«ស្តង់ដារសម្រស់» បានក្លាយជាឃ្លាដ៏មានឥទ្ធិពល និងកំពុងវាយលុកផ្នត់គំនិតពលរដ្ឋមួយចំនួនធំនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ស្តង់ដារក្រៅផ្លូវការមួយនេះ បានចាក់ចូលជ្រៅទៅលើស្ត្រី និងយុវតីកម្ពុជា ដោយជំរុញពួកគេឱ្យខិតខំព្យាយាមរត់តាម ប្រឹងកែខៃស្បែកសម្បុរពីពណ៌ស្រអែមបែបអាស៊ីឱ្យទៅជាសក្បុស ក្ដោងច្រមុះទាបឱ្យទៅជាខ្ពស់ សក់រួញអង្គារដីទៅជាត្រង់ជាដើម។
ក្នុងចំណោមស្តង់ដារសម្រស់ទាំងនេះ ការផ្លាស់ប្ដូរពណ៌ស្បែកកាយ និងស្បែកមុខ ទទួលបានការពេញនិយមជាងគេ ដោយសារភាពងាយស្រួល និងតម្លៃដែលមនុស្សស្ទើរគ្រប់រូបមានលទ្ធភាពប្រើប្រាស់បាន។
ប៉ុន្តែនៅក្នុងកំប៉ុងឡេ និងក្លងម្សៅទាំងនោះ ភាគច្រើនបង្កប់ទៅដោយសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងវិស័យវេជ្ជសាស្ត្រ។ សារធាតុមួយចំនួនដែលដាច់ខាតត្រូវពាក់ស្រោមដៃដើម្បីប៉ះ តែវាត្រូវបានដាក់បញ្ចូលក្នុងគ្រឿងសម្អាងដែលយុវតី និងស្ត្រីខ្មែរ យកមកលាបបំពោកលើស្បែករាប់ខែរាប់ឆ្នាំ។
ឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងធ្វើឱ្យស្បែកស មុខរលោង ជាច្រើនម៉ាក ច្រើនប្រភេទ អស់រយៈពេលជិត ២០ ឆ្នាំ អ្នកស្រី រ៉ូម៉ា សេសសល់ត្រឹមស្បែកស្ដើង មានសង្វារ ងាយជាំ និងងាយរងប្រតិកម្ម។ ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកស្រីឱ្យដឹងថា យុវភាពរបស់អ្នកស្រីគឺលូតលាស់មកជាមួយពាក្យមួយឃ្លាគឺ «ស្បែកសទើបស្អាត» ជាពិសេសក្រោយពេលអ្នកស្រីមានជំងឺអុតស្វាយដែលបន្សល់ស្លាកស្នាមលើស្បែក។ កាលនោះក្នុងវ័យត្រឹមជាង ១០ ឆ្នាំ អ្នកស្រីបានចាប់ផ្ដើមប្រើប្រាស់គ្រីមលាប ទឹកជូត ថ្នាំជម្រុះរោម រហូតដល់ថ្នាំខាត់ស្បែក និងឈានដល់ការបកស្បែកទាំងផ្ទាំងៗ។
អ្នកស្រី រ៉ូម៉ា យល់ឃើញថា ការរត់តាមស្តង់ដារសម្រស់នៅពេលនោះ ប្រៀបបានស្តង់ដារដែលគ្មានគោលដៅ និងគ្មានទីបញ្ចប់។
អ្នកស្រី រ៉ូម៉ា លើកឡើងថា៖
«តម្រូវឱ្យស្អាត ដើម្បីយើងដេញរកភាពស្អាតរហូត។ ហើយប៉ុណ្ណឹងហើយយើងអត់គ្រប់គ្រាន់ទេ យើងគិតថា វាមិនទាន់ស មិនទាន់ត្រូវចិត្ត ដូចជាអត់រលោង អត់ម៉ដ្ឋ»។
ផ្នត់គំនិតស្តង់ដារសម្រស់ មិនត្រឹមតែបង្កភាពឈឺចាប់ដល់អ្នករត់តាមនោះឡើយ ដោយសូម្បីតែអ្នកប្រឹងរត់គេចក៏ត្រូវបានវាតាមលងបន្លាចផងដែរ។
