ជនបរទេស ៥៥នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ត្រូវចាប់ខ្លួនទៅស្នងការដ្ឋាន
សមត្ថកិច្ចចម្រុះពីខណ្ឌចំការមន និងអាជ្ញាធររាជធានីភ្នំពេញជាដើម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួន និងបញ្ជូនជនបរទេសចំនួន ៥៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការនេះធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារ PRINCE HUAN YU ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមរយៈទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆែកឆេរអគារ PRINCE HUAN YU នៅក្បាលដីលេខ៧ ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រភពបន្តថា បន្ទាប់ពីពិនិត្យ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បុគ្គលទាំងនោះមាន ២សញ្ជាតិ ហើយក្នុងនោះ ១៣នាក់ គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាកុំព្យូទ័រយួរដៃ (Laptop) ៨៨គ្រឿង ទូរស័ព្ទដៃ ៣៣០គ្រឿង កុំព្យូទ័រ All in One ៩គ្រឿង ដុំ WiFi ០៧គ្រឿង និង Tablet ១គ្រឿង។ អធិការដ្ឋាននគរបាលខណ្ឌចំការមន៖ «វិធានការបន្ត៖ សម្ភារវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជនបរទេសចំនួន ៥៥នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។ អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស បានប្រាប់ថា ជនបរទេសចំនួន ៥៥នាក់ ដែលសមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ជាជនជាតិចិន និងវៀតណាម។ លោកថា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ មានកិច្ចសហការពីម្ចាស់អគារបានល្អ ហើយលោកឆ្លៀតអំពាវនាវទៅកាន់ម្ចាស់កន្លែងស្នាក់នៅ ឱ្យសង្កេត និងរាយការណ៍ករណីសង្ស័យឆបោកអនឡាញទៅអាជ្ញាធរ។ លោកថា៖ «សូមឱ្យម្ចាស់អគារផ្សេងៗ ក៏ដូចជាម្ចាស់លំនៅឋានផ្សេងៗដែលគាត់ជួល ត្រូវសង្ស័យចំពោះអ្នកជួលហ្នឹង និយាយចំពោះអ្នកជួលដែលអត់មានប្រវត្តិអីច្បាស់លាស់ ឱ្យគាត់រាយការណ៍មកអាជ្ញាធរយើង»។ ក្នុងរយៈពេល ១ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបានចំនួន ៦៦៥ទីតាំង រកឃើញជនសង្ស័យចំនួន ២ ៧៧៣នាក់ ក្នុងនោះមានចំនួន ២ ២០០នាក់ (ស្រ្តី ៣៥៣នាក់) កំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។ នេះបើតាមរបាយការណ៍ស្ដីពី «លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពដដែលឱ្យដឹងទៀតថា កម្ពុជាក៏បានបណ្ដេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ២១ ១០២នាក់ ក្នុងនោះមាន ៣៨សញ្ជាតិ។ ភាគច្រើននៃជនបរទេសដែលបានបណ្ដេញ ជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរដែលកម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាច្រើនករណី ជាពិសេសទីតាំងធំៗដែលប្រព្រឹត្តបទល្មើស។ ក៏ប៉ុន្តែលោកសង្កេតឃើញថា ក្រុមឆបោកតាមអនឡាញ បានបំបែកខ្លួនទៅប្រព្រឹត្តបទល្មើសដដែលនៅទីតាំងតូចៗវិញ។ លោកថា៖ «ការបង្ក្រាបនេះមានលក្ខណៈទ្រង់ទ្រាយធំ មានភាពវិជ្ជមានក៏ដោយ សមត្ថកិច្ចក៏ត្រូវបន្តការបង្ក្រាបតទៅទៀតតាមទីតាំងតូចៗ ដែលក្រុមឆបោកតាមប្រព័ន្ធអនឡាញនេះបានបំបែកខ្លួន ហើយទៅជួលផ្ទះ ជួលវីឡា និងជួលកន្លែងដែលតូចៗសម្រាប់ការប្រព្រឹត្តបន្តទៅទៀត»។ លោក អំ សំអាត ថា ដើម្បីឱ្យការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានជោគជ័យពេញលេញ សមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងលុបបំបាត់អំពើពុករលួយ។ ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដោយការពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យផុងខ្លួនធ្វើការឱ្យក្រុមឆបោកតាមអនឡាញ។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ រួមមានទីសំណាក់ប្រមូលផ្ដុំ បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូជាដើម ដោយទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ព្រឹទ្ធសភាក៏បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕
២៨ កក្កដា ២០២៦

ដំណាំត្រកួនវិលជុំ លើកស្ទួយជីវភាពពលរដ្ឋជាង២០០គ្រួសារនៅកំពត
ការដាំត្រកួនវិលជុំ គឺជាបច្ចេកទេស ចែកដីជាច្រើនរង ដោយដាំដេញថ្ងៃគ្នា និងដកប្រមូលផលបណ្តាក់គ្នា។នៅពេលកសិករដករងទី១ ប្រមូលផលរួច ពួកគាត់ដាំគ្រាប់ថ្មីជំនួសលើរងទី១ នោះភ្លាម ស្របពេលដែលររងទី២ ទី៣ កំពុងលូតលាស់ជាបន្តបន្ទាប់។ ការធ្វើបែបនេះ បង្កើតបានជាវដ្ដ មួយ ដែលធ្វើឱ្យយើងមានបន្លែដកប្រមូលផលបានជាប្រចាំ ឬរៀងរាល់ ២-៣ ថ្ងៃម្តងដោយមិនខកខាន និងមិនបាត់បង់ប្រភពចំណូលជាប្រចាំឡើយ។
២៨ កក្កដា ២០២៦

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២រូប ប្តេជ្ញាបន្តផ្សព្វផ្សាយច្បាប់ក្រោយទទួលបានសេរីភាព
