តុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាសំណុំរឿងរបស់អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការនេះធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោកដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ»។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសអតីតបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី ១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ រូបនេះទុកជាបានការដដែល ហើយលោកបានអនុវត្តទោសចប់នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦។
មេធាវីការពារក្ដីឱ្យលោក គា វិសាល គឺលោកមេធាវី ជូង ជូងី ថាពិតណាស់នៅក្នុងសវនាការនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកបានស្នើសុំតុលាការទម្លាក់ចោលនូវបទញុះញង់ចំពោះកូនក្ដីលោក។ លោកថា៖ «ខ្ញុំជាមេធាវីមើលទៅឃើញថាជេរគ្នាទៅវិញទៅមកទេ អត់មានការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ ជាតិសាសន៍ ឬក៏សាសនាអីក៏អត់ដែរ។ អ៊ីចឹងមេធាវីបានស្នើសុំឱ្យទម្លាក់បទចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង»។
លោកមេធាវីឱ្យដឹងថា តុលាការកំពូលនឹងប្រកាសសាលដីកាចំពោះសំណុំរឿងនេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោកបន្ថែមថា៖ «ខ្ញុំចង់ឃើញតុលាការកាត់ក្ដីផ្ដល់យុត្តិធម៌ដល់កូនក្ដីខ្ញុំ»។
អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល អះអាងថា លោកមិនបានប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើងដូចការចោទប្រកាន់ឡើយ ហើយអង្គហេតុដែលតុលាការលើកមកចោទប្រកាន់លោកនោះគឺមិនត្រឹមត្រូវទេ ពីព្រោះគេបានចោទលោកថាបានប្រព្រឹត្តអំពើញុះញង់នៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ តែលោកមិនបាននៅក្នុងប្រទេសកម្ពុជាទេអំឡុងពេលនោះ។ តែយ៉ាងណា លោក វិសាល នៅតែមានសង្ឃឹមថាតុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនលោក។ លោកថា៖ «ក្នុងនាមខ្ញុំជាមន្ត្រីថ្នាក់ដឹកនាំនៃគណបក្សនយោបាយជំទាស់ គេហៅថាគណបក្សប្រឆាំងហ្នឹង ការសង្ឃឹមហ្នឹងទោះបីថាសល់តែមួយភាគរយ ក៏យើងត្រូវតែជឿជាបណ្ដោះអាសន្នទៅលើតុលាការកំពូលសិនទៅថាគាត់នឹងទម្លាក់ចោល»។
ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង អ្វីដែលលោកចង់បានគឺភាពយុត្តិធម៌សម្រាប់លោក គា វិសាល។ លោកថា៖ «រឿងក្ដីគាត់ហ្នឹង គាត់ប្ដឹងតាំងពីគាត់នៅក្នុងជាប់ពន្ធនាគារ ឥឡូវគាត់ចេញមកក្រៅហើយ មានន័យថា គាត់បញ្ចប់បំពេញទោសរបស់គាត់ព្រហ្មទណ្ឌ ប៉ុន្តែរហូតមកដល់ពេលនេះនីតិវិធីតុលាការហ្នឹងអត់ទាន់ចប់។ អ្វីដែលខ្ញុំចង់បាន យើងមិនជាចង់បានច្រើនទេ យើងនៅតែទន្ទេញពាក្យយើងចង់បានភាពយុត្តិធម៌តែប៉ុណ្ណឹងឯង»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា តុលាការកំពូលមានការយឺតយ៉ាវក្នុងការបើកសវនាការជំនុំជម្រះរឿងក្ដីលោក គា វិសាល ដែលធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទ។ លោកថា៖ «លោក គា វិសាល បានអនុវត្តទោសចប់ទៅហើយៗត្រូវបានដោះលែងក្រោយពីអនុវត្តទោសចប់។ អ៊ីចឹងឥឡូវនេះតុលាការកំពូលទើបតែធ្វើការជំនុំជម្រះទៅលើរឿងគាត់[…]អ៊ីចឹងហើយបានថា ករណីខ្លះ សំណុំរឿងខ្លះកាន់តែអូសបន្លាយពេលវេលាវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ»។
សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម លោក មឺ សេងហ៊ ហៅ គា វិសាល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងឈ្មោះ ម៉ៃ ហុងស្រៀង ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពរើសអើង និងជេរប្រមាថជាសាធារណៈ។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក សេងហ៊ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ» ពាក់ព័ន្ធនឹងការបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែលបានរិះគន់កំណត់ត្រាស្ថានភាពប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាល។ នេះបើតាមអង្គការលីកាដូ។ដោយឡែក លោក មឺ សេងហ៊ ហៅគា វិសាល ធ្លាប់ជាប់ពន្ធនាគារម្ដងហើយកាលពីឆ្នាំ២០១៩ ពីបទញុះញង់ ជុំវិញការបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក និងវិទ្យុ ហើយលោកបានអនុវត្តទោសចប់នៅឆ្នាំ២០២០៕







