កង្វះគ្រូបង្រៀនជារបួសរ៉ាំរ៉ៃ ដែលញាំញីគុណភាពអប់រំសម្រាប់កុមារជនបទនៅកម្ពុជា
នៅរៀងរាល់ព្រឹក សំឡេងកុមារជាងមួយរយនាក់បន្លឺឡើងពីបន្ទប់រៀនតូចៗ នៃសាលាបឋមសិក្សាស្រែគ្រៀង ស្ថិតក្នុងភូមិចាអ៊ុងកៅ ស្រុកអូរជុំ ខេត្តរតនគិរី។ ពីខាងក្រៅ វាមើលទៅមិនខុសពីសាលាបឋមសិក្សាជាច្រើនផ្សេងទៀតនៅតំបន់ជនបទនោះទេ ប៉ុន្តែនៅពីក្រោយសំឡេងអានអក្សរ និងសូត្រមេរៀនទាំងនោះ មានការពិតមួយដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ នោះគឺសាលានេះកំពុងខ្វះគ្រូបង្រៀនយ៉ាងធ្ងន់ធ្ងរ។ បន្ទុកដ៏ធ្ងន់នេះ បានធ្លាក់មកលើអ្នកស្រី ទុំ បូផា នាយិកាសាលាវ័យ ២៩ ឆ្នាំ និងជាជនជាតិដើមភាគតិចគ្រឹង ដោយអ្នកស្រីមិនត្រឹមតែគ្រប់គ្រងសាលានោះទេ រាល់ថ្ងៃ អ្នកស្រីក៏ត្រូវចូលបង្រៀនផ្ទាល់ពីរវេនលើសពីគ្រូធម្មតា និងត្រូវដោះស្រាយបញ្ហារដ្ឋបាល សម្របសម្រួលការងារគ្រូ និងទំនាក់ទំនងជាមួយសហគមន៍ថែមទៀតផង។ សាលាបឋមសិក្សាស្រែគ្រៀង មានសិស្ស ១០២ នាក់ ប៉ុន្តែមានគ្រូត្រឹមតែ ៥ នាក់ប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានគ្រូក្របខណ្ឌរដ្ឋតែម្នាក់គត់ គឺអ្នកស្រីផ្ទាល់ គ្រូខ្ចីពីសាលាផ្សេងម្នាក់ និងគ្រូសហគមន៍បីនាក់ ដែលគាំទ្រដោយអង្គការ United World Schools (UWS)។ គ្រូទាំងនេះត្រូវទទួលខុសត្រូវបង្រៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកស្រី ទុំ បូផា បារម្ភជាងការងារដែលលើសពីសមត្ថភាពនាពេលបច្ចុប្បន្ន គឺអនាគតរបស់សាលា។ អ្នកស្រីថា គម្រោងគាំទ្រគ្រូសហគមន៍របស់អង្គការ UWS គ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។ ប្រសិនបើគម្រោងនោះបញ្ចប់ សាលានឹងបាត់បង់គ្រូបីនាក់ក្នុងពេលតែមួយ។ អ្នកស្រីមានប្រសាសន៍ថា៖ «បើលែងមានគ្រូពី UWS នេះ វាពិបាក ទម្រាំតែយើងស្នើសុំគ្រូពីរដ្ឋបាន។ ឆ្នាំមុនស្នើសុំទាំងគ្រូកិច្ចព្រមព្រៀង ប៉ុន្តែអត់បាន ដូច្នេះទម្រាំតែខ្ចីគ្រូពីគេបាន ខ្ញុំបង្រៀនឡើង ៤ខែ ទម្រាំគ្រូខ្ចីពីគេមកដល់។ ខ្ញុំប្រហែលជាពិបាក ទោះបីយើងស្នើសុំគេ គឺគេអត់ឱ្យ ឬឱ្យមិនទាន់ ពេលយើងចូលបង្រៀនវិញ ខ្ញុំរត់ម្នាក់ឯងគឺចប់ហើយ ត្រូវបង្រៀនច្រើនថ្នាក់អីចឹង»។ អ្នកស្រីថា បញ្ហាកង្វះគ្រូបង្រៀននៅតាមសាលារៀននេះ មិនគ្រាន់តែជាបញ្ហាលំបាកសម្រាប់គ្រូប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់កុមារ។ អ្នកស្រីបន្តថា គ្រូសហគមន៍មួយចំនួនមិនបានបញ្ចប់ថ្នាក់ទី១២ និងមិនបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យ ដូច្នេះទោះមានចំណេះដឹង ក៏នៅខ្វះវិធីសាស្ត្របង្រៀន។ អ្នកស្រីថ្លែងថា៖ «គ្រូម្នាក់បង្រៀនមួយថ្នាក់ នៅតែពិបាកផ្តល់ការយកចិត្តទុកដាក់ដល់សិស្សម្នាក់ៗ ចុះទម្រាំតែត្រូវបង្រៀនពីរឬបីថ្នាក់ក្នុងពេលតែមួយ។ សិស្សទទួលបានការរៀនមិនពេញលេញទេ ចំណែកគ្រូកិច្ចសន្យានេះ គឺគាត់មិនបានទទួលវគ្គបណ្តុះបណ្តាលឆ្លងកាត់ពីគរុកោសល្យ មានន័យថាគាត់មានចំណេះដឹងមែន ប៉ុន្តែវិធីសាស្ត្របង្រៀន គាត់នៅមានចំណុចខ្វះខាតដែរ។ បេក្ខជនដែលឆ្លងកាត់ (ការបណ្តុះបណ្តាលគរុកោសល្យ) នៅតែមានចំណុចខ្វះខាតច្រើន ចុះទម្រាំគាត់មិនបានឆ្លងកាត់បែបនេះ»។ ករណីនៅសាលាបឋមសិក្សាស្រែគ្រៀង គឺជារូបភាពមួយនៃបញ្ហាដែលកំពុងបន្តមាននៅក្នុងប្រព័ន្ធអប់រំសព្វថ្ងៃ ខណៈរដ្ឋាភិបាលប្រកាសប្តេជ្ញាអនុវត្តកំណែទម្រង់ និងបង្កើនការវិនិយោគលើវិស័យអប់រំជាបន្តបន្ទាប់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចការងារសំខាន់ៗជាច្រើន ដូចជាការពង្រីកការចូលរៀន ការពង្រឹងអភិបាលកិច្ចសាលារៀន ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩។ ក្រសួងក៏បានជំរុញកំណែទម្រង់ជាច្រើន ដើម្បីធ្វើឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាពជាងមុន រួមមានកំណែទម្រង់វិមជ្ឈការ ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកសាងសមត្ថភាពស្ថាប័ន។ ទោះបីជាមានការរីកចម្រើនទាំងនេះក៏ដោយ ការធានាឱ្យសាលារៀនគ្រប់ទីកន្លែងមានគ្រូគ្រប់គ្រាន់នៅតែជាបញ្ហាប្រឈមមួយ។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០Valid-២០២៨ បង្ហាញថា កម្ពុជាជ្រើសរើសគ្រូថ្មីប្រមាណ ៣៥០០នាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែប្រមាណ ១៩០០នាក់ក្នុងចំណោមនោះ គឺត្រូវប្រើប្រាស់សម្រាប់ជំនួសគ្រូដែលចូលនិវត្តន៍ មរណភាព ឬចាកចេញពីប្រព័ន្ធ។ មានន័យថា ចំនួនគ្រូដែលកើនឡើងពិតប្រាកដនៅក្នុងប្រព័ន្ធនៅមានកម្រិត ខណៈតម្រូវការគ្រូនៅតាមសាលារៀននៅតែបន្តកើនឡើង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានប្រើវិធានការជំនួស ដូចជាការជ្រើសរើសគ្រូកិច្ចសន្យា ការប្រើគ្រូបង្រៀនពីរវេន និងការបង្រៀនថ្នាក់គួប។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ១៣ ២៥៦នាក់ ត្រូវបានប្រើប្រាស់ ខណៈគ្រូបង្រៀនពីរថ្នាក់ពីរពេលមាន ៨ ៧០៧នាក់ និងគ្រូបង្រៀនថ្នាក់គួបមាន ២ ៤៣០នាក់។ ទោះជាយ៉ាងនេះក្តី សម្រាប់គ្រូ និងនាយកសាលានៅតំបន់ដាច់ស្រយាល វិធានការទាំងនេះគ្រាន់តែជាការដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះ។ ពួកគេថាបញ្ហាដែលកំពុងប្រឈមនោះ មិនគ្រាន់តែជាចំនួនគ្រូប៉ុណ្ណោះទេ ប៉ុន្តែរួមមានការបែងចែកគ្រូឱ្យឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សាលានីមួយៗ និងការរក្សាគ្រូឱ្យនៅបម្រើការងារនៅតំបន់ដែលមានការលំបាក។ នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ការទាក់ទាញគ្រូថ្មីឱ្យមកបង្រៀនមិនមែនជារឿងងាយស្រួលឡើយ។ កត្តាចម្ងាយផ្លូវ ការធ្វើដំណើរលំបាក កន្លែងស្នាក់នៅ សេវាសាធារណៈមានកម្រិត និងឱកាសអភិវឌ្ឍវិជ្ជាជីវៈតិចជាងតំបន់ទីប្រជុំជន គឺជាមូលហេតុចម្បងៗដែលធ្វើឱ្យគ្រូមួយចំនួនមិនអាចបន្តការងាររយៈពេលវែងនៅតំបន់ទាំងនេះបាន។ លោក ថម ប៊ុនហាន ជាជនជាតិដើមភាគតិចកាវែត និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិសហការ ដែលស្ថិតនៅភូមិផ្យ៉ាងសៀងសាយ ឃុំតាវែងក្រោម ខេត្តរតនគិរី គឺជាគ្រូម្នាក់ដែលរស់នៅជាមួយបញ្ហាទាំងនេះរៀងរាល់ថ្ងៃ។ ដើម្បីទៅដល់សាលា លោកត្រូវធ្វើដំណើរជិត ១០គីឡូម៉ែត្រតាមផ្លូវក្រហម និងត្រូវឆ្លងដៃទន្លេពីត្រើយម្ខាងទៅម្ខាងទៀតជារៀងរាល់ថ្ងៃ។ ចំណែកនៅរដូវភ្លៀងវិញ ជួនកាលផ្លូវរអិល និងពិបាកធ្វើដំណើរថែមទៀតផង។ សម្រាប់លោក ការធ្វើការនៅតំបន់ដាច់ស្រយាលទាមទារការអត់ធ្មត់ច្រើនជាងចំណេះដឹង។ វាត្រូវការការប្តេជ្ញាចិត្ត និងការយល់ពីតួនាទីរបស់ខ្លួនចំពោះកុមារនៅក្នុងសហគមន៍។ លោកមានប្រសាសន៍ថា៖ «យើងជួយក្មេងៗ អាណិតសាលា អាណិតក្មេងៗព្រោះសុទ្ធតែបងប្អូនយើង បើសិនជាអ្នកចង់ដាក់មកបង្រៀននៅតំបន់ដាច់ស្រយាល ទាល់តែម្នាក់ហ្នឹងដាក់ចិត្តដាក់កាយ ដើម្បីទៅបង្រៀននៅតំបន់ដាច់ស្រយាល។ ប៉ុន្តែបើសិនជាបុគ្គលដែលចង់ហើយ ប៉ុន្តែគ្រាន់តែចង់បានមុខងារឬតួនាទី គាត់អាចប្តូរចេញ ប៉ុន្តែតាមសាលានីមួយៗតែងតែមានការលើកទឹកចិត្ត ហើយតែងតែមានការរើសគ្រូដែរ ប៉ុន្តែបុគ្គលដែលចង់ដាក់…