និស្សិតសិក្សានៅរាជធានីភ្នំពេញ កញ្ញា ម៉េង ម៉ាណ្ណី ឱ្យដឹងថា នាងធ្លាប់ត្រូវបានអ្នកជិតខាង មិត្តរួមថ្នាក់ និងរហូតដល់គ្រូបង្រៀន ណែនាំឱ្យផ្លាស់ប្ដូរសម្បុរស្រអែមសណ្ដែកបាយចេញ ដោយការលាបឡេឱ្យស។ កញ្ញាបន្តថា ដំបូងឡើយនាងខកចិត្ត និងខ្មាសអៀន តែនាងប្រឹងជំនះលើផ្នត់គំនិតនេះ ដោយប្ដេជ្ញាថានឹងមិនប៉ះពាល់សារធាតុគីមីទាំងនោះឡើយ។
កញ្ញា ម៉េង ម៉ាណ្ណី៖
«វាឮជាប្រចាំ រហូតដល់ថ្ងៃមួយនោះ គាត់ (គ្រូបង្រៀន) ធ្លាប់យករូបរាងខ្ញុំ យកសម្រស់របស់ខ្ញុំហ្នឹង ទៅធៀបជាមួយនិងមិត្តភក្តិស្រីខ្ញុំម្នាក់ដែលគាត់មានសម្បុរស។ វាប៉ះពាល់ផ្លូវចិត្តខ្ញុំភ្លាមៗដែរ។ ខ្ញុំចាប់ផ្តើមស្ងាត់ ហើយខ្ញុំនិយាយថា “វាមិនគួរជារឿងដែលលេងសើចទេ”។ មកដល់ឥឡូវហ្នឹង (ស្បែក) រាងភ្លឺ ដោយសារតែវ័យរបស់យើង ឬក៏យើងចេះថែខ្លួនជាងមុនទៅ ប៉ុន្តែខ្ញុំអត់ដែលបានផ្លាស់ប្តូរសម្បុររបស់ខ្ញុំដោយសារការលាបឡេអីទេ»។
យ៉ាងណា ផ្នត់គំនិតស្តង់ដារសម្រស់ «ស្បែកសទើបស្អាត» បានវិវត្តកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈកំណើនផលិតផលគ្រឿងសម្អាងពោរពាសលើទីផ្សារ។
ដើម្បីទាក់ទាញអតិថិជន អាជីវករ ឬម្ចាស់ម៉ាកផលិតផលមួយចំនួន បានប្រើប្រាស់ទីផ្សារបោកប្រាស់ តាមរយៈការជួលបុគ្គលសាធារណៈដែលមានអ្នកតាមដានច្រើនមកផ្សព្វផ្សាយ អមជាមួយឃ្លាភ្ញោចអារម្មណ៍និយាយពីគុណភាពផលិតផល ដូចជា លាប ៣ ថ្ងៃស សភឿក សស្លេក សពីខាងក្នុង គ្មានជាតិម្សៅ លាបទៅប្រឡាក់អាវសងលុយ ឬការបង្កើតរូបភាពក្លែងក្លាយប្រៀបធៀបមុន និងក្រោយពេលប្រើ ដើម្បីទាក់ទាញអ្នកទស្សនាឱ្យទិញដោយខ្វះការពិចារណា។
នាយិកានៃអង្គការក្លាហាន អ្នកស្រី ម៉ៅ ម៉ាប់ លើកឡើងថា ការកើនឡើងនៃស្តង់ដារសម្រស់ ដូចជាការតម្រូវឱ្យមានស្បែកស ឬរាងស្លីម ទើបហៅថាស្អាតនោះ កំពុងបង្កសម្ពាធយ៉ាងខ្លាំងដល់ស្ត្រី និងយុវតី។ អ្នកស្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដោយអ្នកផលិត និងអ្នកផ្សព្វផ្សាយគ្រឿងសម្អាងត្រូវមានភាពស្មោះត្រង់មិនភូតភរ រីឯអាជ្ញាធរត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុខភាពសាធារណៈ។
អ្នកស្រីបន្តថា៖
