ប្រជាសហគមន៍ឡពាង នៅខេត្តកំពង់ឆ្នាំង ទទូចស្នើដល់តុលាការកំពូលឱ្យជួយរកយុត្តិធម៌ជូនពូកគេ ករណីហិង្សារវាងក្រុមហ៊ុន ខេ.ឌី.ស៊ី(KDC) និងពលរដ្ឋកាលជាង១០ឆ្នាំមុន។
ការស្នើសុំនេះធ្វើឡើងក្រោយពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ប្រជាសហគមន៍ឡពាង នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
ប្រជាសហគមន៍ឡពាង នៅខេត្តកំពុងឆ្នាំងលោក ម៉ាង យ៉ាវ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា តុលាការបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ភាគីប្រជាសហគមន៍ឡពាង ដោយសួរផ្ដោតលើអង្គច្បាប់។
លោក ម៉ាង យ៉ាវ ឱ្យដឹងថាតុលាការនឹងប្រកាសសាលដីការបណ្ដឹងសាទុក្ខនេះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
លោកថា៖ «ជាអាជ្ញាកណ្ដាលមួយ សូមមេត្តាកុំឱ្យពលរដ្ឋអស់ទំនុកចិត្ត[…]សំណូមពរទាំអស់ ទៅតុលាការទាំងអស់ សំណូមពរទៅតុលាការកំពូលក៏ដូចគ្នាអ៊ីចឹង សូមមេត្តាស្វែងរកនូវយុត្តិធម៌ឱ្យខ្ញុំឱ្យបានយុត្តធម៌ផង»។
បុរសដែលមានវ័យជិត៥០ឆ្នាំរូបនេះប្រាប់ថា ប្រជាសហគមន៍ឡពាងមួយរូបក្នុងចំណោម៥រូបដែលជាប់ចោទក្នុងរឿងក្ដីនេះគឺលោក គុជ ហុក បានទទួលមរណភាព។
លោកបន្ថែមថា៖ «គុជ ហុក គាត់បានមរណភាពហើយ ដោយសារជំងឺគាត់ដាច់សរសៃឈាម សល់តែ៤នាក់ទេ ដីធ្លីក៏អត់ទាន់បានដោះស្រាយទេ[…]សោកស្ដាយគាត់ ទុក្ខសោកជាមួយគាត់ថាអ្វីដែលមិនទាន់បានដឹងថា យុត្តិធម៌របស់គាត់យ៉ាងណាផង ទៅជាក្លាយជាមិនបានដឹង ដែលគាត់បានទៅមុន»។
ចំណែកឯប្រជាសហគមន៍មួយរូបទៀតគឺលោក សៀង ហេង ប្រាប់ថា ការដែលប្រជាសហគមន៍ប្ដឹងទៅតុលាការកំពូលដោយសារការសម្រេចរបស់តុលាការជាប់ទាបមិនយុត្តិធម៌សម្រាប់ពួកគេ។
លោកថា៖ «សាលដីការចេញរបស់សាលាឧទ្ធរណ៍ដូចជាសរសេរវាមិនបានត្រឹមត្រូវនូវរបាយការណ៍បំភ្លឺរបស់ខ្ញុំទេ ដោយសារជាក់ស្ដែងកើតហេតុកាលហ្នឹងខ្ញុំត្រូវរបួស៣គ្រាន់ជំពាមរបស់កម្មករក្រុមហ៊ុនបាញ់មកលើខ្ញុំ។ អ៊ីចឹងសរសេរទៅជាថាខ្ញុំបានបាញ់គេត្រូវ៣គ្រាប់អីទៅវិញ អាហ្នឹងជាការមិនត្រឹមត្រូវទេ»។
«ខ្ញុំសំណូមពរតុលាការកំពូលសំខាន់គឺផ្ដល់ដីការច្រានចោលបទចោទរបស់តុលាការដំបូង សាលាឧទ្ធរណ៍ ហើយនិងជួយសម្រេចបទចោទឱ្យពួកខ្ញុំរួចផុតពីការចោទប្រកាន់ទាំងហ្នឹង»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត បានពន្យល់ពីគោលការណ៍ឯកកត្តកម្មនៃក្រមព្រហ្មទណ្ឌ។
លោកថា៖ «នៅក្នុងក្រមព្រហ្មទណ្ឌ គោលការណ៍ឯកត្តកម្មបានន័យថា ជនណាដែលប្រព្រឹត្តគឺជនហ្នឹងទទួលខុសត្រូវ។ ប៉ុន្តែអង្គហេតុក្នុងរឿងនេះគឺពួកគាត់បានបញ្ជាក់ហើយថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយនៅថ្ងៃដែលកើតហេតុហ្នឹង ពួកគាត់ដែលជាតំណាងសហគមន៍ហ្នឹងគាត់ធ្វើសន្និសីទកាសែត[…]ហើយក៏មានការប្រួទូសរាយ»។
លោកបន្ថែមថា៖ «ខ្ញុំយល់ថារឿងនេះកាលពីមុនមកវាជារឿងវាផ្ដើមចេញពីរឿងទំនាស់ដីធ្លីទេ ក៏ប៉ុន្តែជារឿយៗយើងឃើញហើយថា អ្នកឡពាង សហគមន៍ឡពាងហ្នឹងតែងតែទទួលនូវបណ្ដឹងព្រហ្មទណ្ឌជាបន្តបន្ទាប់[…]រហូតមកដល់ពេលនេះ បញ្ហាដីធ្លីហ្នឹងក៏មិនទាន់បានដោះស្រាយចប់សព្វគ្រប់»។
សហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម តាំងពីឆ្នាំ២០០០។ ជម្លោះដីធ្លីនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាសហគមន៍ចំនួន១០៨គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់បានតវ៉ាទាមទាររកដំណោះស្រាយជាបន្តបន្ទាប់ តែពុំទទួលបានលទ្ធផលឡើយ ហើយពួកគេបានរងបណ្ដឹងពីសំណាក់ក្រុមហ៊ុន KDC ក្រោមបទចោទព្រហ្មទណ្ឌមួយចំនួន។
ប្រជាសហគមន៍ចំនួន៥នាក់គឺ លោក សៀង ហេង លោក ម៉ាង យ៉ាវ លោក គុជ ហុក លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា ត្រូវបានក្រុមហ៊ុន KDC ប្ដឹងដោយចោទថាពួកគេបានប្រើហិង្សាចំពោះភាគីក្រុមហ៊ុន ក្រោយពីពួកគេបានប៉ះទង្គិចគ្នា កាលពីឆ្នាំ២០១៤៕







