សហគ្រិនធុនមីក្រូ តូច និង មធ្យមជាស្ត្រីមួយចំនួនបង្ហាញគន្លឹះជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយពួកគេចាត់ទុកការតស៊ូព្យាយាម គុណភាពនិងភាពស្មោះត្រង់ចំពោះអតិថិជនជាចំណុចសំខាន់។
ការលើកឡើងនេះធ្វើឡើងស្របពេលកម្ពុជាប្រារព្ធទិវាសហគ្រាសធុនមីក្រូ តូច និង មធ្យម (MSME Days) លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់ MSMEs ឆ្ពោះទៅកាន់ទីផ្សារ-Bridging MSMEs to Market»។ ស្ថាប័នចំនួន៧រួមមានដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) សហការគ្នារៀបចំទិវានេះនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់។
នៅបរិវេណពិធីមានស្តង់តាំងលក់ផលិតផលជាច្រើន រួមមានបន្លែសរីរាង្គ ទឹកដោះគោ ត្រីខ និងស្ដង់ផ្សព្វផ្សាយពីធនាគារជាដើម។
ម្ចាស់ហាងបាយស្លឹកចេក អ្នកស្រី លាង ចន្ទលាមី បានប្រាប់ថា កាលអ្នកស្រីចាប់ផ្ដើមលក់បាយស្លឹកចេកដំបូងគឺនៅឆ្នាំ២០១៨ដោយកាលនោះគាត់លក់តាមរទេះ។ អ្នកស្រីជួបឧបសគ្គជាច្រើនដូចជាបញ្ហាចោរលួចរទេះ និងស្វាមីឈឺកាលពេលកូវីដជាដើម ក៏ប៉ុន្តែអ្នកស្រីតស៊ូ ព្យាយាម មិនបោះបង់ឡើយ។
តាំងពីលក់លើរទេះរហូតដល់មានសាខាហាងបាយស្លឹកចេកចំនួន ៤សាខានាពេលបច្ចុប្បន្ន អ្នកស្រី ចន្ទលាមី ចែករំលែកគន្លឹះជោគជ័យរបស់គាត់ថា គាត់តែងតែគិតគូរ និងស្មោះត្រង់នឹងអតិថិជន ទើបមានការគាំទ្រគាត់ច្រើន។ តួយ៉ាង ការវេចខ្ចប់ដែលគិតគូរខ្ពស់ពីសុខភាព និងបរិស្ថានដោយប្រើប្រអប់ក្រដាសធ្វើពីកាកអំពៅ និងស្លឹកចេកវេចបាយ និងលក់ម្ហូបអាហារដែលមានគុណភាពខ្ពស់ដូចសាច់គោដែលមានតម្លៃថ្លៃជាដើម។
អ្នកស្រីថា៖ «ដោយសារមានហេតុផល២យ៉ាងសំខាន់ជាងគេ ទី១គឺខ្ញុំប្រើប្រាស់ផលិតផលដែលកាត់បន្ថយប្លាស្ទិក ព្រោះបច្ចុប្បន្នប្រជាជនខ្មែររបស់យើងពិតជាគាំទ្រខ្លាំងក្នុងការដែលយើងគិតគូរដល់បរិស្ថាន។ ចំណុចទី២គឺខ្ញុំពិតជាបានផ្ដល់ទំនុកចិត្តដល់អតិថិជន[…]ទុកចិត្តញ៉ាំដូចបាយម្ដាយធ្វើឱ្យ»។
ចំណែកឯម្ចាស់សិប្បកម្មផលិតនិងកែច្នៃសាច់ អ្នកស្រី ជឹម ដាលីន ប្រាប់ថាគាត់លក់សាច់ហ្សំបុង(Ham) សាច់បន្ទះ(Bacon) និងសាច់ក្រក(Hotdog)ជាដើម តាំងពីឆ្នាំ២០១៨។ បច្ចុប្បន្ន គាត់លក់ផលិតផលរបស់ខ្លួនទៅឱ្យហាងជាច្រើន ក៏ប៉ុន្តែគាត់កំពុងព្យាយាមចូលទីផ្សាររបស់ផ្សារទំនើប ក៏ប៉ុន្តែអ្នកស្រីបានជួបការលំបាកមួយចំនួន។
