ក្រុមគ្រួសារសកម្មជនចលនាមាតាធម្មជាតិខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូលមិនដោះលែងក្រុមសកម្មជនទាំង៥នាក់ឱ្យមានសេរីភាព។ ការនេះគឺបន្ទាប់ពីតុលាការបានសាលដីការនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដោយតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍។
សកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់នោះ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី។
មន្រ្តីពន្ធនាគារបានដឹក លោក ថុន រដ្ឋា ចូលស្ដាប់ការប្រកាសសាលដីការ។ ចំណែកលោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី បានដល់តុលាការក្រោយពេលដែលតុលាការប្រកាសសាលដីការួច។ ក្រៅពីនេះលោក លី ចាន់ដារ៉ាវុត និងកញ្ញា ឡុង គន្ធា មិនត្រូវបាននាំទៅតុលាការទេ។
ក្រៅពីសាច់ញាតិរបស់សកម្មជនមាតាធម្មជាតិ ការប្រកាសសាលដីការនេះក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរាជាតិ។ នៅមុខតុលាការកំពូលមានអ្នកគាំទ្រសកម្មជន និងអ្នកកាសែតទាំងក្នុងស្រុក និងក្រៅស្រុក។
សហមេធាវីការពារក្ដីឱ្យសកម្មជនចលនាមាតាធម្មជាតិគឺលោក សំ ចំរើន ប្រាប់ប្រជាកាសែតថានៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ តុលាការកំពូលបានបដិសេធសំណើសុំដោះលែងកូនក្ដីរបស់លោក។
លោកថា៖ «ព្រឹកមិញតុលាការកំពូលប្រកាសបដិសេធបណ្ដឹងសុំដោះលែងឱ្យមានសេរីភាពរបស់ពួកយើងណា៎ ដោយលើកមូលហេតុថា យើងអត់មានសំអាងហេតុនៅក្នុងមាត្រា ៤១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។
ភរិយារបស់លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បានធ្វើដំណើរពីខេត្តកណ្ដាលដោយទោចក្រយានយន្ត មករាជធានីភ្នំពេញ ជាមួយកូនស្រី ដើម្បីចូលស្ដាប់ការប្រកាសសាលដីការនៅតុលាការកំពូល។ ក៏ប៉ុន្តែអ្នកស្រី មិនបានចូលស្ដាប់ការប្រកាសសាលដីការទេ ដោយសារតុលាការមិនអនុញ្ញាតឱ្យនាំកូនតូចចូល។
ដៃបីកូនស្រី ទឹកមុខស្រពាប់ស្រពោនអ្នកស្រី ប៉ាត់ រស្មី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា អ្នកស្រីសោកស្ដាយនិងឈឺចាប់ចំពោះការសម្រេចរបស់តុលាការដែលមិនដោះលែងស្វាមីគាត់។
អ្នកស្រីថា៖ «និយាយទៅខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយហើយឈឺចាប់ៗខ្លាំងមែនទែនព្រោះយើងដឹងហើយថា កន្លងមកគាត់ធ្វើការងារដើម្បីតែបរិស្ថាន ដើម្បីតែសង្គមជាតិ ដើម្បីតែប្រទេសជាតិរបស់យើង ហេតុអីនៅបន្តដាក់គាត់នៅក្នុងពន្ធាគារទៀត វាជារឿងអយុត្តិធម៌មែនទែន ហើយវាជារឿងឈឺចាប់មែនទែនសម្រាប់ខ្ញុំ»។
អ្នកស្រីបន្ថែមថា៖ «សូមឱ្យតុលាការពិនិត្យឡើងវិញទៅថាពួកគាត់ពិតជាមនុស្សស្អាតស្អំមែនហើយឈប់ដាក់ពួកគាត់នៅក្នុងពន្ធនាគារទៀតទៅ ពួកគាត់ពិតជាចង់មានសេរីភាពដើម្បីជួបជុំគ្រួសារជួបជុំបងប្អូន ហើយដើម្បីអីដែលសំខាន់ហ្នឹងគឺពួកគាត់ចង់បានចេញមានសេរីភាពដើម្បីការពារធនធានធម្មជាតិបន្តទៀត»។

ចំណែកឯឪពុករបស់លោក យីម លាងហ៊ី គឺលោក ឡូយ យីម មានវ័យ៦៩ឆ្នាំ ប្រាប់ថា លោកនិងភរិយាលោកអាយុ៧១ឆ្នាំសុទ្ធតែមានជំងឺប្រចាំកាយដោយលោកមានជំងឺបេះដូង និងម្ដាយលាងហ៊ី មានជំងឺមហារីកដំណាក់កាលទី៣។
