ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅភូមិកាណាត់ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ស្នើរសូមទៅអាជ្ញាធរឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេពាក់ព័ន្ធនឹងការចុះលេខបញ្ជីក្បាលដី រំលោភយកដីរបស់ពួកគាត់ ពីអ្នកមានទ្រព្យធនម្នាក់។
កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់ ប្រដាប់ដោយកាំភ្លើងវែង និងដំបងឆប់បានធ្វើការចុះចាប់តំណាងប្រជាពលរដ្ឋម្នាក់ លោក សឿន កេត ដល់ផ្ទះចម្ការរបស់គាត់ករណីទំនាស់ដីធ្លីជាមួយលោកជំទាវឈ្មោះ សេក សុភក្រ័សឿនម៉ូនា ហៅ(ជំទាវ វី ) ប៉ុន្តែការចាប់ខ្លួននេះពុំបានសម្រេចដោយសារតែមានការជួយពីជនរងគ្រោះដីធ្លីផ្សេងទៀត នេះបើតាម សមាគមអាដហុក (ADHOC)។
ប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីនេះ លោកសល់ គ្លុក ប្រាប់ប្រជាកាសែតឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២៥ គ្រួសារបានស្នើរទៅអាជ្ញាធរពាក់ព័ន្ធដូចជាអាជ្ញាធរឃុំ ដើម្បីឲ្យជួយដោះស្រាយទំនាស់ដីធ្លីជាមួយជំទាវ វី នេះ។ លោកថា ប្រជាពលរដ្ឋដែលមានទំនាស់នៅ ភូមិកាណាត់នេះមានទាំងជនជាតិដើមភាគតិច និងខ្មែរផង ដែលអាស្រ័យផលលើដីចំនួនប្រហែល៨០ ហិកតា តាំងពីយូរណាស់មកហើយ ដោយគ្រួសារខ្លះដាំពោត ស្វាយចន្ទីរ និងគ្រួសារខ្លះទៀតដាំដំឡូងដើម្បីផ្គត់ផ្គង់គ្រួសារ។ លោកបន្ថែមថា គ្រួសារគាគច្រើនបានទទួលប័ណ្ណកម្មសិទ្ធ (ប្លង់ទន់) ពីអាជ្ញាធរឃុំ សង្កាត់រួចរាល់ហើយ។
លោកថា៖ «គាត់ធ្វើការចោទប្រកាន់មកប្រជាពលរដ្ឋថា យើងបានកាប់ ឬរំលោពបំពាន់លើដីពួកគាត់។ តែដីរបស់ពួកគាត់មានប្លង់ និងផែនទីរបស់ពួកគាត់ហើយ។ ទីតាំងដីប្រជាពលរដ្ឋដែលរងគ្រោះនេះមិនស្ថិតក្នុងប្លង់របស់ពួកគាត់ទេ»។
លោកស្នើរថា៖ «សម្រាប់ខ្ញុំ សូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយសូមឲដំណឹងនេះឮដល់សម្ដេចហ៊ុន សែន សម្ដេចហ៊ុន ម៉ាណែត សូមជួយដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដែលត្រូវបានគេចោទថារំលោពបំពានដីឯកជន បាទ»។
ប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតលោក សល់ យ៉ែស និយាយថា ប្រជាពលរដ្ឋទាំង ២៥គ្រួសារមានជម្លោះនេះចាប់តាំងពីឆ្នាំ២០២៤ គឺនៅពេលដែលលោកស្រីជំទាវ វី បានគូសផែនទីសម្រាប់ចេញប្លង់កម្មសិទ្ធឯកជន។ លោកថា ដីចម្ការរបស់ប្រជាពលរដ្ឋត្រូវបានគេធ្វើរបងរាំងមិនឲ្យដើរទៅចម្ការ ដែលធ្វើមានការតវ៉ាម្ដងនៅឆ្នាំដដែលនោះ។ លោកបន្ថែមថា ដោយសារមិនអាចឆ្លងកាត់ទៅចម្ការបាន ប្រជាពលរដ្ឋក៏បានសាងសង់ស្ពានឆ្លងកាត់អូរ ដើម្បីឆ្លងកាត់ តែលោកថា ស្ពាននោះត្រូវបានបំផ្លាញម្ដងរួចមកហើយនាឆ្នាំ២០២៥ ដែលទើបប្រជាពលរដ្ឋរួមគ្នាសាងសង់ថ្មី។ តែថ្មីៗនេះលោកថាមានបុគ្គលឈ្មោះ សេង សុផល ជាមេការចម្ការជំទាវ វី យកអេស្កាវ៉ាទ័រមកឈូសឆាយសារជាថ្មី។
