ACUប្រកាស បន្តស៊ើបអង្កេតករណីបែកធ្លាយវិញ្ញាសាបាក់ឌុប

សង្គម

អង្គភាពប្រឆាំងអំពើពុករលួយប្រកាសស៊ើបអង្កេតបន្តករណីបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប។ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជាក់ថា រូបថតវិញ្ញាសាប្រឡងបាក់ឌុបមុខវិជ្ជាគណិតវិទ្យា ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះ ដូចស្ទើរទាំងស្រុងទៅនឹងវិញ្ញាសាចេញប្រឡងថ្នាក់ជាតិឆ្នាំ២០២៥។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងផុលផុសករណីដែលថា មានការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប មុខវិជ្ជាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ។ ក្រុមពលរដ្ឋបានផុសលើបណ្ដាញសង្គមដោយបានភ្ជាប់មកជាមួយនឹងរូបថតវិញ្ញាសានោះផង។ ក្រុមគ្រូបង្រៀននិងមហាជន សុទ្ធតែទទូចឱ្យក្រសួងអប់រំចេញមុខបំភ្លឺករណីនេះ ដោយសារតែវិញ្ញាសាដែលបានបែកធ្លាយដូចគ្នាស្ទើតែទាំងស្រុងទៅនឹងវិញ្ញាសាដែលតម្រូវឱ្យប្រឡង។ មហាជនខ្លះបានផ្សាយថា មានករណីបង្រៀនគួរនៅយប់ថ្ងៃប្រឡងបាក់ឌុបតែម្ដង ដោយសំអាងលើរូបភាពម៉ោងពេល នៅក្នុងគ្រុបតេឡេក្រាម ដែលបានបែកធ្លាយ។

តាមរយៈលិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឱ្យដឹងថា វិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានផ្សព្វផ្សាយ ត្រូវបានរកឃើញថា វិញ្ញាសាទាំងនោះ ដូចទៅនឹងវិញ្ញាសាដែលចេញប្រឡងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

លិខិតបន្ត៖ «អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី ២៩/០៨-២០២៥ ម៉ោង ១៤:០០ – ១៦:០០ ប្រាកដមែន (ដូចពី ៨០% ទៅ ១០០%)»។

លិខិតដដែលបន្ថែម៖ «សូមស្នើដល់មហាជនទាំងអស់ កុំចាត់ទុកបុគ្គល ទាំង ៦ នាក់ដែលបានបង្ហោះព័ត៌មានដែលនិយាយថា ការបែកធ្លាយនូវវិញ្ញាសាគណិតវិទ្យា គឺជាអ្នកបំពុលសង្គម ព្រោះក្រុមការងារ អ.ប.ព បានទទួលព័ត៌មានទាំងនេះពីមិត្តភ័ក្របណ្តាញសង្គមទាំងនេះ។ ដូច្នេះក្រុមការងារ សូមបន្តការសហការណ៍ជាមួយមិត្តភ័ក្របណ្ដាញសង្គមទាំងអស់ដើម្បីអាចប្រមូលភ័ស្តុតាងបានគ្រប់ជ្រុងជ្រោយ»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក សយ ច័ន្ទវិចិត្រ បានប្រាប់ប្រជាកាសែតថា រូបថតវិញ្ញាសាដែលបានផ្សាយលើបណ្ដាញសង្គម ពិតជាដូចនឹងវិញ្ញាសាដែលបានចេញប្រឡងពិតមែន ក៏ប៉ុន្តែគ្មានការបញ្ជាក់ណាមួយថាមានការផ្សព្វផ្សាយវិញ្ញាសានេះមុនថ្ងៃប្រឡងនោះទេ។ តែយ៉ាងណា លោក ច័ន្ទវិចិត្រ បញ្ជាក់ថា ACU កំពុងស្រាវជ្រាវបន្ថែមលើបញ្ហានេះ។

