ពលរដ្ឋមួយចំនួននៅស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារបដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន សង្ឃឹមថានឹងទទួលបានដំណោះស្រាយ ក្រោយពួកគាត់បានជួបប្រជុំជាមួយអាជ្ញាធរខេត្ត ខណៈពលរដ្ឋមួយចំនួនទៀតនៅស្រុករវៀង ដែលមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន អះអាងថាពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនោះឡើយ។
ការលើកឡើងនេះគឺក្រោយពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្តព្រះវិហារ តំណាងក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ព្រមទាំងពលរដ្ឋដែលមានបញ្ហាដីធ្លី និងភាគីក្រុមហ៊ុនទាំង២ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ពលរដ្ឋនៅភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ លោក មុត ឈាត ប្រាប់ប្រជាកាសែថា លោកបានកាន់កាប់ដីទំហំ ៩ហិកតា២៧អា ពីឆ្នាំ២០០៨ មក ដោយដាំដំឡូង ចេក និងស្វាយចន្ទី ជាដើម។
លោកឱ្យដឹងថា លោកនិងពលរដ្ឋ៣៩៦គ្រួសារផ្សេងទៀតផ្ដើមមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន តាំងពីខែធ្នូ ឆ្នាំ២០២៥ ដោយសារភាគីក្រុមហ៊ុនមិនឱ្យពលរដ្ឋចូលដាំដំណាំលើដីខ្លួន។
តែយ៉ាងណាបុរសវ័យ៣៨ឆ្នាំរូបនេះថា ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ខាងតំណាងក្រសួងកសិកម្មដែលចូលរួមកិច្ចប្រជុំដែរនោះ បានឱ្យពលរដ្ឋអាស្រ័យផលលើដីខ្លួន និងសន្យាស្រង់ស្ថិតិពលរដ្ឋតាមក្រោយ ដើម្បីយកព័ត៌មានទាំងនោះជូនថ្នាក់ដឹកនាំដើម្បីរកដោះស្រាយបញ្ហាដីធ្លី។
លោកថា៖ «ខាងក្រសសួងកសិកម្មគាត់ចុះមក គាត់អនុញ្ញាតឱ្យដាំដុះបន្តទៀត តែគាត់ចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋតាមក្រោយ[…]ខ្ញុំសង្ឃឹមខ្ពស់ដែរបើគាត់បានចុះពិតប្រាកដមែន យកព័ត៌មានពិត មកមើលភាពជាក់ស្ដែង ចង់និយាយថា គាត់មកគឺអាចដោះស្រាយបាន»។
ខុសពី លោក មុត ឈាត ពលរដ្ឋនៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេនដែរនោះ គឺលោក សុខ បានប្រាប់ថា លោកអស់ជំនឿចិត្តលើអាជ្ញាធរហើយ ព្រោះកន្លងមកអាជ្ញាធរធ្លាប់វាស់វែងដីពលរដ្ឋ និងស្រង់ស្ថិតិម្ដងជាពីរដងមកហើយ តែមិនបានដំណោះស្រាយដែលគាត់ចង់បានឡើយ ពោលគឺក្រោយវាស់វែងអាជ្ញាធរឱ្យលោកទទួលសំណងវិញ ខណៈអ្វីដែលលោកចង់បានគឺដីលោកប៉ុណ្ណោះ។
លោកថា៖ «ដោយសារវាស់ម្ដងហើយ សង្គមថ្មីវាស់ម្ដងហើយអត់ វាស់ហើយអត់ប្រាប់ទំហំដីប៉ុន្មានទេ ទៅបំភ័យប្រជាពលរដ្ឋរឿងគុក រឿងច្រវ៉ាក់ឱ្យទៅទទួលសំណង សុទ្ធតែប្រជាពលរដ្ឋទន្រ្ទានដីរដ្ឋខុសច្បាប់ ត្រូវមានទោសទណ្ឌ។ ដល់ពេលវាស់មួយសាទៀត វាស់ស្រុករវៀងមួយសាទៀត អ៊ីចឹងដូចគ្នា សុទ្ធថ្នាក់ខេត្តស្រុក សុទ្ធតែសុរិយោដីមកវាស់ ហើយនិងមេព្រៃមកវាស់ដល់ពេលហើយ ខ្ញុំអស់ជំនឿដល់ឥឡូវមកវាស់ទៀត។ វាស់ក៏វាស់ទៅប៉ុន្តែខ្ញុំដូចគ្មានជំនឿថាគេដោះស្រាយទេ។ វាស់ហើយប្រហែលជាបំភ័យប្រជាពលរដ្ឋទៀត សំឡុតប្រជាពលរដ្ឋទៀត»។
ជាមួយគ្នានេះ លោកស្នើសុំអន្តរាគមន៍ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។