លោក ឡូយ យីម ថាការដែលតុលាការចោទប្រកាន់កូនប្រុសលោក ពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ ហាក់គ្មានភស្តុតាងច្បាស់លាស់នោះទេ ដោយលោកថាការចោទប្រកាន់នេះទំនងជាដោយសារកំហឹងចំពោះសកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិ។
លោកថា៖ «ខ្ញុំសូមថ្វាយបង្គុំដល់អង្គព្រះមហាក្សត្រ សុំព្រះអង្គលើកលែងទោស បើសិនជាមានការខ្វះខាតចន្លោះណា ប្រមាថដល់ព្រះចេស្ដាដល់ព្រះអង្គ សុំព្រះអង្គលើកលែងទោសដល់យុវជនក្មេងៗនេះមានកម្លាំងចិត្តបានចូលរៀន និងចូលកសាងជាតិនិងសង្គមតែមួយទៅអនាគតកុំឱ្យខ្មាសបរទេសគេជិតខាង។ សុំរាជរដ្ឋាភិបាលក៏ដូច្នោះដែរ និងតុលាការ»។

អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បដិសេធការឆ្លើយតប ដោយអ្នកស្រីថាមិនទាន់ទទួលដំណឹងពីករណីនេះឡើយ។
អ្នកស្រីថា៖ «ខ្ញុំសុំអធ្យាស្រ័យដោយសារថា ក្រុមប្រឹក្សាគាត់អ្នកសម្រេចថា ឱ្យនៅក្រៅឃុំ ឬក៏មិននៅក្រៅឃុំ»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត សង្កេតឃើញថា នៅពេលតុលាការកំពូលប្រកាសសាលដីការ មានតែសកម្មជនចលនាមាតាធម្មជាតិម្នាក់គត់ដែលចូលស្ដាប់ គឺលោក ថុន រដ្ឋា។ ចំណែកលោក យីម លាងហ៊ី និងកញ្ញា ភួន កែវរស្មី ត្រូវបានដឹកទៅដល់តុលាការពេលប្រកាសរួច។ ឯលោក លី ចាន់ដារ៉ាវុត និងកញ្ញា ឡុង គន្ធា មិនត្រូវបានដឹកទៅតុលាការទេ។
លោក សុខសាន្ត សោកស្ដាយចំពោះការបដិសេធសំណើដោះលែងក្រុមសកម្មជន ព្រមទាំងខកចិត្តដែលតុលាការក្រកាសសាលដីការដោយអវត្តមានជនជាប់ចោទ៤រូប។
លោកថា៖ «នេះជាតុលាការកំពូលមិនគួរលោកមិនបានអនុវត្តទៅតាមនីតិវិធីទេ ពេលដែលប្រកាសសាលក្រម(សាលដីការ)គឺត្រូវតែចំពោះមុខរបស់ជនជាប់ចោទ[…]ការដែលមិនយកពួកគាត់មកនេះហើយជាការសន្មត់ថាពួកគាត់មិនត្រូវបានដោះលែងឱ្យនៅក្រៅឃុំ»។
មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះស្នើសុំដោះលែងសកម្មជនបរិស្ថានទាំង៥ ដោយលើកឡើងថា សកម្មភាពរបស់ពួកគេកន្លងមកគ្រាន់តែបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការបន្តការឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ ធ្វើឱ្យពួកគេបាត់បង់សិទ្ធិក្នុងការបន្តការសិក្សា និង ការទទួលខុសត្រូវក្នុងនាមជាមេគ្រួសារដែលធានារ៉ាប់រងលើកូនតូចៗ ភរិយា ឪពុកម្តាយចាស់ជរា និងមានជំងឺ។
លោកបន្ថែមថា៖ «ការសម្រេចនេះគឺអាចធ្វើឱ្យសកម្មជនបរិស្ថាន ឬយុវជនមានការភ័យខ្លាចក្នុងការចូលរួមក្នុងកិច្ចការពារបរិស្ថាន និងជះឥទ្ធិពលមិនល្អដល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការពារបរិស្ថានរបស់សកម្មជន និងអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះដោយសារតែភាពភ័យខ្លាច»។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ដាក់ពន្ធនាគារ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ពក ខើយ លោក បិញ ពិសិដ្ឋ លោក ថុន រដ្ឋា កញ្ញា រ៉ី រក្សា ដាក់ពន្ធនាគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់។ រីឯលោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេសដេវីដសុន លោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យ ១០លានរៀល ពីបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ៕







