សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកាលើករណីប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ចំនួន៥នាក់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការបានបើកសវនាការលើសំណុំរឿងពួកគេ ក្រោមបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ដែលប្ដឹងដោយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
ប្រជាសហគមន៍ឡពាងបានឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញបានកោះហៅប្រជាសហគមន៍ឡពាងចំនួន ៥នាក់ ឱ្យចូលសវនាការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ ជនជាប់ចោទទាំងប្រាំនោះរួមមាន លោក សៀង ហេង លោក ម៉ាង យ៉ាវ លោក គុជ ហុក លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា តែលោក ស្រ៊ុន ផា បានអវត្តមានដោយសារមិនអាចសុំច្បាប់សម្រាកពីកន្លែងធ្វើការបាន។ ការកោះហៅនេះ គឺពាក់ព័ន្ធនឹងករណីហិង្សា ដែលកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រជាសហគមន៍ឡពាង លោក ម៉ាង យ៉ាវ បានប្រាប់ប្រជាកាសែតបន្ទាប់ពីលោកចេញពីសវនាការថា តុលាការបានចោទសួរលោកពីករណីដែលក្រុមហ៊ុន KDC ចោទពួកគេថាបានប្រើហិង្សា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន ដែលរឿងនេះបានកើតឡើងកាលពីឆ្នាំ២០១៤។ លោក ម៉ាង យ៉ាវ ថាលោកអាចត្រឹមឆ្លើយទៅតាមសំណួរដែលគេសួរប៉ុណ្ណោះ ដោយមិនអាចជំទាស់នឹងការលើកឡើងណាមួយឡើយ។
លោកថា៖ «យើងឆ្លើយទៅតាមសំណួរដែលគេត្រូវសួរតែប៉ុណ្ណឹងឯង អ្វីដែលយើងចង់បដិសេធ ឬក៏ចង់អីបន្ថែមទៀត វាពិបាក»។
លោក ម៉ាង យ៉ាវ ថាលោកមិនទាន់រំពឹងយ៉ាងណាទេថា នៅថ្ងៃប្រកាសសាលដីការសាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ជូនលោក ឬយ៉ាងណានោះទេ។
លោកនិយាយថា៖ «តុលាការគេនឹងប្រកាសនៅថ្ងៃទី១២ ខែហ្នឹង ដោយធ្លាប់ឆ្លងកាត់ពីលើកមុនមកវាមិនសូវរំពឹងប៉ុន្មានទេ អារឿងតុលាការ រឿងយុត្តិធម៌រឿងនេះ មិនទាន់រំពឹងទុកនៅឡើយទេ ពីព្រោះធ្លាប់ឆ្លងកាត់ពីសាលាដំបូងរួចហើយជាមេរៀន អ៊ីចឹងក្នុងក្នុងចិត្តខ្ញុំក៏មិនទាន់មានរំពឹងថាយុត្តិធម៌មានដល់ចំពោះខ្ញុំយ៉ាងណា»។
ករណីនេះប្រជាសហគមន៍វ័យ៤៨ឆ្នាំរូបនេះ ស្នើសុំតុលាការទម្លាក់ចោលបទចោទលើរូបលោក និងប្រជាសហគមន៍បួននាក់ផ្សេងទៀត ដោយលោកថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីសំណាក់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)ឡើយ។
ចំណែកឯប្រជាសហគមន៍ឡពាងមួយរូបទៀត ដែលរងបទចោទនេះដែរគឺលោក ស្ងួន ញឿន អាយុ៤៥ឆ្នាំ បានប្រាប់ថា ក្នុងសវនាការ មានការលើកឡើងនូវរបាយការណ៍របស់ប៉ូលីសពាក់ព័ន្ធករណីហិង្សាកើតឡើងកាលពីឆ្នាំ២០១៤ រវាងប្រជាសហគមន៍ឡពាង និងក្រុមហ៊ុនKDC។
លោក ញឿន អះអាងថា របាយការណ៍នោះបានរៀបរាប់ខុសពីការពិត ដោយបានដាក់បន្ទុកលើប្រជាសហគមន៍ ហើយសាក្សីក្នុងសំណុំរឿងនេះ ជាបុគ្គលមកពីភាគីក្រុមហ៊ុន KDC។
លោកថា៖ «ខ្ញុំអត់សូវសង្ឃឹមប៉ុន្មានទេព្រោះតុលាការអត់បានចុះទៅកន្លែងកើតហេតុផ្ទាល់ បើតុលាការស៊ើបអង្កេតច្បាស់លាស់ទៅដល់កន្លែងកើតហេតុ អាហ្នឹងខ្ញុំសង្ឃឹមថានឹងមានយុត្តិធម៌សម្រាប់ពួកខ្ញុំ»។