២១ កក្កដា ២០២៦

ពលរដ្ឋនៅម្តុំស្ថានីយ៍បូមទឹកកប់ស្រូវស្នើអាជ្ញាធរដោះស្រាយបញ្ហាក្លិនទឹកស្អុយដែលប៉ះពាល់សុខភាព និងមុខរបរ
ក្លិនស្អុយភាយចេញពីទឹកកខ្វក់ពណ៌ខ្មៅ អមដោយពពុះសក្បុសអណ្តែតត្រៀបត្រាលើផ្ទៃទឹកក្បែរស្ថានីយ៍បូមទឹកបឹងតាមោក ឬ បឹងកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងយាយីដល់សុខភាព និងរំខានដល់ការរកស៊ីរបស់ពលរដ្ឋនៅក្នុងតំបន់នោះអស់រយៈពេល ជាង១០ឆ្នាំមកហើយ។ ស្ថានភាពនេះបង្កឡើងដោយការបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់បឹងតាមោក តាមរយៈស្ថានីយបូមទឹក ដោយគ្មានប្រព័ន្ធចម្រោះត្រឹមត្រូវ។ ប្រជាពលរដ្ឋរៀបរាប់ថា បើនៅរដូវធ្លាក់ខ្យល់វិញ តំបន់នេះជួបប្រទះនូវពពុះទឹកកខ្វក់ធំៗ ត្រូវបានខ្យល់បក់ហោះហើរពាសពេញផ្លូវប្រៀបដូចជាព្រិលធ្លាក់ ដែលបញ្ហានេះមិនត្រឹមតែរំខានដល់អ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភ្នាក់ងារចម្លងមេរោគថែមទៀតផង។ កំពុងអង្គុយលក់ភេសជ្ជៈនៅក្បែរស្ថានីយ៍បូមទឹកកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ អ្នកស្រី ចាន់ សុផា បានរៀបរាប់ថា ក្លិនទឹកស្អុយនេះធ្វើឱ្យគាត់មានអាការៈឈឺក្បាលជាញឹកញាប់ រីឯការរកស៊ីរបស់គាត់ មិនសូវមានអ្នកចូលទិញទេ ព្រោះតែអតិថិជនបារម្ភពីផលប៉ះពាល់សុខភាព។អ្នកស្រីត្អូញត្អែរថា៖«ពេលខ្លះក្លិនហ្នឹងស្អុយខ្លាំងរហូតធ្វើឱ្យខ្ញុំឈឺក្បាលស្ទើរទ្រាំមិនបាន ហើយឥឡូវកើតជំងឺអាលែកហ្ស៊ីច្រមុះថែមទៀត។ ដល់ពេលរដូវខ្យល់ធ្លាក់ ពពុះហោះពេញផ្លូវ ប៉ះសាច់ធ្វើឱ្យរមាស់ខ្លាំង ដល់ថ្នាក់ត្រូវផ្អាកលក់ដូរមួយរយៈក៏មានដែរ។ ចំណែកម៉ូយៗវិញ ឃើញបែបហ្នឹងលែងហ៊ានចូលទិញព្រោះខ្លាចប៉ះពាល់សុខភាព»។ និយាយបណ្តើរយកដៃខ្ទប់ច្រមុះបណ្តើរ ស្រ្តីវ័យ៤៧ឆ្នាំរូបនេះ បន្តរៀបរាប់រាប់ថា សព្វថ្ងៃនេះ គាត់ហាក់ស៊ាំទៅនឹងក្លិនស្អុយនេះទៅហើយ ប៉ុន្តែគាត់នៅតែមានក្តីបារម្ភថា បើស្រូបយកក្លិនស្អុយយូរៗទៅ អាចធ្វើឱ្យមានជំងឺធ្ងន់ធ្ងរទៅថ្ងៃមុខ។ បន្ថែមលើនេះ អ្នកស្រីបារម្ភពីសុខភាពកុមារតូចៗ ដែលរស់នៅក្បែរនេះ ព្រោះពួកគេងាយរងគ្រោះខ្លាំងជាងមនុស្សចាស់។ អ្នកស្រីបន្តថា៖«ខ្ញុំចង់ឱ្យមានការទប់ស្កាត់បន្ទាន់ [ក្លិនទឹកស្អុយ] ព្រោះអីមិនដឹងថា កើតជំងឺអីខ្លះទេ បើយ៉ាងៗហ្នឹង! ជាពិសេសក្មេង ឧស្សាហ៍ឈឺ ជួនកាលផ្តាសាយ រាគ តែរហូតហ្នឹង!»។ បើតាមអ្នកស្រី សុផា បញ្ហាភាយក្លិនស្អុយនេះ កើតមានជាង១០ឆ្នាំមកហើយ ចាប់តាំងពីមានការសាងសង់កន្លែងរំដោះទឹកនេះមក ប៉ុន្តែអាជ្ញាធរមិនទាន់មានវិធានការណាមួយដើម្បីទប់ស្កាត់ក្លិនស្អុយដែលកំពុងយាយីដល់សុខភាពពលរដ្ឋនោះទេ។ ស្ថានីយបូមទឹកទំនប់កប់ស្រូវ ឬ ហៅថា បឹងតាមោកនេះ ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០៩ ក្នុងបំណងរំដោះការលិចលង់ ជាពិសេសនៅរដូវវស្សា នៅភាគខាងជើងរាជធានីភ្នំពេញ។ នៅក្បែរកន្លែងបង្ហូរទឹកកខ្វក់នេះ មានផ្ទះប្រជាពលរដ្ឋកំពុងប្រកបរបររកស៊ី ដូចជា លក់គ្រឿងភេសជ្ជៈ ចំណីអាហារ ប៉ះកង់ឡានម៉ូតូ រួមទាំងមានអ្នកធ្វើចរាចរណ៍ឥតដាច់ ខណៈអ្នកដំណើរមួយចំនួនដែលឆ្លងកាត់តាមតំបន់នេះ ខ្លះយកដៃខ្ទប់ច្រមុះដើម្បីការពារក្លិនស្អុយនេះ។ កំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះ ទាំងមានពាក់ម៉ាសផង បុរសជាអ្នកដំណើរម្នាក់គឺ លោក វាសនា វ័យ៦០ឆ្នាំ បានរៀបរាប់ថា ពេលជិះម៉ូតូឆ្លងកាត់ស្ថានីយ៍បូមទឹកកប់ស្រូវនេះម្តងៗ លោកជួបការលំបាកក្នុងការដកដង្ហើម ដោយសារតែក្លិនទឹកស្អុយខ្លាំងពេក។ លោកបង្ហាញក្តីបារម្ភចំពោះសុខភាពផ្ទាល់ខ្លួន ព្រោះលោកត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះជាញឹកញាប់ ដោយត្រូវស្រូបយកក្លិនពុលពីទឹកកខ្វក់ជារៀងរាល់ថ្ងៃ។ លោកបានអំពាននាវឱ្យអាជ្ញាធរមានវិធានការជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ផងដែរ។ លោកបន្តថា៖«អ្វីដែលគួរឱ្យខ្លាចបំផុត គឺនៅពេលរដូវធ្លាក់ខ្យល់មកដល់ ពពុះទឹកស្អុយពណ៌សៗទាំងផ្ទាំងៗហោះហើរពេញផ្លូវ វាហើរមកប៉ះអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវហ្នឹងតែម្តង។ «ខ្ញុំអាយុច្រើនហើយ ខ្ញុំបារម្ភពីសុខភាពខ្លួនឯងខ្លាំងណាស់ ព្រោះទឹកកខ្វក់ជះក្លិនពុលបែបនេះ បើជិះកាត់ស្រូបវារាល់ថ្ងៃ មិនដឹងជាថ្ងៃណាបង្កជាជំងឺប៉ះពាល់ដល់សួត និងផ្លូវដង្ហើមទេ បើអាជ្ញាធរមិនមានវិធានការដោះស្រាយឱ្យទាន់ពេលទេនោះ»។ បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយដែលមានផ្ទៃដីសរុប ៣ ២៣៩ ហិកតា ស្ថិតនៅភាគខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ។ បឹងនេះដើរតួនាទីយ៉ាងសំខាន់ជាអាងស្តុកទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកដ៏ចម្បងពីរាជធានីភ្នំពេញ។ ទោះបីជាត្រូវបានកំណត់យកជាសម្បត្តិសាធារណៈរបស់រដ្ឋតាំងពីឆ្នាំ២០១៦ក៏ដោយ នាពេលបច្ចុប្បន្ន ផ្ទៃបឹងនេះកំពុងត្រូវបានលុបបន្តិចម្តងៗ ជំនួសមកវិញនូវសំណង់បុរី លំនៅដ្ឋាន និងដីឡូតិ៍ ដែលធ្វើឱ្យផ្ទៃបឹងកាន់តែរួមតូច។ ដោយឡែក ការបង្ហូរទឹកកក្វក់ចេញពីរាជធានីភ្នំពេញ ចូលទៅកាន់ផ្ទៃបឹងតាមោក បង្កឲ្យមានការកើនឡើងនូវពពុះសៗអណ្តែតពេញផ្ទៃទឹក និងរាលដាលតាមច្រាំងនៃបឹង។ បញ្ហាពពុះ និងទឹកកខ្វក់ទាំងនេះហើយ ដែលបង្កើតបានជាការបំពុលបរិស្ថាន និងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់ថា ទឹកស្អុយដែលហូរមកប្រមូលផ្តុំគ្នា មានលាយឡំដោយសារធាតុគីមី ដែលវាបង្កើតជាពពុះដែលបង្កហានិភ័យខ្ពស់ដល់សុខភាពធ្ងន់ធ្ងរ។ លោកបន្ថែមថា ការស្រូបយកសារធាតុទាំងនេះក្នុងរយៈពេលវែង អាចបណ្តាលឱ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺរបេង និងជំងឺសើស្បែកជាដើម។ លោកបញ្ជាក់ថា៖«វាប៉ះពាល់សួត ទីពីរប៉ះពាល់ខួរក្បាល ទីបីប៉ះពាល់ទៅស្បែក។ បើសិនជាវា [ពពុះ] ជាប់លើស្បែកយើង វាអាចនឹងមានរលាកស្បែក វាអាចនឹងមាន កមរមាស់ វាអាចនឹងមានអាលែកហ្ស៊ីផ្សេងៗ។ ថ្ងៃក្រោយវាអាចនឹងមានផលប៉ះពាល់ទៅនឹងជំងឺផ្សេងៗទៅដល់បងប្អូនប្រជាពលរដ្ឋយើង ដូចជាជំងឺមហារីកស្បែក ជំងឺរបេង ជំងឺសួតរ៉ាំរ៉ៃ ហើយនិងជំងឺសួតមួយទៀតគេហៅថា ជំងឺសួតដោយគីមី»។ លោកបានផ្តល់ជាយោបល់ថា សម្រាប់ប្រជាពលរដ្ឋដែលផ្ទះនៅក្បែរនោះ បើអាចគួរធ្វើកញ្ចក់ ឬបិទបាំងផ្ទះឱ្យជិត ដើម្បីការពារក្លិន និងពពុះកុំឱ្យហោះចូលផ្ទះ ព្រោះសារធាតុពុលទាំងនេះអាចជះឥទ្ធិពលតាមខ្យល់ក្នុងរង្វង់រហូតដល់ទៅ ២ គីឡូម៉ែត្រជុំវិញទីនោះ។ ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង កត់សម្គាល់ថា នៅប្រទេសជឿនលឿន គេមានបច្ចេកទេសក្នុងការសាងសង់ប្រព័ន្ធចម្រោះទឹក និងរៀបចំបណ្តាញលូឡើងវិញ គ្រប់គ្រងមិនឱ្យមានធុំក្លិនស្អុយ ឬបង្កជាផលប៉ះពាល់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋឡើយ។ លោកថា ការយកគំរូ និងបទពិសោធន៍ពីប្រទេសទាំងនោះមកសិក្សា ស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គឺជារឿងដែលចាំបាច់បំផុត ដើម្បីធានាថាសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ។ លោកបន្តថា៖« បញ្ហាហ្នឹងវាច្រើនឆ្នាំហើយ ខ្ញុំក៏ធ្លាប់ជិះទៅជួបឃើញ ពពុះទឹកអីវាស្អុយ វាហើរមកអ៊ីចឹងដែរ [..] បណ្តាប្រទេស ដែលនៅខាងអឺរ៉ុប អីវិញ សឹងតែទឹកទាំងអស់ហ្នឹង ស្អាតហ្មង។…