លោកសល់ យ៉ែស និយាយថា៖ «ខ្ញុំមាន៧ ហិកតាសម្រាប់គ្រួសារខ្ញុំ តែធ្វើប្លង់រួចហើយ (ប្លង់ទន់)។ ដីនេះដីរដ្ឋចែកឲ្យទេ មិនមែនដីជំទាវទេ។ បើដីជំទាវពីណាទៅហ៊ានប៉ះពាល់នោះ។ ចឹងខ្ញុំសូមឲ្យជួយដោះស្រាប់ឲ្យបាន។ ខ្ញុំចាស់ហើយ។ បន្ទោសពួកខ្ញុំអត់ត្រូវទេ។ មិនមែនពួកខ្ញុំមិនរាយការណ៏ រាយការណ៏រហូតតែដូចគេអត់មើលសោះយើង»។
លោក សេង សុផល ជាមេការចម្ការរបស់ជំទាវ វី ដែលប្រជាពលរដ្ឋចោទប្រកាន់មិនឆ្លើយនឹងសំនួរប្រជាកាសែតទេ ពេលទាក់ទងតាមទូរស័ព្ទ។
បើតាមលិខិតមួយដែលប្រជាកាសែតទទួលបាន លោកស្រី សេក សុភក្រ័សឿនម៉ូនា ហៅ(ជំទាវ វី ) ជាម្ចាស់ក្រុមហ៊ុន V.K.M Monir Investment Co.,Ltd បានស្នើរសូមកាន់កាប់ និងឈូសឆាយដីចំកាស់ចំនួន៣៧០ ហិកតា ស្ថិតនៅភូមិកាណាត់ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី នៅឆ្នាំ២០១៣ ទៅកាន់អាជ្ញាធរខេត្ត ដើម្បីដាំដំណាំកសិកម្មដូចជា ពោត សណ្ដែក ល្ង និងកៅស៊ូជាដើម។
មេឃុំតាលាវ លោកថា ប៊ុនឡត ឲ្យដឹងថា ប្រជាពលរដ្ឋទាំង២៥ គ្រួសារធ្លាប់បានដាក់សំណើរឲ្យជួយដោះស្រាយលើករណីទំនាស់ដីធ្លីនេះនៅឆ្នាំ២០២៥ តែមិនទាន់អាចដោះស្រាយបាន ដោយត្រូវឆ្លងកាត់នីតិវិធី និងការត្រួតពិនិត្យពីអាជ្ញាធរពាក់ព៏ន្ធ។
លោកថា៖ «យើងមិនទាន់ហ៊ានសម្រេចថាយ៉ាងម៉ិច។ យើងបានបញ្ជូនទៅស្រុកហើយ។ យើងក៏មិនទាន់ដឹងម៉ិចដែរ។ ការងារនេះយើងទុកឲ្យស្រុកជាអ្នកសម្របសម្រួល»។
អភិបាលស្រុកអណ្ដូងមាស លោកមាស សារ៉េត បានបញ្ជាក់ប្រាប់ប្រជាកាសែតថា រដ្ឋបាលស្រុកមិនទាន់ទទួលបានសំណើរសូមដោះស្រាយទំនាស់ដីធ្លីពីប្រជាពលរដ្ឋជាផ្លូវការតាមរយៈរដ្ឋបាលឃុំឡើយ។ តែលោកថា លោកបានដឹងពីករណី ហើយថា «នឹងបញ្ជូនក្រុមការងារចុះត្រួតពិនិត្យ»។
អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី និយាយថា ADHOC បារម្ភពីករណីហឹង្សារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ប្រសិនបើជម្លោះនឹងបន្តកើតមានឡើងសារជាថ្មី។ លោកថា ADHOC បានធ្វើសេចក្ដីថ្លែងការណ៏មួយ ដោយអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយទំនាស់នេះដោយសន្តិវិធី។
លោកលើកឡើងថា៖ «បញ្ហានេះវាស្ថិតក្នុងភាពមិនច្បាស់លាស់ នៃបញ្ហាដីនឹង។ អីចឹងបានជាយើងចង់ឲ្យមានដំណោះស្រាយ ដោយសន្តិវិធីទោះបីជាភាគីម្ខាងទៀតនោះ គាត់មានលុយ គាត់មានអំណាចបុណ្យស័កប៉ុណ្ណាក៏ដោយ»។
លោកបន្ថែមថា៖ «យើងស្នើរសូមដល់អាជ្ញាធរខេត្ត គឺធ្វើការពិនិត្យលើបញ្ហានេះ ព្រោះយើងមើលឃើញថាការដោះស្រាយជម្លោះដីធ្លីនេះយើងឃើញការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះយើងឃើញមានច្រើន។ យើងឃើញមានអាជ្ញាធរជាតិ មានគណកម្មការសុរិយោដី។ យើងមានការដោះស្រាយក្រៅប្រព័ន្ធតុលាការដែលបង្កើតឡើងក្រោមក្រសួងយុត្តិធម៌»៕