លោកបន្ថែមថា៖ «ខ្ញុំអំពាវនាវដល់រដ្ឋាភិបាលសម្ដេចបវធិបតី ហ៊ុន ម៉ាណែត សូមឱ្យគាត់ឡើងថ្មីធ្វើនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីនៅសហគនម៍ឡពាងរបស់ខ្ញុំឱ្យបានចប់ឱ្យបានស្រួលឱ្យប្រជាពលរដ្ឋពួកខ្ញុំមានជីវភាពធូរធា។ រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅដោយសារតែបាត់បង់ដីធ្លី»។
រីឯភរិយារបស់លោក ស្ងួន ញឿន គឺអ្នកស្រី អុំ សុភី បានចាំនៅមុខសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីផ្ដល់កម្លាំងចិត្តដល់ស្វាមីគាត់ និងប្រជាសហគមន៍ផ្សេងទៀត។
អ្នកស្រីថា៖ «អ្វីដែលតុលាការចោទប្រកាន់គឺចោទប្រកាន់មិនត្រឹមត្រូវ ដោយសារតែក្រុមហ៊ុនជាអ្នកបំពានមកលើពួកខ្ញុំ បែរជាពួកគាត់មិនមានទោស ហើយបែរជាប្ដឹងមកពួកខ្ញុំទៅវិញ ចោទប្រកាន់ថាគ្រួសារខ្ញុំហ្នឹង យកដែកស្បែងដែកអីទៅវ៉ៃរបង តែធាតុពិតទៅកម្មកររបស់ក្រុមហ៊ុនជាអ្នកវ៉ៃទេ ពួកខ្ញុំអត់បានទៅវ៉ៃបំផ្លាញរបស់ទ្រព្យគេទេ»។
អ្នកស្រី អុំ សុភី ថាអ្នកស្រីនឹងប្ដឹងបន្តទៀត បើសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី១២ ខែកញ្ញា មិនទម្លាក់បទចោទលើស្វាមីគាត់ និងប្រជាសហគមន៍ឡពាងផ្សេងទៀត។
ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ករណីដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងសហគមន៍ដីធ្លីឡពាង និងល្រុមហ៊ុន ខេ.ឌី. ស៊ី ក្លាយជាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ និងអូសបន្លាយជាយូរមក។ ផ្ទុយទៅវិញតំណាងសហគមន៍ និងសមាជិកសហគមន៍ជាច្រើនត្រូវបានជាប់ពន្ធនាគារដោយចោទពីបទល្មើសផ្សេងៗ ដោយសារតែភាពសកម្មនៃការតស៊ូមតិដោយអហិង្សាដើម្បីការពារ និងស្វែងរកដំណោះស្រាយដីធ្លីរបស់ពួកគាត់។
លោកថា៖ «ករណីសំណុំរឿងនៅសាលាឧទ្ធរណ៍នេះ ពួកគាត់គួរត្រូវបានទទួលការលើកលែងចោទប្រកាន់ ហើយអ្វីដែលសំខាន់គឺអាជ្ញាធរ និងភាគីពាក់ព័ន្ធគួរដោះស្រាយបញ្ចប់ករណីដីធ្លីដ៏រ៉ាំរ៉ៃនេះ»។
សហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម តាំងពីឆ្នាំ២០០០។ ជម្លោះដីធ្លីនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាសហគមន៍ចំនួន១០៨គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់បានតវ៉ាទាមទាររកដំណោះស្រាយជាបន្តបន្ទាប់ តែពុំទទួលបានលទ្ធផលឡើយ ហើយពួកគេបានរងបណ្ដឹងពីសំណាក់ក្រុមហ៊ុន KDC ក្រោមបទចោទព្រហ្មទណ្ឌមួយចំនួន។
ប្រជាសហគមន៍ចំនួន៥នាក់គឺ លោក សៀង ហេង លោក ម៉ាង យ៉ាវ លោក គុជ ហុក លោក ស្ងួន ញឿន និងលោក ស្រ៊ុន ផា ត្រូវបានក្រុមហ៊ុន KDC ប្ដឹងដោយចោទថាពួកគេបានប្រើហិង្សាទៅលើភាគីក្រុមហ៊ុន ក្រោយពីពួកគេបានប៉ះទង្គិចគ្នា កាលពីឆ្នាំ២០១៤។ ករណីនេះ សាលាដំបូងខេត្តកំពង់ឆ្នាំងបានផ្ដន្ទាទោសពលរដ្ឋទាំង៥នាក់ឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងទារសំណងសរុបចំនួន១០លានរៀល ក៏ប៉ុន្តែទោសជាប់ពន្ធនាគារត្រូវបានព្យួរ ក្រោយពីពួកគេបានជាប់ឃុំរយៈពេលខ្លី៕