ចំណែកឯពលរដ្ឋនៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ អ្នកស្រី ចិន យ៉ន បានប្រាប់ថា អ្នកស្រីមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន តាំងពីឆ្នាំ២០២៥ ដោយពេលនោះ ភាគីក្រុមហ៊ុនបានយកដីគាត់អស់ប្រមាណ៥ហិកតា។ អ្នកស្រីឱ្យដឹងថាដីដែលគាត់បាត់បង់នោះជាដីរបស់ដូនតាអ្នកស្រីបន្សល់ទុកឱ្យ។
បច្ចុប្បន្នដីដែលសេសស់សម្រាប់គាត់បង្កបង្កើនផលចិញ្ជឹមជីវិតគឺជាដីប្ដីគាត់ទំហំប្រមាណ៥ហិកតាដូចគ្នា។ អ្នកស្រី ចិន យ៉ន ថាដីនេះក៏កំពុងមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន។
ស្ត្រីវ័យ៤៨ឆ្នាំរូបនេះឱ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី៤ ខែមិថុនា អ្នកស្រីមានឱកាសនិយាយពីបញ្ហានានាដែលគាត់និងពលរដ្ឋជួបប្រទះ។ គាត់ថាក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងកសិកម្មបានសន្យានឹងពលរដ្ឋថានឹងពិនិត្យដីដែលមានទំនាស់។
អ្នកស្រីថា៖ «អត់មានន័យអីអត់មានផលអីសម្រាប់មកប្រជាពលរដ្ឋខ្ញុំទេប៉ុន្តែខ្ញុំនិយាយខាងអាជ្ញាធរភូមិឃុំខ្ញុំទេណា៎។ តែបើខាងឯកឧត្តម[ពីក្រសួងកសិកម្ម]គាត់ថាសន្យាគាត់នឹងចុះមកមើលផ្ទៃដីរបស់ខ្ញុំដែលប៉ះពាល់នេះមែន។ បើសិនថាបុគ្គលគ្រួសារណា ដែលគាត់ខ្វះខាតអត់មានដីអាស្រ័យផលមែន អាចថាកាត់ឆ្វៀលដីម្ដុំណាជូនប្រជាពលរដ្ឋខ្ញុំដែរ»។
អ្នកស្រីអះអាងថា ភាគីក្រុមហ៊ុននៅតែបន្តបញ្ចុះបញ្ចូល និងបង្ខិតបង្ខំឱ្យពលរដ្ឋផ្ដិតមេដៃប្រគល់ដី ទោះមានកិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃទី៤ ខែមិថុនា ក៏ដោយ។ ជាមួយគ្នានេះ អ្នកស្រី ចិន យ៉ន ស្នើសុំអាជ្ញាធរពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិកាន់កាប់ដីជូនពលរដ្ឋ ដោយកាត់ឆ្វៀលដីក្រុមហ៊ុន គ្លូបលហ្គ្រីន ដើម្បីឱ្យពលរដ្ឋអាចបង្កបង្កើនផលចិញ្ចឹមជីវិត។
អ្នកស្រីបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ តំណាងឱ្យប្រជាពលរដ្ឋ១៤៦គ្រួសារ ខ្ញុំសូមសំណូមពរថា ដីដែលខ្ញុំនៅសល់នោះ សូមឱ្យកាត់ឆ្វៀលចេញប្លង់រឹងឱ្យជូនប្រជាពលរដ្ឋខ្ញុំឱ្យបានអាស្រ័យផល។ តែដីដែលខាងក្រុមហ៊ុនទទួលកាន់កាប់ពីប្រជាពលរដ្ឋហើយថាខ្ញុំបានផ្ដិតក្រយៅដៃប្រគល់ជូនក្រុមហ៊ុនជាមិនមែនការពិតទេ។ ខ្ញុំសុំឱ្យក្រុមហ៊ុនប្រគល់ដីជូនប្រជាពលរដ្ឋខ្ញុំវិញ»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពី ក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន(China Great Cause (Cambodia) Investment Ltd.) និងក្រុមហ៊ុនគ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន(Global Green (Cambodia) Energy Development) បានឡើយត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានប្រាប់ប្រជាកាសែតថា មិនមានឡើយករណីឈូសឆាយដំណាំរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនទាំងពីរ ហើយក៏គ្មានការហាមឃាត់ពលរដ្ឋមិនឱ្យបង្កបង្កើនផលចិញ្ជឹមជីវិត។
ជាមួយគ្នានេះ លោក មិន ស៊ីថា ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គឺដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងកសិកម្មលោក ផេង គីមស្រ៊ុន។ លោកថា ការប្រជុំនេះអាជ្ញាធរពាក់ព័ន្ធបានសួរនាំពលរដ្ឋដែលមានបញ្ហាដីធ្លីពីបញ្ហានានាដែលបានកើតឡើងចំពោះពលរដ្ឋ។ លោកថា ជំហានបន្ទាប់គឺធ្វើអត្តសញ្ញាណកម្ម និងប្រមូលព័ត៌មាននានា រួចនឹងមានប្រជុំសរុបមួយទៀត ក្រោយទទួលព័ត៌មានជាក់លាក់ រួចនឹងផ្ដល់ដំណោះស្រាយជូនពលរដ្ឋ។
