កង្វះគ្រូបង្រៀនជារបួសរ៉ាំរ៉ៃ ដែលញាំញីគុណភាពអប់រំសម្រាប់កុមារជនបទនៅកម្ពុជា

អប់រំ

(សិស្សម្នាក់កំពុងឡើងអានអក្សរនៅសាលាបឋមសិក្សាអង្គឈូក ស្ថិតនៅភូមិអង្គឈូក ឃុំអង្គឈូក ស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០២៤។ រូបភាព៖ UNICEF)

នៅរៀងរាល់ព្រឹក សំឡេងកុមារជាងមួយរយនាក់បន្លឺឡើងពីបន្ទប់រៀនតូចៗ នៃសាលាបឋមសិក្សាស្រែគ្រៀង ស្ថិតក្នុងភូមិចាអ៊ុងកៅ ស្រុកអូរជុំ ខេត្តរតនគិរី។ ពីខាងក្រៅ វាមើលទៅមិនខុសពីសាលាបឋមសិក្សាជាច្រើនផ្សេងទៀតនៅតំបន់ជនបទនោះទេ ប៉ុន្តែនៅពីក្រោយសំឡេងអានអក្សរ និងសូត្រមេរៀនទាំងនោះ មានការពិតមួយដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ នោះគឺសាលានេះកំពុងខ្វះគ្រូបង្រៀនយ៉ាងធ្ងន់ធ្ងរ។

បន្ទុកដ៏ធ្ងន់នេះ បានធ្លាក់មកលើអ្នកស្រី ទុំ បូផា នាយិកាសាលាវ័យ ២៩ ឆ្នាំ និងជាជនជាតិដើមភាគតិចគ្រឹង ដោយអ្នកស្រីមិនត្រឹមតែគ្រប់គ្រងសាលានោះទេ រាល់ថ្ងៃ អ្នកស្រីក៏ត្រូវចូលបង្រៀនផ្ទាល់ពីរវេនលើសពីគ្រូធម្មតា និងត្រូវដោះស្រាយបញ្ហារដ្ឋបាល សម្របសម្រួលការងារគ្រូ និងទំនាក់ទំនងជាមួយសហគមន៍ថែមទៀតផង។

សាលាបឋមសិក្សាស្រែគ្រៀង មានសិស្ស ១០២ នាក់ ប៉ុន្តែមានគ្រូត្រឹមតែ ៥ នាក់ប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានគ្រូក្របខណ្ឌរដ្ឋតែម្នាក់គត់ គឺអ្នកស្រីផ្ទាល់ គ្រូខ្ចីពីសាលាផ្សេងម្នាក់ និងគ្រូសហគមន៍បីនាក់ ដែលគាំទ្រដោយអង្គការ United World Schools (UWS)។ គ្រូទាំងនេះត្រូវទទួលខុសត្រូវបង្រៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។

ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកស្រី ទុំ បូផា បារម្ភជាងការងារដែលលើសពីសមត្ថភាពនាពេលបច្ចុប្បន្ន គឺអនាគតរបស់សាលា។ អ្នកស្រីថា គម្រោងគាំទ្រគ្រូសហគមន៍របស់អង្គការ UWS គ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។ ប្រសិនបើគម្រោងនោះបញ្ចប់ សាលានឹងបាត់បង់គ្រូបីនាក់ក្នុងពេលតែមួយ។

អ្នកស្រីមានប្រសាសន៍ថា៖ «បើលែងមានគ្រូពី UWS នេះ វាពិបាក ទម្រាំតែយើងស្នើសុំគ្រូពីរដ្ឋបាន។ ឆ្នាំមុនស្នើសុំទាំងគ្រូកិច្ចព្រមព្រៀង ប៉ុន្តែអត់បាន ដូច្នេះទម្រាំតែខ្ចីគ្រូពីគេបាន ខ្ញុំបង្រៀនឡើង ៤ខែ ទម្រាំគ្រូខ្ចីពីគេមកដល់។ ខ្ញុំប្រហែលជាពិបាក ទោះបីយើងស្នើសុំគេ គឺគេអត់ឱ្យ ឬឱ្យមិនទាន់ ពេលយើងចូលបង្រៀនវិញ ខ្ញុំរត់ម្នាក់ឯងគឺចប់ហើយ ត្រូវបង្រៀនច្រើនថ្នាក់អីចឹង»។

