សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២រូប ប្តេជ្ញាបន្តផ្សព្វផ្សាយច្បាប់ក្រោយទទួលបានសេរីភាព
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២រូប គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ប្ដេជ្ញាបន្តការងារផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងនេះ ព្រមទាំងចែករំលែកចំណេះដឹងផ្សេងៗដូចមុនដដែល បន្ទាប់ពីពួកគេទទួលបានសេរីភាពវិញ។ អ្នកទាំងពីរបានថ្លែងបែបនេះប្រាប់ ប្រជាកាសែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ បានចេញពីពន្ធនាគារវិញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺពួកគាត់បានជាប់ឃុំគ្រប់ចំនួន ២ឆ្នាំគត់ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីជាមានសេរីភាពហើយក្តី ក៏អ្នកទាំងពីរនៅតែប្ដេជ្ញាប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា បានប្រាប់ថា កញ្ញានឹងបន្តធ្វើការងារផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសន្ធិសញ្ញា ២៣ តុលា ជាដើម ដើម្បីឱ្យពលរដ្ឋបានយល់ដឹង។ កញ្ញាថ្លែងថា៖ «ជំហរគឺនៅតែដដែល! អ្វីដែលខ្ញុំបានធ្វើកាលពី ៦ឆ្នាំមុន គឺនៅតែបន្តធ្វើ ដូចជាការបន្តផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស វគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀង ការផ្ដោតលើភូមិ-ឃុំពាណិជ្ជកម្មដែលជួយផ្នែកសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ជាពិសេសទៅលើសៀវភៅវប្បធម៌»។ ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះបញ្ជាក់ថា មូលហេតុដែលកញ្ញានៅតែបន្តធ្វើកិច្ចការដូចកាលមុនជាប់ពន្ធនាគារ គឺដោយសារតែកញ្ញាបានកំណត់តាំងពីពេលចាប់ផ្ដើមការងារនៅឆ្នាំ២០១៨ ថានឹងធ្វើបេសកកម្មផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាឱ្យបាន ៧,០០០ថ្ងៃ ដើម្បីរួមចំណែកជួយប្រទេសជាតិក្នុងនាមជាពលរដ្ឋសកម្មមួយរូប។ កញ្ញា សោភា បន្តថា កញ្ញាមិនមានការភ័យខ្លាចអ្វីឡើយក្នុងការបន្តការងារនេះ ព្រោះអ្វីដែលកញ្ញាធ្វើគឺស្របតាមច្បាប់ ដែលចែងអំពីសិទ្ធិបញ្ចេញមតិ។ ទោះជាយ៉ាងណា សកម្មជនរូបនេះមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការបន្តការងារនេះនៅឡើយទេ ដោយដំបូងឡើយ កញ្ញាត្រូវចំណាយពេលជាមួយគ្រួសារ ឪពុកម្ដាយ និងជីតាដែលមានវ័យជរា ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹង និងរឿងរ៉ាវនានាដែលបានកើតឡើងអំឡុងពេលកញ្ញានៅក្នុងពន្ធនាគារ។ កញ្ញា សោភា បន្ថែមថា៖ «កាលបរិច្ឆេទនៃការធ្វើជាក់លាក់គឺខ្ញុំមិនទាន់បានកំណត់នៅឡើយទេ ដោយសារតែធម្មតាយើងធ្លាប់ធ្វើការផ្សព្វផ្សាយដោយមានដៃគូ គឺបង ស្រ៊ន ដែលជាអ្នកមានចំណេះដឹងច្រើន។ ដូច្នេះ ពេលគាត់នៅក្នុពន្ធនាគារនៅឡើយ អ៊ីចឹងខ្ញុំត្រូវការពេលវេលាក្នុងការជជែកពិភាក្សាជាមួយបងប្អូនសកម្មជនផ្សេងទៀត ទើបមិនទាន់កំណត់ថាថ្ងៃណានឹងចាប់ផ្ដើមនៅឡើយ»។ ចំពោះរឿងក្ដី «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ធរដល់សន្តិសុខសង្គម» ដែលសាលាដំបូងកាត់ទោសកញ្ញាឱ្យជាប់ពន្ធនាគារ ២ឆ្នាំនោះ កញ្ញា ភឹង សោភា យល់ថាជារឿងអយុត្តិធម៌ ព្រោះអ្វីដែលកញ្ញាបានធ្វើកន្លងមកគឺជាសិទ្ធិបញ្ចេញមតិ ជារឿងសង្គមជួយជាតិ និងមិនមែនជាបទល្មើសឡើយ។ ហេតុនេះ កញ្ញាក៏បានប្ដឹងឧទ្ធរណ៍ចំពោះករណីនេះដែរ។ ចំណែកឯសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយរូបទៀតគឺ លោក សាន សិទ្ធ ក៏ប្ដេជ្ញាបន្តកិច្ចការផ្សព្វផ្សាយច្បាប់ និងសន្ធិសញ្ញាផ្សេងៗដូចកញ្ញា ភឹង សោភា ដែរ ព្រោះលោកសង្កេតឃើញពលរដ្ឋឧស្សាហ៍ប្រើពាក្យអសុរសតាមបណ្ដាញសង្គមជាដើម ដែលបញ្ហានេះកើតចេញពីការដែលពលរដ្ឋមិនសូវយល់ដឹងផ្នែកច្បាប់។ លោកថ្លែងថា៖ «ខ្ញុំចែករំលែកផ្សព្វផ្សាយអ្វីដែលខ្ញុំយល់ ខ្ញុំនឹងចែករំលែកដល់បងប្អូនដែលមិនទាន់យល់។ ខ្ញុំចេះតិច ខ្ញុំចែករំលែកអ្នកអត់ចេះសោះ។ ខ្ញុំចង់ឱ្យប្រទេសយើង ចង់ឱ្យពលរដ្ឋយើងចេះច្បាប់ទាំងអស់គ្នា ពេលពលរដ្ឋចេះច្បាប់ យើងមានសេចក្ដីក្លាហានក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនជាពលរដ្ឋយើងចេះច្បាប់ យើងចេះជួយប្រទេសជាតិដោយប្រើច្បាប់ជាគោល យើងមិនប្រើរបៀបអសុរស ជេរប្រមាថអ្វីឡើយ»។ រីឯភរិយារបស់លោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ បានសម្តែងការគាំទ្រចំពោះការប្ដេជ្ញារបស់ស្វាមីដែលថានឹងបន្តផ្សព្វផ្សាយច្បាប់នានាដល់សាធារណជន ព្រោះកិច្ចការនេះនឹងជួយសង្គមជាតិផង ព្រមទាំងផ្ដល់ចំណេះដឹងដល់ខ្លួនគាត់ផងដែរ។ អ្នកស្រីថា៖ «ការប្ដេជ្ញារបស់គាត់ជាអំពើល្អមួយដែលមានប្រយោជន៍ ២យ៉ាង ម៉្យាងជួយឱ្យខ្លួនឯងបានរឹងមាំ និងម៉្យាងទៀតជួយសង្គមយើងឱ្យស្គាល់អំពីអំពើដែលមិនជេរប្រមាថគ្នា យើងគោរពគ្នាដោយសីល សមាធិ និងបញ្ញា គឺតាមរយៈការប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ហ្នឹងឯង»។ សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកបានដាក់បណ្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលតុលាការបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ លោកមេធាវីបញ្ជាក់ថា៖ «ផ្អែកលើអង្គហេតុ កូនក្ដីមិនបានញុះញង់ទេ គាត់គ្រាន់តែលើកឡើង និងបកស្រាយនូវសំណួរឱ្យគេពិចារណា ពីគុណសម្បត្តិ គុណវិបត្តិ និងផ្តល់ជាដំណោះស្រាយ ហើយឱ្យអ្នកស្ដាប់ទាំងអស់ពិចារណាតែប៉ុណ្ណោះ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន បន្ទាប់ពីពួកគេបញ្ចេញមតិជុំវិញរឿងកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានកាត់ទោសកញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល…
២៧ កក្កដា ២០២៦

មនុស្សបួនរូប ត្រូវបន្តជាប់ពន្ធនាគារម្នាក់ៗ១៨ ខែក្នុងបទ «ញុះញង់» តាមអំណាចសាលដីកាសាលាឧទ្ធរណ៍
មនុស្ស ៤ រូប ត្រូវបន្តជាប់ទោសម្នាក់ៗ ១៨ ខែ ក្នុងបទចោទ «ញុះញង់» តាមអំណាចសាលដីកាសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីកាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោស ៤ នាក់ ក្នុងចំណោមនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គម ២ នាក់ និងសកម្មជននយោបាយមកពីបក្សប្រឆាំង ២ នាក់។ ការតម្កល់នេះ គឺតម្រូវឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ១៨ ខែ និងពិន័យជាប្រាក់ ២ លានរៀល ក្រោមបទចោទ «ញុះញង់»។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមថា៖ «សាលាឧទ្ធរណ៍ប្រកាសតម្កល់សាលក្រមលើឈ្មោះ ឆាន់ បញ្ញា, ផង់ ប្រុស, ឈ្មោះ សឿន ចាន់ដែន និងឈ្មោះ អយ ឌីណា»។ យោងតាមកំណត់ត្រារបស់អង្គការលីកាដូ អ្នកទាំង ៤ រូប រួមមាន៖ លោក ឆាន់ បញ្ញា អាយុ ៤៧ ឆ្នាំ និងលោក ផង់ ប្រុស អាយុ ៥៣ ឆ្នាំ ដែលជាសកម្មជនគណបក្សភ្លើងទៀន ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក សឿន ចាន់ដែន ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ត្រូវបានផ្តន្ទាទោសពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ កញ្ញា អយ ឌីណា ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភចំពោះការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកបញ្ចេញមតិ អ្នកចែករំលែកព័ត៌មានតាមបណ្ដាញសង្គម សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងសកម្មជននយោបាយ ដោយថាអាចប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ «អាជ្ញាធរ និងតុលាការ គួរពិចារណាឱ្យបានច្បាស់លាស់មុនធ្វើការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសដល់បុគ្គលណាមួយលើការបង្ហាញសារ បញ្ចេញមតិ ការចែករំលែកព័ត៌មានតាមបណ្តាញសង្គម និងសកម្មភាពរបស់ពួកគេ ថាមួយណាជាបទល្មើស និងមួយណាជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។ លោក អំ សំអាត បន្ថែមថា អ្នកទាំង ៤ រូប ស្ថិតក្នុងចំណោមមនុស្ស ១២៤ នាក់ ដែលអង្គការលីកាដូបានចងក្រងថា កំពុងជាប់ឃុំពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន។ ជុំវិញសេចក្តីសម្រេចនេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ យល់ថា ការតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ គឺជាការសម្រេចចិត្តទាំងអយុត្តិធម៌។ លោកទទូចឱ្យសាលាឧទ្ធរណ៍គួរតែច្រានចោលសាលក្រមសាលាដំបូង និងផ្តល់សេរីភាពដល់ពួកគាត់វិញ។ លោកក៏លើកឡើងថា ការផ្តន្ទាទោសលើការបញ្ចេញមតិ បង្កក្តីបារម្ភដល់គណបក្សនយោបាយ និងអាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិធានាដោយច្បាប់។ លោកមានប្រសាសន៍ថា៖ «វាគឺជាកង្វល់មួយរបស់គណបក្សនយោបាយ។ ហេតុអ្វីការបញ្ចេញមតិលើបញ្ហាសង្គមត្រូវមានទោស ឬមានពិរុទ្ធ ឬភ្ជាប់នឹងនយោបាយ? ការបញ្ចេញមតិគឺជាផ្នែកមួយនៃប្រជាធិបតេយ្យ។ ពលរដ្ឋ និងសកម្មជនសង្គម ឬសកម្មជននយោបាយ មានសិទ្ធិដែលធានាដោយច្បាប់ក្នុងការបញ្ចេញមតិស្រប ឬមិនស្របលើបញ្ហាសង្គម និងការអនុវត្តរបស់ស្ថាប័នជាតិ រួមទាំងរាជរដ្ឋាភិបាលផងដែរ។ ក្នុងសង្គមប្រជាធិបតេយ្យ ទស្សនៈនយោបាយ ឬសង្គមខុសគ្នាគឺគ្មានទោសទេ វាគឺជាទស្សនៈកែលម្អ»។ លោក លី សុធារ៉ាយុទ្ធ បានអំពាវនាវដល់ស្ថាប័នតុលាការថ្នាក់លើ សូមពិចារណាទម្លាក់ចោលបទចោទលើការបញ្ចេញមតិមិនស្របរបស់ពលរដ្ឋ សកម្មជនសង្គម និងនយោបាយ ដើម្បីភាពសុខដុមក្នុងសង្គមជាតិ៕
២១ កក្កដា ២០២៦

អ្នកជំនាញសិទ្ធិមនុស្ស UN មកទស្សនកិច្ចកម្ពុជា ១១ ថ្ងៃ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) មកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០ core២៦។ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រំលេចទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្រៅពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ក្នុងរាជធានីភ្នំពេញ។ លើសពីនេះ អ្នករាយការណ៍ពិសេសលោក អេនឌ្រូ ក៏នឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២៦ ខាងមុខ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា លើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកាតព្វកិច្ចរបស់លោក ថម អេនឌ្រូ ដែលមានន័យថា បន្ទាប់ពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសប្រចាំកម្ពុជានោះ លោកនឹងមានកាតព្វកិច្ចចុះទៅបំពេញទស្សនកិច្ច ហើយប្រមូលព័ត៌មាន ដើម្បីចងក្រងជារបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ លោកបន្តថា តាមរយៈដំណើរទស្សនកិច្ចក្នុងនាមជាអ្នករាយការណ៍ពិសេស គឺមានកាតព្វកិច្ចផ្ដល់នូវជំនួយបច្ចេកទេសផ្នែកសិទ្ធិមនុស្សមកដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភពដដែលរំលេចថា៖ «ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយ ជាពិសេសលោកមានគម្រោងចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដូច្នេះយើងក៏រំពឹងដែរថា តាមរយៈការមើលឃើញពីការលំបាក ភាពឈឺចាប់របស់ជនភៀសសឹកនៅតាមខេត្តមួយចំនួននេះ លោកនឹងចងក្រង និងកត់ត្រាក្នុងរបាយការណ៍របស់ខ្លួន ហើយផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិឱ្យកាន់តែយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកើតឡើងដោយសារការឈ្លានពានរបស់ភាគីថៃ»។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមានភារកិច្ច វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយធ្វើសេចក្តីរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។ គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ម្យ៉ាងទៀត អ្នករាយការណ៍ពិសេសនេះ ក៏មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិដែរ ហើយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឱ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ៕

អតីតអ្នកកាសែត និងជាអ្នករត់កង់បីមានពិការភាពមួយរូបត្រូវជាប់ពន្ធនាគារ៤ឆ្នាំដោយសាររិះគន់រដ្ឋាភិបាលរឿងព្រំដែន
អតីតអ្នកកាសែតនិងជាអ្នករត់កង់បីដែលពិការជើងម្ខាងផងនោះត្រូវជាប់ពន្ធនាគារបួនឆ្នាំដោយសាររូបគាត់រិះគន់រដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន។បុរសគ្រប់នោះមានឈ្មោះថាហុករ៉េន ធ្លាប់ជាចាង ហ្វាងគេហទំព័រដើមត្នោតនិងជាអតីតអ្នកកាសែតចក្រវាឡ។ លោកបានពិការជើងម្ខាង ដោយសារជំងឺ កាលពីឆ្នាំ២០១៣ក្នុងពេលដែលគេហទំព័រដើមត្នោតរបស់លោកកំពុងទទួលការពេញនិយម។ ក្នុងសប្ដាហ៍នេះសាលាដំបូងរាជធានីភ្នំពេញបានកាត់ឲ្យលោក លោក ហុក រ៉េន ជាប់ពន្ធនាគារ៤ឆ្នាំ ក្រោមបទចោទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ ជុំវិញការសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ហុក រ៉េន ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់របស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើថ្នាក់ដឹកនាំអំពីចំណាត់ការជម្លោះព្រំដែនកម្ពុជា-ថៃ អំឡុងឆ្នាំ២០២៥។ លីកាដូ បន្ថែមថា លោក ហុក រ៉េន វ័យ៥១ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិលើហ្វេសប៊ុក។ លោក រ៉េន ក៏ត្រូវបានចោទប្រកាន់ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» តាមបញ្ញត្តិមាត្រា៨៨ ចំពោះបទញុះញង់ដែលបានប្រព្រឹត្តក្នុងរយៈពេល ៥ ឆ្នាំ ដែលអាចធ្វើឱ្យកើនទេ្វដងចំពោះទោសពន្ធនាគារផងដែរ។ បើតាមលីកាដូ លោក រ៉េន ធ្លាប់ត្រូវបានជាប់ពន្ធនាគាររយៈពេល ១៨ខែ ហើយត្រូវដោះលែងក្រោយពីការអនុវត្តទោសរួចរាល់នៅអំឡុងខែមករា ឆ្នាំ២០២៥។ កាលនោះ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាប់ទាក់ទងនឹងការបញ្ចេញមតិរិះគន់ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។ ភរិយាលោក ហុក រ៉េន គឺអ្នកស្រី