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២រូប គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ប្ដេជ្ញាបន្តការងារផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងនេះ ព្រមទាំងចែករំលែកចំណេះដឹងផ្សេងៗដូចមុនដដែល បន្ទាប់ពីពួកគេទទួលបានសេរីភាពវិញ។ អ្នកទាំងពីរបានថ្លែងបែបនេះប្រាប់ ប្រជាកាសែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ បានចេញពីពន្ធនាគារវិញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺពួកគាត់បានជាប់ឃុំគ្រប់ចំនួន ២ឆ្នាំគត់ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីជាមានសេរីភាពហើយក្តី ក៏អ្នកទាំងពីរនៅតែប្ដេជ្ញាប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា បានប្រាប់ថា កញ្ញានឹងបន្តធ្វើការងារផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសន្ធិសញ្ញា ២៣ តុលា ជាដើម ដើម្បីឱ្យពលរដ្ឋបានយល់ដឹង។ កញ្ញាថ្លែងថា៖ «ជំហរគឺនៅតែដដែល! អ្វីដែលខ្ញុំបានធ្វើកាលពី ៦ឆ្នាំមុន គឺនៅតែបន្តធ្វើ ដូចជាការបន្តផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស វគ្គបណ្ដុះបណ្ដាលកិច្ចព្រមព្រៀង ការផ្ដោតលើភូមិ-ឃុំពាណិជ្ជកម្មដែលជួយផ្នែកសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ជាពិសេសទៅលើសៀវភៅវប្បធម៌»។ ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះបញ្ជាក់ថា មូលហេតុដែលកញ្ញានៅតែបន្តធ្វើកិច្ចការដូចកាលមុនជាប់ពន្ធនាគារ គឺដោយសារតែកញ្ញាបានកំណត់តាំងពីពេលចាប់ផ្ដើមការងារនៅឆ្នាំ២០១៨ ថានឹងធ្វើបេសកកម្មផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាឱ្យបាន ៧,០០០ថ្ងៃ ដើម្បីរួមចំណែកជួយប្រទេសជាតិក្នុងនាមជាពលរដ្ឋសកម្មមួយរូប។ កញ្ញា សោភា បន្តថា កញ្ញាមិនមានការភ័យខ្លាចអ្វីឡើយក្នុងការបន្តការងារនេះ ព្រោះអ្វីដែលកញ្ញាធ្វើគឺស្របតាមច្បាប់ ដែលចែងអំពីសិទ្ធិបញ្ចេញមតិ។ ទោះជាយ៉ាងណា សកម្មជនរូបនេះមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការបន្តការងារនេះនៅឡើយទេ ដោយដំបូងឡើយ កញ្ញាត្រូវចំណាយពេលជាមួយគ្រួសារ ឪពុកម្ដាយ និងជីតាដែលមានវ័យជរា ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹង និងរឿងរ៉ាវនានាដែលបានកើតឡើងអំឡុងពេលកញ្ញានៅក្នុងពន្ធនាគារ។ កញ្ញា សោភា បន្ថែមថា៖ «កាលបរិច្ឆេទនៃការធ្វើជាក់លាក់គឺខ្ញុំមិនទាន់បានកំណត់នៅឡើយទេ ដោយសារតែធម្មតាយើងធ្លាប់ធ្វើការផ្សព្វផ្សាយដោយមានដៃគូ គឺបង ស្រ៊ន ដែលជាអ្នកមានចំណេះដឹងច្រើន។ ដូច្នេះ ពេលគាត់នៅក្នុពន្ធនាគារនៅឡើយ អ៊ីចឹងខ្ញុំត្រូវការពេលវេលាក្នុងការជជែកពិភាក្សាជាមួយបងប្អូនសកម្មជនផ្សេងទៀត ទើបមិនទាន់កំណត់ថាថ្ងៃណានឹងចាប់ផ្ដើមនៅឡើយ»។ ចំពោះរឿងក្ដី «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ធរដល់សន្តិសុខសង្គម» ដែលសាលាដំបូងកាត់ទោសកញ្ញាឱ្យជាប់ពន្ធនាគារ ២ឆ្នាំនោះ កញ្ញា ភឹង សោភា យល់ថាជារឿងអយុត្តិធម៌ ព្រោះអ្វីដែលកញ្ញាបានធ្វើកន្លងមកគឺជាសិទ្ធិបញ្ចេញមតិ ជារឿងសង្គមជួយជាតិ និងមិនមែនជាបទល្មើសឡើយ។ ហេតុនេះ កញ្ញាក៏បានប្ដឹងឧទ្ធរណ៍ចំពោះករណីនេះដែរ។ ចំណែកឯសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយរូបទៀតគឺ លោក សាន សិទ្ធ ក៏ប្ដេជ្ញាបន្តកិច្ចការផ្សព្វផ្សាយច្បាប់ និងសន្ធិសញ្ញាផ្សេងៗដូចកញ្ញា ភឹង សោភា ដែរ ព្រោះលោកសង្កេតឃើញពលរដ្ឋឧស្សាហ៍ប្រើពាក្យអសុរសតាមបណ្ដាញសង្គមជាដើម ដែលបញ្ហានេះកើតចេញពីការដែលពលរដ្ឋមិនសូវយល់ដឹងផ្នែកច្បាប់។ លោកថ្លែងថា៖ «ខ្ញុំចែករំលែកផ្សព្វផ្សាយអ្វីដែលខ្ញុំយល់ ខ្ញុំនឹងចែករំលែកដល់បងប្អូនដែលមិនទាន់យល់។ ខ្ញុំចេះតិច ខ្ញុំចែករំលែកអ្នកអត់ចេះសោះ។ ខ្ញុំចង់ឱ្យប្រទេសយើង ចង់ឱ្យពលរដ្ឋយើងចេះច្បាប់ទាំងអស់គ្នា ពេលពលរដ្ឋចេះច្បាប់ យើងមានសេចក្ដីក្លាហានក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនជាពលរដ្ឋយើងចេះច្បាប់ យើងចេះជួយប្រទេសជាតិដោយប្រើច្បាប់ជាគោល យើងមិនប្រើរបៀបអសុរស ជេរប្រមាថអ្វីឡើយ»។ រីឯភរិយារបស់លោក សាន សិទ្ធ គឺអ្នកស្រី ស្វាយ ពៅ បានសម្តែងការគាំទ្រចំពោះការប្ដេជ្ញារបស់ស្វាមីដែលថានឹងបន្តផ្សព្វផ្សាយច្បាប់នានាដល់សាធារណជន ព្រោះកិច្ចការនេះនឹងជួយសង្គមជាតិផង ព្រមទាំងផ្ដល់ចំណេះដឹងដល់ខ្លួនគាត់ផងដែរ។ អ្នកស្រីថា៖ «ការប្ដេជ្ញារបស់គាត់ជាអំពើល្អមួយដែលមានប្រយោជន៍ ២យ៉ាង ម៉្យាងជួយឱ្យខ្លួនឯងបានរឹងមាំ និងម៉្យាងទៀតជួយសង្គមយើងឱ្យស្គាល់អំពីអំពើដែលមិនជេរប្រមាថគ្នា យើងគោរពគ្នាដោយសីល សមាធិ និងបញ្ញា គឺតាមរយៈការប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ហ្នឹងឯង»។ សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកបានដាក់បណ្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលតុលាការបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ លោកមេធាវីបញ្ជាក់ថា៖ «ផ្អែកលើអង្គហេតុ កូនក្ដីមិនបានញុះញង់ទេ គាត់គ្រាន់តែលើកឡើង និងបកស្រាយនូវសំណួរឱ្យគេពិចារណា ពីគុណសម្បត្តិ គុណវិបត្តិ និងផ្តល់ជាដំណោះស្រាយ ហើយឱ្យអ្នកស្ដាប់ទាំងអស់ពិចារណាតែប៉ុណ្ណោះ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន បន្ទាប់ពីពួកគេបញ្ចេញមតិជុំវិញរឿងកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានកាត់ទោសកញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស្រ៊ុន ស្រ៊ន ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល…