លោកថា៖ «សម្រាប់ឆាយណាហ្គ្រេតខសគឺយើងមានក្រុមការងារដែលសហការគ្នារវាងក្រុមការងារដែលមានស្រាប់ ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្ត បូកជាមួយក្រុមការងាររបស់ក្រសួង យើងចុះទៅព្រមគ្នាដើម្បីធ្វើបច្ចុប្បន្នភាពជាក់លាក់ចំពោះបងប្អូនយើង អំពីស្ថានភាពបងប្អូនយើង ហើយបន្ទាប់មកនៅពេលដែលយើងបានលទ្ធផលគឺថ្នាក់ដឹកនាំក្រសួងគាត់នឹងធ្វើការប្រជុំមួយសារទៀត»។
លោកបន្ថែមថា៖ «ដោយឡែកក្រុមការងាររបស់គ្លូបលហ្គ្រីន ការដោះស្រាយយើងនឹងរៀបចំក្រុមការងារចំពោះកិច្ចដើម្បីទៅធ្វើអត្តសញ្ញាណកម្មដីធ្លី ក៏ដូចគ្នាអត្តសញ្ញាណកម្មបងប្អូនប្រជាពលរដ្ឋ»។
ជុំវិញករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី គាំទ្រចំពោះការប្រជុំជជែកគ្នារកដំណោះស្រាយចំពោះបញ្ហាដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន ពីព្រោះលោកសង្កេតឃើញថាជំនួបបែបនេះជាជំនួបមួយកម្រកើតឡើង។
លោកថា៖ «ខ្ញុំចាប់អារម្មណ៍ថានឹងមានការចុះទៅដល់ទីតាំងដីទំនាស់ជាមួយក្រុមហ៊ុនគ្លូបលហ្គ្រីន។ វាជាការល្អ ការចុះទៅដល់ទីតាំងដីទំនាស់នឹងមើលឃើញផលដំណាំ និងមើលឃើញការរស់នៅរបស់ប្រជាពលរដ្ឋ និងការឈូសឆាយលើផលដំណាំរបស់ពួកគាត់ផ្ទាល់ពីភាគីក្រុមហ៊ុន»។
តែយ៉ាងណាលោកថា អាជ្ញាធរមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៃការទៅពិនិត្យទីតាំងដីមានទំនាស់នៅឡើយទេ។ ជាមួយគ្នានេះ លោក យិន ម៉េងលី ស្នើសុំផ្អាកការឈូសឆាយដីពលរដ្ឋ ស្របពេលអាជ្ញាធរពាក់ព័ន្ធកំពុងរកដំណោះស្រាយ។ លោកក៏ស្នើឱ្យមានការបន្តជជែកពិភាក្សាគ្នា ដោយប្រកាន់ជំហរឯករាជ្យមិនលំអៀងទៅភាគីណាមួយ។
លោកបន្ថែមថា៖ «ចង់សំណូមពរសូមឱ្យមានវប្បធម៌ក្នុងការជួបជជែកគ្នានេះ រវាងពលរដ្ឋ ក្រុមហ៊ុន ហើយនិងមន្ត្រីជាន់ខ្ពស់របស់ខេត្ត ឬក៏របស់ស្រុក ហើយការជួបគ្នានេះអាចជជែកទៅបានលុះត្រាតែមានការសម្របសម្រួលមួយដោយកុំមានភាពលំអៀង។ កាលណាយើងយកភាពលំអៀងឬក៏បន្តការដាក់គំនាបទៅលើភាគីម្ខាង មិនសូវបានជោគជ័យទេ»។
អង្គការលីកាដូបានកត់ត្រាថា ជម្លោះដីធ្លីរវាងពលរដ្ឋខាងឃុំរីករាយ និងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ និងក្រុមហ៊ុនគ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន(Global Green (Cambodia) Energy Development) ចំនួនជាង២០០គ្រួសារបានផ្តើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីក្រុមហ៊ុនបានឈូសឆាយដី និងដំណាំរបស់ពលរដ្ឋ។ លីកាដូឱ្យដឹងថាក្រុមហ៊ុន គ្លូប៊លហ្គ្រីននេះ មានទំនាក់ទំនងជាមួយកូនឧកញ៉ា ទ្រី ភាព គឺអ្នកស្រី ទ្រី ដាលីន លោក ទ្រី ដាលុច និង លោក ទ្រី ដាភស្ត។
ដោយឡែកបញ្ហាដីធ្លីរវាងពលរដ្ឋចំនួន៣៩៧គ្រួសារនៅស្រុករវៀង និងពលរដ្ឋនៅស្រុកសង្គមថ្មីចំនួន៩២គ្រួសារ ជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេតខស ខេមបូឌា អ៊ិនវេសមេន(China Great Cause (Cambodia) Investment Ltd.) ពលរដ្ឋអះអាងថាបានកើតឡើងតាំងពីឆ្នាំ២០២៥ ដោយប៉ះពាល់ផ្ទៃដីសរុបជាង៣០០០ហិកតា៕