អ្នកស្រីថា បញ្ហាកង្វះគ្រូបង្រៀននៅតាមសាលារៀននេះ មិនគ្រាន់តែជាបញ្ហាលំបាកសម្រាប់គ្រូប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់កុមារ។ អ្នកស្រីបន្តថា គ្រូសហគមន៍មួយចំនួនមិនបានបញ្ចប់ថ្នាក់ទី១២ និងមិនបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យ ដូច្នេះទោះមានចំណេះដឹង ក៏នៅខ្វះវិធីសាស្ត្របង្រៀន។

អ្នកស្រីថ្លែងថា៖ «គ្រូម្នាក់បង្រៀនមួយថ្នាក់ នៅតែពិបាកផ្តល់ការយកចិត្តទុកដាក់ដល់សិស្សម្នាក់ៗ ចុះទម្រាំតែត្រូវបង្រៀនពីរឬបីថ្នាក់ក្នុងពេលតែមួយ។ សិស្សទទួលបានការរៀនមិនពេញលេញទេ ចំណែកគ្រូកិច្ចសន្យានេះ គឺគាត់មិនបានទទួលវគ្គបណ្តុះបណ្តាលឆ្លងកាត់ពីគរុកោសល្យ មានន័យថាគាត់មានចំណេះដឹងមែន ប៉ុន្តែវិធីសាស្ត្របង្រៀន គាត់នៅមានចំណុចខ្វះខាតដែរ។ បេក្ខជនដែលឆ្លងកាត់ (ការបណ្តុះបណ្តាលគរុកោសល្យ) នៅតែមានចំណុចខ្វះខាតច្រើន ចុះទម្រាំគាត់មិនបានឆ្លងកាត់បែបនេះ»។

ករណីនៅសាលាបឋមសិក្សាស្រែគ្រៀង គឺជារូបភាពមួយនៃបញ្ហាដែលកំពុងបន្តមាននៅក្នុងប្រព័ន្ធអប់រំសព្វថ្ងៃ ខណៈរដ្ឋាភិបាលប្រកាសប្តេជ្ញាអនុវត្តកំណែទម្រង់ និងបង្កើនការវិនិយោគលើវិស័យអប់រំជាបន្តបន្ទាប់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចការងារសំខាន់ៗជាច្រើន ដូចជាការពង្រីកការចូលរៀន ការពង្រឹងអភិបាលកិច្ចសាលារៀន ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩។ ក្រសួងក៏បានជំរុញកំណែទម្រង់ជាច្រើន ដើម្បីធ្វើឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាពជាងមុន រួមមានកំណែទម្រង់វិមជ្ឈការ ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកសាងសមត្ថភាពស្ថាប័ន។

ទោះបីជាមានការរីកចម្រើនទាំងនេះក៏ដោយ ការធានាឱ្យសាលារៀនគ្រប់ទីកន្លែងមានគ្រូគ្រប់គ្រាន់នៅតែជាបញ្ហាប្រឈមមួយ។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០Valid-២០២៨ បង្ហាញថា កម្ពុជាជ្រើសរើសគ្រូថ្មីប្រមាណ ៣៥០០នាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែប្រមាណ ១៩០០នាក់ក្នុងចំណោមនោះ គឺត្រូវប្រើប្រាស់សម្រាប់ជំនួសគ្រូដែលចូលនិវត្តន៍ មរណភាព ឬចាកចេញពីប្រព័ន្ធ។ មានន័យថា ចំនួនគ្រូដែលកើនឡើងពិតប្រាកដនៅក្នុងប្រព័ន្ធនៅមានកម្រិត ខណៈតម្រូវការគ្រូនៅតាមសាលារៀននៅតែបន្តកើនឡើង។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានប្រើវិធានការជំនួស ដូចជាការជ្រើសរើសគ្រូកិច្ចសន្យា ការប្រើគ្រូបង្រៀនពីរវេន និងការបង្រៀនថ្នាក់គួប។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ១៣ ២៥៦នាក់ ត្រូវបានប្រើប្រាស់ ខណៈគ្រូបង្រៀនពីរថ្នាក់ពីរពេលមាន ៨ ៧០៧នាក់ និងគ្រូបង្រៀនថ្នាក់គួបមាន ២ ៤៣០នាក់។

