សាច់ញាតិនៃអ្នកដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងថៃឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ស្នើឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញ ។ ចំណែកអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងស្នើឱ្យអាជ្ញាធររដ្ឋបើកលំហសេរីភាព និងបង្កើនទំនុកចិត្តរវាងរាស្ត្រនិងរារដ្ឋាភិបាល ។
ស្វាមីរបស់កម្មការិនីរោងចក្រកាត់ដេរលោកស្រី ហ៊ុល មុន្នីសាមន គឺលោក ឆេង ចន្ទធា ថ្លែងប្រាប់ប្រជាកាសែតដោយស្នើយ៉ាងទទូចដល់តុលាការឱ្យដោះលែងភរិយាខ្លួនវិញ ដូចដែលតុលាការបានដោះលែងគ្រូបង្រៀនម្នាក់នៅខេត្តកណ្ដាល គឺលោក នូ ភារម្យ។ លោក ចន្ទធា អះអាងថា ភរិយាលោកគ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់បម្រើការងារជាកម្មការិនីរោងចក្រ និងតែងឈឺឆ្អាលបញ្ហាសង្គម ពិសេសរឿងព្រំដែន បន្ទាប់ពីថៃបានឈ្លានពានកម្ពុជា។
ក្រៅពីការឈឺឆ្អាលរឿងសង្គមហើយ ភរិយាលោកហាក់មានបញ្ហាស្មារតីឆាប់ខឹងមួម៉ៅច្រើន ដោយសារសុខភាពក្រពះ ពោះវៀនផង និងម្ដាយទើបទទួលមរណភាពផង។
លោក ឆេង ចន្ទធា បន្តថា «ចង់ស្នើថា បើគាត់ (ហ៊ុន មុន្នីសាមន) ខុសអីមែន! គួរតែអាជ្ញាធរហៅគាត់អប់រំណែនាំបានហើយ ។ មិនគួរណាចោទធំដុំ ២ឆ្នាំ ហើយពិន័យប្រាប់ ៤លានរៀលអ៊ីចឹងទេ»។
លោកស្រី ហ៊ុល មុន្នីសាមន ជាអ្នកខេត្តព្រៃវែង និងបានចាកចេញពីស្រុកកំណើតមកធ្វើការរោងចក្រនៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៣ ខែមីនា ២០២៦ លោកស្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចំនួន ២ឆ្នាំ និងពិន័យជា ប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ប្រមាថអ្នករាជការសាធារណ:» ជុំវិញការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។
លោកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងពេលលោកស្រីកំពុងជិះកង់ទៅទិញថ្នាំពេទ្យនៅផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នស្វាមីលោកស្រី ហ៊ុល មុន្នីសាមន កំពុងពឹងពាក់មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ លោករៀបរាប់ថា បច្ចុប្បន្នលោកត្រូវទទួលបន្ទុកតែម្នាក់ឯងដើម្បីរកប្រាក់សងបំណុលធនាគារ បន្ទាប់ពីភរិយាត្រូវចាប់ខ្លួន។
មិនខុសពីគ្រួសារកម្មការិនីរោងចក្រនេះទេ ស្ត្រីវ័យចំណាស់ម្នាក់ជាកសិករនៅខេត្តកំពង់ឆ្នាំង ដែលជាម្ដាយរបស់ព្រះសង្ឃ ជា វុទ្ធី គឺលោកស្រី ចាន់ ម៉ៅ ក៏ស្នើយ៉ាងទទូចឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងកូនប្រុសឱ្យមានសេរីភាពវិញ។ លោកស្រី ចាន់ ម៉ៅ ថ្លែងប្រាប់ប្រជាកាសែតទាំងក្ដីឈឺចាប់នៅផ្ទះរបស់លោកស្រីនៅក្នុងខេត្តកំពង់ឆ្នាំង ដោយទឹកភ្នែកហូរសស្រាក់ ពេលនិយាយដល់កូនប្រុសតែមួយរបស់ខ្លួន។
