សាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមលើយុវជនសង្គមលោក ធូ វ៉ាឃីម ពាក់ព័ន្ធនឹងការស្នើដោះលែងឱ្យមានសេរីភាពនៅមុនសវនាការអង្គសេចក្ដី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ធូ វ៉ាឃីម ជាយុវជនម្នាក់ដែលសកម្មបញ្ជេញមតិលើបញ្ហាសង្គម ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។បន្ទាប់ពីត្រូវឃុំខ្លួនអស់រយៈពេល៤ខែ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ តុលាការបានបើកសវនាការជំនុំជម្រះលើការស្នើសុំដោះលែងឱ្យមានសេរីភាពមុនសវនាការអង្គសេចក្ដីរបស់លោក ធូ វ៉ាឃីម ។
មេធាវីការពារក្ដីលោក អែម ចន្ថា មានប្រសាសន៍ថា ក្រោយការជជែកដេញដោលក្នុងសវនាការ ចៅក្រមបានសម្រេចកំណត់ថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ ក្នុងការប្រកាសសាលក្រម ចំពោះការស្នើដោះលែងឱ្យមានសេរីភាពនៅមុនសវនាការអង្គសេចក្ដី។
លោក បានបន្ថែមថា នៅចំពោះមុខចៅក្រម លោក វ៉ាឃីម បានទទូចចង់បន្តការសិក្សានៅមហាវិទ្យាល័យដែលលោកកំពុងសិក្សាឆ្នាំទី៤ នៅមុនពេលចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំមុន ហើយបានសន្យាថា នឹងគោរពតាមសេចក្ដីណែនាំរបស់តុលាការ ក្រោយទទួលបានការដោះលែង។
លោក និយាយថា៖ «យើងយល់ថា គួរតែដោះលែង ដោយសារទី១ ការស៊ើបអង្កេតមូលហើយ ហើយការឃុំខ្លួនរយៈពេល៤ខែហើយ មួយទៀតគាត់ចង់បន្តការសិក្សាទៀត ហើយគាត់ព្យាយាមថា នឹងគោរពតាមការអនុវត្តរបស់តុលាការចឹង»។
លោកមេធាវី បានបន្ថែមថា បទចោទញុះញង់របស់លោក វ៉ាឃីម ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងការបង្ហោះ រឿងរ៉ាវអំពីសង្រ្គាម ការដឹកនាំ ការអភិវឌ្ឍ នៅលើបណ្ដាញសង្គម ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥។
លោក បន្តថា លោក វ៉ាឃីម កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា។
នាយកប្រតិបត្តិអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា លោក វ៉ាឃីម គឺជាពលរដ្ឋសកម្មមួយរូបក្នុងចូលរួមកិច្ចការសង្គម បរិស្ថាន និងការលើកកម្ពស់សិទ្ធិមនុស្សជាដើម ដែលតុលាការគួរដោះលែងលោកឱ្យមានសេរីភាពដើម្បីអាចបន្តការសិក្សានិងចូលរួមការងារសង្គមទៀត។
លោក បញ្ជាក់ថា៖ «កន្លងមកគាត់បានចូលរួមជាច្រើនក្នុងសកម្មភាពការងារសង្គម ការងារបរិស្ថាន ការងារសិទ្ធិមនុស្ស ចឹងអ្វីដែលលោកធ្វើកន្លងមក ក្នុងគោលបំណងការងារសង្គម លើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស បរិស្ថានអីជាដើម។ លោកក៏នៅជាប់បន្តការសិក្សាអត់ទាន់ចប់ ករណីនេះ ខ្ញុំយល់ថា តុលាការ គួរតែពិចារណាចំពោះការស្នើសុំដោះលែងឱ្យមានសេរីភាពរបស់លោក ដើម្បីលោកបានបន្ត ការសិក្សានិងចូលរួមការងារសង្គមបន្តទៀត៕