ទោះជាយ៉ាងនេះក្តី សម្រាប់គ្រូ និងនាយកសាលានៅតំបន់ដាច់ស្រយាល វិធានការទាំងនេះគ្រាន់តែជាការដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះ។ ពួកគេថាបញ្ហាដែលកំពុងប្រឈមនោះ មិនគ្រាន់តែជាចំនួនគ្រូប៉ុណ្ណោះទេ ប៉ុន្តែរួមមានការបែងចែកគ្រូឱ្យឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សាលានីមួយៗ និងការរក្សាគ្រូឱ្យនៅបម្រើការងារនៅតំបន់ដែលមានការលំបាក។

នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ការទាក់ទាញគ្រូថ្មីឱ្យមកបង្រៀនមិនមែនជារឿងងាយស្រួលឡើយ។ កត្តាចម្ងាយផ្លូវ ការធ្វើដំណើរលំបាក កន្លែងស្នាក់នៅ សេវាសាធារណៈមានកម្រិត និងឱកាសអភិវឌ្ឍវិជ្ជាជីវៈតិចជាងតំបន់ទីប្រជុំជន គឺជាមូលហេតុចម្បងៗដែលធ្វើឱ្យគ្រូមួយចំនួនមិនអាចបន្តការងាររយៈពេលវែងនៅតំបន់ទាំងនេះបាន។

លោក ថម ប៊ុនហាន ជាជនជាតិដើមភាគតិចកាវែត និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិសហការ ដែលស្ថិតនៅភូមិផ្យ៉ាងសៀងសាយ ឃុំតាវែងក្រោម ខេត្តរតនគិរី គឺជាគ្រូម្នាក់ដែលរស់នៅជាមួយបញ្ហាទាំងនេះរៀងរាល់ថ្ងៃ។ ដើម្បីទៅដល់សាលា លោកត្រូវធ្វើដំណើរជិត ១០គីឡូម៉ែត្រតាមផ្លូវក្រហម និងត្រូវឆ្លងដៃទន្លេពីត្រើយម្ខាងទៅម្ខាងទៀតជារៀងរាល់ថ្ងៃ។ ចំណែកនៅរដូវភ្លៀងវិញ ជួនកាលផ្លូវរអិល និងពិបាកធ្វើដំណើរថែមទៀតផង។

សម្រាប់លោក ការធ្វើការនៅតំបន់ដាច់ស្រយាលទាមទារការអត់ធ្មត់ច្រើនជាងចំណេះដឹង។ វាត្រូវការការប្តេជ្ញាចិត្ត និងការយល់ពីតួនាទីរបស់ខ្លួនចំពោះកុមារនៅក្នុងសហគមន៍។

លោកមានប្រសាសន៍ថា៖ «យើងជួយក្មេងៗ អាណិតសាលា អាណិតក្មេងៗព្រោះសុទ្ធតែបងប្អូនយើង បើសិនជាអ្នកចង់ដាក់មកបង្រៀននៅតំបន់ដាច់ស្រយាល ទាល់តែម្នាក់ហ្នឹងដាក់ចិត្តដាក់កាយ ដើម្បីទៅបង្រៀននៅតំបន់ដាច់ស្រយាល។ ប៉ុន្តែបើសិនជាបុគ្គលដែលចង់ហើយ ប៉ុន្តែគ្រាន់តែចង់បានមុខងារឬតួនាទី គាត់អាចប្តូរចេញ ប៉ុន្តែតាមសាលានីមួយៗតែងតែមានការលើកទឹកចិត្ត ហើយតែងតែមានការរើសគ្រូដែរ ប៉ុន្តែបុគ្គលដែលចង់ដាក់ ទាល់តែដាក់ចិត្តដាក់កាយព្រោះវានៅឆ្ងាយ»។

