អ្នកនេសាទខ្នាតតូចមួយចំនួន នៅកំពតត្អូញត្អែររឿងនេសាទមិនសូវបាន នៅរដូវវស្សាឆ្នាំនេះ
នៅរដូវវស្សានាខែកក្កដានេះ ផលនេសាទសមុទ្ររបស់ប្រជាពលរដ្ឋនៅកំពង់ផែកំពង់កណ្ដាល ខេត្តកំពត ចាប់ផ្ដើមថយចុះបណ្ដើរៗ ដែលធ្វើឱ្យប្រាក់ចំណេញរបស់ពួកគេត្រូវកាត់បន្ថយយ៉ាងខ្លាំង ហើយពេលខ្លះថែមទាំងមិនរួចថ្លៃដើមទៀតផង។ ក្រៅពីបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាខ្យល់និងភ្លៀងខ្លាំងដែលរំខានដល់ការចេញទូក អ្នកនេសាទខ្នាតតូចបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពទូកនេសាទខ្នាតធំដែលលួចអូសគូនិងឆក់ត្រីបំផ្លាញផលនេសាទ។ ទោះបីជាជួបការលំបាក និងក្តីបារម្ភពីសុវត្ថិភាពតាមសមុទ្រយ៉ាងណាក្ដី ក៏អ្នកនេសាទនៅតែខិតខំជម្នះចេញទូកទាំងប្រថុយប្រថាន ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់កូនៗឱ្យបានរៀនសូត្រ។