២០ កក្កដា ២០២៦

កុមារកំព្រាជាង១០០នាក់នៅរុនតាឯក កំពុងខ្វះខាតស្បៀងអាហារ និងសម្ភារសិក្សាដែលត្រូវការជំនួយបន្ទាន់
កុមារកំព្រាជាង ១០០នាក់នៅរុនតាឯក កំពុងខ្វះខាតស្បៀងអាហារ និងសម្ភារសិក្សាដែលត្រូវការជំនួយបន្ទាន់។កុមារទាំងនោះរស់នៅក្នុងសាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ ។ សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ ស្ថិតនៅតំបន់រុនតាឯក ខេត្តសៀមរាប បានបន្តអំពាវនាវដល់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមជួយឧបត្ថម្ភជាអាហារ សម្ភារសិក្សា និងឧបករណ៍ចាំបាច់ផ្សេងៗ ជាពិសេសកង្ហារសម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សា និងជួបការលំបាកយ៉ាងខ្លាំង។ ការអំពាវនាវនេះ ធ្វើឡើងដោយសារសាលារៀនកំពុងជួបបញ្ហាខ្វះខាតថវិកាយ៉ាងខ្លាំង ក្នុងការបន្តផ្គត់ផ្គង់ និងជួយទៅដល់កុមារកំព្រា ក៏ដូចជាទុរគតជន ដែលអាចនឹងប្រឈមនឹងការបិទរង្វង់ប្រតិបត្តិការ ប្រសិនបើគ្មានជំនួយពីសប្បុរសជនបន្តទៀតទេនោះ។ ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ គ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០០ ម៉ែត្រការ៉េ ត្រូវបានកសាងឡើងវិញនៅឆ្នាំ២០២៤ បន្ទាប់ពីមានការតម្រូវឱ្យផ្លាស់ប្តូរទីតាំងស្របតាមការរៀបចំរបស់រាជរដ្ឋាភិបាល។ ការចាប់ផ្តើមប្រតិបត្តិការលើទីតាំងថ្មីនេះ បានធ្វើឱ្យសាលាត្រូវចំណាយថវិកាយ៉ាងច្រើនសម្រាប់ការសាងសង់អគារ បន្ទប់រៀន ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំបរិក្ខារចាំបាច់ផ្សេងៗសម្រាប់កុមារកំព្រាជាង ១២០នាក់។ បច្ចុប្បន្ន សាលាកំពុងប្រឈមនឹងការខ្វះខាតថវិកា សម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់សម្រាប់ក្មេងៗ។ ជាពិសេស សាលាកំពុងត្រូវការថវិកាដើម្បីសាងសង់រោងក្មេងលេងនៅម៉ោងសម្រាក ដោយសារអាកាសធាតុនៅខាងក្រៅថ្នាក់រៀនជាទូទៅគឺក្តៅខ្លាំង។ គម្រោងសាងសង់រោងក្មេងលេងនេះ នឹងរៀបចំធ្វើជាពីរជាន់ ដោយជាន់ទី១ សម្រាប់ដាក់ឧបករណ៍ក្មេងលេង ដូចជាទោងយោល ទោងរអិល ទោងវិល និងទោងជណ្ដើរស្វាជាដើម ចំណែកជាន់ទី២ នឹងរៀបចំធ្វើជាកន្លែងហាត់រៀនសិល្បៈគំនូរ ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី និងសុខភាពផ្លូវចិត្តរបស់កុមារ។ អង្គុយនៅក្នុងបន្ទប់ការិយាល័យដ៏តូចចង្អៀត នាយកសាលាអង្គការ គឺលោកគ្រូ សុខ វណ្ណា បានរៀបរាប់ថា សាលាកំពុងជួបបញ្ហាខ្វះខាតជាច្រើន ទាំងថវិកា សម្ភារសិក្សា ឧបករណ៍ក្មេងលេង កង្ហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ជាពិសេសគឺថវិកាសម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃដល់សិស្សានុសិស្ស។ លោកបញ្ជាក់ថា សាលាពិតជាត្រូវការថវិកាមួយចំនួន ដើម្បីកសាងអគាររោងមួយសម្រាប់ក្មេងៗលេងពេលម៉ោងសម្រាក ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ ខណៈសាលាកំពុងប្រឈមការខ្វះខាតថវិកាយ៉ាងខ្លាំង។ លោកសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្នសាលាមានសិស្សចំនួន ១២០នាក់ មកពីគ្រួសារក្រីក្រ ហើយ ៣០ភាគរយ ជាកុមារកំព្រាឪពុកម្តាយ ដែលពួកគាត់ត្រូវការការអប់រំ អាហារហូបចុក និងការលើកទឹកចិត្តខ្លាំងណាស់»។ លោករៀបរាប់ទៀតថា គោលបំណងសំខាន់របស់សាលា គឺចង់ឱ្យកុមារកំព្រា និងកុមារដែលជួបការលំបាកក្នុងជីវភាព មានឱកាសរៀនសូត្រខ្ពស់ដូចកុមារដទៃទៀត ព្រោះការអប់រំមិនត្រឹមតែជួយឱ្យពួកគេទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យពួកគេមានអនាគតល្អប្រសើរ មានការងារសមរម្យ និងអាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេផងដែរ។ លោកអះអាងថា កុមារទាំងនេះ គឺជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ប្រសិនបើពួកគេទទួលបានឱកាសសិក្សាគ្រប់គ្រាន់ នាពេលអនាគត ពួកគេនឹងក្លាយជាពលរដ្ឋល្អ ដែលអាចចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។ លោកបន្តថា ការផ្តល់អាហារប្រចាំថ្ងៃ គឺជាកត្តាសំខាន់ដែលជួយឱ្យកុមារមានកម្លាំង សុខភាពល្អ និងអាចផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែប្រសើរ ដូច្នេះ សាលាសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភថវិកា ឬស្បៀងអាហារ ដើម្បីធានាថា កុមារទាំងនេះទទួលបានអាហារបរិភោគគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ លោកគ្រូនាយកបានថ្លែងអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាបន្តជួយដល់សាលាយើងខ្ញុំតាមកម្លាំងសទ្ធា ព្រោះសាលាយើងនៅខ្វះខាតថវិកានៅឡើយ ជាពិសេសសាលាកំពុងរៀបចំកសាងរោងមួយសម្រាប់ទុកឱ្យកូនៗសិស្សានុសិស្សសម្រាកពេលចេញលេង ព្រោះខាងក្រៅថ្នាក់អាកាសធាតុក្តៅ។ ហើយពួកយើងខ្ញុំក៏ស្នើសុំសម្ភារសិក្សា ឧបករណ៍ផ្សេងៗ និងថវិកាដើម្បីទុកទិញអាហារហូបចុកបីពេលសម្រាប់កូនៗកុមារកំព្រា»។ លោក សុខ វណ្ណា បានលើកឡើងបន្តថា វិភាគទានរបស់សប្បុរសជន នឹងជួយឱ្យកុមារកំព្រាមានស្នាមញញឹម និងអាចបន្តការសិក្សាបានដោយភាពកក់ក្តៅ ហើយការចូលរួមរបស់សប្បុរសជនមិនថាតិចឬច្រើននោះទេ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារទាំងនេះ ដែលកំពុងត្រូវការការគាំទ្រផ្នែកអាហារូបត្ថម្ភ ការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកសង្ឃឹមថា តាមរយៈការចែករំលែក និងការយកចិត្តទុកដាក់ពីសប្បុរសជនទាំងអស់ នឹងធ្វើឱ្យកុមារកំព្រាទាំងនេះទទួលបានឱកាសសិក្សារៀនសូត្រកាន់តែប្រសើរ មានក្តីសង្ឃឹមសម្រាប់អនាគត និងអាចក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។ លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យកុមារមានឱកាសដូចគ្នាដែរ ព្រោះកុមារជាអនាគតរបស់ប្រទេសជាតិយើង ជាទំពាំងស្នងឫស្សី។ សាលាអង្គការរបស់យើង ចំណាយក្នុងមួយខែៗជិត ១ពាន់ដុល្លារ តាំងពីថ្លៃគ្រូបង្រៀន ៤នាក់ ទឹកភ្លើង ជាពិសេសចំណាយលើអាហារហូបចុករបស់កូនៗជាអាទិភាព ដូច្នេះយើងខ្ញុំបន្តអំពាវនាវដល់បងប្អូនសប្បុរសជន អាចបន្តជួយឧបត្ថម្ភអាហារូបត្ថម្ភ លុយកាក់ថវិកា និងសម្ភារសិក្សាមួយចំនួន ដើម្បីជួយដល់កូនៗអាចបន្តការសិក្សា ជួយឱ្យពួកគាត់អាចទទួលបានឱកាសល្អដូចកូនៗគេដទៃ ដែលអាចបន្តរៀនសូត្របានខ្ពង់ខ្ពស់ សម្រាប់អនាគតពួកគាត់ផង និងការអភិវឌ្ឍសង្គមជាតិផង»។ សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ មិនមានលទ្ធភាពផ្តល់ទីកន្លែងស្នាក់នៅទាំងយប់ទាំងថ្ងៃសម្រាប់សិស្សនោះទេ ប៉ុន្តែសាលាបានផ្តល់អាហារចំនួនបីពេលដល់សិស្សជារៀងរាល់ថ្ងៃ។ បុគ្គលិកសាលាគឺអ្នកគ្រូ វន់ វ៉ាន់រី វ័យ ២៩ឆ្នាំ ក្នុងដៃកំពុងពរកូនតូចកើតបានជាង ២ខែ បានត្អូញត្អែរថា សាលាអង្គការកុមារកំព្រាពិតជាកំពុងខ្វះខាតថវិកា សម្ភារសិក្សា និងឧបករណ៍ផ្សេងៗសម្រាប់កុមារ។ អ្នកគ្រូត្អូញត្អែរទៀតថា បច្ចុប្បន្ន ក្រៅពីការខ្វះខាតសម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ កុមារកំព្រាទាំងនោះ ក៏កំពុងប្រឈមនឹងបញ្ហាកង្វះអាហារហូបប្រចាំថ្ងៃផងដែរ ខណៈថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារនៅមានកម្រិត។ អ្នកគ្រូសង្ឃឹមថាកង្វះខាតដែលសាលាកំពុងជួបប្រទះនឹងអាចទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីសប្បុរសជន ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអប់រំរបស់កុមារកំព្រាជាង ១០០នាក់នេះ។ អ្នកស្រីបារម្ភថាប្រសិនបើបញ្ហាខ្វះខាតទាំងនេះ មិនត្រូវបានដោះស្រាយនិងយកចិត្តទុកដាក់ទេ…