លោកស្រីថា ព្រះសង្ឃ ជា វុទ្ធី ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងបង្ខំ ក្រោយចាប់ផ្សឹក និងចោទប្រកាន់រឿងអសីលធម៌ គឺលោកស្រីពុំអាចទទួលយកបានឡើយ។ លោកស្រីអះអាងថា កូនប្រុសជាមនុស្សល្អ និងបួសរៀនតាំងអាយុ១០ឆ្នាំមកម្ល៉េះ និងតែងជួយឈឺឆ្អាលការងារសង្គម ទាំងបញ្ហាព្រំដែន ជនភៀសសឹក និងតែងបរិច្ចាគឈាមដល់អ្នកត្រូវការជាដើម។
លោកស្រី ចាន់ ម៉ៅ៖ «ជួយដោះលែងកូនខ្ញុំផង កូនខ្ញុំមនុស្សល្អណាស់! កូនខ្ញុំមិនដែលមានសត្រូវសៅហ្មងទេ បងប្អូនមិនជឿទេមកសួរប្រធានភូមិ ហើយមេឃុំ ហើយមេប៉ុស្តិ៍ចុះ ខ្ញុំមិនមែនអួតមោទនភាពថាកូនខ្ញុំល្អទេ ដើរសួរគេចុះ បើកូនខ្ញុំអាក្រក់មែន គឺកូនខ្ញុំមិនបានបួសបួនដប់ម្ភៃឆ្នាំទេ នេះកូនខ្ញុំបួសដល់កោះដល់ត្រើយ និងមិនដែលឱ្យម្ដាយពិបាកចិត្ត វេទនា មកកំហឹងកំហល់ រកលុយរកកាក់ទេ កូនខ្ញុំអត់សោះហើយ»។
លោកស្រី ចាន់ ម៉ៅ វ័យ ៦៤ឆ្នាំ គឺជាកសិករក្រីក្រមួយរូប ដែលប្រកបរបរស៊ីឈ្នួលដកដំឡូង កាត់ស្មៅ និងបេះមើមក្ដួចជាដើម។ លោកស្រីមានស្វាមីពិការជើង និងមានជំងឺប្រចាំកាយ។
ស្វាមីលោកស្រីជាអ្នកនេសាទដាក់មង និងអូសត្រីតិចតួចដើម្បីធ្វើប្រហុកលក់ចិញ្ចឹមជីវិត។ បច្ចុប្បន្នលោកស្រីនិងស្វាមីរស់នៅក្នុងផ្ទះទំហំប្រមាណ ៤ គុណ ៥ម៉ែត្រ នៅផ្ទាល់នឹងដី ដោយមានជញ្ជាំងនិងដំបូលប្រក់ស័ង្កសី ស្ថិតនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្ទះលោកស្រីស្ថិតនៅដីអាស្រ័យផលដែលអាជ្ញាធរមូលដ្ឋានឱ្យរស់នៅបណ្ដោះអាសន្នជាមួយពលរដ្ឋប្រមាណ ១០គ្រួសារទៀត នៅជាប់ចង្កេះភ្នំតាងិល ដែលអាចមើលឃើញភ្នំកង្រីយ៉ាងច្បាស់។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២ មេសា បានចោទប្រកាន់ព្រះសង្ឃ ជា វុទ្ធី ពីបទញុះញង់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ព្រះអង្គត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលនាំខ្លួនទៅចាប់ផ្សឹកនៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១ មេសា ដោយចោទថា បានប្រព្រឹត្តខុសធម៌វិន័យ។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ មានមនុស្សជាង ១០០នាក់ ត្រូវបានផ្ដន្ទាទោស ក្រោមបទចោទផ្សេងៗពីគ្នា ខណៈបទចោទភាគច្រើនគឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារពួកគេបានបញ្ចេញមតិលើបណ្ដាញសង្គម និងសម្ដែងការបារម្ភពីបញ្ហាព្រំដែន បញ្ហាសង្គម និងបរិស្ថានជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា តាំងពីមានជម្លោះព្រំដែនខ្មែរថៃមក អង្គការសិទ្ធិមនុស្សកាន់តែមានក្ដីបារម្ភជុំវិញការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ទាក់ទងនឹងការបញ្ចេញមតិលើបណ្ដាញសង្គម ខណៈកាសែតដែលបំពេញវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវបានចោទប្រកាន់ទាក់ទងនឹងបទញុះញង់។