អ្នកស្រីថា៖ «ពិបាកខ្លាំងជាងគេគឺគាត់ទារថ្លៃ Barcode ថ្លៃ ហើយ Vendor ក៏រាងខ្ពស់ដែរ។ភាគរយៗគឺមានតម្លៃថ្លៃខ្ពស់មែនទែន គាត់ទារជាទូទៅយើងអាចឱ្យបានត្រឹម២០ភាគរយ តែគាត់ទារដល់ ៣០ ហើយគាត់ទារ VAT ទារអីពីយើងទៀតថែម។ ដោយសារសហគ្រាសយើងវាធុនតូច រដ្ឋាភិបាលក៏បានប្រកាសហើយថាឱ្យលើកលែងពន្ធ អ៊ីចឹងពួកបងអត់ជាប់ពន្ធអីទេ អត់មាន VAT អីទេ អ៊ីចឹងសុំអាលិខិតហ្នឹងចេញពីខាងរដ្ឋមក»។
ទោះជាអ្នកស្រី ដាលីន មិនទាន់ហ៊ាននិយាយថានេះជាជោគជ័យក៏ដោយ សហគ្រិនស្រ្តីរូបនេះមានអនុសាសន៍សម្រាប់អ្នកឯទៀតដែលមានបំណងបង្កើតអាជីវកម្ម ឬកំពុងដំណើរការអាជីវកម្មហើយនោះថា ចំណុចសំខាន់សម្រាប់អាជីវកម្មគឺភាពស្មោះត្រង់ចំពោះអតិថិជនខ្លួន។
អ្នកស្រីបន្ត៖ «កុំឱ្យគាត់បោះបង់តែប៉ុណ្ណឹងទេ បើគាត់ស្រឡាញ់ហើយ គាត់ត្រូវតែធ្វើឱ្យអស់ពីចិត្ត ហើយត្រូវតែមានភាពស្មោះត្រង់ ដើម្បីជឿជាក់ថាផលិតផលយើងល្អ អ៊ីចឹងបានយើងហ៊ានលក់ ហើយយើងនឹងមានចម្លើយឆ្លើយតបទៅអតិថិជនយើងច្បាស់ ព្រោះអតិថិជនមុននឹងទិញរបស់យើងគាត់សួរហើយ បងឯងផលិតយកសាច់ពីណាមក បងឯងប្រើអីខ្លះ កូនញ៉ាំបានអត់»។
ការដែល អ្នកស្រី ដាលីន បានដំណើរការអាជីវកម្មដល់សព្វថ្ងៃនេះគឺដោយមានការលើកទឹកចិត្តពីស្វាមីគាត់ផង។ ដូច្នេះ អ្នកស្រីចង់ឱ្យបុរសដែលជាស្វាមីសហគ្រិនស្ត្រីនោះ លើកទឹកចិត្តភរិយាផង។
អ្នកស្រី ជឹម ដាលីន៖ «បងៗបុរសដែលជាស្វាមីសូមឱ្យជួយលើកទឹកចិត្តភរិយា មិនថាគាត់ជោគជ័យ ឬក៏មិនជោគជ័យទេ ត្រូវតែនៅជាមួយគាត់។ និយាយទៅធ្វើជាស្មាឱ្យគាត់ផ្អែកផងនៅពេលគាត់ពិបាក»។
រីឯប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង កញ្ញា សឿន សុទ្ធនីតា បានប្រាប់ថា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនេះដំណើរការប្រមាណ៦ឆ្នាំមកហើយ ដោយនាំចេញទៅលក់នៅឯទីផ្សារបរទេសប៉ុណ្ណោះ។
កញ្ញា សុទ្ធនីតា ប្រាប់ថា កាលពីគាត់ចូលធ្វើការនៅក្រុមហ៊ុនកែច្នៃចន្ទីនេះដំបូង គាត់មានវ័យប្រមាណ២០ឆ្នាំ ដោយមានតួនាទីជាអ្នកអភិវឌ្ឍពាណិជ្ជកម្ម។ ក្នុងវិស័យដែលមានបុរសភាគច្រើន កញ្ញា នីតា ជួបការលំបាកមួយចំនួនដូចជា បញ្ហាអ្នកឯទៀតក្នុងវិស័យនេះមិនសូវទទួលយកនូវគំនិតរបស់កញ្ញានៅពេលគាត់ចែករំលែកទៅកាន់ពួកគេម្ដងៗ និងបញ្ហាផ្នត់គំនិតសង្គមចំពោះស្រ្តីជាដើម។