សំឡេងពីក្រោយទ្វារបិទជិត បង្ហាញការឈឺចាប់របស់អ្នកធ្វើការតាមផ្ទះដែលគេមើលមិនឃើញ
ទីក្រុងភ្នំពេញជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបង្ហាញពីការរីកចម្រើន តាមរយៈការកើនឡើងនៃអគារខ្ពស់ៗ និងផ្ទះវីឡាប្រណីតជាច្រើន។ ទោះជាយ៉ាងណា នៅពីក្រោយភាពស៊ីវិល័យ និងភាពរីកចម្រើននេះ វានៅតែមានបញ្ហាសង្គមមួយចំនួនដែលមិនអាចមើលរំលងបាន ជាពិសេសសម្រាប់ក្រុមស្ត្រីដែលបម្រើការងារតាមផ្ទះក្នុងសម័យទំនើប។ ជាក់ស្តែង របងទ្វារដែលបិទជិតនៅក្នុងគេហដ្ឋានមួយចំនួន បានលាក់បាំងនូវសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ពីសំណាក់ថៅកែមួយចំនួន។ បញ្ហាទាំងនេះអាចកើតឡើងដោយសារការចាត់ទុកស្ត្រីទាំងនោះត្រឹមជាអ្នកបម្រើ បណ្តាលឱ្យពួកគេក្លាយជាក្រុមងាយរងគ្រោះ ហើយមិនទទួលបានការការពារយ៉ាងគ្រប់គ្រាន់ពីប្រព័ន្ធច្បាប់។ «យើងមើលទៅឃើញតែថា អ្នកធ្វើការតាមផ្ទះ គ្រាន់ធ្វើម្ហូបធ្វើអី គ្រាន់តែជូតផ្ទះ ជូតអី វាមិនបញ្ហា។ អត់ទេ! ប្រឈមខ្លាំងមែនទែន ប្រឈមនឹងការបៀតបៀន ប្រឈមនឹងគ្រោះថ្នាក់ [ការងារ]»។ នេះជាសម្តីរៀបរាប់ទាំងអួលដើមករបស់អ្នកស្រី យ៉ុង ស្រីមុំ វ័យ ៥១ ឆ្នាំ ដែលបំពេញការងារជាអ្នកធ្វើការតាមផ្ទះនៅក្នុងទីក្រុងភ្នំពេញរយៈពេល ៦ ឆ្នាំមកហើយ។ អ្នកស្រី យ៉ុង ស្រីមុំ បានសម្រេចចិត្តធ្វើការងារតាមផ្ទះនៅក្នុងឆ្នាំ ២០២០ ដើម្បីការរស់រានមានជីវិត និងការចិញ្ចឹមកូន ២ នាក់ ក្រោយបែកបាក់ស្វាមី។ ការងារដំបូងរបស់គាត់ គឺធ្វើការនៅផ្ទះថៅកែជនជាតិខ្មែរម្នាក់ ទទួលបានប្រាក់ខែ ២៥០ ដុល្លារ ដោយត្រូវធ្វើការរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ និង ៦ ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកស្រីប្រាប់ថា គាត់មិនទទួលបានប្រាក់បន្ថែមម៉ោង ឬថ្ងៃឈប់សម្រាកដែលកំណត់ដោយច្បាប់នោះទេ។ អ្នកស្រីរម្លឹកថា៖ «ធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ យើងឈប់បានតែថ្ងៃអាទិត្យមួយថ្ងៃទេ។ ម៉ោង ៧ ដល់ម៉ោង ៥ ល្ងាច ធម្មតាយើងធ្វើតែ ៨ ម៉ោង តែនេះ ១០ ម៉ោង។ កាលណោះយើងអត់ដឹងថាម៉ោងធ្វើការអីម៉េច ប.ស.ស អីម៉េចយើងអត់ទាន់ដឹង។ ពេលទៅធ្វើការដំបូង យើងអត់មានលុយ ខ្ញុំដើរទៅធ្វើការពីផ្សារទឹកថ្លា ទៅសាលាឥន្ទ្រទេវី។ ខ្ញុំដើរទៅដើរមក ម៉ោង ៦ ម៉ោង ៥ កន្លះ [ព្រឹក] អីខ្ញុំដើរទៅហើយ»។ ដោយសារលក្ខខណ្ឌការងារមិនសមរម្យ អ្នកស្រីក៏បានសម្រេចចិត្តឈប់បន្ទាប់ពីធ្វើការបានមួយឆ្នាំ។ ក្រោយមកអំឡុងឆ្នាំ ២០ cylinders២២ អ្នកស្រីបានធ្វើការឱ្យថៅកែបរទេសដែលមានប្រពន្ធជាជនជាតិខ្មែរ ដែលជាម្ចាស់អគារស្នាក់នៅ (Apartment) មួយកន្លែងក្នុងក្រុងភ្នំពេញ។ នៅទីនោះហើយ ដែលអ្នកស្រីត្រូវជួបប្រទះការងារដែលប្រឈមគ្រោះថ្នាក់ដល់ជីវិត ទោះអ្នកស្រីមិនចង់ធ្វើក៏ដោយ។ អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «ថ្ងៃមួយនោះ! ខ្ញុំឡើងជូតកញ្ចក់ជាន់ទី ៨ ប៉ុន្តែផុតដៃទៅ ធ្លាក់។ វាចេះធ្លាក់មកខាងក្នុង [បន្ទប់] បើសិនយើងធ្លាក់មកខាងក្រៅ យើងពិការអីទៅធ្វើម៉េច បាត់បង់ជីវិតអីចឹងទៅ! យើងអត់មានអីទេ [កិច្ចសន្យាការងារ]។ បើគេមិនបង់លុយឱ្យយើង! យើងនៅក្នុងផ្ទះគេ យើងអត់អាចធ្វើអីកើតទេ។ ធម្មតាគេឱ្យយើងធ្វើទាំងអស់ ជូតកញ្ចក់ បោសសម្អាតពីងពាងខ្ពស់ៗណាស់។ អ្នកធ្វើការងារផ្ទះពិបាកណាស់ មិនស្រួលទេ។ ខ្ញុំប្រាប់គាត់ [ថៅកែ] គាត់ថា មកពីយើងធ្វើអត់ប្រយ័ត្ន»។ ក្រៅពីគ្រោះថ្នាក់ការងារ អ្នកស្រីក៏រងការបៀតបៀនរាងកាយពីភ្ញៀវបរទេសម្នាក់ដែលស្នាក់នៅក្នុងអគារនោះជាច្រើនលើក។ ទោះអ្នកស្រីបានរាយការណ៍ទៅកាន់ប្រពន្ធថៅកែ ដែលជាជនជាតិខ្មែរដូចគ្នាក៏ដោយ ក៏មិនមានការអន្តរាគមន៍ ឬដោះស្រាយណាមួយឡើយ រហូតគាត់បង្ខំចិត្តលាឈប់ពីការងារជាលើកទី២។ អ្នកស្រីនិយាយថា៖ «វាច្រើនដង! ២ ទៅ ៣ ដង។ ខ្ញុំប្រាប់ថៅកែគេអត់ដោះស្រាយឱ្យយើងទេ។ គាត់មានបំណងអត់ល្អមកលើយើង និយាយទៅគាត់បៀតបៀន។ លើកទី២ គាត់សង្គ្រប់ខ្ញុំ។ ខ្ញុំរត់រួច ខ្ញុំប្រយ័ត្នណាស់។ ក្រោយមកជនជាតិ [បរទេស] ហ្នឹងគាត់សង្គ្រប់ខ្ញុំម្តងទៀត។ ទៅប្រាប់គេអត់ដោះស្រាយឱ្យ។ យើងអត់មានអីតវ៉ាគេ យើងខ្លាច យើងមានតែឈប់»។ ក្រៅពីអ្នកស្រី យ៉ុង ស្រីមុំ ស្ត្រីជាច្រើនផ្សេងទៀតដែលធ្វើការងារតាមផ្ទះ ក៏បានជួបប្រទះបទពិសោធន៍ជីវិតដ៏លំបាក និងជូរចត់មិនខុសគ្នាប៉ុន្មានដែរ។ ជាពិសេស ការរំលោភបំពានផ្លូវចិត្តបានក្លាយជាបញ្ហាដែលកើតមានជាញឹកញាប់ ដោយបង្ហាញខ្លួនតាមរយៈការមើលងាយ ការជេរប្រមាថ និងអាកប្បកិរិយាដែលបន្ថយតម្លៃមនុស្ស។ សកម្មភាពទាំងនេះបានបង្កើតជាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ធ្វើឱ្យស្ត្រីទាំងនោះរស់នៅក្នុងភាពភ័យខ្លាច ខណៈដែលពួកគេមិនទទួលបានការការពារឬការគាំទ្រដែលគ្រប់គ្រាន់។ ស្ត្រីជនជាតិភាគតិចមកពីខេត្តរតនគិរី គឺអ្នកស្រី ថុន ស្រីមុំ អាយុ ៤៤ ឆ្នាំ បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងអាជីពជាអ្នកធ្វើការងារតាមផ្ទះជាង ១០ ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញ។ អ្នកស្រីថា ចាប់តាំងពីឆ្នាំ ២០១២ មក គាត់បានឆ្លងកាត់ការងារជាអ្នកមើលថែកូនក្មេង ធ្វើម្ហូប និងសម្អាតផ្ទះឱ្យថៅកែជាច្រើនខុសៗគ្នាមានទាំងជនជាតិខ្មែរ និងបរទេស ហើយនិយោជកខ្លះមិនបានចាត់ទុកគាត់ជា «បុគ្គលិក» ឡើយ។ អ្នកស្រីនិយាយថា៖ «គាត់ចាត់ទុកយើងជាអ្នកបម្រើតាមផ្ទះដាច់ថ្លៃតែម្តង! គាត់ចាត់ទុកថាអ្នកធ្វើការងារតាមផ្ទះហ្នឹងគឺជាអ្នកល្ងង់ខ្លៅ បើចេះគេមិនមែនមកធ្វើការតាមផ្ទះទេ»។ អ្នកស្រីរៀបរាប់ទៀតថា បច្ចុប្បន្នគាត់ធ្វើការទាំងគ្មានកិច្ចសន្យាការងារត្រឹមត្រូវ និងគ្មានបណ្ណ ប.ស.ស ទេ ដោយសារតែគាត់គ្មានកិច្ចសន្យាការងារច្បាស់លាស់ និងប្រាក់ចំណូលមិនទៀងទាត់។…

អត្តឃាត ក្លាយជាសំណើចចំអកនិងការចម្លងវិបត្តិនៅកម្ពុជា ខណៈវិធានការទប់ស្កាត់កំពុងដេកលក់