សាលាដែលលោកបង្រៀនមានគ្រូត្រឹម ៣នាក់ប៉ុណ្ណោះ។ ក្នុងនោះមានគ្រូក្របខណ្ឌ ២នាក់ គឺរូបលោក និងនាយកសាលា ខណៈគ្រូម្នាក់ទៀតជាគ្រូសហគមន៍ដែលអង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) ជួលមកបង្រៀន។ ដោយសារគ្រូមិនគ្រប់ សាលាត្រូវរៀបចំថ្នាក់គួប។ គ្រូសហគមន៍បង្រៀនថ្នាក់ទី១ នាយកសាលាបង្រៀនថ្នាក់ទី២ គួបជាមួយទី៣ ហើយលោក ប៊ុនហាន ទទួលបន្ទុកថ្នាក់ទី៤ ដល់ទី៦។

លោកថាការបង្រៀនថ្នាក់គួបមិនមែនជាដំណោះស្រាយដែលអាចធានាគុណភាពអប់រំបានពេញលេញនោះទេ។ លោកពន្យល់ថា នៅពេលគ្រូត្រូវបង្រៀនសិស្សច្រើនថ្នាក់ក្នុងពេលតែមួយ គ្រូត្រូវផ្តោតលើមូលដ្ឋានសំខាន់ៗដូចជាការអាន និងការសរសេរ ជាជាងការអភិវឌ្ឍជំនាញគិតវិភាគ ឬការច្នៃប្រឌិត។

លោក ថម ប៊ុនហាន និយាយថា៖ «គុណភាពនៃការអប់រំ គឺមិនដល់ ៥០ ភាគរយទេ ហើយការឡើងថ្នាក់គឺយើងមើលលើការចេះអានតែមួយមុខទេ ដូច្នេះមានន័យថាការវិភាគផ្សេងៗ ការច្នៃប្រឌិតគឺយើងមិនសូវផ្តោតទេ ប្រសិនបើយើងផ្តោតទៅលើការគិត ការវិភាគច្នៃប្រឌិត គឺរៀនមេរៀនអត់ទាន់នោះទេ ហើយយើងនឹងយឺតទាក់ទងទៅនឹងការបង្រៀនថ្នាក់ផ្សេងទៀត ដូច្នេះគោលដៅរបស់យើងបុកធ្វើម៉េចឱ្យសិស្សចេះអានតែម្តង ជនបទគឺមិនដូចទីប្រជុំជនទេ»។

លោកបន្តថា៖ «នាយកសាលាតែងតែចង់បានគុណភាព ហើយគាត់ធ្វើសំណើ រហូតរាល់ឆ្នាំដើម្បីបានបន្ថែម ប៉ុន្តែអ្វីដែលយើងទទួលបានមកវិញ គេនិយាយថាសិស្សមិនគ្រប់និយាម ចឹងកាលណាយកគ្រូមក ប្រាក់ខែវាច្រើន ដូច្នេះការចំណាយវាច្រើន គេនិយាយបែបហ្នឹង ហើយសិស្សគឺតិច ដូច្នេះវាមិនសមស្របតាមស្តង់ដាររបស់សាលារៀន»។

បញ្ហាខ្វះគ្រូបង្រៀនមិនមែនកើតមានតែនៅតំបន់ជនជាតិដើមភាគតិចនោះទេ នៅតាមសាលាជនបទមួយចំនួនផ្សេងទៀត កង្វះគ្រូក៏កំពុងបង្ខំឱ្យសាលាប្រើវិធីសាស្ត្របង្រៀនដែលអាចប៉ះពាល់ដល់គុណភាពសិក្សារបស់សិស្សផងដែរ។