លោក អំ សំអាត បន្ត៖ «ពាក់ព័ន្ធនឹងបទល្មើសដែលចោទប្រកាន់កន្លងមក គ្រាន់តែជាការបញ្ចេញមតិ តាមមធ្យោបាយផ្សេងៗ ជាពិសេសតាមប្រព័ន្ធ Social Media នេះ គឺមិនមែនតែអង្គការសិទ្ធិមនុស្សនៅក្នុងស្រុកទេ សូម្បីតែអង្គការអន្តរជាតិ ឬក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏មានការសម្ដែងការព្រួយបារម្ភ ហើយមើលឃើញថា សេរីភាពនៅក្នុងការបញ្ចេញមតិហ្នឹង ហាក់ដូចជាមានការរឹតត្បិតខ្លាំង ហើយជាពិសេស សេរីភាព ឬក៏លំហសេរីភាពសារព័ត៌មានហ្នឹង ក៏ត្រូវមានការរឹតត្បិតដែរ»។
លោក អំ សំអាត យល់ថា ការប្រើប្រាស់ច្បាប់ជាឧបករណ៍ទប់ស្កាត់ ឬរំលោភបំពានទៅលើសេរីភាពក្នុងការបញ្ចេញមតិ គឺជាការបំពានទៅលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។ លោកបន្តថា មានមតិជាច្រើនសុំឱ្យរដ្ឋាភិបាលពិចារណាទៅលើការចោទប្រកាន់ពីបទញុះញង់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ និងត្រូវបែងចែកឱ្យដាច់អ្វីជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ សិទ្ធិរបស់អ្នកសារព័ត៌មាន និងបទល្មើស។ លើសពីនេះ លោកថា ការបកស្រាយច្បាប់គឺត្រូវប្រកាន់តឹងតែង ដោយមិនអាចបន្លាយធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពពលរដ្ឋទេ។
យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជាចំនួនពីរលើកនៅក្នុងឆ្នាំ២០២៥ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រាសាទបុរាណរបស់ខ្មែរអស់ជាច្រើននៅតាមបណ្តោយព្រំដែន។ ក្រៅពីសម្លាប់ជីវិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ យោធាថៃក៏បានធ្វើសកម្មភាពចូលឈ្លានពានទឹកដីខ្មែរយ៉ាងគឃ្លើនតាមរយៈការរាយបន្លាលួស និងដាក់ទូរកុងតឺន័រព័ទ្ធយកទឹកដីខ្មែរ ដែលធ្វើឱ្យពលរដ្ឋឈឺចាប់យ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអះអាងថា ការបង្ហាញការយល់ឃើញ ឬក្ដីឈឺចាប់របស់ពលរដ្ឋ ចំពោះទង្វើថៃឈ្លានពានទឹកដីខ្មែរ មិនមានអ្វីខុសនោះទេ ព្រោះពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ឱ្យប្រជាកាសែតដឹងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិព្រួយបារម្ភពីបញ្ហាព្រំដែន ដោយគ្មាននរណាហាមឃាត់ទេ។ លោកបន្តថា ពលរដ្ឋខ្មែរ១៧លាននាក់សុទ្ធតែបញ្ចេញមតិរឿងព្រំដែនរាល់ថ្ងៃ រួមទាំងប្រជាកាសែតដែលសរសេររឿងព្រំដែនរាល់ថ្ងៃនេះផង។
លោក ប៉ែន បូណា បន្តដោយសួរថា៖ «តើអ្នកណាទៅចាប់ចងប្អូន? វិធានការផ្លូវច្បាប់ទៅលើបុគ្គលមួយចំនួនគឺជាសារបញ្ជាក់ថា ការបញ្ចេញមតិស្ថិតនៅក្រោមច្បាប់ និងត្រូវគោរពសិទ្ធិអ្នកដទៃ ជាពិសេសសន្តិសុខជាតិ»។
មន្ត្រីអ្នកនាំពាក្យរូបនេះបន្តថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយ តាមយន្តការការទូត ដែលលោកហៅថា ជាជម្រើសល្អបំផុត និងត្រូវការការចូលរួមពីពលរដ្ឋគ្រប់រូបដើម្បីជាកម្លាំងសាមគ្គីជាតិរឹងមាំ។ ទោះយ៉ាងណា លោករំលឹកថា លោកសុំតែម្យ៉ាង គឺកុំមកបំបែកបំបាក់ខ្មែរក្នុងកាលៈទេសៈនេះ។ លើសពីនេះលោកក៏ក្រើនរំលឹកពីមាត្រាច្បាប់មួយចំនួនផងដែរ។
