បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជិត៥០០សន្លឹកដែលឈ្មួញកាប់ទុកនិងបម្រុងដឹកចេញ

សង្គម

(សន្លឹកឈើ ដែលជនល្មើសកាប់ទុកក្នុងព្រៃ ដែលបណ្តាញសហគមន៌ ព្រៃឡង់ ខេត្តព្រះ​វិហារ រកឃើញអំឡុងពេលចុះល្បាតរយ:ពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦។ រូបភាព: ទំព័រហ្វេសប៊ុក ព្រៃឡង់- Prey Lang)។

ភ្នំពេញ៖ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញឈើប្រមាណជិត ៥០០សន្លឹក ដែលជនល្មើសបានកាប់ទុកក្នុងព្រៃ និងគ្រោងដឹកចេញក្រៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកជ័យ​សែន អំឡុងពេលចុះល្បាតព្រៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ព្រៃឡង់-Prey Lang» ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញឈើចំនួន ២១១សន្លឹក និងគល់ឈើកាត់រួច ២១គល់ រួមទាំងឧបករណ៍មួយចំនួន មានរណាយន្ត និងគោយន្តជាដើម ដែលជនល្មើសបានទុកក្នុងព្រៃជ្រៅ។

ជាងនេះទៅទៀត នៅពេលធ្វើដំណើរចេញពីព្រៃបន្ទាប់ពីចុះល្បាតរួច នាយប់ថ្ងៃទី២៦ ខែកក្កដា ប្រជាសហគមន៍ក៏បានប្រទះឃើញជនសង្ស័យកំពុងលើកឈើដាក់លើរថយន្តគ្មានស្លាកលេខ ត្រៀមដឹកចេញ ដែលមានឈើសរុបចំនួន ២៨៣សន្លឹក ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

បើតាមប្រភពខាងលើ ក្រោយពេលប្រជាសហគមន៍សួរនាំ ម្ចាស់រថយន្តបាននាំគ្នីគ្នាទាញ​ឈើទម្លាក់ពីរថយន្ត ហើយបើករថយន្តគេចខ្លួន ដោយមិនមានអ្នកហ៊ានឈរមុខរថយន្តដើម្បីរារាំងនោះទេ ដោយសារបារម្ភពីសុវត្ថិភាព។

ពាក់ព័ន្ធនឹងករណីជនសង្ស័យត្រៀមដឹកឈើចេញនេះ សកម្មជនព្រៃឡង់ លោក ឃុត សឿម មានប្រសាសន៍ថា លោកបានរកឃើញឈើជិត ៣០០សន្លឹក ស្រាប់តែមន្ត្រីចុះទៅដល់ឃើញឈើតែ ៥០សន្លឹក ដោយលោកមានមង្ស័យថា មិនដឹងជាជនសង្ស័យត្រឡប់មកដឹកឈើវិញ ឬយ៉ាងណានោះទេ។ លោកបន្ថែមថា ប្រជាសហគមន៍បានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមន្ត្រីប្រាប់ថា មិនបានចុះមកឡើយដោយសារខ្វះកម្លាំង។ យ៉ាងណាក៏ដោយ លោកថា លុះក្រោយ​មក ខាងមន្ត្រីក៏បានវិលត្រឡប់មកទីតាំងកើតហេតុវិញ។

លោកថ្លែងថា៖ «គួរឱ្យហួសចិត្ត ហើយក៏សោកស្ដាយដែរ ព្រៃឈើដែលបាត់បង់ដល់ថ្នាក់នេះ ហើយឈើធំៗមុខ ១០០ ទៅ ១៥០សង់ទីម៉ែត្រអី គឺដួលច្រើនណាស់។ គួរឱ្យសោកស្ដាយណាស់! ក្នុងនាមយើងជាអ្នកការពារព្រៃឈើ យើងមិនដឹងថាធ្វើម៉េច ដោយសារតែមន្ត្រីនិយាយ​មក​ថា ខ្វះកម្លាំងក្នុងការធ្វើការ ឬទប់ស្កាត់។ យើងអត់ដឹងថា គាត់ត្រូវការកម្លាំងប៉ុន្មាន ឬការធ្វើការរបស់គាត់យ៉ាងម៉េច ដើម្បីអាចទប់ស្កាត់បទល្មើសហ្នឹងបាន»។