នៅសាលាបឋមសិក្សាគងឆា ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៦។ លោក ហួង ហ៊ួ ជានាយកសាលា មានប្រសាសន៍ថា សាលាមានសិស្សជាង ១៨០នាក់ ប៉ុន្តែមានគ្រូក្របខណ្ឌត្រឹម ៣នាក់ និងគ្រូកិច្ចសន្យាម្នាក់ប៉ុណ្ណោះ។ ដោយសារចំនួនគ្រូមិនគ្រប់ សាលាត្រូវរៀបចំថ្នាក់គួប ដោយបញ្ចូលថ្នាក់ទី១ ជាមួយទី២ ថ្នាក់ទី៣ ជាមួយទី៤ និងថ្នាក់ទី៥ ជាមួយទី៦ ដើម្បីឱ្យការបង្រៀនអាចដំណើរការបាន។

លោក ហួង ហ៊ួ ទទួលស្គាល់ថា ការបង្រៀនថ្នាក់គួបជួយឱ្យសាលាអាចបន្តបើកថ្នាក់បាន ប៉ុន្តែវាក៏មានដែនកំណត់ចំពោះការផ្តល់ការយកចិត្តទុកដាក់ដល់សិស្សម្នាក់ៗ។

លោកមានប្រសាសន៍ថា៖ «បើគុណភាពយើងអាចចាញ់គេបន្តិច បើគេ ១០០ យើងបានត្រឹម ៧០ អ៊ីចឹង ឱ្យតែសាលានៅតាមជនបទភាគច្រើនគឺប្រឈមនឹងការខ្វះគ្រូបន្តិច។ មិនមែនតែសាលានៅទីនេះទេ គឺសុទ្ធតែគ្រប់សាលា យើងថាយើងខ្វះខាតប៉ុណ្ណឹងនៅកោះកុង ប៉ុន្តែបើប្រៀបធៀបនឹងអ្នកនៅរតនគិរី មណ្ឌលគិរី គឺខ្វះជាងយើងឆ្ងាយ ចឹងដូចនៅឆ្នាំ ២០២៧ នេះ គ្រូកិច្ចព្រមព្រៀងនៅកោះកុងនេះគឺបានតែមួយនោះទេ គឺនៅអូកី ដូច្នេះមានន័យថាខេត្តកោះកុងរបស់យើងមិនមែនជាខេត្តគោលដៅដែលខ្វះគ្រូខ្លាំងមែនទែនទេ តែមានខេត្តធំៗផ្សេងទៀតគឺខ្វះគ្រូកាន់តែច្រើន ដូច្នេះយើងនៅប្រើគ្រូកិច្ចសន្យា»។

លោកបញ្ជាក់ថា សាលាបានស្នើសុំគ្រូជារៀងរាល់ឆ្នាំ ប៉ុន្តែការបែងចែកគ្រូត្រូវផ្តល់អាទិភាពទៅតំបន់ដែលខ្វះខាតធ្ងន់ធ្ងរជាង ដូចជាខេត្តរតនគិរី និងមណ្ឌលគិរី។

លោកថ្លែងថា៖ «យើងធ្វើការស្នើគ្រូជារៀងរាល់ឆ្នាំដែរ ប៉ុន្តែយើងខ្វះគ្រូប៉ុណ្ណឹងហើយនៅមានអ្នកដែលខ្វះជាងយើងទៀត សាលាខ្លះមានតែគ្រូ ២នាក់នោះទេ យើងថាយើងពិបាក ប៉ុន្តែក្រឡេកទៅមើលគេ គឺគេពិបាកជាងយើង យើងឃើញជាក់ស្តែង លំបាកជាងមែន ប៉ុន្តែបើប្រៀបធៀបមកយើង ទោះបីយើងលំបាក យើងក៏ចង់បានគ្រូដែរ»។

