្រសសួងកសិកម្មគាត់ចុះមក គាត់អនុញ្ញាតឱ្យដាំដុះបន្តទៀត តែគាត់ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋតាមក្រោយ[…]ខ្ញុំសង្ឃឹមខ្ពស់ដែរបើគាត់បានចុះពិតប្រាកដមែន យកព័ត៌មានពិត មកមើលភាពជាក់ស្ដែង ចង់និយាយថា គាត់មកគឺអាចដោះស្រាយបាន»។ខុសពី លោក មុត ឈាត ពលរដ្ឋនៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេនដែរនោះ គឺលោក សុខ បានប្រាប់ថា លោកអស់ជំនឿចិត្តលើអាជ្ញាធរហើយ ព្រោះកន្លងមកអាជ្ញាធរធ្លាប់វាស់វែងដីពលរដ្ឋ និងស្រង់ស្ថិតិម្ដងជាពីរដងមកហើយ តែមិនបានដំណោះស្រាយដែលគាត់ចង់បានឡើយ ពោលគឺក្រោយវាស់វែងអាជ្ញាធរឱ្យលោកទទួលសំណងវិញ ខណៈអ្វីដែលលោកចង់បានគឺដីលោកប៉ុណ្ណោះ។ លោកថា៖ «ដោយសារវាស់ម្ដងហើយ សង្គមថ្មីវាស់ម្ដងហើយអត់ វាស់ហើយអត់ប្រាប់ទំហំដីប៉ុន្មានទេ ទៅបំភ័យប្រជាពលរដ្ឋរឿងគុក រឿងច្រវ៉ាក់ឱ្យទៅទទួលសំណង សុទ្ធតែប្រជាពលរដ្ឋទន្រ្ទានដីរដ្ឋខុសច្បាប់ ត្រូវមានទោសទណ្ឌ។ ដល់ពេលវាស់មួយសាទៀត វាស់ស្រុករវៀងមួយសាទៀត អ៊ីចឹងដូចគ្នា សុទ្ធថ្នាក់ខេត្តស្រុក សុទ្ធតែសុរិយោដីមកវាស់ ហើយនិងមេព្រៃមកវាស់ដល់ពេលហើយ ខ្ញុំអស់ជំនឿដល់ឥឡូវមកវាស់ទៀត។ វាស់ក៏វាស់ទៅប៉ុន្តែខ្ញុំដូចគ្មានជំនឿថាគេដោះស្រាយទេ។ វាស់ហើយប្រហែលជាបំភ័យប្រជាពលរដ្ឋទៀត សំឡុតប្រជាពលរដ្ឋទៀត»។ ជាមួយគ្នានេះ លោកស្នើសុំអន្តរាគមន៍ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ចំណែកឯពលរដ្ឋនៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី ចិន យ៉ន បានប្រាប់ថា អ្នកស្រីមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន តាំងពីឆ្នាំ២០២៥ ដោយពេលនោះ ភាគីក្រុមហ៊ុនបានយកដីគាត់អស់ប្រមាណ៥ហិកតា។ អ្នកស្រីឱ្យដឹងថាដីដែលគាត់បាត់បង់នោះជាដីរបស់ដូនតាអ្នកស្រីបន្សល់ទុកឱ្យ។ បច្ចុប្បន្នដីដែលសេសស់សម្រាប់គាត់បង្កបង្កើនផលចិញ្ជឹមជីវិតគឺជាដីប្ដីគាត់ទំហំប្រមាណ៥ហិកតាដូចគ្នា។ អ្នកស្រី ចិន យ៉ន ថាដីនេះក៏កំពុងមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន។ ស្ត្រីវ័យ៤៨ឆ្នាំរូបនេះឱ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី៤ ខែមិថុនា អ្នកស្រីមានឱកាសនិយាយពីបញ្ហានានាដែលគាត់និងពលរដ្ឋជួបប្រទះ។ គាត់ថាក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងកសិកម្មបានសន្យានឹងពលរដ្ឋថានឹងពិនិត្យដីដែលមានទំនាស់។ អ្នកស្រីថា៖ «អត់មានន័យអីអត់មានផលអីសម្រាប់មកប្រជាពលរដ្ឋខ្ញុំទេប៉ុន្តែខ្ញុំនិយាយខាងអាជ្ញាធរភូមិឃុំខ្ញុំទេណា៎។ តែបើខាងឯកឧត្តម[ពីក្រសួងកសិកម្ម]គាត់ថាសន្យាគាត់នឹងចុះមកមើលផ្ទៃដីរបស់ខ្ញុំដែលប៉ះពាល់នេះមែន។ បើសិនថាបុគ្គលគ្រួសារណា ដែលគាត់ខ្វះខាតអត់មានដីអាស្រ័យផលមែន