អង្គភាពប្រឆាំងអំពើពុករលួយចាប់មនុស្សចំនួន៤នាក់ ពាក់ព័ន្ធនឹងការស៊ីឈ្នួលប្រឡងចូលរៀនបរិញ្ញាបត្ររងនៅសាលាពេទ្យ។ មន្ត្រីជាន់ខ្ពស់អង្គភាពនេះ ប្រកាសស្រាវជ្រាវរកមេក្លោងនិងអ្នកស៊ីឈ្នួលបន្លំខ្លួនដទៃទៀតដែលធ្វើសកម្មភាពក្នុងថ្ងៃទី២ដែលជាថ្ងៃចុងក្រោយនៃការប្រឡង ដែលមានបេក្ខជនសរុបជាង៧ពាន់នាក់។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ACU ដែលចុះថ្ងៃទី០១ ខែកុម្ភៈ បានរៀបរាប់ថា ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានញ្ជូនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយក្នុងនោះ ២នាក់ជាមេក្លោង និង២នាក់ទៀតជាអ្នកស៊ីឈ្នួលប្រឡង។
ប្រធាននាយកដ្ឋានចារកម្មលោក អ៊ុំ សំរាំង បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា «មេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស»។
សេចក្ដីថ្លែងបន្ថែមថា៖ «ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា និងអគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថា ខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា មេក្លោងពីរនាក់និង អ្នកស៊ីឈ្នួលប្រឡងពីរនាក់ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននិងសួរចម្លើយ។ លោកបដិសេធមិនឆ្លើយអំអិតជុំវិញអត្តសញ្ញាណរបស់មនុស្សទាំងបួននាក់ ប៉ុន្តែលោកសន្យាថា នឹងបញ្ជាក់ជូននៅពេលក្រោយ។
លោក សយ ច័ន្ទវិចិត្រ៖« ព័ត៌មានផ្សេងពីនេះខ្ញុំមិនទាន់បញ្ជាក់ជូនបានឡើយ។កសាងសំណុំរឿងចប់ទើបអាចបញ្ជាក់ជូនបន្ថែមបាន»។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី មានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងរងចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់ ACU មុនសិន ពាក់ព័ន្ធនឹងការប្រឡងចូលរៀនពេទ្យកំរិតបរិញ្ញាបត្ររងនេះ។
លោក និយាយថា៖ «យើងរងចាំលទ្ធផលហ្នឹងសិន យើងអត់ទាន់ដឹងការពិនិត្យហ្នឹងម៉េចផង ត្រឹមACUកំពុងធ្វើកិច្ចការនេះ យើងកំពុងមើលកិច្ចការហ្នឹងហើយ»។
លោក បន្ថែមថា៖ «ជំហរយើងតាំងពីដើមមក យើងអត់ឱ្យមានភាពប្រក្រតីទេ ពីព្រោះយើងត្រូវការបណ្ដុះបណ្ដាលមនុស្សពិតប្រាកដ។ ចឹងជាជំហរសុខាភិបាល អត់ទទួលយកភាពមិនប្រក្រតី ឬក៏មនុស្សមិនល្អទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ថា ការប្រឡងពេទ្យជំនួសនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសុខាភិបាលកម្ពុជា នៅពេលដែលអ្នកមិនមានសមត្ថភាពក្លាយខ្លួនជាគ្រូពេទ្យ ឬវេជ្ជបណ្ឌិត។
លោក ជំរុញឱ្យអាជ្ញាធរមានការប្រុងប្រយ័ត្ន ហើយដាក់វិធានការរដ្ឋបាលនិងច្បាប់ឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់ករណីបន្លំខ្លួននេះកុំឱ្យកើតមានជាបន្តទៀត មិនថានៅក្នុងវិស័យសុខាភិបាល ឬវិស័យណានោះឡើយ។
លោក និយាយថា៖ «ដុកទ័រ ឬក៏គ្រូពេទ្យ វាជារឿងសំខាន់ណាស់ សម្រាប់ការជួយទៅដល់ជីវិតមនុស្ស សុខភាពរបស់មនុស្ស។ ហើយបើសិនជាមានអ្នកទៅប្រឡងជំនួស អ្នកដែលប្រឡងគាត់ពូកែ តែបើគាត់ជាប់ទៅ មនុស្សផ្សេងទៅរៀន ចឹងបើមនុស្សផ្សេងគាត់អសត្ថភាពហើយទៅរៀន ជាគ្រូពេទ្យជាអីចឹង វាធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហានៃវិស័យសុខាភិបាល។ បើគាត់គ្មានលទ្ធភាពប្រឡងជាប់ ហើយគេប្រឡងជំនួស ហើយដល់គាត់ទៅធ្វើជាគ្រូពេទ្យ ដុកទ័រ តើធ្វើម៉េចទៅ»។
ការស្ទង់មតិមួយដែលធ្វើឡើងដោយមន្ទីរពេទ្យ Sunrise Japan ក្នុងទីក្រុងភ្នំពេញ បានបង្ហាញថា អ្នកជំងឺកម្ពុជាចំនួន ២១០,០០០ នាក់ ជារៀងរាល់ឆ្នាំស្វែងរកការថែទាំសុខភាពនៅបរទេស ក្នុងនោះ ៧៦ភាគរយ បានជ្រើសរើសប្រទេសវៀតណាម។ ការស្ទង់មតិ បានអះអាងថា តម្លៃសេវាព្យាបាលនៅវៀតណាមធូរថ្លៃជាងកម្ពុជា ខណៈដែលគុណភាពនៃប្រព័ន្ធថែរទាំសុខភាពនៅមានវៀតណាមគឺខ្ពស់ជាងកម្ពុជា។
ដំណើរការប្រឡងចូលរៀនសាលាពេទ្យ ថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១ និងមានរយៈពេល២ថ្ងៃ គឺថ្ងៃសោរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ដែលរៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល និងមានបេក្ខជនប្រឡងសរុបចំនួន៧១១០នាក់ ដើម្បីចូលរៀននៅតាមគ្រឹះស្ថានរដ្ឋនិងឯកជនចំនួន១៧កន្លែង៕