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ព្រលឹមស្រាងៗម៉ោងប្រមាណ ៥ នៅពេលពន្លឺថ្ងៃទើបរះឡើងតិចៗលើទឹកដីនៃរាជធានីភ្នំពេញ មនុស្សម្នាព្រោងព្រាតបានមកឈរឈូឆរនៅលើបង្កាន់ដៃស្ពានមួយកន្លែង។ ពួកគេមក មិនមែនដើម្បីទស្សនាទេសភាពនៅពេលព្រឹកព្រលឹម ឬហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីសម្លឹងមើលសោកនាដកម្មមួយក្រោយមាននារីម្នាក់បានធ្វើអត្តឃាតនៅទីនោះ។ សោកនាដកម្មនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក សាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នារីរងគ្រោះបានធ្លាក់ខ្លួនចូលក្នុងវិបត្តិផ្លូវចិត្ត បន្ទាប់ពីត្រូវបានមិត្តភក្តិបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។ សាច់ញាតិរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា នារីរងគ្រោះធ្លាប់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងម្ដងរួចមកហើយនៅថ្ងៃមុនកើតហេតុ។ បើទោះបីជាក្រុមគ្រួសារបានស្វែងរកការព្យាបាលយ៉ាងណាក្ដី ក៏សម្ពាធនៃផ្លូវចិត្តបានរុញច្រានឱ្យគាត់សម្រេចចិត្តចាកចេញជារៀងរហូត។ សោកនាដកម្មរបស់នារីរូបនេះ មិនមែនជាករណីតែមួយនោះឡើយ។ មួយរយៈចុងក្រោយនេះ ករណីប៉ុនប៉ង និងការបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានមួយនេះ បានកើតឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មតិយោបល់ (Comments) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសក្នុងចំណោមយុវជន បានចូលទៅបញ្ចេញមតិដែលបង្ហាញពីសញ្ញាណមិនប្រក្រតីដែលជាករណីដែលត្រូវយកចិត្តទុកដាក់បំផុត។ យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញពីតួលេខគួរឱ្យបារម្ភថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២២ នៅកម្ពុជា ដោយសារការធ្វើអត្តឃាត ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្ត ឬវិបត្តិថប់បារម្ភ ដែលនេះជាមូលហេតុចម្បងរុញច្រានឱ្យពួកគេគិតខ្លី។ ជាងនេះទៅទៀតនោះ គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៨ ភាគរយ បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយ ក្រោយការបិទទ្វារសាលារៀនក្នុងរយៈពេលវែងដោយសារវិបត្តិជំងឺកូវីដ-១៩។ ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ឆ្នាំ២០២៥-២០៣៤ ដែលដាក់ចេញដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ ២៥ ភាគរយ។ ដោយក្នុងនោះជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាវិបត្តិដែលកើតមានញឹកញាប់ជាងគេ។ ក្នុងនោះ គេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ ៥៩០,០០០ នាក់កំពុងជួបប្រទះវិបត្តិថប់បារម្ភ (Anxiety disorders) និង ៥៥០,០០០ នាក់ទៀតកំពុងរងគ្រោះពីជំងឺបាក់ទឹកចិត្ត (Depressive disorders)។ ទោះជាយ៉ាងណា របាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃចំនួនអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការព្យាបាលទាំងសម្រាកពេទ្យ និងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយបានកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម ១០០,០០០ ករណី (ចន្លោះឆ្នាំ២០១៥ ដល់ ២០២៣) ហក់ឡើងទៅដល់ ២៩០,០០0 ករណី នៅក្នុងឆ្នាំ២០២៤។ ក្រសួងបានគូសបញ្ជាក់ថា កំណើនដ៏ច្រើននេះ គឺដោយសារតែការខិតខំពង្រីកវិសាលភាពនៃសេវាថែទាំសុខភាពផ្លូវចិត្ត និងការធ្វើឱ្យកាន់តែប្រសើរឡើងនៃការគ្រប់គ្រងទិន្នន័យ។ នៅក្នុងការផ្សាយវីដេអូព័ត៌មាន នាករណីនៅថ្ងៃទី២៩ នោះ ក្នុងចំណោមមតិយោបល់ជាង ៥០០ មានជាង ៤០ មតិ បានបញ្ចេញមតិស្រដៀងគ្នាទាក់ទងនឹងការប៉ងចង់ទៅធ្វើអត្តឃាតតាមដែរ៖ «...តិចទៀតខ្ញុំទៅដែរហើយ...» «...ពូចាំផ្សព្វផ្សាយឱ្យខ្ញុំផង ខ្ញុំទៅហ្នឹងដែរហើយ...» «...តិចទៀតញុមទៅដែរហើយ សម្ពាធពេក...» សញ្ញាណអាសន្នពីក្រោយការបញ្ចេញមតិលើព័ត៌មានអត្តឃាត នៅពេលដែលឃើញមានមតិយោបល់ ប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ផ្សេងទៀតតែងតែចោទសួរថា តើអ្នកទាំងនោះពិតជាចង់ស្លាប់មែន ឬគ្រាន់តែចង់លេងសើចតាមគ្នាដើម្បីទាញយកចំណាប់អារម្មណ៍? ដើម្បីឈ្វេងយល់រឿងរ៉ាវពីក្រោយការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ អ្នកសារព័ត៌មានបានសម្ភាសជាមួយអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត គឺលោក ផានុ ដែលជាម្ចាស់ខម្មិន (Comment) ម្នាក់ធ្លាប់បានសរសេររៀបរាប់ពីការចង់បញ្ចប់ជីវិតតាមគ្នានៅលើព័ត៌មានអត្តឃាតថ្ងៃទី២៩ ខែមេសានោះ។ តាមការឱ្យដឹងពីបុរសវ័យ៣៤ឆ្នាំរូបនេះ ការខម្មិនរបស់គាត់គឺមិនមែនក្នុងន័យលេងសើចនោះឡើយ គឺលោកពិតជាកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយម្ដងម្កាលគឺអាការៈធ្វើទុក្ខខ្លាំង ក្រោយពេលបាត់បង់ការងារជាបន្តបន្ទាប់ សូម្បីតែការងារចុងក្រោយជាសន្តិសុខ ស្របពេលត្រូវរ៉ាប់រងបំណុលធនាគារ និងការផ្គត់ផ្គង់គ្រួសារ។ ជាឪពុករបស់កូនៗចំនួន៣នាក់ លោក ផានុ ឱ្យដឹងដែរថា លោកមិនដែលហ៊ានចែករំលែករឿងនេះជាមួយគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះគិតថាគ្មានអ្នកណាចង់រាប់រកមនុស្សដែលកំពុងធ្លាក់ខ្លួន ខណៈការស្វែងរកអ្នកជំនាញផ្លូវចិត្តលោកគិតថាត្រូវចំណាយថវិកាច្រើន។ លោកបានចែករំលែកដែរថា លោកធ្លាប់ទាំងបានជួយឃាត់ និងលួងលោមអ្នកប៉ុនប៉ងលោតទឹកម្នាក់នៅលើស្ពាននោះកាលពីមុនមកទៀតផង ប៉ុន្តែលោកនិយាយថា៖«ដល់ពេលដែលជួបរឿងខ្លួនឯង! បានឃើញចែដែលគាត់មានបញ្ហាបំណុល[ហិរញ្ញវត្ថុ]ហើយគាត់សម្លាប់ខ្លួនហ្នឹង គឺដូចរឿងខ្ញុំអ៊ីចឹង។ គ្រាន់តែថា ខ្ញុំព្យាយាមដើម្បីកូនខ្ញុំ ខ្ញុំនៅរស់បន្ត ទោះបីជាខ្ញុំត្រូវជាប់គុកដោយសារបំណុលគេ ក៏ខ្ញុំត្រូវរស់បន្ត»។ លោកបន្ថែមថា បច្ចុប្បន្នបើគ្មានឪពុកម្តាយជួយមើលថែកូនប្រុសពីរនាក់ទេ សម្ពាធផ្លូវចិត្តរបស់លោកមុខជាធ្ងន់ធ្ងរជាងនេះ។ ទាក់ទិននឹងបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត អ្នកតស៊ូមតិផ្នែកគាំពារសុខភាពផ្លូវចិត្តនៃស្ថានីយ៍អារម្មណ៍ (Arom Station) បានសង្កត់ធ្ងន់ថា៖ «ទោះបីជាអ្នកហ្នឹងគាត់ទាញចំណាប់អារម្មណ៍ ឬក៏អត់ក្ដី! គាត់អាចចង់ស្លាប់មែនឬក៏គាត់ចង់ទាញចំណាប់អារម្មណ៍ យើងអត់ដឹងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថាពីរផ្លូវហ្នឹងមួយណាក៏អាចប៉ះពាល់ដល់ជីវិតដែរ»។ អ្នកជំនាញរូបនេះបន្ថែមថា ពួកគេគឺជាជនរងគ្រោះ ដូច្នេះយើងត្រូវតែផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាជនរងគ្រោះ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់បន្ថែមថា៖«សញ្ញាព្រមាន គឺវាដូចជានៅពេលដែលយើងចាប់ផ្ដើមនិយាយលេងបន្លំមែន ហើយដោយសារកត្តាចិត្តយើងឧស្សាហ៍និយាយនៅក្នុងចិត្ត ជួនកាលវាអាចបង្កជាមែន ហើយការលេងឬមែនគឺមានតែគាត់ខ្លួនឯងដែលដឹង។ បើសិនគាត់ខ្លួនឯងថាមានអាការៈបែបនេះ ជម្រើសដ៏ល្អគឺគួរតែទៅជជែកពិភាក្សាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញខ្លួនដែលទុកចិត្តបំផុត»។ ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់ទៀតថា មូលហេតុដែលវាអាចបង្កផលប៉ះពាល់ដល់ជីវិតដូចគ្នា ព្រោះវាអាចធ្វើឱ្យសង្គមជុំវិញខ្លួនចាប់ផ្តើមលែងខ្វល់ខ្វាយលើបញ្ហានេះ។ ប្រសិនបើសង្គមយល់ថា ការបង្ហាញគំនិតចង់ស្លាប់ជារឿងធម្មតាសម្រាប់ទាញយកចំណាប់អារម្មណ៍ នោះនៅពេលដែលមានអ្នកជួបវិបត្តិពិតប្រាកដស្រែករកជំនួយ…

