ការប្រយុទ្ធគ្នាត្រូវបញ្ចប់ តែសិស្សខ្មែរនៅទល់ដែនរៀនទាំងតានតឹងផ្លូវចិត្តនិងភិតភ័យ
ព្រះវិហារ៖ ក្នុងបន្ទប់រៀនមួយនៃវិទ្យាល័យស្រអែម ស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃ សំឡេងផ្ទុះដ៏កក្រើកមួយបានលាន់ឮឡើង នាវេលាប្រមាណម៉ោង ១ រសៀល។ រំពេចនោះ សិស្សថ្នាក់ទី១២ ដែលកំពុងសិក្សា បានស្រែកភ័យស្លន់ស្លោ ហើយអ្នកខ្លះស្រវេស្រវាប្រមូលសម្ភារ បម្រុងចាកចេញពីសាលាភ្លាមៗ ដោយគិតថាស្ថានការណ៍ប្រយុទ្ធនៅតាមព្រំដែនបានផ្ទុះឡើងជាថ្មី។ ប៉ុន្តែការពិត សំឡេងផ្ទុះនោះមិនមែនជាការបាញ់ប្រហារពីសមរភូមិទេ។ តែវាជាការបំផ្ទុះសំណល់គ្រាប់ដែលនៅសេសសល់ពីការបាញ់ផ្លោងកន្លងមក ដោយក្រុមការងារស៊ីម៉ាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីការភ័យព្រួយដែលនៅតែដក់ជាប់ក្នុងចិត្តសិស្សានុសិស្សនៅតំបន់ព្រំដែន។ គ្រូបន្ទុកថ្នាក់ទី១២ នៅវិទ្យាល័យស្រអែម មួយរូប លោក ចារ្យ ស ដែលរំលឹកពីហេតុការណ៍នោះ ថ្លែងថា បន្ទាប់ពីភាពតានតឹងនៅតាមព្រំដែនកើតឡើង ការផ្ដោតអារម្មណ៍លើការសិក្សារបស់សិស្សមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ លោកសង្កេតឃើញថា សិស្សជាច្រើនមានការព្រួយបារម្ភ និងពិបាកផ្ដោតលើមេរៀន ជាពិសេសនៅពេលទទួលបានព័ត៌មានពីមាត់មួយទៅមាត់មួយ ឬព័ត៌មានមិនផ្លូវការដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ លោក លើកឡើងថា មុនពេលមានភាពតានតឹងតាមព្រំដែន សិស្សមានភាពសកម្ម និងផ្ដោតអារម្មណ៍ល្អជាងបច្ចុប្បន្ន។ ប៉ុន្តែក្រោយមក ព័ត៌មានអំពីស្ថានការណ៍នៅជួរមុខ និងការផ្សព្វផ្សាយព័ត៌មានក្រៅផ្លូវការលើបណ្ដាញសង្គម បានជំរុញឱ្យពួកគេជជែកគ្នាក្នុងថ្នាក់ និងបាត់បង់ការយកចិត្តទុកដាក់លើការសិក្សា។ លោក និយាយថា «ដោយសារខ្ញុំបង្រៀនផ្ទាល់ជាមួយពួកគាត់ ហើយមុនសង្គ្រាមនិងក្រោយសង្គ្រាមគឺខុសគ្នា។ ភាគច្រើនពួកគាត់មានការភ័យព្រួយចំពោះស្ថានការណ៍ ពិសេសស្ថានការណ៍ដែលគាត់បានមើលតាមបណ្ដាញសារព័ត៌មានផ្សេងៗ នៅពេលដែលគេបង្ហោះថា ថ្ងៃនេះ ខ្ញុំត្រូវត្រៀមកន្លែងនេះហើយ ត្រូវត្រៀមកន្លែងនោះហើយ។ អ៊ីចឹងហើយពួកគាត់ព្រួយបារម្ភ អារម្មណ៍អត់មូលក្នុងការរៀន»។ លោក បន្ថែមទៀតថា មិនត្រឹមតែសំឡេងផ្ទុះប៉ុណ្ណោះទេ សូម្បីតែសំឡេងផ្គររន្ទះក៏អាចធ្វើឱ្យសិស្សមួយចំនួនមានអារម្មណ៍តក់ស្លុតផងដែរ។ ដើម្បីជួយកាត់បន្ថយអារម្មណ៍សិស្ស គ្រូបង្រៀនរូបនេះ ព្យាយាមលើកទឹកចិត្ត និងពន្យល់អំពីវិធានការសុវត្ថិភាព។ លោក ចារ្យ ស បានពន្យល់សិស្សថា កុំគិតច្រើន ប្រសិនបើមានស្ថានការណ៍គ្រោះថ្នាក់កើតឡើង កងកម្លាំងនៅជួរមុខនឹងផ្ដល់ព័ត៌មានជាមុន ហើយសាលាក៏បានរៀបចំផែនការបញ្ជូនសិស្សទៅកាន់ទីតាំងសុវត្ថិភាពដែរ។ ក្នុងចំណោមសិស្សប្រមាណ ៧០ នាក់ ដែលលោកទទួលបន្ទុក មានសិស្សចំនួន ១៥ នាក់ដែលឪពុកជាទាហាននៅជួរមុខ។ សម្រាប់សិស្សក្រុមនេះ លោកថា ការព្រួយបារម្ភមានកម្រិតខ្ពស់ជាងគេ ព្រោះពួកគេទទួលបានព័ត៌មានដោយផ្ទាល់ពីឪពុក ឬសាច់ញាតិដែលកំពុងស្ថិតនៅតំបន់ប្រឈម។ យ៉ាងណា ពួកគេក៏បានត្រៀមខ្លួន និងការយល់ដឹងអំពីស្ថានការណ៍ច្រើនជាងសិស្សដទៃផងដែរ។ ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រូបង្រៀនដូច លោក ចារ្យ ស ដែរ ដោយលោកផ្ទាល់ក៏ត្រៀមសម្ភារ និងថវិកាមួយចំនួនសម្រាប់ករណីត្រូវជម្លៀសទៅកន្លែងមានសុវត្ថិភាព។ បើតាមក្រសួងព័ត៌មាន មានវិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានមិនពិត រួមមាន ពិនិត្យប្រភព; ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយស្ថាប័នព័ត៌មានដទៃទៀត; ត្រិះរិះពិចារណាពេលអាន; ពិនិត្យភស្ដុតាង (សម្ដីអ្នកជំនាញ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់); សង្កេតរូបភាព (ក្លែងក្លាយ ឬកាត់ត); និងតើស្ដាប់ទៅសមហេតុផល ឬអត់។ ក្រសួងព័ត៌មាន ឱ្យដឹងដែរថា ក្នុងអំឡុងពេលឈ្លានពានពីថៃលើកទី២ គិតត្រឹមថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយចំនួន ២១៨ ករណី ដែលថៃបានបង្កើតឡើង ដើម្បីបំភ្លៃ ប្រឌិតខុសពីការពិត ក្នុងគោលបំណងបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ រីឯនាយករងវិទ្យាល័យស្រអែម លោក ស៊ុន ប៊ុនធី លើកឡើងថា សិស្សានុសិស្សនៅមិនទាន់អាចបំបាត់ក្ដីបារម្ភអំពីស្ថានការណ៍ព្រំដែនបាននៅឡើយទេ។ លោក កត់សម្គាល់ថា សិស្សភាគច្រើនទទួលបានព័ត៌មានពីឪពុកម្ដាយ និងអាណាព្យាបាល ខណៈគ្រួសារខ្លះថែមទាំងមិនឱ្យកូនមករៀន នៅពេលដែលគេយល់ថា ស្ថានការណ៍មិនសូវល្អ។ ផលប៉ះពាល់នេះក៏ឆ្លុះបញ្ចាំងតាមរយៈចំនួនសិស្សដែលបានថយចុះពីចំនួនសិស្សសរុប ៥៤៥ នាក់ បច្ចុប្បន្ននៅសល់ប្រមាណ ៤៦៥ នាក់ប៉ុណ្ណោះ ដោយសារគ្រួសារមួយចំនួនបានផ្លាស់ទីទៅរស់នៅកន្លែងផ្សេងក្រោយការផ្ទុះជម្លោះ។ ទោះបីជាប្រឈមនឹងសម្ពាធផ្លូវចិត្ត និងភាពមិនប្រាកដប្រជាក៏ដោយ នាយករងរូបនេះ ថា សាលា បានសម្រេចអនុវត្តការលួងលោមផ្លូវចិត្ត និងលើកទឹកចិត្តសិស្សឱ្យផ្ដោតលើការសិក្សា ដោយធានាថា ពួកគេនឹងមិនត្រូវទុកឱ្យប្រឈមគ្រោះថ្នាក់ដោយគ្មានការការពារឡើយ។ លោកបន្ថែមថា៖ «យើងបានណែនាំថា យើងរៀន រៀនទៅ កុំខ្វល់អី ចាំដល់ពេលវេលាដែលស្រុកមានបញ្ហា យើងមិនទុកឱ្យប្អូននៅហ្នឹងទេ យើងអាចនាំប្អូនទៅកន្លែងសុវត្ថិភាពហើយ។ នេះជាការលួងលោមផ្លូវចិត្តរបស់គាត់»។ នៅរង្វង់មូលស្រអែម អ្នកលក់ភេសជ្ជៈម្នាក់គឺអ្នកស្រី វង់ សុខហេង បានរៀបរាប់ពីការផ្លាស់ប្ដូររបស់កូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនថា ក្រោយពេលវិលត្រលប់មកផ្ទះសម្បែង និងទើបចូលរៀនវិញបានថ្មីៗ កូនរបស់គាត់នៅតែមានអាការភ័យខ្លាច។ ប៉ុន្តែពេលនេះ ស្ថានភាពផ្លូវចិត្តបានប្រសើរឡើង ហើយអាចត្រឡប់ទៅផ្ដោតលើការសិក្សាវិញបាន។ អ្នកស្រី និយាយថា៖ «បើសម្រាប់កូនខ្ញុំអត់អី រៀនគ្រាន់។ សង្កេតថា កាលដំបូងៗមុនកើតហេតុភ្លាមៗហ្នឹង គឺកូន រាងភ័យដែរ ឱ្យតែឮអីអត់បានទេ ដល់ឥឡូវគាត់រាងអត់អីទេ រាងធម្មតា ផ្ដោតអារម្មណ៍លើការរៀនវិញ ប្រឹងរៀន ខ្លាចប្រឡងធ្លាក់»។ រឿងរ៉ាវនៅវិទ្យាល័យស្រអែម បង្ហាញថា ទោះបីសង្គ្រាមមិនបានផ្ទុះម្ដងទៀត និងភាពតានតឹងមិនបានកើតឡើងនៅក្នុងបរិវេណសាលាដោយផ្ទាល់ក៏ដោយ ក៏ព័ត៌មានក្រៅផ្លូវការ…
២៩ កក្កដា ២០២៦

លោក កឹម សុខា៖ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរ រងការរំលោភបំពានធ្ងន់ធ្ងរពីថៃឈ្លានពាន