នាយកប្រចាំប្រទេសនៃអង្គការ UWS លោក ម៉ក់ សុខា មានប្រសាសន៍ថា ការខ្វះគ្រូនៅតំបន់ដាច់ស្រយាលមិនមែនបណ្តាលមកពីកត្តាតែមួយទេ។ លោកពន្យល់ថា តំបន់ទាំងនេះមានធនធានមនុស្សក្នុងមូលដ្ឋានតិចដែលអាចក្លាយជាគ្រូបង្រៀនបាន។ ដូច្នេះសាលាជាច្រើនត្រូវពឹងផ្អែកលើគ្រូដែលមកពីតំបន់ផ្សេង ហើយពួកគេត្រូវប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ កន្លែងស្នាក់នៅ និងការរក្សាការងាររយៈពេលវែង។

លោកថាចំនួនគ្រូដែលត្រូវបានបែងចែកទៅសាលានីមួយៗនៅមិនទាន់ឆ្លើយតបពេញលេញទៅនឹងតម្រូវការពិតប្រាកដនៅមូលដ្ឋាន។ នៅតំបន់ខ្លះ គ្រូនៅតែប្រមូលផ្តុំនៅតំបន់ទីប្រជុំជន ខណៈសាលានៅតំបន់ដាច់ស្រយាលនៅត្រូវការគ្រូបន្ថែម។

លោកមានប្រសាសន៍ថា៖ «ទោះបីចំនួនសិស្សមិនច្រើនក៏ដោយ កុមារនៅតំបន់ទាំងនេះនៅតែត្រូវការគ្រូគ្រប់គ្រាន់ ដើម្បីទទួលបានការរៀនសូត្រដែលមានគុណភាពដូចកុមារនៅតំបន់ផ្សេងៗ»។

លោកថា ការខ្វះគ្រូអាចធ្វើឱ្យសិស្សត្រូវរៀនថ្នាក់គួប គ្រូមិនអាចផ្តល់ការគាំទ្រដល់សិស្សម្នាក់ៗបានគ្រប់គ្រាន់ ហើយក្នុងករណីខ្លះ អាចបង្កើនហានិភ័យនៃការបោះបង់ការសិក្សា។

លោកបន្តថា៖ «ការខ្វះគ្រូមានផលប៉ះពាល់ដោយផ្ទាល់លើការរៀនសូត្ររបស់កុមារ។ នៅពេលគ្រូមិនគ្រប់គ្រាន់ សិស្សអាចត្រូវរៀនថ្នាក់គួប ដែលធ្វើឱ្យគ្រូពិបាកផ្តល់ការគាំទ្រតាមតម្រូវការរបស់កុមារនីមួយៗ។ ក្នុងករណីខ្លះ សាលាត្រូវបិទថ្នាក់មួយចំនួន ឬមិនអាចបើកថ្នាក់បានពេញលេញ។ វាអាចប៉ះពាល់ដល់លទ្ធផលសិក្សា និងបង្កើនហានិភ័យឱ្យកុមារមួយចំនួនបោះបង់ការសិក្សា។ នេះជាមូលហេតុដែលការធានាឱ្យមានគ្រូគ្រប់គ្រាន់នៅតំបន់ដាច់ស្រយាល គឺជាការវិនិយោគសំខាន់លើអនាគតរបស់កុមារ»។

លោកសង្កត់ធ្ងន់ថា ការវិនិយោគលើគ្រូក្នុងមូលដ្ឋាន គឺជាដំណោះស្រាយដ៏សំខាន់សម្រាប់អនាគតរបស់កុមារនៅតំបន់ដាច់ស្រយាល។ លោកស្នើឱ្យមានការពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាបណ្តុះបណ្តាលគ្រូ បង្កើនធនធានមនុស្សក្នុងតំបន់ និងធានាថាសាលានៅតំបន់ដាច់ស្រយាលមានគ្រូគ្រប់គ្រាន់សម្រាប់កុមារ។

ចំណែក នាយកស្តីទី នៃអង្គការយូនីសេហ្វ (UNICEF) កម្ពុជា លោក Anirban Chatterjee មានប្រសាសន៍ថា ការខ្វះគ្រូនៅតំបន់មួយចំនួននៅតែជាបញ្ហាប្រឈម ទោះបីមានការខិតខំប្រឹងប្រែងជ្រើសរើសគ្រូថ្មីជាបន្តបន្ទាប់ក៏ដោយ។ លោកបន្តថា កង្វះខាតគ្រូបង្រៀនប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិរបស់កុមារក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។

