កម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ

សិទ្ធិមនុស្ស

(លោក នុន ធីតា ពេលដែលគាត់ទៅខេត្តមណ្ឌលគិរី ។ (រូបភាពហ្វេសប៊ុករបស់លោក)

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពាក់អាវមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ពេលលើកស្លាកបក្សកម្លាំងជាតិ។ បុរសម្នាក់នោះឈ្មោះ នុន ធីតា ជាសកម្មជនគាំទ្រគណបក្សកម្លាំងជាតិ ប្រចាំឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក នុន ធីតា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រោះតែគាត់ពាក់អាវដែលមានសញ្ញាសម្គាល់ទាហានប៉ារ៉ា ក្នុងពេលចូលរួមលើកស្លាកគណបក្ស។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិខេត្តស្វាយរៀង។

ប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ លោក សោម មនោសុវណ្ណ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃការឃាត់ខ្លួនលោក នុន ធីតា នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងការស៊ើបសួរ ហើយគណបក្សកំពុងតាមដានករណីនេះ។ លោកបានរៀបរាប់ថា លោក នុន ធីតា បានចូលរួមសកម្មភាពលើកស្លាកគណបក្សនៅថ្ងៃទី១១ ខែកក្កដា ហើយក្រោយបញ្ចប់សកម្មភាពនៅថ្ងៃដដែល សមត្ថកិច្ចបានទៅឃាត់ខ្លួនលោកនៅលំនៅឋាន។ លោកអះអាងថា ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឱ្យលោក ឬក្រុមគ្រួសារបានឃើញនោះទេ។

លោកលើកឡើងថា៖ «សូមសំណូមពរទៅកាន់សមត្ថកិច្ច សុំគ្រាន់តែថាត្រឹមធ្វើកិច្ចសន្យា ហើយឱ្យគាត់ឈប់ពាក់អាវខេមរភូមិន្ទ (អាវទាហានប៉ារ៉ា) ហើយឱ្យមកផ្ទះវិញមក ព្រោះធ្វើដោយសារតែការភាន់ច្រឡំដែរ ហើយក្នុងគោលការណ៍របស់គណបក្សក៏មិនបានឱ្យពាក់អាវអីចឹងដែរ»។

ទន្ទឹមនឹងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះអាចនាំឱ្យមានការរិះគន់បន្ថែម ប្រសិនបើការអនុវត្តច្បាប់មិនមានភាពច្បាស់លាស់។ លោកបន្ថែមថា ការពាក់ឯកសណ្ឋានដែលមានសញ្ញាសម្គាល់ជាផ្លូវការរបស់កងកម្លាំង អាចផ្ទុយនឹងច្បាប់ ប៉ុន្តែបើជាឯកសណ្ឋានស្រដៀងដែលមិនមានសញ្ញាសម្គាល់ អាជ្ញាធរគួរពិនិត្យឱ្យបានហ្មត់ចត់មុនសម្រេចចោទប្រកាន់ ឬឃុំខ្លួន។

លោកបន្តថា៖ «ករណីនេះគួរតែពិនិត្យមើលឱ្យបានច្បាស់លាស់ដែរ បើសិនជាខោអាវស្លៀកពាក់ឯកសណ្ឋាននោះមិនមានសញ្ញាសម្គាល់ជាអង្គភាព ឬក៏ជាកងកម្លាំងទេ ខ្ញុំគិតថាអាជ្ញាធរនិងតុលាការលោកគួរតែពិនិត្យពិចារណាទៅលើចំណុចទាំងអស់មុននឹងធ្វើការចោទប្រកាន់ ឬក៏ឃុំខ្លួនណាមួយ ដើម្បីបញ្ចៀសនូវការរិះគន់»។

អ្នកសារព័ត៌មានបានព្យាយាមទាក់ទង អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ឈុងហេង និងស្នងការដ្ឋាននគរ​បាលខេត្តស្វាយរៀង ប៉ុន្តែមិនទាន់ទទួលបានការបញ្ជាក់លម្អិតជុំវិញករណីនេះនៅឡើយទេ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3209}" data-page="1" data-max-pages="1" data-start="1" data-end="1">