តុលាការកំពូលនឹងប្រកាសសាលដីការឿងមន្ត្រីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ នៅសប្ដាហ៍ក្រោយ

នយោបាយ

(លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន កំពុងឈរថតរូបខ្លួនឯងក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុក Khem Chanvannak)

តុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសំណុំរឿងរបស់ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសរូបលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។

សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ថា លោកនិងសហមេធាវីបានលើកឡើងក្នុងសវនាការនៅព្រឹកថ្ងៃទី៦ ខែកក្កដា នូវមាត្រា ៤១៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបំភ័ន្តអង្គហេតុ និងការរំលោភច្បាប់។ លោកមេធាវីប្រាប់ថា តុលាការកំពូលបានជូនដំណឹងទៅមន្ត្រីពន្ធនាគារឱ្យដឹកកូនក្ដីលោកចូលសវនាការ ប៉ុន្តែពុំឃើញដឹកទៅតុលាការទេ ពោលគឺកូនក្ដីលោកបានអវត្តមាន។

ជាមួយគ្នានេះ លោកមេធាវី អែម ចន្ថា ឱ្យដឹងទៀតថា តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោកថា៖ «សង្ឃឹមថាតុលាការកំពូល ក្រុមប្រឹក្សាលោកនឹងពិចារណាឱ្យកូនក្ដីរួចផុតពីបទចោទ និងដោះលែង»។

ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី បានចូលស្ដាប់សវនាការជំនុំជម្រះក្ដីស្វាមីគាត់នៅតុលាការកំពូលនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក៏ប៉ុន្តែអ្នកស្រីមិនបានជួបលោក វណ្ណៈ ឡើយព្រោះលោកអវត្តមាន។ អ្នកស្រី សូដានី ឱ្យដឹងថា លើកចុងក្រោយដែលអ្នកស្រីជួបលោក ចាន់វណ្ណៈ គឺកាលពីដើមខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រីឃើញថា សុខភាពស្វាមីគាត់ពុំសូវល្អទេ ដោយសារស្បែកលោកឡើងរមាស់ និងលោកមានជំងឺប្រចាំកាយផងគឺជំងឺក្រពះ។

បន្ថែមពីនេះ អ្នកស្រី សូដានី សង្កេតឃើញថា ប្ដីគាត់រលាកពោះវៀន បន្ទាប់ពីមន្ត្រីពន្ធនាគារប្ដូរគាត់ពីមណ្ឌលអប់រំកែប្រែទី ១ (ម១) ទៅឃុំនៅពន្ធនាគារខេត្តត្បូងឃ្មុំវិញ ព្រោះនៅទីនោះទឹកបរិភោគគ្មានអនាម័យ។ ជាមួយគ្នានេះ អ្នកស្រីស្នើសុំឱ្យតុលាការកំពូលទម្លាក់បទចោទចំពោះប្ដីគាត់។ អ្នកស្រីថា៖ «…ខ្ញុំនៅតែទទូចសុំអ៊ីចឹង សុំតែឱ្យទម្លាក់បទចោទទៅព្រោះថា រឿងបញ្ហានេះគឺអយុត្តិធម៌ចំពោះប្ដីខ្ញុំ ព្រោះប្ដីខ្ញុំគាត់អត់បានប្រព្រឹត្ត ឬដូចតុលាការចោទពីគាត់បានក្លែងបន្លំឯកសារ»។

រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់ថា វាគ្រាន់តែបង្គ្រប់នីតិវិធីតែប៉ុណ្ណោះ ព្រោះថា លោក វណ្ណៈ នឹងអនុវត្តទោសចប់ ហើយមានសេរីភាពនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។ លោកថា៖ «ភាពអយុត្តិធម៌សម្រាប់គាត់គឺនៅតែអយុត្តិធម៌។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២ ឆ្នាំមកហើយដោយសារតែបណ្តឹងចោទប្រកាន់ ព្រោះថាគាត់គ្មានកំហុស។ ទោះជាបានស្នើឱ្យទម្លាក់បទចោទ និងដោះលែងគាត់តាំងពីដើមមកក្តី»។

ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការចោទប្រកាន់នានាដូចជាករណីពាក់ព័ន្ធនឹងឯកសារ ឬស្នាមមេដៃផ្សេងៗ ហាក់បីគ្រាន់តែជាលេស សម្រាប់ចោទប្រកាន់អ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាល។ លោកថា៖ «គួរតែបញ្ចប់ទៅវប្បធម៌លាបពណ៌ចោទប្រកាន់អីហ្នឹង គួរឈប់ទៅ។ បើយើងចាត់ទុកថាប្រទេសយើងកាន់របបប្រជាធិបតេយ្យ យើងគួរតែផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ឬមួយក៏សមាជិកនយោបាយគ្រប់ទាំងអស់»។

នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០ batch សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3149}" data-page="1" data-max-pages="1" data-start="1" data-end="1">