ក្រសួងការបរទេសកម្ពុជា៖ ថៃរំលោភលើទឹកដីកម្ពុជា ករណីធ្វើផ្លូវថ្មីមួយឆ្លងកាត់មកទឹកដីខ្មែរ

សិទ្ធិមនុស្ស

ក្រសួងការបរទេសកម្ពុជាថាការធ្វើផ្លូវថ្មីឆ្លងកាត់ចូលទឹកដីកម្ពុជាពីសំណាក់ភាគីថៃ ជាសកម្មភាពមិនទទួលខុសត្រូវ ដោយបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី ព្រមទាំងរំលោភលើអធិបតេយ្យរបស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ភាគីថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំងពីរបានសម្របសម្រួលគ្នាកន្លងមក និងបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់លើទឹកដីកម្ពុជា ទោះបីជាភាគីកម្ពុជាបានព្រមានពីគ្រោះថ្នាក់ ដែលអាចបង្កដោយគ្រាប់មីនមិនទាន់ផ្ទុះក៏ដោយ។

សេចក្តីថ្លែងការណ៍បន្តថា៖ «សកម្មភាពមិនទទួលខុសត្រូវនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោម អធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ នេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិ សម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ហុក សុភា បញ្ជាក់ថា៖« កម្ពុជាសូមជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត»។ លោកមិនពន្យល់ឬប្រតិកម្មចំៗលើករណីថៃធ្វើផ្លូវថ្មីនោះឡើយ។

កាសែត The Nation របស់ថៃ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថាថៃធ្វើផ្លូវថ្មី ជាផ្លូវដែល គឺស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តអ៊ូប៊ុនក្នុងគោលបំណងការពារសន្តិសុខជាតិរបស់ប្រទេសថៃ។ 

ជុំវិញករណីនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ប្រាប់ប្រជាកាសែតថា លោកមិនបានដឹងច្បាស់ទេថា ការធ្វើផ្លូវរបស់ភាគីថៃនោះ បានរំលោភចូលទឹកដីកម្ពុជាត្រង់ចំណុចជាក់លាក់ណាមួយនោះទេ។ តែយ៉ាងណា លោកបណ្ឌិតថា ករណីភាគីកម្ពុជាដែលនៅចំណុចព្រំដែននោះឃើញមានការរំលោភទឹកដីកម្ពុជាពីសំណាក់ថៃ នោះកម្ពុជាត្រូវព្រមានភាគីថៃលើបញ្ហានេះ។

លោកថា៖ «ប្រសិនបើយើងឃើញថា អាហ្នឹងវាជាការរំលោភឈូសចូលមកទឹកដីកម្ពុជា អាហ្នឹងយើងត្រូវតែផ្ញើនូវពាក្យដើម្បី យើងមិនថាគំរាមទេ ប៉ុន្តែគ្រាន់តែប្រាប់ទៅភាគីថៃថា បើសិនបើនៅធ្វើបន្តទៀត យើងនឹងធ្វើការតបត។ កាលណាវារំលោភដែនអធិបតេយ្យភាពគឺយើងត្រូវមានសិទ្ធិនៅក្នុងការការពារខ្លួនរបស់យើង ហើយសមស្របទៅតាមអីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។

លោកបណ្ឌិត មាស នី ថាករណីភាគីថៃនៅតែបន្តរំលោភចូលទឹកដីរបស់កម្ពុជា ភាគីកម្ពុជាត្រូវតែចាត់វិធានការក្ដៅទៅលើប្រទេសក្បែរខាងមួយនេះ ដើម្បីបញ្ឈប់ទង្វើរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងស្ថានភាពបែបនេះ បើសិនបើមានការរំលោភធ្វើផ្លូវចូលមកមែន អាហ្នឹងភាគីកម្ពុជាត្រូវតែចាត់វិធានការក្ដៅ ទៅតាមអ្វីដែលយើងបានត្រៀមទុកទៅ ព្រោះអាហ្នឹងរំលោភអធិបតេយ្យភាព អ៊ីចឹងវាការគំរាមផ្នែកប្រដាប់អាវុធត្រូវតែជាជម្រើសតែមួយគត់ដែលនឹងត្រូវធ្វើ បើសិនជាគេមិនបញ្ឈប់ទេ»។

ចំណែកឯលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថាប្រសិនប្រទេសថៃបានឈូសឆាយផ្លូវដោយយកលេសសម្អាតមីន ហើយឈូសឆាយចូលទឹកដីកម្ពុជាដូចនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាមែននោះ វាគឺជាការរំលោភដ៏ធ្ងន់ធ្ងរ។
លោកថា៖ «អញ្ចឹងប្រទេសនេះ ប្រទេសថៃនេះ យោធាថៃនេះ គឺជាប្រទេស ប្រជាជាតិមួយ ជាកងទ័ពនៃប្រជាជាតិមួយ ដែលច្រឡោងខាម មិនស្គាល់អ្វីហៅថាច្បាប់អន្តរជាតិ មិនស្គាល់អ្វីហៅថាអនុសារណៈយោគយល់គ្នា កិច្ចព្រមព្រៀងទ្វេរភាគី និងមិនឱ្យតម្លៃនៃប្រជាជាតិក្បែរខាងគ្នា»។

លោកបន្ថែមថា៖ «ប្រសិនបើនៅតែគឃ្លើនបំពានចូលទឹកដីកម្ពុជាបន្តទៀត ខ្ញុំរំពឹងថា កងទ័ពកម្ពុជានឹងឆ្លើយតបជាមួយនឹងការគឃ្លើនរបស់កងទ័ពថៃ ដែលយកលេសទៅរាវមីនអីជាដើម ហើយធ្វើជាមិនត្រូវគ្នានៅក្នុងកងទ័ព រវាងកងទ័ព និងរដ្ឋាភិបាល ដែលនេះជាលេសរបស់ថៃដើម្បីចូលឈ្លានពានប្រទេសកម្ពុជាប៉ុណ្ណោះ»។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ ក៏ស្នើរដ្ឋាភិបាលកម្ពុជាប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការដាក់បញ្ជូនឯកសារពាក់ព័ន្ធនានា ជំរុញដំណើរការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយមិនរាថយដូចការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក។

ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងឡើង ក្រោយពីទាហានថៃ បានវាយឆ្មក់ចូលកម្ពុជា និងបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់ ដោយអនុញ្ញាតឱ្យតែសិស្ស និងអ្នកជំងឺឆ្លងកាត់ប៉ុណ្ណោះ។ 
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មានករណីផ្ទុះមីនមួយបានកើតឡើងនៅតំបន់មុំបី ដែលបណ្ដាលឱ្យទាហានថៃចំនួន ៣នាក់បានរងរបួស៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1122}" data-page="1" data-max-pages="1" data-start="1" data-end="1">