មេធំFBIជួប លោក ហ៊ុន ម៉ាណែត ពិភាក្សារឿងសន្តិសុខដោយផ្ដោតសំខាន់កម្ចាត់ឧក្រិដ្ឋកម្មអនឡាញ
នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នៅវិមានរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាកិច្ចការមួយចំនួនពាក់ព័ន្ធនឹងសន្តិសុខរវាងកម្ពុជា និងអាម៉េរិកដោយផ្ដោតសំខាន់លើការបង្ក្រាបបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Online scams។ ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ជួបជាមួយឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព»។ ប្រភពពីទំព័រតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel គូសបញ្ជាក់ថា បញ្ហាឆបោកតាមអនឡាញ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ដោយគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ លោកបន្ថែមថា អាម៉េរិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើជាដៃគូនិងគាំទ្រដល់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា។ ប្រភពដដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបន្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។លោកហ៊ុន ម៉ាណែត ថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពជូនមន្ត្រីអនុវត្តច្បាប់កម្ពុជា។ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ដំណើរទស្សនកិច្ចរបស់លោក Kash Patel មកកម្ពុជានាពេលនេះ អាចទាក់ទងនឹងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) និងដើម្បីពិនិត្យមើលទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ លោកថា៖ «ទោះជាយ៉ាងណាក៏វាជាលក្ខណៈទស្សនកិច្ចវិជ្ជមានមួយសម្រាប់ទំនាក់ទំនងកម្ពុជា-អាម៉េរិក[...] ខ្ញុំគិតថានេះជាឱកាសដែលកម្ពុជាត្រូវតែបង្ហាញនូវជំហរនៅក្នុងការបើកសហប្រតិបត្តិការបញ្ហាទាំងឡាយ ដែលមានភាពរកាំរកូសរវាងអាម៉េរិកនិងកម្ពុជា ជាពិសេសរឿងអំពើឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មអនឡាញហ្នឹង»។ ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង និយាយថា លោកមិនបានដឹងថា កិច្ចពិភាក្សាក្នុងជំនួបរវាងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដោតលើរឿងអ្វីខ្លះទេ ក៏ប៉ុន្តែលោកយល់ថាពិតជាអំពីរឿងសំខាន់។ លោកថា៖ «ការជួបរវាងស្ថាប័នមួយ ជាពិសេសស្ថាប័នមកពីសហរដ្ឋអាម៉េរិក ហើយនិងការជួបជាមួយនិងខាងរដ្ឋាភិបាល ខ្ញុំជឿជាក់ថារឿងនេះពិតជារឿងសំខាន់ហើយ ហើយជាពិសេសគឺពាក់ព័ន្ធជាមួយនឹងរឿងសន្តិសុខពិភពលោក សន្តិសុខជាតិរវាងប្រទេសកម្ពុជា ជាមួយនិងសហរដ្ឋអាម៉េរិក»។ លោក សុខ គឹមសេង ថានេះជាឱកាសសម្រាប់កម្ពុជា និងសហរដ្ឋអាម៉េរិកបង្កើននូវក្ដីទុកចិត្តជឿជាក់គ្នា និងជាឱកាសធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងលើផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗជាច្រើនទៀត។ រីឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការមកបំពេញទស្សនកិច្ចរបស់លោក Kash Patel នៅកម្ពុជា និងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសារសំខាន់ ព្រោះវាអាចបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខរវាងកម្ពុជា និងអាម៉េរិក ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន លាងលុយកខ្វក់ ដែលកម្ពុជារងផលប៉ះពាល់ពីបញ្ហាទាំងនោះ។ លោកថា៖ «បើសិនជាមានកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទៅលើសម្ព័ន្ធភាពពាក់ព័ន្ធជាមួយនឹងការការពារសន្តិសុខ សុវត្ថិភាពរវាងកម្ពុជា និងអាម៉េរិក ខ្ញុំគិតថាជារឿងល្អដើម្បីរួមគ្នា ឬក៏បង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិកនូវការបង្ក្រាបទៅលើបទល្មើសឧក្រិដ្ឋឆ្លងដែន ការលាងលុយកខ្វក់ ក៏ដូចជា Scam online អីជាដើម»។ នេះជាលើកទីមួយដែលនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel មកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីលោកចូលកាន់តំណែងជា [នាយក] FBI កាលពីដើមឆ្នាំ២០២៥។ តែយ៉ាងណា នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) រូបនេះ ធ្លាប់និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈទូរស័ព្ទម្ដងហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ពីរឿងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជំរិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ភ្ញៀវទេសចរដែលទៅកម្សាន្តសហគមន៍ត្រពាំងសង្កែកើនឡើង២ដងនៅឆ្នាំនេះ
ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែបានកើនឡើង ២ដង នៅឆ្នាំ២០២៦ នេះ ដោយសារមានការបង្កើនចំណត និងបន្ទប់ទឹកបន្ថែម។ ក្នុងចំណោមភ្ញៀវសរុប ភាគច្រើនជាភ្ញៀវជាតិ ខណៈភ្ញៀវអន្តរជាតិមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ទោះបីជាចំនួនភ្ញៀវកើនឡើង និងទទួលបានការកោតសរសើរពីទេសភាព និងបដិសណ្ឋារកិច្ចក៏ដោយ ក៏អ្នកបើកទូកដឹកភ្ញៀវបែរជាធ្លាក់ចុះប្រាក់ចំណូលទៅវិញ ដោយសារសហគមន៍បានបន្ថែមចំនួនទូកច្រើនជាងមុន។

អ្នកនេសាទខ្នាតតូចមួយចំនួន នៅកំពតត្អូញត្អែររឿងនេសាទមិនសូវបាន នៅរដូវវស្សាឆ្នាំនេះ
នៅរដូវវស្សានាខែកក្កដានេះ ផលនេសាទសមុទ្ររបស់ប្រជាពលរដ្ឋនៅកំពង់ផែកំពង់កណ្ដាល ខេត្តកំពត ចាប់ផ្ដើមថយចុះបណ្ដើរៗ ដែលធ្វើឱ្យប្រាក់ចំណេញរបស់ពួកគេត្រូវកាត់បន្ថយយ៉ាងខ្លាំង ហើយពេលខ្លះថែមទាំងមិនរួចថ្លៃដើមទៀតផង។ ក្រៅពីបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាខ្យល់និងភ្លៀងខ្លាំងដែលរំខានដល់ការចេញទូក អ្នកនេសាទខ្នាតតូចបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទូកនេសាទខ្នាតធំដែលលួចអូសគូនិងឆក់ត្រីបំផ្លាញផលនេសាទ។ ទោះបីជាជួបការលំបាក និងក្តីបារម្ភពីសុវត្ថិភាពតាមសមុទ្រយ៉ាងណាក្ដី ក៏អ្នកនេសាទនៅតែខិតខំជម្នះចេញទូកទាំងប្រថុយប្រថាន ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់កូនៗឱ្យបានរៀនសូត្រ។

តុលាការកំពូលរក្សាការផ្តន្ទាទោស មន្ត្រីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ ជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីការក្សាការផ្ដន្ទាទោសប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ បើគិតតាមអំណាចសាលដីកានេះ លោកវណ្ណៈ នឹងត្រូវអនុវត្តទោសចប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ប្រជាកាសែតថា តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់កូនក្ដីលោក ព្រមទាំងតម្កល់ការផ្ដន្ទាទោសលោក ចាន់វណ្ណៈ ដូចតុលាការជាន់ទាប។ លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំង ខកចិត្តចំពោះតុលាការកំពូលដែលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដែលជាអង្គហេតុមួយដែលមិនមានសាក្សីឆ្លើយបំភ្លឺឱ្យបានច្បាស់លាស់ មានន័យថាភស្តុតាងដាក់បន្ទុកពុំមានទម្ងន់ក្នុងការចោទប្រកាន់មកលើកូនក្ដីរបស់ខ្ញុំ»។ ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី យល់ថា ការដែលតុលាការកំពូលសម្រេចតម្កល់ការផ្ដន្ទាទោសស្វាមីគាត់ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ជារឿងអយុត្តិធម៌។ អ្នកស្រីថា៖ «មីងយល់ថាអយុត្តិធម៌សម្រាប់គាត់ដោយសារយើងប្ដឹងតាំងពីសាលាដំបូងមកឧទ្ធរណ៍ៗហើយមកកំពូលហើយតុលាការបដិសេធសម្រេចយកសាលាដំបូងតែរហូត»។ តែយ៉ាងណាអ្នកស្រីថាមានតែរង់ចាំជួបជុំជាមួយស្វាមីគាត់វិញ ព្រោះលោក ចាន់វណ្ណៈ នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មិនមានទស្សនៈអ្វីទេជុំវិញការសម្រេចរបស់តុលាការកំពូលដែលតម្កល់ការកាត់ទោសលោក ខឹម ចាន់វណ្ណៈ។ លោក សុធារ៉ាយុត្តិ មានតែទន្ទឹងរង់ចាំថ្ងៃលោក ចាន់វណ្ណៈ មានសេរីភាព និងអាចចូលរួមសកម្មភាពនយោបាយក្នុងគណបក្សឡើងវិញ។ លោកថា៖ «ពួកយើងនឹងទៅទទួលលោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៧ កក្កដា (តាមថ្ងៃកំណត់) នៅនឹងមុខពន្ធនាគារ ដើម្បីស្វាគមន៍ដែលគាត់បានទទួលសេរីភាពតាមរយៈការអនុវត្តទោសគ្រប់១០០% និងផ្តល់កម្លាំងចិត្តដល់គាត់»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ករណីតុលាការកំពូលរក្សាការកាត់ទោស លោក ខឹម ចាន់វណ្ណៈ នេះ ទំនងជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកថា៖ «វាអត់មានអីចម្លែកទេដែលយើងតាមដានកន្លងមក ឱ្យតែរឿងនយោបាយគឺមិនដែលរួចខ្លួនទេ ជាពិសេសលោក ខឹម ចាន់វណ្ណៈ ហ្នឹងដែលគាត់ជាក្រុមប្រឹក្សាខណ្ឌផងហើយដល់ពេលកាត់ទោសឱ្យគាត់ពាក់ព័ន្ធរឿងបញ្ជីឈ្មោះបញ្ជីអីនេះ ហេតុផលនេះគឺយើងថាគឺជារឿងនយោបាយច្រើនជាងរឿងដែលអនុវត្តតាមផ្លូវច្បាប់»។ លោក យី សុខសាន្ត អំពាវនាវជាថ្មីដល់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចឱ្យបើកលំហសេរីភាពពេញលេញដល់គណបក្សក្រៅរដ្ឋាភិបាល។ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕

អ្នកឆ្លងគ្រុនឈាមនៅកោះកុង កើនជាង២ដងនៅ៣ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមសរុបជាង ៣០០នាក់ គិតចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដែលចំនួននេះបានកើនឡើងប្រមាណ ២ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោក ហៃ ឡៃសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ៣៧៤នាក់ ក្នុងនោះអ្នកជំងឺដែលជាកុមារក្រោមអាយុ ១៥ឆ្នាំ មានចំនួន ២៧៩នាក់ និងអ្នកមានវ័យលើស ១៥ឆ្នាំ មានចំនួន ៩៥នាក់។ លោក ឡៃសុន បញ្ជាក់ថា តួលេខនេះកើនឡើង ២០១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលមានអ្នកជំងឺគ្រុនឈាមចំនួន ១២៤នាក់។ តែយ៉ាងណា ក្នុងចំណោមករណីឆ្លងក្នុងឆ្នាំ២០២៦ គឺគ្មានករណីអ្នកជំងឺស្លាប់ឡើយ។ លោកថា៖ «អ្វីដែលជាកង្វល់របស់មន្ទីរពេទ្យគឺឃើញថា