លោក ប៉ែន បូណា បន្ត៖ «នៅពេលមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលណាម្នាក់ សូមប្អូនសិក្សាទៅលើទង្វើរបស់បុគ្គលនោះឱ្យច្បាស់ថា គាត់បានធ្វើអ្វី និយាយអ្វី? សូមកុំប្រើពាក្យថា ចាប់ខ្លួនដោយសារការរិះគន់រដ្ឋាភិបាល ឬការបញ្ចេញមតិរឿងព្រំដែន។ ការបញ្ចេញមតិខុសគ្នាពីការជេរប្រមាថ ខុសពីការចោទប្រកាន់ដោយបំពាន និងការមួលបង្កាច់។ សង្ឃឹមថា ប្អូនអាចយល់បាន ក្នុងនាមជាខ្មែរ»។
ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន យល់ឃើញថា បើមើលលើកំហុសរបស់អ្នកដែលត្រូវចោទប្រកាន់ ពុំមានអ្វីធ្ងន់ធ្ងរទេ ដោយលោកហៅថា ជាការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ឈឺឆ្អាលរឿងបញ្ហាសង្គម ជាពិសេសពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃតែប៉ុណ្ណោះ។ លោកបន្តថា អ្នកដឹកនាំរដ្ឋត្រូវបើកលំហសេរីភាព ក្នុងការបញ្ចេញមតិឱ្យពលរដ្ឋលើកឡើង។ មន្ត្រីបក្សប្រឆាំងដែលធ្លាប់រងការចាប់ខ្លួនទាក់ទងនឹងបញ្ហាព្រំដែនវៀតណាម បានចាត់ទុកការចាប់ពលរដ្ឋដោយសារការបញ្ចេញមតិ គួរត្រូវបានយោគយល់ ដោយជៀសវាងបង្ហាញថា កម្ពុជាគ្មានសាមគ្គីភាព រវាងខ្មែរ និងខ្មែរ ដូចការចង់បានរបស់នាយករដ្ឋមន្ត្រី។
លោកថា បើអាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ នោះគ្មានផលចំណេញដល់ប្រទេសជាតិឡើយ ខណៈសហគមន៍អន្តរជាតិចង់ឱ្យកម្ពុជាស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង។ លោកលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានបញ្ចេញមតិលើកឡើងពីចំណុចខ្វះខាតរបស់អ្នកដឹកនាំដើម្បីកែលម្អ និងស្ថាបនា។
លោក រ៉ុង ឈុន បន្តថា៖ «ខ្ញុំគិតថា បើចាប់ ចាប់ទាំង ១៧ លាននាក់ហ្នឹង ក៏មិនដឹងរកពន្ធនាគារណាដាក់បានដែរបាទ។ យើងមានសេចក្តីក្លាហានទាំងអស់គ្នាទៅ ពេលហ្នឹងការចាប់ការចងហ្នឹងវានឹងត្រូវផ្លាស់ប្ដូរហើយ នឹងត្រូវបញ្ឈប់ហើយបាទ។ ប៉ុន្តែនៅពេលដែលយើងចេះតែនាំគ្នាខ្លាច អាហ្នឹងគេយកអាហ្នឹងមកដាក់បន្ទុក គេយកមកបន្លាចយើងជាប់រហូតហើយបាទ»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មើលឃើញការចាប់ពលរដ្ឋដែលនិយាយរឿងព្រំដែន វាស្ថិតជាសំណួរថា ហេតុអ្វីបានជារដ្ឋាភិបាលមិនមានតម្លាភាពផ្សព្វផ្សាយពីការបាត់បង់ទឹកដីទៅថៃ ដែលធ្វើឱ្យពលរដ្ឋបារម្ភនឹងរឿងនេះ រហូតត្រូវពលរដ្ឋរិះគន់ ប៉ុន្តែបែរជាចាប់អ្នករិះគន់ទៅវិញ។ លោកបន្តថា រដ្ឋាភិបាលគួរបង្កើនការទុកចិត្តគ្នារវាងរដ្ឋនិងរាស្ត្រ។
លោក មាស នី បន្ត៖ «ខ្ញុំគិតថា បើយើងនៅតែបន្តមិនមានតម្លាភាពបែបនេះ រាស្ត្រក៏នឹងបន្តឆ្ងល់ ហើយរដ្ឋក៏បន្តភ័យព្រួយ ខ្លាចរាស្ត្រដឹងរឿងច្រើនទៅ វានឹងអាចមានបញ្ហាអ៊ីចឹង ប៉ុន្តែសម្រាប់ខ្ញុំជាពលរដ្ឋ ប្រសិនបើរដ្ឋហ្នឹងមានភាពក្លាហានក្នុងការប្រកាសថា ឥឡូវយើងបាត់ប៉ុណ្ណេះៗ កន្លែងនេះ កន្លែងនេះ ឱ្យពលរដ្ឋដឹងទាំងអស់គ្នាទៅ អាហ្នឹងវាជាការឈឺចាប់រួមទាំងអស់គ្នា បាទឈឺចាប់ទាំងរដ្ឋាភិបាល ឈឺចាប់ទាំងរាស្ត្រទាំងអស់គ្នា បានន័យថាយើងចូលរួមនូវការបាត់បង់ទាំងអស់គ្នា»៕
(អត្ថបទដោយ៖ អ៊ុង សេរីវុទ្ធ)







