សហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តជាថ្មីក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
សេចក្ដីប្រកាសខាងលើ និយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Marco Rubio ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្រៅក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសហ្វីលីពីន បានពិភាក្សាគ្នាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ជាពិសេសការប្ដេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ កាលពីលើកទី១ នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីទាហានថៃបានផ្ទុះអាវុធមុនចំនួន ៦គ្រាប់ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។
ក្រោយមកភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីម៉ោង១២រំលងអាធ្រាត ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
អ្នកវិភាគភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការជម្រុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ គ្រាន់តែជាការសម្តែងតាមទម្លាប់ការទូត ដើម្បីរក្សាមុខមាត់ និងផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ហើយវានឹងគ្មានប្រសិទ្ធភាពក្នុងការបង្ខំឱ្យភាគីថៃអនុវត្តតាមនោះឡើយ។
លោក និយាយថា៖ «នៅក្នុងតថភាពជាក់ស្តែង ថៃតែងតែយកផលប្រយោជន៍ជាតិ និងឧត្តមភាពផ្នែកយោធា ឬសេដ្ឋកិច្ចរបស់ខ្លួនជាធំ ដោយមិនងាយអើពើនឹងការអំពាវនាវមាត់ទទេពីសហរដ្ឋអាមេរិក ឬការស្នើសុំពីរដ្ឋាភិបាលកម្ពុជានោះទេ»។
ទន្ទឹមនឹងនេះ លោក អះអាងថា ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ានបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការប្រកួតប្រជែងជាមួយចិន ខណៈអាមេរិកក៏មិនដែលហ៊ានដាក់សម្ពាធខ្លាំងលើថៃ ដែលជាសម្ព័ន្ធមិត្តចាស់ ដើម្បីតែការពារផលប្រយោជន៍ឱ្យរដ្ឋាភិបាលកម្ពុជាដែរ។
លោក បន្តថា៖ «ដរាបណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះឆន្ទៈនយោបាយពិតប្រាកដក្នុងការលុបបំបាត់ឧស្សាហកម្មឆបោក បង្ក្រាបបណ្តាញអ្នកមានអំណាចនៅពីក្រោយខ្នង និងគ្មានឯករាជ្យភាពការទូតពិតប្រាកដ នោះការប្រកាសប្ដេជ្ញាចិត្តជាមួយអាមេរិក គ្រាន់តែជាលេសដោះសារ និងជាក្រដាសមួយសន្លឹកដែលមិនអាចកែប្រែជំហររបស់ថៃ ឬធ្វើឱ្យសហគមន៍អន្តរជាតិផ្តល់តម្លៃឱ្យកម្ពុជាបានឡើយ»។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ធរ័ត្ន ថ្លែងថា ការគាំទ្រពីអាមេរិក មានសារសំខាន់សម្រាប់កម្ពុជាលើយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារដីត្រលប់មកវិញ ដោយលោកយល់ថា ការប្រើកម្លាំងវាយយកវិញ ហាក់ទៅមិនទាន់រួចសម្រាប់កម្ពុជា។
តែទោះជាយ៉ាងណាលោក ច័ន្ធរ័ត្ន ថា កម្ពុជាក៏ត្រូវបោសសម្អាតបទល្មើសអនឡាញ ដើម្បីកុំឱ្យពលរដ្ឋអាមេរិករងគ្រោះបន្តទៀត ដែលអាចនាំឱ្យប៉ះពាល់ដល់ការប្ដេជ្ញាចិត្តនេះ។
លោក និយាយថា៖ «អ្វីដែលសំខាន់គឺខ្លួនឯង [បង្រ្កាបបទល្មើសអនឡាញ] ធ្វើឱ្យមានទំនុកចិត្ត ដល់ប្រទេសដែលជួយជ្រោមជ្រែងយើងនោះ»។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា សង្រ្គាមភូមិសាស្រ្តនយោបាយ បច្ចុប្បន្នសហរដ្ឋអាមេរិកដើរតួយ៉ាងសំខាន់ ក៏ដូចជាមហាអំណាចចិនផងដែរ។ ហេតុនេះ មហាអំណាចទាំងពីរ មានតួនាទីសំខាន់ ក្នុងការជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
លោក និយាយថា៖ «ដូច្នេះយើងយល់ឃើញថា ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ អាចមានប្រសិទ្ធភាពឱ្យថៃអនុវត្តជាក់ស្ដែងជាទីបំផុត»។
ក្រៅពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃ ប្រមុខការទូតកម្ពុជា និងអាមេរិក ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដើម្បីការពារជនជាតិអាមេរិក និងកម្ពុជាផងដែរ៕