កែវ សំអាង ចាត់ទុកការផ្ដន្ទាទោសលើប្ដីរបស់អ្នកស្រី ថា អយុត្តិធម៌ ដោយគ្រាន់តែលោកបញ្ចេញមតិ។ អ្នកស្រី បន្តថា លោក រ៉េន កំពុងមានជំងឺសរសៃប្រសាទប្រចាំកាយ និងតម្រូវឱ្យលេបថ្នាំជារៀងរាល់ថ្ងៃ ខណៈលោកក៏មានពិការភាពជើងម្ខាងផងនោះ។ អ្នកស្រី ស្នើឱ្យអាជ្ញាធរដោះលែងលោក រ៉េន ឱ្យមានសេរីភាពវិញ ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារដែលអ្នកស្រីថានៅមានចៅកំព្រាតូចៗចំនួន២នាក់ ស្ថិតក្នុងបន្ទុក ខណៈបច្ចុប្បន្នអ្នកស្រីត្រូវរ៉ាប់រងជីវភាពតែម្នាក់ឯង។ អ្នកស្រី និយាយថា៖ «ចង់ឱ្យដោះលែងគាត់ គាត់លេបថ្នាំប្រចាំ អត់លេបមួយថ្ងៃធ្វើទុក្ខ តាំងពី២០១៣ វះកាត់ ដុះសាច់ក្នុងខួរក្បាល។ ទិញ [ថ្នាំ] យកឱ្យរហូត១កំប៉ុង សម្រាប់៣ខែ។ ពិបាកគឺខ្ញុំអ្នករាប់រ៉ងទាំងអស់ កាលមុនបានគាត់ចឹង ជួយតិចតួចរត់កង់បី។ អីឡូវលើខ្ញុំទាំងស្រុង»។ ជាងនេះទៅទៀត ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ ក៏អំពាវនាវឱ្យអង្គការសង្គមស៊ីវិល ផ្ដល់មេធាវីការពារក្ដី ដោយសារអ្នកស្រី មិនមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយផ្ទាល់ និងពុំដឹងផងដែរ ចំពោះនីតិវិធីប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់បន្តទៀត។ បើតាមភរិយារូបនេះ ប្ដីរបស់អ្នកស្រី ស្ថិតក្នុងស្ថានភាពឈឺស្គមស្គាំង និងមានប៉ូលិសជួយគ្រាហ៍នៅពេលដែលអ្នកស្រីទៅសួរសុខទុក្ខនៅពន្ធនាគារ។អ្នកស្រី និយាយថា៖ «[មេធាវី] ខ្ញុំមិនដឹងពឹងពាក់ពីណា យប់ឡើងគេមិនលក់ទេ»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះលោក ហុក រ៉េន ប្រសិនបើមិនមានភស្តុតាងបញ្ជាក់ពីបទល្មើសនោះទេ នឹងនាំឱ្យមានការបារម្ភលើការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលនាំឱ្យអ្នកដទៃទៀតនឹងខ្លាចមិនហ៊ានបញ្ចេញមតិ ឬកម្រិតសេរីភាពរបស់ខ្លួន បន្ទាប់ពីបានឃើញករណីនេះ។ លោក និយាយថា៖ «វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ បើសិនជាអាជ្ញាធរ និងតុលាការ មិនបានពិនិត្យឱ្យបានល្អិតល្អន់ ទាក់ទងនឹងអ្វីដែលជាការបញ្ចេញមតិ និងអ្វីជាបទល្មើសដែលត្រូវ ចោទប្រកាន់ និងធ្វើការផ្ដន្ទាទោសទេនោះ។ អាហ្នឹងគឺនាំឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ»។ បើតាមអង្គការលីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១២៣ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

ក្មេងស្រីវ័យជំទង់ជាជនរងគ្រោះចម្បងនៃការបំពានរូបភាពស្រើបស្រាលតាមអនឡាញនៅកម្ពុជា
អង្គការលីកាដូបង្ហាញថាក្មេងស្រីវ័យជំទង់ជាជនរងគ្រោះចម្បងនៃការបំពានរូបភាពស្រើបស្រាលតាមអនឡាញនៅកម្ពុជា។ លីកាដូបានចងក្រងករណីពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានចំនួន ២៤ ករណី ក្នុងពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១មក ហើយក្នុងចំណោមពាក់កណ្ដាលនៃជនរងគ្រោះគឺជាក្មេងស្រីអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ។ អង្គការលីកាដូអំពាវនាវឱ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាការការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព។ យោងតាមលីកាដូផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះលើកឡើងថា ជាងមួយភាគបីនៃករណីទាំងនោះ ជាករណីដែលបានកើតមានឡើងនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ហើយការចងក្រងទាំងនេះ អាចគ្រាន់តែបង្ហាញឱ្យឃើញជាផ្នែកតូចមួយនៃចំនួនករណីបែបនេះ។ ការចងក្រងបញ្ជាក់ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន រួមមានការថត ការចែកចាយ ឬការគំរាមកំហែងថានឹងចែកចាយរូបភាព ឬវីដេអូស្រើបស្រាលរបស់បុគ្គលណាម្នាក់ ដោយគ្មានការយល់ព្រម។ រូបភាពទាំងនោះអាចជារូបភាពពិត ឬរូបភាពដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ អង្គការ លីកាដូ បានចងក្រង៖ «ជនល្មើសបានប្រើរូបភាពស្រើបស្រាលទាំងនេះ ដើម្បីបង្ខិតបង្ខំ បំបិទមាត់ និងគ្រប់គ្រងស្ត្រី និងក្មេងស្រី។ ក្នុងករណីយ៉ាងតិច ១០ ដែលត្រូវបានចងក្រង ជនល្មើសបានចែកចាយរូបភាព ឬវីដេអូស្រើបស្រាលតាមអ៊ីនធឺណិត ឬផ្ញើទៅកាន់ក្រុមគ្រួសារ ឬសហគមន៍ដែលស្ត្រី ឬក្មេងស្រីរងគ្រោះកំពុងរស់នៅ»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន គឺជាប្រភេទមួយនៃអំពើហិង្សាផ្អែកលើយេនឌ័រ។ លោកបន្តថាមូលហេតុដែលករណីនេះមានការកើនឡើង គឺដោយសារការអនុវត្តច្បាប់នៅមិនទាន់មានភាពច្បាស់លាស់ និងម៉ឺងម៉ាត់ ការខ្វះកិច្ចការពារជនរងគ្រោះ និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតរូបភាពក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ «ដោយសារការមិនទាន់ទទួលស្គាល់ជាសាធារណៈថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានជាបទល្មើស ទើបការអនុវត្តច្បាប់នៅមានភាពស្រពិចស្រពិល និងធូរលុងលើបទល្មើសនេះ។ ច្បាប់ស្តីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងក្រមព្រហ្មទណ្ឌ ក៏មានកំណត់បទល្មើស និងដាក់ទោសលើអំពើមួយចំនួនដែលទាក់ទងការប្រើប្រាស់រូបភាពស្រើបស្រាល និងអាសអាភាស ដូច្នេះសមត្ថកិច្ចគឺអនុវត្តឱ្យមានប្រសិទ្ធភាព»។ លោកបន្តថាដោយសារការដែលមិនទាន់ទទួលស្គាល់ជាសាធារណៈ ថាទង្វើទាំងអស់នេះជាបទល្មើស ទើបធ្វើឱ្យជនរងគ្រោះមិនទាន់មានទំនុកចិត្តក្នុងការស្វែងរកកិច្ចគាំពារ និងការពារចំពោះខ្លួន និងភាគច្រើនមិនបានប្តឹង ឬរាយការណ៍ទៅសមត្ថកិច្ច ម្យ៉ាងទៀតសមត្ថកិច្ចមួយចំនួនក៏នៅមិនទាន់ប្រាកដថាទង្វើទាំងនេះជារឿងខុសច្បាប់។ លោកនិយាយថា៖ «គ្មាននរណាម្នាក់គួរតែត្រូវបានគេធ្វើឱ្យមានអារម្មណ៍ខ្មាសអៀន ឬរងការស្តីបន្ទោស ដោយអ្នកដទៃបានរំលោភបំពានឯកជនភាព ឬទំនុកចិត្តរបស់សាមីខ្លួនឡើយ។ ទង្វើនៃការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាសដោយរំលោភបំពាន គឺជាអំពើខុសច្បាប់។ ជនរងគ្រោះដោយការប្រើប្រាស់រូបភាព ឬវីដេអូ ស្រើបស្រាល ឬអាសអាភាស ប្រឈមនឹងផលប៉ះពាល់ដូចជា៖ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត ការផ្តាច់ខ្លួនចេញពីគ្រួសារ សហគមន៍ បោះបង់ការសិក្សា ពួកគេបាក់ទឹកចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត មិនហ៊ានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងការរំលោភបំពានបែបនេះ ឬឈានដល់ការធ្វើអត្តឃាត»។ ជុំវិញរឿងនេះ លីកាដូ អំពាវនាវឱ្យរាជរដ្ឋាភិបាលទទួលស្គាល់ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានថា ជាទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាផ្អែកលើយេនឌ័រ ពង្រឹងសមត្ថភាពអាជ្ញាធរអនុវត្តច្បាប់ និងតុលាការ ធានាការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះ ប្រើប្រាស់បទល្មើសព្រហ្មទណ្ឌដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃអំពើនេះ។ លីកាដូលើកឡើងថា៖ «ធានានូវការទទួលបានយុត្តិធម៌ និងសេវាកម្មគាំទ្រ ដែលផ្តោតសំខាន់លើជនរងគ្រោះ គ្មានការស្តីបន្ទោស និងការរើសអើងលើជនរងគ្រោះ។ ជនរងគ្រោះគួរតែអាចជ្រើសរើសអាជ្ញាធរ ដែលជាស្រី្ត ឬបុរស ដែលពួកគេអាចទុកចិត្តសហការជាមួយនឹងពួកគេ ហើយរូបភាពស្រើបស្រាល មិនគួរអនុញ្ញាតឱ្យអាជ្ញាធរច្រើននាក់ មានសិទ្ធិអំណាចមើលបាននោះទេ ហើយអ្នកដែលមានសិទ្ធិមើលរូបនោះ ត្រូវគោរពឱ្យបាននូវសិទ្ធិឯកជនភាព និងការសម្ងាត់យ៉ាងតឹងរ៉ឹងបំផុត»។ លីកាដូបន្ថែមថា អ្នកដែលមានបញ្ហាដូចខាងលើនេះអាចផ្តល់ព័ត៌មានទៅកាន់អង្គការដោយធានាថាជាការសម្ងាត់ និងគ្មានការរើសអើង។ លីកាដូនិយាយថា៖ «ប្រសិនបើអ្នករងគ្រោះពីអំពើនៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន អ្នកមិនឯកោទេ។ ស្ត្រី និងក្មេងស្រីជាច្រើននាក់ បានជួបប្រទះបញ្ហាស្រដៀងគ្នានេះ ហើយអ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់អ្នកទេ ។ អង្គការ លីកាដូ ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើសមួយចំនួនដល់អ្នក ដោយធានាការសម្ងាត់ និងគ្មានការរើសអើង»។ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថាកម្ពុជាមានច្បាប់សម្រាប់ការពារកុមារ និងផ្ដន្ទាទោសការរំលោភបំពានលើអនីតិជនរួចហើយ ប៉ុន្តែការអនុវត្តច្បាប់គួរតែមានប្រសិទ្ធភាព និងស្មើភាពគ្នាចំពោះមុខច្បាប់។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការរំលោភបំពានកុមារ និងស្ត្រី។ លោកបន្តថា៖ «ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល បើយើងចង់ឃើញការចាត់វិធានការទៅតាមច្បាប់ជាតិនិងអន្តរជាតិ គឺត្រូវតែមានការសហការរវាងអាជ្ញាធរសមត្ថកិច្ចជាមួយមហាជន ឱ្យបានដឹងឮដល់ប្រជាពលរដ្ឋ មិនថានៅតាមសាលារៀន និងកន្លែងសាធារណៈឡើយ»។ លោកបន្តថា៖ «អ៊ីចឹងខ្ញុំថាការបង្ហាញរបស់អង្គការលីកាដូមួយផ្នែកតូចនេះ គឺថាជាការដាស់តឿនដល់រដ្ឋាភិបាល។ ក្នុងនាមជាអង្គការសង្គមស៊ីវិលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដែលមានអាយុកាលជាង ៣០ ឆ្នាំ ក៏រួមចំណែកជួយស៊ើបអង្កេតស្រាវជ្រាវ កុំឱ្យប្រទេសជាតិមួយក្លាយជាអនាធិបតេយ្យ» អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត មិនបានឆ្លើយតបនឹងអ្នកសារព័ត៌មានភ្លាមៗនោះទេ៕

អ្នកសារព័ត៌មានលោក លួត សុផល ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ
អ្នកសារព័ត៌មាន លោក លួត សុផល ត្រូវបានតុលាការខេត្តឧត្តរមានជ័យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា ៤៩៥ និងបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» តាមមាត្រា ៤៧២ បន្ទាប់ពីរាយការណ៍ព័ត៌មានពីតំបន់ជម្លោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមសមាគមអាដហុក។ លោក លួត សុផល ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកចុងកាល់ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក លួត សុផល ជាអ្នកកាសែតមួយរូបរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកបានធ្វើសកម្មភាពថតវីដេអូពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយយកទៅបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកឈ្មោះ Sophal Osmach។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា អ្នកសារព័ត៌មានអនឡាញ លោក លួត សុផល ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានរាយការណ៍អំពីទាហានជួរមុខ។ នៅថ្ងៃទី១៤ ខែកុម្ភៈ ដដែល លោក លួត សុផល បានបញ្ចេញវីដេអូខ្លីមួយរយៈពេលមួយនាទី ដោយទទួលស្គាល់កំហុស និងអះអាងថាកងទ័ពមិនបានខ្វះទឹកប្រើប្រាស់ដូចដែលលោកធ្លាប់រាយការណ៍ឡើយ។ ភរិយាលោក លួត សុផល គឺអ្នកស្រី វឿន ឡាឡង់ បានបញ្ជាក់ពីបទចោទ និងថាប្ដីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យតាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកស្រីនិយាយថាស្វាមីអ្នកស្រីមិនបានប្រព្រឹត្តខុសតាមការចោទប្រកាន់ឡើយ។ ជាចុងក្រោយអ្នកស្រីអំពាវនាវឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាព ព្រោះអ្នកស្រីជួបការលំបាកផ្នែកជីវភាព ដោយមានកូនបួននាក់ក្នុងបន្ទុក និងត្រូវរ៉ាប់រងបង់ធនាគារផង។ អ្នកស្រីនិយាយថា៖ «ខ្ញុំចង់សំណូមពរឱ្យសម្ដេចជួយដោះលែងគាត់។ ខ្ញុំគិតថាការណ៍ដែលគាត់ធ្វើនេះអត់មានប៉ះពាល់ប្រទេសជាតិទេ។ គាត់ធ្វើចង់ជួយសង្គម អត់មានប៉ះពាល់ខាងណាទេបង»។អ្នកស្រីបន្ថែមថា៖ « ខ្ញុំជំពាក់ធនាគារច្រើនណាស់បង។ ធនាគារទើបមកទារលុយទេ។ ខ្ញុំអត់មានលទ្ធភាពបង់ធនាគារទេបង។ ខ្ញុំអស់លទ្ធភាពហើយ។ សូមជួយលើកលែងទោសឱ្យប្ដីខ្ញុំផង»។ អ្នកស្រី ឡាឡង់ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នកស្រីនឹងពិភាក្សាជាមួយមេធាវីការពារក្ដីឱ្យស្វាមីអ្នកស្រី ដើម្បីប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត។ អ្នកនាំពាក្យសមាគមអាដហុក លោក យិន ម៉េងលី និយាយថា ជាគោលការណ៍សមាគមអាដហុកនឹងជួយសម្របសម្រួលផ្នែកច្បាប់ ក្នុងករណីជនត្រូវចោទមិនពេញចិត្តនឹងការសម្រេចរបស់តុលាការ។ លោកលើកឡើងថា៖ «ការប្ដឹងឧទ្ធរណ៍ឬមិនប្ដឹងឧទ្ធរណ៍វាជាសិទ្ធិរបស់ជនត្រូវចោទថាតើគាត់ពេញចិត្តនឹងសាលក្រមឬអត់។ បើគាត់មិនពេញចិត្ត គាត់អាចធ្វើការប្ដឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូង។ មេធាវីមិនអាចសម្រេចចិត្តនៅក្នុងរឿងនេះជំនួសកូនក្ដីបានទេ»។ នាយិកានាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា លើកឡើងថា ការកាត់ទោសព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មានមានកម្រិតធ្ងន់ធ្ងរពេក ខណៈលោកស្រីយល់ថាអ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន ក៏ដូចជារដ្ឋាភិបាលប៉ុណ្ណោះ។ លោកស្រីថាអាជ្ញាធរគួរបើកការស៊ើបអង្កេតលើករណីនេះ ថាតើគាត់ពិតជាប្រព្រឹត្តខុសដល់កម្រិតព្រហ្មទណ្ឌ ឬគ្រាន់តែប្រើប្រាស់ច្បាប់ស្ដីពីរបបអ្នកសារព័ត៌មានបានហើយ។ លោកស្រីមានប្រសាសន៍ថា៖ «ខាងក្រសួងការពារជាតិគាត់ត្រូវធ្វើការស៊ើបអង្កេតថាតើការរស់នៅតំបន់នោះពិតជាមានការខ្វះខាតដូចដែលគាត់អ្នកសារព័ត៌មានបានរាយការណ៍ឬអត់។ ឧទាហរណ៍ថាគាត់មានកំហុសដោយអចេតនា ពាក់ព័ន្ធនឹងការថតរូប គួរតែធ្វើការដោះស្រាយរឿង ដាក់ទោសពិន័យតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន»។ លោកស្រីបន្ថែមថា៖ «បញ្ហានេះធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតគាត់មានការខ្លាចរអា អត់ហ៊ាននៅក្នុងការរាយការណ៍ព័ត៌មានរស៊ើបៗក្នុងប្រទេស។ ពេលប្រជាពលរដ្ឋបាត់ព័ត៌មាន គាត់មានបញ្ហា គាត់អត់ហ៊ានដើម្បីលើកឡើងពីបញ្ហាហ្នឹងឱ្យថ្នាក់ដឹកនាំដោះស្រាយ»។ ចំណែក នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី លើកឡើងថា នៅកម្ពុជាហាក់នៅមានការខ្វះចន្លោះពីគោលនយោបាយដែលធានាអំពីភាពជាក់លាក់ពីខ្លឹមសារច្បាប់ ដែលនាំឱ្យអ្នកសារព័ត៌មានងាយរងការចោទប្រកាន់ពេលរាយការណ៍ពីព័ត៌មានរស៊ើប។ លោកមានប្រសាសន៍ថា៖ «យើងនៅខ្វះគោលនយោបាយឬច្បាប់មួយដែលធានាអំពីភាពជាក់លាក់នៃការកម្រិតអំពីការបកស្រាយខ្លឹមសារច្បាប់ ព្រោះយើងដឹងហើយថាខ្លឹមសារច្បាប់របស់យើងនេះមានចំណុចទូលាយច្រើនណាស់ដែលធ្វើឱ្យមានការបកស្រាយផ្សេងៗ ហើយការបកស្រាយទាំងនោះជានិច្ចកាលតែងតែយកមកជាបន្ទុកដើម្បីចោទប្រកាន់លើអ្នកសារព័ត៌មាន»។ របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ឱ្យដឹងថាយ៉ាងហោចណាស់មានអ្នកកាសែតកម្ពុជាចំនួនប្រាំមួយនាក់ហើយត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ពីបទញុះញង់ចាប់ពីខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេរាយការណ៍អំពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការឆបោកតាមប្រព័ន្ធអនឡាញ៕