អតីតអនុប្រធានទី១រដ្ឋសភានិងជាមេបក្សប្រឆាំងដែលទើបតែរួចពីឃុំឃាំងនៅក្នុងផ្ទះ លោក កឹម សុខា លើកឡើងថា ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់ កំពុងរងការរំលោភសិទ្ធិមនុស្សមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិរស់រាន លំនៅឋាន ប្រកបមុខរបរ និងសិទ្ធិទទួលបានការអប់រំជាដើម ដោយការឈ្លានពានរបស់ថៃ។លោកថ្លែងបែបនេះទៅកាន់បណ្ដាជននៅជំរំភៀសសឹកមួយក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។ លោក កឹម សុខា ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកលើកដំបូងនៅខេត្តបន្ទាយមានជ័យក្រោយការជាប់ឃុំអស់រយៈពេលជិត ១០ឆ្នាំ។ បើតាមឃ្លីបវីដេអូដែលប្រជាកាសែតទទួលបាន លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋភៀសសឹកថា លោកនឹងព្យាយាមរកដំណោះស្រាយតាមរយៈយន្តការអន្តរជាតិ ដោយប្រាប់ឱ្យជួយពលរដ្ឋខ្មែរឱ្យឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ជាពិសេសដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ។ លោកបន្ថែមថា កន្លងមក លោកបានប្រាប់ប្រទេសជាមិត្តដែលស្រឡាញ់សិទ្ធិមនុស្សផងដែរថា ពលរដ្ឋខ្មែរភៀសសឹកកំពុងរងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសិទ្ធិលំនៅឋាន សិទ្ធិចិញ្ចឹមជីវិត សិទ្ធិរស់រាន សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការអប់រំរបស់កុមារជាដើម ដោយសារការឈ្លានពានរបស់ថៃ។ លោកនិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានមកឃើញផ្ទាល់ទៀតនូវការលំបាករបស់បងប្អូន ទៅវិញប្រាប់ឱ្យគេ (សហគមន៍អន្តរជាតិ) មកជួយបងប្អូនទៀត ជួយមិនមែនតែបងប្អូនជួបប្រទះតែមួយមុខទេ ជួយដោះស្រាយបញ្ហាព្រំដែននេះ បញ្ហាអធិបតេយ្យភាព បញ្ហាទឹកដីយើងនេះ។ ទោះបីខ្ញុំមិនមែនតំណាងរដ្ឋាភិបាលដែលត្រូវដោះស្រាយ តែខ្ញុំជំរុញឱ្យមិត្តទាំងឡាយណាដែលគេចង់ជួយខ្មែរ សូមជួយបញ្ចប់ជម្លោះហ្នឹងទៅ។ រក្សាទឹកដីផ្ទះសម្បែងឱ្យមកបងប្អូនវិញមក ទៅវិញខ្ញុំសុំគេទៀត»។ ជុំវិញការលើកឡើងនេះ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ការថ្លែងរបស់លោក កឹម សុខា ជាសញ្ញាដ៏ល្អក្នុងការរួមចំណែកលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងរស់នៅយ៉ាងលំបាក។ លោកនិយាយថា៖ «យើងយល់ឃើញថា នយោបាយឥតកែប្រែរបស់លោកប្រធាន កឹម សុខា ពាក់ព័ន្ធជាមួយនឹងការគោរពសិទ្ធិមនុស្ស។ ដូច្នេះជារឿងមួយដ៏ល្អដែលលោកចូលរួមចំណែកលើកកម្ពស់ លើកទឹកចិត្តដល់បងប្អូនជនភៀសសឹកខ្មែរ ដែលកំពុងតែពិបាករស់នៅក្នុងជំរំសព្វថ្ងៃ»។ ចំណែកអ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថា ការចុះជួបពលរដ្ឋភៀសសឹករបស់លោក កឹម សុខា គ្រាន់តែជាការអនុវត្តសិទ្ធិរបស់ពលរដ្ឋធម្មតា ព្រោះច្បាប់បានរារាំងលោកក្នុងការធ្វើនយោបាយហើយ។ លោកនិយាយថា៖ «បើគាត់គ្រាន់តែទៅជួបពលរដ្ឋធម្មតា អាហ្នឹងជាសិទ្ធិសាមញ្ញរបស់គាត់ដែលជាមន្ត្រីអ្នកនយោបាយដែលគេស្គាល់ច្រើន សំខាន់កុំឱ្យតែគាត់ឆ្លៀតឱកាសនេះយកធ្វើសារនយោបាយ អាហ្នឹងបានវាខុស»។ នៅមុនពេលចុះជួបពលរដ្ឋភៀសសឹក លោក កឹម សុខា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងពីបំណងចង់ឃើញការផ្សះផ្សាជាតិ និងប្រាប់មន្ត្រី UN រូបនេះឱ្យជួយពលរដ្ឋខ្មែរភៀសសឹកដែលកំពុងរងការរំលោភសិទ្ធិមនុស្សដោយសារសង្គ្រាមព្រំដែនខ្មែរ-ថៃ។ កាលពីចុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសជាប់ពន្ធនាគារ ២៧ឆ្នាំ ប៉ុន្តែទោសបន្ថែមពាក់ព័ន្ធនឹងសិទ្ធិធ្វើនយោបាយ រួមទាំងបម្រាមចេញទៅក្រៅប្រទេសរយៈពេល ៥ឆ្នាំ នៅដដែល។ យ៉ាងណា នៅមួយថ្ងៃមុនការជួបជជែកគ្នារវាងអតីតមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស UN លោក អេនឌ្រូ ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសបន្ថែមលោក កឹម សុខា ត្រង់ចំណុចហាមចាកចេញទៅក្រៅប្រទេស ដែលបានន័យថា លោក សុខា អាចធ្វើដំណើរទៅក្រៅប្រទេស ចាប់ពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕
២៨ កក្កដា ២០២៦

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជិត៥០០សន្លឹកដែលឈ្មួញកាប់ទុកនិងបម្រុងដឹកចេញ
ភ្នំពេញ៖ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញឈើប្រមាណជិត ៥០០សន្លឹក ដែលជនល្មើសបានកាប់ទុកក្នុងព្រៃ និងគ្រោងដឹកចេញក្រៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកជ័យសែន អំឡុងពេលចុះល្បាតព្រៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ព្រៃឡង់-Prey Lang» ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញឈើចំនួន ២១១សន្លឹក និងគល់ឈើកាត់រួច ២១គល់ រួមទាំងឧបករណ៍មួយចំនួន មានរណាយន្ត និងគោយន្តជាដើម ដែលជនល្មើសបានទុកក្នុងព្រៃជ្រៅ។ ជាងនេះទៅទៀត នៅពេលធ្វើដំណើរចេញពីព្រៃបន្ទាប់ពីចុះល្បាតរួច នាយប់ថ្ងៃទី២៦ ខែកក្កដា ប្រជាសហគមន៍ក៏បានប្រទះឃើញជនសង្ស័យកំពុងលើកឈើដាក់លើរថយន្តគ្មានស្លាកលេខ ត្រៀមដឹកចេញ ដែលមានឈើសរុបចំនួន ២៨៣សន្លឹក ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ បើតាមប្រភពខាងលើ ក្រោយពេលប្រជាសហគមន៍សួរនាំ ម្ចាស់រថយន្តបាននាំគ្នីគ្នាទាញឈើទម្លាក់ពីរថយន្ត ហើយបើករថយន្តគេចខ្លួន ដោយមិនមានអ្នកហ៊ានឈរមុខរថយន្តដើម្បីរារាំងនោះទេ ដោយសារបារម្ភពីសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីជនសង្ស័យត្រៀមដឹកឈើចេញនេះ សកម្មជនព្រៃឡង់ លោក ឃុត សឿម មានប្រសាសន៍ថា លោកបានរកឃើញឈើជិត ៣០០សន្លឹក ស្រាប់តែមន្ត្រីចុះទៅដល់ឃើញឈើតែ ៥០សន្លឹក ដោយលោកមានមង្ស័យថា មិនដឹងជាជនសង្ស័យត្រឡប់មកដឹកឈើវិញ ឬយ៉ាងណានោះទេ។ លោកបន្ថែមថា ប្រជាសហគមន៍បានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមន្ត្រីប្រាប់ថា មិនបានចុះមកឡើយដោយសារខ្វះកម្លាំង។ យ៉ាងណាក៏ដោយ លោកថា លុះក្រោយមក ខាងមន្ត្រីក៏បានវិលត្រឡប់មកទីតាំងកើតហេតុវិញ។ លោកថ្លែងថា៖ «គួរឱ្យហួសចិត្ត ហើយក៏សោកស្ដាយដែរ ព្រៃឈើដែលបាត់បង់ដល់ថ្នាក់នេះ ហើយឈើធំៗមុខ ១០០ ទៅ ១៥០សង់ទីម៉ែត្រអី គឺដួលច្រើនណាស់។ គួរឱ្យសោកស្ដាយណាស់! ក្នុងនាមយើងជាអ្នកការពារព្រៃឈើ យើងមិនដឹងថាធ្វើម៉េច ដោយសារតែមន្ត្រីនិយាយមកថា ខ្វះកម្លាំងក្នុងការធ្វើការ ឬទប់ស្កាត់។ យើងអត់ដឹងថា គាត់ត្រូវការកម្លាំងប៉ុន្មាន ឬការធ្វើការរបស់គាត់យ៉ាងម៉េច ដើម្បីអាចទប់ស្កាត់បទល្មើសហ្នឹងបាន»។ ជុំវិញករណីឈើជិត ៣០០សន្លឹកនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងថា មន្ត្រីឧទ្យានុរក្ស ខេត្តព្រះវិហារ រកឃើញតែ ៥០សន្លឹកប៉ុណ្ណោះ នៅពេលចុះដកហូត បន្ទាប់ពីទទួលបានព័ត៌មានបទល្មើសព្រៃឈើពីក្រុមរបស់សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា។ ទោះជាយ៉ាងណា លោកថា អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ លោកថ្លែងថា៖ «យើងទៅដល់ឃើញប៉ុណ្ណឹង យកមកដាក់ទីស្នាក់ការប៉ុណ្ណឹង ហើយឈើផ្សេងៗទៀតប្រហែលនៅក្បែរហ្នឹង។ អ៊ីចឹង គាត់បានសម្របសម្រួលគ្នាពីរនាក់ហ្នឹង (លោក ម៉ា ចិត្រា និងមន្ត្រី)។ យើងនឹងចាត់ការតាមនីតិវិធីបន្តទៀតចំពោះអ្នកប្រព្រឹត្តបទល្មើស។ គាត់ (លោក ម៉ា ចិត្រា) បានសហការជាមួយខាងយើងហើយ ដើម្បីស្វែងរកអ្នកប្រព្រឹត្តបទល្មើស ជាអ្នកបើករថយន្ត ឬក៏ម្ចាស់ឈើហ្នឹង ព្រោះគាត់បានដឹងច្បាស់»។ ចំណែកសកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ដែលបានចូលរួមចុះល្បាត និងឃាត់រថយន្តប្រុងដឹកឈើចេញជិត ៣០០សន្លឹកផងដែរនោះ លើកឡើងថា គ្នីគ្នារបស់លោកមិនហ៊ានឃាត់រថយន្តទុកនោះទេ ដោយសារម្ចាស់រថយន្តមានចរិតហាក់សាហាវ ខណៈលោកក៏បានថតរូបម្ចាស់រថយន្តទុកផងដែរ។ លោកអះអាងថា ការកាប់បំផ្លាញព្រៃឈើទៅបាន លុះត្រាតែមានការសូកប៉ាន់ ដែលលោកជំរុញឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់វិធានការឱ្យបានតឹងរ៉ឹងជាទីបំផុតពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។ លោកថ្លែងថា៖ «ខ្ញុំបារម្ភណាស់ពីវិនាសកម្មព្រៃឈើពីមួយថ្ងៃទៅមួយថ្ងៃ។ មួយទៀត ការកាប់ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ ដាំស្វាយចន្ទី ដាំអីជាដើម។ អាហ្នឹងវាធ្វើឱ្យអន្តរាយព្រៃឈើ តំបន់ខ្លះមានចម្ការស្វាយចន្ទីនៅក្នុងព្រៃជាដើម ខ្ញុំមើលទៅគឺមានហានិភ័យខ្លាំងក្នុងវិស័យធនធានធម្មជាតិ»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានរកឃើញការកាប់ទន្ទ្រានដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិប្រមាណជិត ៧០ហិកតា ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងស្រុកឆែប និងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងនោះ មានការកាប់ទន្ទ្រានដីទំហំ ៣៧ហិកតា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរមទម ស្រុករវៀង និងទំហំ ៣០ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្រុកឆែប៕

អាមេរិកបញ្ជាក់ការបេ្ដជ្ញាគោរពស្មារតីកិច្ចព្រមព្រៀងដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ
សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តជាថ្មីក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ សេចក្ដីប្រកាសខាងលើ និយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Marco Rubio ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្រៅក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសហ្វីលីពីន បានពិភាក្សាគ្នាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ជាពិសេសការប្ដេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ។ កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ កាលពីលើកទី១ នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីទាហានថៃបានផ្ទុះអាវុធមុនចំនួន ៦គ្រាប់ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ ក្រោយមកភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីម៉ោង១២រំលងអាធ្រាត ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ អ្នកវិភាគភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការជម្រុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ គ្រាន់តែជាការសម្តែងតាមទម្លាប់ការទូត ដើម្បីរក្សាមុខមាត់ និងផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ហើយវានឹងគ្មានប្រសិទ្ធភាពក្នុងការបង្ខំឱ្យភាគីថៃអនុវត្តតាមនោះឡើយ។ លោក និយាយថា៖ «នៅក្នុងតថភាពជាក់ស្តែង ថៃតែងតែយកផលប្រយោជន៍ជាតិ និងឧត្តមភាពផ្នែកយោធា ឬសេដ្ឋកិច្ចរបស់ខ្លួនជាធំ ដោយមិនងាយអើពើនឹងការអំពាវនាវមាត់ទទេពីសហរដ្ឋអាមេរិក ឬការស្នើសុំពីរដ្ឋាភិបាលកម្ពុជានោះទេ»។ ទន្ទឹមនឹងនេះ លោក អះអាងថា ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ានបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការប្រកួតប្រជែងជាមួយចិន ខណៈអាមេរិកក៏មិនដែលហ៊ានដាក់សម្ពាធខ្លាំងលើថៃ ដែលជាសម្ព័ន្ធមិត្តចាស់ ដើម្បីតែការពារផលប្រយោជន៍ឱ្យរដ្ឋាភិបាលកម្ពុជាដែរ។ លោក បន្តថា៖ «ដរាបណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះឆន្ទៈនយោបាយពិតប្រាកដក្នុងការលុបបំបាត់ឧស្សាហកម្មឆបោក បង្ក្រាបបណ្តាញអ្នកមានអំណាចនៅពីក្រោយខ្នង និងគ្មានឯករាជ្យភាពការទូតពិតប្រាកដ នោះការប្រកាសប្ដេជ្ញាចិត្តជាមួយអាមេរិក គ្រាន់តែជាលេសដោះសារ និងជាក្រដាសមួយសន្លឹកដែលមិនអាចកែប្រែជំហររបស់ថៃ ឬធ្វើឱ្យសហគមន៍អន្តរជាតិផ្តល់តម្លៃឱ្យកម្ពុជាបានឡើយ»។ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ធរ័ត្ន ថ្លែងថា ការគាំទ្រពីអាមេរិក មានសារសំខាន់សម្រាប់កម្ពុជាលើយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារដីត្រលប់មកវិញ ដោយលោកយល់ថា ការប្រើកម្លាំងវាយយកវិញ ហាក់ទៅមិនទាន់រួចសម្រាប់កម្ពុជា។តែទោះជាយ៉ាងណាលោក ច័ន្ធរ័ត្ន ថា កម្ពុជាក៏ត្រូវបោសសម្អាតបទល្មើសអនឡាញ ដើម្បីកុំឱ្យពលរដ្ឋអាមេរិករងគ្រោះបន្តទៀត ដែលអាចនាំឱ្យប៉ះពាល់ដល់ការប្ដេជ្ញាចិត្តនេះ។លោក និយាយថា៖ «អ្វីដែលសំខាន់គឺខ្លួនឯង [បង្រ្កាបបទល្មើសអនឡាញ] ធ្វើឱ្យមានទំនុកចិត្ត ដល់ប្រទេសដែលជួយជ្រោមជ្រែងយើងនោះ»។ចំណែកប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា សង្រ្គាមភូមិសាស្រ្តនយោបាយ បច្ចុប្បន្នសហរដ្ឋអាមេរិកដើរតួយ៉ាងសំខាន់ ក៏ដូចជាមហាអំណាចចិនផងដែរ។ ហេតុនេះ មហាអំណាចទាំងពីរ មានតួនាទីសំខាន់ ក្នុងការជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោក និយាយថា៖ «ដូច្នេះយើងយល់ឃើញថា ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ អាចមានប្រសិទ្ធភាពឱ្យថៃអនុវត្តជាក់ស្ដែងជាទីបំផុត»។ ក្រៅពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃ ប្រមុខការទូតកម្ពុជា និងអាមេរិក ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដើម្បីការពារជនជាតិអាមេរិក និងកម្ពុជាផងដែរ៕

បក្សប្រឆាំង លើកយកបញ្ហាប្រជាធិបតេយ្យ និងការបោះឆ្នោតប្រាប់អ្នករាយការណ៍ពិសេសUN
គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន លើកយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងទំនុកចិត្តក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោក ថម អេនឌ្រូ (Thom Andrew) អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលកជិតពីរសប្ដាហ៍។ ការជួបជជែកគ្នាជាមួយបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ បានជួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រាប់ថា រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពពេញលេញជូនពលរដ្ឋ។ សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ថ្លែងថា បក្សរបស់លោក បានលើកយកការដើរថយក្រោយនៃនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រោយការរំលាយបក្សសង្រ្គោះជាតិ ប្រាប់ទៅលោក អេនឌ្រូ។ បន្ថែមពីលើនេះ លោក មុនីកា ក៏បង្ហាញក្ដីបារម្ភចំពោះការបោះឆ្នោតនៅពេលខាងមុខ ថាតើមានយុត្តិធម៌ និងសេរីត្រឹមកម្រិតណា។ លោកនិយាយថា៖ «យើងមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បើទោះបីជាការអនុវត្តនៃសិទ្ធិសេរីភាពហ្នឹង ធ្វើឡើងនៅក្នុងក្របខណ្ឌច្បាប់ក៏ដោយ នៅតែមានបញ្ហានៃការបំភិតបំភ័យ គាបសង្កត់ឈានទៅរកការចាប់ខ្លួនសកម្មជន ក៏ដូចជាពលរដ្ឋទូទៅ ដែលបង្ហាញក្ដីបារម្ភរបស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន បញ្ហាស្កេមអនឡាញ»។ ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ស្ថានភាពនយោបាយ និងការប្រកួតប្រជែងក្នុងការបោះឆ្នោត បញ្ហាប្រឈមជាក់ស្ដែង និងផលប៉ះពាល់លើដំណើរការបោះឆ្នោតនាពេលខាងមុខ។ ជាងនេះទៅទៀត លោកក៏បានផ្ដល់យោបល់ដើម្បីកែលម្អសិទ្ធិមនុស្សនៅកម្ពុជាជូនលោក ថម អេនឌ្រូ ផងដែរ។ លោក សុវណ្ណារ៉ា បន្តថា៖ «ក៏បានរៀបចំជារបាយការណ៍សង្ខេបមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនយោបាយ បរិយាកាសមុនការបោះឆ្នោតនៅកម្ពុជា ដោយចង់ឃើញការបោះឆ្នោតនាពេលខាងមុខ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព អាចទទួលយកបាន ជាមួយនឹងអនុសាសន៍ផ្សេងៗ ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងដែរ»។ ចំណែកអនុប្រធានគណបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា បក្សកម្លាំងជាតិបានជម្រាបលោក អេនឌ្រូ អំពីស្ថានភាពនៃសេរីភាព និងសិទ្ធិធ្វើនយោបាយនៅកម្ពុជា និងចង់ឃើញស្ថាប័នរៀបចំការបោះឆ្នោតមានភាពឯករាជ្យ។ ក្រៅពីនេះ លោក គឹមសេង ក៏ស្នើឱ្យអ្នករាយការណ៍ពិសេសជំរុញទៅកាន់រដ្ឋាភិបាលឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនដីធ្លីជាដើម ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាថា រាល់ការបញ្ចេញមតិ និងធ្វើនយោបាយ ត្រូវបានគោរពសិទ្ធិក្នុងប្រទេសកម្ពុជា។ លោកនិយាយថា៖ «ជួយជំរុញនិងដោះលែងអ្នកដែលជាប់ឃុំ សកម្មជននយោបាយ ថ្នាក់ដឹកនាំនយោបាយ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ក៏ដូចជាសកម្មជនបរិស្ថានមួយចំនួនដើម្បីធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ជាពិសេសគឺការគោរពសិទ្ធិនៅប្រទេសកម្ពុជា»។ កាលពីពេលថ្មីៗនេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេសលោក ថម អេនឌ្រូ ថា រដ្ឋាភិបាលកម្ពុជាទាំងពេលនេះ និងពេលមុន បានបើកសិទ្ធិពេញលេញជូនពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្ថិតក្រោមក្របខណ្ឌច្បាប់។ ប្រធានបក្សកាន់អំណាចរូបនេះ ក៏បានអះអាងនៅចំពោះមុខអ្នករាយការណ៍ពិសេសផងដែរថា គ្មានប្រទេសណាអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេដោយសង្កត់ធ្ងន់ថា រាល់ចំណុចខ្វះខាត នឹងត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១២៥ នាក់ហើយ ត្រូវបានតុលាការចោទ ប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

សេរីភាពបញ្ចេញមតិ ត្រូវជជែកគ្នាក្នុងជំនួបរវាងលោក ហ៊ុន សែន និងអ្នករាយការណ៍ពិសេស UN
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ លើកយកបញ្ហាសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ជជែកជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ ៣១ ខែកក្កដា។ អំឡុងពេលទស្សនកិច្ច អ្នករាយការណ៍រូបនេះ គ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ មានប្រសាសន៍ថា កំឡុងពេលពិភាក្សាគ្នា លោក អេនឌ្រូ លើកឡើងនូវបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា ប្រាប់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានឆ្លើយតបវិញថា រដ្ឋាភិបាលកម្ពុជាទាំងពេលនេះ និងពេលមុន បានបើកសិទ្ធិពេញលេញដល់ពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្ថិតក្រោមច្បាប់។ លោកនិយាយថា៖ «លោក [ហ៊ុន សែន] បើកសិទ្ធិក្នុងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែបើប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជាហើយ នោះមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិទេ»។ លោក ធីរិទ្ធ បន្ថែមថា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ក៏ប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសផងដែរថា គ្មានប្រទេសណាអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេដោយសង្កត់ធ្ងន់ថា រាល់ចំណុចខ្វះខាត នឹងត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ លោកបន្តថា៖ «សម្តេចតេជោ សង្ឃឹមថា លោក ថម អេនឌ្រូ នឹងបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើយ៉ាងណា ដើម្បីធ្វើឱ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែល្អ»។ កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោស អតីតអ្នកកាសែត និងជាអ្នករត់កង់បីដែលពិការជើងម្ខាងផងនោះ ឱ្យជាប់ពន្ធនាគារបួនឆ្នាំ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលើបញ្ហាព្រំដែន តាមបណ្តាញសង្គមហ្វេសប៊ុក។ បើតាមអង្គការលីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១២៥ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម។ លោក ម៉ៃ រុន បងប្រុសរបស់លោក ម៉ៃ បុត្រ បុគ្គលិកធនាគារដែលតុលាការ បានផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការផ្ញើជាកម្រងសារសន្ទនាក្នុងក្រុមតេឡេក្រាមមួយដែលរិះគន់ថ្នាក់ដឹកនាំ ស្នើសុំរដ្ឋាភិបាលដោះលែងប្អូនរបស់ខ្លួនវិញ ដោយចាត់ទុក សារសន្ទនានោះ គ្រាន់តែជាការបញ្ចេញមតិ។ ជាងនេះទៅទៀត លោក រុន ថា ប្អូនរបស់លោកក៏មានកូនតូចៗចំនួន ៥ នាក់ ដែលមានអាយុក្រោម ៦ ឆ្នាំ ស្ថិតក្នុងបន្ទុកដែលត្រូវរ៉ាប់រងផងដែរ។ លោកនិយាយថា៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំដោះលែងវិញ ..។មូលហេតុប្រពន្ធកូនមិនមានអ្នកណាចិញ្ចឹម កូនតូចៗ ៣ និង ៤ ឆ្នាំ ៥ នាក់នោះ អាយុចាប់ពី ៦ ឆ្នាំចុះ»។ ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា កន្លងមកនេះ មានពលរដ្ឋ សកម្មជននយោបាយ ការងារ បរិស្ថាន និងសកម្មជនសហជីពជាដើម ត្រូវបានចាប់ខ្លួន ឃុំខ្លួន ចោទប្រកាន់ និងកាត់ទោស ដែលពាក់ព័ន្ធនឹងការបង្ហោះសារ ការចែករំលែកព័ត៌មាន និងការសន្ទនាតាមបណ្តាញសង្គមជាដើម។ លោកនិយាយថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ គឺមានការព្រួយបារម្ភទៅលើបញ្ហាហ្នឹង។ បើសិនជាទាំងអាជ្ញាធរ ក៏ដូចជាតុលាការមិនបានបែងចែកឱ្យបានត្រឹមត្រូវថា អ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីជាបទល្មើសទេ អាហ្នឹងអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ»៕

កម្ពុជា-ថៃ ឯកភាពលើការស្នើសុំពេលបន្ថែមដើម្បីរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រតាមយន្ដការUNCLOS
កម្ពុជា-ថៃ បានឯកភាពលើការស្នើសុំពេលវេលាបន្ថែមរបស់អ្នកផ្សះផ្សាឯករាជ្យទាំង ៤ រូប ក្នុងការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដើម្បីមានពេលពិចារណាឱ្យបានហ្មត់ចត់លើបេក្ខជនដែលមានលក្ខណៈសម្បត្តិសមរម្យ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា អះអាងថា ការពន្យារពេលក្នុងការតែងតាំងប្រធាននេះ ពុំមានផលប៉ះពាល់ទៅលើថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនោះទេ។ អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ថ្លែងថា លោកមិនមានព័ត៌មានអ្វីលើសពីសេចក្ដីថ្លែងការណ៍របស់ក្រសួងនោះទេ។ ចំណែកអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ប្រសិនបើមានការវិវត្តថ្មីៗបន្ថែមទៀត រដ្ឋាភិបាលនឹងចុះផ្សាយព័ត៌មានឱ្យមហាជនបានដឹង។ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ប្រសិនបើប្រធានដែលជ្រើសរើសមកនោះ មាននិន្នាការលំអៀងទៅរកភូមិសាស្ត្រនយោបាយរបស់ភាគីថៃ ឬរងឥទ្ធិពលពីប្លុកខាងលិច កម្ពុជានឹងត្រូវប្រឈមមុខនឹងការខាតបង់ធំធេងទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងខ្សែបន្ទាត់ព្រំដែនទឹក បើទោះបីជារបាយការណ៍ចុងក្រោយគ្មានលក្ខណៈបង្ខំឱ្យអនុវត្តតាមច្បាប់ក៏ដោយ តែវានឹងក្លាយជាបន្ទាត់យោងអន្តរជាតិដ៏មានទម្ងន់។ លោក បន្ថែមថា ការពន្យារពេលនេះ មិនមែនជានីតិវិធីបច្ចេកទេសសុទ្ធសាធនោះទេ តែវាជាយុទ្ធសាស្ត្រទិញពេលវេលាដើម្បីការពារកុំឱ្យមានការទម្លាយភាពទាល់ច្រកនយោបាយក្នុងស្រុកថៃ ដែលអាចបង្កជាភ្លើងជាតិនិយមជ្រុល។ លោក និយាយថា៖ «ខ្ញុំយល់ថា វាជារឿងស្លាប់រស់ផ្នែកយុទ្ធសាស្ត្រដែលផ្ទុកទៅដោយហានិភ័យខ្ពស់ ព្រោះតួនាទីនេះនឹងក្លាយជាអ្នកកាត់សេចក្ដីលើជោគវាសនាធនធានថាមពល និងបូរណភាពទឹកដីដែលនៅសេសសល់។ កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះក្នុងការចរចា ដោយសារតែសម្ពាធសេដ្ឋកិច្ច និងតម្រូវការថាមពលដ៏ខ្លាំងក្លា ដែលធ្វើឱ្យរបបភ្នំពេញចង់បានរូបមន្តបែងចែកផលប្រយោជន៍ប្រេង និងឧស្ម័ននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លើសពីនេះ លោកថា ដំណើរការជ្រើសរើសប្រធានគណៈកម្មការនេះ ក៏ជាការសាកល្បងដ៏ធំមួយលើសមត្ថភាពការទូតពហុភាគីរបស់កម្ពុជា ក្នុងការរុញច្រានអំណះអំណាងផ្លូវច្បាប់របស់ខ្លួនឱ្យមានទម្ងន់ស្មើភាព ដោយមិនត្រូវបណ្ដោយឱ្យប្រទេសដែលខ្លាំងជាងប្រើប្រាស់ឥទ្ធិពលនយោបាយមកជិះជាន់ ឬកំណត់វាសនាជំនួសកម្ពុជានោះឡើយ។ យោងតាមសារព័ត៌មានថៃ Khaosod English ចុះផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងពីទីក្រុងប៉េកាំង ប្រទេសចិន ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបន្តការផ្សះផ្សាជាកំហិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានធ្វើឱ្យខូចទំនុកចិត្តទ្វេភាគី និងធ្វើឱ្យប៉ះពាល់ដល់ការចរចាលើព្រំដែនគោកនៃប្រទេសទាំងពីរ។ លោក ស៊ីហាសាក់ បានស្វាគមន៍ចំពោះការផ្តល់ជូនរបស់ចិន ដើម្បីសម្រួលដល់ការសន្ទនារវាងប្រទេសថៃ និងកម្ពុជា ប្រសិនបើចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយដោយផ្ទាល់រវាងប្រទេសទាំងពីរ។ បើតាមប្រភពដែលអាចទុកចិត្តបានឱ្យដឹងថា ផ្អែកតាមនីតិវិធី តម្រូវឱ្យសមាជិកទាំង ៤ នាក់នៃគណៈកម្មការផ្សះផ្សា មានរយៈពេល ៣០ ថ្ងៃ ក្នុងការតែងតាំងប្រធាន បន្ទាប់ពីកម្ពុជា-ថៃ ឯកភាពលើយន្តការនេះ ពោលគឺរាប់ចាប់ពីថៃយល់ព្រមតាមសំណើរបស់កម្ពុជា កាលពីខែមិថុនាកន្លងទៅ។ ប្រភពដដែល បន្ថែមថា ប្រសិនបើអ្នកផ្សះផ្សាទាំង ៤ រូប (ដែលតែងតាំង ២ រូបដោយកម្ពុជា និង ២ រូបដោយថៃ) មិនអាចឯកភាពគ្នារើសប្រធានគណៈកម្មការផ្សះផ្សាបានទេនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងតែងតាំងជំនួស ដោយមិនទុកឱ្យអូសបន្លាយពេលយូរឡើយ។ ប្រភពដដែល បន្តទៀតថា បន្ទាប់ពីរើសប្រធានបានហើយ គណៈកម្មការផ្សះផ្សាទាំង ៥ នាក់ នឹងបង្កើតនីតិវិធីផ្ទៃក្នុង ហើយចាប់ផ្ដើមមកជួបជាមួយភាគីកម្ពុជា និងថៃ ដើម្បីស្ដាប់ការអះអាងរបស់ភាគីទាំងពីរ។ លុះក្រោយមក ពួកគេនឹងពិនិត្យមើលផ្លូវច្បាប់ ដើម្បីដាក់ជារបាយការណ៍ និងអនុសាសន៍ត្រឡប់ទៅកម្ពុជា និងថៃវិញ។ បើតាមប្រភពអាចទទួលយកបានខាងលើ នីតិវិធីនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនេះ មានរយៈពេលមិនលើសពី ២ ឆ្នាំនោះទេ បន្ទាប់ពីភាគីកម្ពុជា-ថៃ យល់ព្រមដោះស្រាយតាមយន្តការនេះ ដែលទំនងជារាប់ចាប់ពីថៃយល់ព្រមតាមសំណើរបស់កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ដើម្បីឱ្យដំណើរការនូវយន្តការផ្សះផ្សាដោយបង្ខំ ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ក្រោយភាគីថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរដោយឯកតោភាគី៕

អ្នកឃ្លាំមើលចង់ឱ្យរាជការប្រើកញ្ចប់ថវិការជាតិ១២០០លានដុល្លារដែលគ្រោងនោះ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុក
ក្រុមសង្គមស៊ីវិលដែលរួមមាន អាជីវកម្ម អ្នកជំនាញសេដ្ឋនិងសង្គម ព្រមទាំងអ្នកនយោបាយផងនោះ ចង្អុលឱ្យរាជរដ្ឋាភិបាលដាក់យន្តការគាំទ្រសហគ្រាសក្នុងស្រុកដើម្បីឆ្លើយតបចំពោះស្ថាភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ពួកគេលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាសថា ខ្លួនគ្រោងគ្រោងបញ្ចេញកញ្ចប់ថវិកាជាង១២០០ លានដុល្លារ ដើម្បីបង្កើតការងារ រក្សាលំនឹងជីវភាពពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានអនុម័ត និងត្រៀមអនុវត្តកម្មវិធី «អន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ»។ក្រសួងសេដ្ឋកិច្ចបន្តថា កម្មវិធីខាងលើនឹងចែកចេញជា ៣ កញ្ចប់អន្តរាគមន៍ ដែលក្នុងនោះកញ្ចប់វិធានការទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងទី៣ ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបង្វែរថាមពល។ អាជីវករលក់បាយនៅផ្សារឈូកវ៉ា១ អ្នកស្រី នាង ណៃអ៊ីម អាយុ ៤១ ឆ្នាំ បានទទូចឱ្យរដ្ឋាភិបាលអន្តរាគមន៍បន្ថយអត្រាការប្រាក់ ១២ ភាគរយ ក្នុង ១ ឆ្នាំ ដែលអ្នកស្រីកំពុងបង់រំលស់ផ្ទះជាមួយបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។ អ្នកស្រីបន្ថែមថា អត្រាការប្រាក់ ១២ ភាគរយនេះ ទោះបីអ្នកស្រីបង់រំលស់ជិត ៥០០ ដុល្លារ ក្នុងមួយខែក៏ដោយ តែប្រាក់ដើមបង់បានចំនួនតិចតួចបំផុត ដែលការបង់មានរយៈពេលច្រើនឆ្នាំមកហើយក្ដី។ អ្នកស្រីនិយាយថា៖ «ជួយកាត់បន្ថយអត្រាការប្រាក់ ១២ ភាគរយ ថ្លៃពេក ខ្ញុំបង់ជិត ១០ ឆ្នាំហើយនៅតែការប្រាក់ ១២ ភាគរយ ហើយផ្ទះបង់ជិត ៧ ទៅ ៨ ម៉ឺនហើយ នៅតែ ៤ ម៉ឺនដដែលដើម»។ អ្នកតាមដានបញ្ហាសង្គមលោកបណ្ឌិត មាស នី ថ្លែងថា តម្រូវការជាក់ស្ដែងនៅពេលនេះ រដ្ឋាភិបាលត្រូវជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក ទាំងខ្នាតតូច និងមធ្យម ដើម្បីឱ្យសហគ្រាសទាំងនោះអាចបង្កើនការផលិត ដែលនឹងស្រូបទាញការងារបន្ថែម និងជំរុញឱ្យសេដ្ឋកិច្ចគ្រួសារមានលំនឹង។ លោកនិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្ដោតលើរឿងនេះ ចៀសវាងកុំឱ្យប្រើលុយទៅលើមនុស្សធម៌ច្រើនពេក ដើម្បីតែប្រយោជន៍នយោបាយ។ ធ្វើម៉េចថវិកាបានយកទៅប្រើឱ្យចំនិរន្តរភាពសេដ្ឋកិច្ចកម្ពុជា»។ មិនខុសពីអ្នកឃ្លាំមើលសង្គម ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវបន្ថយពន្ធផ្សេងៗដល់សហគ្រាសក្នុងស្រុកដើម្បីអាចមានលទ្ធភាពពង្រីកអាជីវកម្ម រួមទាំងជជែកជាមួយវិស័យធនាគារដើម្បីបញ្ចុះអត្រាការប្រាក់ ឬពន្យារពេលសងជាដើម។ បន្ថែមពីលើនេះ លោកយល់ថា ផែនការទាំងបីរបស់រដ្ឋាភិបាលដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ និងភាពធន់នៃសេដ្ឋកិច្ចទំនងគ្មានប្រសិទ្ធភាពនោះទេ ព្រោះចំណុចខ្លះត្រូវសិក្សាស៊ីជម្រៅ និងចំណុចខ្លះទៀតជារឿងមិនចាំបាច់។ លោកនិយាយថា៖ «ពាក់ព័ន្ធជាមួយការធ្វើអន្តរកម្ម និងការបង្វែរថាមពល យើងយល់ឃើញថា មិនមែនជារឿងប្រញាប់ចាំបាច់ដើម្បីធានាជីវភាពរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលនេះទេ។ ដូច្នេះ ជាការសន្និដ្ឋាន យើងយល់ថា វាពុំឆ្លើយតប និងមានប្រសិទ្ធភាពប៉ុន្មានទេ ចំពោះផែនការទាំងបីនេះ»។ រីឯប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានបង្ហាញពីការព្រួយបារម្ភថា ថវិកា ១២០០ លានដុល្លារនេះ ត្រូវបានប្រើប្រាស់មិនចំគោលដៅ និងមិនមានប្រសិទ្ធភាព។ លោកអះអាងថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ លុះត្រាតែពលរដ្ឋចង់រៀនដោយខ្លួនឯង ខណៈការផ្ដល់ឥតគិតថ្លៃជាទូទៅមិនសូវចង់រៀន និងមិនសូវមានប្រសិទ្ធភាពនោះទេ។ លោកយល់ថា រដ្ឋគួរបញ្ចេញថវិកាទាំងនោះ ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ ដោយឧបត្ថម្ភដល់ក្រុមហ៊ុនដឹកជញ្ជូនកម្មករ អគ្គិសនីរបស់រោងចក្រ និងម្ហូបអាហារជាដើម រួមទាំងការជួយដល់កសិករតាមរយៈផ្ដល់បណ្ណក្រីក្រ ដើម្បីថវិកាធ្លាក់ដល់ដៃពួកគេដោយផ្ទាល់ និងអាចចាយវាយនាំឱ្យចរន្តសេដ្ឋកិច្ចដើរ។ ជាងនេះទៅទៀត លោកថាថវិកាទាំងនោះក៏គួរត្រូវចាក់បញ្ចូលក្នុងវិស័យទេសចរណ៍ផងដែរ ដែលនៅពេលនេះកំពុងរងគ្រោះធ្ងន់ធ្ងរ។ លោកនិយាយថា៖ «លុយហ្នឹងគួរបង្វិលទៅលើអ្នកក្រនៅក្នុងវិស័យទេសចរណ៍។ អាហ្នឹងគឺត្រូវតែមានបញ្ជី ត្រូវតែមានយន្តការដើម្បីបញ្ចេញ ហើយសម្រាប់ខ្ញុំ គឺផ្ញើលុយឱ្យអស់ហ្មងទៅ ដើម្បីកុំឱ្យរដ្ឋធ្វើអីទាំងអស់។ ផ្ញើលុយដាក់កុងធនាគាររបស់អ្នកដែលកាន់ ID Poor (បណ្ណក្រីក្រ) អាហ្នឹងគឺរដ្ឋមិនបាច់ទៅធ្វើអីច្រើនដើម្បីបំផ្លាញលុយទេ»។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ។ កំណើននេះ ឆ្លុះបញ្ចាំងអំពីភាពមិនប្រាកដប្រជាដែលកម្ពុជាបានរងឥទ្ធិពលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ យ៉ាងណាមិញ បើតាមសេចក្ដីប្រកាសខាងលើ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ពាក់ព័ន្ធនឹងលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Kenichiro Kashiwase បានលើកឡើងថា វិធានការអន្តរាគមន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិដែលកម្ពុជាកំពុងជួបប្រទះ និងអាចរុញច្រានកំណើនសេដ្ឋកិច្ចបាន៕

អតីតអ្នកកាសែត និងជាអ្នករត់កង់បីមានពិការភាពមួយរូបត្រូវជាប់ពន្ធនាគារ៤ឆ្នាំដោយសាររិះគន់រដ្ឋាភិបាលរឿងព្រំដែន
អតីតអ្នកកាសែតនិងជាអ្នករត់កង់បីដែលពិការជើងម្ខាងផងនោះត្រូវជាប់ពន្ធនាគារបួនឆ្នាំដោយសាររូបគាត់រិះគន់រដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន។បុរសគ្រប់នោះមានឈ្មោះថាហុករ៉េន ធ្លាប់ជាចាង ហ្វាងគេហទំព័រដើមត្នោតនិងជាអតីតអ្នកកាសែតចក្រវាឡ។ លោកបានពិការជើងម្ខាង ដោយសារជំងឺ កាលពីឆ្នាំ២០១៣ក្នុងពេលដែលគេហទំព័រដើមត្នោតរបស់លោកកំពុងទទួលការពេញនិយម។ ក្នុងសប្ដាហ៍នេះសាលាដំបូងរាជធានីភ្នំពេញបានកាត់ឲ្យលោក លោក ហុក រ៉េន ជាប់ពន្ធនាគារ៤ឆ្នាំ ក្រោមបទចោទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ ជុំវិញការសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ហុក រ៉េន ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់របស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើថ្នាក់ដឹកនាំអំពីចំណាត់ការជម្លោះព្រំដែនកម្ពុជា-ថៃ អំឡុងឆ្នាំ២០២៥។ លីកាដូ បន្ថែមថា លោក ហុក រ៉េន វ័យ៥១ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិលើហ្វេសប៊ុក។ លោក រ៉េន ក៏ត្រូវបានចោទប្រកាន់ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» តាមបញ្ញត្តិមាត្រា៨៨ ចំពោះបទញុះញង់ដែលបានប្រព្រឹត្តក្នុងរយៈពេល ៥ ឆ្នាំ ដែលអាចធ្វើឱ្យកើនទេ្វដងចំពោះទោសពន្ធនាគារផងដែរ។ បើតាមលីកាដូ លោក រ៉េន ធ្លាប់ត្រូវបានជាប់ពន្ធនាគាររយៈពេល ១៨ខែ ហើយត្រូវដោះលែងក្រោយពីការអនុវត្តទោសរួចរាល់នៅអំឡុងខែមករា ឆ្នាំ២០២៥។ កាលនោះ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាប់ទាក់ទងនឹងការបញ្ចេញមតិរិះគន់ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។ ភរិយាលោក ហុក រ៉េន គឺអ្នកស្រី កែវ សំអាង ចាត់ទុកការផ្ដន្ទាទោសលើប្ដីរបស់អ្នកស្រី ថា អយុត្តិធម៌ ដោយគ្រាន់តែលោកបញ្ចេញមតិ។ អ្នកស្រី បន្តថា លោក រ៉េន កំពុងមានជំងឺសរសៃប្រសាទប្រចាំកាយ និងតម្រូវឱ្យលេបថ្នាំជារៀងរាល់ថ្ងៃ ខណៈលោកក៏មានពិការភាពជើងម្ខាងផងនោះ។ អ្នកស្រី ស្នើឱ្យអាជ្ញាធរដោះលែងលោក រ៉េន ឱ្យមានសេរីភាពវិញ ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារដែលអ្នកស្រីថានៅមានចៅកំព្រាតូចៗចំនួន២នាក់ ស្ថិតក្នុងបន្ទុក ខណៈបច្ចុប្បន្នអ្នកស្រីត្រូវរ៉ាប់រងជីវភាពតែម្នាក់ឯង។ អ្នកស្រី និយាយថា៖ «ចង់ឱ្យដោះលែងគាត់ គាត់លេបថ្នាំប្រចាំ អត់លេបមួយថ្ងៃធ្វើទុក្ខ តាំងពី២០១៣ វះកាត់ ដុះសាច់ក្នុងខួរក្បាល។ ទិញ [ថ្នាំ] យកឱ្យរហូត១កំប៉ុង សម្រាប់៣ខែ។ ពិបាកគឺខ្ញុំអ្នករាប់រ៉ងទាំងអស់ កាលមុនបានគាត់ចឹង ជួយតិចតួចរត់កង់បី។ អីឡូវលើខ្ញុំទាំងស្រុង»។ ជាងនេះទៅទៀត ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ ក៏អំពាវនាវឱ្យអង្គការសង្គមស៊ីវិល ផ្ដល់មេធាវីការពារក្ដី ដោយសារអ្នកស្រី មិនមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយផ្ទាល់ និងពុំដឹងផងដែរ ចំពោះនីតិវិធីប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់បន្តទៀត។ បើតាមភរិយារូបនេះ ប្ដីរបស់អ្នកស្រី ស្ថិតក្នុងស្ថានភាពឈឺស្គមស្គាំង និងមានប៉ូលិសជួយគ្រាហ៍នៅពេលដែលអ្នកស្រីទៅសួរសុខទុក្ខនៅពន្ធនាគារ។អ្នកស្រី និយាយថា៖ «[មេធាវី] ខ្ញុំមិនដឹងពឹងពាក់ពីណា យប់ឡើងគេមិនលក់ទេ»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះលោក ហុក រ៉េន ប្រសិនបើមិនមានភស្តុតាងបញ្ជាក់ពីបទល្មើសនោះទេ នឹងនាំឱ្យមានការបារម្ភលើការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលនាំឱ្យអ្នកដទៃទៀតនឹងខ្លាចមិនហ៊ានបញ្ចេញមតិ ឬកម្រិតសេរីភាពរបស់ខ្លួន បន្ទាប់ពីបានឃើញករណីនេះ។ លោក និយាយថា៖ «វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ បើសិនជាអាជ្ញាធរ និងតុលាការ មិនបានពិនិត្យឱ្យបានល្អិតល្អន់ ទាក់ទងនឹងអ្វីដែលជាការបញ្ចេញមតិ និងអ្វីជាបទល្មើសដែលត្រូវ ចោទប្រកាន់ និងធ្វើការផ្ដន្ទាទោសទេនោះ។ អាហ្នឹងគឺនាំឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ»។ បើតាមអង្គការលីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១២៣ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

លោក ហ៊ុន ម៉ាណែត ជួបស្ថាបនិកក្រុមហ៊ុនចិនដើម្បីទាក់ទាញការវិនិយោគ
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបតំណាងក្រុមហ៊ុនឯកជនជាច្រើន អំឡុងពេលទស្សនកិច្ចការងារនៅប្រទេសចិន ដែលមន្រ្តីនិយាយថា ជាការទូតសេដ្ឋកិច្ច និងការទាញវិនិយោគិនបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាង និងស្ថាបនិកក្នុងវិស័យឯកជនជាច្រើន អំឡុងពេលបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី គិតត្រឹមរសៀលថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានជួបតំណាង ឬស្ថាបនិកជិត២០ក្រុមហ៊ុន រួមមានក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បិនិមិត្ម អភិវឌ្ឍន៍ផ្លូវ កសិកម្ម វិស្វកម្ម អាជីវកម្មរ៉ែ និងក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្នុងនោះ ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខណៈក្រុមហ៊ុន Yuanda Group បង្ហាញបំណងក្នុងការវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ រីឯ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI លោក Zhang Wei ប្រាប់ លោក ហ៊ុន ម៉ាណែត អំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតលើការអភិវឌ្ឍវិស័យស្នូលចំនួន៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត, មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា ដោយបន្ថែមថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា រាល់ការធ្វើដំណើរទៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត នឹងជួបក្រុមធុរកិច្ច ដើម្បីលាតត្រដាងពីបរិយាកាស និងសក្ដានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិន ជាពិសេសកម្លាំងពលកម្មវ័យក្មេង។ លោក និយាយថា៖ «ហើយសម្ដេចបង្ហាញអំពីសក្ដានុពលរបស់កម្ពុជាក្នុងការវិនិយោគ ឱកាសគ្រប់បែបយ៉ាង ដែលយើងមានច្បាប់វិនិយោគមួយដែលល្អ ដែលយើងមានសក្ដានុពលជាច្រើនដែលត្រូវវិនិយោគ ដែលយើងមានកម្លាំងពលកម្មវ័យក្មេងច្រើន អំណោយផលច្រើនណាស់។ អាហ្នឹងហើយហៅថា ការទូតសេដ្ឋកិច្ច។ វិនិយោគនៅកម្ពុជា អាចលក់នៅតំបន់ផ្សេងទៀតពេញតំបន់អាស៊ាន»។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច យល់ថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណែទម្រង់មួយចំនួន ដើម្បីទាក់ទាញវិនិយោគបរទេស ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន អគ្គិសនី និងការលុបបំបាត់អំពើពុករលួយ រួមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងបណ្ដុះធនធានមនុស្សឱ្យក្លាយជាកម្មករជំនាញជាដើម។ ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលក៏ត្រូវទាញយក ប្រេង និងឧស្ម័ន រួមទាំងវិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីថ្លៃដឹកជញ្ជូនថោក និងរហ័ស។ លោក និយាយថា៖ «ទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ និងរៀបចំខ្លួនឱ្យបានល្អជាងនេះ ជាពិសេសគឺអភិបាលកិច្ច កម្ចាត់ចោលនូវអំពើពុករលួយ ការិយាល័យធិបតេយ្យ កាត់បន្ថយនូវភាពស្មុគស្មាញនៃក្រសួងច្រើន នីតិវិធីច្រើន»។ យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦។ចំណែកក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជី ដែលអាចបង្កើតការងារបាន១៦០.០០០ កន្លែង៕

សមាជិកគ្រួសារកំពុងទន្ទឹងចាំមើលផ្លូវអ្នកនេសាទខ្មែរដែលថៃចាប់ខ្លួន
សមាជិកគ្រួសារកំពុងទន្ទឹងចាំមើលផ្លូវអ្នកនេសាទខ្មែរ ៣ រូប ដែលថៃបានចាប់ខ្លួន និងកាត់ទោស បន្ទាប់ពីពួកគាត់ទទួលដំណឹងថា ថៃនឹងដោះលែងអ្នកនេសាទទាំងបីនាក់ឱ្យមានសេរីភាពវិញនៅចុងខែកក្កដា ឆ្នាំ២០២៦។ កញ្ញា ងឹម គឹមឡាយ វ័យ ១៩ ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោក ងឹម រដ្ឋ ដែលជាអ្នកនេសាទមួយរូបត្រូវថៃចាប់ខ្លួន និយាយថា កញ្ញាមានភាពសប្បាយរីករាយ ក្រោយទទួលដំណឹងថា បងប្រុសនឹងត្រូវបានដោះលែងវិញនៅថ្ងៃទី ៣០ ខែកក្កដានេះ។ ស្របពេលជាមួយគ្នា កញ្ញាក៏ស្នើឱ្យមន្ត្រីកម្ពុជាជូនបងប្រុសត្រឡប់មកវិញដោយសុវត្ថិភាព និងកាន់តែឆាប់រហ័ស។ កញ្ញា និយាយថា៖ «មានអារម្មណ៍ថាសប្បាយចិត្ត ហើយខ្ញុំសំណូមពរដល់អាជ្ញាធរកម្ពុជាឱ្យគាត់ជួយចាត់ចែងរឿងនេះ ឱ្យបានកាន់តែលឿនកាន់តែល្អ»។ ចំណែកលោក យ៉ង មុត អាយុ ៤០ ឆ្នាំ ជាបងជីដូនមួយរបស់អ្នកនេសាទពីរនាក់ដែលថៃចាប់ខ្លួន ដែលមានឈ្មោះ ជូន ភាព និង ងឹម រដ្ឋ។ លោក យ៉ង មុត ក៏ជាម្ចាស់ទូកនេសាទដែលថៃបានរឹបអូសទៅជាមួយអ្នកទាំងបីផងដែរ។ លោក មុត និយាយថា លោកបានទទួលដំណឹងរួចហើយ អំពីការដោះលែងអ្នកទាំងបីនាក់នោះ។ ទន្ទឹមនឹងនេះ លោកក៏ស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ឱ្យទូកនេសាទរបស់លោកបានត្រឡប់មកវិញដែរ ដើម្បីបន្តប្រកបរបរនេសាទសម្រាប់ចិញ្ចឹមប្រពន្ធ កូន។ លោក និយាយថា៖ «សំណូមពរដល់មន្ត្រីរាជការសុំជួយអន្តរាគមន៍យកទូកមករកស៊ីចិញ្ចឹមប្រពន្ធកូនវិញ ព្រោះអីយើងមានតែមុខរបរហ្នឹង បើគេយកទៅ ហើយយើងជំពាក់គេទៀត ខ្ចីលុយគេមកទិញរកស៊ី»។ អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជាលោក ចាន់ រតនា មានប្រសាសន៍ថា ភាគីថៃបានយល់ព្រមដោះលែងអ្នកនេសាទខ្មែរ ៣ រូប នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការតវ៉ាពីមន្ត្រីកម្ពុជាជាច្រើនលើកច្រើនសារ។ លោកបន្តថា អាជ្ញាធរថៃបានសម្រេចបន្ធូរបន្ថយទោសពួកគេ នៅថ្ងៃបុណ្យចម្រើនព្រះជន្មមហាក្សត្រថៃ។ ដោយឡែកករណីទូកនេសាទខ្មែរ លោកថា អាជ្ញាធរថៃតម្រូវឱ្យភាគីកម្ពុជាដោះស្រាយតាមយន្តការតុលាការ ដោយម្ចាស់ទូកត្រូវរកមេធាវីដោះស្រាយតាមច្បាប់របស់ថៃ។ លោកនិយាយថា៖ «ដោយសារកន្លងមកមានបុណ្យមហាក្សត្រថៃចម្រើនព្រះជន្ម ថៃបានសុំនីតិវិធីក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ហើយស្ថានអគ្គកុងស៊ុលយើងក៏ចេញចូលតវ៉ាឱ្យដោះលែង។ ឥឡូវនេះ ខាងពន្ធនាគារថៃប្រាប់ថា គេនឹងដោះលែងថ្ងៃទី ៣០ ខែ ៧ នេះ»។ កាលពីថ្ងៃទី ១ ខែមេសា តុលាការខេត្តត្រាតថៃ បានកាត់ទោសអ្នកនេសាទខ្មែរទាំង ៣ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ ដល់ ១ ឆ្នាំ ៤ ខែ និងផាកពិន័យ ៥០០ បាត ក្នុងមួយថ្ងៃ ក្រោមបទចោទចូលដែនទឹកថៃ និងនេសាទខុសច្បាប់។ បន្ទាប់មក ពួកគេក៏បានផ្ញើក្ដីនឹករលឹករួមគ្នាតាមរយៈសំបុត្រសរសេរដោយផ្ទាល់ដៃមកកាន់ក្រុមគ្រួសារ កាលពីខែមិថុនាកន្លងទៅ ឱ្យបានដឹងពីសុខទុក្ខ អំឡុងពេលរស់នៅក្នុងពន្ធនាគារថៃ។ អ្នកនេសាទខ្មែរទាំង ៣ នាក់នេះ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថៃចោទថា បានចូលនេសាទត្រីក្នុងដែនសមុទ្រថៃនៅក្បែរខេត្តត្រាត។ ក្រោយការចាប់ខ្លួនភ្លាមៗ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសដោយច្រានចោលការចោទនេះ និងទាមទារឱ្យភាគីថៃដោះលែងពលរដ្ឋខ្មែរត្រឡប់មកវិញជាបន្ទាន់។ កម្ពុជានិយាយថា កងទ័ពជើងទឹកថៃបានចាប់ខ្លួនអ្នកនេសាទខ្មែរទាំងនោះ ក្នុងដែនទឹកកម្ពុជា ដែលស្ថិតនៅក្បែរកោះយ៉រ ខេត្តកោះកុង។ លុះក្រោយមក អាជ្ញាធរថៃសម្រេចឃុំខ្លួនពួកគេទាំង ៣ នាក់ ក្នុងពន្ធនាគារខេត្តត្រាតជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ចំនួន ៤ បទល្មើស។ បទចោទទាំងនោះរួមមាន ការគ្រប់គ្រង ប្រើប្រាស់នាវាសញ្ជាតិបរទេស និងទី ២ រួមគ្នាធ្វើនេសាទបែបពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីថៃ។ ទី ៣ ជនបរទេសដែលចូលទឹកដីថៃដោយខុសច្បាប់ និងបទចោទទី ៤ ពាក់ព័ន្ធនឹងការបង្កើត និងប្រើប្រាស់វិទ្យុទាក់ទងដែលគ្មានច្បាប់អនុញ្ញាត៕

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋថែរក្សាសុខភាពនៅរដូវវស្សានិងពេលមានទឹកជំនន់
ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋថែរក្សាសុខភាពនៅរដូវវស្សានិងពេលមានទឹកជំនន់។ ក្រសួងនេះក៏បានណែនាំឱ្យពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ និងអនុវត្តវិធានការនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិទាំងមុនពេលទឹកជំនន់ អំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់បានស្រក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋនៅមុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹកជំនន់ បម្រុងទុកស្បៀង និងឱសថសង្គ្រោះបន្ទាន់ រួមទាំងសាងសង់បង្គន់ឱ្យបានខ្ពស់ ឬបិទបាំងរណ្តៅបង្គន់ឱ្យជិតល្អដើម្បីការពារទឹកជំនន់។ ចំណែកអំឡុងពេលទឹកជំនន់ ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋហាមចូលក្នុងផ្ទះ ឬអគារទ្រុឌទ្រោមដែលអាចបាក់ស្រុត និងកុំប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម។ ចំពោះស្ត្រីមានផ្ទៃពោះ បើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត។ ក្រសួងបន្ថែមថា ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានសត្វទិច ឬសត្វអសិរពិសខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាល។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ ថ្លែងថា ក្រសួងសុខាភិបាលបានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ឱ្យត្រៀមលក្ខណៈក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ច្រើន ឬទឹកទន្លេហក់ខ្ពស់ ដោយត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅតំបន់ជន់លិច។ លោក បន្ថែមថា៖ «បានត្រៀមរួចជាស្រេចនៅថ្នាំពស់ចឹង ដើម្បី ជួយប្រជាពលរដ្ឋ និងតាមដានបង្ការជំងឺឆ្លងនានាដែលអាចកើតមាន»។ ក្រសួងសុខាភិបាលជំរុញ ពលរដ្ឋត្រូវទទួលទានទឹកស្អាត ដោយប្រើធុងចម្រោះ ឬដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ៥០០ មីលីក្រាម ចំនួនពីរគ្រាប់ដែលអាចលាយទឹក ២០ លីត្រ រួចទុករយៈពេល ៣០ នាទីមុនប្រើប្រាស់។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ នៅពេលទឹកជំនន់ស្រក ក្រសួងសុខាភិបាលក៏ណែនាំឱ្យប្រជាពលរដ្ឋពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន ព្រមទាំងធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងការដក់ទឹកនាំឱ្យកើតមូសខ្លា ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់ និងបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។ អនុប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ រាជធានីភ្នំពេញ លោក ណៅ តូច មានប្រសាសន៍ថា ក្នុងរដូវវស្សានេះ ប្រជាពលរដ្ឋចាំបាច់ក្នុងការរស់នៅស្អាត ដោយផឹកស្អាត អនាម័យ និងសម្អាតជុំវិញផ្ទះ រួមទាំងលុបចោលនូវប្រភពទឹកដក់ផ្សេងៗ។ លោកបន្ថែមថា៖ «ករណីគាត់នៅតំបន់ដាច់ស្រយាល យើងអប់រំគាត់ពីការប្រើប្រាស់ទឹកដូចម្ដេច ដាំម៉េច ចម្រោះម៉េច មានវិធានការអាចជួយបានយើងជួយតាមហ្នឹង»។ ពលរដ្ឋរស់នៅភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ឈែម សុឃឿន វ័យ ៤២ ឆ្នាំ និយាយថា អ្នកស្រីមានការព្រួយបារម្ភផងដែរចំពោះរដូវភ្លៀងនេះ ដែលអាចបង្កឱ្យកូនតូចៗរបស់អ្នកស្រីមានជំងឺគ្រុនឈាម ជាពិសេសគឺការលង់ទឹក។ ទន្ទឹមនឹងនេះ អ្នកស្រី សុឃឿន ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធសាងសង់ផ្លូវទៅកាន់វាលស្រែក្នុងភូមិរបស់អ្នកស្រីឱ្យមានរបៀបរៀបរយ យ៉ាងហោចណាស់ក្រាលក្រួសក្រហម ដែលអ្នកស្រីអះអាងថា ពិបាកក្នុងការធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់។ អ្នកស្រីនិយាយថា៖ «ប្រជាពលរដ្ឋក្នុងភូមិចង់បានផ្លូវស្អាត ផ្លូវចូលទៅក្នុងៗ ចង់ឱ្យមានផ្លូវស្អាត ដើម្បីពលរដ្ឋស្រួលធ្វើដំណើរ។ ភ្លៀងមកពិបាកធ្វើដំណើរ ផ្លូវទៅស្រែចម្ការ បើសិនជាមានក្រួសក្រហមឱ្យស្អាតទៅ ងាយស្រួលធ្វើដំណើរ»៕