អាចថាកាត់ឆ្វៀលដីម្ដុំណាជូនប្រជាពលរដ្ឋខ្ញុំដែរ»។ អ្នកស្រីអះអាងថា ភាគីក្រុមហ៊ុននៅតែបន្តបញ្ចុះបញ្ចូល និងបង្ខិតបង្ខំឱ្យពលរដ្ឋផ្ដិតមេដៃប្រគល់ដី ទោះមានកិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃទី៤ ខែមិថុនា ក៏ដោយ។ ជាមួយគ្នានេះ អ្នកស្រី ចិន យ៉ន ស្នើសុំអាជ្ញាធរពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិកាន់កាប់ដីជូនពលរដ្ឋ ដោយកាត់ឆ្វៀលដីក្រុមហ៊ុន គ្លូបលហ្គ្រីន ដើម្បីឱ្យពលរដ្ឋអាចបង្កបង្កើនផលចិញ្ចឹមជីវិត។ អ្នកស្រីបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ តំណាងឱ្យប្រជាពលរដ្ឋ១៤៦គ្រួសារ ខ្ញុំសូមសំណូមពរថា ដីដែលខ្ញុំនៅសល់នោះ សូមឱ្យកាត់ឆ្វៀលចេញប្លង់រឹងឱ្យជូនប្រជាពលរដ្ឋខ្ញុំឱ្យបានអាស្រ័យផល។ តែដីដែលខាងក្រុមហ៊ុនទទួលកាន់កាប់ពីប្រជាពលរដ្ឋហើយថាខ្ញុំបានផ្ដិតក្រយៅដៃប្រគល់ជូនក្រុមហ៊ុនជាមិនមែនការពិតទេ។ ខ្ញុំសុំឱ្យក្រុមហ៊ុនប្រគល់ដីជូនប្រជាពលរដ្ឋខ្ញុំវិញ»។ ប្រជាកាសែតមិនអាចសុំការអធិប្បាយពី ក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន(China Great Cause (Cambodia) Investment Ltd.) និងក្រុមហ៊ុនគ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន(Global Green (Cambodia) Energy Development) បានឡើយត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានប្រាប់ប្រជាកាសែតថា មិនមានឡើយករណីឈូសឆាយដំណាំរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនទាំងពីរ ហើយក៏គ្មានការហាមឃាត់ពលរដ្ឋមិនឱ្យបង្កបង្កើនផលចិញ្ជឹមជីវិត។ ជាមួយគ្នានេះ លោក មិន ស៊ីថា ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦…

រដ្ឋបាលស្រុកលំផាត់ចេញបកស្រាយ ប៉ុន្តែពលរដ្ឋនៅតែថាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចអ្នករំលោភយកដីធ្លីគាត់
រដ្ឋបាលស្រុកលំផាត់ ចេញមកបញ្ជាក់ថា ទំនាស់ដីធ្លីមួយកន្លែងរបស់ពលរដ្ឋនៅភូមិកាចាញ ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ជាមួយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ឈ្មោះស្វីស រ៉ាប់បឺរ លីមីតធីត (Swiss Rubber Limited) ត្រូវបានដោះស្រាយរួចរាស់ដោយម្ចាស់ដីព្រមប្រគល់ដីចំនួន២ហិកតាទៅឱ្យក្រុមហ៊ុនវិញ។ សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកលំផាត់បកស្រាយថា ក្រុមហ៊ុនស្វីស រ៉ាប់បឺរ លីមីតធីត បានយកគ្រឿងចក្រត្រៀមចូលឈូសឆាយនៅទីតាំងដីចម្ការនោះព្រោះក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចស្របច្បាប់ពីរដ្ឋាភិបាលបន្តពីក្រុមហ៊ុនកាន់កាប់មុនឈ្មោះក្រុមហ៊ុនតាយសេង។ លិខិតដដែលបន្តថា ម្ចាស់ដីដែលអាស្រ័យផលលើដីនោះបានព្រមព្រៀងប្រគល់ដីជូនក្រុមហ៊ុនវិញដោយមិនធ្វើការជំទាស់ ឬទាមទារសំណងអ្វីឡើយ ហើយបានទុកពេលឱ្យម្ចាស់ដីឈ្មោះអ្នកស្រី គឹម ង៉ា ដកដំណាំចេញចាប់ពីមានកិច្ចព្រមព្រៀង ជៀសវាងរងផលប៉ះពាល់ឬខូចខាត។ តែក្រោយមក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ម្ចាស់ដីឈ្មោះអ្នកស្រី គឹម ង៉ា និងគ្រួសារបែរជាជំទាស់ តវ៉ាមិនឱ្យក្រុមហ៊ុនធ្វើការឈូសឆាយទៅវិញ ថែមទាំងថតវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្ទុយពីកិច្ចព្រមព្រៀង។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកលំផាត់ខាងលើ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋម្នាក់បានបង្ហោះខ្លឹមសារនៅក្នុងវីដេអូថា ក្រុមហ៊ុនជ័រកៅស៊ូមួយយកត្រាក់ទ័រឈូសឆាយដីជនជាតិដើមភាគតិចព្រៅម្នាក់អស់ចំនួនជិត២ហិកតា។ នៅក្នុងវីដេអូដែលប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋមានការខឹងសម្បារ លើកម្មករក្រុមហ៊ុន ដែលយកគ្រឿងចក្រគាស់រំលើងដើមស្វាយចន្ទីដែលប្រជាពលរដ្ឋដាំ។ នៅក្នុងវីដេអូនេះគេសង្កេតឃើញមាន អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្រនៅកន្លែងទៀតផង។ ម្ចាស់ដីជាជនជាតិដើមភាគតិច អ្នកស្រី គឹម ង៉ា ប្រាប់ប្រជាកាសែតថាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដាំកៅស៊ូនេះកើតឡើងលើពីរទីតាំង។ អ្នកស្រីបានយល់ព្រមប្រគល់ដីមួយទីតាំងដែលគ្រួសារអ្នកស្រីដាំដំឡូងអស់រយៈពេល១០ឆ្នាំមកហើយទៅឱ្យក្រុមហ៊ុនកាលពីខែឧសភា ព្រោះអ្នកស្រីថា អ្នកស្រីមិនចង់មានជម្លោះអូសបន្លាយ ដោយស្នើសុំតែថ្លៃខូចខាតប៉ុណ្ណោះ តែនៅមិនទាន់ទទួលបានសំណងនៅឡើយ។ ក្នុងជម្លោះកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៦ អ្នកស្រីអះអាងថាក្រុមហ៊ុនបែរជាមកឈូសឆាយនៅទីតាំងដីចម្ការគ្រួសារអ្នកស្រីមួយកន្លែងទៀត ដោយអះអាងថាជាដីក្រុមហ៊ុនដែរទៅវិញ។ អ្នកស្រីថា៖ «ខ្ញុំអត់ព្រមទទួលស្គាល់ទេ។ ដីដែលខ្ញុំព្រមប្រគល់ឱ្យនោះ ជាដីផ្សេងទេ មានសិទ្ធិអីមកបញ្ចូលដីនេះ។ ដីនេះដីម្ដាយខ្ញុំទេ។ ខ្ញុំមានទំនាស់ពីរកន្លែងជាមួយក្រុមហ៊ុន។ មួយកន្លែងនោះក៏ខ្ញុំធ្វើជាង១០ឆ្នាំហើយដែរ តែខ្ញុំអត់ចង់មានរឿង ក៏ព្រមឱ្យទៅ។ គាត់ [ក្រុមហ៊ុន]ថាជារបស់គាត់»។ អ្នកស្រីបន្តថា៖ «ដីមួយកន្លែងដែលខ្ញុំព្រមប្រគល់ឱ្យនោះក៏មិនទាន់បានសំណង។ ខ្ញុំសុំ២លានរៀលសម្រាប់ការខូចខាត យកមកទិញដំឡូង ចន្ទីវិញចឹង។ គេអត់ឃើញឱ្យ។ គេថាគេចាំគិតមើលសិន»។ ពាក់ព័ន្ធនឹងដំណោះស្រាយ អ្នកស្រីបានជួបពិភាក្សាជាមួយអាជ្ញាធរឃុំ ស្រុក និងតំណាងក្រុមហ៊ុនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រីលើកឡើងថាអ្នកស្រីមិនព្រមផ្ដិតមេដៃយល់ព្រមផ្ដល់ដីលើទីតាំងថ្មីទៅឱ្យក្រុមហ៊ុនឡើយ ព្រោះជាដីអាស្រ័យផលតជំនាន់មកហើយ។ អ្នកស្រីអះអាងថា៖ «ខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលជួយ។ ខ្ញុំប្រជាជនជាជនជាតិដើមភាគតិចអត់សូវចេះនិយាយ។ កុំប្រកាន់ខ្ញុំ។ ខ្ញុំសូមឱ្យរកយុត្តិធម៌ឱ្យខ្ញុំផង។ ដីនេះអត់មានពាក់ព័ន្ធជាមួយដីមួយកន្លែងទៀតនោះទេ»។ ក្រុមហ៊ុនស្វីស រ៉ាប់បឺរ លីមីតធីត ជាក្រុមហ៊ុនដាំដំណាំកសិឧស្សាហកម្ម កៅស៊ូមួយនៅខេត្តរតនគិរី។ យោងតាមទិន្នន័យពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រុមហ៊ុននេះបានទទួលដីសម្បទានពីរដ្ឋតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទំហំជាង ៣,៥០០ ហិកតា សម្រាប់ការដាំដុះដំណាំកៅស៊ូ នៅឆ្នាំ២០១០។ មេឃុំល្បាំង២ លោក ផន ចាន់ថន លើកឡើងថាអាជ្ញាធរឃុំកំពុងធ្វើការជាមួយអាជ្ញាធរស្រុក រួមជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីសម្របសម្រួល និងរកដំណោះស្រាយ តែលទ្ធភាពយ៉ាងណា លោកមិនទាន់អាចបកស្រាយបាននៅឡើយ។ លោកថា ក្រុមហ៊ុនមិនទាន់អាចឆ្លើយតបទៅនឹងការផ្ដល់សំណងទាក់ទងនឹងដីធ្លីរបស់អ្នកអ្នកស្រី គឹម ង៉ា នៅឡើយ។ ចំណែកដីមួយកន្លែងទៀត លោកថា រង់ចាំចំណាត់ការរបស់មន្ទីរកសិកម្មខេត្តត្រួតពិនិត្យសិន ព្រោះជាដីស្ថិតក្នុងបន្ទាត់ក្រហម។ លោកបញ្ជាក់ថា៖ «ដំណោះស្រាយអត់ទាន់រួចរាល់ទេដោយសារខាងតំណាងក្រុមហ៊ុនគេថាគេនឹងពិភាក្សារឿងហ្នឹងសិន។ ម្ចាស់ដីហ្នឹង គាត់ទារសំណងខូចខាត៥០០ដុល្លារ។ […] ដីមួយកន្លែងនោះគាត់ព្រមប្រគល់ឱ្យហើយ តែនៅក្នុងកិច្ចព្រមព្រៀងនៅឡើយទេ។ ចំណែកដីមួយកន្លែងទៀត [ដីទើបមានជម្លោះថ្មីៗ]ដីស្ថិតក្រោមមន្ទីរកសិកម្មទេ»។ លោកបន្ថែមថា៖ «រឿងគាត់សូមធ្វើប្លង់ កាលនិស្សិតមកវាស់វាស់មិនមែនដីរបស់គាត់ទេ ដីរបស់គាត់ ស្ថិតក្រោមបន្ទាត់ក្រហម»។ តំណាងក្រុមហ៊ុន លោក ខេន ឈុនឡេង មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ជនជាតិដើមភាគតិចនៅកកម្ពុជាមិនសូវមានចំណេះដឹងផ្នែកច្បាប់នោះទេ ជាពិសេសទៅលើរឿងដីធ្លីរបស់ពួកគាត់។ ដូច្នេះលោកថា ការយល់ព្រមទទួលយកដំណោះស្រាយណាមួយត្រូវតែគោរពតាមឆន្ទៈរបស់គាត់ និងតម្លាភាព។ លោកមានប្រសាសន៍ថា៖ «ជនជាតិដើមភាគតិចគាត់មិនសូវមានចំណេះដឹងផ្នែកច្បាប់ ឬមួយក៏មិនសូវយល់ដឹងផ្នែកច្បាប់ណាមួយនោះទេ ជាពិសេសគឺពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះតែម្ដង។ ដូច្នេះការយល់ព្រមណាមួយ លុះត្រាតែកិច្ចព្រមព្រៀងនោះធ្វើឡើងដោយដោយតម្លាភាព និងយុត្តិធម៌ ដើម្បីឱ្យជនជាតិដើមភាគតិចអាចយល់ច្បាស់ពីកិច្ចព្រមព្រៀងហ្នឹង»។ លោកបន្ថែមថា៖ «ករណីទាំងអស់នេះអាជ្ញាធរត្រូវធ្វើការពិនិត្យ និងស្រាវជ្រាវឡើងវិញទៅលើបញ្ហាទាំងអស់នេះថាតើពលរដ្ឋដែលជាជនជាតិដើមភាគតិចគាត់មានការយល់ស្របដែរឬទេ ដំណោះស្រាយនេះវាសមរម្យឬទេ។ បើមិនសមរម្យ យុត្តិធម៌ទេយើងត្រូវធ្វើការដោះស្រាយ សម្របសម្រួល យ៉ាងម៉េចឱ្យមានតម្លាភាព និងយុត្តិធម៌។ កុំឱ្យមានការប៉ះពាល់ដល់គាត់»។ ជនជាតិដើមភាគតិចនៅកម្ពុជា រងការរំលោភយកដីធ្លីជាចម្បង ដោយសារតែដីសម្បទានដីសេដ្ឋកិច្ច (ELC) ដល់ក្រុមហ៊ុនឯកជននៅលើដីដូនតារបស់ពួកគេ ទោះបីជាមានការការពារផ្នែកច្បាប់លើសិទ្ធិដីធ្លីសហគមន៍របស់ពួកគេក៏ដោយ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវលើសិទ្ធដីធ្លីរបស់ជនជាតិដើមភាគតិចរបស់អង្គការ Heinrich Böll Stiftung ប្រចាំប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីអង្គការសិទ្ធិមនុស្សលីកាដូ សព្វថ្ងៃនេះ ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចគ្រប់គ្រងលើផ្ទៃដីប្រហែល ២,២៥ លានហិកតានៃប្រទេសកម្ពុជា ដែលស្មើនឹងប្រហែល…

ពលរដ្ឋ៥គ្រួសារនៅក្រចេះអះអាងថា ដីធ្លីរបស់ខ្លួនត្រូវក្រុមហ៊ុនឯកជនមួយឈូសឆាយរំលោភយក
ប្រជាសហគមន៍សំពុង នៅស្រុកសំបូរ ខេត្តក្រចេះអះអាងថាមានក្រុមហ៊ុនឯកជនមួយឈ្មោះ ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង បានឈូសឆាយដីរបស់ពួកគាត់ ជាបន្តបន្ទាប់តាំងពីចុងខែឧសភា។ការឈូសឆាយនោះដីពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រធានសហគមន៍សំពុងនៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ លោក យ៉ប ចាន់សុខុម វ័យ៦០ឆ្នាំឱ្យដឹងថា ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងបានឈូសឆាយដីព្រៃរបស់ខ្លួន និងឈូសចូលប៉ះដីសហគមន៍ចំនួន ៥គ្រួសារ ក្នុងដើមខែមិថុនា ឆ្នាំ២០២៦។ ករណីនេះលោកស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋ។ លោកថា៖ «សំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយដល់ប្រជាសហគមន៍ខ្ញុំបាទផងនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរនេះ តំបន់ព្រៃសំពុងយើងខ្ញុំនេះ ឱ្យដោះស្រាយប្រជាពលរដ្ឋដែលមានប៉ះពាល់គាត់»។ ចំណែកឯសមាជិកសហគមន៍សំពុង លោក ហុង វាសនា បានប្រាប់ថា ចាប់ថ្ងៃទី២៩ ខែឧសភាមកក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង បានឈូសឆាយដីស្រែរបស់លោកចំនួន ៥ហិកតានៅភូមិកោះច្បារ ឃុំកោះខ្ញែរ ព្រមទាំងដីប្រជាសហគមន៍៤គ្រសារទៀតនៅទីនោះ។លោកថា៖ «ក្រុមហ៊ុនយកដីហ្នឹងអស់ទៅអត់មានដីសម្រាប់បង្កបង្កើនផលទេ ព្រោះថ្ងៃខ្ញុំទៅជួបមេការគេអ្នកម្ចាស់អាត្រាក់ហ្នឹងគេថា ម៉េចម៉ាយកសំណងពីគេទៅ។ ថាខ្ញុំមិនចង់បានសំណងទេ យកមកចាយអស់ហើយលុយនោះ។ បើនៅដីហ្នឹងគ្រាន់បានបាចស្រូវបាចអីអ៊ីចឹង»។ សមាជិកសហគមន៍សំពុងវ័យ៤៧ឆ្នាំដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះថាលោកទូរសព្ទទៅសួរមេភូមិ និងមេឃុំពីករណីនេះ តែពួកគេឱ្យលោកទៅសួរនាំខាងស្រុកវិញ។ លោកបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ជួយៗសម្របសម្រួល ជួយធ្វើអន្តរាគមន៍ឱ្យបានដីទាំងអស់មកសហគមន៍និងមកប្រជាពលរដ្ឋវិញ បើប្រជាពលរដ្ឋបាត់បង់ដីទៅអត់មានអីរំពឹងទេលោកគ្រូអ៊ើយ មានតែប៉ុណ្ណឹងទេសម្រាប់រស់ទៅមុខទៀតតកូនតចៅទៅ។ បើបណ្ដោយឱ្យក្រុមហ៊ុននៅតែឈូសឆាយអ៊ីចឹងបាត់បង់ដីធ្លីបាត់បង់ព្រៃឈើអស់ហើយ ព្រៃឈើដែលពួកខ្ញុំខំអភិរក្សកន្លងមកបាត់បង់អ៊ីចឹង»។ រីឯសមាជិកសហគមន៍សំពុងមួយរូបទៀតលោក ស្រឹម ណាប់ ប្រាប់ប្រជាការសែតនៅថ្ងៃទី២ ខែមិថុនាថា ដីប្រមាណ៣ហិកតាដែលលោកបានពីម្ដាយ ត្រូវក្រុមហ៊ុនឈូសជិតអស់ហើយតាំងពីថ្ងៃទី៣១ ខែឧសភាមក។ លោកថា៖ «គេឈូសកន្ទុយដីខ្ញុំតែឈូសពីក្រោយមកវិញ រាល់ដងគេឈូសពីមុខទៅ[...]ខ្លាចតែគេឈូសអស់អត់ទុកអាបន្តិចហ្នឹង»។ ជាការឆ្លើយតប មេភូមិកោះច្បារលោក ជិន សែម បានប្រាប់ថា លោកមិនហ៊ានបញ្ចេញមតិយ៉ាងណាទេចំពោះបញ្ហាដីធ្លីរវាងប្រជាសហគមន៍សំពុង និងក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀងនេះ ព្រោះពេលលោកលើកពីបញ្ហានេះប្រាប់មន្ត្រីថាក់ឃុំនិងស្រុក ពួកគេថាដីនេះជារបស់ភាគីក្រុមហ៊ុន។ លោកថា៖ «ពេលប្រជុំខ្ញុំក៏បានសំណើទៅថ្នាក់ដឹកនាំដូចជាឃុំដូចជាស្រុកអី ពេលអង្គប្រជុំហ្នឹងខ្ញុំលើកដែរបញ្ហាហ្នឹង ប៉ុន្តែនិយាយថាគាត់បកមកថាត្រឡប់មកវិញថាដីហ្នឹងជារឿងរបស់ក្រុមហ៊ុនទេ គាត់មានអាជ្ញាប័ណ្ណ គាត់មានប្លង់អីកម្មសិទ្ធិរបស់គាត់[...]ដីហ្នឹងយើងដឹងថារបស់ក្រុមហ៊ុនហើយ ខ្ញុំក៏អត់ហ៊ានមានយោបល់អីដែរ»។ តែយ៉ាងណាលោកមេភូមិថា លោកបានឱ្យលេខទំនាក់ទំនងខាងឃុំនិងស្រុកដល់ប្រជាសហគមន៍ដែលមានបញ្ហាដីធ្លី ដើម្បីឱ្យពួកគេរាយការណ៍ប្រាប់អាជ្ញាធរទាំងនោះដោយផ្ទាល់។ ជុំវិញករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់ថាភាគីក្រុមហ៊ុនជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ លោកថា៖ «ក្រុមហ៊ុនដែលចូលទៅធ្វើការអភិវឌ្ឍន៍ហ្នឹងយើងមើលទៅលើគោលការណ៍ច្បាប់ គឺក្រុមហ៊ុនត្រូវតែប្រាប់ដល់អាជ្ញាធរនៅមូលដ្ឋានហ្នឹង ឱ្យអាជ្ញាធរមូលដ្ឋានបានដឹងពីក្រុមហ៊ុនហ្នឹង ហើយពលរដ្ឋក៏ត្រូវតែបានដឹងដែរ[...]នៅពេលដែលអត់ប្រាប់ពលរដ្ឋឱ្យបានដឹង យើងឃើញថាការអភិវឌ្ឍន៍វាធ្វើវាឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៅវិញទេ»។ លោក យិន ម៉េងលី ផ្ដល់យោបល់ថា ដើម្បីបញ្ចប់វិវាទដីធ្លីនេះ គឺគួរតែមានការពិនិត្យឡើងវិញនូវការសម្បទានដីសេដ្ឋកិច្ច ថាប៉ះពាល់ដីសហគមន៍ឬទេ ហើយបោះព្រំដីកំណត់កម្មសិទ្ធិឱ្យច្បាស់លាស់រវាងដីសហគមន៍ និងក្រុមហ៊ុន។ សហគមន៍សំពុង ជាសហគមន៍ការពារព្រៃឈើ ស្ថិតនៅភូមិចំនួន៥ រួមមានភូមិកំពង់ព្នៅ ភូមិជើងពាត ភូមិបាយសំណុំ ភូមិស្វាយចេក