«ការថែរក្សារូបរាង គឺវាជារឿងល្អ ប៉ុន្តែសូមធ្វើវាដើម្បីសុខភាព ដើម្បីសេចក្តីរីករាយ ឬសុភមង្គលសម្រាប់ខ្លួនឯង មិនមែនយើងធ្វើដោយសារតែយើងមានសម្ពាធពីសង្គម ឬធ្វើដោយសារតែយើងប្រៀបធៀបជាមួយអ្នកដទៃនោះទេ។ ស្ត្រីម្នាក់ៗសុទ្ធតែមានរឿងរ៉ាវ បទពិសោធន៍ និងភាពស្រស់ស្អាតរៀងៗខ្លួន»។
ការប្រឹងរត់តាមស្តង់ដារសម្រស់ដោយខ្វះព័ត៌មាន បានបន្សល់ទុកនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ជនរងគ្រោះជាច្រើនមិនត្រឹមតែត្រូវប្រឈមនឹងការខូចខាតស្បែកមុខអចិន្ត្រៃយ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវជួបប្រទះនូវវិបត្តិផ្លូវចិត្ត ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ការបាត់បង់ឱកាសការងារ និងការមិនហ៊ានចូលរួមក្នុងសង្គមទៀតផង។
ជនរងគ្រោះពីការប្រើគ្រឿងសម្អាងគ្មានគុណភាព គឺអ្នកស្រី រ៉ូម៉ា ដដែលបានឱ្យដឹងថា ទោះបីបច្ចុប្បន្ន ស្បែកអ្នកស្រីធូរស្រាលបន្តិចក្រោយបញ្ឈប់ការប្រើប្រាស់ និងងាកទៅរកផលិតផលដែលមានស្តង់ដារ ប៉ុន្តែស្លាកស្នាម និងការឈឺផ្សារលើស្បែកមួយពេលៗ នៅតែចាក់ដោតធ្វើឱ្យអ្នកស្រីសោកស្ដាយស្បែកធម្មជាតិ។ អ្នកស្រីទម្លាយឱ្យដឹងបន្ថែមថា អ្នកស្រីធ្លាប់ខ្ចីបុលប្រាក់ដើម្បីយកទិញគ្រឿងសម្អិតសម្អាងទាំងនោះ ព្រោះបើមិនបន្តប្រើ វានឹងធ្វើឱ្យស្បែកអ្នកស្រីត្រឡប់ទៅសភាពដើម ហើយពេលខ្លះកាន់តែដុនដាបជាងមុន។
អ្នកស្រី រ៉ូម៉ា៖
«ដល់ថ្នាក់បងខ្ចីលុយមេជាងណា៎! ពេលហ្នឹងបងអត់ទាន់បានប្រាក់ខែ ហើយចៃដន្យអីវាអស់ ទៅវារមាស់ បងទៅខ្ចីលុយគេយកទៅទិញលាប បងខ្ចីលុយមេជាង ៥ ម៉ឺន ខ្ចីយកទៅទិញលាប»។
ក្នុងពេលផ្ដល់បទសម្ភាស អ្នកស្រីបានលើកឡើងចំៗពីផលិតផលក្នុងស្រុកមួយចំនួន ដែលធ្វើឱ្យស្បែកអ្នកស្រីប្រតិកម្ម។ ផលិតផលទាំងនោះសុទ្ធសឹងជាម៉ាកល្បីៗ និងមានអ្នកប្រើប្រាស់ច្រើន។ ដំបូងឡើយអ្នកស្រីបន្ទោសស្បែកខ្លួនឯងថាប្រើផលិតផលមិនត្រូវ និងមិនហ៊ាននិយាយជាសាធារណៈព្រោះខ្លាចគេប្ដឹង រហូតដល់អ្នកស្រីឃើញការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលពីការរកឃើញផ្ទុកសារធាតុគីមីលើសកម្រិតក្នុងផលិតផលគ្រឿងសម្អាង ដែលក្នុងនោះក៏មានផលិតផលអ្នកស្រីធ្លាប់ប្រើប្រាស់ផងដែរ។
ជាច្រើនឆ្នាំមកហើយ ដែលអាជីវករ និងឈ្មួញខិលខូចមួយចំនួនឆ្លៀតឱកាសក្នុងអំឡុងពេលដែលស្ត្រីកម្ពុជាកំពុងរត់តាមស្តង់ដារសម្រស់ ទៅបង្កើតគំរូអាជីវកម្មស្វែងរកផលចំណេញ ដោយនាំចូល ឬផលិតគ្រឿងសម្អាងគ្មានការត្រួតពិនិត្យត្រឹមត្រូវទាំងការចុះបញ្ជី និងការពិនិត្យសារធាតុផ្សំ។
កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអាសន្ន ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥ មុខ រួមមាន N-QUEEN, OG, KissMe, Bliss និង Na Sar ដែលគ្មានលេខប្រវេទន៍ និងមានផ្ទុកសារធាតុគីមីបារត (Mercury) និងអាស៊ីតសាលីស៊ីលិច (Salicylic Acid) លើសកម្រិតស្តង់ដារយ៉ាងខ្លាំង។ ក្រសួងបានព្រមានថា សារធាតុទាំងនេះអាចបង្កឱ្យខូចតម្រងនោម បង្កើនហានិភ័យមហារីកស្បែក បំផ្លាញប្រព័ន្ធប្រសាទ និងរលាកស្បែកធ្ងន់ធ្ងរ។
ទោះជាមានការព្រមានពីក្រសួងក៏ដោយ ក៏អាជីវករមួយចំនួននៅតែបន្តផ្សាយផ្ទាល់ (Live) លក់ផលិតផលទាំងនោះដោយសេរី។ ទោះជាយ៉ាងណា ក្រុមហ៊ុន TUYSUN LY CO., LTD កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ បានទទួលស្គាល់ថា ផលិតផល OG COSMETICS ANTI ACNE & WHITENING NIGHT CREAM ដែលខ្លួននាំចូល ពិតជាមានសារធាតុបារតលើសកម្រិតមែន ហើយក្រុមហ៊ុនកំពុងប្រមូលផលិតផលមកវិញដើម្បីដោះស្រាយជាមួយរោងចក្រផលិត។
ដោយឡែក ក្រុមហ៊ុន SOKHENG BLS CO., LTD. កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ បានបំភ្លឺថា ផលិតផល Bliss Night Cream ដែលមានសារធាតុពុលនោះ គឺជាផលិតផលក្លែងក្លាយដែលជ្រកក្រោមឈ្មោះក្រុមហ៊ុនរបស់ខ្លួនប៉ុណ្ណោះ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី បានប្រាប់ប្រជាកាសែតនៅថ្ងៃទី ២៨ ខែកក្កដា ថា ក្រសួងធ្លាប់បានផ្សព្វផ្សាយពីបញ្ហានេះនៅលើបណ្ដាញសង្គម និងគេហទំព័រ ដោយលោកណែនាំឱ្យយោងទៅតាមព័ត៌មានទាំងនោះ។
ប៉ុន្តែរហូតមកដល់ពេលនេះ ក្រៅពីសេចក្ដីប្រកាសនៅចុងខែមិថុនា គេនៅមិនទាន់រកឃើញសេចក្តីណែនាំ ឬប្រកាសផ្សេងទៀតរបស់ក្រសួងសុខាភិបាល ដែលផ្តោតតែទៅលើការប្រើប្រាស់ផលិតផលគ្រឿងសម្អាងគីមីដោយឡែកនោះទេ។
