កិច្ច​ប្រជុំ​GBC ​កម្ពុជា-​ថៃ ​ជា​ដំណើរ​ឆ្ពោះ​ទៅ​សន្តិភាព ​បើ​ទោះ​ជា​បទ​ឈប់​បាញ់​នៅ​មាន​ភាព​ផុយ​ស្រួយ​ក្ដី​

សិទ្ធិមនុស្ស

ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការពារជាតិ)

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បានចាប់ផ្ដើមដំណើរការនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដូចការគ្រោងទុក ខណៈនឹងមានកិច្ចប្រជុំវិសាមញ្ញមួយទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ អ្នកវិភាគមួយចំនួន ចាត់ទុកកិច្ចប្រជុំនេះ ជាជំហានឈានទៅសន្តិភាពមួយសម្រាប់ប្រទេសទាំងពីរ បើទោះជាបទឈប់បាញ់នៅមានភាពផុយស្រួយយ៉ាងណាក្ដី។

ក្រសួងការពាជាតិកម្ពុជា បានឱ្យដឹងថា ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានទៅដល់ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នេះ ជាកិច្ចប្រជុំដែលគូភាគីទាំងសងខាងជជែកលំអិតពីអ្វីដែលត្រូវធ្វើបន្ទាប់ដើម្បីបានសន្តិភាពរួមគ្នាពិតប្រាកដ ក្រោយពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ។

លោកថា៖ «នៅក្នុងដំណាក់កាលដំបូងៗនេះ ក្រោយពីបទឈប់បាញ់គ្នា វាអាចមិនមានរឿងច្រើនប៉ុន្មានត្រូវជជែកទេ ប៉ុន្តែត្រូវដោះស្រាយរឿងធំៗសំខាន់ ដូចជារឿងទីមួយកម្ពុជាមាន ពីការដោះលែងកងទាហានយើងដែលថៃចាប់ខ្លួន ខ្ញុំគិតថាអាហ្នឹងវាជារឿងមួយសំខាន់។ ហើយទីពីរទៀតដើម្បីបន្ធូរបន្ថយនូវភាពតានតឹង ការគំរាមកំហែងដល់យុទ្ធជនទាំងសងខាងគឺការដកកងកម្លាំងថយទៅក្រោយឱ្យនៅឆ្ងាយពីគ្នា ព្រោះឥឡូវហ្នឹងវានៅកន្លែងខ្លះនៅ៥០ម៉ែត្រពីគ្នា មើលគ្នាឃើញ»។

លោកបណ្ឌិត មាស នី បន្ថែមថា អ្វីដែលលោករង់ចាំមើលពីកិច្ចប្រជុំនេះគឺ ចេតនារបស់ភាគីថៃ ថាតើប្រទេសនេះមានបំណងឈានទៅរកការចរចាសន្តិភាព ឬនឹងដាក់នូវលក្ខខណ្ឌចម្រូងចម្រាសផ្សេងៗទៀតដែលជាល្បិចរបស់ប្រទេសក្បែរខាងមួយនេះ។

ចំណែកឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នេះ មានសារៈសំខាន់ ពីព្រោះថាកិច្ចប្រជុំនេះជាផ្នែកមួយនៃការអនុវត្តន៍បទឈប់បាញ់គ្នារវាងប្រទេសកម្ពុជា-ថៃ។

លោកថា៖ «កិច្ចប្រជុំនេះវាអាចកាត់បន្ថយភាពតានតឹង ហើយក៏រួមចំណែកនៅក្នុងការអនុវត្តន៍បទឈប់បាញ់ផងដែរ ហើយយើងឃើញថា ខាងកម្ពុជា ខាងថៃមិនដឹងយ៉ាងណា ប៉ុន្តែបើខាងកម្ពុជានេះយើងឃើញយើងបានត្រៀមលក្ខណៈ ឃើញខាងក្រសួងការពារជាតិ គណៈកម្មការទូទៅកិច្ចការព្រំដែននោះគឺបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលរួមប្រជុំហ្នឹងហើយចាត់ទុកថាវាជាយន្តការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីដ៏មានសារៈសំខាន់មួយ»។

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា កិច្ចប្រជុំនេះគ្រាន់តែជាចំណុចចាប់ផ្ដើមមួយសម្រាប់កម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាដែលបានកើតមាន ។ លោកបន្ថែមថា គូជម្លោះទាំងពីរ ត្រូវការពេលយូរទៅមុខទៀតដើម្បីអាចដោះស្រាយជម្លោះ និងស្វែងរកសន្តិភាពត្រឡប់មកវិញ។

លោកបណ្ឌិត គិន ភា ស្នើភាគីទាំងពីរកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ដោយសុច្ឆន្ទៈ ហើយបង្កើនភាពអត់ធ្មត់ជាអតិបរមា ព្រមទាំងស្នើដល់អាស៊ាន និងអន្តរជាតិបង្កើតគណៈកម្មាការអន្តរជាតិឱ្យបានឆាប់ ដើម្បីត្រូវពិនិត្យបទឈប់បាញ់រវាងកម្ពុជា-ថៃ។

នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នា រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា បានឯកភាពសំណើរបស់លោកនាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីតាំងអព្យាក្រឹត ដែលនៅក្នុងប្រទេសម៉ាឡេស៊ីវិញ ក្នុងកំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥។ ភាគីថៃក៏បានឯកភាពតាមសំណើររបស់ភាគីកម្ពុជា ករណីកម្ពុជាស្នើឱ្យមានប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនអង្កេតការណ៍ក្នុងកិច្ចប្រជុំនេះ។

តាមរយៈហ្វេសប៊ុកស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អាល្លឺម៉ង់ស្វាគមន៍ការប្រជុំគណៈកម្មាការកិច្ចការព្រំដែនទូទៅ GBC រវាងប្រទេសកម្ពុជា និងថៃ ដោយចាត់ទុកកិច្ចប្រជុំនេះថាជាជំហានទៅរកស្ថិរភាពឡើងវិញ។

ស្ថានទូតអាល្លឺម៉ង់បន្តថា៖ «ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ»។

ស្ថានទូតអាល្លឺម៉ង់បន្ថែមថា សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា ហើយអ្នកចរចាទាំងអស់នោះត្រូវស្ដាប់សំឡេងទាមទាររបស់អ្នកដែលរងគ្រោះដោយសារជម្លោះនេះ។

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាថា កម្ពុជាទទួលបានដំណឹងពីការគ្រោងវាយលុកកម្ពុជាពីសំណាក់ភាគីថៃ តាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំ(GBC)។ ករណីនេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានតាមដានស្ថានការណ៍នេះ ដោយប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោង។

នៅម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ គ្រឿងចក្រ ចូលមកតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ក្នុងដែនអធិបតីកម្ពុជា។នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។ ក្រសួងការពារជាតិហៅទង្វើរបស់ទាហានថៃថា ជាការរំលោភបទឈប់បាញ់៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1045}" data-page="1" data-max-pages="1" data-start="1" data-end="1">