និងភូមិកោះច្បារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានពលរដ្ឋសរុបប្រមាណជាង២០០គ្រួសារ និងទំហំផ្ទៃដីសរុបចំនួន៤៦១ហិកតា។ អង្គការសិទ្ធិមនុស្សឱ្យដឹងថា កន្លងមកប្រជាសហគមន៍សំពុងមានវិវាទជាបន្តបន្ទាប់ជាមួយ ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង និងក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ និងឈានដល់ការប្ដឹងផ្ដល់តំណាងប្រជាសហគមន៍ដល់តុលាការ៕

មន្ត្រីក្រសួងកសិកម្មនឹងទៅពិនិត្យជម្លោះដីធ្លីស្រុករវៀងបន្ទាប់ពីទទួលបានញត្តិរបស់ពលរដ្ឋ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញទៅពិនិត្យករណីវិវាទដីធ្លីនៅស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋជាង ៤០នាក់ តំណាងឱ្យប្រមាណ ១៧០គ្រួសារ បានដាក់ញត្តិស្នើសុំអន្តរាគមន៍ ។ ប្រជាពលរដ្ឋមួយចំនួនរំពឹងថា ការទៅដល់របស់មន្ត្រីក្រសួងកសិកម្ម នឹងនាំទៅរកដំណោះស្រាយណាមួយសមស្រប ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេអាចទទួលបានដីអាស្រ័យផលមកវិញ ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យឹម ហ្វីណង់ បានបញ្ជាក់ថា ក្រសួងបានទទួលញត្តិរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១ ខែមិថុនា២០២៦។លោកបន្តថា ថ្នាក់ដឹកនាំក្រសួងបានសម្រេចទៅពិនិត្យករណីនេះដោយផ្ទាល់នៅមូលដ្ឋាននាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦។លោកមានប្រសាសន៍ថា៖«ថ្នាក់ដឹកនាំក្រសួងនឹងចុះទៅពិនិត្យករណីនេះនៅមូលដ្ឋានដោយផ្ទាល់នៅក្នុងថ្ងៃនេះ(ថ្ងៃទី០៣ ខែមិថុនា២០២៦»។ ប្រជាពលរដ្ឋនៅឃុំរុសរាន់ អ្នកស្រី ជី វេន អាយុ ៦០ឆ្នាំ និយាយថា អ្នកស្រីមិនទាន់ដឹងដំណឹងអំពីការបេសកម្មរបស់មន្ត្រីក្រសួងបរិស្ថានឡើយទេ ក៏ប៉ុន្តែអ្នកស្រីក៏កំពុងរង់ចាំមើលលទ្ធផលនៃការពិនិត្យរបស់មន្ត្រីក្រសួង ហើយសង្ឃឹមថានឹងទទួលបានដីត្រឡប់មកវិញ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតរំពឹងថា ចង់បានដីមកវិញ ខ្ញុំអត់ចង់បានអីក្រៅពីដីទេ ពីព្រោះដីសម្រាប់ចិញ្ចឹមទៅមុខទៀត បើលុយសូម្បីលុយយកមកនឹង មិនដឹងថាប៉ុន្មានឆ្នាំ ប៉ុន្មានខែ។ [កន្លងមកដី]ធ្វើតាមរដូវ បាន១០ លាន [រៀល] ឬមួយ ៥ លានក៏ដោយខ្ញុំបានលុយធ្វើរាល់ឆ្នាំ»។ អ្នកស្រីបន្តថា ការបាត់បង់ដីបានធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីជួបការលំបាក រីឯដីដែលធ្លាប់អាស្រ័យផលមួយផ្នែកត្រូវបានឈូសឆាយ។ ប្រជាពលរដ្ឋម្នាក់មកពីឃុំរួសរាន់ នៃស្រុករវៀង លោក សោម យូវី និយាយថា គ្រួសាររបស់លោកមានដីជាង ១០ហិកតាដែលកំពុងតែអាស្រ័យផល និងពឹងផ្នែកជីវភាពទៅលើដីមួយនេះ ។ លោកនិយាយថា៖«ទី១ ថាក្រុមហ៊ុនបានជាយកហើយ ក៏ត្រូវចាំដោះស្រាយប្រជាពលរដ្ឋ កន្លែងដែលណាដែលមិនទាន់យកលុយមិនទាន់វ៉ៃអីឲ្យក្រុមហ៊ុនផ្អាក។ បើក្រុមហ៊ុននៅតែយកទាំងអស់ ប្រជាពលរដ្ឋតាំងឃុំមានអីហូបទេ បើអត់មានដីណាដីបានជីដូងជីតា គ្មានទៅណា មានតែដេកផ្ទះ»។ លោកសំណូមពរចង់បានដីធ្វើវិញ បើទោះបីសំណងដែលក្រុមហ៊ុនឲ្យក្នុង១ហិកតា ឱ្យ៥ ឬ៦លានរៀលក៏ដោយ ក៏ស្រុកភូមិនេះដែលពឹងផ្នែកធ្វើស្រែចម្ការ បើទទួលលុយសំណងមិនអាចចិញ្ចឹមជីវភាពបានយូរអង្វែងនោះទេ។ ចំណែកពលរដ្ឋម្នាក់នៅឃុំរីករាយ ដែលអះអាងថារងផលប៉ះពាល់លើដីជាង ៣ហិកតា ក៏បានរំពឹងថា ក្រសួងនឹងអាចជួយរកដំណោះស្រាយឱ្យពួកគាត់បន្តកាន់កាប់ និងអាស្រ័យផលលើដីដែលធ្លាប់ប្រើប្រាស់។ ប្រជាពលរដ្ឋនិយាយថា៖«រំពឹងទុកអាចដោះស្រាយឲ្យខ្ញុំបាន កាត់ដីពួកខ្ញុំបានអាស្រ័យផល បន្តដល់កូនដល់ចៅទៅមុខទៀត»។ ប្រជាពលរដ្ឋថា កន្លងមកធ្លាប់មានការសម្របសម្រួលឱ្យពលរដ្ឋទទួលសំណងពីក្រុមហ៊ុន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ពួកគេចង់បានដីធ្វើកសិកម្មវិញជាងទទួលសំណងជាប្រាក់។ ប្រជាពលរដ្ឋនិយាយថា៖«សម្រាប់ខ្ញុំខាងក្រសួងកសិកម្មដែលគាត់ចុះមកដោះស្រាយ ជូនពួកខ្ញុំ ខ្ញុំសំណូមពរឲ្យគាត់ដោះស្រាយជូន ដែលជាជនរងគ្រោះដែលប៉ះពាល់វវាទដីធ្លី ជាមួយនឹងក្រុមហ៊ុនគឺដោះស្រាយជូនខ្ញុំឲ្យបាន »។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃ សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត បានលើកឡើងថា អង្គការសង្គមស៊ីវិលបានតាមដានករណីនេះជាបន្តបន្ទាប់ និងបានជួបប្រជាពលរដ្ឋដែលកំពុងស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ។ លោកបានអំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយសារដីធ្លីជាប្រភពចម្បងធ្វើចម្ការ ដើម្បីចិញ្ចឹមជីវភាពរស់នៅរបស់ពួកគេ។ លោកលើកឡើងថា៖«ដោយសារតែគាត់ មានបញ្ហាដីធ្លីបន្ទាន់គឺ គួ ដោះស្រាយជូនពួកគាត់ទៅព្រោះគាត់អាស្រ័យផលដោយសារដីធ្លី បើសិនជាគាត់អត់មានដីធ្លី គាត់អត់ដឹងបានអ្វីដោះស្រាយជីវភាពទេ ។ ចឹងរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធ គួរតែចុះទៅដោះស្រាយឲ្យពួកគាត់ ដើម្បីឲ្យគាត់មានការស្ងប់អារម្មណ៍ដោយសារមានកម្មសិទ្ធិដីរបស់គាត់ ដោយមិនមានការព្រួយបារម្ភក្នុងការដេញពួកគាត់ដើម្បីយកដីឲ្យទៅឯកជន»។ យោងតាម លីកាដូបានកត់ត្រាថា ជម្លោះដីធ្លីនេះចាប់ផ្តើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន។ប្រភពដដែលបន្តថា ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមួយចំនួនក្នុងខេត្តព្រះវិហារ ហើយ ក្រុមហ៊ុននេះបានចាប់ផ្តើមឈូសឆាយដី និងដំណាំរបស់ពលរដ្ឋសមាជិកសហគមន៍ការពារដីធ្លីឫស្សីស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ១៤៦ គ្រួសារ ក្នុងឃុំចំនួនពីរ ក្នុងស្រុករវៀង ៕