កាលពីឆ្នាំ ២០១៩ ក្រសួងសុខាភិបាល បានដាក់ចេញនូវការអនុវត្តការចុះទិដ្ឋាការ បញ្ជីការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ Online។ ក្នុងការចុះទិដ្ឋាការនេះ គឺដើម្បីធានាបាននូវតម្លាភាពជូនអតិថិជន និងភ្នាក់ងារក្នុងការត្រួតពិនិត្យឱសថ ឬផលិតផលគ្រឿងសម្អាងដែលក្លែងក្លាយ ក្លែងបន្លំ ឬគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី មានប្រសាសន៍ថា ការប្រើប្រាស់ផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការអនុញ្ញាត ឬចុះបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កោសិកាស្បែក រហូតឈានទៅកើតជំងឺមហារីកស្បែក ស៊ីដល់ឆ្អឹង សរសៃឈាម បេះដូង និងអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ លោកបានដាស់តឿនឱ្យប្រជាពលរដ្ឋ និងយុវវ័យទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន រៀបចំរបៀបរស់នៅឱ្យមានអនាម័យ និងងាកមកថែរក្សាសុខភាពស្បែកតាមវិធីធម្មជាតិ ដូចជាការទទួលពន្លឺព្រះអាទិត្យពេលព្រឹកដែលសម្បូរវីតាមីន D ជាដើម។
លោកបន្តថា៖
«ចំពោះការដែលបងប្អូនយកឡេដែលមានការលាយនូវគីមីខ្លាំង ប្រើប្រាស់នូវគីមី បញ្ចូលនូវគីមីខ្លាំង កន្លែងហ្នឹងហើយដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើកោសិកាស្បែក វាអាចនឹងមានហានិភ័យ អាចនឹងទៅជាជំងឺមហារីកស្បែក ហើយវាអាចនឹងយូរទៅ វាអាចនឹងស៊ីទៅដល់ឆ្អឹង អាចនឹងស៊ីទៅដល់សរសៃឈាម ប៉ះពាល់ទៅដល់បេះដូង អាចនឹងស្លាប់ភ្លាមៗនៅថ្ងៃណាមួយដែលយើងមិនដឹងខ្លួន»។
លោកក្រើនរំលឹកផងដែរថា អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នខ្ពស់មុនទិញ ឬប្រើប្រាស់ផលិតផលលាបស្បែក ដោយត្រូវពិនិត្យមើលប្រភព ប្រទេសផលិត និងការចុះបញ្ជីការទទួលស្គាល់ផ្លូវការពីក្រសួងសុខាភិបាលជាចាំបាច់។ ការប្រើប្រាស់ផលិតផលគ្មានការអនុញ្ញាត អាចបង្កហានិភ័យធ្ងន់ធ្ងរដូចជា ស្បែកស្វិតរលួយ ប៉ះពាល់សុខភាពទូទៅ ឬអាចគ្រោះថ្នាក់ដល់ជីវិត។
ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង ឬផលិតផលលាបស្បែកដទៃទៀត ដែលមានសារធាតុគីមីគ្រោះថ្នាក់ មិនមែនត្រឹមតែជាការបំពានបទដ្ឋានបច្ចេកទេស ឬត្រូវត្រឹមតែផាកពិន័យរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាអំពើដែលអាចប្រឈមនឹងទោសទណ្ឌព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្ដែង ក្រុមហ៊ុនម្សៅកូនក្មេង ចនសិន អេន ចនសិន (Johnson & Johnson) នៅសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបង់ប្រាក់ជាង ៥.៥ ពាន់លានដុល្លារ ក្រោយមានបណ្ដឹងជាង ៧ ម៉ឺន ៦ ពាន់បណ្ដឹង ពីពលរដ្ឋដែលចោទថាផលិតផលរបស់ក្រុមហ៊ុននេះមានផ្ទុកសារធាតុ តាល់ក៍ (Talc) បង្កជំងឺមហារីកអូវែ។
ចំណែកករណីមួយទៀត ទាក់ទងនឹងក្រុមហ៊ុន ឡូរ៉េអាល់ (L’Oréal) របស់បារាំង កាលពីខែមិថុនាកន្លងទៅ ដែលអាចប្រឈមនឹងនីតិវិធីច្បាប់ ក្រោយមានការរកឃើញសារធាតុ បេនហ្សូអ៊ីល ភែរអុកស៊ីដ (Benzoyl Peroxide) លើសកម្រិតនៅក្នុងផលិតផលម៉ាក សេរ៉ាវី (CeraVe) របស់ខ្លួន។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តវិធានច្បាប់ ការត្រួតពិនិត្យគុណភាពគ្រឿងសម្អាងដែលក្រុមហ៊ុននាំចូល ឬផលិតក្នុងស្រុកឱ្យស្របតាមលក្ខណៈស្តង់ដារ ដើម្បីធានាសុខភាពអ្នកប្រើប្រាស់ ជាពិសេសគឺស្ត្រីភាគច្រើនដែលជាអ្នកប្រើប្រាស់នូវគ្រឿងសម្អាងទាំងនោះ។
លោកបន្តថា៖
«បច្ចុប្បន្នច្បាប់ដែលយើងមានគឺមិនទាន់គ្រប់គ្រាន់សម្រាប់ធានាការពារដល់សិទ្ធិអ្នកប្រើប្រាស់ឡេ គ្រឿងសម្អាងឱ្យបានពេញលេញនៅឡើយទេ គួបផ្សំការអនុវត្តច្បាប់នៅមានភាពធូររលុង និងចន្លោះប្រហោងទៀតគឺធ្វើឱ្យមានបញ្ហាជាច្រើនដែលបានកើតមានឡើងចំពោះអ្នកប្រើប្រាស់។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពដើម្បីធានាការពារដល់អ្នកប្រើប្រាស់ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យពីយន្តការ និងច្បាប់ថ្មីបន្ថែមដើម្បីធានាការពារដល់អ្នកប្រើប្រាស់ឱ្យបានពេញលេញ»។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការលើបញ្ហានេះទេ ផលប៉ះពាល់ដល់ពលរដ្ឋជាអ្នកប្រើប្រាស់នឹងធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់សង្គមទាំងមូល ហើយបើអ្នកប្រើប្រាស់រងគ្រោះកាន់តែច្រើន នឹងជាបន្ទុករបស់រាជរដ្ឋាភិបាលទៅអនាគតផងដែរ។
ស្របគ្នានឹងការអំពាវនាវឱ្យមានការទប់ស្កាត់ការចែកចាយ ចរាចរណ៍ គ្រឿងសម្អាងដែលមានសារធាតុគីមី សង្គមស៊ីវិល និងយុវជន បានសង្កត់ធ្ងន់ថា ការកែប្រែដ៏មានប្រសិទ្ធភាព នោះគឺការលុបបំបាត់ស្តង់ដារសម្រស់ «ស្បែកសទើបស្អាត» ចេញពីផ្នត់គំនិតមនុស្សជំនាន់ក្រោយ និងពង្រីកការអប់រំផ្សព្វផ្សាយទៅដល់គ្រប់មជ្ឈដ្ឋានពីសារសំខាន់ និងអត្ថន័យនៃពាក្យស្បែកស្អាតពិតប្រាកដស្របតាមបរិយាកាសនៃតំបន់អាស៊ី៕
(អត្ថបទដោយ៖ ហ៊ន ថូវ៉ាន)