អ្នកជំងឺមានការកើនឡើងច្រើន ហើយតាមរយៈការសម្ភាសន៍អ្នកជំងឺ នៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមានមូសច្រើន នេះគ្រាន់តែជាអ្វីដែលប្រជាពលរដ្ឋគាត់លើកឡើងទេ»។ ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល លោក ហ៊ុយ រ៉េកុល សង្កេតឃើញថា ករណីឆ្លងជំងឺគ្រុនឈាមបានកើតឡើងទូទាំងប្រទេស ដោយរាយប៉ាយតាមតំបន់ផ្សេងៗគ្នា ហើយរាជធានីភ្នំពេញមានអត្រាឆ្លងជំងឺនេះតិចជាងគេ ព្រោះមានអនាម័យល្អ។ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២ ០០០ ករណី និងមានអត្រាស្លាប់ដោយសារជំងឺនេះ ០,១ ភាគរយ។ លោកថា ករណីឆ្លងសរុបនេះប្រហាក់ប្រហែលនឹងចំនួនករណីឆ្លងនៅឆ្នាំ២០២៥ ដែរ។ ទន្ទឹមនឹងនេះ លោកថា ក្រសួងសុខាភិបាលបានអនុវត្តនូវកិច្ចការងារជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម តួយ៉ាងដូចជា ការចេញលិខិតជូនដំណឹងតាមបណ្តាញសង្គមដល់ពលរដ្ឋដើម្បីបង្ការជំងឺនេះ កិច្ចសហការរវាងក្រសួងសុខាភិបាលនិងអាជ្ញាធរនៅមូលដ្ឋាន ការធ្វើយុទ្ធនាការលុបបំបាត់ប្រភពដកទឹក ដោយដាក់ថ្នាំសម្លាប់ដង្កូវទឹកតាមពាងទឹកពលរដ្ឋ និងការបាញ់ថ្នាំមូសជាដើម។ លោក ហ៊ុយ រ៉េកុល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់សម្អាតកុំឱ្យមានដង្កូវទឹក ដែលបង្កើតជាមូសនាំឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម។ លោកបន្ថែមថា៖ «សូមឱ្យយកចិត្តទុកដាក់ថាតើផ្ទះយើងមានដង្កូវទឹកអត់? ហើយបើមានគឺយើងត្រូវតែគ្រប់គ្រង កម្ចាត់ កម្ទេចចោលនូវដង្កូវទឹកទាំងអស់នេះ។ សរុបរួមគឺអនាម័យបរិស្ថានស្អាតល្អ ផ្ទះសម្បែងរស់នៅស្អាត មានពន្លឺថ្ងៃចេញចូល»។ ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ករណី បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡូ វាសនាគិរី ដែលបានលើកឡើងក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក៕

តុលាការកំពូលនឹងប្រកាសសាលដីការឿងមន្ត្រីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ នៅសប្ដាហ៍ក្រោយ
តុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសំណុំរឿងរបស់ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសរូបលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកនិងសហមេធាវីបានលើកឡើងក្នុងសវនាការនៅព្រឹកថ្ងៃទី៦ ខែកក្កដា នូវមាត្រា ៤១៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបំភ័ន្តអង្គហេតុ និងការរំលោភច្បាប់។ លោកមេធាវីប្រាប់ថា តុលាការកំពូលបានជូនដំណឹងទៅមន្ត្រីពន្ធនាគារឱ្យដឹកកូនក្ដីលោកចូលសវនាការ ប៉ុន្តែពុំឃើញដឹកទៅតុលាការទេ ពោលគឺកូនក្ដីលោកបានអវត្តមាន។ ជាមួយគ្នានេះ លោកមេធាវី អែម ចន្ថា ឱ្យដឹងទៀតថា តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោកថា៖ «សង្ឃឹមថាតុលាការកំពូល ក្រុមប្រឹក្សាលោកនឹងពិចារណាឱ្យកូនក្ដីរួចផុតពីបទចោទ និងដោះលែង»។ ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី បានចូលស្ដាប់សវនាការជំនុំជម្រះក្ដីស្វាមីគាត់នៅតុលាការកំពូលនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក៏ប៉ុន្តែអ្នកស្រីមិនបានជួបលោក វណ្ណៈ ឡើយព្រោះលោកអវត្តមាន។ អ្នកស្រី សូដានី ឱ្យដឹងថា លើកចុងក្រោយដែលអ្នកស្រីជួបលោក ចាន់វណ្ណៈ គឺកាលពីដើមខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រីឃើញថា សុខភាពស្វាមីគាត់ពុំសូវល្អទេ ដោយសារស្បែកលោកឡើងរមាស់ និងលោកមានជំងឺប្រចាំកាយផងគឺជំងឺក្រពះ។ បន្ថែមពីនេះ អ្នកស្រី សូដានី សង្កេតឃើញថា ប្ដីគាត់រលាកពោះវៀន បន្ទាប់ពីមន្ត្រីពន្ធនាគារប្ដូរគាត់ពីមណ្ឌលអប់រំកែប្រែទី ១ (ម១) ទៅឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំវិញ ព្រោះនៅទីនោះទឹកបរិភោគគ្មានអនាម័យ។ ជាមួយគ្នានេះ អ្នកស្រីស្នើសុំឱ្យតុលាការកំពូលទម្លាក់បទចោទចំពោះប្ដីគាត់។ អ្នកស្រីថា៖ «...ខ្ញុំនៅតែទទូចសុំអ៊ីចឹង សុំតែឱ្យទម្លាក់បទចោទទៅព្រោះថា រឿងបញ្ហានេះគឺអយុត្តិធម៌ចំពោះប្ដីខ្ញុំ ព្រោះប្ដីខ្ញុំគាត់អត់បានប្រព្រឹត្ត ឬដូចតុលាការចោទពីគាត់បានក្លែងបន្លំឯកសារ»។ រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់ថា វាគ្រាន់តែបង្គ្រប់នីតិវិធីតែប៉ុណ្ណោះ ព្រោះថា លោក វណ្ណៈ នឹងអនុវត្តទោសចប់ ហើយមានសេរីភាពនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។ លោកថា៖ «ភាពអយុត្តិធម៌សម្រាប់គាត់គឺនៅតែអយុត្តិធម៌។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២ ឆ្នាំមកហើយដោយសារតែបណ្តឹងចោទប្រកាន់ ព្រោះថាគាត់គ្មានកំហុស។ ទោះជាបានស្នើឱ្យទម្លាក់បទចោទ និងដោះលែងគាត់តាំងពីដើមមកក្តី»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការចោទប្រកាន់នានាដូចជាករណីពាក់ព័ន្ធនឹងឯកសារ ឬស្នាមមេដៃផ្សេងៗ ហាក់បីគ្រាន់តែជាលេស សម្រាប់ចោទប្រកាន់អ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាល។ លោកថា៖ «គួរតែបញ្ចប់ទៅវប្បធម៌លាបពណ៌ចោទប្រកាន់អីហ្នឹង គួរឈប់ទៅ។ បើយើងចាត់ទុកថាប្រទេសយើងកាន់របបប្រជាធិបតេយ្យ យើងគួរតែផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ឬមួយក៏សមាជិកនយោបាយគ្រប់ទាំងអស់»។ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០ batch សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕

តុលាការកំពូលនឹងប្រកាសសាលដីការឿងមន្ត្រីបក្សកម្លាំងជាតិលោក មឺ សេងហ៊ (ហៅ គា វិសាល) នៅថ្ងៃទី១៣ ខែកក្កដា
តុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសំណុំរឿងរបស់អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការនេះធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោកដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ»។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសអតីតបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី ១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ រូបនេះទុកជាបានការដដែល ហើយលោកបានអនុវត្តទោសចប់នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦។ មេធាវីការពារក្ដីឱ្យលោក គា វិសាល គឺលោកមេធាវី ជូង ជូងី ថាពិតណាស់នៅក្នុងសវនាការនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកបានស្នើសុំតុលាការទម្លាក់ចោលនូវបទញុះញង់ចំពោះកូនក្ដីលោក។ លោកថា៖ «ខ្ញុំជាមេធាវីមើលទៅឃើញថាជេរគ្នាទៅវិញទៅមកទេ អត់មានការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ ជាតិសាសន៍ ឬក៏សាសនាអីក៏អត់ដែរ។ អ៊ីចឹងមេធាវីបានស្នើសុំឱ្យទម្លាក់បទចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង»។ លោកមេធាវីឱ្យដឹងថា តុលាការកំពូលនឹងប្រកាសសាលដីកាចំពោះសំណុំរឿងនេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោកបន្ថែមថា៖ «ខ្ញុំចង់ឃើញតុលាការកាត់ក្ដីផ្ដល់យុត្តិធម៌ដល់កូនក្ដីខ្ញុំ»។ អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល អះអាងថា លោកមិនបានប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើងដូចការចោទប្រកាន់ឡើយ ហើយអង្គហេតុដែលតុលាការលើកមកចោទប្រកាន់លោកនោះគឺមិនត្រឹមត្រូវទេ ពីព្រោះគេបានចោទលោកថាបានប្រព្រឹត្តអំពើញុះញង់នៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ តែលោកមិនបាននៅក្នុងប្រទេសកម្ពុជាទេអំឡុងពេលនោះ។ តែយ៉ាងណា លោក វិសាល នៅតែមានសង្ឃឹមថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនលោក។ លោកថា៖ «ក្នុងនាមខ្ញុំជាមន្ត្រីថ្នាក់ដឹកនាំនៃគណបក្សនយោបាយជំទាស់ គេហៅថាគណបក្សប្រឆាំងហ្នឹង ការសង្ឃឹមហ្នឹងទោះបីថាសល់តែមួយភាគរយ ក៏យើងត្រូវតែជឿជាបណ្ដោះអាសន្នទៅលើតុលាការកំពូលសិនទៅថាគាត់នឹងទម្លាក់ចោល»។ ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង អ្វីដែលលោកចង់បានគឺភាពយុត្តិធម៌សម្រាប់លោក គា វិសាល។ លោកថា៖ «រឿងក្ដីគាត់ហ្នឹង គាត់ប្ដឹងតាំងពីគាត់នៅក្នុងជាប់ពន្ធនាគារ ឥឡូវគាត់ចេញមកក្រៅហើយ មានន័យថា គាត់បញ្ចប់បំពេញទោសរបស់គាត់ព្រហ្មទណ្ឌ ប៉ុន្តែរហូតមកដល់ពេលនេះនីតិវិធីតុលាការហ្នឹងអត់ទាន់ចប់។ អ្វីដែលខ្ញុំចង់បាន យើងមិនជាចង់បានច្រើនទេ យើងនៅតែទន្ទេញពាក្យយើងចង់បានភាពយុត្តិធម៌តែប៉ុណ្ណឹងឯង»។ ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា តុលាការកំពូលមានការយឺតយ៉ាវក្នុងការបើកសវនាការជំនុំជម្រះរឿងក្ដីលោក គា វិសាល ដែលធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទ។ លោកថា៖ «លោក គា វិសាល បានអនុវត្តទោសចប់ទៅហើយៗត្រូវបានដោះលែងក្រោយពីអនុវត្តទោសចប់។ អ៊ីចឹងឥឡូវនេះតុលាការកំពូលទើបតែធ្វើការជំនុំជម្រះទៅលើរឿងគាត់[...]អ៊ីចឹងហើយបានថា ករណីខ្លះ សំណុំរឿងខ្លះកាន់តែអូសបន្លាយពេលវេលាវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ»។ សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងឈ្មោះ ម៉ៃ ហុងស្រៀង ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពរើសអើង និងជេរប្រមាថជាសាធារណៈ។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេងហ៊ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» ពាក់ព័ន្ធនឹងការបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែលបានរិះគន់កំណត់ត្រាស្ថានភាពប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាល។ នេះបើតាមអង្គការលីកាដូ។ដោយឡែក លោក មឺ សេងហ៊ ហៅគា វិសាល ធ្លាប់ជាប់ពន្ធនាគារម្ដងហើយកាលពីឆ្នាំ២០១៩ ពីបទញុះញង់ ជុំវិញការបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក និងវិទ្យុ ហើយលោកបានអនុវត្តទោសចប់នៅឆ្នាំ២០២០៕

គុណភាព និងភាពស្មោះត្រង់ ជាស្ពានចម្លងអាជីវកម្មស្រ្តីឆ្ពោះទៅរកភាពជោគជ័យ