លោកបន្ថែមថា ការដោះស្រាយបញ្ហាកង្វះខាតគ្រូបង្រៀនតម្រូវឱ្យមានវិធីសាស្រ្តដ៏ទូលំទូលាយមួយដែលលើសពីការជ្រើសរើសបុគ្គលិកតែមួយមុខ។ ការយកចិត្តទុកដាក់ស្មើគ្នាគួរតែត្រូវបានផ្តល់ទៅឱ្យការដាក់ពង្រាយគ្រូបង្រៀនប្រកបដោយសមធម៌ ការអភិវឌ្ឍអាជីពគ្រូបង្រៀន ការគាំទ្រសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ និងការរក្សាគ្រូបង្រៀន ជាពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល និងសហគមន៍ដែលខ្វះខាត។

លោកថា ការទទួលបានគ្រូបង្រៀនដែលមានសមត្ថភាព និងមានការលើកទឹកចិត្ត គឺជាកត្តាសំខាន់បំផុតមួយក្នុងការធានាថាកុមារគ្រប់រូបអាចរៀន និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ។

លោកមានប្រសាសន៍ថា៖ «កុមារគ្រប់រូបសមនឹងទទួលបានការអប់រំដែលមានគុណភាព ដែលបង្រៀនដោយគ្រូបង្រៀនដែលមានសមត្ថភាព ដោយមិនគិតពីកន្លែងដែលពួកគេរស់នៅ ឬប្រវត្តិរបស់ពួកគេឡើយ។ ការធានាថាសាលារៀនទាំងអស់មានចំនួនគ្រូបង្រៀនដែលមានសមត្ថភាពគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវលទ្ធផលសិក្សាប្រកបដោយសមធម៌ និងធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក កាន់ ពុទ្ធី មិនបានឆ្លើយសំណួរលម្អិតទាក់ទងនឹងបញ្ហាខ្វះគ្រូ និងការបែងចែកគ្រូនោះទេ ដោយបញ្ជាក់ខ្លីថា «ករណីនេះ ក្រសួងអប់រំកំពុងធ្វើការជាមួយក្រសួងមុខងារសាធារណៈ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគលើវិស័យអប់រំ ដោយចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨លានដុល្លារអាមេរិក លើវិស័យអប់រំ។ សម្រាប់ឆ្នាំ២០២៧ ពិដានគោលដែលកំពុងចរចាសម្រាប់វិស័យអប់រំ មាន ៤ ៦៨៩ពាន់លានរៀល ឬប្រមាណ ១ ១៧២លានដុល្លារអាមេរិក ដែលមានទំហំធំជាងឆ្នាំ២០២៦។

ការកើនឡើងនៃថវិកាបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋលើវិស័យអប់រំ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការនៅជួរមុខក្នុងសាលារៀន បញ្ហាសំខាន់គឺថា តើធនធានទាំងនេះអាចបំប្លែងទៅជាការផ្លាស់ប្តូរដែលកុមារអាចទទួលបានការអប់រំពេញលេញនៅក្នុងថ្នាក់រៀនយ៉ាងដូចម្តេច។

ទិន្នន័យក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ក៏បង្ហាញថា ភាពខុសគ្នានៃលទ្ធផលសិក្សានៅតែពាក់ព័ន្ធយ៉ាងខ្លាំងជាមួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងទីតាំងភូមិសាស្ត្រ។

របាយការណ៍រៀបរាប់ថា៖ «សិស្សដែលមកពីតំបន់ជួបការលំបាក មានលទ្ធផលសិក្សាទាបជាងក្នុងផ្នែកអំណាន សំណេរ និងគណិតវិទ្យា បើប្រៀបធៀបនឹងសិស្សនៅតំបន់ដែលមានធនធានច្រើនជាង។ ជាពិសេស កុមារជនជាតិដើមភាគតិច និងកុមារនៅតំបន់ជនបទប្រឈមនឹងឧបសគ្គច្រើនជាងមុន ដោយសារកត្តាភាសា ចម្ងាយ ស្ថានភាពគ្រួសារ និងការខ្វះធនធានអប់រំ»។