លោកថា៖ «យើងបានពិនិត្យឃើញថា មានវិញ្ញាសាមួយចំនួនដែលបង្ហោះនៅលើបណ្ដាញសង្គមនោះគឺមានទម្រង់ដូចគ្នា ទៅនឹងវិញ្ញាសាដែលដាក់ប្រឡង ប៉ុន្តែមិនមានកាលបរិច្ឆេទណាមួយដែលបញ្ជាក់ថា វិញ្ញាសាទាំងអស់នោះត្រូវបានបង្ហោះមុនការប្រឡងទេ[…]ហើយមកដល់ពេលនេះយើងនឹងព្យាយាមស្រាវជ្រាវបន្ថែមទៀត។ យើងក៏រង់ចាំទទួលនូវគ្រប់ព័ត៌មានទាំងអស់ដែលបងប្អូនបណ្ដាញសង្គមដែលគាត់អាចជួយ Share[ចែករំលែក]មកយើង»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្ថែមថា ការបែកធ្លាយវិញ្ញាសាប្រឡងនេះ មានលទ្ធភាពអាចកើតឡើងបានក្នុងដំណាក់កាលចំនួន២ គឺក្នុងដំណាក់កាលថតចម្លងវិញ្ញាសាចែកចាយតាមមណ្ឌលប្រឡង និងក្នុងដំណាក់កាលប្រឡង និងក្រោយការប្រឡង។

លោកនិយាយថា៖ «ដំណាក់កាលដែលអាចមានការបែកធ្លាយ យើងអាចគិតថា ក្នុងដំណាក់កាលនៃការ copy ឯកសាររៀបចែកតាមមណ្ឌលប្រឡង ប៉ុន្តែអានេះគ្រាន់តែជាការគិតទេណា៎ អាហ្នឹងទី១។ ទី២ទៀត អាចវិញ្ញាសាហ្នឹងត្រូវបានថតហ្នឹងគឺនៅពេលដែលប្រឡងតែម្ដង ក្រោយពេលប្រឡងតែម្ដង អ៊ីចឹងហើយបានជានៅក្នុងរបាយការណ៍យើងបានបញ្ជាក់អំពីអ្នកដែលមានសិទ្ធិកាន់ទូរស័ព្ទគឺមានប្រធានមណ្ឌល ប្រធានអប្បមាទ ប្រធានគណៈមេប្រយោគ ប្រធានសន្តិសុខ មន្ត្រី អ.ប.ព. ហើយនិងអ្នកសង្កេតការណ៍របស់ អ.ប.ព.»។

ក៏ប៉ុន្តែលោក សយ ច័ន្ទវិចិត្រ អះអាងថារូបថតវិញ្ញាសាដែលបានបង្ហោះលើបណ្ដាញសង្គមនោះ មិនអាចថតដោយអ្នកសង្កេតការណ៍នោះទេ ដោយសារអ្នកទាំងនោះមិនអាចចូលទៅកាន់បន្ទប់ប្រឡងនោះឡើយ។

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថាក្រសួងអប់រំនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការងារស្រាវជ្រាវ ប៉ុន្តែអាជ្ញាធរជំនាញមិនទាន់រកឃើញភស្តុតាងណាមួយបញ្ជាក់ថាវិញ្ញាសាទាំងអស់ត្រូវបែកធ្លាយមុនការប្រឡងនោះទេ។

អ្នកស្រីថា៖ «អ្វីដែលយើងរកឃើញបឋមហ្នឹងគឺមានន័យថា វិញ្ញាសាដែលយើងបានឃើញនៅ​លើទំព័រហ្វេសប៊ុកទាំងអស់ហ្នឹង គឺជាវិញ្ញាសាដែលបង្ហោះចេញនៅក្រោយការប្រឡង អ៊ីចឹងហើយដំណើរការនេះ យើងនៅតែបន្តសិក្សាលំអិតបន្ថែមទៀតតាមរយៈធនធានដែលមាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយ បង្ហាញឱ្យឃើញថាជាការបែកធ្លាយវិញ្ញាសាមុនដំណាក់កាលនៃការប្រឡងនៅឡើយទេ»។