ជុំវិញករណីឈើជិត ៣០០សន្លឹកនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងថា មន្ត្រីឧទ្យានុរក្ស ខេត្តព្រះវិហារ រកឃើញតែ ៥០សន្លឹកប៉ុណ្ណោះ នៅពេលចុះដកហូត បន្ទាប់ពីទទួលបានព័ត៌មានបទល្មើសព្រៃឈើពីក្រុមរបស់សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា។ ទោះជាយ៉ាងណា លោកថា អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

លោកថ្លែងថា៖ «យើងទៅដល់ឃើញប៉ុណ្ណឹង យកមកដាក់ទីស្នាក់ការប៉ុណ្ណឹង ហើយឈើផ្សេងៗទៀតប្រហែលនៅក្បែរហ្នឹង។ អ៊ីចឹង គាត់បានសម្របសម្រួលគ្នាពីរនាក់ហ្នឹង (លោក ម៉ា ចិត្រា និងមន្ត្រី)។ យើងនឹងចាត់ការតាមនីតិវិធីបន្តទៀតចំពោះអ្នកប្រព្រឹត្តបទល្មើស។ គាត់ (លោក ម៉ា ចិត្រា) បានសហការជាមួយខាងយើងហើយ ដើម្បីស្វែងរកអ្នកប្រព្រឹត្តបទល្មើស ជាអ្នកបើករថយន្ត ឬក៏ម្ចាស់ឈើហ្នឹង ព្រោះគាត់បានដឹងច្បាស់»។

ចំណែកសកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ដែលបានចូលរួមចុះល្បាត និងឃាត់រថយន្តប្រុងដឹកឈើចេញជិត ៣០០សន្លឹកផងដែរនោះ លើកឡើងថា គ្នីគ្នារបស់លោកមិនហ៊ានឃាត់រថ​យន្តទុកនោះទេ ដោយសារម្ចាស់រថយន្តមានចរិតហាក់សាហាវ ខណៈលោកក៏បានថតរូបម្ចាស់រថយន្តទុកផងដែរ។ លោកអះអាងថា ការកាប់បំផ្លាញព្រៃឈើទៅបាន លុះត្រាតែមានការសូកប៉ាន់ ដែលលោកជំរុញឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់វិធានការឱ្យបានតឹងរ៉ឹងជាទីបំផុតពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។

លោកថ្លែងថា៖ «ខ្ញុំបារម្ភណាស់ពីវិនាសកម្មព្រៃឈើពីមួយថ្ងៃទៅមួយថ្ងៃ។ មួយទៀត ការកាប់ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ ដាំស្វាយចន្ទី ដាំអីជាដើម។ អាហ្នឹងវាធ្វើឱ្យអន្តរាយព្រៃឈើ តំបន់ខ្លះមានចម្ការស្វាយចន្ទីនៅក្នុងព្រៃជាដើម ខ្ញុំមើលទៅគឺមានហានិភ័យខ្លាំងក្នុងវិស័យធន​ធាន​ធម្មជាតិ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានរកឃើញការកាប់ទន្ទ្រានដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិប្រមាណជិត ៧០ហិកតា ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងស្រុកឆែប និងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងនោះ មានការកាប់ទន្ទ្រានដីទំហំ ៣៧ហិកតា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរមទម ស្រុករវៀង និងទំហំ ៣០ហិកតាទៀត ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្រុកឆែប៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3359}" data-page="1" data-max-pages="1" data-start="1" data-end="1">