អ្នកស្រឡាញ់ភេទដូចគ្នាសាទរ Pride Month តែពួកគេខ្លះនៅលាក់អត្តសញ្ញាណព្រោះរងសម្ពាធសង្គម
ទង់ពណ៌ឥន្ទធនូដែលតំណាងឱ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានលើកបង្ហាញនៅក្នុងពិធីអបអរខែមោទកភាព (Pride Month) ហើយសារអំពាវនាវឱ្យមានការគោរពសិទ្ធិ និងភាពចម្រុះយេនឌ័រ ត្រូវបានបន្លឺឡើងជាសាធារណៈ ប៉ុន្តែអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជា និយាយថា ពួកគេនៅតែរស់នៅក្រោមសម្ពាធនៃការមិនទទួលស្គាល់ពីគ្រួសារ ការរើសអើងក្នុងសង្គម និងការបង្ខំឱ្យរស់នៅតាមអ្វីដែលអ្នកដទៃរំពឹងទុក។ នៅក្នុងព្រឹត្តិការណ៍អបអរខែមោទកភាព ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា ដោយអង្គការសង្គមស៊ីវិលជាង ២០ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការក្លាហានជាដើម ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជាច្រើនកុះករ ភាគច្រើនជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរអត្តសញ្ញាណយេនឌ័រ ដែលបានមកជួបជុំគ្នាដើម្បីបង្ហាញពីការគាំទ្រ សាទរភាពចម្រុះនៃក្ដីស្រឡាញ់ និង សាមគ្គីភាព។ ព្រឹត្តិការណ៍នេះមានរយៈពេលមួយថ្ងៃពេញ ដោយផ្តោតលើការលើកកម្ពស់សាមគ្គីភាព និងការយល់ដឹងអំពីសិទ្ធិ និងអត្តសញ្ញាណយេនឌ័រ។ សកម្មភាពក្នុងកម្មវិធីរួមមានការប្រកួតដេញដោលជាសាធារណៈលើប្រធានបទពាក់ព័ន្ធនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សកម្មភាពកម្សាន្ត ការសម្តែងរបាំ និងការចែករំលែកបទពិសោធន៍ជីវិតពីសមាជិកសហគមន៍ផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់ «ហ្វុក» រូបរាងជាបុរសអាយុ ៣៦ ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកស្រឡាញ់ទាំងពីរភេទ (Bisexual) ការចូលរួមក្នុងពិធីអបអរខែមោទកភាពកាលពីចុងខែឧសភាកន្លងទៅនេះ គឺជាពេលដ៏កម្រមួយដែលគាត់អាចបង្ហាញខ្លួនជាខ្លួនឯងដោយគ្មានការភ័យខ្លាច។ ប៉ុន្តែគាត់ថាពេលត្រឡប់ទៅផ្ទះវិញ គាត់ត្រូវប្រឈមមុខនឹងការពិតមួយផ្សេងទៀត។ គាត់ថា ទោះបីជាគ្រួសារដឹងពីអត្តសញ្ញាណយេនឌ័ររបស់គាត់ក៏ដោយ ឪពុកម្តាយនៅតែមិនទទួលស្គាល់ ហើយនៅតែព្យាយាមឱ្យគាត់ផ្លាស់ប្តូរ។ នៅឆ្នាំ២០២៤ គាត់ត្រូវបានបង្ខំឱ្យរៀបការជាមួយស្ត្រីម្នាក់។ អាពាហ៍ពិពាហ៍នោះបានបន្តត្រឹមប្រមាណបួនខែប៉ុណ្ណោះ មុនពេលបញ្ចប់ដោយសារការរស់នៅមិនចុះសម្រុង និងសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ ហ្វុក និយាយថា ការបដិសេធពីគ្រួសារ បានធ្វើឱ្យគាត់ធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្ត រហូតដល់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង។ ស្នាមសន្លាកនៅលើដៃរបស់គាត់ នៅតែជាសាក្សីនៃរឿងរ៉ាវនោះ។ ហ្វុកមានប្រសាសន៍ថា៖ « សព្វថ្ងៃគាត់ [ឪពុកម្តាយ] នៅតែបង្ខំ [រៀបការ] មិនមែនខ្ញុំមិនស្រឡាញ់ស្រីទេ តែមានតែ២០%ទេ ដែលស្រឡាញ់ស្រី ប៉ុន្តែចិត្តយើងច្រើនគឺស្រឡាញ់មនុស្សប្រុស ប៉ុន្តែបើសិនជាគាត់នៅតែបង្ខំទៀត ខ្ញុំនៅតែព្យាយាមបដិសេធគាត់ដដែល […] មិនមែនគាត់មិនដឹងទេ តែគាត់នៅតែបង្ខំដដែល ដែលវាជាសម្ពាធផ្លូវចិត្ត ហើយពេលខ្លះក៏ចង់គិតខ្លីម្តងៗដែរ ពេលខ្លះគាត់បង្ខំយើង ឱ្យយើងរៀបការទៅ គាត់ថា ប្រសិនបើយើងមិនរៀបការទេ គាត់នឹងសម្លាប់ខ្លួនអីចឹងទៅ ដូច្នេះយើងជាកូនគឺពិបាក ទីមួយអារម្មណ៍របស់យើងផ្ទាល់ មួយទៀតអារម្មណ៍គិតពីគាត់ » ។ បច្ចុប្បន្ន ហ្វុកជ្រើសរើសរស់នៅដោយបិទខ្លួនឯងនៅក្នុងបន្ទប់ បន្ទាប់ពីចេញពីធ្វើការ ដើម្បីជៀសវាងការប៉ះទង្គិចពាក្យសម្ដីជាមួយឪពុក។ ហ្វុកបន្តថា៖ « ខ្ញុំក៏ធ្លាប់ជជែកពន្យល់ ម៉ាក់ប៉ារបស់ខ្ញុំដែរ តែឱ្យតែឮពាក្យហ្នឹងមួយ គាត់ខឹងតែម្តង គាត់ថាបានហើយឈប់និយាយ […] គាត់ក៏ដឹងដែរ មិនមែនគាត់មិនដឹងទេ ប៉ុន្តែគាត់នៅឱ្យយើងព្យាយាមកែប្រែ គឺគាត់មិនទទួលយក ហើយគាត់មានតែពាក្យមួយម៉ាត់ចុងក្រោយ បើសិនជាចង់ធ្វើរឿងហ្នឹងលុះត្រាតែគាត់ស្លាប់សិន » ។ ខែមោទកភាព ឬ Pride Month គឺជាព្រឹត្តិការណ៍អន្តរជាតិដែលប្រារព្ធរៀងរាល់ខែមិថុនា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរំលឹកប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងនឹងការរើសអើងផ្អែកលើភេទ និងអត្តសញ្ញាណយេនឌ័រ។ ព្រឹត្តិការណ៍នេះក៏ជាវេទិកាសង្គមសំខាន់មួយសម្រាប់ការបង្ហាញ និងការទទួលស្គាល់ភាពចម្រុះរបស់មនុស្ស ដោយរួមមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអត្តសញ្ញាណ និងលក្ខណៈផ្លូវភេទ (SOGIESC)។ ខែនេះត្រូវបានប្រើដើម្បីជំរុញការយល់ដឹងសង្គម លើកស្ទួយសមភាព និងបញ្ចប់ការរើសអើងដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅតែជួបប្រទះក្នុងសង្គមជាច្រើន។ យ៉ាងណា អ្នកចូលរួមព្រឹត្តិការណ៍ខែមោទកភាពម្នាក់ទៀតគឺ សួន វីន អាយុ ២៧ ឆ្នាំ ដែលជាគ្រូបង្រៀន និងជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និយាយថា ទោះបីគាត់ហ៊ានបង្ហាញអត្តសញ្ញាណនៅក្នុងការងារសង្គម ឬក្នុងព្រឹត្តិការណ៍ដូចជា Pride Month ក៏ដោយ គាត់នៅតែលាក់វានៅកន្លែងការងារ។ វីន និយាយថា៖ «ខ្ញុំជាគ្រូបង្រៀន មិនអាចបង្ហាញថាខ្លួនស្ថិតនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានទេ ដោយសារពេលប៉ាម៉ាក់គេឮថាយើងជា Bisexual គេថាយើងមិនច្បាស់លាស់នឹងខ្លួនឯង ស្រឡាញ់ទាំងពីរភេទបែបនេះ បង្រៀនកូនគេយ៉ាងម៉េច គេថាឱ្យខ្ទើយបង្រៀនកូនគេចឹងទៅ តិចឆ្លងតិចអី ជាពិសេសមានក្មេងប្រុសរៀនជាមួយយើង គេខ្លាចឆ្លងពីខ្ញុំ » ។ លោកនិយាយថា សម្ពាធមិនមែនកើតឡើងតែពីសង្គមខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីក្នុងគ្រួសារផងដែរ។ ទោះបីម្ដាយរបស់គាត់ធ្លាប់គាំទ្រក៏ដោយ ក៏នៅតែចង់ឱ្យគាត់យកប្រពន្ធ។ បន្ទាប់ពីម្ដាយទទួលមរណភាព បងប្អូនខ្លះនៅតែបន្តជំរុញឱ្យគាត់រៀបការ។ វីន បន្តថា៖ « ដល់ពេលគាត់និយាយឱ្យយកប្រពន្ធ យកអី ខ្ញុំឆ្ងល់បែបនេះ ហេតុអ្វីមនុស្សគ្រប់គ្នា កើតមកតម្រូវឱ្យយកគ្រួសារតែម្តង យើងរាងមានសម្ពាធដែរ នៅពេលនិយាយៗទៅ គាត់លើករឿងនេះមក យើងកំពុងសប្បាយផង យើងចាប់ផ្តើមអន់ចិត្តជាមួយ ចាប់ផ្តើមស្ងាត់ ហេតុអ្វីគាត់មិនយល់ពីយើង? »។ វីន បានរៀបរាប់ថា បន្ទាប់ពីគាត់សម្រេចចិត្តបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈនៅអាយុ ២២ ឆ្នាំ គាត់បានជួបប្រទះការរើសអើង និងការយល់ច្រឡំពីមនុស្សជុំវិញខ្លួន។ គាត់បញ្ជាក់ថា មិត្តភក្តិដែលធ្លាប់រាប់អាន និងដើរលេងជាមួយគ្នាជាក្រុមធំប្រមាណ ៣០ នាក់ បានបន្តបាត់បង់ទំនាក់ទំនងជាបន្តបន្ទាប់ រហូតនៅសល់តែ ២ ឬ…

អ្នកជំនាញជំរុញឱ្យបង្កើនការផលិតទំនិញខ្មែរពេលចលនាជាតិនិយមកើនឡើង បន្ទាប់ពីថៃឈ្លានពាន
វិវាទព្រំដែនកម្ពុជា-ថៃផ្ទុះឡើងជាងមួយឆ្នាំមកហើយ។ គេសង្កេតឃើញថា ទំនិញមានបាកូដ ៨៨៥ ដែលជាលេខសម្គាល់ផលិតផលថៃ ពុំមានតាំងបង្ហាញច្រើនស្អេកស្កះនៅលើធ្នើតាមផ្សារនៅក្នុងប្រទេសកម្ពុជាដូចមុនទៀតទេ ដោយជំនួសមកវិញដោយផលិតផលប្រទេសផ្សេង ជាពិសេស«ផលិតផលខ្មែរ»។ ការផ្លាស់ប្ដូរដ៏ឆាប់រហ័សនេះ កើតចេញពីភាពឈឺចាប់នឹងការឈ្លានពានរបស់ប្រទេសថៃ ដែលជំរុញឱ្យពលរដ្ឋកម្ពុជាពេញមួយប្រទេស បង្កើតចលនាធំៗចំនួនពីរផ្អែកលើស្មារតីជាតិនិយម នោះគឺ «ចលនាពហិការទំនិញថៃ» និង «ចលនាគាំទ្រផលិតផលខ្មែរ»។ ក្នុងរយៈពេលត្រឹមមួយឆ្នាំ ចលនាទាំងពីរនេះ បានជំរុញផលិតផលខ្មែរដែលធ្លាប់តែមានចំណែក២ភាគរយនៅលើទីផ្សារក្នុងស្រុក ឱ្យកើនឡើងដល់៣០ភាគរយ។ មកដល់ចំណុចនេះ អ្នកជំនាញលើកឡើងថា នាវាផលិតផលខ្មែរ ត្រូវតែលើសពីក្ដោងស្មារតីជាតិនិយម ដោយសហគ្រិន អ្នកពាក់ព័ន្ធ និងរដ្ឋាភិបាល ត្រូវមានមហិច្ឆតាបំពេញតម្រូវការក្នុងស្រុកឱ្យគ្រប់ និងនាំស្លាកយីហោផលិតផលខ្មែរចេញទៅកាន់ទីផ្សារសកលបន្ថែមទៀត។ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោក ឆេង គឹមឡុង យល់ឃើញថា វិស័យរដ្ឋ និងឯកជន ត្រូវពួតដៃគ្នាបង្កើនការផលិតឱ្យលើសចំនួនបច្ចុប្បន្នយ៉ាងហោចណាស់ ៤ដងទៀត ទើបអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក។ លោកបន្តថា កំហឹងនិងភាពឈឺចាប់តែមួយមុខ មិនអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនបានឡើយ ដោយលោកបានលើកប្រទេសកូរ៉េខាងត្បូងក្រោយសង្គ្រាមឆ្នាំ១៩៥២ ជាឧទាហរណ៍ ទាក់ទិនស្មារតីជាតិនិយម និងការចាប់ដៃគ្នាកសាងសេដ្ឋកិច្ចជាតិឡើងវិញរហូតងើបចេញពីភាពក្រីក្រ។ លោក ឆេង គឹមឡុង បញ្ជាក់៖«វាជាការចាប់ដៃគ្នារវាងធនាគារ រវាងរដ្ឋាភិបាល រវាងក្រុមឧស្សាហកម្មផលិតទំនិញ ហើយមានអ្នកជំនាញផ្សេងទៀត ផ្នែកវិទ្យាសាស្ត្រម្ហូបអាហារ ខាងស្បៀងអាហារ ហើយបូកនឹងផ្នែកចំណេះជំនាញពាណិជ្ជកម្មក្រៅស្រុក»។ លោកបន្តថា៖«អ៊ីចឹងកំហឹងហ្នឹងវាមួយហើយ តែបើធ្វើត្រឹមតែកំហឹង ក្នុងចំណោមមនុស្សតូចកម្រិតហ្នឹង គឺមិនអាចប្រកួតប្រជែង មិនអាចរីកធំធាត់ខ្លាំងទេ។ ក៏ប៉ុន្តែដូចខ្ញុំថាមុនហ្នឹង បានអាហ្នឹងជាការឈឺចាប់មក ប៉ុន្តែត្រូវធ្វើច្រើនរឿង»។ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលទំនិញ តាមច្រកព្រំដែនផ្លូវគោកពីប្រទេសថៃ រួមមាន បន្លែ ផ្លែឈើ ឧស្ម័ន និងប្រេងឥន្ធនៈ បន្ទាប់ពីយោធាថៃបានបិទច្រកព្រំដែនដោយឯកតោភាគី។ ក្រៅពីទំនិញដែលបានហាមឃាត់ ផលិតផលថៃផ្សេងទៀត នៅតែអាចនាំចូលមកទីផ្សារកម្ពុជា ដោយផ្អែកលើ គោលការណ៍បើកចំហទីផ្សារ តាមរយៈការនាំចូលតាមផ្លូវទឹក និងច្រកទ្វារទី៣ កាត់តាមប្រទេសឡាវ។ ប៉ុន្តែស្មារតីជាតិនិយម បានធ្វើឱ្យពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់គ្រប់ផលិតផលទាំងអស់ រហូតដល់ហាងទំនិញយីហោថៃមួយចំនួន ត្រូវបិទទ្វារឬជម្រុះស្លាក ហើយជំនួសមកវិញដោយទំនិញ និងស្លាកយីហោថ្មីរបស់កម្ពុជា។ យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នំា២០២៥ ដោយទីផ្សារធំនៅតែជាសហរដ្ឋអាមេរិក តាមដោយវៀតណាម ចិន និងបណ្ដាប្រទេសនៅតំបន់អ៊ឺរ៉ុប។ ចំណែក ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានធ្លាក់ចុះ ៣៨ភាគរយ មានតម្លៃ៦៩០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានតម្លៃ ១.៤ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលពីថៃមកកម្ពុជាធ្លាក់ចុះ៤១ភាគរយ ឯការនាំចេញពីកម្ពុជាទៅថៃ ធ្លាក់ចុះ២៨ភាគរយ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ប្រជាកាសែតតាមរយៈសារសំណេរថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតផលក្នុងស្រុកជាយូរមកហើយ ពោលគឺមិនមែនទើបតែមួយឆ្នាំចុងក្រោយនេះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលក្នុងនោះមានយុទ្ធសាស្ត្រជាតិស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកស្ទួយវិស័យកសិកម្មជាដើម។ លោកបន្តថា៖«រយៈពេលចុងក្រោយនេះដែលថៃឈ្លានពានកម្ពុជា គឺជាសារដាស់ស្មារតីកូនខ្មែរឱ្យរឹតតែពង្រឹងខ្លួនឱ្យខ្លាំងឡើងលើគ្រប់វិស័យ ក្នុងនោះវិស័យផលិតកម្មក្នុងស្រុក ខ្មែរគាំទ្រផលិតផលខ្មែរ គឺត្រូវតែបន្តពង្រឹងរហូតដោយមិនភ្លេចខ្លួន។ រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តគ្រប់បែបយ៉ាងហើយ តែទន្ទឹមនឹងនោះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់មួយទៀតដើម្បីពង្រឹងស្មារតីស្រឡាញ់ជាតិឱ្យបានរឹងមាំ និងយូរអង្វែង មិនមែនតែមួយឆាវទេ»។ ស្របពេលចលនាពហិការនៅតែបន្តយ៉ាងផុសផុល គេនៅតែសង្កេតឃើញមានពលរដ្ឋកម្ពុជាមួយចំនួនទិញទំនិញថៃ ដែលបង្កឱ្យមានការជជែកដេញដោលនៅលើបណ្ដាញសង្គមយ៉ាងក្ដៅគគុកផងដែរ។ លើសពីនេះ មានទំនិញខ្លះត្រូវបានរកឃើញថាលួចនាំចូលតាមច្រកព្រំដែនគោក ជាក់ស្ដែងករណីលួចនាំចូលបារី ស្រា ពងមាន់កូនស៊ីឈ័ន និងផ្លែទុរេនកាលពីថ្មីៗនេះ ដែលធ្វើឱ្យពាណិជ្ជករ និងអ្នកផលិតនៅកម្ពុជា បារម្ភពីការប្រកួតប្រជែងទីផ្សារជាថ្មីម្ដងទៀត។ ត្រង់ចំណុចនេះ បានបង្ហាញថារបត់នៃការចរចូលគន្លងគាំទ្រផលិតផលក្នុងស្រុក ហាក់នៅមានឧបសគ្គរាំងស្ទះ ដោយសារលំហូរផលិតផលក្រៅប្រទេស ការប្រជែងគុណភាព តម្លៃ ការវេចខ្ចប់ ជាពិសេសទំនុកចិត្តលើគុណតម្លៃពិតប្រាកដនៃផលិតផលជាតិ ខណៈដែលម៉ាកយីហោផលិតផលថៃបានជ្រៀតចូលសរសៃឈាមប្រជាជនកម្ពុជាអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។ សន្ទុះនៃការប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋខ្មែរ បានកើតឡើង ចាប់តាំងពីកម្ពុជា ទើបចាកចេញពីរបបខ្មែរក្រហម។ កាលនោះ ពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនថៃ បាននាំគ្នាប្រកបរបររត់ពន្ធទំនិញដូចជា គ្រឿងទេស បារី ថ្មពិល ឱសថ និងគ្រឿងអេឡិចត្រូនិច ពីទឹកដីថៃយកមកលក់នៅក្នុងស្រុក។ ក្រោយមក ការនាំចូលកាន់តែធំជាងមុន បន្ទាប់ពីក្រុមឈ្មួញ និងក្រុមហ៊ុនខ្មែរមួយចំនួន បានបង្កើតក្រុមហ៊ុន និងស្នើសុំអាជ្ញាបណ្ណ នាំចូល និងចែកចាយទំនិញពីប្រទេសថៃ មានដូចជា សាប៊ូ គ្រឿងសម្អាង ស្រាបៀរ ភេសជ្ជៈ យានជំនិះ គ្រឿងយន្តកសិកម្ម ជី និងថ្នាំកសិកម្ម គ្រឿងសំណង់ ប្រភពថាមពល និងគ្រឿងអេឡិចត្រូនិច ជាដើម។ មានស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងវ័យជាង៣០ឆ្នាំ…

កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហ-ប្រជាជាតិ
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហ-ប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅថ្ងៃអង្គារទី ២ ខែមិថុនា ឆ្នាំ២០២៦ នេះ។នេះបើតាមវីដេអូដែលលោកហ៊ុន ម៉ាណែតថ្លែងជាសាធារណៈនៅថ្ងៃនេះ! សូមលោកអ្នករង់ចាំតាមដានព័ត៌មានពិស្តារពីប្រជាកាសែត ជុំវិញបញ្ហានេះនៅពេលបន្ទាប់!