សហគ្រិនធុនមីក្រូ តូច និង មធ្យមជាស្ត្រីមួយចំនួនបង្ហាញគន្លឹះជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយពួកគេចាត់ទុកការតស៊ូព្យាយាម គុណភាពនិងភាពស្មោះត្រង់ចំពោះអតិថិជនជាចំណុចសំខាន់។ ការលើកឡើងនេះធ្វើឡើងស្របពេលកម្ពុជាប្រារព្ធទិវាសហគ្រាសធុនមីក្រូ តូច និង មធ្យម (MSME Days) លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់ MSMEs ឆ្ពោះទៅកាន់ទីផ្សារ-Bridging MSMEs to Market»។ ស្ថាប័នចំនួន៧រួមមានដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) សហការគ្នារៀបចំទិវានេះនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់។ នៅបរិវេណពិធីមានស្តង់តាំងលក់ផលិតផលជាច្រើន រួមមានបន្លែសរីរាង្គ ទឹកដោះគោ ត្រីខ និងស្ដង់ផ្សព្វផ្សាយពីធនាគារជាដើម។ម្ចាស់ហាងបាយស្លឹកចេក អ្នកស្រី លាង ចន្ទលាមី បានប្រាប់ថា កាលអ្នកស្រីចាប់ផ្ដើមលក់បាយស្លឹកចេកដំបូងគឺនៅឆ្នាំ២០១៨ដោយកាលនោះគាត់លក់តាមរទេះ។ អ្នកស្រីជួបឧបសគ្គជាច្រើនដូចជាបញ្ហាចោរលួចរទេះ និងស្វាមីឈឺកាលពេលកូវីដជាដើម ក៏ប៉ុន្តែអ្នកស្រីតស៊ូ ព្យាយាម មិនបោះបង់ឡើយ។ តាំងពីលក់លើរទេះរហូតដល់មានសាខាហាងបាយស្លឹកចេកចំនួន ៤សាខានាពេលបច្ចុប្បន្ន អ្នកស្រី ចន្ទលាមី ចែករំលែកគន្លឹះជោគជ័យរបស់គាត់ថា គាត់តែងតែគិតគូរ និងស្មោះត្រង់នឹងអតិថិជន ទើបមានការគាំទ្រគាត់ច្រើន។ តួយ៉ាង ការវេចខ្ចប់ដែលគិតគូរខ្ពស់ពីសុខភាព និងបរិស្ថានដោយប្រើប្រអប់ក្រដាសធ្វើពីកាកអំពៅ និងស្លឹកចេកវេចបាយ និងលក់ម្ហូបអាហារដែលមានគុណភាពខ្ពស់ដូចសាច់គោដែលមានតម្លៃថ្លៃជាដើម។ អ្នកស្រីថា៖ «ដោយសារមានហេតុផល២យ៉ាងសំខាន់ជាងគេ ទី១គឺខ្ញុំប្រើប្រាស់ផលិតផលដែលកាត់បន្ថយប្លាស្ទិក ព្រោះបច្ចុប្បន្នប្រជាជនខ្មែររបស់យើងពិតជាគាំទ្រខ្លាំងក្នុងការដែលយើងគិតគូរដល់បរិស្ថាន។ ចំណុចទី២គឺខ្ញុំពិតជាបានផ្ដល់ទំនុកចិត្តដល់អតិថិជន[...]ទុកចិត្តញ៉ាំដូចបាយម្ដាយធ្វើឱ្យ»។ ចំណែកឯម្ចាស់សិប្បកម្មផលិតនិងកែច្នៃសាច់ អ្នកស្រី ជឹម ដាលីន ប្រាប់ថាគាត់លក់សាច់ហ្សំបុង(Ham) សាច់បន្ទះ(Bacon) និងសាច់ក្រក(Hotdog)ជាដើម តាំងពីឆ្នាំ២០១៨។ បច្ចុប្បន្ន គាត់លក់ផលិតផលរបស់ខ្លួនទៅឱ្យហាងជាច្រើន ក៏ប៉ុន្តែគាត់កំពុងព្យាយាមចូលទីផ្សាររបស់ផ្សារទំនើប ក៏ប៉ុន្តែអ្នកស្រីបានជួបការលំបាកមួយចំនួន។ អ្នកស្រីថា៖ «ពិបាកខ្លាំងជាងគេគឺគាត់ទារថ្លៃ Barcode ថ្លៃ ហើយ Vendor ក៏រាងខ្ពស់ដែរ។ភាគរយៗគឺមានតម្លៃថ្លៃខ្ពស់មែនទែន គាត់ទារជាទូទៅយើងអាចឱ្យបានត្រឹម២០ភាគរយ តែគាត់ទារដល់ ៣០ ហើយគាត់ទារ VAT ទារអីពីយើងទៀតថែម។ ដោយសារសហគ្រាសយើងវាធុនតូច រដ្ឋាភិបាលក៏បានប្រកាសហើយថាឱ្យលើកលែងពន្ធ អ៊ីចឹងពួកបងអត់ជាប់ពន្ធអីទេ អត់មាន VAT អីទេ អ៊ីចឹងសុំអាលិខិតហ្នឹងចេញពីខាងរដ្ឋមក»។ ទោះជាអ្នកស្រី ដាលីន មិនទាន់ហ៊ាននិយាយថានេះជាជោគជ័យក៏ដោយ សហគ្រិនស្រ្តីរូបនេះមានអនុសាសន៍សម្រាប់អ្នកឯទៀតដែលមានបំណងបង្កើតអាជីវកម្ម ឬកំពុងដំណើរការអាជីវកម្មហើយនោះថា ចំណុចសំខាន់សម្រាប់អាជីវកម្មគឺភាពស្មោះត្រង់ចំពោះអតិថិជនខ្លួន។ អ្នកស្រីបន្ត៖ «កុំឱ្យគាត់បោះបង់តែប៉ុណ្ណឹងទេ បើគាត់ស្រឡាញ់ហើយ គាត់ត្រូវតែធ្វើឱ្យអស់ពីចិត្ត ហើយត្រូវតែមានភាពស្មោះត្រង់ ដើម្បីជឿជាក់ថាផលិតផលយើងល្អ អ៊ីចឹងបានយើងហ៊ានលក់ ហើយយើងនឹងមានចម្លើយឆ្លើយតបទៅអតិថិជនយើងច្បាស់ ព្រោះអតិថិជនមុននឹងទិញរបស់យើងគាត់សួរហើយ បងឯងផលិតយកសាច់ពីណាមក បងឯងប្រើអីខ្លះ កូនញ៉ាំបានអត់»។ ការដែល អ្នកស្រី ដាលីន បានដំណើរការអាជីវកម្មដល់សព្វថ្ងៃនេះគឺដោយមានការលើកទឹកចិត្តពីស្វាមីគាត់ផង។ ដូច្នេះ អ្នកស្រីចង់ឱ្យបុរសដែលជាស្វាមីសហគ្រិនស្ត្រីនោះ លើកទឹកចិត្តភរិយាផង។ អ្នកស្រី ជឹម ដាលីន៖ «បងៗបុរសដែលជាស្វាមីសូមឱ្យជួយលើកទឹកចិត្តភរិយា មិនថាគាត់ជោគជ័យ ឬក៏មិនជោគជ័យទេ ត្រូវតែនៅជាមួយគាត់។ និយាយទៅធ្វើជាស្មាឱ្យគាត់ផ្អែកផងនៅពេលគាត់ពិបាក»។ រីឯប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង កញ្ញា សឿន សុទ្ធនីតា បានប្រាប់ថា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនេះដំណើរការប្រមាណ៦ឆ្នាំមកហើយ ដោយនាំចេញទៅលក់នៅឯទីផ្សារបរទេសប៉ុណ្ណោះ។ កញ្ញា សុទ្ធនីតា ប្រាប់ថា កាលពីគាត់ចូលធ្វើការនៅក្រុមហ៊ុនកែច្នៃចន្ទីនេះដំបូង គាត់មានវ័យប្រមាណ២០ឆ្នាំ ដោយមានតួនាទីជាអ្នកអភិវឌ្ឍពាណិជ្ជកម្ម។ ក្នុងវិស័យដែលមានបុរសភាគច្រើន កញ្ញា នីតា ជួបការលំបាកមួយចំនួនដូចជា បញ្ហាអ្នកឯទៀតក្នុងវិស័យនេះមិនសូវទទួលយកនូវគំនិតរបស់កញ្ញានៅពេលគាត់ចែករំលែកទៅកាន់ពួកគេម្ដងៗ និងបញ្ហាផ្នត់គំនិតសង្គមចំពោះស្រ្តីជាដើម។ កញ្ញាថា៖ «កាលខ្ញុំចាប់ផ្ដើមដំបូង ខ្ញុំអាយុ១៩ឆ្នាំ២០ឆ្នាំ ទើបតែរៀនបានឆ្នាំទី១ទេ យើងចាប់ផ្ដើមមកចូលទៅក្នុង Male dominated industry (វិស័យដែលមានបុរសភាគច្រើន) អ៊ីចឹងបញ្ហាដែលខ្ញុំជួបប្រទះហ្នឹងគឺ បញ្ហាដំបូងគេនោះគឺថា ការពិបាកនៅក្នុងការចែករំលែកការយល់ឃើញរបស់ខ្ញុំ ចក្ខុវិស័យរបស់ពួកខ្ញុំទៅកាន់ពួកគាត់ឱ្យពួកគាត់ស្វែងយល់ដូចពួកខ្ញុំដែរ»។ តែយ៉ាងណា កញ្ញា សុទ្ធនីតា សង្កេតឃើញថា សង្គមបច្ចុប្បន្នមិនត្រឹមតែផ្ដល់សិទ្ធិស្មើគ្នាឱ្យបុរសនិងស្ត្រីប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តស្ត្រីគ្រប់វិស័យ រួមទាំងវិស័យអាជីវកម្មផង។ កញ្ញាបន្ថែមថា៖ «មកដល់សង្គមបច្ចុប្បន្នកាល ពួកយើងលើកកម្ពស់សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី មិនថាការធ្វើអាជីវកម្ម មិនថាការទទួលការឧបត្ថម្ភ ការជំនួយផ្សេងៗទេ[...]អ៊ីចឹងសូមឱ្យពួកគាត់ជួយចាប់យកឱកាសនេះ មកបង្កើតអ្វីមួយដែលធ្វើឱ្យពួកគាត់រីកចម្រើនទៅមុខទៀត កុំខ្លាចតែខ្លួនឯងជាស្រីមិនអាចធ្វើអីបាន»។ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហេង សុខគង់ មានប្រសាសន៍ អ្វីដែលក្រសួងអាចជួយសហគ្រាសធុនតូច និងមធ្យមអាចឈានចូលទីផ្សារបាន គឺឱ្យពួកគេងាយបង្កើត ងាយដំណើរការ និងងាយបិទវិញ។ លោកថា៖ «ទី១ធ្វើយ៉ាងម៉េចឱ្យ SME ហ្នឹងកើតស្រួល ការសំខាន់ណាស់ ឱ្យគាត់ចុះឈ្មោះបានស្រួល ចុះឈ្មោះបានស្រួល ក្រសួងស្ថាប័នទាំងអស់បង្កលក្ខណៈងាយស្រួល[...]ហើយទី២នៅពេលគាត់កើតហើយ ធ្វើម៉េចឱ្យគាត់ Grow ឱ្យគាត់លូតលាស់បានស្រួល…

តុលាការកំពូលផ្តន្ទាទោសលោក កើត សារ៉ាយ ដាក់ពន្ធនាគារ ៤ឆ្នាំ ដដែល
តុលាការកំពូលនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសសាលដីកាតម្កល់ការផ្តន្ទា ទោសប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ(KSILA)លោក កើត សារ៉ាយ ដាក់ពន្ធនាគារ ៤ឆ្នាំ និងពិន័យប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក កើត សារ៉ាយ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារ។ សហមេធាវីការពារក្ដីឱ្យ លោក កើត សារ៉ាយ គឺលោក អែម ចន្ថា ប្រាប់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលផ្តន្ទាទោសកូនក្ដីលោកទុកជាបានការដដែល។ លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំងដោយសារថាតុលាការកំពូលពុំបានទទួលយកនូវអ្វីដែលជាការលើកអំណះអំណាងរបស់កូនក្ដីខ្ញុំបាទ ក៏ដូចជាសហមេធាវីដែលបានលើកឡើងអំពីអង្គច្បាប់ និងអង្គហេតុមួយចំនួនដែលជាការភ័ន្តច្រឡំដែលធ្វើការចោទប្រកាន់កូនក្ដីខ្ញុំបាទតាំងពីសាលាដំបូង[...]កូនក្ដីយើងខ្ញុំធ្វើនេះពុំមានចេតនាដូចការចោទប្រកាន់ទេ។ វាជាសកម្មភាពនៃការធ្វើការរបស់សមាគម»។ ម្ដាយរបស់លោក កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉ែម មិនបានទៅតុលាការកំពូលដើម្បីស្ដាប់ការប្រកាសសាលដីការឿងកូនប្រុសគាត់ទេ ដោយសារគាត់ឈឺ និងរស់នៅឆ្ងាយរាប់រយគីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មានជំងឺបេះដូងផង បញ្ហាសួតផង និងកំពុងឈឺគ្រុនទៀត អ្នកស្រី ចាប យ៉ែម មានអារម្មណ៍ក្ដុកក្ដួល និងអស់សង្ឃឹមពេលទទួលដំណឹងថាតុលាការមិនលើកលែងទោសឱ្យកូនប្រុសគាត់។ អ្នកស្រីថា៖ «យាយក្ដុកក្ដួលក្នុងចិត្តណាស់ គេអត់អធ្យាស្រ័យឱ្យ[...]ការកាត់ទោសនេះដូចជាអយុត្តិធម៌ហួសហើយ មិនលើកលែងឱ្យ[...]បារម្ភពីកូនបារម្ភហើយកូន បារម្ភហួសពីបារម្ភ យប់ឡើងដេកស្រមៃឃើញកូនក៏មាន នឹកឃើញតែក្នុងថ្ងៃនេះគឺសង្ឃឹមច្រើនថានឹងកូនបានចេញ ដល់ពេលនេះអត់វិញ សង្ឃឹមឃើញកូនមកជួបណាមួយខ្ញុំមានជំងឺរាងទ្រុឌទ្រោមក្នុងខ្លួនដែរ យាយអស់សង្ឃឹម»។ ស្ត្រីវ័យ៨០ប្លាយឆ្នាំរូបនេះស្នើសុំអាជ្ញាធរ និងរដ្ឋាភិបាលមេត្តាលើកលែងទោសដល់លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។អ្នកស្រីបន្ថែមថា៖ «គួរតែលើកលែងទោសឱ្យកូនខ្ញុំព្រោះមិនបានធ្វើអីធំដុំ។ អាជ្ញាធរ រដ្ឋាភិបាលក៏សុំអធ្យាស្រ័យឱ្យកូនខ្ញុំផង ព្រោះខ្ញុំកាន់តែចាស់ហើយ ត្រូវពឹងលើកូន[...]ព្រោះខ្ញុំកាន់តែទ្រុឌទ្រោមហើយ»។ ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ខកចិត្តចំពោះ តុលាការកំពូលដែលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប។ លោកថា៖ «អ្វីដែលយើងខកចិត្តក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សគឺសំខាន់ជាងគេគឺសេរីភាពក្នុងការបញ្ចេញមតិ[...]វាជាការធ្វើទុក្ខមួយ ជាការឈឺចាប់មួយសម្រាប់ពួកគាត់ ហើយបង្កជាការព្រមានដល់អង្គការផ្សេងៗ ក៏ដូចយុវជនផ្សេងៗមិនហ៊ានឱ្យនិយាយ មើលឃើញខុសហើយមិនហ៊ាននិយាយ នេះជាការគំរាមកំហែងផ្នែកស្មារតីមួយទៀតសម្រាប់ដល់អ្នកដែលហ៊ាននិយាយ»។ លោក សុខសាន្ត អំពាវនាវដល់រដ្ឋាភិបាលជួយអន្តរាគមន៍ ដោយស្នើសុំដល់ព្រះមហាក្សត្រឱ្យដោះលែងសកម្មជនសង្គមទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ពីព្រោះពួកគេដើរតួនាទីបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល។ កាលពីដើមខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ នៅការិយាល័យរបស់លោកនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះដីធ្លីមួយនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ និងបង្គាប់ឱ្យសងសំណងចំនួន ២លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារមិនរាងចាល តាមបញ្ញតិ្តមាត្រា ៨៨ មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់ជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធករណីលោកទាមទារឱ្យដោះលែងអតីតមេដឹកនាំសហជីពលោក រ៉ុង ឈុន ខណៈដែលលោក ឈុន កំពុងជាប់ពន្ធនាគារ៕