នៅក្នុងផែនការនេះ ក្រសួងអប់រំបានកំណត់ការពង្រឹងគុណភាពគ្រូបង្រៀន និងការអភិវឌ្ឍសមត្ថភាពគ្រូជាអាទិភាពមួយ។ ក្រសួងមានផែនការលើកកម្ពស់កម្រិតបណ្តុះបណ្តាលគ្រូដល់ ១២+៤ ដើម្បីធានាថាគ្រូមានចំណេះដឹង និងសមត្ថភាពគរុកោសល្យគ្រប់គ្រាន់។ នេះមានន័យថា ក្រសួងចង់បង្កើនស្តង់ដារគ្រូបង្រៀន ដោយទាមទារឱ្យគ្រូមានការអប់រំយ៉ាងតិចបញ្ចប់ថ្នាក់ទី១២ ហើយបន្តរៀនថ្នាក់បណ្តុះបណ្តាលគ្រូ ៤ឆ្នាំទៀត។

ទិន្នន័យក្រសួងអប់រំបង្ហាញថា នៅឆ្នាំសិក្សា២០២២-២០២៣ គ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ ៨៩,៦ភាគរយ មានសញ្ញាបត្រក្រោយមធ្យមសិក្សា ហើយ ៦៤,៥ភាគរយ មានសញ្ញាបត្របរិញ្ញាបត្រ ឬខ្ពស់ជាងនេះ។ ប៉ុន្តែនៅតំបន់ដាច់ស្រយាល និងលំបាកខ្លាំង កង្វះគ្រូបង្រៀននៅតែជាបញ្ហាប្រឈម។

នាយិកាសាលាបឋមសិក្សាស្រែគ្រៀង អ្នកស្រី ទុំ បូផា មិនបដិសេធពីការខិតខំរបស់ក្រសួងអប់រំ និងរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំនោះទេ ប៉ុន្តែអ្នកស្រីចង់ឃើញដំណោះស្រាយដែលឆ្លើយតបជាក់ស្តែងទៅនឹងស្ថានភាពនៅមូលដ្ឋាន។ អ្នកស្រីមើលឃើញថា ដំណោះស្រាយដែលចាំបាច់បំផុតសម្រាប់សាលារបស់អ្នកស្រី គឺការទទួលបានគ្រូក្របខណ្ឌបន្ថែម មិនមែនការបន្ថែមបន្ទុកលើគ្រូដែលមានស្រាប់នោះទេ។

អ្នកស្រីថ្លែងថា៖ «សាលាខ្ញុំគឺចាំបាច់ខ្លាំងដើម្បីទទួលបានគ្រូ។ បើអត់មានគ្រូបង្រៀន ឬខ្វះគ្រូបង្រៀន វាប៉ះពាល់គុណភាពនៃការរៀនរបស់សិស្ស មិនដិតដល់ មិនមានគុណភាព […] ខ្ញុំចង់ឱ្យមានគ្រូគ្រប់ប្រាំមួយថ្នាក់តែម្តង ដោយសារ ៦ថ្នាក់ ទើបអាចឆ្លើយតបនឹងការរៀនរបស់សិស្ស។ ខ្ញុំសំណូមពរចង់ស្នើសុំគ្រូក្របខណ្ឌ សម្រាប់ឆ្នាំក្រោយៗមិនបានពេញតែម្តង សុំត្រឹម ៣ ក៏បាន ដើម្បីបង្រៀនក្មេងៗនៅទីនេះឱ្យទទួលបានគុណភាព និងទទួលបានការរៀនសូត្រពេញលេញពីគ្រូដែលបង្រៀន»៕

(អត្ថបទដោយ៖ សោម សុធារី)

អានអត្ថបទផ្សេងទៀតអំពី អប់រំ

អប់រំ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3292}" data-page="1" data-max-pages="1" data-start="1" data-end="1">