សាច់ញាតិទទូចឱ្យរដ្ឋាភិបាលដោះលែងគ្រួសារដែលជាប់ទោសដោយសារបញ្ចេញមតិពីបញ្ហាព្រំដែន
សាច់ញាតិនៃអ្នកដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងថៃឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ស្នើឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញ ។ ចំណែកអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងស្នើឱ្យអាជ្ញាធររដ្ឋបើកលំហសេរីភាព និងបង្កើនទំនុកចិត្តរវាងរាស្ត្រនិងរារដ្ឋាភិបាល ។ ស្វាមីរបស់កម្មការិនីរោងចក្រកាត់ដេរលោកស្រី ហ៊ុល មុន្នីសាមន គឺលោក ឆេង ចន្ទធា ថ្លែងប្រាប់ប្រជាកាសែតដោយស្នើយ៉ាងទទូចដល់តុលាការឱ្យដោះលែងភរិយាខ្លួនវិញ ដូចដែលតុលាការបានដោះលែងគ្រូបង្រៀនម្នាក់នៅខេត្តកណ្ដាល គឺលោក នូ ភារម្យ។ លោក ចន្ទធា អះអាងថា ភរិយាលោកគ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់បម្រើការងារជាកម្មការិនីរោងចក្រ និងតែងឈឺឆ្អាលបញ្ហាសង្គម ពិសេសរឿងព្រំដែន បន្ទាប់ពីថៃបានឈ្លានពានកម្ពុជា។ ក្រៅពីការឈឺឆ្អាលរឿងសង្គមហើយ ភរិយាលោកហាក់មានបញ្ហាស្មារតីឆាប់ខឹងមួម៉ៅច្រើន ដោយសារសុខភាពក្រពះ ពោះវៀនផង និងម្ដាយទើបទទួលមរណភាពផង។ លោក ឆេង ចន្ទធា បន្តថា «ចង់ស្នើថា បើគាត់ (ហ៊ុន មុន្នីសាមន) ខុសអីមែន! គួរតែអាជ្ញាធរហៅគាត់អប់រំណែនាំបានហើយ ។ មិនគួរណាចោទធំដុំ ២ឆ្នាំ ហើយពិន័យប្រាប់ ៤លានរៀលអ៊ីចឹងទេ»។ លោកស្រី ហ៊ុល មុន្នីសាមន ជាអ្នកខេត្តព្រៃវែង និងបានចាកចេញពីស្រុកកំណើតមកធ្វើការរោងចក្រនៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៣ ខែមីនា ២០២៦ លោកស្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចំនួន ២ឆ្នាំ និងពិន័យជា ប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ប្រមាថអ្នករាជការសាធារណ:» ជុំវិញការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។ លោកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងពេលលោកស្រីកំពុងជិះកង់ទៅទិញថ្នាំពេទ្យនៅផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នស្វាមីលោកស្រី ហ៊ុល មុន្នីសាមន កំពុងពឹងពាក់មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ លោករៀបរាប់ថា បច្ចុប្បន្នលោកត្រូវទទួលបន្ទុកតែម្នាក់ឯងដើម្បីរកប្រាក់សងបំណុលធនាគារ បន្ទាប់ពីភរិយាត្រូវចាប់ខ្លួន។ មិនខុសពីគ្រួសារកម្មការិនីរោងចក្រនេះទេ ស្ត្រីវ័យចំណាស់ម្នាក់ជាកសិករនៅខេត្តកំពង់ឆ្នាំង ដែលជាម្ដាយរបស់ព្រះសង្ឃ ជា វុទ្ធី គឺលោកស្រី ចាន់ ម៉ៅ ក៏ស្នើយ៉ាងទទូចឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងកូនប្រុសឱ្យមានសេរីភាពវិញ។ លោកស្រី ចាន់ ម៉ៅ ថ្លែងប្រាប់ប្រជាកាសែតទាំងក្ដីឈឺចាប់នៅផ្ទះរបស់លោកស្រីនៅក្នុងខេត្តកំពង់ឆ្នាំង ដោយទឹកភ្នែកហូរសស្រាក់ ពេលនិយាយដល់កូនប្រុសតែមួយរបស់ខ្លួន។ លោកស្រីថា ព្រះសង្ឃ ជា វុទ្ធី ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងបង្ខំ ក្រោយចាប់ផ្សឹក និងចោទប្រកាន់រឿងអសីលធម៌ គឺលោកស្រីពុំអាចទទួលយកបានឡើយ។ លោកស្រីអះអាងថា កូនប្រុសជាមនុស្សល្អ និងបួសរៀនតាំងអាយុ១០ឆ្នាំមកម្ល៉េះ និងតែងជួយឈឺឆ្អាលការងារសង្គម ទាំងបញ្ហាព្រំដែន ជនភៀសសឹក និងតែងបរិច្ចាគឈាមដល់អ្នកត្រូវការជាដើម។ លោកស្រី ចាន់ ម៉ៅ៖ «ជួយដោះលែងកូនខ្ញុំផង កូនខ្ញុំមនុស្សល្អណាស់! កូនខ្ញុំមិនដែលមានសត្រូវសៅហ្មងទេ បងប្អូនមិនជឿទេមកសួរប្រធានភូមិ ហើយមេឃុំ ហើយមេប៉ុស្តិ៍ចុះ ខ្ញុំមិនមែនអួតមោទនភាពថាកូនខ្ញុំល្អទេ ដើរសួរគេចុះ បើកូនខ្ញុំអាក្រក់មែន គឺកូនខ្ញុំមិនបានបួសបួនដប់ម្ភៃឆ្នាំទេ នេះកូនខ្ញុំបួសដល់កោះដល់ត្រើយ និងមិនដែលឱ្យម្ដាយពិបាកចិត្ត វេទនា មកកំហឹងកំហល់ រកលុយរកកាក់ទេ កូនខ្ញុំអត់សោះហើយ»។ លោកស្រី ចាន់ ម៉ៅ វ័យ ៦៤ឆ្នាំ គឺជាកសិករក្រីក្រមួយរូប ដែលប្រកបរបរស៊ីឈ្នួលដកដំឡូង កាត់ស្មៅ និងបេះមើមក្ដួចជាដើម។ លោកស្រីមានស្វាមីពិការជើង និងមានជំងឺប្រចាំកាយ។ ស្វាមីលោកស្រីជាអ្នកនេសាទដាក់មង និងអូសត្រីតិចតួចដើម្បីធ្វើប្រហុកលក់ចិញ្ចឹមជីវិត។ បច្ចុប្បន្នលោកស្រីនិងស្វាមីរស់នៅក្នុងផ្ទះទំហំប្រមាណ ៤ គុណ ៥ម៉ែត្រ នៅផ្ទាល់នឹងដី ដោយមានជញ្ជាំងនិងដំបូលប្រក់ស័ង្កសី ស្ថិតនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្ទះលោកស្រីស្ថិតនៅដីអាស្រ័យផលដែលអាជ្ញាធរមូលដ្ឋានឱ្យរស់នៅបណ្ដោះអាសន្នជាមួយពលរដ្ឋប្រមាណ ១០គ្រួសារទៀត នៅជាប់ចង្កេះភ្នំតាងិល ដែលអាចមើលឃើញភ្នំកង្រីយ៉ាងច្បាស់។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២ មេសា បានចោទប្រកាន់ព្រះសង្ឃ ជា វុទ្ធី ពីបទញុះញង់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ព្រះអង្គត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលនាំខ្លួនទៅចាប់ផ្សឹកនៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១ មេសា ដោយចោទថា បានប្រព្រឹត្តខុសធម៌វិន័យ។ យោងតាមរបាយការណ៍របស់អង្គការលីកាដូ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ មានមនុស្សជាង ១០០នាក់ ត្រូវបានផ្ដន្ទាទោស ក្រោមបទចោទផ្សេងៗពីគ្នា ខណៈបទចោទភាគច្រើនគឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារពួកគេបានបញ្ចេញមតិលើបណ្ដាញសង្គម និងសម្ដែងការបារម្ភពីបញ្ហាព្រំដែន បញ្ហាសង្គម និងបរិស្ថានជាដើម។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា តាំងពីមានជម្លោះព្រំដែនខ្មែរថៃមក អង្គការសិទ្ធិមនុស្សកាន់តែមានក្ដីបារម្ភជុំវិញការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ទាក់ទងនឹងការបញ្ចេញមតិលើបណ្ដាញសង្គម ខណៈកាសែតដែលបំពេញវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវបានចោទប្រកាន់ទាក់ទងនឹងបទញុះញង់។ លោក អំ សំអាត…