កម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ។ បុរសម្នាក់នោះឈ្មោះ នុន ធីតា ជាសកម្មជនគាំទ្រគណបក្សកម្លាំងជាតិ ប្រចាំឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ លោក នុន ធីតា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រោះតែគាត់ពាក់អាវដែលមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ក្នុងពេលចូលរួមលើកស្លាកគណបក្ស។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិខេត្តស្វាយរៀង។ ប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ លោក សោម មនោសុវណ្ណ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃការឃាត់ខ្លួនលោក នុន ធីតា នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងការស៊ើបសួរ ហើយគណបក្សកំពុងតាមដានករណីនេះ។ លោកបានរៀបរាប់ថា លោក នុន ធីតា បានចូលរួមសកម្មភាពលើកស្លាកគណបក្សនៅថ្ងៃទី១១ ខែកក្កដា ហើយក្រោយបញ្ចប់សកម្មភាពនៅថ្ងៃដដែល សមត្ថកិច្ចបានទៅឃាត់ខ្លួនលោកនៅលំនៅឋាន។ លោកអះអាងថា ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឱ្យលោក ឬក្រុមគ្រួសារបានឃើញនោះទេ។ លោកលើកឡើងថា៖ «សូមសំណូមពរទៅកាន់សមត្ថកិច្ច សុំគ្រាន់តែថាត្រឹមធ្វើកិច្ចសន្យា ហើយឱ្យគាត់ឈប់ពាក់អាវខេមរភូមិន្ទ (អាវទាហានប៉ារ៉ា) ហើយឱ្យមកផ្ទះវិញមក ព្រោះធ្វើដោយសារតែការភាន់ច្រឡំដែរ ហើយក្នុងគោលការណ៍របស់គណបក្សក៏មិនបានឱ្យពាក់អាវអីចឹងដែរ»។ ទន្ទឹមនឹងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះអាចនាំឱ្យមានការរិះគន់បន្ថែម ប្រសិនបើការអនុវត្តច្បាប់មិនមានភាពច្បាស់លាស់។ លោកបន្ថែមថា ការពាក់ឯកសណ្ឋានដែលមានសញ្ញាសម្គាល់ជាផ្លូវការរបស់កងកម្លាំង អាចផ្ទុយនឹងច្បាប់ ប៉ុន្តែបើជាឯកសណ្ឋានស្រដៀងដែលមិនមានសញ្ញាសម្គាល់ អាជ្ញាធរគួរពិនិត្យឱ្យបានហ្មត់ចត់មុនសម្រេចចោទប្រកាន់ ឬឃុំខ្លួន។ លោកបន្តថា៖ «ករណីនេះគួរតែពិនិត្យមើលឱ្យបានច្បាស់លាស់ដែរ បើសិនជាខោអាវស្លៀកពាក់ឯកសណ្ឋាននោះមិនមានសញ្ញាសម្គាល់ជាអង្គភាព ឬក៏ជាកងកម្លាំងទេ ខ្ញុំគិតថាអាជ្ញាធរនិងតុលាការលោកគួរតែពិនិត្យពិចារណាទៅលើចំណុចទាំងអស់មុននឹងធ្វើការចោទប្រកាន់ ឬក៏ឃុំខ្លួនណាមួយ ដើម្បីបញ្ចៀសនូវការរិះគន់»។ អ្នកសារព័ត៌មានបានព្យាយាមទាក់ទង អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ឈុងហេង និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប៉ុន្តែមិនទាន់ទទួលបានការបញ្ជាក់លម្អិតជុំវិញករណីនេះនៅឡើយទេ៕

មនុស្សជាង២០០នាក់ជួបជុំគ្នាទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
ប្រជាពលរដ្ឋ សកម្មជន យុវជន តំណាងសហជីព អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលប្រមាណជាង ២០០ នាក់ បានជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។ អ្នកចូលរួមនៅតែអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកយុត្តិធម៌ពេញលេញជូនលោកបណ្ឌិត កែម ឡី និងគ្រួសារ។ ពិធីសូត្រមន្តឧទ្ទិសកុសល និងរម្លឹកវិញ្ញណក្ខន្ធឆ្នាំនេះ មិនមានវត្តមានព្រះសង្ឃចូលរួមនោះទេ ដោយពិធីនេះ ត្រូវបានដឹកនាំដោយអាចារ្យសូត្រឧទ្ទិសកុសលជូនលោក។ អ្នករៀបចំពិធីបានលើកឡើងថា ការមិនមានព្រះសង្ឃចូលរួម គឺដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់ ឬសម្ពាធដែលអាចកើតមានចំពោះព្រះសង្ឃ ដូចដែលធ្លាប់កើតឡើងកន្លងមក។ កាលពីឆ្នាំ២០២០ អាជ្ញាធរខណ្ឌចំការមនបានហាមឃាត់ការប្រារព្ធពិធីរំលឹកជាសាធារណៈ ខណៈសកម្មជនយុវជន និងព្រះសង្ឃមួយចំនួនត្រូវបានរារាំងមិនឱ្យចូលរួមរំលឹកខួប៤ឆ្នាំនៃការស្លាប់របស់បណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច។ ប៉ុន្តែសម្រាប់ការប្រារព្ធនៅឆ្នាំនេះ អាជ្ញាធរមិនបានដាក់កម្លាំង ឬរបាំងរារាំងអ្នកចូលរួមឡើយ ដោយគ្រាន់តែមានសមត្ថកិច្ចមួយចំនួនស្លៀកពាក់ស៊ីវិលចូលរួមឃ្លាំមើលការជួបជុំប៉ុណ្ណោះ។ ថ្លែងនៅចំពោះមុខអ្នកចូលរួម ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តរំលឹកដល់វីរភាពរបស់បណ្ឌិត កែម ឡី ជារៀងរាល់ថ្ងៃទី១០ ខែកក្កដា។ លោកមានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំសូមអំពាវនាវដល់កូនខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យតែដល់ថ្ងៃទី១០ ខែកក្កដា ត្រូវតែរួមគ្នាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី»។ លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិនិត្យ និងស៊ើបអង្កេតឡើងវិញលើករណីសម្លាប់បណ្ឌិត កែម ឡី និងសកម្មជនដទៃទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា ការរំលឹកខួបបណ្ឌិត កែម ឡី គឺជាការចងចាំនូវវីរភាព និងគុណតម្លៃដែលលោកបានបន្សល់ទុកសម្រាប់សង្គម ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។ លោកមានប្រសាសន៍ថា៖ «ទោះបីជាលោកបណ្ឌិត កែម ឡី បានបាត់បង់ជីវិតទៅហើយក៏ដោយ ប៉ុន្តែអ្វីដែលគាត់បានសាបព្រោះ និងបន្សល់ទុក នឹងត្រូវបានយុវជនជំនាន់ក្រោយបន្ត ដើម្បីជាតិ និងការហ៊ាននិយាយការពិតនៅក្នុងសង្គម»។ លោក អំ សំអាត ក៏បានបញ្ជាក់ផងដែរថា អង្គការសង្គមស៊ីវិលនៅតែបន្តទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានពេញលេញ ដើម្បីស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។ មន្រ្តីគោលនយោបាយនិងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ បានសម្តែងការសោកស្តាយចំពោះការបាត់បង់បណ្ឌិត កែម ឡី ដោយចាត់ទុកលោកជាគំរូនៃការហ៊ានលើកឡើងពីបញ្ហាសង្គម និងនិយាយការពិត។ កញ្ញា បានដកស្រង់ពាក្យមួយដែលបណ្ឌិត កែម ឡី ធ្លាប់លើកឡើងថា៖ «បើទោះបីជាយើងមិនបានធ្វើអ្វីសោះ ក៏គង់តែទទួលរងគ្រោះ ដែលគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។ កញ្ញាបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រឆាំងអយុត្តិធម៌ និងកសាងសង្គមដែលមានយុត្តិធម៌។ ក្រោយចប់ពិធីជួបជុំនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមអ្នកចូលរួមបាននាំគ្នាធ្វើដំណើរទៅកាន់វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើពិធីសាសនាបន្ត។ វត្តពោធិយារាមនេះហើយ ដែលសពរបស់បណ្ឌិត កែម ឡី ត្រូវបានតម្កល់ធ្វើបុណ្យនៅទីនោះ កាលពីឆ្នាំ២០១៦ មុនត្រូវបានដង្ហែទៅបញ្ចុះនៅគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ជុំវិញការទាមទារឱ្យមានការស៊ើបអង្កេតបន្ថែមលើឃាតកម្មបណ្ឌិត កែម ឡី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ លើកឡើងថា ការទាមទារនេះ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋស្ថិតនៅក្នុងប្រទេសដែលអនុវត្តប្រជាធិបតេយ្យដូចកម្ពុជា។ លោកបន្តថា៖« អ៊ីចឹងគាត់មានសិទ្ធិចង់បាននេះចង់បាននោះជាសិទ្ធិរបស់គាត់ ហើយហ្នឹងបង្ហាញប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែពួកគាត់មានសិទ្ធិ ពួកគាត់ក៏ត្រូវគោរពចំពោះការសម្រេចចិត្តរបស់តុលាការដែរ ចឹងការទៅតុលាការគេសម្រេចយ៉ាងណាគេបើកការស៊ើបអង្កេតឆន្ទានុសិទ្ធិរបស់តុលាការក្នុងការកាត់សេចក្តីរកឃើញបែបណា នោះគឺជាសិទ្ធិរបស់តុលាការកុំគ្រាន់តែទាមទារឲ្យគេគោរពសិទ្ធិ ឬក៏អនុវត្តតាមការទាមទាររបស់ខ្លួន ប៉ុន្តែមិនគោរពសិទ្ធិរបស់គេវិញមិនដឹងថា គួរតែស្ថិតនៅក្នុងការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ»។ គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

សង្គមស៊ីវិលនិងសកម្មជនសិទ្ធិមនុស្សធ្វើបុណ្យរំលឹកខួប១០ឆ្នាំទាមទារយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្តបង្សកូល ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនៃមរណភាពរបស់លោក ដោយមានអ្នកចូលរួមជាង ៤០នាក់។ កម្មវិធីនេះក៏មានកិច្ចពិភាក្សារយៈពេលជិតមួយម៉ោងក្រោមប្រធានបទ «ការចងចាំលោកបណ្ឌិត កែម ឡី» ដែលវាគ្មិនជាច្រើនបានចែករំលែកអនុស្សាវរីយ៍ ទស្សនៈ និងការប្តេជ្ញាបន្តគុណតម្លៃដែលលោកបានបន្សល់ទុក។ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) លោក នី សុខា បានរំលឹកពីបទពិសោធន៍របស់លោកជាមួយលោកបណ្ឌិត កែម ឡី ក្នុងអំឡុងពេលដែលលោកជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦។ លោកបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី បានខិតខំផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ព្រមទាំងពិភាក្សាអំពីស្ថានការណ៍នយោបាយ និងសង្គមនៅពេលនោះ។ លោក នី សុខា បានកោតសរសើរភាពក្លាហានរបស់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយការពិត និងលះបង់ពេលវេលាជាមួយគ្រួសារ ដើម្បីបម្រើផលប្រយោជន៍សង្គម និងប្រទេសជាតិ។ លោកថ្លែងថា៖ «មានឃ្លាមួយដែលខ្ញុំចងចាំគាត់និយាយ គឺទឹកចិត្តប្រជាពលរដ្ឋ។ ទោះបីជាពេលនេះគាត់បានស្លាប់មែន ប៉ុន្តែឆន្ទៈ និងស្មារតីរបស់គាត់នៅរស់ក្នុងទឹកចិត្តមហាជន។ ប៉ុន្តែស្មាតីគាត់ មនសិការគាត់អត់ស្លាប់ទេគឺនៅក្នុងស្រទាប់មហាជន»។ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី លោក នី សុខា បានលើកឡើងថា សាធារណជនជាច្រើននៅតែបន្តទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ដោយលោកយល់ថា ការស្វែងរកយុត្តិធម៌នៅមិនទាន់បានបញ្ចប់នៅឡើយ។ លោកមានប្រសាសន៍ថា៖ «រឿងយុត្តិធម៌សម្រាប់គាត់មិនអាចស្ងប់បានទេព្រោះគាត់ជាអ្នកស្រឡាញ់យុត្តិធម៌ដែលកាលគាត់នៅរស់ ។ មិនមែន[ត្រឹមតែ]លោកបណ្ឌិតមិនស្ងប់ទេ សូម្បីតែប្រជាពលរដ្ឋយើងភាគច្រើននៅតែមិនស្ងប់ដែរ»។ សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា បានថ្លែងថា ខួប ១០ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី គឺជាពេលដែលប្រជាពលរដ្ឋគួររំលឹកដល់គុណតម្លៃ និងស្មារតីជាតិនិយមរបស់លោក ជាជាងគ្រាន់តែរំលឹកអំពីការស្លាប់។ លោកថ្លែងប្រាប់ថា៖«ខ្ញុំមានសារពីរ ទី១ ស្លាប់ឲ្យដូចលោកបណ្ឌិត [កែម ឡី] (មិនមែនស្លាប់ដោយសារការលួចសម្លាប់នរណាម្នាក់ទេ) ស្លាប់ដូចលោកបណ្ឌិតចង់សម្តៅថាស្លាប់ដោយ បន្សល់ទុកនូវកិត្តិយស ស្លាប់ដោយបន្សល់ទុកនូវស្មារតីជាតិនិយម បន្សល់ទុកនូវគំនិតយោបល់សម្រាប់ដោះស្រាយសង្គម។ [ទី២]រស់ឲ្យដូចដើមឈើចង់សម្តៅថា ដើមឈើវាយ៉ាងហោចណាស់ជាម្លប់សម្រាប់អ្នកកាប់ដើមឈើដែរ ចង់ផ្តាំអ្នកកាប់ឈើត្រូវគិតថា យ៉ាងហោចណាស់ជាម្លប់សម្រាប់ខ្លួនឯងដែរ។ លោកបន្តថា៖«គួរតែបន្តលើកទឹកចិត្ត គួរតែបន្តដាំដើមឈើឲ្យបានច្រើន គួរតែស្រោចទឹកឲ្យបានល្អ កុំតែដើមឈើលូតបន្តិចបន្តួចកាប់សម្លាប់ វាមិនមែនជាជម្រើសល្អសម្រាប់ដឹកនាំសង្គមនោះទេ»។ ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានលើកឡើងថា ពាក្យសម្តីរបស់លោកបណ្ឌិត កែម ឡី នៅតែជាកម្លាំងចិត្តសម្រាប់អ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ។ អ្នកស្រីបានឱ្យដឹងថា លោកបណ្ឌិត កែម ឡី ធ្លាប់រំលឹកថា អ្នកតស៊ូមតិគួរត្រៀមខ្លួនសម្រាប់ «វីសា» បីប្រភេទ គឺវត្ត ពេទ្យ និងពន្ធនាគារ ដែលអ្នកស្រីចាត់ទុកថាជាការដាស់តឿនឱ្យអ្នកការពារសិទ្ធិមនុស្សត្រៀមខ្លួនប្រឈមនឹងការលំបាកក្នុងបេសកកម្មរបស់ខ្លួន។ អ្នកស្រីលើកឡើងថា៖«អ្វីដែលខ្ញុំអាចចូលរួមចំណែកខ្ញុំអាចធ្វើបន្តទៅមុខទៀតបានយកអ្វីដែលចែករំលែករបស់គាត់ ការលើកឡើងរបស់គាត់ហ្នឹង បន្តដំណើរទៅមុខទៀតដោយយើងអត់បោះបង់ទេ។ បើសិនជាយើងក្រុមវិស័យការងារឬក៏អ្នកស្រឡាញ់គ្រប់វិស័យការងារទាំងអស់ ចូលរួមសាមគ្គីភាពគ្នាថ្ងៃណាមួយគាត់នឹងបានយុត្តិធម៌»។ អ្នកស្រីបន្ថែមថា ការបង្កើតសាមគ្គីភាពក្នុងចំណោមអ្នកការពារសិទ្ធិ និងកម្មករ គឺជាវិធីមួយដើម្បីបន្តស្មារតី និងបេសកកម្មដែលលោកបណ្ឌិត កែម ឡី បានបន្សល់ទុក។ ក្នុងឱកាសរំលឹកខួប ១០ឆ្នាំនេះ អង្គការសង្គមស៊ីវិលជាច្រើន រួមមាន អង្គការសង់ត្រាល់ (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) សមាគមអាដហុក (ADHOC) និងអង្គការដទៃទៀត បានរៀបចំសកម្មភាពផ្សេងៗ ដូចជាការបង្ហោះសារលើបណ្តាញសង្គម ផ្សព្វផ្សាយវីដេអូអំពីទស្សនៈ និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ព្រមទាំងអញ្ជើញសាធារណជនចូលរួមបញ្ចេញមតិស្វែងរកយុត្តិធម៌ជាដើម។ នៅថ្ងៃទី៩ ខែកក្កដា អង្គការមួយចំនួនបានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ រីឯនៅថ្ងៃទី១០ ខែកក្កដា ក្រុមសង្គមស៊ីវិលគ្រោងជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ដែលជាកន្លែងលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសាសនាឧទ្ទិសកុសលជូនលោក។ គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

តុលាការកំពូលផ្តន្ទាទោសលោក កើត សារ៉ាយ ដាក់ពន្ធនាគារ ៤ឆ្នាំ ដដែល
តុលាការកំពូលនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសសាលដីកាតម្កល់ការផ្តន្ទា ទោសប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ(KSILA)លោក កើត សារ៉ាយ ដាក់ពន្ធនាគារ ៤ឆ្នាំ និងពិន័យប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក កើត សារ៉ាយ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារ។ សហមេធាវីការពារក្ដីឱ្យ លោក កើត សារ៉ាយ គឺលោក អែម ចន្ថា ប្រាប់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលផ្តន្ទាទោសកូនក្ដីលោកទុកជាបានការដដែល។ លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំងដោយសារថាតុលាការកំពូលពុំបានទទួលយកនូវអ្វីដែលជាការលើកអំណះអំណាងរបស់កូនក្ដីខ្ញុំបាទ ក៏ដូចជាសហមេធាវីដែលបានលើកឡើងអំពីអង្គច្បាប់ និងអង្គហេតុមួយចំនួនដែលជាការភ័ន្តច្រឡំដែលធ្វើការចោទប្រកាន់កូនក្ដីខ្ញុំបាទតាំងពីសាលាដំបូង[...]កូនក្ដីយើងខ្ញុំធ្វើនេះពុំមានចេតនាដូចការចោទប្រកាន់ទេ។ វាជាសកម្មភាពនៃការធ្វើការរបស់សមាគម»។ ម្ដាយរបស់លោក កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉ែម មិនបានទៅតុលាការកំពូលដើម្បីស្ដាប់ការប្រកាសសាលដីការឿងកូនប្រុសគាត់ទេ ដោយសារគាត់ឈឺ និងរស់នៅឆ្ងាយរាប់រយគីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មានជំងឺបេះដូងផង បញ្ហាសួតផង និងកំពុងឈឺគ្រុនទៀត អ្នកស្រី ចាប យ៉ែម មានអារម្មណ៍ក្ដុកក្ដួល និងអស់សង្ឃឹមពេលទទួលដំណឹងថាតុលាការមិនលើកលែងទោសឱ្យកូនប្រុសគាត់។ អ្នកស្រីថា៖ «យាយក្ដុកក្ដួលក្នុងចិត្តណាស់ គេអត់អធ្យាស្រ័យឱ្យ[...]ការកាត់ទោសនេះដូចជាអយុត្តិធម៌ហួសហើយ មិនលើកលែងឱ្យ[...]បារម្ភពីកូនបារម្ភហើយកូន បារម្ភហួសពីបារម្ភ យប់ឡើងដេកស្រមៃឃើញកូនក៏មាន នឹកឃើញតែក្នុងថ្ងៃនេះគឺសង្ឃឹមច្រើនថានឹងកូនបានចេញ ដល់ពេលនេះអត់វិញ សង្ឃឹមឃើញកូនមកជួបណាមួយខ្ញុំមានជំងឺរាងទ្រុឌទ្រោមក្នុងខ្លួនដែរ យាយអស់សង្ឃឹម»។ ស្ត្រីវ័យ៨០ប្លាយឆ្នាំរូបនេះស្នើសុំអាជ្ញាធរ និងរដ្ឋាភិបាលមេត្តាលើកលែងទោសដល់លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។អ្នកស្រីបន្ថែមថា៖ «គួរតែលើកលែងទោសឱ្យកូនខ្ញុំព្រោះមិនបានធ្វើអីធំដុំ។ អាជ្ញាធរ រដ្ឋាភិបាលក៏សុំអធ្យាស្រ័យឱ្យកូនខ្ញុំផង ព្រោះខ្ញុំកាន់តែចាស់ហើយ ត្រូវពឹងលើកូន[...]ព្រោះខ្ញុំកាន់តែទ្រុឌទ្រោមហើយ»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ខកចិត្តចំពោះ តុលាការកំពូលដែលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប។ លោកថា៖ «អ្វីដែលយើងខកចិត្តក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សគឺសំខាន់ជាងគេគឺសេរីភាពក្នុងការបញ្ចេញមតិ[...]វាជាការធ្វើទុក្ខមួយ ជាការឈឺចាប់មួយសម្រាប់ពួកគាត់ ហើយបង្កជាការព្រមានដល់អង្គការផ្សេងៗ ក៏ដូចយុវជនផ្សេងៗមិនហ៊ានឱ្យនិយាយ មើលឃើញខុសហើយមិនហ៊ាននិយាយ នេះជាការគំរាមកំហែងផ្នែកស្មារតីមួយទៀតសម្រាប់ដល់អ្នកដែលហ៊ាននិយាយ»។ លោក សុខសាន្ត អំពាវនាវដល់រដ្ឋាភិបាលជួយអន្តរាគមន៍ ដោយស្នើសុំដល់ព្រះមហាក្សត្រឱ្យដោះលែងសកម្មជនសង្គមទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ពីព្រោះពួកគេដើរតួនាទីបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល។ កាលពីដើមខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ នៅការិយាល័យរបស់លោកនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះដីធ្លីមួយនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ និងបង្គាប់ឱ្យសងសំណងចំនួន ២លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារមិនរាងចាល តាមបញ្ញតិ្តមាត្រា ៨៨ មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់ជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធករណីលោកទាមទារឱ្យដោះលែងអតីតមេដឹកនាំសហជីពលោក រ៉ុង ឈុន ខណៈដែលលោក ឈុន កំពុងជាប់ពន្ធនាគារ៕

បុគ្គលិកធនាគារម្នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ២ឆ្នាំពីបទញុះញង់
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្ដន្ទាទោសអ្នកប្រើប្រាស់បណ្តាញសង្គម លោក ម៉ៃ បុត្រ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមការប្រកាសរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ បើតាមអង្គការលីកាដូដដែល លោក ម៉ៃ បុត្រ បច្ចុប្បន្នវ័យ៣៦ឆ្នាំ គឺជាបុគ្គលិកធនាគារ ហើយលោកត្រូវរងការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ញើជាកម្រងសារសន្ទនាក្នុងក្រុមតេលេក្រាមមួយដែលរិះគន់ថ្នាក់ដឹកនាំប្រទេស។ បងប្រុសរបស់លោក ម៉ៃ បុត្រ គឺលោក ម៉ៃ រុន យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសប្អូនប្រុសដាក់ពន្ធនាគារ ២ឆ្នាំ ជារឿងអយុត្តិធម៌សម្រាប់ប្អូនប្រុសលោក។ លោកថា៖ «ចាប់ខ្លួនទាំងគ្មានកំហុស យើងនៅក្រោមគេៗចង់ចាប់យើងចោទយើងម៉េចក៏បាន យើងអត់មានធ្វើកំហុសអីខុសគេចាប់ ទុកឱ្យប្រពន្ធកូនរងទុក្ខ កូនតូចៗកូនមួយឆ្នាំពីរឆ្នាំតូចៗហើយគ្នាព្រាត់ឪពុក។ និយាយទៅវាមិនសមនឹងចាប់ គ្រាន់តែចាប់យើងគ្រាន់តែអប់រំណែនាំទៅអត់ ដាច់ចិត្តដាក់ទោសគ្នា»។ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាប់ខ្លួនលោក ម៉ៃ បុត្រ នៅធនាគារដែលគាត់ធ្វើការនៅខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់សាច់ញាត់លោកបុត្រ។ ប្រភពដដែលថា ករណីចាប់ខ្លួននេះសង្ស័យពាក់ព័ន្ធរឿងលោក ម៉ៃ បុត្រ ចែករំលែករឿងនយោបាយនៅតាមបណ្ដាញសង្គម។ ចាប់តាំងពីពេលត្រូវបានចាប់ខ្លួននោះ លោក ម៉ែ បុត្រ មិនមានមេធាវីការពារក្តីនោះឡើយ។ បងប្រុសរបស់លោក ម៉ៃ បុត្រ គឺលោក ម៉ៃ រុន ប្រាប់ថា ដំបូងឡើយលោកចង់ពឹងពាក់មេធាវីអង្គការក្រៅរដ្ឋាភិបាលដើម្បីការពារក្ដីឱ្យប្អូនប្រុសលោក ក៏ប៉ុន្តែលោកសម្រេចមិនពឹងមេធាវីវិញ ដោយក្រឡាបញ្ជីមួយរូបនៅសាលាដំបូងរាជធានីភ្នំពេញបានផ្ដល់យោបល់ដល់លោកថាមិនបាច់មានមេធាវីទេ។ បន្ថែមពីនេះ លោក ម៉ៃ រុន ក៏បារម្ភថាតុលាការអាចកាត់ទោសប្អូនលោកធ្ងន់ជាងនេះ បើសិនគាត់ពឹងមេធាវីអង្គការសិទ្ធិមនុស្ស ។ លោកបន្ថែមថា៖ «ខ្ញុំសួរក្រឡាបញ្ជីនៅខាងតុលាការហ្នឹងហើយថា រឿងហ្នឹងមិនបាច់រកមេធាវីទេ រកមេធាវីក៏វាមិនកើត ក៏វាមិនអាចទៅរួចដែរ ព្រោះអីខាងរាជរដ្ឋាភិបាលជាអ្នកចោទ រកមេធាវីប៉ុន្មានក៏វាមិនអាចទៅរួចដែរ មានតែតាមដំណើរហ្នឹងទៅ»។ ជាមួយគ្នានេះ លោក ម៉ៃ រុន ថាលោកនឹងមិនបន្តនីតិវិធីរឿងក្ដីប្អូនប្រុសលោកទេ ព្រោះលោកគ្មានសង្ឃឹមថាតុលាការនឹងឱ្យប្អូនលោករួចផុតពីការចោទប្រកាន់ឡើយ ព្រោះលោកសង្កេតឃើញពលរដ្ឋឯទៀតដែលត្រូវកាត់ទោសពីបទ ញុះញង់ ទោះប្ដឹងបន្តយ៉ាងណាក៏មិនអាចរួចទោសដែរ។ ចំណែកឯភរិយារបស់លោក ម៉ៃ បុត្រ គឺអ្នកស្រី គង់ ស្រីពៅ ប្រាប់ថា អ្នកស្រីមិនរំពឹងថាតុលាការដោះលែងប្ដីគាត់ឡើយ តាំងតែពីមុនតុលាការសម្រេចសេចក្តីម៉្លេះ។តែយ៉ាងណា អ្នកស្រី គង់ ស្រីពៅ យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញករណីប្ដីគាត់ ហាក់ធូរស្រាកជាងអ្នកឯទៀតដែលជាប់បទចោទដូចប្ដីគាត់ដែរ។ អ្នកស្រីថា៖ «ខ្ញុំខ្វល់ខ្វាយដូចតែគ្នាទេលោកគ្រូ ប៉ុន្តែទោះថាយើងធ្វើអីក៏អត់ចេញដែរ ព្រោះអីរឿងនេះរឿងនយោបាយ។ តែខ្ញុំគិតថាហ្នឹងអាចនឹងធូរហើយ»។ អ្នកស្រីថា ការសម្រេចនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ ពីព្រោះបំណុលធនាគារទាំងជាង២ម៉ឺនដុល្លារ និងបន្ទុកគ្រួសារទាំងមូលត្រូវធ្លាក់មកលើគាត់។ អ្នកស្រី ពៅ ត្រូវសងត្រឡប់ទៅធនាគារវិញជាង ៣០០ ដុល្លារជាប្រចាំខែ ខណៈគាត់ត្រូវមើលថែកូនៗ៤នាក់អាយុចន្លោះពី៣ ទៅ១១ឆ្នាំ។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាអាជ្ញាធរមិនបែងចែកឱ្យច្បាស់រវាងសិទ្ធិ និងបទល្មើស ដូចក្នុងករណីចាប់ខ្លួននិងកាត់ទោសអ្នកប្រើប្រាស់បណ្ដាញសង្គមនេះជាដើម វានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានធ្វើសច្ចាប័ន។ លោកថា៖ «បើសិនជាអាជ្ញាធរ ក៏ដូចជាតុលាការមិនបានបែងចែកឱ្យបានដាច់ពីគ្នាថាអ្វីជាការបញ្ចេញមតិ អ្វីជាបទល្មើសទេ អាហ្នឹងវានាំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ»។ របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ចំនួន១១៧នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ៕

កូដករណាហ្គាវើលដ៍ អំពាវនាវតុលាការឱ្យទម្លាក់បទចោទក្នុងរឿងក្ដីដែលបនល្បែងណាហ្គាជាដើមបណ្ដឹង
កូដករណាហ្គាវើលដ៍ កញ្ញា សុខ ថាវុធ បានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ពាក់ព័ន្ធនឹងបទចោទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស»។ ក្រោយការចូលបំភ្លឺ កញ្ញានិងអ្នកគាំទ្របានអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។ យោងតាមដីកាបង្គាប់ឱ្យចូលខ្លួនដែលអ្នកសារព័ត៌មានទទួលបាន សាលាដំបូងរាជធានីភ្នំពេញបានកោះហៅកញ្ញា សុខ ថាវុធ ឱ្យចូលខ្លួនបំភ្លឺជាលើកទី២ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។ ការកោះហៅលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ កូដករណាហ្គាវើលដ៍ កញ្ញា សុខ ថាវុធ បានបដិសេធការចោទប្រកាន់ទាំងអស់ ដោយអះអាងថា ខ្លួនគ្រាន់តែចូលរួមកូដកម្មដើម្បីទាមទារដំណោះស្រាយវិវាទការងារប៉ុណ្ណោះ។ កញ្ញានិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាវាជារឿងអយុត្តិធម៌ខ្លាំង ដោយសារតែខ្ញុំជាកម្មករ យើងអត់មានដំណោះស្រាយហើយត្រូវបានខាងតុលាការចោទទៀត ចឹងយើងមានអារម្មណ៍ខកចិត្តមែនទែន។ យើងអត់បានធ្វើទេ គោលដៅយើងទៅ គឺយើងទៅតែកូដកម្មដើម្បីរកដំណោះស្រាយពីក្រុមហ៊ុនណាហ្កាវើលដ៍ យើងអត់មានគំនិតកូនចិត្តដែលទៅធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុននោះទេ»។ កញ្ញាបានបន្តថា ការបន្តនីតិវិធីព្រហ្មទណ្ឌនេះ ធ្វើឱ្យកូដករមានអារម្មណ៍ថាកំពុងរងសម្ពាធ និងការគំរាមកំហែង ខណៈដែលវិវាទការងារនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។កញ្ញាលើកឡើងទៀតថា៖ «ខ្ញុំស្នើទៅកាន់គ្រប់ថ្នាក់ដឹកនាំទាំងអស់ ស្នើឱ្យពន្លឿនការដោះស្រាយវិវាទនៅណាហ្កានេះទៅ ប្រសិនបើយើងថាគោរពច្បាប់ការងារ ច្បាប់កម្មករ ស្រឡាញ់កម្មករ ខ្ញុំសង្ឃឹមថាអាជ្ញាធរនឹងដោះស្រាយរឿងវិវាទនេះឱ្យចប់ៗទៅ ទើបហៅថាបានគោរពសិទ្ធិ និងគោរពច្បាប់ការងារនៅស្រុកខ្មែរមែន»។ ចំណែកអតីតបុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី រតនា ដែលបានទៅចូលរួមគាំទ្រកូដករ ក៏បាននិយាយដែរថា ការចាត់វិធានការផ្លូវច្បាប់លើកូដករគឺមានភាពអយុត្តិធម៌ ព្រោះពួកគេគ្រាន់តែទាមទារសិទ្ធិការងារ និងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា កូដកម្មរបស់ពួកគេមិនពាក់ព័ន្ធនឹងនយោបាយ ឬការប្រព្រឹត្តបទល្មើសឡើយ ហើយបានស្នើឱ្យតុលាការទម្លាក់បទចោទ និងពន្លឿនការដោះស្រាយវិវាទការងារ។ អ្នកស្រីនិយាយថា៖ «ខ្ញុំសង្ឃឹមថាតុលាការនឹងទម្លាក់ចោលបទចោទ រាល់បទចោទទាំងអស់មិនថាតែកូដករ សុខ ថាវុធ នោះទេ គឺទម្លាក់រាល់បទចោទទាំងអស់ទៅលើកូដករផ្សេងទៀតដែលមានដីកានៅតុលាការ។ សូមឱ្យថ្នាក់ដឹកនាំក្រសួងដែលពាក់ព័ន្ធផ្សេងៗ ជួយពន្លឿនក្នុងការដោះស្រាយរឿងក្រុមហ៊ុនណាហ្គាវើលដ៍ផង ព្រោះវាមានរយៈពេលជិត ៥ ឆ្នាំហើយដែលពួកខ្ញុំរងភាពអយុត្តិធម៌»។ ប្រជាពលរដ្ឋម្នាក់ដែលជាអ្នកគាំទ្រកញ្ញា សុខ ថាវុធ គឺអ្នកស្រី អេង សុខា បានអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍បញ្ចប់វិវាទការងារជាមួយអតីតបុគ្គលិក និងបញ្ឈប់ការបន្តចាត់វិធានការផ្លូវច្បាប់លើកូដករតទៅទៀត។ អ្នកស្រីក៏បានស្នើឱ្យតុលាការផ្តល់យុត្តិធម៌ដោយទម្លាក់បទចោទប្រកាន់ និងលើកទឹកចិត្តឱ្យអាជ្ញាធរគោរពសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់ប្រជាពលរដ្ឋផងដែរ។ អ្នកស្រីនិយាយថា៖ «ខ្ញុំយល់ថាថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវតែបញ្ចប់បញ្ហាជាមួយបុគ្គលិកឱ្យបានចប់សព្វគ្រប់ទៅ កុំបន្តការគំរាមកំហែង និងកោះហៅគាត់ឡើងតុលាការទៀតអី។ ព្រោះអតីតបុគ្គលិកណាហ្គាវើលដ៍គាត់មានបញ្ហាជីវភាព ដូចជាម្តាយគាត់ចាស់ជរា ហើយគាត់មានកូនតូចត្រូវការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ ដូច្នេះសូមបញ្ចប់វិវាទការងារទាំងអស់ហ្នឹងទៅ»។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា កូដករណាហ្គាវើលដ៍ និងសមាជិកសហជីពបានធ្វើកូដកម្មដោយសន្តិវិធីដើម្បីទាមទារដំណោះស្រាយវិវាទការងារ ហើយលោកយល់ថា សំណុំរឿងទាំងនេះគួរតែត្រូវបានដោះស្រាយក្រោមច្បាប់ការងារ មិនមែនជានីតិវិធីព្រហ្មទណ្ឌនោះទេ។ លោក អំ សំអាត ក៏បានលើកឡើងបន្ថែមថា វិវាទការងារនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបន្តជះឥទ្ធិពលមិនល្អដល់ភាគីពាក់ព័ន្ធ និងរូបភាពនៃវិស័យការងាររបស់កម្ពុជា។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការចរចា និងឈានទៅរកការបញ្ចប់វិវាទ។ លោកបានបញ្ជាក់ថា៖ «ចំពោះសំណុំរឿងនៅតុលាការនេះ គឺតុលាការគួរពិនិត្យមើលលើអង្គហេតុ និងអង្គច្បាប់ ភស្តុតាង និងមូលហេតុ។ បើជាការល្អ គួរលើកលែងការចោទប្រកាន់លើពួកគាត់ ហើយភាគីពាក់ព័ន្ធគួររួមគ្នាដោះស្រាយបញ្ចប់វិវាទការងារខាងលើឱ្យបានឆាប់ ទើបជាការប្រសើរ»។ វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិក បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ។ ក្នុងអំឡុងពេលនោះ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកសហជីពជាច្រើននាក់ រួមទាំងប្រធានរបស់ពួកគេគឺកញ្ញា ឈឹម ស៊ីថា ដែលក្រោយមកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់។ ការចាប់ខ្លួន និងការចោទប្រកាន់ទៅលើសហជីពកម្មករណាហ្គាវើលដ៍នេះ ក៏ទទួលបានការថ្កោលទោសពីសំណាក់អង្គការសិទ្ធិមនុស្សអន្តរជាតិទៀតផង៕