កញ្ញាថា៖ «កាលខ្ញុំចាប់ផ្ដើមដំបូង ខ្ញុំអាយុ១៩ឆ្នាំ២០ឆ្នាំ ទើបតែរៀនបានឆ្នាំទី១ទេ យើងចាប់ផ្ដើមមកចូលទៅក្នុង Male dominated industry (វិស័យដែលមានបុរសភាគច្រើន) អ៊ីចឹងបញ្ហាដែលខ្ញុំជួបប្រទះហ្នឹងគឺ បញ្ហាដំបូងគេនោះគឺថា ការពិបាកនៅក្នុងការចែករំលែកការយល់ឃើញរបស់ខ្ញុំ ចក្ខុវិស័យរបស់ពួកខ្ញុំទៅកាន់ពួកគាត់ឱ្យពួកគាត់ស្វែងយល់ដូចពួកខ្ញុំដែរ»។
តែយ៉ាងណា កញ្ញា សុទ្ធនីតា សង្កេតឃើញថា សង្គមបច្ចុប្បន្នមិនត្រឹមតែផ្ដល់សិទ្ធិស្មើគ្នាឱ្យបុរសនិងស្ត្រីប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តស្ត្រីគ្រប់វិស័យ រួមទាំងវិស័យអាជីវកម្មផង។
កញ្ញាបន្ថែមថា៖ «មកដល់សង្គមបច្ចុប្បន្នកាល ពួកយើងលើកកម្ពស់សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី មិនថាការធ្វើអាជីវកម្ម មិនថាការទទួលការឧបត្ថម្ភ ការជំនួយផ្សេងៗទេ[…]អ៊ីចឹងសូមឱ្យពួកគាត់ជួយចាប់យកឱកាសនេះ មកបង្កើតអ្វីមួយដែលធ្វើឱ្យពួកគាត់រីកចម្រើនទៅមុខទៀត កុំខ្លាចតែខ្លួនឯងជាស្រីមិនអាចធ្វើអីបាន»។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហេង សុខគង់ មានប្រសាសន៍ អ្វីដែលក្រសួងអាចជួយសហគ្រាសធុនតូច និងមធ្យមអាចឈានចូលទីផ្សារបាន គឺឱ្យពួកគេងាយបង្កើត ងាយដំណើរការ និងងាយបិទវិញ។
លោកថា៖ «ទី១ធ្វើយ៉ាងម៉េចឱ្យ SME ហ្នឹងកើតស្រួល ការសំខាន់ណាស់ ឱ្យគាត់ចុះឈ្មោះបានស្រួល ចុះឈ្មោះបានស្រួល ក្រសួងស្ថាប័នទាំងអស់បង្កលក្ខណៈងាយស្រួល[…]ហើយទី២នៅពេលគាត់កើតហើយ ធ្វើម៉េចឱ្យគាត់ Grow ឱ្យគាត់លូតលាស់បានស្រួល អ៊ីចឹងការលូតលាស់បានស្រួលនេះ យើងត្រូវការជួយបណ្ដុះបណ្ដាល ការជួយហិរញ្ញវត្ថុ ការជួយបច្ចេកទេស[…]ហើយជាចុងក្រោយ នៅពេលគាត់ស្លាប់ ក៏ស្លាប់ស្រួលដែរ»។
ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និង មធ្យម ប្រមាណជាង៧៥ម៉ឺនមូលដ្ឋាន។ ប្រភពដដែលថា សហគ្រាសទាំងនោះបានប្រើប្រាស់កម្លាំងពលកម្មសរុបជិត៣លាននាក់ ដោយក្នុងនោះមានស្ត្រីជិត ១,៨៥លាននាក់។ នេះបើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា៕