អ្នកស្រីបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងករណីភាពមិនប្រក្រតីនេះនឹងត្រូវទទួលទោសទណ្ឌទៅតាមវិធានដែលបានចែង។

ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថាបើសិនជាក្រសួងអប់រំមិនបកស្រាយច្បាស់លាស់លើបញ្ហានេះទេ នោះបេក្ខជនប្រឡងដែលបានខិតខំរៀនសូត្រអាចបាក់ទឹកចិត្ត។ តែយ៉ាងណា លោកសំណូមពរដល់បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានមទោនភាពចំពោះអ្វីដែលខ្លួនបានធ្វើ និងទុកបញ្ហានេះឱ្យក្រសួងដោះស្រាយ។

លោកថា៖ «សម្រាប់បេក្ខជនដែលបានប្រឡងហើយហ្នឹង ខ្ញុំថាទោះយ៉ាងណាយើងត្រូវតែមានមទោនភាពចំពោះអ្វីដែលយើងបានធ្វើ យើងត្រូវតែមានសង្ឃឹមការខិតខំប្រឹងប្រែងរបស់យើង ហើយម៉្យាងវិញទៀតគឺ រឿងបែកធ្លាយហ្នឹងយើងទុកលទ្ធភាពឱ្យក្រសួងគាត់ជាអ្នកស្រាវជ្រាវទៅ ហើយបើថាឯកសារនោះមានការបែកធ្លាយមែន នោះក្រសួងគួរតែគិតថាតើគួរធ្វើយ៉ាងម៉េច សម្រាប់អ្នកដែលគ្នាអត់ដឹងវិញ្ញាសាហ្នឹងវាអាចចាញ់ប្រៀបដែរ អ៊ីចឹងក្រសួងត្រូវតែគិតយ៉ាងម៉េចចំពោះគ្នាអត់ដឹងវិញ្ញាសា»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវករណីនេះ និងបកស្រាយទៅកាន់សាធារណៈជនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តលើការប្រឡង។

អ្នកស្រីថា៖ «ប្រសិនបើឃើញបែកធ្លាយវិញ្ញាសា ក្រសួងអប់រំក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងត្រូវវែកញែករឿងហ្នឹងថាតើប្រភពចេញពីត្រង់ណា គួរតែតាមដានរឿងហ្នឹងដើម្បីកុំឱ្យមានការចោទប្រកាន់ បើថាមិនបែកធ្លាយហើយពួកគាត់រៀនសូត្របានទេ គួរតែបញ្ជាក់វិញបញ្ជាក់ប្រាប់វិញថា អញ្ចេះអញ្ចោះវិញអ៊ីចឹងទៅ កុំឱ្យប្រជាពលរដ្ឋអស់ជំនឿទាំងស្រុង»។

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ និង​២៩ ខែសីហា ឆ្នាំ២០២៥។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង១៤ម៉ឺននាក់ (១៤៦ ៧២០នាក់) ក្នុងនោះមានស្ត្រីចំនួនជាង៨ម៉ឺន១ពាន់នាក់(៨១ ៤៤២នាក់)។

ចំណោមនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួនជាង៤ម៉ឺននាក់ (៤០ ៦៧៨ នាក់) ស្ត្រីចំនួនជាង២ម៉ឺន៤ពាន់នាក់ (២៤ ៥១៩ នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនជាង១០ម៉ឺននាក់ (១០៦ ០៤២នាក់) ស្ត្រីមានចំនួន៥ម៉ឺន៦ពាន់នាក់(៥៦ ៩២៣ នាក់)។ ចំណែកឯចំនួនមណ្ឌលប្រឡងសរុបមានមណ្ឌលសំណេរ ចំនួនសរុបគឺ ២៤១ មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទប់ ដែលក្នុងនោះថ្នាក់វិទ្យា​សាស្ត្រមាន ៧២ មណ្ឌល ឬ ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម, អប់រំ, អំពើពុករលួយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1102}" data-page="1" data-max-pages="3" data-start="1" data-end="1">